
បុរាណវត្ថុវិទ្យាគឺជាឧបករណ៍ដ៏មានតម្លៃមួយដែលអនុញ្ញាតឲ្យយើងធ្វើដំណើរត្រឡប់ទៅក្នុងពេលវេលាអតីតកាល និងដើរតាមគន្លងរបស់មនុស្សដែលបានពិពណ៌នានៅក្នុងទំព័រនៃព្រះគម្ពីរ។ ការមើលវត្ថុដែលបុគ្គលទាំងនេះបានឃើញ អនុញ្ញាតឲ្យយើងធ្វើបរិបទកម្ម និងយល់ដឹងអំពីអត្ថបទព្រះគម្ពីរ។ ជាផ្នែកមួយនៃអត្ថបទជាភាគស្ដីពី «ដំណើរតាមគន្លងចាស់» នេះ យើងបានត្រលប់ទៅពេលវេលាអតីតកាល ដើម្បីមើលនូវអ្វីៗដែលលោក យ៉ូសែប ទំនងជាបានឃើញនៅក្នុងប្រទេសអេស៊ីព្ទ និងអ្វីៗដែលលោក ពេត្រុស ប្រហែលជាបានឃើញនៅស្រុកកាពើណិម។ ក្នុងអត្ថបទនេះ យើងនឹងផ្ដោតលើព្រះយេស៊ូវនៅក្រុងយេរូសាឡឹម។
ជីវប្រវត្តិរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី (ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន) កត់ត្រាថាព្រះយេស៊ូវបានធ្វើដំណើរជាទៀងទាត់ទៅកាន់ក្រុងយេរូសាឡឹម។ ក្នុងនាមជាបុរសសាសន៍យូដានៅសតវត្សទីមួយ ព្រះអង្គបានធ្វើធម្មយាត្រាដែលតម្រូវឲ្យធ្វើដំណើរ ដើម្បីប្រារព្ធពិធីបុណ្យរបស់សាសន៍យូដា (ឧ. បុណ្យនំបុ័ងឥតដំបែ—ម៉ាថាយ ២៦:១៧; បុណ្យបារាំ—យ៉ូហាន ៧:២, ១០; បុណ្យឆ្លង—យ៉ូហាន ១០:២២; បុណ្យពោរ (Purim)1– យ៉ូហាន ៥:១ -ល-)។ នេះជាវត្ថុបីយ៉ាងដែលព្រះយេស៊ូវទំនងជាបានទតឃើញអំឡុងពេលព្រះអង្គគង់នៅក្រុងយេរូសាឡឹម។
ស្រះស៊ីឡោម

នៅក្នុងកណ្ឌគម្ពីរដំណឹងល្អមួយ យើងបានអានអំពីរបៀបដែលព្រះយេស៊ូវបានប្រោសបុរសពិការភ្នែកម្នាក់យ៉ាងដូច្នេះថា ៖ « ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ រួចមានបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ» (យ៉ូហាន ៩:៦-៧ ពគប)។ ស្រះស៊ីឡោមច្បាស់ជានៅជិត ហើយច្បាស់ជាកន្លែងដែលព្រះយេស៊ូវធ្លាប់ស្គាល់ហើយ។ តាមពិត ជនជាតិយូដាភាគច្រើនដែលមកក្រុងយេរូសាឡឹមបានស្គាល់ស្រះស៊ីឡោមហើយ ដ្បិតក្នុងអំឡុងពេលបុណ្យបារាំ សង្ឃម្នាក់បានដងទឹកពីស្រះនេះដាក់ក្នុងភាជន៍មាសមួយ ហើយដង្ហែទៅកាន់ព្រះវិហារវិញ។2

អស់រយៈពេលជាច្រើនឆ្នាំ មនុស្សម្នាបានកំណត់ស្រះតូចមួយដែលទឹកផុសចេញពីប្រឡាយបង្ហូរទឹករបស់ស្ដេចហេសេគា ថាជាស្រះស៊ីឡោម។ នេះជាកន្លែងដែលព្រះវិហារ ប៊ីហ្សានធីន (Byzantine) ត្រូវបានសាងសង់ឡើងដោយអធិរាជិនី អេដូគា (Empress Eudocia) ដើម្បីរំលឹកដល់ការអស្ចារ្យនៃបុរសពិការភ្នែក។3
នៅឆ្នាំ ២០០៤ កម្មករដែលជួសជុលបំពង់បង្ហូរទឹកដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីស្រះប៊ីហ្សានធីន (Byzantine) បានជីករកឃើញកាំជណ្ដើរថ្មធំៗជាច្រើនដុំ។ អ្នកបុរាណវិទ្យា អេលី ស៊ូគ្រុន (Eli Shukrun) និង រ៉ូននី រាជ (Ronny Reich) ត្រូវបានគេហៅឲ្យចូល ហើយបានជីកកកាយរកឃើញស្រះទឹកដ៏ធំមួយដែលត្រូវបានគេប្រើប្រាស់ក្នុងកំឡុងសតវត្សទីមួយ ដែលអ្នកប្រាជ្ញភាគច្រើនជឿថាជាស្រះស៊ីឡោមនៅសម័យព្រះយេស៊ូវ។4 ស្រះទឹកនេះត្រូវបានគេកំណត់កាលបរិច្ឆេទដោយប្រើកាក់ និងគ្រឿងស្មូនដែលគេបានរកឃើញកំឡុងពេលជីកកកាយ។ កាក់ចំនួនបួននៃសម័យសេ្ដច អាឡិចហ្សានឌើរ ជេនណែអ៊ុស (Alexander Jannaeus) (ប្រហែលឆ្នាំ ១០៣-៧៦ មុនគ.ស) ត្រូវបានគេរកឃើញនៅក្នុងម្នាងសិលានៃកាំជណ្ដើរដើម ដែលទាក់ទងនឹងការស្ថាបនារបស់វារហូតដល់ចុងសម័យរជ្ជកាលស្ដេច ហាសម៉ូណេ ឬនៅដើមសម័យពួកហេលេន (Hasmonean/Early Hellenistic)។ នៅក្បែរជ្រុងមួយនៃស្រះទឹកនៅក្នុងធ្លាផ្នែកកណ្ដាល ឬធ្លាក្បែរខាង អ្នកជីកបានកកាយរកឃើញគ្រឿងស្មូនប្រាសាទទីពីរ និងកាក់ពីសម័យនៃការបះបោររបស់សាសន៍យូដាដំបូង (៦៦-៧០ គ.ស)។5 ដូច្នេះ ស្រះទឹកដ៏ធំនេះទំនងជាត្រូវបានគេប្រើប្រាស់តាំងពីចុងសម័យរជ្ជកាលស្ដេច ហាសម៉ូណេ ឬនៅដើមសម័យពួកហេលេន រហូតដល់ការដួលរលំនៃក្រុងយេរូសាឡឹមនៅពាក់កណ្ដាលនៃសតវត្សទីមួយ។ វាស្ទើរតែប្រាកដណាស់ថា ស្រះទឹកនេះគឺជាស្រះស៊ីឡោម ដែលព្រះយេស៊ូវធ្លាប់ស្គាល់ ហើយដែលបុរសពិការភ្នែកនោះបានជាសះស្បើយ។
ព្រះវិហារ
ដំបូងឡើយ ទីបន្ទាល់របស់សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានកត់ត្រាថា ជាញឹកញាប់ ព្រះយេស៊ូវបានទៅព្រះវិហារ នៅពេលដែលព្រះអង្គគង់នៅក្រុងយេរូសាឡឹម (ម៉ាថាយ ២១:១២; ២៤:១; ម៉ាកុស ១១:២៧; ១២:៣៥; យ៉ូហាន ៥:១៤; ៧:១៤; ៨:២, ព. ២០:១០:២៣)។ ខ្លោងទ្វារសំខាន់ៗដែលប្រើដោយអ្នកធ្វើធម្មយាត្រាភាគច្រើនដែលមកព្រះវិហារ គឺខ្លោងទ្វារពីរច្រក និងខ្លោងទ្វារបីច្រក (ឬខ្លោងទ្វារហ៊ូលដា) ដែលមានទីតាំងនៅផ្នែកខាងត្បូងនៃភ្នំប្រាសាទ។6 ប្រភពមួយចំនួននៅសម័យរ៉ាប៊ី (Rabbinic) ដំបូងអះអាងថា ខ្លោងទ្វារហ៊ូលដាទាំងពីរនៅភាគខាងត្បូងត្រូវបានគេប្រើសម្រាប់ការចូលទៅក្នុងនិងការចេញពីព្រះវិហារ (Mishnah Middot ១:៣; ២:២) ។7 ការពិតដែលថាការងូតទឹកបែបពិធីសាសនាជាច្រើនដែលគេហៅថា មីកវ៉ុត (Mikvoit) (ឬមីកវ៉េ (Mikveh) ជាឯកវចនៈ) ត្រូវបានគេរកឃើញនៅក្នុងតំបន់នេះ បានធ្វើបន្ទាល់ពីសារៈសំខាន់នៃខ្លោងទ្វារទាំងនេះ។8
ខ្លោងទ្វារពីរច្រក និងបីច្រក ក៏ដូចជាជណ្ដើរភាគខាងត្បូងដែលនាំទៅដល់ខ្លោងទ្វារទាំងនេះនៅតែអាចមើលឃើញសព្វថ្ងៃនេះ។ តំបន់ភ្នំប្រាសាទ (Temple Mount) ភាគខាងត្បូងត្រូវបានគេរកឃើញនៅក្នុងការជីករុករកមួយដែលដឹកនាំដោយលោក ប៊េនយ៉ាមីន ម៉ាហ្សារ (Benjamin Mazar) ពីឆ្នាំ ១៩៦៨-៧៨ និងក្រោមការដឹកនាំរបស់លោក រ៉ូននី រាជ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ របកគំហើញមួយចំនួន រួមទាំងជណ្ដើរភាគខាងត្បូង ផ្លូវមួយខ្សែនៅសតវត្សរ៍ទី១ ការងូតទឹកបែបពិធីសាសនាជាច្រើន និងសិលាចារឹកកន្លែងផ្លុំត្រែដ៏ល្បីបានបន្ថែមដល់ការយល់ដឹងរបស់យើងអំពីមុខងារនៃព្រះវិហារក្នុងសម័យព្រះយេស៊ូវ។9 លោក ម៉ាហ្សារ បានរកឃើញជណ្ដើរដ៏ធំមួយ នៅពីមុខខ្លោងទ្វារពីរច្រក ដែលមានទទឹង ២១៥ ហ្វីត ហើយមាន ៣០ កាំដែលសាងសង់ពីដុំថ្មដែលគេបានកាត់តម្រឹមហើយ ដែលត្រូវបានគេជួសជុល ចាប់តាំងពីពេលនោះមក។ ដោយឥតសង្ស័យ ព្រះយេស៊ូវបានប្រើកាំជណ្ដើរទាំងនេះជាច្រើនដងដើម្បីយាងចូល និងយាងចេញពីបរិវេណព្រះវិហារ។

The Southern Steps at the Temple Mount in Jerusalem. The arch of one side of the Double Gates is visible in the center of the photo where the two walls meet at the top of the stairs. Photo credit: Wilson44691 / Wikimedia Commons / Public Domain
បរិវេណនៃព្រះវិហារទាំងមូលត្រូវបានបែងចែកជាធ្លាមួយចំនួន នៅពេលចូលទៅខាងក្នុង។ ទីធ្លាសម្រាប់សាសន៍ដទៃគឺជាតំបន់ដែលនៅជិតបំផុតដែលពួកសាសន៍ដទៃ និងមនុស្សមិនបរិសុទ្ធអាចចូលទៅព្រះវិហារបាន។ នៅចន្លោះទីធ្លានេះ និងទីធ្លាខាងក្នុងនៃបរិវេណព្រះវិហារ មានជញ្ជាំងមួយដែលជាសញ្ញាបម្រាមជាភាសាក្រិក និងឡាតាំង ដែលហាមឃាត់ជនបរទេសមិនឲ្យចូលហួសពីតំបន់ចំណុចនោះទេ។ លោក យ៉ូសែហ្វឺស (Josephus) ពិពណ៌នាអំពីសញ្ញាបម្រាមទាំងនេះនៅក្នុងវគ្គនៃអត្ថបទចំនួនពីរ៖
«ពេលអ្នកដើរកាត់ទីធ្លា [ទីមួយ] ទាំងនេះ រហូតដល់ [ទីធ្លានៃ]ព្រះវិហារទីពីរ មានផ្នែកមួយធ្វើពីថ្ម គ្រប់ជ្រុងទាំងអស់ ហើយមានកំពស់បីហត្ថ ហើយសំណង់របស់វាស្អាតណាស់។ នៅពីលើវា មានសសរឈរនៅចម្ងាយស្មើគ្នាពីសសរមួយទៅសសរមួយទៀត ហើយមានការប្រកាសពីក្រឹត្យវិន័យនៃភាពបរិសុទ្ធ ដោយខ្លះជាភាសាក្រិក និងខ្លះទៀតជាអក្សររ៉ូម៉ាំង ថា មិនត្រូវឲ្យជនបរទេសចូលក្នុងទីសក្ការៈនោះឡើយ» (War ៥.៥.២)។10
«នេះជារបាំងទីមួយ ហើយមិនឆ្ងាយប៉ុន្មានពីរបាំងទីមួយ នៅចំកណ្ដាលនោះជារបាំងទីពីរ គឺ គេអាចឡើងទៅបានពីរបីកាំប៉ុណ្ណោះ។ កន្លែងនេះត្រូវបានហ៊ុមព័ទ្ធដោយជញ្ជាំងថ្ម សម្រាប់ចែកជាផ្នែកមួយ ដោយមានសិលាចារឹកដែលហាមមិនឲ្យជនបរទេសណាម្នាក់ចូលទៅក្នុងឡើយ បើមិនដូច្នោះទេ ពួកគេនឹងឈឺចាប់រហូតដល់ស្លាប់ » ( Antiquities ១៥.១១.៥)។ 11
នៅឆ្នាំ ១៨៧១ ផ្លាកសញ្ញាបម្រាមមួយក្នុងចំណោមផ្លាកសញ្ញាបម្រាម ទាំងនេះត្រូវបានគេរកឃើញនៅក្រុងយេរូសាឡឹម។ បន្ទះថ្មកំបោរនោះមានសិលាចារឹកប្រាំពីរជួរដែលសរសេរថា«ជនបរទេសមិនត្រូវចូលខាងក្នុងរនាំង ឬចូលទៅក្នុងទីធ្លាខាងមុខជុំវិញទីសក្ការៈឡើយ។ អ្នកណាក៏ដោយដែលគេចាប់បាន គាត់នឹងត្រូវគេស្តីបន្ទោសចំពោះការស្លាប់របស់គាត់ផ្ទាល់ ជាលទ្ធផល»។12 នៅឆ្នាំ១៩៣៥ សិលាចារឹកបម្រាមពីការបែងចែកបរិវេណព្រះវិហារទីពីរត្រូវបានគេរកឃើញនៅខាងក្រៅទីក្រុងចាស់នៃក្រុងយេរូសាឡឹម ក្បែរច្រកទ្វារតោ។ ព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់ច្បាស់ជាបានឃើញសិលាចារឹកបម្រាមទាំងនេះជាច្រើនដង នៅពេលដែលទ្រង់ និងពួកគេបានចូលទៅក្នុងបរិវេណព្រះវិហារ។

សិលាចារឹកបម្រាមក្នុងព្រះវិហារនៅក្នុងសារមន្ទីរបុរាណវត្ថុវិទ្យាអ៊ីស្តង់ប៊ុល។ ចំនួនដាននៃថ្នាំលាបពណ៌ក្រហមត្រូវបានគេរកឃើញនៅក្នុងតួអក្សរមួយចំនួនដែលបង្ហាញថា សិលាចារឹកនេះធ្លាប់មានពណ៌ក្រហមភ្លឺ។ រូបភាពមកពី៖ oncenawhile / Wikimedia Commons / CC-BY-SA-3.0
រាជវាំងរបស់ស្ដេចហេរ៉ូឌ

អគារពីរបានគ្របដណ្ដប់លើទេសភាពនៃក្រុងយេរូសាឡឹមនៅសតវត្សរ៍ទីមួយគឺ៖ ព្រះវិហារ និងរាជវាំងរបស់ស្ដេចហេរ៉ូឌ។ ដោយឥតសង្ស័យ ព្រះយេស៊ូវច្បាស់ជាបានទតឃើញប៉មធំៗទាំងបីនៃរាជវាំងរបស់ស្ដេចហេរ៉ូឌដ៏អស្ចារ្យ ដែលទ្រង់បានដាក់ឈ្មោះជាការផ្ដល់កិត្តិយសដល់មិត្តភក្ដិ និងញាតិវង្សរបស់ទ្រង់គឺ ហ៊ីបភីស ផាសាអែល និងមីរីយ៉ាមណេ (Hippicus, Phasael, and Miriamne)។ មូលដ្ឋាននៃប៉មបុរាណមួយក្នុងចំណោមប៉មបុរាណទាំងនេះនៅតែឈរនៅឡើយនាពេលបច្ចុប្បន្ននេះនៅជិតច្រកទ្វារយ៉ាហ្វ៊េ (Jaffa) ហើយគេនិយមស្គាល់ថាជា «ប៉មរបស់ស្ដេចដាវីឌ» ទោះបើមិនត្រឹមត្រូវក៏ដោយ ។ មនុស្សជាច្រើនកំណត់អត្តសញ្ញាណប៉មនេះថាជា ប៉មផាសាអែល ទោះបីជាប៉មហ៊ីលែល ហ្គេវ៉ា (Hillel Geva) បានប្រកែកថាវាជាកន្លែងដាក់សាកសពរបស់ ហ៊ីបភីស ក៏ដោយ។13 ទោះបើព្រះយេស៊ូវទំនងជាបានស្គាល់រាជវាំងរបស់ស្ដេចហេរ៉ូឌពីខាងក្រៅក៏ដោយ តើមានភស្តុតាងណាមួយដែលថា ទ្រង់ធ្លាប់នៅក្នុងសំណង់អគារដ៏ល្បីនេះដែរឬទេ? ខ្ញុំជឿថាមាន។
នៅពេលលោកប៉ុនទាស-ពីឡាត់សួរចម្លើយព្រះយេស៊ូវរួចហើយ គេក៏នាំទ្រង់ទៅកាន់ « បន្ទាយរបស់លោកទេសាភិបាល» (យ៉ូហាន ១៨:២៨ គកស១៦) ដែលជាកន្លែងតែមួយ និងដូចគ្នានឹងទីធ្លាបន្ទាយ (Praetorium) (ម៉ាកុស ១៥:១៦ គកស១៦)។
នៅពេលដែលបុត្រារបស់ស្ដេចហេរ៉ូឌ៖ លោក អាខេឡូស (Archelaus) ត្រូវបានពួករ៉ូម៉ាំងទម្លាក់នៅឆ្នាំ ៦ នៃគ.ស. ពួកគេបានរឹបអូសទ្រព្យសម្បត្តិរបស់ទ្រង់។ បន្ទាប់មក ព្រះរាជវាំងដ៏អស្ចារ្យរបស់ស្ដេច ហេរ៉ូឌ បានក្លាយទៅជាកន្លែងស្នាក់នៅរបស់អភិបាលក្រុងរ៉ូម៉ាំង នៅពេលណាដែលគាត់បានទៅលេងក្រុងយេរូសាឡឹម។ លោក ហ្វីឡូ នៃអាឡិចសាន់ឌ្រី (Philo of Alexandria) ដែលជាទស្សនវិទូមួយរូបនៅសម័យរបស់ព្រះយេស៊ូវ បានពណ៌នាពីរាជវាំងរបស់ស្ដេច ហេរ៉ូឌ ថាជា «លំនៅដ្ឋានរបស់ពួកទេសាភិបាល» ។ យ៉ូសែបក៏បានកំណត់អត្តសញ្ញាណលំនៅដ្ឋានរបស់អភិបាលរ៉ូម៉ាំងថាជារាជវាំងរបស់ស្ដេច ហេរ៉ូឌ ផងដែរ។14
បុរាណវិទូ ស៊ីម៉ុន ជីបសុន (Shimon Gibson) បានមានប្រសាសន៍ថា «សព្វថ្ងៃនេះ គំនិតដែលមានការឯកភាពរួមគ្នា មាននៅក្នុងចំណោមអ្នកប្រាជ្ញ គឺថា រាជវាំងរបស់ស្ដេចហេរ៉ូឌ នៅភាគខាងលិចនៃទីក្រុងគឺដូចគ្នាទៅនឹងទីធ្លាបន្ទាយ (Praetorium) ហើយដែលនៅជិតនោះ ព្រះយេស៊ូវត្រូវបានគេកាត់ទោសប្រហារជីវិត»។15
ផ្នែកមួយនៃរាជវាំងរបស់ស្ដេចហេរ៉ូឌ អាចត្រូវបានគេមើលឃើញនៅសព្វថ្ងៃនេះនៅក្បែរសារមន្ទីរ ប៉មរបស់ស្ដេចដាវីឌ (Tower of David) នៅខាងក្រោមគុកគីស្លេ (Kishle) ដែលជាគុកនៅសម័យកាលអូតូម៉ង់ (Ottoman-era)។ កំផែងដ៏ធំរបស់ស្ដេចហេរ៉ូឌ គឺគេអាចមើលឃើញនៅជាន់ទាបបំផុត ហើយនៅលើកំពូលកំផែងនោះគេបានសាងសង់ឡើងជាមួយនឹងស្រទាប់ផ្សេងៗនៃសំណង់តាមសម័យកាល។

សព្វថ្ងៃនេះ គេអាចមើលឃើញសំណល់សេសសល់នៃរាជវាំងរបស់ស្ដេចហេរ៉ូឌនៅក្រុងយេរូសាឡឹមនៅក្បែរសារមន្ទីរ ប៉មរបស់ស្ដេចដាវីឌ (Tower of David) សព្វថ្ងៃនេះ។ ច្រកផ្លូវដែលធ្វើពីថ្មទាបជាងគេបំផុតនៅលើកំផែងគឺច្រកផ្លូវរបស់ស្ដេចហេរ៉ូឌ ។ រូបភាពមកពី៖ The Tower of David Museum
សេចក្ដីសង្ខេប
ការមើលកន្លែងនានាក្នុងក្រុងយេរូសាឡឹមដែលព្រះយេស៊ូវទំនងជាបានទតឃើញនោះ គឺជាវិធីដ៏មានប្រយោជន៍មួយ ដើម្បីចូលទៅកាន់អត្ថបទព្រះគម្ពីរ ហើយបង្កើនការយល់ដឹងឲ្យកាន់តែច្រើនអំពីផ្ទៃរឿងខាងក្រោយទាក់ទងនឹងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃសម័យកាលដែលព្រះយេស៊ូវបានរស់នៅ។ កន្លែងជាច្រើននៅក្នុងក្រុងយេរូសាឡឹមក្នុងសម័យរបស់ព្រះយេស៊ូវត្រូវបានគេជីកកាយឃើញ ហើយរបកគំហើញទាំងនេះបញ្ជាក់ពីការពិពណ៌នាដ៏ត្រឹមត្រូវនៃកន្លែងទាំងនេះដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អ។
និពន្ធដោយ៖ Bryan Windle
បកប្រែដោយ៖ ជឿន ជីវិចន្ធា
ជំនួយការបកប្រែ៖ លោក Ryan Quey និងលោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,
លោក ហុង សម្ភស, លោក ស៊ូ ទិត្យ, លោក ឡង់ គីមឡុង និងលោកស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី biblearchaeology.com ដោយមានការអនុញ្ញាត។
Endnotes
- Gordon Franz, “Jesus Celebrated Purim,” March 5, 2003.http://www.ldolphin.org/jpurim.html(Accessed June 9, 2019). ↩︎
- “The Pool of Siloam,” in NIV Archaeological Study Bible(ed. Walter C. Kaiser Jr and Duane Garrett; Grand Rapids: Zondervan, 2005), 1739. ↩︎
- Hershel Shanks, “The Siloam Pool: Where Jesus Cured The Blind Man,”Biblical Archaeology Review,31:5 (September/October 2005): 18, 21. ↩︎
- Todd Bolen, “The Pool of Siloam Revealed,”BiblePlaces.com. https://www.bibleplaces.com/poolofsiloam/(Accessed June 4, 2019).
Hershel Shanks, “The Siloam Pool: Where Jesus Cured The Blind Man,”Biblical Archaeology ↩︎ - Hershel Shanks, “The Siloam Pool: Where Jesus Cured The Blind Man,”Biblical Archaeology Review,31:5 (September/October 2005): 21. ↩︎
- Leen Ritmeyer, “The Beautiful Gate of the Temple in Jerusalem,”Ritmeyer Archaeological Design,Dec. 14, 2010.https://www.ritmeyer.com/2010/12/14/the-beautiful-gate-of-the-temple/comment-page-1/(Accessed July 9, 2019). ↩︎
- Ferrell Jenkins, “The Double and Triple Gates of the Temple Mount,”Ferrell’s Travel Blog,May 30, 2017. https://ferrelljenkins.blog/2017/05/30/the-double-and-triple-gates-of-the-temple-mount/(Accessed July 9, 2019). ↩︎
- Todd Bolen, “Southern Temple Mount,”Bible Places. https://www.bibleplaces.com/southerntm/(Accessed July 9, 2019). ↩︎
- John McRay,Archaeology and the New Testament.(Grand Rapids: Baker Academic, 1991), 106. ↩︎
- Josephus,War of the Jews, 5.5.2. Online: http://penelope.uchicago.edu/josephus/war-5.html (Accessed July 9, 2019). ↩︎
- Josephus,Antiquities of the Jews15.11.5. Online: http://penelope.uchicago.edu/josephus/ant-15.html (Accessed July 9, 2019). ↩︎
- Carl Rasmussen, “Warning to Gentiles from the Days of Jesus —Inscriptions,”Holy Land Photos, https://holylandphotos.wordpress.com/2018/12/17/warning-to-gentiles-from-the-days-of-jesus-inscriptions/(Accessed July 9, 2019). ↩︎
- Hillel Giva, “The ‘Tower of David’—Phasael or Hippicus?”Israel Exploration Journal31, no. 1/2 (1981):57-65. http://www.jstor.org/stable/27925783 (Accessed July 11, 2019). ↩︎
- John McRay,Archaeology and the New Testament.(Grand Rapids: Baker Academic, 1991), 118-119. ↩︎
- Shimon Gibson,The Final Days of Jesus: The Archaeological Evidence,(San Francisco: HarperOne, 2009), 91. ↩︎
មតិយោបល់
Loading…