in ,

ក្រុមខុសឆ្គង៖ គ្រីស្ទសាសនាសេរីនិយម

លោក​អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​បញ្ចូល​គ្រីស្ទ​សាសនា​សេរីនិយម​នៅក្នុង​សៀវភៅ​អំពី​ក្រុម​ខុសឆ្គង ប៉ុន្តែ​វា​មិន​គួរ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​នោះ​ទេ។ ចូរ​ចាំ​ថា​ក្រុម​ខុសឆ្គង​ទាំង​អស់​ដែល​យើង​បាន​សិក្សា ​គេ​ប្រើ​ពាក្យ​ដែល​គ្រីស្ទបរិស័ទ​ស្គាល់​ច្បាស់ ​ដូចជា ​ព្រះជាម្ចាស់​ ព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ ការ​រស់​ឡើងវិញ ការសង្គ្រោះ​ និង ព្រះគម្ពីរ ​ជា​ដើម។ ប៉ុន្តែ​គេ​ចេះតែ​បំបែរ​អត្ថន័យ​នៃ​​ពាក្យ​ទាំង​នោះ។ គ្រីស្ទ​សាសនា​សេរីនិយម​ក៏​ធ្វើ​ដូច​គ្នា​ដែរ ​ហើយ​បាន​ក្លាយ​ជា គ្រីស្ទ​សាសនា​ក្លែងក្លាយ​ម្យ៉ាង គឺ​ជា​លទ្ធិ​អង់ទីគ្រីស្ទ។
ខ្ញុំ​ជឿ​ថា រយៈ​ពេល​២០០ ឆ្នាំ​កន្លង​មក ​គ្រីស្ទ​សាសនា​សេរីនិយម​បាន​បណ្តាល​ឲ្យ​សមាជិក​ពួកជំនុំ​បាត់​បង់​ជំនឿ​របស់​ខ្លួន​ ច្រើន​ជាង​ពួក​ក្រុម​ខុស​ឆ្គង​ទាំង​អស់​រួម​បញ្ចូល​គ្នា​ទៅ​ទៀត។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​ មាន​មនុស្ស​រាប់​សិប​លាន​នាក់​ ដែល​ជា​សមាជិក​នៃ​និកាយ​ និង​ក្រុមជំនុំ​ដែល​ពី​មុន​បាន​កាន់​ខ្ជាប់​តាម​ដំណឹង​ល្អ​ ប៉ុន្តែ​ឥឡូវ​នេះ​លែង​ផ្សាយ​ដំណឹង​ល្អ​ ហើយ​លែង​ជឿ​ព្រះគម្ពីរ​ទៀត​ហើយ។ ទោះ​បី​ពួក​គេ​នៅ​តែ​ហៅ​ខ្លួនឯង​ថា​ ជា​ពួក​ជំនុំ​គ្រីស្ទ​បរិស័ទ​ក៏​ដោយ។ ការ​ផ្លាស់​ប្តូរ​នេះ​បាន​កើត​ឡើង​យឺតៗ​សន្សឹមៗ ក្នុង​រយៈ​ពេល​រាប់​សិប​ឆ្នាំ​ ដូច្នេះ​សមាជិក​ក្រុម​ជំនុំ​ស្ទើរ​តែ​មិនដឹង នូវ​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ផង។

ប្រវត្តិ
គ្រីស្ទ​សាសនា​សេរី​និយម​បាន​កើត​ឡើង​ក្នុង​កំឡុង​ពេល​សម័យ​កាល​ Enlightenment (សម័យ​ភ្លឺ​ឡើង​នៃ​ចំណេះ​ដឹង) ​នៃ​សតវត្ស​ទី ១៧ និង ១៨ នៅ​ពេល​ដែល​ វិចារណញ្ញាណ​របស់​មនុស្ស​ បាន​ជំនួស​ការ​បើក​សម្ដែង​របស់​ព្រះ ​ ដែល​ជា​ផ្លូវ​សំខាន់​ជាងគេ​ក្នុង​ការ​ស្វែង​រក​សេចក្ដីពិត។ ការ​ពឹង​លើ​គំនិត​មនុស្ស​នេះ​គេ​ហៅ​ថា ហេតុ​ផល​និយម (Rationalism)។ ចំពោះ​គេ​ព្រះ​លែង​ជា​ចំណុច​កណ្តាល​នៃ​អ្វីៗ​ទាំង​អស់​ហើយ​ ផ្ទុយ​ទៅ​វិញ​មនុស្ស​បាន​ក្លាយ​ទៅ​ជា​ចំណុច​កណ្តាល​នៃ​អ្វីៗ​ទាំង​អស់​វិញ។ ទស្សនៈ​នេះ​ហៅ​ថា មនុស្ស​និយម (Humanism)។ មនុស្ស​ក៏​ចាប់​ផ្តើម​ជឿ​ថា​ អ្វីៗ​នៅ​ក្នុង​ពិភព​លោក​ ទាំង​កំណើត​លោកិយ ជីវិត និង​សាសនា​ បាន​កើត​ឡើង​ដោយ​ដំណើរ​ធម្ម​ជាតិ​ មិន​មែន​តាម​ការ​អស្ចារ្យ​ពី​ព្រះ​ទេ។ ទស្សនៈ​នេះ​ហៅ​ថា​ ធម្មជាតិ​និយម (Naturalism)។ ទស្សនៈ​ធម្មជាតិ​និយម​ ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រីស្ទ​សាសនា​ដែរ ជា​ពិសេស​នៅ​សតវត្ស​ទី១៨ និង១៩។
នៅ​សតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍​ទី២០ និកាយ​ទាំង​មូល​នៅ​អឺរ៉ុប​ និង​អាមេរិក​ ឈប់​ជឿ​លើ​គោល​ជំនឿ​ដែល​ព្រះគ្រីស្ទ​ និង​ពួក​សាវក​បាន​បង្រៀន។ ជំនួស​ការ​នោះ ​ពួក​គេ​យល់​ថា​ គ្រីស្ទ​សាសនា​ជា​អ្វី​ដែល​កើត​ឡើ​ង​ដោយ​ដំណើរ​ធម្មជាតិ​ ដោយ​មិន​ត្រូវ​ការ​អន្តរាគមន៍​ និង​ការ​អស្ចារ្យ​ពី​ព្រះ​ទេ។ តែ​ទោះ​បី​ជា​ពួក​គេ​ឈប់​ជឿ​លើ​គ្រីស្ទ​សាសនា​ពិត​ក៏​ដោយ​ ពួក​គេ​នៅ​តែ​ប្រើ​ពាក្យ​ដែល​មក​ពី​គ្រីស្ទ​សាសនា​ ប៉ុន្តែ​មាន​អត្ថន័យ​ខុសពី​មុន៖

  • ពួកគេ​នៅតែ​ប្រើ​ព្រះគម្ពីរ ប៉ុន្តែ​វា​លែង​ជា​ការ​សម្ដែង​ពី​ព្រះ ដែល​ល្អ​ឥត​ខ្ចោះ និង​ខ្លាំង​ពូកែ តែ​ជា​សៀវភៅ​របស់​មនុស្ស​ដែល​ពេញដោយ​កំហុស និង​រឿង​មិន​ពិត។
  • ពួក​គេ​នៅ​តែ​ជឿ​លើ​ការ​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ​ ប៉ុន្តែ​គ្រាន់​តែ​ជា​និមិត្ត​សញ្ញា​ និង​រឿង​ព្រេង ​មិន​មែន​ជា​ប្រវត្តិសាស្ត្រ​ពិត​ទេ។
  • ពួក​គេ​នៅ​តែ​និយាយ​ថា ​ជឿ​លើ​ការ​រស់​ឡើង​វិញ​ ​ប៉ុន្តែ​ថា ​វា​គឺ​ជា​វិញ្ញាណ​របស់​ព្រះគ្រីស្ទ​ដែល​បាន​រស់​ឡើង​វិញ មិន​មែន​ជា​រូប​កាយ​របស់​ទ្រង់​ទេ។
  • ពួក​គេ​នៅតែ​និយាយ​អំពី​សេចក្ដី​សង្គ្រោះ​ ប៉ុន្តែ​វា​មកពី ការ​ប្រព្រឹត្ត​ល្អ​ដែល​មនុស្ស​បាន​ប្រព្រឹត្ត​ មិនមែន​ជា​ការ​អស្ចារ្យ ដែល​មាន​តែ​ព្រះ​ជា​ម្ចាស់​អាច​ធ្វើ​ក្នុង​ចិត្ត​មនុស្ស​ទេ។
  • ពួក​គេ​នៅ​តែ​ផ្សាយ​ដំណឹងល្អ ប៉ុន្តែ​ជា​ដំណឹង​ល្អ​នៃ​ការ​ប្រព្រឹត្ត​ល្អ​ មិន​មែន​ជា​ដំណឹង​ល្អ​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​ សម្រាប់​អំពើ​បាប​របស់​យើង​ទេ។

ដំបូង​មាន​តែ​អ្នក​ដឹក​នាំ​ និង​សាស្ត្រាចារ្យ​​នៃ​សាលា​ព្រះគម្ពីរ​នៃ​និកាយ​ ដែល​បាត់​បង់​ជំនឿ​ពី​ដំ​ណឹង​ល្អ​ពិត។ សមាជិក​ក្រុម​ជំនុំ​ធម្មតា​នៅ​តែ​ជឿ​ដំណឹង​ល្អ និង​ព្រះ​គម្ពីរ។ តើ​សមាជិក​ពួក​ជំនុំ​បាន​កែ​តម្រូវ​ដល់​អ្នក​ដឹក​នាំ​របស់​ពួក​គេ ​ដែល​បាន​ឈប់​ជឿ​លើ​ការ​ពិត​នោះ​ទេ? ភាគ​ច្រើន​ពួក​គេ​មិន​បាន​ធ្វើ​ទេ។ ហេតុ​អ្វី មិន​បាន?

មូលហេតុ​បី​ដែល​សមាជិក​ក្រុមជំនុំ​មិន​បាន​កែ​តម្រង់​អ្នក​ដឹកនាំ​របស់​គេ
១. ពី​ព្រោះ អ្នក​ដឹក​នាំ​របស់​គេ​អះអាង​ថា ពួក​គេ​នៅ​តែ​ជឿ​គោលជំនឿ​សំខាន់ៗ នៃ​ជំនឿ​យើង។ ពួក​គេ​ក៏​បន្ត​ប្រើ​ពាក្យ​ដូច​គ្នា​នឹង​យើង ដូច​ជា​ ដំណឹងល្អ សេចក្ដី​សង្គ្រោះ និង​ការ​រស់​ឡើង​វិញ ជាដើម។ ដូច្នេះ​ វា​ពិបាក​សម្រាប់​សមាជិក​ក្រុម​ជំនុំ​ធម្មតា​ ដើម្បី​ដឹង​ថា​ អ្នក​ដឹកនាំ​កំពុង​ចាក​ចេញ​ពី​ជំនឿ​ហើយ។
២. សមាជិក​ក្រុម​ជំនុំ​ គ្មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​កែ​ អ្នក​ដឹក​នាំ​របស់​ពួក​គេ។ ពួក​គេ​ថា «យើង​គ្មាន​ជំនាញ​ដូច​គេ​ទេ យើង​អត់​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​ដើម្បី​កែ​តម្រង់​ពួក​គេ​អំពី​គោលជំនឿ​ទេ»។ ពួកគេ​បាន​ភ្លេច​ពាក្យ​លើក​ទឹកចិត្ត​របស់​សាវក​យ៉ូហាន​ចំពោះ​សមាជិក​ក្រុមជំនុំ​សម័យ​គាត់៖ «រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់​លាប​ឲ្យ​ហើយ ក៏​ចេះ​គ្រប់​ទាំង​អស់​ផង» (១យ៉ូហាន ២ៈ២០)។
៣. សមាជិក​ក្រុមជំនុំ​អត់​បាន​កែ​តម្រង់​អ្នក​ដឹកនាំ​របស់​ពួកគេ ពីព្រោះ​ពួក​គេ​ចង់​ធ្វើ​ស្លូតបូត​ ដូច​ព្រះ​យេស៊ូវ​ ហើយ​មិន​ចង់​ឲ្យ​មនុស្ស​គិត​ថា​ ពួក​គេ​ជា​មនុស្ស​ឆាប់​ឈ្លោះ​គ្នា។ ពួក​គេ​ភ្លេច​ថា ព្រះ​យេស៊ូវ​ក៏​បាន​ប្រឆាំង​ដោយ​សេចក្ដី​ក្លាហាន​ ទាស់​នឹង​គ្រូ​ខុសឆ្គង​នៅ​សម័យ​ទ្រង់​ដែរ។
ដោយ​សារ ​អ្នក​ជឿ​ពិត​បាន​រង់​ចាំ​យូរ​ពេក មុន​នឹង​កែ​តម្រង់​អ្នក​ដឹក​នាំ​របស់​ពួកគេ នោះ​គ្រីស្ទ​សាសនា​សេរី​និយម​ បាន​ក្លាយ​ជា​ទស្សនៈ​ភាគ​ច្រើន ក្នុង​និកាយ​របស់​គេ ហើយ​គ្រីស្ទបរិស័ទ​ពិត​ ត្រូវ​ចាក​ចេញ​វិញ។ ក្រោយ​មក​នៅ​ដើម​សតវត្សរ៍ទី២០ គ្រីស្ទបរិស័ទ​ពិត​ទាំង​នោះ​បាន​បង្កើត​និកាយ​ថ្មី​ ដែល​ជឿ​លើ​គោលជំនឿ​ត្រឹមត្រូវ​ នៃ​ព្រះ​យេស៊ូវ និង​ពួក​សាវក​របស់​ទ្រង់។ ប៉ុន្តែ​តើ​និកាយ​ថ្មី​ទាំង​នោះ​នឹង​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ជំនឿ​ ឬ​ក៏​នៅ​ទី​បំផុត​ពួក​គេ​នឹង​ក្លាយ​ជា​និកាយ​សេរី​និយម​ដែរ? ចូរ​យើង​អធិស្ឋាន​សូម​ឲ្យ​ពួក​គេ និង​យើង​ផង​នៅ​បន្ត​ភាព​ស្មោះ​ត្រង់​ចំពោះ​ «សេចក្តី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច» (យូដាស ៣)។
ខុស​ពី​ក្រុម​ខុសឆ្គង​ដែល​យើង​បាន​សិក្សា​ក្នុង​សៀវភៅ​នេះ គ្រីស្ទ​សាសនា​សេរីនិយម មិន​ព្យាយាម​លួច​ចូល​ក្រុមជំនុំ​ឯ​ទៀត​ទេ។ វា​ដូច​ជា​មហារីក​វិញ ដែល​រាលដាល​សន្សឹមៗ ក្នុង​ក្រុមជំនុំ និង​និកាយ។ ធម្មតា​មហាវិទ្យាល័យ​ដែល​បង្វឹកបង្វឺន​អ្នក​ដឹកនាំ​ក្រុមជំនុំ ចាញ់​គ្រីស្ទ​សាសនា​សេរីនិយម​មុន​គេ។ ក្រោយ​មក​នៅ​ពេល​សិស្ស​ចេញ​ពី​សាលា ដើម្បី​ធ្វើ​ការ​ក្នុង​ក្រុមជំនុំ ពួក​គេ​នាំ​យក​លទ្ធិ​សេរី​និយម រហូត​ដល់​រាលដាល​ដល់​និកាយ​ទាំង​មូល។

គ្រីស្ទ​សាសនា​សេរីនិយម​ជឿ​អ្វី?
ទោះ​បី​ជា​មាន​ទម្រង់​ និង​កំរិត​ជា​ច្រើន​នៃ​គ្រីស្ទ​សាសនា​សេរីនិយម​ក៏​ដោយ នេះ​គឺ​ជា​ជំនឿ​ទូទៅ​របស់​គេ៖

ពួកគេ​ជឿ​លើ​ធម្មជាតិនិយម។ ជំនឿ​សំខាន់​ជាង​គេ​នៃ​គ្រីស្ទ​សាសនា​សេរី​និយម​ គឺ​ថា ជំនឿ​អំពី​ព្រះ​គ្រីស្ទ​បាន​កើត​ឡើង​ដោយ​ដំណើរ​ការ​នៃ​ធម្មជាតិ ​មិន​មែន​ដោយ​ការ​សម្ដែង និង​អន្តរាគមន៍​ពី​ព្រះ​នោះ​ទេ។ គេ​ជឿ​ថា ការ​អស្ចារ្យ​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​ មិន​មែន​ជា​ប្រវត្តិសាស្ត្រ​ពិត​នោះ​ទេ​ ប៉ុន្តែ​ជា​និមិត្ត​រូប និង​និមិត្ត​សញ្ញា​តែ​ប៉ុណ្ណោះ។ គោលការណ៍​នៃ​ធម្មជាតិ​និយម​នេះ ​នាំ​មក​នូវ​ជំនឿ​ផ្សេង​ទៀត​ទាំង​អស់៖

ពួកគេ​ជឿ​លើ​ទ្រឹស្ដី​វិវត្តន៍។ គ្រីស្ទ​សាសនា​សេរីនិយម​ជឿ​ថា ​ទោះ​បី​ជា​ចក្រវាល​ដើមដំបូង​អាច​ត្រូវ​បាន​បង្កើត​ដោយ​ព្រះ​ក៏​ដោយ​ វា​បាន​មក​ដល់​ស្ថានភាព​បច្ចុប្បន្ន​របស់​វា​នេះ តាមរយៈ​តែ​ដំណើរ​ការ​ធម្ម​ជាតិ​ រួម​ទាំង​ជីវិត​ដំបូង និង​មនុស្ស​ដំបូង​ផង។ ដូច្នេះ​គ្មាន​អ័ដាម និង​អេវ៉ា​ ពិត​ប្រាកដ ដែល​ធ្លាប់​ល្អ​ឥត​ខ្ចោះ​ ហើយ​បន្ទាប់​មក​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ទេ។ (សូម​សម្គាល់៖ ​គ្រីស្ទបរិស័ទ​សេរី​និយម​ស្ទើរ​តែ​ទាំង​អស់ ​ជឿ​លើ​ទ្រឹស្ដី​វិវត្តន៍។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ជឿ​លើ​ទ្រឹស្ដី​វិវត្តន៍ តែ​មិន​ទទួល​គោលជំនឿ​ជាច្រើន​នៃ​គ្រីស្ទ​សេរី​និយម​ទេ។)

ពួកគេ​ជឿ​ថា មនុស្សលោក​មាន​ចិត្តល្អ។ ពួក​គ្រីស្ទ​សាសនា​សេរីនិយម​បង្រៀន​ថា​ មនុស្ស​លោក​មាន​ចិត្ត​គំនិត​ល្អ ឬ​គ្រាន់តែ​ឈឺ​ប៉ុណ្ណោះ។ ប៉ុន្តែ​ គ្រីស្ទ​សាសនា​ពិត​បង្រៀន​ថា ​ចិត្ត​គំនិត​មនុស្ស​ស្លាប់​ហើយ ​ហើយ​មាន​តែ​តាមរយៈ​ការ​អស្ចារ្យ​នៃ​ការ​កើត​ជាថ្មី​ប៉ុណ្ណោះ​ទេ ​ដែល​នឹង​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​មានជីវិត (អេភេសូ ២ៈ១-៣)។ ដោយ​សារ​គ្រីស្ទ​សាសនា​សេរី​និយម​មិន​ជឿ​ថា​ មាន​អ័ដាម​ និង​អេវ៉ា​ពិត ពួកគេ​ក៏​មិន​ជឿ​លើ​ការ​ធ្លាក់​ចុះ​របស់​មនុស្ស​ ឬ​ថា សេចក្ដី​ស្លាប់​របស់​មនុស្ស បាន​មក​តាមរយៈ​អំពើ​បាប​នោះ​ទេ។
ពួកគេ​ជឿ​ថា ព្រះគម្ពីរ​មិនមែន​ជា​ការ​សម្ដែង​ពី​ព្រះ​ទេ។ ព្រះ​គម្ពីរ​គ្រាន់​តែ​ជា​សៀវភៅ​របស់​មនុស្ស ដែល​បាន​មក​ដល់​យើង​តាម​ដំណើរ​ធម្មជាតិ​តែប៉ុណ្ណោះ។ ដូច្នេះ​វា​ពោរ​ពេញ​ទៅ​ដោយ​កំហុស​ ហើយ​មិន​រស់​ និង​មាន​អំណាច​ទេ។
ពួកគេ​ជឿ​ថា ព្រះយេស៊ូវ​មិន​បាន​កើត​ពី​ក្រមុំ​ព្រហ្មចារី​នោះ​ទេ។
ពួកគេ​ជឿ​ថា ព្រះយេស៊ូវ​មិនបាន​លោះ​យើង​នៅ​លើ​ឈើ​ឆ្កាង​ទេ។ គ្រីស្ទ​សាសនា​សេរី​និយម​មិន​ជឿ​ថា​ ការ​សុគត​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​ គឺ​ជា​ការ​សុគត​ជំនួស​អំពើ​បាប​របស់​មនុស្ស​ជាតិ​ទេ។ ពួក​គេ​ជឿ​ថា ព្រះ​គ្រីស្ទ​បាន​សុគត ​ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ ហើយ​ផ្តល់​ជា​គំរូ​សម្រាប់​យើង​ធ្វើ​តាម ​មិន​មែន​ដើម្បី​លោះ​យើង​ពី​អំពើ​បាប​ឡើយ។

ពួកគេ​ជឿ​ថា ព្រះ​កាយ​របស់​ព្រះយេស៊ូវ​មិន​បាន​រស់​ពី​សុគត​ឡើង​វិញ​ទេ។ ពួក​គេ​អះអាង​ថា គេ​នៅ​ជឿ​លើ​ការ​រស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ ​ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ចង់​មាន​ន័យ​គឺ​ថា វិញ្ញាណ​របស់​ទ្រង់​បាន​បន្ត​រស់នៅ តែ​ព្រះ​កាយ​របស់​ទ្រង់​នៅ​តែ​ស្ថិត​ក្នុង​ផ្នូរ​ហើយ​រលួយ​ទៅ។ នៅ​ពេល​ពួក​គេ​និយាយ​ថា ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ ពួក​គេ​ចង់​មាន​ន័យ​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ​ក្នុង​ចិត្ត​យើង។

ពួកគេ​ជឿ​ថា ការ​សង្គ្រោះ​គឺ​ដោយ​អំពើ​ល្អ​របស់​យើង។ ការ​សង្គ្រោះ​កើត​ឡើង​ចំពោះ​យើង​ដោយ​ការ​ដែល​យើង​យក​តម្រាប់​តាម​ជីវិត​របស់​ព្រះ​គ្រីស្ទ។ ផ្លូវ​សង្គ្រោះ​នៅ​ក្នុង​គ្រីស្ទ​សាសនា​សេរី​និយម​ គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​សង្គ្រោះ​នៅ​ក្នុង​សាសនា​នៅ​តំបន់​អា​ស៊ី​របស់​យើង​ដែរ៖ «ធ្វើ​ល្អ​ បាន​ល្អ»។ គ្រីស្ទ​សាសនា​សេរី​និយម​ចាប់​ផ្តើម​ដោយ «យើង​ត្រូវ​តែ​…»។ តែ​គ្រីស្ទ​សាសនា​ពិត​ចាប់​ផ្តើម​នឹង «ព្រះ​បាន​ធ្វើ…»។ គ្រីស្ទ​សាសនា​សេរី​និយម​និយាយ​ថា ព្រះ​ជា​ព្រះវរបិតា ជា​ឪពុក​របស់​មនុស្ស​ជាតិ​ទាំង​អស់។ ដូច្នេះ​នៅ​ទី​បំផុត​មនុស្ស​គ្រប់​គ្នា​ នឹង​ត្រូវ​បាន​សង្គ្រោះ​ ទោះ​ជា​ពួក​គេ​មិន​បាន​ឮ និង​ជឿ​លើ​ដំណឹង​ល្អ​ក៏ដោយ នេះ​គេ​ហៅ​ថា (សកល​និយម Universalism)។

ពួកគេ​ជឿ​លើ​សេរីភាព​ខាង​ផ្លូវ​ភេទ។ សព្វ​ថ្ងៃ​នេះ​ពួក​គ្រីស្ទ​សាសនា​សេរី​និយម យល់​ស្រប​ជា​មួយ​លោកិយ​ថា ទំនាក់​ទំនង​ភេទ​ដូច​គ្នា ​គឺ​គាប់​ព្រះ​ហទ័យ​ព្រះ​ ហើយ​ការ​ផ្លាស់​ប្តូរ​ភេទ​របស់​មនុស្ស​ក៏​ល្អ​ដែរ។ អ្នក​ដើរ​តាម​គ្រីស្ទ​សាសនា​សេរីនិយម ​ភាគ​ច្រើន​ក៏​មិន​ប្រឆាំង​នឹង​អំពើ​អសីលធម៌​ផ្លូវភេទ ការលែងលះ និង​ការ​រំលូត​កូន​ដែរ។

គ្រីស្ទ​សាសនា​ពិត គឺ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ
ពួក​គ្រីស្ទ​សាសនា​សេរីនិយម​ចង់​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា គ្រីស្ទ​សាសនា​ គឺ​ជា​អ្វី។ គំនិត​នេះ​មាន​បញ្ហា​ ពី​ព្រោះ​គ្រីស្ទ​សាសនា គឺ​ជា​សាសនា​ពឹង​ផ្អែក​លើ​ប្រវត្តិ​សាស្ត្រ គឺ​ប្រវត្តិសាស្ត្រ​ពិត ​អំពី​មនុស្ស​ពិត​ ដែល​បាន​សរសេរ​ឯកសារ​ពិត​ និង​គោល​ជំនឿ​ពិត។ ប្រសិន​បើ​នរណា​ម្នាក់​ចង់​បង្កើត​គ្រីស្ទ​សាសនា​ថ្មី​ទាន់​សម័យ គាត់​មាន​សេរី​ភាព​ក្នុង​ការ​ធ្វើ​ដូច្នេះ ប៉ុន្តែ​គាត់​មិន​អាច​ហៅ​ថា គ្រីស្ទ​សាសនា​បាន​ទេ។ គ្រីស្ទ​សាសនា​សេរីនិយម​មិនមែន​ជា​គ្រីស្ទ​សាសនា​ពិត​ទេ។ គ្រីស្ទ​សាសនា​សេរី​និយម​មាន​គោល​លទ្ធិ​ផ្សេង មាន​ទស្សនៈ​អំពី​មនុស្ស​ជាតិ​ផ្សេង មាន​ព្រះគ្រីស្ទ​ផ្សេង (ដែល​មិន​បាន​រស់​ពី​សុគត​ឡើង​វិញ!) ហើយ​និង​ផ្លូវ​សង្គ្រោះ​ផ្សេង​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​ល្អ។ គ្រីស្ទ​សាសនា​ពិត គឺ​ពឹងផ្អែក​លើ​ប្រវត្តិ​សាស្ត្រ ហើយ​ព្រឹត្តិការណ៍​នៃ​ប្រវត្តិសាស្ត្រ​នោះ មិន​អាច​ផ្លាស់ប្ដូរ​ទេ។ ឧទាហរណ៍​ ជា​ការ​ពិត​នៃ​ប្រវត្តិ​សាស្ត្រ​ដែល​សម្តេច​សីហនុ​ ទាមទារ​ឯក​រាជ្យ​កម្ពុជា​ពី​បារាំង​នៅ​ឆ្នាំ​១៩៥២។ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​និយាយ​ថា រឿង​នេះ​មិន​បាន​កើត​ឡើង​នោះ​ទេ ព្រោះ​វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ។ ដូច​គ្នា​ដែរ​គ្រីស្ទ​សាសនា​សេរីនិយម​មិន​មាន​សិទ្ធិ​ផ្លាស់​ប្តូរ​គ្រីស្ទ​សាសនា​ពិត​ទេ។ ពីព្រោះ​វា​ជា​សាសនា​មាន​ប្រវត្តិ​សាស្ត្រ​ជា​មូលដ្ឋាន។

តើ​សាសនា​របស់​ព្រះយេស៊ូវ​ ខុស​ពី​សាសនា​របស់​សាវក​ប៉ុល​ឬ?
គ្រីស្ទ​បរិស័ទ​សេរីនិយម​ខ្លះ​និយាយ​ថា ពួក​គេ​ចូល​ចិត្ត​របៀប​សាសនា​របស់​ព្រះ​យេស៊ូវ ប៉ុន្តែ​មិន​មែន​ការ​បង្រៀន​របស់​លោក​ប៉ុល​ទេ។ ពួក​គេ​និយាយ​ថា ព្រះ​យេស៊ូវ​បាន​បង្ហាញ​ផ្លូវ​ជីវិត​ដល់​យើង​ ប៉ុន្តែ​ក្រោយ​មក​សាវក​ប៉ុល បាន​ណែ​នាំ​មក​នូវ​សាសនា​តឹងរ៉ឹង នៃ​គោល​លទ្ធិ​វិញ។ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​បង្ហាញ​ថា គោលលទ្ធិ​គ្រីស្ទ​សាសនា​ បាន​មក​ពី​ព្រះយេស៊ូវ​ និង​ពួក​សាវក​ដើម។
ឧទាហរណ៍​នៅក្នុង​១កូរិនថូសជំពូក ១៥ លោក​ប៉ុល​កំពុង​ពិភាក្សា​អំពី​គោល​លទ្ធិ​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ។ គ្រូ​ក្លែង​ក្លាយ​ខ្លះ​បង្រៀន​ថា ព្រះ​យេស៊ូវ​មិន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ​ទេ។ តើ​លោក​ប៉ុល​បាន​ឆ្លើយតប​ដូចម្ដេច? តើ​គាត់​បាន​ថា «ទោះ​បី​ជា​ រូប​កាយ​របស់​ព្រះ​យេស៊ូវ​រស់​ពី​សុគត​ ឬ​អត់ ​មិន​សំខាន់​ទេ ឲ្យ​តែ​ទ្រង់​រស់​ក្នុង​ចិត្ត​យើង ហើយ​យើង​ព្យាយាម​រស់​នៅ​តាម​គំរូ​ទ្រង់»? អត់ទេ! លោក​ប៉ុល​បាន​និយាយ​នៅ​១កូរិនថូស ១៥ៈ៣-៧ ថា​ ក្រុមជំនុំ​របស់​ព្រះ​គ្រីស្ទ ​បាន​ទទួល​ដំណឹង​ល្អ​អំពី​ការ​សុគត ការ​បញ្ចុះសព និង​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ ពី​ព្រះ​គ្រីស្ទ​ផ្ទាល់ និង​ពី​អ្នក​ជឿ​ដំបូង​បង្អស់។ លោក​ប៉ុល​ថែមទាំង​និយាយ​ថា អ្នក​ណា​ដែល​បដិសេធ​ដំណឹង​ល្អ​នេះ នោះ​មិន​អាច​ទទួល​បាន​សេចក្តី​សង្គ្រោះ​ទេ!

សាស្ត្រាចារ្យ ជេ ក្រេសាំ មេចិន (J. Gresham Machen) បាន​ពន្យល់​អំពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​និង​គោលជំនឿ​ដោយ​របៀប​នេះ៖ «តាំង​ពី​ដំបូង ដំណឹង​ល្អ​នៃ​គ្រីស្ទ​សាសនា​…ជា​កំណត់ត្រា​អំពី​ព្រឹត្តិការណ៍​ដែល​ពិត​ជា​បាន​កើត​ឡើង [ក្នុង​ប្រវត្តិ​សាស្ត្រ]។ ហើយ​តាំង​ពី​ដំបូង​ដែរ ​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​ប្រកាស​ដែរ។ ពេល​ដែល​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​ប្រវត្តិ​ដែល​បាន​កើត​ឡើង​ ត្រូវ​បាន​ប្រកាស នោះ​ហើយ​ជា​គោលលទ្ធិ​គ្រីស្ទ​សាសនា។ <ព្រះ​គ្រីស្ទ បាន​សុគត> នោះ​ហើយ​ជា​ប្រវត្តិ​សាស្ត្រ។ <ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​អំពើ​បាប​របស់​យើង> នោះ​ហើយ​ជា​គោលលទ្ធិ» (Machen 28)។ តាំងពី​សេចក្ដី​អធិប្បាយ​ដំបូង​បំផុត​នៅ​ក្នុង​កិច្ចការ ២ ​ពួក​សាវក​បាន​ប្រកាស​ពី​ការ​ពិត​ នៃ​ការ​សុគត​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ។ សាវក​ប៉ុល​មិន​បាន​បន្ថែម​អ្វី​ទៅ​ក្នុង​ការ​បង្រៀន​ដើម​នេះ​នោះ​ទេ។

និកាយ​គ្រីស្ទ​សាសនា​សេរីនិយម
នៅ​ក្រោម​ជា​បញ្ជី​មួយ​ផ្នែក​ នៃ​និកាយ​ដែល​អាច​ហៅ​ថា ​គ្រីស្ទ​សាសនា​សេរី​និយម។ ខ្ញុំ​អរគុណ​ព្រះ​អង្គ​ ដែល​មិនមែន​ក្រុម​ជំនុំ​ទាំងអស់​ក្នុង​និកាយ​ទាំង​នេះ​ ជា​ក្រុម​គ្រីស្ទ​សាសនា​សេរីនិយម​ទេ (សូម​ព្រះ​ជា​ម្ចាស់​ជួយ​គ្រីស្ទ​បរិស័ទ​ស្មោះត្រង់​ដែល​នៅ​មាន)។ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​នៃ​និកាយ​នេះ​ ភាគ​ច្រើន​ ខាង​គ្រីស្ទ​សាសនា​សេរី​និយម​ ទាំង​សាលា​ព្រះគម្ពីរ និង​ក្រុមជំនុំ​ដែរ។ សូម​កុំ​ភ្លេច​ថា និកាយ​ទាំង​នេះ​ភាគ​ច្រើន​ នៅ​តែ​មាន​សេចក្តី​ថ្លែង​ការណ៍​គោល​ជំនឿ​ត្រឹមត្រូវ (ដែល​សេសសល់​ពី​ជំនាន់​មុន) ប៉ុន្តែ​ការ​សម្រេច​ចិត្ត និង​ជំនឿ​សព្វថ្ងៃ​នេះ​របស់​ថ្នាក់​ដឹក​នាំ​បាន​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត។ (បើ​បញ្ជី​ខាង​ក្រោម​នេះ​មាន​កំហុស សូម​ជួយ​ប្រាប់​យើង​ខ្ញុំ​ផង)

Episcopal Church in the United States Presbyterian Church (USA)
Evangelical Lutheran Church in America United Church of Christ
Evangelical Lutheran Church of Canada Church of the Brethren
United Church of Canada Unitarian Church
Uniting Church of Australia Methodist Church of Great Britain
Lutheran State Churches in Germany Church of Sweden
Evangelical Lutheran Church of Finland Church of Iceland
Church of Denmark Church of Norway
United Protestant Church of France Church of Scotland
United Protestant Church in Belgium Swiss Reformed Church
United Reformed Church of Great Britain ។ល។

មាន​និកាយ​ផ្សេង​ទៀត​ដែល​កំពុង​ឈាន​ទៅ​ជិត​គ្រីស្ទ​សាសនា​សេរី​និយម​ដែរ​ ដូច​ជា​ យូណៃធីត មេតូឌីស (United Methodist Church)។ មាន​តែ​សាខា​ដែល​អភិរក្ស​និយម​ ពី​អាហ្វ្រិក និង​អាស៊ី ដែល​រា​រាំង​និកាយ​នេះ កុំ​ឲ្យ​បាត់បង់​ជំនឿ​ត្រឹមត្រូវ​ទាំង​អស់ ហើយ​ក្លាយ​ជា​និកាយ​គ្រីស្ទ​សាសនា​សេរី​និយម​ទាំងស្រុង។ សូម​ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​ ដល់​ពួកជំនុំ​ និង​អ្នក​ដឹកនាំ​ស្មោះត្រង់​នៅ​ទ្វីប​អាហ្វ្រិក​ អាស៊ី​ និង​អាមេរិក​ខាង​ត្បូង​ ដែល​កំពុង​រក្សា​សេចក្តី​ពិត​ ខណៈ​ដែល​ក្រុមជំនុំ​នៅ​អឺរ៉ុប​ និង​អាមេរិក​ខាង​ជើង ​កំពុង​ងាក​ចេញ​ពី​សេចក្ដី​ពិត​របស់​ព្រះ។ (នៅ​ឆ្នាំ ២០២១ និកាយ​យូណៃធីត​ មេតូឌីស្ទ​ ទូទាំង​ពិភព​លោក​បាន​ប្រកាស​ថា​ ពួក​គេ​មាន​ផែន​ការ​បំបែក​និកាយ​ជា​ពីរ មួយ​គ្រីស្ទ​សាសនា​សេរីនិយម និង​មួយ​ទៀត គ្រីស្ទ​សាសនា​ដែល​ជឿ​លើ​ដំណឹង​ល្អ​ពិត)។

មុខ​ពូថៅ
តើ​អ្វី​ជា​មុខ​ពូថៅ​ដែល​នាំ​ឲ្យ​គ្រីស្ទ​សាសនា​សេរីនិយម​ទទួល​បាន​ជោគជ័យ​ក្នុង​និកាយ​ជាច្រើន? តើ​មេដឹកនាំ​នៃ​គ្រីស្ទ​សាសនា​សេរីនិយម​ បាន​បន្ត​រក្សា​ឋានៈ​ដឹកនាំ​របស់​គេ​យ៉ាងដូចម្ដេច ប្រសិនបើ​ពួកគេ​បាន​បោះបង់​ចោល​គោល​លទ្ធិ​គ្រីស្ទ​សាសនា​ពិត​រួច​ទៅ​ហើយ​នោះ? ពីព្រោះ​ដូចជា​ក្រុម​ខុស​ឆ្គង​ដែរ​ ពួកគេ​នៅ​ប្រើ​ពាក្យ​ដូចគ្នានឹង​ពួក​គ្រីស្ទបរិស័ទ​ដែល​ស្មោះត្រង់​ដែរ ដូច​ជា ការ​រស់​ឡើងវិញ សេចក្ដី​សង្គ្រោះ​ ដំណឹង​ល្អ​ ព្រះ​យេស៊ូវ ព្រះ​គម្ពីរ​ ប៉ុន្តែ​បាន​ឲ្យ​អត្ថន័យ​ថ្មី​សម្រាប់​ពាក្យ​ទាំង​នោះ។ ការ​បោកបញ្ឆោត​បែប​នេះ ​គឺជា​មុខ​ពូថៅ​របស់​គ្រីស្ទ​សាសនា​សេរីនិយម។
ការ​បោកប្រាស់​នេះ​ ធ្វើ​ឲ្យ​គ្រូ​គង្វាល​ពិបាក​ដឹង​ថា​ សិក្ខាសាលា​ ឬ​មហាវិទ្យាល័យ​ព្រះ​គម្ពីរ​ដែល​គាត់​ចង់​ចូល​រៀន​នោះ ត្រឹមត្រូវ​នឹង​ព្រះបន្ទូល​របស់​ព្រះ ​ឬ​អត់។  ​គាត់​ត្រូវតែ​សួរ​សំណួរ​ជាក់លាក់​ដូចជា «តើ​សាលា​នេះ​មាន​សាស្ត្រាចារ្យ​ខ្លះ​ដែល​ជឿ​ថា ​ព្រះ​គម្ពីរ​មាន​កំហុស​ឬ​ទេ?» ​ឬ ​«តើ​សាលា​នេះ​មាន​សាស្ត្រាចារ្យ​ខ្លះ​ដែល​ជឿ​ថា​ រូបកាយ​របស់​ព្រះ​យេស៊ូវ​ មិន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ទេ?» ។ល។
ប្រ​សិន​បើ​អ្នក​ដឹក​នាំ​សេរី​និយម ក្នុង​និកាយ ក្រុមជំនុំ និង​សាលា​គម្ពីរ​មាន​ភាព​ស្មោះ​ត្រង់​ នោះ​ពួក​គេ​នឹង​ប្រកាស​ដល់​មនុស្ស​គ្រប់​គ្នា​ថា ពួក​គេ​លែង​ជឿ​លើ​គោល​លទ្ធិ​គ្រីស្ទ​បរិស័ទ​ដើម​ទៀត ហើយ​ ហើយ​ពួក​គេ​នឹង​ចាក​ចេញ​ពី​និកាយ​គ្រីស្ទ​សាសនា​របស់​គេ ហើយ​បង្កើត​ក្រុមជំនុំ​សេរីនិយម​របស់​គេ។ ប៉ុន្តែ​ពួក​គេ​នឹង​មិន​ធ្វើ​បែប​នេះ​ទេ។ ពួក​គេ​មិន​អាច​បង្កើត​ក្រុមជំនុំ​សេរី​និយម​បាន​ទេ ​ពីព្រោះ​គ្រីស្ទ​សាសនា​សេរី​និយម​គ្មាន​ដំណឹង​ល្អ​ដើម្បី​ប្រកាស​ទេ។ ​គ្រីស្ទ​សាសនា​សេរី​និយម​ ប្រៀប​ដូច​ជា​មេរោគ​គ្រុន​ចាញ់ ដែល​អាច​រស់​ដោយសារ​តែ​ស៊ី​អ្វី​ដែល​នៅ​សេសសល់​ពី​ក្រុម​ជំនុំ​គ្រីស្ទ​សាសនា​ពិត​ រហូត​ដល់​វា​បាន​ស៊ី​យក​ជីវិត​ទាំង​អស់​ចេញ​ពី​ក្រុមជំនុំ​នោះ។ ដូច្នេះ​ពួក​គ្រីស្ទ​បរិស័ទ​សេរីនិយម​ នឹង​បន្ត​ការ​បោក​បញ្ឆោត​ពួកជំនុំ ដោយ​ប្រើ​ប្រាស់​ពាក្យ​ដែល​គ្រីស្ទ​សាសនា​ប្រើ ប៉ុន្តែ​បង្វែរ​អត្ថន័យ​របស់​ពាក្យ​នោះ ដើម្បី​បោកប្រាស់​សមាជិក​ស្មោះត្រង់​ក្នុង​ក្រុម​ជំនុំ។ ពួក​គេ​ដឹង​ថា ប្រសិន​បើ​ពួក​គេ​ស្មោះ​ត្រង់​ ហើយ​ប្រាប់​សមាជិក​នូវ​អ្វី​ដែល​ពួក​គេ​ពិត​ជា​ជឿ​ ពួក​គេ​នឹង​បាត់​បង់​ការ​ងារ​ មុខរបរ​របស់​ពួកគេ។ ការ​បោក​ប្រាស់​ប្រភេទ​នេះ​ គឺ​មក​ពី​អារក្ស​សា​តាំង​ផ្ទាល់។
(ជំពូក​នេះ​ពឹង​ផ្អែក​លើ​សៀវភៅ Christianity and Liberalism [គ្រីស្ទ​សាសនា និង សាសនា​សេរីនិយម], J. Gresham Machen, McMillen, NY 1923. https://www.extremetheology.com/files/MachenLiberalism.pdf)

តើ​ព្រះ​អាច​សង្គ្រោះ​គ្រីស្ទបរិស័ទ​សេរី​និយម​បាន​ដែរ​ឬ​ទេ?
លោក​បណ្ឌិត​ ថូម៉ាស​ ស៊ី អូដិន (Thomas C. Oden) គឺ​ជា​អ្នក​ទេវវិទូ​ជាន់​ខ្ពស់​នៃ​ពួក​ជំនុំ​យូណៃធីត​ មេតូឌីស​ (United Methodist Church) នៅ​ចុង​សតវត្សរ៍​ទី២០។ ក្នុង​នាម​ជា​អ្នក​ទេវវិទ្យា​សេរីនិយម ​គាត់​បាន​បដិសេធ​គោល​លទ្ធិ​ស្ទើរ​តែ​ទាំង​អស់​ក្នុង​គ្រីស្ទ​សាសនា​ពិត​ រួម​ទាំង​គោល​លទ្ធិ​ អំពី​ការ​ប្រោស​លោះ និង​ការ​រស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ។ គាត់​បាន​បង្រៀន​ថា គោល​បំណង​នៃ​ដំណឹង​ល្អ​ គឺ​ដើម្បី​រំដោះ​យើង​ពី​ការ​ជិះ​ជាន់​ផ្នែក​សេដ្ឋកិច្ច មិន​មែន​ដើម្បី​ជួយ​សង្គ្រោះ​យើង​ពី​អំពើ​បាប​ និង​ស្ថាននរក​ទេ។ យូរ​ឆ្នាំ​ក្រោយ​មក​គាត់​បាន​ទទួល​ស្គាល់​ថា សម្រាប់​ពាក់​កណ្តាល​ដំបូង​នៃ​ជីវិត​របស់​គាត់ «គាត់​ស្រឡាញ់​គ្រីស្ទ​សាសនា​ខុសឆ្គង» គឺ​គាត់​ស្រឡាញ់​ការ​បង្រៀន​ក្លែងក្លាយ ហើយ​បាន​បដិសេធ​ការ​បង្រៀន​របស់​ព្រះ​គ្រីស្ទ និង​ពួក​សាវក។
ប៉ុន្តែ​នៅ​ប្រហែល​ឆ្នាំ ១៩៧០ គាត់​បាន​ចាប់​ផ្តើម​សិក្សា​សៀវភៅ និង​សេចក្តី​អធិប្បាយ​ របស់​គ្រូ​គង្វាល​គ្រីស្ទ​សាសនា​នានា​នៃ​ក្រុមជំនុំ​ដំបូង ​ដូចជា លោក អាថាណាស៊ីយុស (Athanasius) អហ្គឺស្ទីន (Augustine) ប៉ូលលីខាប (Polycarp) និង អ៊ីរ៉េនេអ៊ូស (Irenaeus) ហើយ​រាប់​សិប​នាក់​ទៀត។ គាត់​បាន​ឃើញថា ​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ទាំង​នេះ​ បាន​ជឿ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​គ្រីស្ទ និង​ពួក​សាវក​បាន​បង្រៀន​ ហើយ​ថា ពួក​គេ​បាន​ផ្តល់​ភ័ស្តុតាង​ដ៏​មាន​ឥទ្ធិពល​ថា​ គ្រីស្ទ​សាសនា​ អូស្សូដក់​ (ត្រឹមត្រូវ) គឺ​ជា​គ្រីស្ទ​សាសនា​ពិត​តែ​មួយ។ គាត់​ចាប់​ផ្តើម​នឹក​ឃើញ​ថា ការងារ​របស់​គ្រូបង្រៀន​គ្រីស្ទ​សាសនា មិន​មែន​ដើម្បី​បង្កើត​គំនិត​ថ្មី​ទេ ប៉ុន្តែ​ដើម្បី​ «ការពារ​សេចក្តី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច» (យូដាស ៣) និង​ប្រកាន់​ខ្ជាប់​នូវ «អ្វី​ដែល​អ្នក​បាន​ឮ​ពីដើម​មក» (១យ៉ូហាន ២ៈ២៤)។ គាត់​បាន​កែ​ប្រែ​ចិត្ត​ពី​ដំណឹង​ល្អ​ក្លែងក្លាយ​ និង​ព្រះ​គ្រីស្ទ​ក្លែងក្លាយ​របស់​គាត់​ ហើយ​បាន​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ពិត។ គាត់​បាន​ចំណាយ​ពេល​ ៤០ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់​ ដើម្បី​បង្រៀន​ដំណឹង​ល្អ​ពិត​របស់​ព្រះ​គ្រីស្ទ​ និង​ពួក​សាវក​ដូច​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។ ពិតមែន​ ព្រះ​អាច​សង្គ្រោះ​គ្រីស្ទ​បរិស័ទ​សេរីនិយម​! (ជីវប្រវត្តិ​របស់​លោក​ ថូម៉ាស អូដិន៖ A Change of Heart [ការ​ផ្លាស់​ប្តូរ​ចិត្ត] Thomas C. Oden, IVP, ២០១៤)។

តើ​ព្រះ​អាច​សង្គ្រោះ​និកាយ​ដែល​បាន​ក្លាយ​ជា​សេរីនិយម​បាន​ដែរ​ឬ​ទេ​?
សម្ព័ន្ធ​បាបទីស្ទ​ខាង​ត្បូង (SBC) គឺ​ជា​និកាយ​ប្រូតេស្តង់​ដ៏​ធំ​ជាង​គេ​នៅ​អាមេរិក។ អស់​រយៈ​ពេល​ ៥០​ឆ្នាំ​ដំបូង​នៃ​និកាយ​នោះ ​ពួកជំនុំ និង​អ្នក​ដឹក​នាំ​នៃ​និកាយ​នោះ​បាន​ជឿ​លើ «សេចក្តី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច » (យូដាស ៣)។ ប៉ុន្តែ​បន្តិច​ម្តងៗ ដូច​ជា​មហា​រីក​ ជំនឿ​សេរី​និយម​បាន​ចាប់​ផ្តើម​រីក​រាល​ដាល​ក្នុង​និកាយ​SBC។ ដល់​ឆ្នាំ១៩៨០ អ្នក​ដឹក​នាំ​ភាគច្រើន​ និង​សា​លា​ព្រះគម្ពីរ​ទាំង​អស់​ បាន​ក្លាយ​ជា​សេរី​និយម​ហើយ។ ជា​រៀង​រាល់​ឆ្នាំ​សាស្ត្រាចារ្យ​ពី​សាលា​ព្រះគម្ពីរ ត្រូវ​​បាន​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា ​លើ​សេចក្តី​ថ្លែង​ការ​គោលលទ្ធិ​ ដើម្បី​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​ជឿ​លើ​គោលជំនឿ​ត្រឹមត្រូវ។ ពួកគេ​ទាំង​អស់​បាន​ចុះ​ហត្ថ​លេខា​លើ​វា​ ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​បាន​ចុះ​ហត្ថ​លេខា​ដោយ​បោក​បញ្ឆោត​ ព្រោះ​តាម​ពិត​ពួក​គេ​មិន​ជឿ​លើ​អ្វី​ដែល​ពួក​គេ​កំពុង​ចុះ​ហត្ថលេខា​នោះ​ទេ។
វា​ហាក់​ដូច​ជា​យឺត​ពេល​ហើយ ក្នុង​ការ​ជួយ​សង្គ្រោះ​និកាយ​នោះ ពី​លទ្ធិ​សេរី​និយម។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧៩ ​គ្រូគង្វាល​មួយ​ក្រុម ​បាន​ចាប់​ផ្តើម​អធិស្ឋាន និង​ធ្វើ​ការ ​ដើម្បី​នាំ​និកាយ​របស់​ពួក​គេ​ ឲ្យ​ត្រឡប់​ទៅ​ដំណឹងល្អ​ពិត​វិញ។ ពួកគេ​បាន​ដឹង​ថា ជាង ៥០% នៃ​សមាជិក​ពួក​ជំនុំ​ធម្មតា​ នៅ​តែ​ជឿ​លើ​ព្រះគម្ពីរ និង​ដំណឹង​ល្អ។ ពួក​គេ​ថា «ហេតុ​អ្វី​បាន​ជា​អ្នក​ភាគ​តិច​ដែល​មិន​ជឿ​លើ​ដំណឹង​ល្អ​ ដឹក​នាំ​និកាយ​ទាំង​មូល​ចេញ​ពី​ព្រះ​យ៉ាង​ដូច្នេះ?»។ ដូច្នេះ​រយៈ​ពេល១៥ ឆ្នាំក្រោយ​មក ក្រុម​នេះ​បាន​អធិស្ឋាន និង​ព្យាយាម​ ឲ្យ​និកាយ​របស់​គេ​បោះឆ្នោត​ជ្រើសរើស​អ្នក​ជឿ​លើ​ព្រះ​គម្ពីរ​ពិត​ ឲ្យ​កាន់​តំណែង​ជា​អ្នក​ដឹកនាំ។ បន្ទាប់​មក​ពួក​គេ​រក​សាស្ត្រាចារ្យ​ដែល​ជឿ​ព្រះ​គម្ពីរ​ជំនួស​អ្នក​ដែល​មិន​បាន​ជឿ។ ការ​នេះ​មិន​ងាយ​ស្រួល​នោះ​ទេ។ ពួក​សេរី​និយម​ក្នុង​និកាយ​បាន​ចោទ​ប្រកាន់​ពួក​គេ​ថា ពួកគេ​ចង់​លួច​និកាយ​នេះ​ ទោះ​បី​ជា ​ពួក​សេរី​និយម​ដែល​បាន​លួច​និកាយ​៥០​ឆ្នាំ​មុន​ក៏​ដោយ។ ពួក​សេរី​និយម​ក៏​ចោទ​ប្រកាន់​ទៀត​ថា ពួកគេ​បាន​បំផ្លាញ​ការ​រួបរួម​គ្នា។ តាមពិត​គឺ​គ្រូ​ខុសឆ្គង​ដែល​បាន​បំបាក់​បំបែក​ការ​រួបរួម​គ្នា ដោយ​គោលជំនឿ​ថ្មី។ ទី​បញ្ចប់​បន្ទាប់​ពី​ការ​តស៊ូ ២០​ឆ្នាំ និកាយ​បាទីស្ទ​ភាគ​ខាង​ត្បូង​ គឺ​ជា​ពួក​ជំនុំ​ដែល​ជឿ​លើ​ដំណឹង​ល្អ និង​ព្រះគម្ពីរ​ឡើង​វិញ។
នៅ​ពេល​នោះ​គ្រូគង្វាល និង​ពួកជំនុំ​សេរីនិយម​ភាគ​ច្រើន​បាន​ចាក​ចេញ​ពី​និកាយ​នោះ។ ប៉ុន្តែ ​នោះ​គឺ​ជា​ការ​ដែល​គួរ​កើត​ឡើង។ គ្រីស្ទ​បរិស័ទ​ស្មោះត្រង់​គួរ​នៅ​ ហើយ​អ្នក​ដែល​មាន​គោល​លទ្ធិ​ថ្មី គួរ​តែ​ចាក​ចេញ​ ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុមជំនុំ​របស់​សាវក​យ៉ូហាន៖ «គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សំដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ» (១យ៉ូហាន ២ៈ១៩)។ ពិត​មែន! ព្រះ​អាច​សង្គ្រោះ​ ក្រុមជំនុំ និង​និកាយ​សេរី​ និយម​បាន!

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចិត្តស្លូតបូត

បន្ទាល់អំពីព្រះបុត្រា