នៅពេលទុក្ខលំបាកចូលមកដល់ក្នុងជីវិតរបស់យើង ចុងក្រោយបង្អស់ដែលយើងគិតដល់ នោះគឺសេចក្ដីអំណរ។ ប៉ុន្តែ ព្រះគម្ពីរបានប្រាប់យើងឲ្យមានសេចក្ដីអំណរសព្វគ្រប់វិញ (យ៉ាកុប ១:២-៣)។ តើសេចក្ដីអំណរសព្វគ្រប់នេះ អាចកើតឡើងបានយ៉ាងដូចម្ដេច? តើគ្រីស្ទបរិស័ទអាចញញឹមពិតជាអាចអធិស្ឋាន អាចមានសេចក្ដីអំណរ ហើយនៅបន្តបម្រើ ទោះបីជារងទុក្ខយ៉ាងខ្លាំងពីលោកីយ៍នេះបានមែនឬ?
សាវ័ក ប៉ុល បានស្គាល់អំពីការរងទុក្ខយ៉ាងច្បាស់។ គាត់ជាបេសកជនដែលមានជីវិតរស់ បន្ទាប់ពីពស់ពិសចឹក និងព្យុះបក់បោកសំពៅ។ ម្ដងនោះ គេចាប់គាត់ដាក់ព័ន្ធធនាគារ គាត់បានសរសេរសំបុត្រលើកទឹកចិត្តអ្នកជឿនៅទីក្រុងភីលីព ឲ្យបន្តសេចក្ដីខ្ជាប់ខ្ជួន ទោះជួបនឹងទុក្ខលំបាកផ្សេងៗក៏ដោយ។
ការមានអំណរដែលត្រឹមត្រូវ
ថ្នាំបន្សាប សម្រាប់សេចក្ដីខ្វល់ខ្វាយចាប់ផ្ដើមដោយការមានអំណរ (ភីលីព ៤:៤ក)។ ជាជាងដែលឈប់សម្រាកពីការងារមួយថ្ងៃ ឬសាកល្បងហាត់យ៉ូហ្កា ឬនិយាយប្រាប់មិត្តភក្ដិណាម្នាក់ សាវ័ក ប៉ុល បានផ្ដល់យោបល់ថា ចូរឈប់សិន ហើយសរសើរតម្កើងព្រះជាម្ចាស់។
កាលពីមុន យើងគិតដល់ការ «អរសប្បាយ» ថាគឺជាការសង្កត់គំនិតអាក្រក់ៗរបស់យើង ហើយយើងប្រហែលជាគិតថា អំណរប្រភេទនោះ មកពីព្រះ។ ប៉ុន្តែ វាជាការអរសប្បាយ «នៅក្នុងព្រះអម្ចាស់» (ភីលីព ៤:៤ខ)។
នៅពេលយើងមានអំណរនៅក្នុងព្រះអម្ចាស់ យើងអាចនឹងស្ថិតនៅក្នុងការរងទុក្ខ ហើយនៅតែអាចរកឃើញការកម្សាន្តចិត្ត ទាំងដឹងថា ព្រះគ្រីស្ទ ជាម្ចាស់នៃមេត្រីភាព (អេសាយ ៩:៦) សម្ដេចសង្ឃយ៉ាងធំមួយអង្គ ដែលពេញដោយការអាណិតអាសូរ ទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ (ហេព្រើរ ៤:១៤-១៦) ព្រះមហាក្សត្រដែលនឹងយាងមក ទ្រង់នឹងជូតរាល់ទាំងទឹកភ្នែក ហើយលុបបំបាត់រាល់ទាំងសេចក្ដីស្មោកគ្រោក (វិវរណៈ ១៩:១៦)។ ព្រះអង្គ គឺជាព្រះអម្ចាស់នៃសេចក្ដីស្រឡាញ់របស់យើង។ ព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះយើងរាល់គ្នា (រ៉ូម ៨:៣៨-៣៩)។
ព្រះគម្ពីរមិនបដិសេធការឈឺចាប់ និងទុក្ខលំបាករបស់យើងឡើយ។ ប៉ុន្តែ ផ្ដល់ឲ្យយើងមានអំណរ នៅកំឡុងពេលជួបទុក្ខលំបាកផ្សេងៗ ព្រោះព្រះអម្ចាស់នៃយើង ទ្រង់សោយរាជ្យលើគ្រប់ទាំងអស់។ គ្រីស្ទបរិស័ទដែលនឹងធឹងខាងឯវិញ្ញាណមានអំណរ ព្រោះគេដឹងថា ព្រះគ្រីស្ទជាព្រះអម្ចាស់។
ការស៊ូទាំដែលត្រឹមត្រូវ
ផ្ទុយពីហេតុផលរបស់មនុស្សលោក សាវ័ក ប៉ុល បានលើកឡើងថា ថ្នាំបន្សាបសម្រាប់សេចក្ដីខ្វល់ខ្វាយ ក៏រួមបញ្ចូលទាំងការឆ្លើយតបដោយស្រទន់ នៅពេលជួបទុក្ខលំបាកផងដែរ។
មនុស្សធម្មតា ឆ្លើយតបទៅកាន់សំពាធ គឺដោយការតបត ឬដោយការរត់គេច។ ប៉ុន្តែ សាវ័ក ប៉ុល បង្រៀនថា គ្រីស្ទបរិស័ទគួរឆ្លើយតប ដោយសេចក្ដីសំឡូត (ភីលីព ៤:៥)។ ពាក្យ «សេចក្ដីសំឡូត» មានអត្ថន័យច្រើននៅក្នុងភាសាក្រិក ដែលអ្នកសម្រាយព្រះគម្ពីរជាច្រើនកាត់ស្រាយថា ចិត្តទូលាយ សប្បុរស គិតពីអ្នកដទៃ សុភាព មេត្តាករុណា និងអត់ទោសគ្នាទៅវិញទៅមក។
នៅពេលយើងប្រៀបធៀបពាក្យនេះ ក្នុងរបៀបដោះស្រាយជាមួយនឹងសេចក្ដីខ្វល់ខ្វាយ យើងនឹងឃើញអំពីភាពខុសគ្នា រវាងគ្រីស្ទបរិស័ទនឹងមនុស្សលោកីយ៍។ មនុស្សលោកីយ៍ ពេលមានទុកលំបាកមកដល់ គេដោះស្រាយដោយការប្រកាស «យើងបញ្ជា…» ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលប្រាប់ឲ្យគ្រីស្ទបរិស័ទមានសេចក្ដីសំឡូត មិនមែនបញ្ជា ប៉ុន្តែជំនួសមកវិញ ស៊ូទ្រាំ ដោយដឹងថាព្រះជាម្ចាស់គង់នៅជិតអ្នកដែលមានចិត្តសង្រេង (ទំនុកតម្កើង ៣៤:១៨) ហើយព្រះអង្គនឹងយាងមកវិញជាឆាប់ (វិវរណៈ២២:១២)។
លោក ថូម៉ាស វ៉ាត់សុន ( ពួកព្យួរីតិន) បានសង្ខេបយ៉ាងល្អ អំពីការឆ្លើយតបដោយសុភាពសំឡូតនេះ ដោយសរសេរថា «គ្រីស្ទបរិស័ទដែលមានគ្រឹះមូលដ្ឋានរឹងមាំនៅក្នុងព្រះបន្ទូល ពេញចិត្តនឹងធ្វើតាមព្រះទ័យព្រះជាម្ចាស់ ហើយពេញចិត្តនឹងរស់នៅកន្លែង ដែលព្រះជាម្ចាស់បានដាក់ពួកគេ»។
ការអធិស្ឋានដែលត្រឹមត្រូវ
តាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ៨៥% នៃអ្វីៗដែលយើងខ្វល់ខ្វាយមិនបានកើតឡើងនោះទេ ហើយជាមធ្យមមនុស្សចំណាយពេល ៦.៥ ឆ្នាំ នៃជីវិតរបស់ពួកគេខ្វល់ខ្វាយ2។ តើលោកអ្នកចង់កាត់បន្ថយពេលវេលា ដែលខ្ជះខ្ជាយនេះដែរឬទេ? សាវ័ក ប៉ុល បង្រៀននៅក្នុងកណ្ឌគម្ពីរ (ភីលីព ៤:៦) ថា «កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់»។ បន្ទាប់មក លោកក៏ពន្យល់។
ទីមួយ៖ ចូរទូលដល់ព្រះឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ (ភីលីព ៤:៦ក) គ្រីស្ទបរិស័ទដែលនឹងធឹងមិនអាស្រ័យទៅលើអាហារឆ្ងាញ់ៗ យ៉ូហ្កា កញ្ឆា គ្រឿងស្រវឹង ការត្អូញត្អែរ និងការរំខានឡើយ ជំនួសមកវិញពួកគេអធិស្ឋាន។ គ្មានគ្រីស្ទបរិស័ទណាម្នាក់ល្អឥតខ្ចោះទេ ប៉ុន្តែនៅពេលយើងពេញវ័យខាងឯវិញ្ញាណ ទម្លាប់នៃការអធិស្ឋានរបស់យើងកាន់តែមានភាពជ្រាលជ្រៅ ដែលជួយឲ្យយើងអាចឆ្លងកាត់ព្យុះផ្សេងៗបាន។ យើងអាចរៀនពីអ្វីដែលល្អបំផុតដែលត្រូវធ្វើនៅពេលសេចក្ដីខ្វល់ខ្វាយមកដល់ យើងលុតជង្គង់ចុះ ទាំងដឹងថា ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ចំពោះសេចក្ដីខ្វល់ខ្វាយរបស់យើង ហើយឲ្យយើងផ្ទេរគ្រប់ទាំងសេចក្ដីព្រួយរបស់យើងទៅលើទ្រង់ (១ពេត្រុស ៥:៧)។
ទីពីរ៖ ដោយសេចក្ដីអធិស្ឋាន ទាំងពោលពាក្យអរព្រះគុណផង (ភីលីព ៤:៦ខ)។ គ្រីស្ទបរិស័ទដែលមានភាពនឹងធឹង អរព្រះគុណនៅក្នុងសេចក្ដីអធិស្ឋានរបស់ពួកគេ ពីព្រោះអំណររបស់ពួកគេមិនស្ថិតនៅលើថា ព្រះជាម្ចាស់ឆ្លើយតបសេចក្ដីអធិស្ឋានរបស់ពួកគេ ឬក៏អត់នោះទេ។ ជំនួសវិញ ពួកគេដឹងថា ព្រះអម្ចាស់របស់ពួកគេ ទ្រង់សព្វញ្ញុតញ្ញាណ ហើយអ្វីៗទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ គ្រប់ការទាំងអស់ផ្សំគ្នាឡើងជាការល្អ (រ៉ូម ៨:២៨) គ្រប់ទាំងផ្លូវទ្រង់សុទ្ធតែយុត្តិធម៌… ទៀងត្រង់ (ចោទិយកថា ៣២:៤)។ ហើយទ្រង់ជាខែលដល់អស់អ្នកណាដែលពឹងជ្រកក្នុងទ្រង់ (ទំនុកតម្កើង ១៨:៣០)។
សេចក្ដីសុខសាន្តរបស់ព្រះ ដែលលើសហួសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ (ភីលីព ៤:៧)។ ទោះបីយើងមិនទទួលបានចម្លើយដែលយើងសង្ឃឹមចង់បានក្ដី សេចក្ដីសុខសាន្តតែតែងមានសម្រាប់យើង។
ការគិតដែលត្រឹមត្រូវ
ចុងក្រោយ សេចក្ដីខ្វល់ខ្វាយកើតមានឡើងនៅក្នុងគំនិតរបស់យើង។ យើងមិនអាចអរសប្បាយ ស៊ូទ្រាំ អធិស្ឋានបានត្រឹមត្រូវឡើយ លុះត្រាតែយើងគិតបានត្រឹមត្រូវ។ ដូច្នេះ សាវ័ក ប៉ុល បានសង្ខេបកណ្ឌគម្ពីរ ភីលីព ៤:៨ ឲ្យយើងចាំបាច់នៅជាប់ (គិត) នឹងសេចក្ដីប្រាំពីរយ៉ាង៖
ទី១៖ យើងត្រូវគិតតែឯសេចក្ដីណាដែលពិត។ សាតាំងជាឪពុកនៃសេចក្ដីកុហក ហើយជាអ្នកចោទប្រកាន់ពួកបរិសុទ្ធ សេចក្ដីសុខសាន្តនឹងកើតមានដល់ដួងចិត្ត ដែលផ្ដោតលើសេចក្ដីពិត។
ទី២៖ យើងគិតតែពីសេចក្ដីណាដែលគួររាប់អាន ពាក្យនេះនៅក្នុងភាសាក្រិក ពណ៌នាអំពីសេចក្ដីថ្លៃថ្នូរពីធម្មជាតិ មានន័យថា យើងគួរតែបំពេញគំនិតរបស់យើងដោយសេចក្ដីណាដែលគួរគោរព ថ្លៃថ្នូរ ហើយគិតយ៉ាងហ្មត់ចត់។
ទី៣៖ សេចក្ដីណាដែលសុចរិត មានន័យថា ស្តង់ដារក្រមសីលធម៌របស់ព្រះជាម្ចាស់នៅជាប់ក្នុងគំនិតរបស់យើង។ ព្រះអង្គទ្រង់យុត្តិធម៌ ហើយការគិតរបស់យើងគួរតែដូចទ្រង់ផងដែរ។
ទី៤៖ យើងត្រូវគិតតែពីសេចក្ដីណាដែលបរិសុទ្ធ។ យើងត្រូវលន់តួបាបគ្រប់ទាំងសេចក្ដីណាដែលមិនបរិសុទ្ធ (១យ៉ូហាន ១:៩) ហើយទទួលយកព្រះគុណថែមលើព្រះគុណ (យ៉ូហាន ១:១៦) ។ នៅពេលយើងគិតតែអំពីសេចក្ដីស្រើបស្រាល សេចក្ដីអាក្រក់ និងសេចក្ដីលោភ វានឹងលួចសេចក្ដីសុខសាន្តរបស់យើង។
ទី៥៖ យើងត្រូវគិតតែសេចក្ដីណាដែលគួរស្រឡាញ់។ ពាក្យជាភាសាក្រិក ត្រង់នេះក៏បានបង្ហាញនៅក្នុង កណ្ឌគម្ពីរ អេសធើ ៥:១ ដែលពិពណ៌នា អំពីរូបសម្រស់ព្រះនាង អេសធើរ ផងដែរ។ ដូចគ្នាដែរ គំនិតរបស់យើងគួរតែផ្ដោតទៅលើអ្វីដែលទាក់ទាញ ជាទីគាប់ចិត្ត ហើយស្របតាមព្រះហឫទ័យព្រះជាម្ចាស់។
ទី៦៖ យើងត្រូវគិតតែសេចក្ដីណាដែលមានឈ្មោះល្អ។ វាផ្ទុយពីការគិត ដែលពុកផុយ។ ការរអ៊ូរទាំជាប្រចាំ ភាពអវិជ្ជមាន ភាពអាត្មានិយម ផ្ដោតលើតែរបស់ខាងឯលោកីយ៍ និងភ័យខ្លាច ទាំងអស់នេះសុទ្ធតែផ្ទុយពីការគិត ដែលមានសុខភាពល្អ។
ចុងក្រោយ គិតតែពីសេចក្ដីណាគួរឲ្យសរសើរ។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងតែងតែមានអ្វីដែលល្អ ហើយស័ក្ដិសមនឹងសរសើរ ដើម្បីនឹងមានអំណរ។ ព្រះគ្រីស្ទបានយកឈ្នះ ព្រះអង្គប្រទានឲ្យយើងមានចំណែកក្នុងព្រះគុណ ហើយសន្យា ប្រទានឲ្យជីវិតដែលថ្វាយបង្គំ និងបម្រើទ្រង់អស់កល្បជានិច្ច។
យើងទទួលបានថ្នាំបន្សាបពិតសម្រាប់សេចក្ដីខ្វល់ខ្វាយពីព្រះគ្រីស្ទតែមួយប៉ុណ្ណោះ។
មតិយោបល់
Loading…