in

តំណ​វង្ស​របស់​លោក អេសាវ

តើ​បង​ប្អូន​ប៉ុន្មាន​អ្នក​ចូល​ចិត្ត​អាន​បញ្ជី​រាយ​នាម​ក្នុង​ព្រះ​គម្ពីរ? ជា​ពិសេស ការ​រាយ​នាម​នៃ​តំណ​វង្ស​របស់​បុគ្គល​ណា​ម្នាក់? សម្រាប់​ខ្ញុំ​ផ្ទាល់ ពី​មុនៗ​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​អាន​ទេ ហើយ​មូល​ហេតុ​គឺ​ដោយ​សារ​ខ្ញុំ​ស្ទើរ​ទាំង​មិន​អាច​អាន​ឈ្មោះ​ទាំង​នោះ​ដាច់​អស់​ផង។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​យើង​ដឹង​ហើយ​ថា ព្រះ​ជាម្ចាស់​នៅ​មាន​ផែន​ការ​ក្នុង​ការ​រាយ​នាម​ទាំង​នោះ​ចុះ​នៅ​ក្នុង​ព្រះ​បន្ទូល​ទ្រង់​ដែរ។

តើ​តំណ​វង្ស​របស់​លោក អេសាវ ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៦:១-៤៣ មាន​មេរៀន​អ្វី​ខ្លះ​សម្រាប់​យើង?

តោះ! ចូរ​យើង​សិក្សា​ជា​មួយ​គ្នា។

ប្រធាន​បទ​ស្នូល​នៃ​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៦:១-៤៣៖ តំណ​វង្ស​របស់​លោក អេសាវ បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់ អធិបតេយ្យ​ភាព និង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​បំពេញ​ការ​តាំង​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជា​មួយ​នឹង​លោក អ័ប្រាហាំ និង​លោក អ៊ីសាក និង​ក្នុង​ការ​បំពេញ​នូវ​អ្វីៗ​ដែល​លោក អ៊ីសាក បាន​លើក​ឡើង​អំពី​លោក អេសាវ។

ការ​រាយ​នាម​នៃ​តំណ​វង្ស​របស់​លោក អេសាវ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ ៣៦:១-៤៣ ក៏​មាន​ក្នុង​កណ្ឌ​គម្ពីរ ១របាក្សត្រ ១:៣៤-៥៤ ដែរ។ ហើយ​យើង​អាច​សង្ខេប​ដូច​ត​ទៅ៖

តំណ​វង្សលោកុប្បត្ដិ ៣៦១របាក្សត្រ ១:៣៤-៥៤
អេសាវខ១-៥, ១០-១៩ខ៣៥-៣៧
កូន​ចៅ​សៀរខ២០-២៨ខ៣៨-៤២
ស្ដេច​ស្រុក​អេដំមខ២៩-៣៩ខ៤៣-៥១ក
ពួក​មេ​នៃ​សាសន៍​អេដំមខ៤០-៤៣ខ៥១ខ-៥៤

ការ​យល់​អំពី​តំណ​វង្ស​គឺ​ជា​ការ​ដ៏​ពិបាក​ណាស់ ប៉ុន្តែ​ដាច់​ខាត​យើង​ត្រូវ​តែ​យល់​ថា តំណ​វង្ស​នៅ​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​សំខាន់។ ដើម្បី​ឲ្យ​យើង​អាច​យល់​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៣៦​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ក៏​ត្រូវ​តែ​យល់​ពី​ការ​តាំង​សេចក្ដី​សញ្ញា​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​នឹង​លោក អ័ប្រាហាំ លោក អ៊ីសាក និង​អ្វី​ដែល​លោក អ៊ីសាក បាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក អេសាវ។ ហើយ​ដើម្បី​ឲ្យ​យើង​អាច​យល់​ជំពូក​នេះ​បាន យើង​ត្រូវ​តែ​ត្រឡប់​ទៅ​មើល​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ ២៥:១៩-៣៤ ជា​ពិសេស​ខ២៣៖ «ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​នាង​ថា៖ “មាន​ប្រជា​ជាតិ​ពីរ​នៅ​ក្នុង​ផ្ទៃ​នាង ហើយ​សាសន៍​ពីរ​ដែល​កើត​ចេញ​ពី​នាង សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត គឺ​កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន”» (គកស)។

យើង​ដឹង​ហើយ​ថា នៅ​ក្នុង​ចុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក២៥​លោក អេសាវ បាន​លក់​សិទ្ធិ​ជា​កូន​ច្បង​របស់​គាត់​ទៅ​កាន់​លោក យ៉ាកុប ដែល​ជា​ប្អូន។ នេះ​ក៏​ជា​មូល​ហេតុ​មួយ​ទៀត​ដែល​ថា កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន។ លោកុប្បត្ដិ ៣៦:៤៣ បញ្ចប់​លោកុប្បត្ដិ ៣៦:៩ ហើយ​លោកុប្បត្ដិ ៣៧:១ បញ្ចប់​លោកុប្បត្ដិ ៣៦:១-៨ នៃ​គ្រួសារ​លោក អេសាវ។ បញ្ជី​រាយ​ឈ្មោះ​មួយ​នេះ​បង្ហាញ​ថា ព្រះ​ជាម្ចាស់​បាន​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ទៅ​កាន់​លោក អ័ប្រាហាំ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ១២; ១៣:១៦; ១៥:៥; ១៧:៦; ១៨:១៧-១៨; ២២; ២៨)។

កណ្ឌគម្ពីរ លោកុប្បត្ដិ ១៧:៦ មាន​ចែង​ដូច​ត​ទៅ៖ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​លើស​លុប យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ផ្សេងៗ​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ» (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ១២)។

ទី១ តំណ​វង្ស​របស់​លោក អេសាវ បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់ អធិបតេយ្យ​ភាព និង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ព្រះ​អង្គ​បំពេញ​សេចក្ដី​សន្យា​ទៅ​កាន់​លោក អ័ប្រាហាំ នាង សារ៉ា និង​លោក អ៊ីសាក ថា​គាត់​នឹង​មាន​កូន​ចៅ ជាតិ​សាសន៍ និង​ស្តេច​ច្រើន​លើស​លុប។ ជា​ដំបូង យើង​ឃើញ​ការ​នេះ​បំពេញ​តាម​រយៈ​ការ​ប្ដូរ​ឈ្មោះ «អាប់‌រ៉ាម» ទៅ​ជា «អ័ប្រា‌ហាំ» ដែល​មាន​ន័យ​ថា «ឪពុក​នៃ​សាសន៍​ជា​ច្រើន» (លោកុប្បត្ដិ ១៧:៤-៦) ហើយ​និង​ការ​ប្ដូរ​ឈ្មោះ «សារ៉ាយ» ទៅ​ជា «សារ៉ា» ដែល​មាន​ន័យ​ថា «ម្តាយ​នៃ​ជាតិ​សាសន៍​ផ្សេងៗ ហើយ​ក៏​នឹង​មាន​ស្តេច​នៃ​ជាតិ​សាសន៍​ជា​ច្រើន​កើត​ចេញ​ពី​នាង​ដែរ» (លោកុប្បត្ដិ ១៧:១៦ សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២៥:២៣)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២១:១៣ និង១៨ ទាក់​ទង​នឹង​លោក អ៊ីសម៉ាអែល «…យើង [ព្រះ​ជាម្ចាស់] នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅជា​ជាតិ​សាសន៍​មួយ ព្រោះ​វា​ជា​ពូជ​របស់​អ្នក​ដែរ”។ ពាក្យ «ពូជ» នៅ​សម័យ​មាន​ន័យ​ថា «ការ​មាន​ជំហរ​នៅ​ផ្នែក​នយោបាយ»។

លោក ម៉ូសេ បាន​សរសេរ​ចុះ​នូវ​តំណ​វង្ស​របស់​លោក អេសាវ ដើម្បី​បង្ហាញ​ថា​លោក អេសាវ ក៏​មាន​ជាប់​សាច់​ឈាម​ជា​មួយ​នឹង​លោក អ័ប្រាហាំ ដោយ​សារ​លោក អេសាវ បាន​រៀបការ​ជា​មួយ​នឹង​កូន​ស្រី​ម្នាក់​របស់​លោក អ៊ីសម៉ាអែល នៅ​ក្នុង​ខ៣ ទោះ​បើ​ថា​ទាំង​លោក អេសាវ និង​លោក អ៊ីសម៉ាអែល ត្រូវ​បាន​ព្រះ​ជាម្ចាស់​បដិសេធ​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​នឹង​ពួក​គាត់​ក៏​ដោយ។ ដោយ​សារ​ការ​នោះ​លោក អេសាវ ក៏​បាន​បង្កើត​កូន​ចៅ​ថែម​ទៀត។

ជំពូក​មួយ​នេះ​មាន​រាយ​ឈ្មោះ​ចំនួន ៧០ នាក់​ដែល​រួម​មាន​ទាំង​ស្ត្រី ៥ នាក់​ផង​ដែរ។ មាន​ការ​រាយ​ឈ្មោះ​ចុះ​ខុសៗ​គ្នា​ក្នុង​តារាង ៥ ដង។ មាន​តារាង ៤ ខុសៗ​គ្នា​រាយ​ចុះ​អំពី​កូន​ប្រុស​របស់​លោក អេសាវ៖ ខ១០-១៩; ២០-៣០; ៣១-៣៩ និង​ខ៤០-៤៣។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​ក៏​គួរ​តែ​ចង​ចាំ​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ការ​រៀប​រាប់​អំពី​ការ​ស្លាប់ នោះ​ក៏​គួរ​មាន​ការ​រាយ​ចុះ​នូវ​តំណ​វង្ស​ដូច​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៥:១៦-៤២ ដែរ។ នេះ​បង្ហាញ​ថា គ្រួសារ​របស់​លោក អេសាវ ក៏​ជា​គ្រួសារ​ដ៏​ធំ​មួយ​ដែរ ព្រោះ​គាត់​ក៏​ជា​សាច់​ញាតិ​របស់​លោក អ័ប្រាហាំ ទៀត​ផង។ សូម​អាន​បន្ថែម​អំពី​លោក អ៊ីសាក ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២៦:៣-៥, ២៥ «យើង​នឹង​ចម្រើន​ពូជ​ពង្ស​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ឲ្យ​ពូជ​ពង្ស​របស់​អ្នក…» (គកស)។

ទី២ តំណ​វង្ស​របស់​លោក​អេសាវ​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់ អធិបតេយ្យ​ភាព និង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ព្រះ​អង្គ​បំពេញ​ទំនាយ​ទៅ​កាន់​នាង រេបិកា ថា​នាង​នឹង​មាន​ជាតិ​សាសន៍​ពីរ​ដែល​នឹង​កើត​មក។ «ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​នាង [រេបិកា] ថា៖ «មាន​ប្រជាជាតិ​ពីរ​នៅ​ក្នុង​ផ្ទៃ​នាង ហើយ​សាសន៍​ពីរ​ដែល​កើត​ចេញ​ពី​នាង សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត គឺ​កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន» (លោកុប្បត្ដិ ២៥:២៣)។

យើង​ឃើញ​ថា​តំណ​វង្ស​របស់​លោក អេសាវ បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់ និង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ព្រះ​អង្គ​ឲ្យ​នាង រេបិកា បង្កើត​បាន​ប្រជាជាតិ​ពីរ…ហើយ​ក៏​បង្ហាញ​អំពី​ទំនាយ​ដែល​ថា «សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត គឺ​កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន» ក៏​នឹង​កើត​ឡើង​ផង​ដែរ។ ព្រះ​អង្គ​រក្សា​ក្ដី​សន្យា​របស់​ទ្រង់។

មិន​គ្រាន់​តែ​ប៉ុណ្ណោះ ព្រះ​អង្គ​ក៏​ប្រទាន​ប្រពន្ធ​ដល់​លោក អេសាវ ហើយ​ឲ្យ​គាត់​បង្កើត​បាន​កូន​ចៅ​ផង​ដែរ។ ប្រសិន​បើ​យើង​ផ្ដោត​លើ​ឈ្មោះ​ស្ត្រី​ខុសៗ​គ្នា​ទាំង​ប៉ុន្មាន នោះ​យើង​អាច​សន្មត​ថា​លោក អេសាវ ទំនង​ជា​មាន​ប្រពន្ធ ៥-៦ នាក់ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២៦:៣៤; ២៨:៩)។ ការ​ដែល​គាត់​មាន​កូន​ចៅ​ច្រើន​បង្ហាញ​អំពី​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់ ទោះ​បើ​ព្រះ​ជាម្ចាស់​មិន​គាំទ្រ​ក្នុង​ការ​ដែល​មាន​ប្រពន្ធ​ច្រើន​ក៏​ដោយ។

ទី៣ ការ​រាយ​ឈ្មោះ​ស្ដេច​ក្នុង​ជំពូក​នេះ​ក៏​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់​ត្រង់​ថា នាង​នឹង​បង្កើត​ជាតិ​សាសន៍​ពីរ ទោះ​បើ​ថា​សាសន៍​អ៊ីស្រាអែល​មិន​បាន​កើត​មាន​ឡើង​ជា​ច្រើន​ឆ្នាំ​បន្ទាប់​នោះ​ក៏​ដោយ។ ចំណុច​នេះ​ក៏​បង្ហាញ​ថា ព្រះ​ជាម្ចាស់​ក៏​នឹង​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់​ទៅ​កាន់​លោក អាប្រាហាំ លោក អ៊ីសាក និង​លោក យ៉ាកុប ផង​ដែរ។

យើង​អាច​សង្ខេប​ខ៣១-៣៩ ដូច​ត​ទៅ៖ «ក» បាន​សោយ​រាជ្យ (ឈ្មោះ​ទីក្រុង​គាត់ «ខ») «ក» បាន​ស្លាប់ ហើយ «គ» ឡើង​សោយ​រាជ្យ។ នេះ​មិន​មែន​ថា កូន​របស់​បុគ្គល​ដែល​ស្លាប់​នោះ​ឡើង​សោយ​រាជ្យ​នោះ​ទេ ហើយ​ព្រះ​គម្ពីរ​ក៏​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ដែរ ប៉ុន្តែ​ការ​រើស​ស្ដេច​គឺ​អាស្រ័យ​លើ​អំណាច​ដែល​បុគ្គល​មាន​ក្នុង​ចំណោម​អ្នក​ស្រុក​នានា។ ការ​ធ្វើ​បែប​នេះ​ក៏​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​កណ្ឌ​គម្ពីរ​ពួកចៅហ្វាយ​ដែរ។

ចំណុច​សម្គាល់៖ សាសន៍​អេដំម​មាន​អ្នក​សោយ​រាជ្យ​បន្ត​បន្ទាប់​គ្នា ៨ តំណ​មុន​សាសន៍​អ៊ីស្រាអែល​មាន​ស្ដេច​ទៅ​ទៀត។ ខណៈ​ពេល​ដែល​ការ​នេះ​កំពុង​តែ​កើត​ឡើង​សាសន៍​អ៊ីស្រាអែល​កំពុង​តែ​វង្វេង​នៅ​ទី​រហោស្ថាន។

«ពេល​នោះ លោក អ៊ីសាក ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ “មើល៍! លំនៅ​របស់​កូន​ស្ថិត​នៅ​ឆ្ងាយ​ពី​ដី​ដែល​មាន​ជីជាតិ ហើយ​ក៏​ឆ្ងាយ​ទឹក​សន្សើម​ពី​លើ​មេឃ​មក​ដែរ។ កូន​នឹង​រស់​នៅ​ដោយ​សារ​ដាវ ហើយ​កូន​នឹង​បម្រើ​ប្អូន​របស់​កូន តែ​កាល​ណា​កូន​ផ្តាច់​ចំណង កូន​នឹង​ដោះ​នឹម​របស់​វា​ចេញ​ពី​ក​របស់​កូន”» (លោកុប្បត្ដិ ៣៦:៣៩-៤០ គកស)។

ទី៤ តំណ​វង្ស​របស់​លោក អេសាវ ក៏​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់ អធិបតេយ្យ​ភាព និង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​ការ​ប្រទាន​ពរ (ឬ​ក៏​ពាក្យ​ពេចន៍) របស់​លោក អ៊ីសាក ទៅ​កាន់​លោក អេសាវ កើត​ឡើង​ដែរ។

ការ​ដែល​លោក អេសាវ រើ​ទី​លំនៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៦:៦-៨ បង្ហាញ​ថា៖

  • គាត់​មិន​បាន​ទទួល​កេរមរតក ពីព្រោះ​គាត់​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង​ទៅ​លោក យ៉ាកុប (លោកុប្បត្ដិ ២៥:២៩-៣៤)។
  • ដោយ​សារ​លោក អេសាវ មិន​គោរព​សំណើ​របស់​ឪពុក​ម្ដាយ​គាត់​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​ខ្សែស្រឡាយ​របស់​លោក ថេរ៉ា ការ​នេះ​កាន់​តែ​បង្ហាញ​អំពី​ការ​មិន​ស្ដាប់​បង្គាប់​របស់​គាត់ និង​ការ​ដែល​គាត់​បាន​កាត់​ខ្លួន​ឯង​ចេញពី​ខ្សែស្រឡាយ​នៃ​រាស្ត្រ​ជ្រើស​តាំង។
  • គាត់​មិន​គ្រាន់​តែ​បាន​បោះ​បង់​ឫសគល់​នៃ​គ្រួសារ​ចោល​នោះ​ទេ ប៉ុន្តែ​ក៏​ថែម​ទាំង​បាន​ចាក​ចេញ​ពី​ទឹក​ដី​សន្យា​ដែរ ស្រដៀង​គ្នា​នឹង​លោក ឡុត (លោកុប្បត្ដិ ៣៤)។ ឃ្លា «នាំ…ចេញ​ទៅ / ឃ្លាត​ពី» គឺ​ដូច​គ្នា​នឹង​ពេល​ដែល​លោក អ័ប្រាហាំ ចេញពី​ស្រុក អ័រ។ ហើយ​ក៏​ដូច​គ្នា​នឹង​ពេល​ដែល​កូនៗ​របស់​លោក អាប្រាហាំ ចាក​ចេញ​ពី​លោក អ៊ី​សាក់ ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២៥:៦។ តំណ​វង្ស​របស់​គ្រួសារ​គាត់​ក៏​ដូច​គ្នា​នឹង​លោក អ៊ីសម៉ាអែល ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២៥:១២-១៨ ដែរ។ ហើយ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ចាក​ចេញ​ពី​ទឹកដី​សន្យា ដើម្បី​ចេញ​ទៅ​តាំង​ខ្លួន​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ទឹក​ដី​សន្យា​ក៏​ដូច​គ្នា​ផង​ដែរ។
  • ការ «នៅ​ឆ្ងាយ​ពី​ដី​មាន​ជីជាតិ» ក៏​បង្ហាញ​ពី​ចំណុច​សំខាន់​នៃ​ការ​រក​ឃើញ​ក្បាល​ទឹក​ដែរ (លោកុប្បត្ដិ ៣៦:២៤)។ ការ​នេះ​បង្ហាញ​ថា ព្រះ​ជាម្ចាស់​នឹង​នៅ​បន្ត​ផ្គត់​ផ្គង់​ចំណី​អាហារ និង​ទឹក​ដល់​ពួក​គាត់។ ការ​ដែល «រក​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោស្ថាន» ក៏​បង្ហាញ​ពី​ការ​តាំង​ទី​លំ​នៅ​ដោយ​មាន​ជោគជ័យ។ ការ​មាន​សត្វ «លា» បង្ហាញ​ពី​ការ​មាន​ទ្រព្យ​សម្បត្តិ និង​អំណាច (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ យេរេមា ៤៩:១៦ និង​អូបាឌា ៣-៤)។
  • ពូជ​ពង្ស​របស់​គាត់​នឹង​រស់​នៅ​ដោយ​សារ​ដាវ។ កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៦:២០ បង្ហាញ​ថា​ពួក​គាត់​វាយ​យក​ទឹក​ដី​របស់​សាសន៍​ហូរី «ដែល​នៅ​ក្នុង​ស្រុក​នោះ»។ ប្រវត្តិ​សាស្ត្រ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ពូជ​ពង្ស​របស់​គាត់​បាន​ប្រឆាំង​នឹង​ស្ដេច សុល ហើយ​ក្រោយ​មក​ស្ដេច ដាវីឌ និង​ស្ដេច សាឡូម៉ូន ក៏​បាន​វាយ​បំបាក់​ពួក​គាត់​ចុះ (១របាក្សត្រ ១៨:១៣; លោកុប្បត្ដិ ២៤:៦០)។ ពួក​គេ​ក៏​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ស្ដេច យ៉ូសាផាត ហើយ​ក៏​បាន​បះបោរ​ដោយ​មាន​ជ័យ​ជម្នះ​នៅ​ក្នុង​សម័យ​កាល​ស្ដេច យ៉ូរ៉ាម ដែរ។ល។ (២សាំយូអែល ៨:១៣-១៤; ១ពង្សាវតារក្សត្រ ១១:១៥-១៦; ២ពង្សាវតារក្សត្រ ១១:១៤; អេម៉ុស ១:១១-១២; អូបាឌា; បរិទេវ ៤:២១-២២; ទំនុកតម្កើង ១៣៧:៧-៩; និង​ម៉ាឡាគី ១:២-៣)។

តំណ​វង្ស​របស់​លោក អេសាវ បង្ហាញ​ពី​ការ​បំពេញ​នូវ​អ្វីៗ​ដែល​លោក អ៊ីសាក បាន​លើក​ឡើង​អំពី​លោក អេសាវ ត្រង់​ថា បង​នឹង​បម្រើ​ប្អូន។ «ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​នាង​ថា៖ “…កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន”» (លោកុប្បត្ដិ ២៥:២៣)។

ទី៥ «បង​នឹង​បម្រើ​ប្អូន» ប៉ុន្តែ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៣៣​យើង​ឃើញ​ថា​លោក យ៉ាកុប ខ្លាច​បង​ប្រុស​របស់​គាត់​ដោយ​ហៅ​ខ្លួន​ឯង​ថា «អ្នក​បម្រើ​របស់​បង»។ តើ​នេះ​អាច​មាន​ន័យ​ថា ប្អូន​បម្រើ​បង​​មែន​ឬ? មិន​មែន​ទេ! តើ​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ​បាន​ផ្សះផ្សា​ទំនាក់​ទំនង​របស់​ខ្លួន​វិញ​ដែរ​ឬ​ទេ? ពួក​គាត់​បាន​ផ្សះផ្សា​ទំនាក់​ទំនង​ខ្លះៗ​ដែរ។ កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៣:៤ បាន​ចែង​ថា «លោក​អេសាវ​រត់​មក​ជួប ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​ពីរ​នាក់» ហើយ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៥:២៩ គឺជា​ពេល​ចុង​ក្រោយ​បង្អស់​ដែល​ពួក​គាត់​បាន​ជួប​គ្នា ពេល​មក​ជុំ​គ្នា​បញ្ចុះ​សព​ឪពុក។ ពេល​នោះ​គឺ​ជា​ពេល​វេលា​ចុង​ក្រោយ​បង្អស់​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា ប៉ុន្តែ​កូន​ចៅ​របស់​គាត់​នៅ​បន្ត​ជួប​គ្នា​នៅ​តំណ​ក្រោយៗ​ទៀត។ ឧទាហរណ៍៖ ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៦:១៦។

យើង​ក៏​ឃើញ​ពី​ភាព​ស្មោះ​ត្រង់ និង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​យើង​នីមួយៗ​ដូច​គ្នា​នឹង​លោក អេសាវ ផង​ដែរ​ត្រង់​ថា ទោះ​បើ​ព្រះ​អង្គ​មិន​បាន​ជ្រើស​រើស​យើង​ធ្វើ​ជា​រាស្ត្រ​សន្យា​របស់​ទ្រង់​ពី​ជំនាន់​ដើម​ក៏​ដោយ ក៏​ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ​បាន​ជ្រើស​រើស​ឲ្យ​យើង​ក្លាយ​ជា​សាសន៍​ដទៃ ហើយ​យើង​ក៏​បាន​ឃ្លាត​ចេញ​ពី​ព្រះ​អង្គ ដោយ​ជ្រើស​រើស​រស់​នៅ បះបោរ​ទាស់​នឹង​ទ្រង់​ដោយ​ចេតនា។ ចាប់​តាំងពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពួក៣​មក យើង​មាន​ការ​បាក់​បែក ទាស់​ប្រឆាំង​នឹង​ព្រះ​អង្គ ដែល​តាម​ពិត​ទៅ​នោះ​ឯង គឺ​ជា​បញ្ហា​ដ៏​ធំ​ចម្បង​បំផុត​របស់​យើង គឺ​ការ​ឃ្លាត​ឆ្ងាយ​ចេញ​ពី​ព្រះ​ជាម្ចាស់ ការ​គ្មាន​ភាព​ផ្សះផ្សា​ជា​មួយ​ទ្រង់ ប៉ុន្តែ ដូច​ដែល​យើង​ឃើញ​នៅ​ក្នុង​ជីវិត​របស់​លោក អេសាវ ទោះ​បើ​គាត់ ហើយ​និង​សាសន៍​អ៊ីស្រាអែល​ប្រឆាំង​គ្នា​ឥត​ឈប់​ឈរ​ក៏​ដោយ ក៏​ពួក​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ទំនាក់​ទំនង​ជា​មួយ​នឹង​គ្នា​ដែរ។ ហើយ​នៅ​ចុះ​បញ្ចប់​ព្រះ​អង្គ​បាន​ផ្សះផ្សា​ទំនាស់​នេះ ដោយ​ព្រះ​អង្គ​ឲ្យ​ពួក​គេ​ទទួល​ឮ​ដំណឹង​ល្អ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ៣:៨ បើ​យើង​មើល​ការ​រាយ​ឈ្មោះ​តារាង​នៃ​សាសន៍​នានា​ដែល​មាន​នៅ​ក្នុង​ជំពូក​មួយ​នេះ នោះ​យើង​នឹង​ឃើញ​ថា ក៏​មាន​សាសន៍​អ៊ីដូមា​ដែរ (កិច្ចការ ១៥:១៥; អេម៉ុស ៩:១១-១២)។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​ទាស់​ប្រឆាំង​នឹង​ព្រះ​អង្គ ដោយ​ចេតនា និង​អចេតនា ប៉ុន្តែ ដោយ​សារ​ភាព​ស្មោះ​ត្រង់ នឹង​ព្រះ​គុណ​របស់​ព្រះ​អង្គ ទ្រង់​ចាត់​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ទ្រង់ ដូច​ដែល​ទ្រង់​បាន​សន្យា​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣:១៥ ថា​នឹង​មាន​ព្រះ​សង្គ្រោះ។

សំណួរ​សួរ​ថា៖ តើ​បងប្អូន​បាន​ទទួល​ការ​ផ្សះផ្សា​ជា​មួយ​នឹង​ព្រះ​អង្គ​ហើយ​ឬ​នៅ? ឬ​ក៏​ថា បង​ប្អូន​កំពុង​នៅ​តែ​បន្ត​បះបោរ ទាស់​ប្រឆាំង​នឹង​ទ្រង់​នៅ​ឡើយ​ទេ? បង​ប្អូន! យើង​មាន​ផ្លូវ​តែ​ពី​ក្នុង​ការ​ជ្រើស​រើស៖ ជ្រើស​រើស​ដើរ​តាម​ព្រះ​អង្គ ឬ​ក៏​ជ្រើស​រើស​បន្ត​រស់​នៅ​ក្នុង​អំពើ​បាប​របស់​យើង​រហូត​ដល់​ថ្ងៃ​ស្លាប់។ ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​នឹង​ជ្រើស​រើស​ជម្រើស​ទី១ គឺ​ដើរ​តាម​ព្រះ​អង្គ ហើយ​មួយ​ទៀត បង​ប្អូន​អើយ សូម​កុំ​គ្រាន់​តែ​ជ្រើស​រើស​ដើរ​តាម​ព្រះ​អង្គ​តែ​បបូរ​មាត់​របស់​ខ្លួន​ប៉ុណ្ណោះ​ឲ្យ​សោះ ប៉ុន្តែ​សូម​ជ្រើស​រើស​ដោយ​រស់​នៅ និង​បង្ហាញ​ឲ្យ​លោកីយ៍​ឃើញ​អំពី​ដំណឹង​ល្អ​ផង។

និពន្ធ​ដោយ៖ លោក​គ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោកស្រី ថាវ ប៊ុនរី

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដូចជាទ្រង់ដែរ

ការមានព្រះជន្មរស់ឡើងវិញ