in

ជីវប្រវត្តិ​នៃ​ជីដូន​របស់​ព្រះ​យេស៊ូវ

ទេវវិទូ​នៃ​សាស្ត្រ​យូដា​មួយ​ចំនួន​បាន​លើក​ឡើង​ថា នៅ​ពេល​ព្រឹក​មនុស្ស​ប្រុស​ដែល​ជា​សាសន៍​យូដា​តែង​តែ​អធិស្ឋាន​អរ​ព្រះ​គុណ​ព្រះ​អង្គ​ថា «ទូល​បង្គំ​អរ​ព្រះ​គុណ​ព្រះ​អង្គ​ដែល​ទូល​បង្គំ​មិន​បាន​កើត​មក​ជា​មនុស្ស​ស្រី និង​ជា​សាស្ត្រ​ដទៃ»។

ប៉ុន្តែ តើ​បង​ប្អូន​ធ្លាប់​ងឿង​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​សាវ័ក ម៉ាថាយ (១:១-១៧) បាន​សរសេរ​បញ្ចូល​ឈ្មោះ​ស្ត្រី​ប្រាំ​នាក់​នៅ​ក្នុង​បញ្ជី​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ​ដែរ​ឬ​ទេ? គាត់​បាន​ធ្វើ​បែប​នោះ ដើម្បី​បង្ហាញ​ថា ព្រះ​អង្គ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ ដោយ​ប្រើ​ប្រាស់​មនុស្ស​គ្រប់​គ្នា ក្នុង​គ្រប់​កាលៈទេសៈ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​ដូច្នេះ?

នៅ​ក្នុង​សម័យ​បុរាណ ការ​រាយ​ឈ្មោះ​ស្ត្រី​ក្នុង​បញ្ជី​ពង្សាវតារ​គឺ​មិន​ត្រឹម​តែ​ជា​រឿង​មិន​ធម្មតា​ប៉ុណ្ណោះ​នោះ​ទេ។ ប៉ុន្តែ​តាម​ការ​សង្កេត​មើល​ក្នុង​បញ្ជី​មួយ​នេះ យើង​ឃើញ​ថា​ស្ត្រី៥​នាក់ បើ​មើល​ទៅ​ពួក​គាត់​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​ប្រវត្តិ​មិនល្អ លើក​លែង​នាង ម៉ារា។ តើ​ស្ត្រី​ទាំង​ប្រាំ​នាក់​នេះ​នឹង​បង្រៀន​យើង​អ្វី​ខ្លះ?

១. នាង តាម៉ារ

ក្នុង​ខ៣ យើង​ឃើញ​អំពី​នាង តាម៉ារ (ខ៣ «យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស និង​សេរ៉ាស…») ហើយ​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៣៨ យើង​អាច​អាន​អំពី​ដំណើរ​រឿង​នៃ​ជីវិត​របស់​នាង​យ៉ាង​លម្អិត​ថែម​ទៀត​បាន។ តែ​បើ​យើង​និយាយ​សង្ខេប​ទៅ​យើង​ឃើញ​ថា​លោក យូដា មិន​បាន​ឲ្យ​កូន​ប្រុស​គាត់​ឈ្មោះ សេឡា ទៅ​កាន់​នាង តាម៉ារ បន្ទាប់​ពី​ព្រះ​បាន​ប្រហារ​លោក អ៊ើរ និង​លោក អូណាន់៖ «…ជា​មនុស្ស​កាច​អាក្រក់​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រហារ​គាត់​ទៅ» (លោកុប្បត្ដិ ៣៨:៧)។

ក្រោយ​មក ខណៈ​ពេល​ដែល​នាង តាម៉ារ បា​ន​ឮ​ដំណឹង​ថា ឪពុក​ក្មេក​របស់​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាត់​រោម​ចៀម នាង​ក៏​បាន​ដោះ​សំលៀក​បំពាក់​កាន់​ទុក្ខ​ចេញ «រួច​ក៏​យក​ស្បៃ​មក​គ្រលុំ​ខ្លួន​បាំង​មុខ ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម​តាម​ផ្លូវ​ទៅ​ឯ​ធីមណា» (លោកុប្បត្ដិ ៣៨:១៤)។ ហើយ​កាល​លោក យូដា ឃើញ​នាង លោក​ក៏​ស្មាន​ថា នាង​ជា​ស្រី​សំផឹង ដូច្នេះ​លោក​ក៏​សុំ​ដេក​ជា​មួយ​នាង​ភ្លាម ហើយ​ចេញ​ពី​ការ​នោះ នាង​ក៏​មាន​ផ្ទៃ​ពោះ បាន​បង្កើត​កូន​ភ្លោះ​ប្រុស​ពីរ​នាក់ ដាក់​ឈ្មោះ​ថា ពេរេស និង​សេរ៉ាស។

យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​នៅ​តែ​ធ្វើ​ការ ហើយ​ប្រើ​ប្រាស់​ដំណើរ​រឿង​មួយ​នេះ ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់ ទោះ​បើ​មាន​ការ​បោក​បញ្ឆោត​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​កុហក​គ្នា​ក៏​ដោយ។ ព្រះ​អង្គ​នៅ​តែ​បន្ត​គ្រប់​គ្រង​ដោយ​ប្រើ​ប្រាស់​គាត់ ដើម្បី​ឲ្យ​ព្រះ​យេស៊ូវ​បាន​ប្រសូត។

២. នាង រ៉ាហាប

ស្ត្រី​ទី២​ដែល​យើង​ឃើញ​នៅ​ក្នុង​បញ្ជី​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ​គឺ​នាង រ៉ាហាប (ក្នុង​ខ៥ «សាលម៉ូន​យក​នាង​រ៉ាហាប បង្កើត​បាន​បូអូស‍…»)។ យោង​តាម​កណ្ឌ​គម្ពីរ​យ៉ូស្វេ​ជំពូក២ និង៦ យើង​ឃើញ​ថា​នាង រ៉ាហាប គឺ​ជា​ស្រី​សំផឹង​ម្នាក់​ដែរ តាម​មុខ​របរ (ការ​រក​ស៊ី​របស់​គាត់​គឺ​លក់​ខ្លួន) ប៉ុន្តែ ព្រះ​អង្គ​នៅ​តែ​មិន​រារាំង​កាលៈទេសៈ​នោះ ក្នុង​ការ​ប្រើ​ប្រាស់​នាង​ជា ជីដូន​របស់​ព្រះ​យេស៊ូវ​ដែរ។

៣. នាង រស់

ក្នុង​ខ៥​ដដែល​នៃ​ជំពូក១ យើង​ឃើញ​ឈ្មោះ​នាង រស់ («…បូអូស‍​យក​នាង​រស់ បង្កើត​បាន​អូបិឌ‍…»)។ នាង រស់ កើត​ចេញ​ពី​ពូជ​សាសន៍​ម៉ូអាប់។ កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក១៩​បាន​រៀប​រាប់​អំពី​ប្រវត្តិ​នៃ​ដើម​ចម​នៃ​ជាតិ​សាសន៍​ម៉ូអាប់ ដែល​កើត​មក​តាម រយៈ​កូន​ស្រី​លោក ឡុត ដែល​បាន​បង្អក​ស្រា​ឪពុក​ខ្លួន រហូត​ដល់​ស្រវឹង ហើយ​ក៏​បាន​រួម​ដំណេក​ជា​មួយ​នឹង​គាត់ ហើយ​ក៏​មាន​កូន​ដែល​ជា​ជាតិ​សាសន៍​ម៉ូអាប់​មក។

យោង​តាម​កណ្ឌ​គម្ពីរ ចោទិយកថា ២៣:៣ សាសន៍​ម៉ូអាប់​មិន​អាច​ចូល​ព្រះ​វិហារ​បាន​រហូត​ដល់១០​ដំណ​ក្រោយ​មក ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​ជាម្ចាស់​នៅ​តែ​រាប់​បញ្ចូល​ទាំង​សាសន៍​បែប​នេះ​ចូល​ក្នុង​ពង្សាវតារ​របស់​ព្រះ​រាជ​បុត្រា​ទ្រង់​ដែរ។ បង​ប្អូន យើង​ទាំង​អស់​គ្នា​ក៏​មិន​មែន​កើត​ពី​សាសន៍​យូដា​ដែរ ប៉ុន្តែ​ព្រះ​អង្គ​នៅ​តែ​ជ្រើស​រើស​រាប់​យើង​បញ្ចូល​ក្នុង​គ្រួសារ​ទ្រង់។

៤. «ប្រពន្ធ​របស់​អ៊ូរី»

ហើយ​ចំណែក​ឯ «ប្រពន្ធ​របស់​អ៊ូរី» ក្នុង​ខ៦ ស្ដេច ដាវីឌ បាន​យក​នាងក៏​បង្កើត​បាន​លោក សាឡូម៉ូន។ ជា​ជាង​ប្រើ​ឈ្មោះ​នាង បាតសេបា សាវ័ក ម៉ាថាយ បាន​ប្រើ​ឃ្លា «ប្រពន្ធ​របស់​អ៊ូរី» ដើម្បី​ស​បញ្ជាក់​ដោយ​បើក​អាក្រាត​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​បាប​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ស្ដេច ដាវីឌ ដែល​ជា​ដំបូង​ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដោយ​យក​ប្រពន្ធ​របស់​អ្នក​ដទៃ ហើយ​ក៏​បាន​ធ្វើ​ជា​តួ​សម្លាប់​ប្ដី​របស់​ស្ត្រី​នោះ​ផង​ដែរ។

បើ​យើង​និយាយ​ឲ្យ​ខ្លី​ទៅ ស្ត្រី​ទាំង​នោះ​ហាក់​បី​ដូច​ជា​សុទ្ធ​តែ​មាន​រឿង​អាស្រូវ​ខាង​ឯ​ផ្លូវ​ភេទ ដែល​រួម​ទាំង​នាង ម៉ារា ដែល​មាន​កូន​ក្នុង​ផ្ទៃ ខណៈ​ពេល​ដែល​ទើប​តែ​ភ្ជាប់​ពាក្យ​នៅ​ឡើយ។

៥. នាង ម៉ារា

ប៉ុន្តែ យើង​ដឹង​ហើយ​ថា​នាង ម៉ារា បាន​មាន​ផ្ទៃ​ពោះ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាប់​បដិសន្ធិ​លើ​នាង។ យោង​តាម​ខ១៦ យើង​ឃើញ​ថា​នាង ម៉ារា មិន​មាន​រឿង​អាស្រូវ​ខាង​ឯ​ផ្លូវ​ភេទ​ទេ ពីព្រោះ​សាវ័ក ម៉ាថាយ បាន​ពណ៌នា​អំពី​លោក យ៉ូសែប ថា៖ «ជា​ប្ដី​នាង ម៉ារា» ជា​ជាង​ថា​ជា​ឪពុក​របស់​ព្រះ​យេស៊ូវ ឬ​ក៏​ថា​តាម​រយៈ​គាត់ នោះ​នាង ម៉ារា បាន​បង្កើត​ព្រះ​យេស៊ូវ​នោះ​ឡើយ។

តាម​ពិត​ទៅ​កិរិយាសព្ទ​ដែល​សាវ័ក ម៉ាថាយ បាន​ប្រើ​ប្រាស់​គឺ​ជា​កិរិយាសព្ទ​អ​សកម្ម ទាក់​ទង​លើ​ពាក្យ «បង្កើត» ដែល​នេះ​មាន​ន័យ​ថា​លោក យ៉ូសែប គ្មាន​ចំណែក​ក្នុង​ការ​បង្ក​បង្កើត​ព្រះ​យេស៊ូវ​ក្នុង​ផ្ទៃ​នាង ម៉ារា ទេ។

លើស​ពី​នោះ​ទៅ​ទៀត​កណ្ឌ​គម្ពីរ ម៉ាថាយ ១:២៥ ក៏​បាន​ចែង​ថា​លោក យ៉ូសែប «…មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចម្បង​មក» សិន។ ដូច​ដែល​មាន​រៀប​រាប់​នៅ​ខាង​លើ ស្ត្រី​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​រឿង​អាស្រូវ ហើយ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​បាប ឬ​ក៏​ថា​ជីដូន​ជីតា​របស់​ពួក​គាត់​សុទ្ធ​តែ​មាន​ប្រវត្តិ​អតីត ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ខ្លាំង​ក្លា ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ព្រះ​ជាម្ចាស់​នៅ​តែ​ជ្រើស​រើស​ប្រើ​ប្រាស់​កាលៈទេសៈ​នៃ​ជីវិត​របស់​ពួក​គាត់ ក្នុង​ការ​បំពេញ​ផែនការ​របស់​ទ្រង់​ដែរ។ ព្រះ​អង្គ​នៅ​តែ​ជា​តួ​អង្គ​ដែល​គ្រប់​គ្រង​លើ​ដំណើរ​រឿង​ទាំង​អស់​នេះ។

យើង​ទាំង​អស់​គ្នា​ក៏​សុទ្ធ​តែ​មាន​រឿង​អាស្រូវ​ក្នុង​ជីវិត​ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ៤:៧ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា​យើង​ជា «ភាជនៈ​ដី» ដែល​នេះ​មាន​ន័យ​ថា យើង​ងាយ ក៏​ដូច​ជា​ធ្លាប់​បាក់​បែក ប៉ុន្តែ​ព្រះ​អង្គ​នៅ​តែ​ជ្រើស​រើស​សង្គ្រោះ​យើង និង​នៅ​តែ​ប្រើ​ប្រាស់​យើង។

សាវ័ក ប៉ុល បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ២:១-១០ ថា​ពី​ដើម​យើង​ស្លាប់ ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ​អង្គ ប៉ុន្តែ​ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង​ជា​ខ្លាំង ដូច្នេះ​ទ្រង់​ក៏​បាន​សង្គ្រោះ​យើង​ដោយ​ព្រះ​គុណ​តាម​រយៈ​ជំនឿ (យ៉ូហាន ៣:១៦)។

បង​ប្អូន ខ្ញុំ​មិន​ដឹង​ថា សព្វ​ថ្ងៃ​នេះ​បង​ប្អូន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នៃ​ជីវិត​យ៉ាង​ដូច​ម្ដេច​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់​បង​ប្អូន​ថា​ព្រះ​អង្គ​ជ្រាប ហើយ​ព្រះ​អង្គ​ក៏​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​យើង​ទាំង​អស់​គ្នា ដើម្បី​សម្រេច​នូវ​ផែនការ​មួយ​ដ៏​ធំ​ដែល​យើង​មិន​អាច​ទាំង​ដឹង​បាន​ផង សម្រាប់​សិរី​ល្អ​របស់​ទ្រង់។ ដូច្នេះ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​បន្ត​នៅ​ទុក​ចិត្ត​លើ​ព្រះ​អង្គ មិន​ថា​បង​ប្អូន​កំពុង​តែ​ជួប​ស្ថានភាព​ដ៏​លំបាក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ព្រះ​អង្គ​បាន​ប្រើ​ប្រាស់​សូម្បី​តែ​ស្រី​សំផិង និង​អ្នក​សម្លាប់​គេ ដើម្បី​នឹង​សម្រេច​ផែនការ​របស់​ទ្រង់។

សរុប​សេចក្ដី​ទៅ យើង​ឃើញ​ថា​សាវ័ក ម៉ាថាយ បាន​និពន្ធ​កណ្ឌ​ដំណឹង​ល្អ​របស់​គាត់​ក្នុង​ជំពូក១ ខ១-១៧ ដើម្បី​បញ្ជាក់​ថា ព្រះ​ជាម្ចាស់​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ ដោយ​ប្រើ​ប្រាស់​មនុស្ស​គ្រប់​គ្នា ក្នុង​គ្រប់​កាលៈទេសៈ។

មិន​ថា​យើង​កំពុង​តែ​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ជីវិត​យើង​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​អាច​នៅ​ទុក​ចិត្ត​បាន​ផង​ដែរ​ថា ព្រះ​ជាម្ចាស់​នៅ​កំពុង​តែ​ធ្វើ​ការ ព្រះ​អង្គ​នឹង​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់ ក៏​ដូច​ជា​នឹង​បន្ត​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​យើង។

«ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ​អង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ» វិញ (ភីលីព ១:៦)។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្ទើរ​តែ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ហេតុ​ផល​បួន​យ៉ាង​ត្រូវ​ពិចារណា​មើល​​ខ្លួន​ឯង

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ល្អ​ប្រសើរ​ដោយ​របៀប​ណា? (ភាគ២)