យើងមានការព្រួយបារម្ភមិនគ្រាន់តែចំពោះអាកប្បកិរិយានៃតួនាទីរបស់បុរស និងស្ត្រី ប៉ុន្តែក៏ទៅលើលក្ខណៈមូលដ្ឋាននៃភាពជាបុរស និងភាពជាស្ត្រីផ្ទាល់ផងដែរ។ សេចក្ដីពិត និងការបញ្ជាក់យ៉ាងច្បាស់នៃព្រះគម្ពីរនៅក្នុងបញ្ហានេះ គឺមានសារៈសំខាន់ណាស់ ដោយសារតែកំហុស និងការយល់ច្រឡំទៅលើអត្តសញ្ញាណផ្លូវភេទបាននាំឲ្យគំរូនៃភាពជាអ្នកដឹកនាំរបស់ស្ត្រីមិនស្របតាមព្រះគម្ពីរនៅក្នុងក្រុមជំនុំ ដែលឆ្លុះបញ្ចាំង និងបង្កើនការយល់ច្រឡំទៅលើអត្ថន័យពិតនៃភាពជាបុរស និងភាពជាស្ត្រី។
អំណោយទានរបស់ព្រះជាម្ចាស់ចំពោះការបំពេញឲ្យគ្នាទៅវិញទៅមកនៃភាពជាបុរស និងភាពជាស្ត្រី គឺជាអ្វីដែលត្រូវបានលើកតម្កើងឡើងតាំងពីដើមដំបូង (លោកុប្បត្ដិ ២:២៣)។ វាមានតម្លៃលើសពីការស្មាន។ ប៉ុន្តែ សព្វថ្ងៃនេះ វាត្រូវបានឲ្យតម្លៃតិចតួច និងកំពុងតែត្រូវបានរលាយបាត់ពីសង្គមដ៏ទាន់សម័យខ្លាំងនេះ។ យើងជឿថា អ្វីដែលជាប់ពាក់ព័ន្ធទៅនឹងចំណងមេត្រីភាពផ្លូវភេទរបស់មនុស្ស គឺមានភាពស្មុគស្មាញនៅក្នុងជីវិត ដូចដែលព្រះជាម្ចាស់សព្វព្រះទ័យសម្រាប់ភាពបរិសុទ្ធសម្រាប់រាស្ត្រទ្រង់ និងសម្រាប់បេសកកម្មសង្គ្រោះរបស់ពួកគេទៅកាន់លោកីយ៍។
ព្រះគម្ពីរបង្រៀនថា មានតែបុរសប៉ុណ្ណោះគួរតែធ្វើជាគ្រូគង្វាល និងជាចាស់ទុំនៅក្រុមជំនុំ។ ដែលនោះគឺថា បុរសៗគួរតែកាន់ទំនួលខុសត្រូវចម្បងសម្រាប់ភាពជាអ្នកដឹកនាំ និងការបង្រៀនដូចជាព្រះគ្រីស្ទនៅក្នុងក្រុមជំនុំ។ ដូច្នេះ យើងជឿថា វាមិនស្របតាមព្រះគម្ពីរនោះទេ ហើយជាការជះឥទ្ធិពលប៉ះពាល់ដល់ស្ត្រីក្នុងការទទួលដើរតួនាទីនេះ។
មានកម្រិត និងប្រភេទនៃភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី ដែលជាញឹកញាប់ស្ត្រីអាចមានទំនួលខុសត្រូវបាន។ មានប្រភេទនៃការបង្រៀន ការចាត់ចែង ការបម្រើព័ន្ធកិច្ច ការមានឥទ្ធិពល និងការផ្ដើមគំនិត ដែលប្រពន្ធៗគួរតែទទួលរ៉ាប់រងនៅផ្ទះ និងស្ត្រីគួរតែរ៉ាប់រងនៅក្រុមជំនុំ។ ភាពដឹកនាំរបស់បុរសនៅផ្ទះ និងភាពជាចាស់ទុំរបស់បុរសនៅក្នុងក្រុមជំនុំមានន័យថា បុរសមានទំនួលខុសត្រូវលើគំរូនៃជីវិត សូម្បីតែភាពជាអ្នកនាំមុខមិនបានរៀបរាប់លម្អិតថា អ្នកណាធ្វើសកម្មភាពអ្វីឲ្យច្បាស់លាស់ក៏ដោយ។ ដូច្នេះ បន្ទាប់ពីការធ្លាក់ចុះរបស់មនុស្សជាតិ ព្រះជាម្ចាស់បានហៅលោក អ័ដាម មកទទួលខុសត្រូវជាមុន (លោកុប្បត្ដិ ៣:៩) មិនមែនដោយសារស្ត្រីមិនមានទំនួលខុសត្រូវចំពោះអំពើបាបនោះទេ ប៉ុន្តែដោយសារបុរសមានទំនួលខុសត្រូវចម្បងចំពោះជីវិតនៅក្នុងសួនច្បារ—រួមទាំងអំពើបាប។
អត្ថបទបង្ហាញយ៉ាងច្បាស់លាស់ទាក់ទងនឹងការដឹកនាំរបស់បុរសនៅក្នុងក្រុមជំនុំផ្ទាល់គឺ នៅកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១១-១៥; ១កូរិនថូស ១១:២-១៦; ១៤:៣៤-៣៦។ លើសជាងនេះទៅទៀត ទំនាក់ទំនងនៅក្នុងព្រះគម្ពីររវាងក្រុមគ្រួសារ និងក្រុមជំនុំបង្ហាញយ៉ាងច្បាស់ថា ភាពជាអ្នកដឹកនាំរបស់ស្វាមីនៅឯផ្ទះ សបញ្ជាក់ពីភាពជាអ្នកដឹកនាំចម្បងខាងឯវិញ្ញាណរបស់បុរសនៅក្នុងក្រុមជំនុំផងដែរ។
មតិយោបល់
Loading…