ចាប់តាំងពីកំណើតពិភពលោករហូតមកដល់ឥឡូវយើងឃើញថា ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ ដោយបង្កើត បន្ត និងបំពេញសេចក្តីតាំងសញ្ញា។…

ចាប់តាំងពីកំណើតពិភពលោករហូតមកដល់ឥឡូវយើងឃើញថា ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ ដោយបង្កើត បន្ត និងបំពេញសេចក្តីតាំងសញ្ញា។ យើងនឹងមើលជាមួយគ្នាអំពីការដែលសាវ័ក ម៉ាថាយ បានប្រើប្រាស់កណ្ឌគម្ពីររបស់គាត់ ដើម្បីបង្ហាញការនេះ។
ពាក្យ «ព្រះគ្រីស្ទ» ក្នុងភាសាក្រិកស្មើគ្នានឹងពាក្យ «ព្រះមេស្ស៊ី» ក្នុងភាសាហេព្រើរ ដែលមានន័យថា «អង្គជ្រើសតាំង»។ តើអ្វីទៅជាមុខងាររបស់ព្រះគ្រីស្ទ ឬក៏អង្គជ្រើសតាំង? មុខងារគឺដើម្បីបំពេញ បន្តសេចក្ដីតាំងសញ្ញា និងបង្កើតសេចក្ដីតាំងសញ្ញាថ្មី។ តើព្រះគ្រីស្ទបានបំពេញសេចក្ដីតាំងសញ្ញាដូចម្ដេចខ្លះ?
បើយើងសង្ខេបព្រះគម្ពីរសញ្ញាចាស់ទាំងមូល ទាក់ទងទៅនឹងប្រធានបទនៃអង្គជ្រើសតាំង នោះយើងអាចលើកឡើងដូចតទៅ៖ ព្រះគ្រីស្ទមានតួនាទីក្នុងការបំពេញសេចក្ដីតាំងសញ្ញាជាហោរា ជាសង្ឃ និងជាស្ដេច។
ជាដំបូងយើងត្រូវកត់សម្គាល់អំពីចំណុចត្រង់ថា សាវ័ក ម៉ាថាយ (១:១-១៧) បានបែងចែកកណ្ឌគម្ពីររបស់គាត់ជាបីវគ្គ ដែលវគ្គនីមួយៗមាន១៤ជំនាន់។ ខ១៧បានសង្ខេបខ២-១៦ និងបញ្ចប់ខ១នៃជំពូក១។ ខ១ និងខ១៧បានផ្ដើម និងបញ្ចប់ដោយព្រះគ្រីស្ទ ព្រះបាទ ដាវីឌ និងលោក អ័ប្រាហាំ ដែលយើងអាចសង្ខេបដូចតទៅថា៖
ខ២-៦បានរៀបរាប់ចាប់តាំងពីជំនាន់លោក អ័ប្រាហាំ ដល់ព្រះបាទ ដាវីឌ
ខ៧-១២បានរៀបរាប់ចាប់តាំងពីព្រះបាទ ដាវីឌ ដល់គ្រានិរទេស
ខ១៣-១៦បានរៀបរាប់ចាប់តាំងពីគ្រានិរទេសដល់គ្រាព្រះគ្រីស្ទ
វគ្គទី១ និងវគ្គទី២នៃ១៤ជំនាន់ដំបូងក្នុងខ២-៦ និងខ៧-១២មានរយៈពេល ១១៥០ ឆ្នាំបានកន្លងផុតទៅ។ ហើយសាវ័ក ម៉ាថាយ បានដកស្រង់ឈ្មោះចេញពីកណ្ឌគម្ពីរ ១របាក្សក្សត្យ ១:២៨, ៣៤; ២:១-១៥; ៣:១០-១៥ និងកណ្ឌគម្ពីរនាងរស់ ៤:១៨-២២។ វគ្គទី២នៃ១៤ជំនាន់ក្នុងខ៧-១២ មានរយៈពេល ៤០០ ឆ្នាំបានកន្លងផុតទៅ។ សាវ័ក ម៉ាថាយ បានដកស្រង់ឈ្មោះចេញពីកណ្ឌគម្ពីរ ១របាក្សត្រ ៣:១០-១៥។ ក្នុងវគ្គទី៣នៃ១៤ជំនាន់ពីគ្រានិរទេសដល់គ្រាព្រះគ្រីស្ទក្នុងខ១៣-១៦ យើងឃើញថាមានរយៈពេល ៦០០ ឆ្នាំបានកន្លងផុតទៅ ហើយសាវ័ក ម៉ាថាយ បានដកស្រង់ឈ្មោះទាំងនោះចេញពីកណ្ឌគម្ពីរ ១របាក្សក្រ ៣:១៥-១៦ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ២ពង្សាវតារក្សត្រ ២៤-២៥; យេរេមា ២២; ២៩; ៣៩-៤៣; ៥២; កណ្ឌគម្ពីរ ដានីយ៉ែល ទាំងមូល; អេសេគាល ១៧ និងកណ្ឌគម្ពីរ ២របាក្សក្សក្រ ៣៦)។
តើសាវ័ក ម៉ាថាយ បានលើកឡើងអំពីការដែលព្រះអង្គគ្រប់គ្រងតាមរយៈការរក្សាសេចក្តីតាំងសញ្ញារបស់ទ្រង់ក្នុងរបៀបណា ឬក៏តាមបុគ្គលណា?
លោក អ័ប្រាហាំ (ខ១-២)
តើសេចក្តីតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹងលោក អ័ប្រាហាំ បានបញ្ជាក់អំពីអ្វីខ្លះ? កណ្ឌគម្ពីរ លោកុប្បត្ដិ ១២:២ មានចែងដូចតទៅ៖ «យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ» (សូមអានបន្ថែម៖ លោកុប្បត្ដិ ១៥; ១៨; ២២; ២៥។ល។)។ យើងអាចសង្ខេបថា ខគម្ពីរនេះបានបង្ហាញអំពីការបង្កើតសេចក្តីតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹងលោក អ័ប្រាហាំ ដែលមានរួម៖ ពូជពង្ស ព្រះពរ និងព្រំដែនទឹកដី។
ប៉ុន្តែ យើងដឹងហើយថាលោក អ័ប្រាហាំ មិនបានបំពេញសេចក្តីថាសញ្ញានេះទេ។ ហេតុដូច្នេះហើយបានជាយើងត្រូវការមានបុគ្គលម្នាក់ទៀត ដែលអាចបំពេញ និងបន្តសេចក្តីតាំងសញ្ញាបាន។
វគ្គទី២នៃ១៤ជំនាន់ក្នុងខ៧-១២ក៏បង្ហាញយើងអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ក្នុងការព្រះអង្គមិនគ្រាន់តែបង្កើតសេចក្ដីតាំងសញ្ញាជាមួយលោក អ័ប្រាហាំ ប៉ុណ្ណោះនោះទេ ប៉ុន្តែទ្រង់ក៏បានបន្តធ្វើសេចក្តីតាំងសញ្ញាមួយទៀតជាមួយនឹងស្ដេច ដាវីឌ ផងដង។
ស្ដេច ដាវីឌ (ខ១, ៦)
តាមរយៈឈ្មោះរបស់ ស្ដេច «ដាវីឌ» ក្នុងខ១ យើងដឹងថា ព្រះជាម្ចាស់ក៏បានបន្តធ្វើសេចក្តីតាំងសញ្ញាជាមួយស្ដេច ដាវីឌ។ វគ្គទី២នៃ១៤ជំនាន់ក្នុងខ៧-១២ មានរយៈពេល ៤០០ ឆ្នាំ។ ហើយសាវ័ក ម៉ាថាយ បានដកស្រង់ឈ្មោះចេញពីកណ្ឌគម្ពីរ ១របាក្សត្រ ៣:១០-១៥។ លោកអ្នកក៏អាចអានបន្ថែមទៀតនៅក្នុងកណ្ឌគម្ពីរ ១&២សាំយូអែល; ១&២ពង្សាវតារក្សត្រ; ១&២របាក្សត្រ; អេសាយ; អេសេគាល ដែលមានរៀបរាប់ទាក់ទងទៅនឹងស្ដេចនានា។
តើសេចក្តីតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹងស្ដេច ដាវីឌ មានអ្វីខ្លះ? កណ្ឌគម្ពីរ ២សាំយ៉ូអែល ៧:៥-១៦ បានរៀបរាប់អំពីការដែលព្រះជាម្ចាស់ធ្វើការតាំងសេចក្ដីសញ្ញាជាមួយនឹងស្ដេច ដាវីឌ ហើយអ្នកនិពន្ធបានសរសេរដូចតទៅថា៖ «…នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ» (៧:១៦)។ សេចក្ដីតាំងសញ្ញាមួយនេះដែលព្រះជាម្ចាស់បានបន្តធ្វើជាមួយនឹងស្ដេច ដាវីឌ មានរួមដូចតទៅ៖ ពូជពង្ស ព្រះពរ ព្រំដែនទឹកដី និងព្រះបាទស្ដេច [ណាអង្គមួយ] ដែលនឹងនៅអស់កល្បជានិច្ច។
ប៉ុន្តែ យើងដឹងហើយថាស្ដេច ដាវីឌ ក៏បានបរាជ័យក្នុងការបំពេញសេចក្ដីតាំងសញ្ញាដែលព្រះជាម្ចាស់បានធ្វើទៅកាន់លោក អ័ប្រាហាំ ហើយស្ដេច ដាវីឌ ក៏បានបរាជ័យក្នុងនាមជាអង្គដែលព្រះជាម្ចាស់បានបន្តសេចក្ដីតាំងសញ្ញាជាមួយផងដែរ។ ហេតុដូច្នេះហើយបានជាយើងត្រូវការមានស្ដេចមួយអង្គផ្សេងទៀតដែលនឹងអាចបំពេញ បន្ត ក៏ដូចជាបង្កើតសេចក្ដីតាំងសញ្ញាថ្មីណាមួយទៀតជាមួយនឹងព្រះជាម្ចាស់។
ហើយនេះឯងគឺជាមូលហេតុចម្បងដែលសាវ័ក ម៉ាថាយ បាននិពន្ធកាន់គម្ពីរដំណឹងល្អរបស់គាត់ ដើម្បីឲ្យយើងឃើញអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីឲ្យយើងឱបក្រសោបព្រះយេស៊ូវជាស្ដេចនៃជីវិតរបស់យើង។
គ្រានិរទេស
នៅក្នុងគ្រានិរទេស យើងក៏ឃើញអំពីការដែលព្រះអង្គ មិនគ្រាន់តែនៅរក្សាសេចក្តីតាំងសញ្ញារបស់ទ្រង់ជាមួយនឹងលោក អ័ប្រាហាំ និងស្ដេច ដាវីឌ ទោះបើពួកគាត់មិនបានបំពេញ ឬក៏បានបន្តសេចក្ដីតាំងសញ្ញារបស់ព្រះជាម្ចាស់ឲ្យបានជោគជ័យក៏ដោយ ប៉ុន្តែព្រះអង្គក៏ថែមទាំងបង្កើតសេចក្តីតាំងសញ្ញាថ្មីមួយទៀតដែរ។
ក្នុងវគ្គទី៣នៃ១៤ជំនាន់ពីគ្រានិរទេសដល់គ្រាព្រះគ្រីស្ទក្នុងខ១៣-១៦ យើងឃើញថាមានរយៈពេល ៦០០ ឆ្នាំ។ ហើយសាវ័ក ម៉ាថាយ បានដកស្រង់ឈ្មោះទាំងនោះចេញពីកណ្ឌគម្ពីរ ១របាក្សក្រ ៣:១៥-១៦ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ២ពង្សាវតារក្សត្រ ២៤-២៥; យេរេមា ២២; ២៩; ៣៩-៤៣; ៥២; កណ្ឌគម្ពីរ ដានីយ៉ែល ទាំងមូល; អេសេគាល ១៧ និងកណ្ឌគម្ពីរ ២របាក្សក្សក្រ ៣៦)។
នៅក្នុងគ្រាស្ងប់ស្ងាត់ យើងសង្កេតឃើញថា មានរយៈពេល ៤០០ ឆ្នាំដែលព្រះជាម្ចាស់មិនបានមានព្រះបន្ទូលមកកាន់មនុស្សលោកឡើយ។ នេះជាគ្រាដែលពួកសាសន៍អ៊ីស្រាអែលបានក្លាយជាពួកឈ្លើយនៅប្រទេសផ្សេងៗ។ ទោះបីនៅក្នុងគ្រាស្ងៀមស្ងាត់ក៏ព្រះអង្គនៅតែកំពុងធ្វើការ។
តើការតាំងសេចក្ដីសញ្ញាថ្មីមួយនោះមានអ្វីខ្លះ? កណ្ឌគម្ពីរ យេរេមា ៣១:៣១-៣៤ មានចែងថា «…នឹងមានគ្រាមកដល់ដែលយើងតាំងសញ្ញាថ្មីនឹងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេចេញពីស្រុកអេស៊ីព្ទមកនោះ…យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង» (ខ៣១, ៣២, ៣៣)។
ហើយកណ្ឌគម្ពីរ អេសេគាល ជំពូក៣៦-៣៧ បានលើកឡើងថា ព្រះជាម្ចាស់នឹងដកចិត្តថ្មចេញ ហើយដាក់ចិត្តសាច់ឈាមនៅក្នុងមនុស្សលោកវិញ។ បើយើងនិយាយសង្ខេបទៅ៖ ការតាំងសេចក្ដីសញ្ញាថ្មីនៅគ្រានិរទេសនេះ យើងឃើញថាពួកមនុស្សលោកនឹងមាន៖ ១. បេះដូងថ្មី ២. បោះបង់អំពើបាបចោល ៣. និងបានផ្ដើមទំនាក់ទំនងថ្មីជាមួយព្រះជាម្ចាស់វិញ។
ក្នុងកណ្ឌគម្ពីរ ពង្សាវតារក្សត្រ ខ្សែទី២ ជំពូក២៣-២៥ និងកណ្ឌគម្ពីរយេរេមាជំពូក២៨ យើងឃើញថាស្ដេច យេកូនាស ត្រូវបានស្ដារឡើងវិញ ដោយចេញពីគុក ហើយរស់នៅជាសេរីក្នុងប្រទេសដែលទ្រង់កំពុងជាប់ជាឈ្លើយ។ ទោះបើមើលទៅ ការជាប់គុកក្នុងផ្ទះ ដោយមានសេរីភាពបែបនេះហាក់បីដូចជាមិនសូវជារឿងសំខាន់ប៉ុន្មានក៏ដោយ ក៏យើងនៅតែអាចដឹងផងដែរថា នេះគឺជាសេចក្ដីសង្ឃឹមដល់សាសន៍អ៊ីស្រាអែលដែរ។
ព្រះជាម្ចាស់នៅតែ ក៏ដូចជាបាន ហើយនឹងនៅបន្តសម្រេចផែនការនៃសេចក្តីតាំងសញ្ញារបស់ទ្រង់ ក្នុងពេលវេលារបស់ទ្រង់ មិនថាយើងស្ថិតនៅក្នុងកាលៈទេសៈនៃជីវិតបែបណាក៏ដោយ។
ហេតុអ្វីបានជាការតាំងសេចក្តីសញ្ញាសំខាន់ក្នុងជីវិតយើង?
បងប្អូនអើយ ទោះបើពេលខ្លះ យើងឃើញហាក់បីដូចជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនមានបន្ទូលមកកាន់យើងក៏ដោយ ឬក៏ថាព្រះអង្គនៅស្ងៀម ខ្ញុំចង់លើកទឹកចិត្តបងប្អូនថាក៏ព្រះអង្គនៅតែកំពុងរក្សាសេចក្តីសន្យារបស់ទ្រង់ផងដែរ។ ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែបានបំពេញ និងបន្តសេចក្ដីតាំងសញ្ញាប៉ុណ្ណោះទេ ព្រះអង្គក៏បានបង្កើតសេចក្ដីតាំងសញ្ញាថ្មីមួយទៀត ដែលសង់លើសេចក្ដីតាំងសញ្ញាជាមួយនឹងលោក អ័ប្រាហាំ និងស្ដេច ដាវីឌ ហើយសេចក្ដីតាំងសញ្ញាថ្មីមួយនេះមានរួម៖ ពូជពង្សនៃសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ ព្រះពរ (អេសាយ ៤២; ៤៩; លូកា ២:៣២; កិច្ចការ ១៣) ព្រំដែនទឹកដី ព្រះបាទស្ដេចយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធផងដែរ។
ខ្ញុំចង់លើកទឹកចិត្តបងប្អូនថា ព្រះអង្គកំពុងតែធ្វើការ ហើយព្រះអង្គក៏នឹងបន្តធ្វើការ។ ដូច្នេះ ចូរយើងទាំងអស់គ្នាទុកចិត្តលើទ្រង់ ដោយដឹងថាព្រះអង្គនឹងបំពេញសេចក្តីសន្យារបស់ទ្រង់។
«ដ្បិតទោះបើមានសេចក្ដីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា "បាទ" ក្នុងទ្រង់ ហើយ "អាម៉ែន" ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា» (២កូរិនថូស ១:២០)។

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

នៅទីបំផុត ដោយសារកណ្ឌនៃព្រះគម្ពីរត្រូវបានកាត់ស្រាយ ហើយគោលលទ្ធិដ៏មានសិរីល្អដែលមាននៅក្នុងបទគម្ពីរត្រូវបានបង្ហាញឲ្យឃើញជាសាធារណៈ នោះការសម្រេចចិត្តមួយនឹងកើតឡើងដោយជៀសមិនរួច

គណនេយ្យករសាជីវកម្ម អ្នកគ្រប់គ្រងសិទ្ធផ្តាច់មុខ ឬនាយកប្រតិបត្តិទីផ្សារប្រហែលជាត្រូវធ្វើការយ៉ាងម៉ត់ចត់ជាមួយម៉ោងការងារដោយសារមានមនុស្សជាច្រើនកំពុងមើលខុសត្រូវលើគាត់...ក្នុងនាមជាគ្រីស្ទបរិស័ទ នៅពេលដែលនិយាយអំពីការយល់ខុសត្រូវ វាមិនមែនជាសំណួរអំពីអ្វីដែលត្រូវបានអនុញ្ញាតឬក៏អត់នោះទេ ប៉ុន្តែគឺអំពីអ្វីតាមព្រះគម្ពីរវិញ។

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។