in ,

ការមានស្នេហា​

បុរស​វ័យក្មេង​ម្នាក់​បាន​សួរ​ដូច​ត​ទៅ៖ «លោក​គ្រូ តើ​វា​ជា​អំពើ​បាប​ឬ​ទេ ដែល​ខ្ញុំ​មាន​ស្នេហា​ជា​មួយ​នឹង​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ?»

មុន​យើង​ខ្ញុំ​ឆ្លើយ​ថា ជា​អំពើ​បាប ឬ​ក៏​មិន​មែន​ជា​អំពើ​បាប យើង​ខ្ញុំ​ចង់​សួរ​បុរស​ដែល​កំពុង​សួរ​ទៅ​វិញ​ថា «តើ​ប្អូន​គិត​ថា​អ្វីទៅ​ជា​អំពើ​បាប?»

នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៣:២៣ មាន​ចែង​ថា «គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ»។ ដូច្នេះ អំពើ​បាប​គឺ​ជា​ការ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ។ តើ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? តើ «ការ​ខ្វះ​មិន​ដល់​សិរី​ល្អ» មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

ក្នុង​ភាសា​ក្រិក​ពាក្យ «ខ្វះ​មិន​ដល់» មាន​ន័យ​ថា «ការ​ពុំ​មាន» ឬ​ក៏ «ការ​ខ្វះខាត»។ ដូច្នេះ ការ​ប្រព្រឹត្ត​អំពើ​បាប​គឺ​ជា​ការ​ពុំ​មាន​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់។ តើ​ការ​ខ្វះ​មិន​ដល់​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ព្រះ​អង្គ​មិន​បាន​បង្កើត​យើង​ឲ្យ​មាន​លក្ខណៈ​ល្អ​អស្ចារ្យ​ដូច​ជា​ទ្រង់​នោះ​ទេ។ កណ្ឌ​គម្ពីរ រ៉ូម ១:២៣ ចែង​ថា​មនុស្ស​មាន​បាប «បំផ្លាស់​សិរីល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច»។ នៅ​ពេល​ដែល​ពួក​គេ​បំផ្លាស់ នោះ​មាន​ន័យ​ថា ពួក​គេ​ខ្វះ​ខាត​ហើយ។ នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​ពួក​គេ​សម្លឹង​មើល​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់ ហើយ​ពួក​គេ​សម្លឹង​មើល​រូប​ផ្សេងៗ ទំនង​មុខ​របស់​ខ្លួន​នៅ​ក្នុង​កញ្ចក់ ហើយ​ពួក​គេ​ក៏​មិន​បាន​ជ្រើស​រើស​យក​ព្រះ​ជាម្ចាស់។ ដូច្នេះ ពួក​គាត់​ខ្វះ​ព្រះ។

សូម​គិត​អំពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន

យើងខ្ញុំ​បាន​ពណ៌នា​អំពី​អំពើ​បាប​ថា ជា​ការ​ជ្រើស​រើស​យក​អ្វី​មួយ​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះ​ជាម្ចាស់។ អំពើ​បាប​គឺជា​អាកប្ប​កិរិយា សេចក្ដី​ប្រាថ្នា ទង្វើ និង​ពាក្យ​ពេចន៍​ដែល​ចេញ​ពី​ខ្លួន​យើង នៅ​ពេល​ដែល​យើង​ជ្រើស​រើស​យក​អ្វី​មួយ​ផ្សេង​ទៀត​លើ​ព្រះ​ជាម្ចាស់។ ការ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​យក​ព្រះ​ជាម្ចាស់​ធ្វើ​ជា​សេចក្ដី​ប្រាថ្នា​ដ៏​ឧត្តុងឧត្តម និង​ជា​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​របស់​យើង។ នេះ​គឺ​ជា​អត្ថន័យ​នៃ​ពាក្យ​អំពើ​បាប​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។

ឥឡូវ ចូរ​យើង​និយាយ​អំពី​ការ​ចែចង់​គ្នា។ តើ​អ្វី​ទៅ​ជា​ការ​ចែ​ចង់ ឬ​ក៏​ជា​ការ​មាន​ស្នេហា? តើ​ការ​មាន​ស្នេហា​របស់​លោក​អ្នក​មាន​ន័យ​ថា បុគ្គល​ម្នាក់​ទៀត​បាន​ក្លាយ​ជា​អ្នក​ដែល​មាន​តម្លៃ​ចំពោះ​លោក​អ្នក​ខ្លាំង​ជាង​ព្រះ​ជាម្ចាស់​មែន​ឬ? មែន​ឬ? បើ​មែន នោះ​ខ្ញុំ​មិន​ខ្វល់​ថា បុគ្គល​នោះ​ជា​គ្រីស្ទ​បរិស័ទ ឬ​ក៏​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​នោះ​ទេ។

លោក​អ្នក​ទំនង​ជា​អាច​មាន​ស្នេហា​ជា​មួយ​នឹង​គ្រីស្ទ​បរិស័ទ ហើយ​នៅ​ពេល​នេះ​ក៏​កំពុង​តែ​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ លោក​អ្នក​ទំនង​ជា​អាច​មាន​ស្នេហា​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ហើយ​នៅ​ពេល​នេះ​ក៏​កំពុង​តែ​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប ពីព្រោះ​សេចក្ដី​ប្រាថ្នា​របស់​លោក​អ្នក សេចក្ដី​ស្រឡាញ់​របស់​លោក​អ្នក ឬ​ក៏​តម្រូវ​ការ​របស់​លោក​អ្នក​សម្រាប់​បុគ្គល​ម្នាក់​នោះ​ឆ្លុះ​បញ្ចាំង​ថា ព្រះ​ជាម្ចាស់​មិន​មាន​កន្លែង​ក្នុង​ជីវិត​របស់​លោក​អ្នក​ដែល​ធំ ពេញ​ដោយ​អំណាច ព្រះ​ចេស្ដា ភាព​ស្កប់​ស្កល់ និង​ភាព​ស្រស់​ស្អាត​ក្នុង​លក្ខណៈ​ដែល​ព្រះ​អង្គ​គួរ​មាន​ក្នុង​ជីវិត​របស់​លោក​អ្នក។

ប្រសិន​បើ​លោក​អ្នក​មាន​តម្រូវ​ការ​ការ​សម្រាប់​ដៃ​គូ​ជីវិត​ខ្លាំង​ជាង​តម្រូវ​ការ​សម្រាប់​ព្រះ​ជាម្ចាស់ នោះ​មាន​ន័យ​ថា​លោក​អ្នក​កំពុង​តែ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។ វា​មិន​ពាក់​ព័ន្ធ​នឹង​បុគ្គល​ដែល​លោក​អ្នក​កំពុង​តែ​ចែ​ចង់​នោះ​ទេ។ លោក​អ្នក​ត្រូវ​ត្រឡប់​ក្រោយ ហើយ​យក​ព្រះ​ជាម្ចាស់​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។

សូម​ពិចារណា​អំពី​គោលដៅ​របស់​ខ្លួន

ចម្លើយ​នេះ​ទំនង​ច្រើន​ជាង​អ្វី​ដែល​បុរស​វ័យ​ក្មេង​ម្នាក់​នេះ​កំពុង​តែ​សួរ​ចង់​បាន​ទៅ​ទៀត​ហើយ​មើល​ទៅ។ នេះ​គឺជា​អ្វី​ដែល​លោក​អ្នក​ទំនង​ជា​ចង់​ដឹង។ ឧបមា​ថា ខ្លួន​មិន​មាន​បញ្ហា​នោះ។ លោក​អ្នក​មិន​មែន​កំពុង​តែ​ចង់​បាន​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ក្រៅ​ពី​ចង់​បាន​ព្រះ​ជាម្ចាស់​នោះ​ទេ។ ដូច្នេះ តើ​វា​នៅ​តែ​ជា​អំពើ​បាប​ដែរ​ឬ​ទេ​ក្នុង​ការ​ដែល​លោក​អ្នក​មាន​ស្នេហា​ជា​មួយ​នឹង​អ្នក​មិន​ជឿ?

ចម្លើយ​របស់ខ្ញុំ​លើ​សំណួរ​ហ្នឹង​វា​គឺ​ថា «តើ​អ្វី​ទៅ​ជា​ការ​មាន​ស្នេហា ឬ​ក៏​ការ​ចែ​ចង់​គ្នា?» តើ​លោក​អ្នក​កំពុង​តែ​ប្រើ​ប្រាស់​ពាក្យ​ស្នេហា ឬ​ក៏​ការ​ចែ​ចង់​គ្នា​ក្នុង​អត្ថ​ន័យ​អ្វី? បុរស​វ័យ​ក្មេង​នោះ​ទំនង​ជា​ឆ្លើយ​ថា «ខ្ញុំ​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បង្ហាញ​នូវ​សេចក្ដី​ស្នេហា​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ជា​ស្មរ​បន្ទាល់​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​នារី​ម្នាក់​នេះ ដែល​មិន​មែន​ជា​អ្នក​ជឿ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​យើង​ទៅ​ញ៉ាំ​ភីហ្សា ដោយ​សង្ឃឹម​ថា​នឹង​នាំ​ឲ្យ​នាង​ទទួល​ជឿ​ព្រះ​គ្រីស្ទ​ដែរ»។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត​ទៅ នេះ​គឺ​គ្រាន់​តែ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ មិន​បាន​ជា​ស្នេហា​នោះ​ទេ។ បើ​ដូច្នោះ​មែន នោះ​ចម្លើយ​របស់​យើង​ខ្ញុំ​គឺ​ថា «បាន! ទៅ​ចុះ»។

ប៉ុន្តែ សូម​ប្រយ័ត្ន ពីព្រោះ​នៅ​ពេល​ណា​ដែល​បុរស​ម្នាក់ និង​នារី​ម្នាក់​ចំណាយ​ពេល​ជា​មួយ​នឹង​គ្នា នោះ​អាច​នឹង​មាន​អ្វី​លើស​ពី​នោះ​ផ្សេង​ទៀត​ដែល​អាច​កើត​ឡើង​បាន ក្រៅ​ពី​ការ​ផ្សាយ​ដំណឹង​ល្អ។ អាច​មាន​រឿង​អ្វី​ផ្សេង​ទៀត​កើត​ឡើង​បាន​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន និង​ស្និទ្ធស្នាល​ជាង​នោះ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​និយាយ​គ្នា​អំពី​អ្វី​ដែល​ជ្រៅៗ។ យើង​ខ្ញុំ​ធ្លាប់​ឃើញ​រឿង​នេះ​បាន​កើត​ឡើង ដូច្នេះ​យើង​ខ្ញុំ​ចង់​ហាម​លោក​អ្នក​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

ប៉ុន្តែ ចុះ​ប្រសិន​បើ​បុរស​វ័យ​ក្មេង​ម្នាក់​នោះ​ឆ្លើយ​តប​ថា «តាម​ពិត​ទៅ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ជា​មួយ​នឹង​នារី​ម្នាក់​នេះ​ខ្លាំង​ណាស់។ ហើយ​ចំពោះ​ខ្ញុំ ការ​ចែ​ចង់​គ្នា​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​មាន​ទំនាក់​ទំនង​នឹង​នាំ​ឲ្យ​មាន​ស្នេហា​ដែល​អាច​នឹង​មាន​ជីវិត​អាពាហ៍ពិពាហ៍»។ បើ​ដូច្នោះ នោះ​យើង​ខ្ញុំ​នឹង​ឆ្លើយ​ដូច​ត​ទៅ៖ «ប្រសិន​បើ​ប្អូន​កំពុង​តែ​ធ្វើ​បែប​នោះ ហើយ​ប្រសិន​បើ​ប្អូន​កំពុង​តែ​ចែ​ចង់​អ្នក​មិន​ជឿ​ដោយ​មាន​ទស្សនៈ​ក្នុង​ការ​ចាប់​ផ្ដើម ការ​លូត​លាស់ និង​ការ​បង្កើត​ទំនាក់​ទំនង​ស្នេហា​ឲ្យ​កាន់​តែ​មាន​ការ​ស៊ី​ជម្រៅ​ដែល​អាច​នាំ​ឲ្យ​មាន​ជីវិត​អាពាហ៍ពិពាហ៍​បាន នោះ​ប្អូន​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ប្អូន​សម្រាប់​ព្រះ​គ្រីស្ទ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដែរ​ហើយ។ ប្អូន​កំពុង​តែ​ប្រព្រឹត្ត​ល្មើស​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង ហើយ​ក៏​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​ខុស​ឆ្គង​ទៀត​ផង»។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ៧:៣៩ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា​ឲ្យ​រៀបការ​តែ​ជា​មួយ​នឹង​អ្នក «ក្នុង​ព្រះ​អម្ចាស់»។ ប្រសិន​បើ​គោលបំណង​របស់​ប្អូន​គឺ​លង់​ស្នេហ៍​ជា​មួយ ឬ​ក៏​រៀបការ​ជា​មួយ​នឹង​នារី​ដែល​មិន​នៅ​ក្នុង​ព្រះ​អម្ចាស់ នោះ​មាន​ន័យ​ថា ការ​មិន​ស្ដាប់​បង្គាប់​បទ​គម្ពីរ​គឺ​ជា​គោលដៅ​របស់​ប្អូន​ហើយ។ ប្រសិន​បើ​ប្អូន​មាន​គោលដៅ​មិន​ស្ដាប់​បង្គាប់​តាម​បទ​គម្ពីរ​នេះ នោះ​វា​ក៏​ដូច​ជា​ថា ប្អូន​ក៏​កំពុង​តែ​មិន​ស្ដាប់​បទ​គម្ពីរ​នេះ​រួច​ស្រេច​ទៅ​ហើយ។

ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ៦:១៤ ក៏​បាន​ចែង​ថា «កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា១​នឹង​មនុស្ស​មិន​ជឿ​ឡើយ»។ ខ​គម្ពីរ​នេះ​ក៏​ទាក់ទង​គ្នា​ជា​មួយ​នឹង​ជីវិត​អាពាហ៍ពិពាហ៍​ដែរ។ មូល​ហេតុ​គឺ​ដោយ​សារ​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ប្រភេទ​មួយ​នៃ​ការ​រួប​រួមគ្នា​ដ៏​ជ្រាល​ជ្រៅ។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​វា​ជា​ការ​រួបរួម​គ្នា​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ក៏​ដូច​ជា​ការ​រួប​រួម​គ្នា​ខាង​ឯ​រូប​កាយ​ដែរ។

មិន​អាច​មាន​ការ​រួប​រួម​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដ៏​ជ្រាល​ជ្រៅ​នោះ​ទេ ប្រសិន​បើ​បុគ្គល​ពីរ​នាក់​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុក​ស្ដម្ភ​ខុសៗ​គ្នា។ ចំពោះ​បុគ្គល​ម្នាក់​គឺ​ព្រះ​គ្រីស្ទ ហើយ​ចំពោះ​បុគ្គល​ម្នាក់​ទៀត​គឺ​អ្វី​ដែល​ពាក់​ព័ន្ធ​ជា​មួយ​នឹង​លោកីយ៍។ ចាប់​តាំងពី​ដើម​នៃ​ទំនាក់​ទំនង​នេះ​គឺ​ថា មាន​ការ​បែក​គ្នា​យ៉ាង​ជ្រាលជ្រៅ​បាត់​រួច​ទៅ​ហើយ។

ដូច្នេះ យើង​ខ្ញុំ​គិត​ថា មិន​គួរ​ឲ្យ​មាន​ទំនាក់​ទំនង​ស្នេហា​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ទំនាក់​ទំនង​ឈាន​ដល់​ការ​មាន​អាពាហ៍ពិពាហ៍​ដែល​មិន​គួរ​មាន​នោះ​ទេ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក ឯក សត្យា
និងលោក Jeff Lai
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា

ព្រះគ្រីស្ទគឺជាព្រះ