in ,

សេចក្ដី​អំណរ​នៅ​ក្នុង​ទុក្ខ​លំបាក​ លោក ចន កាល់វិន

លោក ចន កាល់វិន បាន​លើក​ឡើង​ថា «មិន​គួរ​មាន​អ្វីមួយ​មក​រំខាន​ដល់​សេចក្ដី​អំណរ​របស់​យើង ក្នុង​ទុក្ខ​លំបាក​នោះ​ឡើយ» ។ ហេតុ​ផល​ដែល​លោក កាល់វិន បាន​លើក​ឡើង​នេះ​ប្រហែល​ជា​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​លោក​អ្នក​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​លោក​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​អំពី​ជីវិត​របស់​លោក កាល់វិន នោះ​គឺ​ថា គាត់​បាន​រង​ទុក្ខ​ដោយ​ជំងឺ​ហឺត​រ៉ាំរ៉ៃ ឈឺ​ចាប់​មួយ​ចំហៀង​ក្បាល រលាក​សួត គ្រោះ​ក្នុង​តម្រង​នោម ឫស​ដូង​បាត គ្រោះ​ក្នុង​ប្រមាត់ រលាក​សន្លាក់​ធ្ងន់ធ្ងរ និង​ផ្ដាសាយ​ជា​ប្រចាំ​អម​ជា​មួយ​នឹង​ក្ដៅ​ខ្លួន​ខ្លាំង។ ព្រះ​ជាម្ចាស់​បាន​អនុញ្ញាត​ឲ្យ​គាត់​ជួប​ប្រទះ​នឹង​ទុក្ខលំបាក​​យ៉ាង​ខ្លាំង។

ពេល​ខ្លះ ដោយ​ហេតុ​ផល​មួយ​ចំនួន​លោក កាល់វិន ទទួល​បាន​ការ​រិះគន់​ច្រើន​ជាង​ការ​ដែល​គាត់​ស័ក្ដិ​សម​នឹង​ទទួល។ តាម​ពិត​ទៅ អ្នក​គាំទ្រ​គាត់​ប្រហែល​ជា​ផ្ដល់​កិត្តិយស​ឲ្យ​លោក​ច្រើន​ខ្លាំង​ពេក​បន្តិច​ហើយ។ ប៉ុន្តែ ការ​និយាយ​ថា មាន​អ្នក​ស្អប់​លោក កាល់វិន ច្រើន​គឺ​មិន​ទាន់​ល្មម​ផង។ ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​គាត់​ថា គាត់​សោះកក្រោះ ហើយ​ឃោរឃៅ ជា​ពិសេស​នៅក្នុង​ការ​និពន្ធ​របស់​គាត់។ តើ​វា​ជា​ការ​ពិត​មែន​ឬ? បើ​លោកអ្នក​ចំណាយ​ពេល​សិក្សា​ការ​និពន្ធ​របស់​គាត់ នោះ​លោកអ្នក​នឹង​ឃើញ​ថា គាត់​គឺ​ជា​បុគ្គល​ដែល​មាន​អំណរ​ម្នាក់។

សូម​រាប់​ជា​សេចក្ដី​អំណរ​សព្វគ្រប់​វិញ
លោក​អ្នក​ប្រហែល​ជា​អាន​ខ​គម្ពីរ​នេះ​មួយ​ពាន់​ដង​រួច​មក​ហើយ ប៉ុន្តែ​សូម​អាន​វា​ម្ដង​ទៀត បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ «រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ» (យ៉ាកុប ១:២)។

លោក យ៉ាកុប មិន​មែន​និយាយ​ថា «គ្រីស្ទ​បរិស័ទ​នឹង​រួចផុត​ពី​ការ​ឈឺ​ចាប់» នោះ​ទេ។ ទេ! ជំនួស​វិញ លោក យ៉ាកុប បង្រៀន​អ្វី​មួយ​ដែល​ខុសប្លែក​ពី​ការ​បង្រៀន​របស់​សាសនា​ធំៗ​ផ្សេង​ទៀត៖ គ្រីស្ទ​បរិស័ទ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ នៅ​ពេល​ដែល​ការ​ល្បងល​មកដល់។ ហេតុអ្វី?

លោក យ៉ាកុប ឆ្លើយ​នឹង​សំណួរ​នេះ​នៅ​ខ​បន្ទាប់ «ដោយ​ដឹង​ថា ការ​ល្បងល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់ខ្ជួន។ ចូរ​ទុក​ឲ្យ​សេចក្ដី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សម្រេច​ពេញ​លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ» (យ៉ាកុប ១:៣-៤)។

អ្នក​អាន​ដែល​លោក យ៉ាកុប សរសេរ​ទៅ​កាន់ ពួក​គាត់​កំពុង​តែ​តយុទ្ធ​ជា​មួយ​នឹង​ការ​ល្បងល​ផ្សេងៗ​ជា​ច្រើន​ប្រភេទ​ដូច​ជា ការ​បែក​បាក់​នៅក្នុង​ក្រុម​ជំនុំ សេចក្ដី​ល្បួង​នៃ​សាច់​ឈាម និង​ការ​បៀតបៀន។ល។ ចំពោះ​អស់​អ្នក​ដែល​លោក​សរសេរ​ទៅ​កាន់​នោះ ជីវិត​របស់​ពួក​គាត់​គឺ​កំពុង​តែ​ពិបាក​ណាស់។ ប្រហែល​ជា​លោកអ្នក​កំពុងតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​ដែរ។ ប្រហែល​ក្នុង​ស្ថានភាព​នេះ លោកអ្នក​ក៏​កំពុង​តែ​ជួប​ប្រទះ​នឹង​សេចក្ដី​ល្បង​ល​ផ្សេងៗ​ផង​ដែរ។ អ្វី​មួយ​ដែល​ខុស​ប្លែក​អំពី​ជំនឿ​គ្រីស្ទ​បរិស័ទ​នោះ គឺ​គ្រីស្ទ​បរិស័ទ​អាច​រាប់​ការ​ឈឺ​ចាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ។

នៅ​ក្នុង​ស្ថានភាព​ពិបាកៗ ព្រះ​ជាម្ចាស់​បង្ហាញ និង​ដក​រូប​ព្រះ (រូប​សំណាក) ក្នុង​ជីវិត​យើង​ចេញ ហើយ​ឲ្យ​យើង​ពឹង​អាង​លើ​ព្រះ​អង្គ​វិញ។ ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ហើយ​ជា​លទ្ធផល នោះ​លោកអ្នក​អាច​មាន​អំណរ​បាន។

នៅ​ក្នុង​សៀវភៅ​អត្ថាធិប្បាយ​មួយ​របស់​លោក កាល់វិន គាត់​បាន​និយាយ​ពី​ខ​នេះ​ថា «ព្រះ​ជាម្ចាស់​ឲ្យ​យើង​ប្រឈម​មុខ​ក្នុង​ស្ថានភាព​លំបាកៗ​ជា​ច្រើន ព្រោះ​តែ​សេចក្ដី​លោភ កំហុស​ឆ្គង សម្អប់ ភាព​ជិនឆ្អន់ កំហឹង​មួម៉ៅ ការ​ស្រឡាញ់​របស់​នៃ​លោកីយ៍ និង​សេចក្ដី​សម្រើប​សម្រាល​ផ្សេងៗ​ដែល​យើង​នៅ​ជាប់ គឺ​យើង​មិន​អាច​ព្យាបាល​ឲ្យ​ជា​ដោយ​ថ្នាំ​ណា​មួយ​បាន​នោះ​ឡើយ»។

ក្នុង​ព្រះ​ប្រាជ្ញា​ញាណ​របស់​ទ្រង់ ព្រះ​ជាម្ចាស់​ជ្រាប​ថា​យើង​ត្រូវ​ការ​សេចក្ដី​ល្បង​ល​ជា​ច្រើន ដើម្បី​បន្សុទ្ធ​ផ្នែក​មួយ​ចំនួន​នៃ​ជីវិត​របស់​យើង។

លោក កាល់វិន បន្ត​ទៀត​ថា «ប្រាកដ​ណាស់ នៅ​ក្នុង​គ្រប់​ញាណ​ទាំង​ឡាយ​នៃ​លក្ខណៈ​របស់​យើង វា​បាន​រចនា​ឡើង។ គ្រប់​ទាំង​សេចក្ដី​ល្បង​ល​បាន​បង្កើត​ឲ្យ​យើង​មាន​សេចក្ដី​ទុក្ខសោក និង​ក្រៀមក្រំ…ប៉ុន្តែ ការ​នេះ​មិន​បាន​រារាំង​កូនៗ​នៃ​ព្រះ ដោយ​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ មិន​ឲ្យ​ក្រោក​ឡើង​ចេញ​ពី​ការ​រងទុក្ខ​ខាង​ឯ​សាច់​ឈាម​នោះ​ឡើយ។ ហេតុ​នោះ​ហើយ ទោះ​បើ​ពួក​គាត់​ស្ថិត​នៅ​ក្នុង​បញ្ហា​ក៏​ដោយ ក៏​ពួក​គាត់​មិន​ឈប់​មាន​អំណរ​ដែរ»។

អ្វី​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​អំពី​លោក កាល់វិន គឺ​ថា​លោក​ជា​មនុស្ស​ប្រាកដ​និយម។ លោក​ដឹង​ថា ការ​រង​ទុក្ខ​គឺ​លំបាក ដ្បិត​លោក​ក៏​បាន​ឆ្លង​កាត់​យ៉ាង​ក្រាស់ក្រែល​ផង​ដែរ។ លោក​យល់​ពី​ការ​ឈឺចាប់​នៃ​រដូវ​កាល​ពិបាកៗ។ ប៉ុន្តែ ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​គាត់​បាន​លើក​ទឹក​ចិត្ត​យើង​ថា យើង​អាច​មាន​អំណរ​បាន​ខណៈ​ពេល​ដែល​យើង​កំពុង​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បង​ល។ តាម​ពិត​ទៅ ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​ដូច្នោះ (ភីលីព ៤:៤)។

នៅ​ពេល​សេចក្ដី​ល្បង​ល​មក​ដល់ យើង​យំយែក ត្រសិត កើត​ទុក្ខ​ព្រួយ ហើយ​ដង្ហោយ​ហៅ​ព្រះ​ជាម្ចាស់។ វា​ពិត​ជា​ឈឺ​ចាប់ ប៉ុន្តែ​ដូច​ដែល​លោក កាល់វិន បាន​លើក​ឡើង វា​មិន​មែន​គ្មាន​អំណរ​នោះ​ទេ។ ដោយ​ជំនួយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​អ្នក​អាច​មាន​អំណរ ហើយ​អាច​រាប់​ការ​រង​ទុក្ខ​របស់​លោក​អ្នក​ថា​ជា​សេចក្ដី​អរ​វិញ​បាន មិន​ត្រឹមតែ​នៅ​ពេល​ដែល​លោក​អ្នក​បាន​ឆ្លង​ផុត​ស្ថានភាព​ពិបាកៗ​នោះ​ឡើយ ប៉ុន្តែ​នៅ​អំឡុង​ពេល​ដែល​យើង​ឆ្លង​កាត់​ផ្ទាល់​ដែរ។ លោក​អ្នក​អាច​មាន​សេចក្ដី​អំណរ​នៅ​ពេល​ឥឡូវ​នេះ​បាន។

ជា​ចុង​ក្រោយ​លោក កាល់វិន បាន​បន្ថែម​ចំណុច​មួយ​ទៀត​ថា៖ «នៅ​ពេល​ដែល​លោក [យ៉ាកុប] ប្រាប់​ឲ្យ​យើង​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ​នោះ វា​ហាក់​បី​ដូច​ជា​គាត់​បាន​និយាយ​ថា សេចក្ដី​ល្បួង​គួរ​តែ​ជា​អ្វី​មួយ​ ដែល​ជួយ​ឲ្យ​យើង​ចម្រើន​ឡើង ជា​ឱកាស​ក្នុង​ការ​ផ្ដល់​ឲ្យ​យើង​មាន​អំណរ។ សរុប​មក លោក​មាន​ន័យ​ថា មិន​គួរ​មាន​អ្វី​មួយ​មក​រំខាន​ដល់​សេចក្ដី​អំណរ​របស់​យើង ក្នុង​ទុក្ខ​លំបាក​នោះ​ឡើយ» ។

តើ​លោក កាល់វិន បាន​អនុវត្ត​អ្វី​ដែល​គាត់​បង្រៀន​ដែរ​ឬ​ទេ?
ជិត​៩ឆ្នាំ ក្រោយ​ពី​គាត់​បាន​រៀប​ការ នោះ​លោកស្រី អ៊ីតាលីត ( Idelette) ដែល​ជា​ប្រពន្ធ​របស់​គាត់​ក៏​បាន​ស្លាប់។ លោក​មិន​បាន​យក​ប្រពន្ធ​មួយ​ទៀត​ទេ។ ហើយ​លោក​ក៏​មិន​មាន​កូន​ចៅ​នោះ​ដែរ។ នៅ​ក្នុង​ជីវប្រវត្តិ​របស់​លោក ចន កាល់វិន លោក ប៊្រូស ហ្កឌិន ( Bruce Gordon) បាន​កត់​ត្រា​យ៉ាង​ត្រឹមត្រូវ​ថា លោក កាល់វិន មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន ប៉ុន្តែ​លោក កាល់វិន មិន​មែន​ជា​មនុស្ស​ឃោរឃៅ ហើយ​រឹង​រូស​ដូច​ជា​អ្វី​ដែល​គូ​បដិបក្ខ​របស់​លោក​បាន​និយាយ​អំពី​លោក​នោះ​ឡើយ។ តាម​ពិត​ទៅ មរណៈ​ភាព​នៃ​ប្រពន្ធ​របស់​លោក​សឹង​តែ​ធ្វើ​ឲ្យ​លោក​ឆ្កួត​ទៅ​ហើយ។

គាត់​បាន​អធិស្ឋាន​ថា «ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​បាន​ទ្រទ្រង់​ដល់​ខ្ញុំ សូម្បី​តែ​នៅ​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​ជា​ខ្លាំង ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ចុះ​ចាញ់ ប្រសិន​បើ​ព្រះ​អង្គ​មិន​បាន​លូក​ព្រះ​ហស្ត​ទ្រង់​ពី​ស្ថាន​សួគ៌ ដើម្បី​លើក​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​វិញ ដើម្បី​ប្រទាន​កម្លាំង​ដល់​មនុស្ស​ទន់​ខ្សោយ និង​ដើម្បី​ឲ្យ​អ្នក​មាន​ទុក្ខ​ព្រួយ​បាន​ស្រស់​ស្រាយ​ឡើង​វិញ​នោះ​ទេ»។

លោក កាល់វិន អាច​មាន​អំណរ​ខណៈ​ពេល​ដែល​គាត់​កំពុង​មាន​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​បំផុត​បាន។

ព្រះ​ជាម្ចាស់​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​លោក កាល់វិន។ លោក កាល់វិន មិន​ត្រឹម​តែ​សរសេរ​ពី​សេចក្ដី​អំណរ​ដោយ​ព្រោះ​តែ​វា​ជា​អ្វី​ដែល​គាត់​គួរ​សរសេរ​នោះ​ទេ។ លោក​សរសេរ​ពី​អំណរ ពីព្រោះ​វា​ជា​អ្វី​ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​បាន​មាន​បទ​ពិសោធន៍​ក្នុង​ជីវិត​លោក​ផ្ទាល់។

លោក កាល់វិន ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់ ប៉ុន្តែ​ក៏​ជា​ម្នាក់​ដែល​ជួប​សេចក្ដី​ល្បងល​យ៉ាង​ច្រើន​ផង​ដែរ។ មក​ដល់​សព្វថ្ងៃ​នេះ មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​ចោទ​ប្រកាន់​គាត់​ថា គាត់​បាន​ដុត​មនុស្ស​ឲ្យ​ស្លាប់​ទាំង​រស់។ ជា​ញឹកញាប់ លោក​ទទួល​រង​សំពាធ និង​ការ​បំពាន​ពី​សំណាក់​ចៅហ្វាយ​ក្រុង ដែល​ព្យាយាម​គ្រប់​គ្រង​លើ​ក្រុម​ជំនុំ​ដែល​លោក​កំពុង​មើល​ការ​ខុស​ត្រូវ។ ហើយ​ប្រាកដ​ណាស់ ក្រោយ​ពី​គាត់​បាន​ស្លាប់​ទៅ​ហើយ គាត់​មិន​ដែល​បាន​ដឹង​សោះ​ឡើយ​ថា ហេតុ​អ្វី​បាន​ជា​គូ​បដិបក្ខ​របស់​គាត់​យក​ឈ្មោះ​របស់​លោក​ដាក់​ឲ្យ​ឆ្កែ​របស់​គេ​នោះ​ឡើយ។ លោក កាល់វិន មិន​ត្រូវ​ការ​ដឹង​ពី​គ្រប់ «ហេតុ​ផល» នៅ​ពី​ក្រោយ​គ្រប់​ទាំង​សេចក្ដី​ល្បង​ល​នោះ​ឡើយ។ ចំពោះ​លោក កាល់វិន សេចក្ដី​ល្បង​ល គឺ​ជា​ឱកាស​សម្រាប់​ការ​មាន​អំណរ​វិញ។ សម្រាប់​គាត់ វា​ល្មម​ហើយ​ក្នុង​ការ​ដឹង​ថា គ្រប់​សេចក្ដី​ល្បង​ល​ផ្សេងៗ​សុទ្ធ​តែ​មក​ពី​ព្រះ​ជាម្ចាស់ ដើម្បី​ផ្សំ​គ្នា​ឡើង​សម្រាប់​សេចក្ដី​ល្អ​ដល់​យើង។ ដូច​លោក​ធ្លាប់​បាន​លើក​ឡើង​ម្ដង​ថា «ឱ​ព្រះ​អម្ចាស់​អើយ បើ​ព្រះ​ហស្ត​ទ្រង់​ទាស់​នឹង​ទូល​បង្គំ សូម​ឲ្យ​ទូល​បង្គំ​អាច​ដឹង​ផង​ថា នោះ​ជា​ព្រះ​ហស្ដ​ទ្រង់»។

និពន្ធ​ដោយ៖ David Kaywood
បកប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែសម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់​ខ្លះៗ និង​កែសម្រួល​ចេញពី gospelrelevance.com ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ការ «ធ្វើ​បាប​ស្ម័គ្រ​ពី​ចិត្ត​» គំរាម​កំហែង​លើ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ដែរ​ឬ​ទេ?

«កណ្ឌ​គម្ពីរ​ស្បូវ»៖ ការ​ស្វែង​យល់​អំពី​លោក​គ្រូ លូសើរ និង​កណ្ឌ​គម្ពីរ​យ៉ាកុប