in

តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពិសេស​ម៉្លេះ?

លោក​គ្រូ តើ​អ្វី​ទៅ​ជា​អត្ថន័យ​សំខាន់ៗ​ទាក់ទង​នឹង​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់ ដែល​បាន​យាង​មក​ផែនដី​នេះ​ពី​ព្រះ​វរបិតា បាន​ប្រសូត​ពី​នាង​ក្រមុំ​ព្រហ្ម​ចារី បាន​មាន​ព្រះ​ជន្ម​រស់នៅ​ដោយ​គ្មាន​អំពើ​បាប និង​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ព្រម​ទាំង​បាន​ស្រឡាញ់​មនុស្ស​ម្នា គឺ​ជា​ព្រះ​ដែល​គេ​បាន​ឆ្កាង​ជំនួស​អំពើ​បាប​របស់​យើង ហើយ​នៅ​ថ្ងៃ​ទី៣—គឺ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នេះ ជា​ការ​ប្រារព្ធ​អបអរ​សាទរ​នៅ​ថ្ងៃ​អាទិត្យ​នោះ—ព្រះ​វរបិតា​ក៏​បាន​ប្រោស​ព្រះ​អង្គ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ហើយ​មិន​ឲ្យ​សុគត​ជា​ថ្មី​ម្ដង​ទៀត​ទេ។

ហើយ​ដូច​ដែល​លោក លូកា បាន​ប្រាប់​យើង បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​រួច​ស្រេច​អស់​ហើយ​ថា អស់​រយៈ​ពេល​៤០​ថ្ងៃ ព្រះ​យេស៊ូវ​បាន​ប្រទាន​នូវ​ភស្តុតាង​ជា​ច្រើន ដែល​មិន​អាច​ជា​ការ​ក្លែង​ក្លាយ​បាន ហើយ​សាវ័ក ប៉ុល ផ្ទាល់ (ដែល​បាន​ក្លាយ​ជា​សាវ័ក​ក្រោយ​គេ​បង្អស់) ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា មាន​មនុស្ស​៥០០​នាក់​ជាង​បាន​ឃើញ​ព្រះ​យេស៊ូវ​បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ក៏​នៅ​មាន​អ្នក​ខ្លះ​នៅ​រស់​ដែរ ប្រសិន​បើ​មាន​អ្នក​ចង់​ទៅ​និយាយ​សួរ​នាំ (១កូរិនថូស ១៥:៦)។ នេះ​គឺ​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​ដែល​ពួក​គាត់​មាន។

ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម​ផ្ទាល់។ ពួក​គាត់​បាន​ស្គាល់​ទ្រង់។ ពួក​គាត់​អាច​យក​ដៃ​ខ្លួន​ទៅ​ប៉ះ​របួស​របស់​ទ្រង់​បាន។ ព្រះ​អង្គ​បាន​សោយ​សាច់​ត្រី​នៅ​ពី​មុខ​ពួក​គាត់ ដើម្បី​បង្ហាញ​ថា​វិញ្ញាណ ឬ​ក៏​ខ្មោច​មិន​មាន​សាច់​ឈាម​ដូច​ដែល​ពួក​គាត់​បាន​ឃើញ​ថា​ទ្រង់​មាន​នោះ​ទេ (លូកា ២៤:៣៩)។ ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​លើស​ពី​សាច់​ឈាម​ផង​ដែរ ពីព្រោះ​ព្រះ​អង្គ​បាន​ទៅ ហើយ​និង​មក​តាម​តែ​ព្រះ​ហឫទ័យ​របស់​ទ្រង់ សូម្បី​តែ​ទ្វារ​ជាប់​សោ​ក៏​មិន​អាច​ឃាំង​ទ្រង់​បាន​ដែរ។ ហើយ​ក៏​មាន​ទិដ្ឋភាព​ថ្មី​ចម្លែក​អំពី​ព្រះ​កាយ​របស់​ទ្រង់​ដែរ។

ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ខាង​ស្ដាំ​ព្រះ​ហស្ត​របស់​ព្រះ​វរបិតា។ ព្រះ​អង្គ​គង់​នៅ​ឯ​បល្ល័ង្ក​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់។ ព្រះ​អង្គ​ទទូច​អង្វរ​ជំនួស​យើង​នៅ​ទី​នោះ ដោយ​អធិស្ឋាន​ជំនួស​រាស្ត្រ​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។ ព្រះ​អង្គ​កំពុង​តែ​សោយ​រាជ​រហូត​ទាល់​តែ​ទ្រង់​បាន​ដាក់​ខ្មាំង​សត្រូវ​របស់​ទ្រង់​ក្រោម​ព្រះ​បាទា​របស់​ទ្រង់។ កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​លើក​ឡើង​ថា ព្រះ​អង្គ​មាន​គ្រប់​អំណាច​នៅ​លើ​ផែនដី និង​ស្ថាន​សួគ៌ (ម៉ាថាយ ២៨:១៨)។ ព្រះ​អង្គ​នឹង​មិន​ដែល​សុគត​ជា​ម្ដង​ទៀត​ឡើយ។ ព្រះ​អង្គ​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ទ្រង់។

ហេតុ​អ្វី​បាន​ជា​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​សំខាន់​ម៉្លេះ?

ជា​ការ​ចាប់​ផ្ដើម ពីព្រោះ​នោះ​ជា​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​មែន។ ដូច្នេះ សំណួរ​សួរ​ថា៖ តើ​អ្វី​ទៅ​ជា​ការ​អនុវត្ត​សម្រាប់​យើង ទាក់ទង​នឹង​អំណះអំណាង​ដ៏​ភ្ញាក់​ផ្អើល​នេះ និង​ចំណុច​ពិត​នៃ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

ការ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មាន​ន័យ​ថា អំពើ​បាប​របស់​ខ្ញុំ​បាន​ទទួល​ការ​អត់​ទោស។ សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:១៧ ថា​ប្រសិន​បើ​ព្រះ​គ្រីស្ទ​មិន​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ នោះ​មាន​ន័យ​ថា យើង​នៅ​ជាប់​ក្នុង​អំពើ​បាប​របស់​យើង​នៅ​ឡើយ។ ដែល​នេះ​បង្ហាញ​ថា ប្រសិន​បើ​ព្រះ​អង្គ​ពិត​ជា​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន នោះ​បញ្ហា​នៃ​អំពើ​បាប​របស់​យើង​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ។ ហើយ​វា​ដូច្នោះ​មែន ពីព្រោះ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បង្ហាញ​ថា​គ្មាន​ទោស ទាក់ទង​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​សុក្រ​ដ៏​ល្អ ដែល​សំដៅ​ទៅ​លើ​ការ​សុគត​របស់​ទ្រង់។ ការ​សុគត​របស់​ទ្រង់​ពិត​ជា​បាន​គ្រប​បាំង​អំពើ​បាប​របស់​រាស្ត្រ​ទ្រង់​មែន។ កាល​នោះ​ពិត​ជា​បាន​ប្រទាល​នូវ​សេចក្ដី​សុចរិត​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​យើង​មែន។

ដូច​ដែល​បាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៤:២៥ «ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ»—ដែល​នេះ​សំដៅ​ទៅ​លើ​ឈើ​ឆ្កាង—«ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត» ដែល​នេះ​មាន​ន័យ​ថា ដូច​ដែល​អំពើ​បាប​របស់​យើង​បាន​នាំ​ទ្រង់​ទៅ​កាន់​ឈើ​ឆ្កាង នោះ​កិច្ចការ​ដែល​ទ្រង់​បាន​សម្រេច ដើម្បី​ដោះ​ស្រាយ​អំពើ​បាប​របស់​យើង បាន​នាំ​ឲ្យ​ទ្រង់​ចេញ​ពី​ផ្នូរ​វិញ។ ហាក់​បី​ដូច​ជា​ថា​ព្រះ​អង្គ​បាន​ទត​មើល ហើយ​មាន​បន្ទូល​ថា «កិច្ចការ​នៃ​បុត្រា​របស់​អញ​គឺ​ល្អ​ឥត​ខ្ចោះ។ បុត្រា​របស់​អញ​នឹង​មិន​បន្ត​នៅ​ក្នុង​ផ្នូរ​ទៀត​ទេ»។ ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ដើម្បី​បង្ហាញ​ថា​លែង​មាន​ទោស​ទៀត ទាក់ទង​នឹង​អ្វី​ដែល​ទ្រង់​បាន​សម្រេច​ទាំង​អស់​សម្រាប់​យើង។

ដូច្នេះ ជា​ការ​អនុវត្ត ចំណុច​មួយ​ដែល​លោក​អ្នក​អាច​លើក​ឡើង​អំពី​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ថា​រៀង​រាល់​ថ្ងៃ៖ សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​មក​កាន់​ខ្ញុំ គឺ​ដើម្បី​ជួយ​ខ្ញុំ​ក្នុង​រាល់​គ្រប់​នាទី​នៃ​ជីវិត​របស់​ខ្ញុំ មាន​ការ​ធានា​តាមរយៈ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​សារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បង្ហាញ​ថា​ឈើ​ឆ្កាង​គ្មាន​ទោស​ទៀត​ទេ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ទិញ​សេចក្ដី​សន្យា​នោះ​សម្រាប់​ខ្ញុំ។

ដោយ​សារ​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ កណ្ឌ​គម្ពីរ ភីលីព ៣:២០-២១ បាន​លើក​ឡើង​ដោយ​ថា ព្រះ​យេស៊ូវ​នឹង​ប្រទាន​មក​កាន់​ខ្ញុំ​នូវ​រូប​កាយ​ដូច​ជា​ព្រះ​កាយ​ដែល​ព្រះ​អង្គ​បាន​មាន បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ នៅ​ពេល​ដែល​ខ្ញុំ​ស្លាប់ ហើយ​ព្រះ​អង្គ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ពេល​ដែល​ទ្រង់​យាង​មក​ជា​លើក​ទី២ នោះ​ព្រះ​គ្រីស្ទ​នឹង​ប្រទាន​មក​កាន់​ខ្ញុំ​នូវ​រូប​កាយ​ដូច​ជា​ព្រះ​កាយ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដែរ។ ដូច្នេះ ព្រះ​កាយ​ដែល​ព្រះ​យេស៊ូវ​មាន បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​រូប​កាយ​ដំបូង ជា​ផល​ផ្លែ​ដំបូង និង​ជា​ប្រភេទ​នៃ​រូប​កាយ​ដែល​រាស្ត្រ​របស់​ទ្រង់​ទាំង​អស់​នឹង​ទទួល​បាន។

ហើយ​បន្ទាប់​មក​ទៀត ហាក់​បី​ដូច​ជា​ថា​ចំណុច​នោះ​មិន​អស្ចារ្យ​ល្អ​ល្មម​គ្រប់​គ្រាន់ នោះ​កណ្ឌ​គម្ពីរ រ៉ូម ៨:២១ ក៏​បាន​បន្ត​ចែង​ទៀត​ថា នៅ​ពេល​ដែល «សេរី​ភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ» ឈាន​មក​ដល់ ហើយ​ពួក​គាត់​ទទួល​បាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ពី​ស្លាប់ ហើយ​ទទួល​បាន​រូប​កាយ​ដែល​ពេញ​ដោយ​សិរី​ល្អ នោះ​ក៏​នឹង​មាន​ការ​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី​ដែល​សម​រម្យ​សម្រាប់​ជា​កន្លែង​លេង​មួយ​សម្រាប់​យើង ដែល​ទទួល​បាន​រូប​កាយ​ថ្មី ដែល​នឹង​មិន​ប្រព្រឹត្ត​អំពើ​បាប​ទៀត ដែល​នឹង​មិន​ចេះ​ឈឺ​ទៀត ហើយ​គ្រប់​ទឹក​ភ្នែក​ក៏​នឹង​ត្រូវ​បាន​ជូត​ចេញ​ដែរ។

ចំណុច​អនុវត្ត​ទាក់ទង​នឹង​ថ្ងៃ​ដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ពិត​ជា​អស្ចារ្យ​មែន។ ចំណុច​អនុវត្ត​នោះ​មាន​តម្លៃ​ផ្ទាល់ ទាក់ទង​នឹង​ជីវិត​រស់នៅ​ជា​ប្រចាំ​ថ្ងៃ នៅ​ពេល​ដែល​យើង​មាន​ការ​លំបាក ហើយ​ក៏​មាន​តម្លៃ​សម្រាប់​ពិភព​លោក​ទាំង​មូល​ផង​ដែរ សូម្បី​តែ​សម្រាប់​ចក្រវាល​ទាំង​មូល​ក៏​មាន​តម្លៃ ពីព្រោះ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ធានា​ថា អ្វីៗ​ទាំង​អស់​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ជា​ថ្មី។

ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ចំណុច​ពឹង​ផ្អែក​លើ​ទាំង​ស្រុង

ដូច្នេះ គ្រប់​អ្វីៗ​ទាំង​អស់​គឺ​សុទ្ធ​តែ​ពឹង​ផ្អែក​លើ​ចំណុច​ពិត​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

នេះ​ហើយ​ជា​មូល​ហេតុ​នៃ​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:១៧ និង​អ្វី​ដែល​មាន​ជា​បន្ត​បន្ទាប់។ ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​មិន​បាន​ប្រោស​ព្រះ​គ្រីស្ទ​ឲ្យ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​ដំណឹង​ល្អ​របស់​យើង​គឺ​ជា​ការ​ឥត​អំពើ ជំនឿ​របស់​យើង​គឺ​ជា​ការ​ឥត​អំពើ ដែល​នេះ​មាន​ន័យ​ថា យើង​កំពុង​តែ​ប្រកាស​ដំណឹង​ក្លែង​ក្លាយ។ បើ​ដូច្នោះ​មែន នោះ​យើង​គួរ​តែ​ស៊ីផឹក ហើយ​អរ​សប្បាយ​ចុះ ដ្បិត​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់។ សាវ័ក ប៉ុល ដាក់​ការ​ទុកចិត្ត​ទាំង​ស្រុង​របស់​គាត់​លើ​ចំណុច​នោះ។ ប្រសិន​បើ​ព្រឹត្តិការណ៍​នោះ​មិន​បាន​កើត​ឡើង ខាង​ឯ​សាច់​ឈាម​ជា​អចិន្ត្រៃយ៍​មែន នោះ​ជំនឿ​គ្រីស្ទ​បរិស័ទ​គឺ​ជា​ការ​បំផ្លើស។ ហើយ​អ្វី​ដែល​យើង​នៅ​អាច​ធ្វើ​បាន​នោះ​គឺ ឈប់​ធ្វើ​ការ ហើយ​ស៊ី​ផឹក​រហូត​ដល់​ថ្ងៃ​ស្លាប់​ចុះ។

អ្វី​ដែល​យើង​ប្រារព្ធ​នៅ​ថ្ងៃ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី ឡូញ ស្រីរ័ត្ន, លោក សឹម រក្សា និង​ លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

“កុំ​ធ្វើ​វា​អី!!” ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​​ក្រុម​ជំនុំ

ខ្ញុំ​មិន​ដែល​អាន​ព្រះ​គម្ពីរ​ទេ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅ​ត្រង់​ណា?