ប្រវត្តិ
អាន់ សាំងហុង បានទទួលបុណ្យជ្រមុជទឹកពីក្រុមជំនុំ Seventh Day Adventist នៅឆ្នាំ១៩៥៤ ប៉ុន្តែក្រោយមកគាត់ត្រូវគេបណ្ដេញចេញនៅឆ្នាំ១៩៦២ ហើយគាត់បានបង្កើតសាសនារបស់គាត់ផ្ទាល់វិញ។ កាលដែលគាត់នៅមានជីវិត អាន់ សាំងហុង (Ahn Sahng-Hong) មិនដែលអះអាងថា ខ្លួនជាព្រះគ្រីស្ទនោះទេ។ ហើយគាត់ក៏បានបដិសេធជាសាធារណៈនូវការបង្រៀនថា មាន «ព្រះមាតា»ដែរ។ ប៉ុន្តែក្រោយគាត់ស្លាប់ដោយស្ទះសរសៃឈាម និងគាំងបេះដូង នៅឆ្នាំ១៩៨៥ ក្រុមខុសឆ្គងរបស់គាត់បានបែកជាពីរ។ ផ្នែកមួយដែលហៅថា «សមាគមផ្សព្វផ្សាយពិភពលោកពួកជំនុំនៃព្រះ» បានអះអាងថា អាន់ សាំងហុង គឺជា«ព្រះវរបិតា» និងជាព្រះគ្រីស្ទសម្រាប់សម័យកាលរបស់យើង ហើយភរិយាខាងវិញ្ញាណរបស់គាត់ គឺ ហ្សាង គីល ចា (Zahng Gil Jah) ជា «ព្រះមាតា»។ នេះគឺជាពាក្យដែលដកស្រង់ពីលក្ខន្តិកៈជាផ្លូវការរបស់ពួកគេ៖ «យើងជឿលើសេចក្ដីពិតថា យើងនឹងត្រូវបានសង្គ្រោះដោយព្រះបិតាខាងវិញ្ញាណនៃស្ថានសួគ៌ អាន់ សាំងហុង ដែលបានយាងមកពិភពលោក ដូចដែលបានសរសេរនៅក្នុងព្រះគម្ពីរ និងដោយជឿលើកូនក្រមុំរបស់ព្រះវរបិតាស្ថានសួគ៌ ហ្សាង គីល ចា»។
ក្រុមខុសឆ្គងរបស់ អាន់ សាំងហុង ប្រើពាក្យ «ព្រះ ព្រះយេស៊ូវ ព្រះគ្រីស្ទ សេចក្ដីសង្គ្រោះ» ។ល។ ប៉ុន្តែមានអត្ថន័យខុសពីអត្ថន័យក្នុងព្រះគម្ពីរ។ ក្រុមប្រឹក្សាគ្រីស្ទបរិស័ទទាំងនេះនៅប្រទេសកូរ៉េខាងត្បូង បានចេញសេចក្ដីថ្លែងការថា ក្រុម អាន់ សាំងហុង ជាក្រុមខុសឆ្គង៖ Christian Council of Korea (ឆ្នាំ ២០០០) Daejeon Christian Council (ឆ្នាំ ២០០៧) Presbyterian Church of Korea (PCK Tonghap) (ឆ្នាំ ២០០២) PCK Hapshin (ឆ្នាំ ២០០៣) និង PCK Hapdon (ឆ្នាំ ២០០៨)។ មិនតែប៉ុណ្ណោះ បេសកជនទាំងអស់ដែលមកពីប្រទេសកូរ៉េក៏បដិសេធក្រុមនេះ និងក្រុមក្លែងក្លាយផ្សេងៗទៀតដែលមកពីកូរ៉េដែរ។
ជំនឿនៃបេសកកម្មពិភពលោកនៃព្រះ
ពួកគេជឿថា អាន់ សាំងហុង គឺជាព្រះគ្រីស្ទ។ គេហទំព័រ អាន់ សាំងហុង និយាយថា «ព្រះគ្រីស្ទ អាន់ សាំងហុងបានមកដល់ផែនដីហើយ បានបង្កើតក្រុមជំនុំរបស់ព្រះ ហើយបានបង្រៀនយើងថា មនុស្សទាំងអស់ គឺជាទេវតា ដែលបានមកផែនដី បន្ទាប់ពីបានធ្វើបាបនៅស្ថានសួគ៌»។ ពួកគេជឿថា ព្រះយេហូវ៉ា ជាព្រះអង្គសង្គ្រោះសំរាប់សម័យកាលសញ្ញាចាស់ ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះសំរាប់សម័យកាលគម្ពីរសញ្ញាថ្មី ហើយ «ព្រះគ្រីស្ទអាន់ សាំងហុង» ជាអ្នកសង្គ្រោះសំរាប់សម័យកាលបច្ចុប្បន្ន។
ប៉ុន្តែព្រះគម្ពីរមានបន្ទូលអំពីព្រះគ្រីស្ទថា «ព្រះអង្គនោះជាថ្ម ដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃគ្មាននាមឈ្មោះណាទៀត បានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤ៈ១១-១២)។
ពាក្យ «គ្រីស្ទ» គឺជាភាសាក្រេក ដែលបកប្រែពាក្យហេព្រើរ(ជ្វីហ្វ)ថា «មែស៊ី»។ ក្នុងព្រះគម្ពីរងារ ព្រះមែស៊ី តែងតែសំដៅទៅលើស្តេចប្រទេសអ៊ីស្រាអែល។ ព្រះមែស៊ី ពិត(គ្រីស្ទ) ត្រូវតែជាពូជពង្សរបស់ស្តេចដាវីឌ ហើយទ្រង់ត្រូវតែបង្ហាញភ័ស្ដុតាងពីពង្សាវតារ ដូចព្រះគ្រីស្ទបានធ្វើនៅក្នុងលូកា ៣ៈ២៣-២៨។ ព្រះមែស៊ី (ព្រះគ្រីស្ទ) ត្រូវតែជាជនជាតិយូដា។ វាមិនអាចទៅរួចទេ ដែលព្រះមែស៊ីជាជនជាតិអាមេរិក ចិន ហ្វីលីពីន អាហ្វ្រិក ឬក៏ កូរ៉េ! ដូច្នេះ «គ្រីស្ទ អាន់ សាំងហុង» គឺក្លែងក្លាយហើយ។
ក្រុម អាន់ សាំងហុង ភ្លេចថា ព្រះយេស៊ូវ មិនមែនជាអ្នកសង្គ្រោះសម្រាប់តែសម័យកាលរបស់ទ្រង់ប៉ុណ្ណោះទេ តែជាអ្នកបង្កើតសកលលោក (ចក្រវាល)ទាំងមូល ហើយជាម្ចាស់នៃសម័យកាលទាំងអស់៖ «គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ» (យ៉ូហាន ១ៈ៣)។ «ដ្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង» (កូល៉ុស ១ៈ១៦)។
ពួកគេជឿថា ហ្សាង គីល ចា គឺជាព្រះមាតា។ ក្រុមខុសឆ្គង អាន់ សាំងហុង និយាយថា «សមាគមផ្សព្វផ្សាយពិភពលោកពួកជំនុំនៃព្រះ ជឿលើព្រះមាតា»។ ពួកគេក៏និយាយដែរថា «ដូចជាជីវិតខាងរូបកាយរបស់យើង គឺបានមកតាមរយៈម្ដាយខាងសាច់ឈាមរបស់យើង ឯជីវិតខាងវិញ្ញាណរបស់យើង ក៏ត្រូវបានមកតាមរយៈម្ដាយខាងវិញ្ញាណរបស់យើងដែរ។ ព្រះគម្ពីរធ្វើបន្ទាល់យ៉ាងច្បាស់ថា មានមាតាស្ថានសួគ៌របស់យើង ហើយថា មានតែមាតាស្ថានសួគ៌របស់យើងប៉ុណ្ណោះ ដែលអាចប្រទានជីវិតអស់កល្បជានិច្ចដល់យើងបាន»។ ឃ្លាយោងនេះកំពុងសំដៅទៅលើ«ភរិយា» របស់អាន់ សាំងហុង ដែលមានឈ្មោះថា សាង គីល ចា ដែលរស់នៅប្រទេសកូរ៉េ។ តែគាត់គឺជាមនុស្សធម្មតា មិនមែនជាព្រះទេ។ ព្រះគម្ពីរប៊ីបនិយាយអំពីព្រះដែលជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយនិងព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែបើអ្នកស្វែងរកក្នុងព្រះគម្ពីរសម្រាប់ពាក្យ «ព្រះមាតា» ឬ «មាតានៃស្ថានសួគ៌» នោះអ្នកនឹងមិនឃើញសោះ!។ ការជឿលើព្រះមាតា គឺជាការប្រមាថទាស់នឹងព្រះ។ សូម្បី អាន់ សាំងហុងផ្ទាល់ មុនស្លាប់ គាប់បានបដិសេធគំនិតដែលថា មានព្រះមាតា ឬថា ព្រះមានប្រពន្ធ។
តើសាសនាអាន់ សាំងហុង បានបង្វែរបទគម្ពីរយ៉ាងណា ដើម្បីបង្ហាញថា មាន «ព្រះមាតា»? ពួកគេធ្វើវាជាបីជំហាន។
១. សាសនា អាន់ សាំងហុង និយាយថា ដោយសារព្រះបានបង្កើតទាំងបុរស និងស្ត្រីនៅក្នុងរូបភាពរបស់ព្រះ (លោកុប្បត្ដិ ១ៈ២៧) នោះត្រូវតែមាន «ព្រះវរបិតា» សម្រាប់រូបរបស់អ័ដាម និង «ព្រះមាតា» សម្រាប់រូបរបស់អេវ៉ា។ បន្ទាប់មក ពួកគេនិយាយថា ព្រះមាតានោះជា ហ្សាង គីល ចា ។
ប៉ុន្តែក្នុងភាសាហេព្រើរលោកុប្បត្ដិ ១ៈ២៧ មានបន្ទូលថា «ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី»។ ពាក្យទាំងប្រាំមួយដែលខ្ញុំបានដាក់ពាក្យដិតនេះ នៅក្នុងភាសាហេព្រើរ គឺសំដៅទៅបុរស មិនមែនស្ត្រីទេ។ ពាក្យទាំងនេះសំដៅទៅលើព្រះតែមួយ មិនមែនព្រះជាបុរសមួយ និងព្រះជាស្ត្រីមួយនោះទេ។ មិនមាន «ព្រះមាតា»នៅក្នុងលោកុប្បត្ដិ១ ហើយក៏គ្មាននៅកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរដែរ។
២. សាសនា អាន់ សាំងហុង និយាយថា នៅពេលដែលសាវកប៉ុល បានហៅទីក្រុងយេរូសាឡិមថា «ម្តាយយើងទាំងអស់គ្នា» នៅក្នុងកាឡាទី ៤ៈ២៦ គាត់កំពុងសំដៅទៅលើ ហ្សាង គីល ចា គឺ «ព្រះមាតា»!
ប៉ុន្តែនៅពេលដែលអ្នកមើលកាឡាទី ៤ៈ២១-៣១ នោះអ្នកឃើញថា សាវក ប៉ុលកំពុងប្រើម្តាយពីរនាក់ គឺហាការ និងសារ៉ា ដើម្បីតំណាងឲ្យសម្ពន្ធមេត្រីពីរ គឺសម្ពន្ធមេត្រីនៅភ្នំស៊ីណាយ និងសម្ពន្ធមេត្រីថ្មី។ សាវកប៉ុលបាននិយាយថា «នោះជាសេចក្តីប្រៀបធៀប គឺស្ត្រីទាំង២នេះ ជាគំរូពីសេចក្តីសញ្ញា២ច្បាប់» (ខ.២៤)។ នេះជាការប្រៀបធៀបរបស់សាវកប៉ុល៖
សម្ពន្ធមេត្រីចាស់ សម្ពន្ធមេត្រីថ្មី
នាងហាការជាម្ដាយ នាងសារ៉ាជាម្ដាយ
យេរូសាឡិមនៃទាសភាព យេរូសាឡិមនៃសេរីភាព
បែបផែនដី បែបស្ថានសួគ៌
ដូច្នេះ នាងហាការតំណាងឲ្យក្រុងយេរូសាឡិមដែលនៅក្រោមទាសភាព ហើយនាងសារ៉ាតំណាងឲ្យក្រុងយេរូសាឡិមដែលមានសេរីភាព។ មិនមានការនិយាយអំពី ហ្សាង គីល ចា សោះ!
៣. សាសនា អាន់ សាំងហុងចង្អុលទៅក្រុងយេរូសាឡិមថ្មី ក្នុងវិវរណៈ ដែលចុះមកពីស្ថានសួគ៌ ជា «តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី» (វិវរណៈ ២១ៈ២)។ ពួកគេថា «ឃើញទេ! ហ្សាង គីល ចា គឺជាប្រពន្ធរបស់ព្រះ! នាងគឺជា ព្រះមាតា»។
គ្រូក្លែងក្លាយតែងតែយកខគម្ពីរចេញពីបរិបទរបស់ខនោះ។ សូមមើល វិវរណៈ ២១ៈ២ ម្ដងទៀត ប៉ុន្តែចាប់ផ្ដើមជាមួយខ ១ ដើម្បីឃើញបរិបទ៖ «រួចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ ២ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី»។ ច្បាស់ណាស់ ក្រុងយេរូសាឡិមថ្មីអាចចុះពីស្ថានសួគ៌បានលុះត្រាតែ «ផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ»។ ឥឡូវយើងត្រូវសួរថា តើផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយឬនៅ? ច្បាស់ជានៅ។ ហើយតើលែងមានសមុទ្រទៀតឬ? ទេនៅមាន! ដូច្នេះ ទីក្រុងយេរូសាឡិមថ្មីមិនទាន់ចុះមកពីស្ថានសួគ៌ទេ ហើយ ហ្សាង គីល ចា (Zahng Gil-Jah) ដែលកើតក្នុងឆ្នាំ ១៩៤៣ មិនមែនជាក្រុងយេរូសាឡិមថ្មីទេ។ ការបង្វែរបទគម្ពីរនេះ បង្ហាញយើងពីរបៀបដែលក្រុមក្លែងក្លាយប្រើព្រះគម្ពីរតាមរបៀបបោកបញ្ឆោត។
ពួកគេជឿថា អាន់ សាំងហុង គឺជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធក្នុងបុគ្គលម្នាក់។ នេះគឺជាការប្រមាថ។ ក្រុម អាន់ សាំងហុងបដិសេធគោលជំនឿនៃព្រះត្រៃឯក។
ពួកគេជឿថា សេចក្ដីសង្គ្រោះបានមកដោយការរក្សាថ្ងៃឈប់សម្រាក និងការធ្វើបុណ្យរំលងរបស់ជនជាតិអ៊ីស្រាអែល។ ក្រុមខុសឆ្គង អាន់ សាំងហុង បង្រៀនថា មនុស្សមិនអាចសង្គ្រោះទាល់តែរក្សាថ្ងៃសៅរ៍ ជាថ្ងៃឈប់សម្រាក និងរក្សាបុណ្យរំលងប្រចាំឆ្នាំ ដូចសាសន៍អ៊ីស្រាអែល។ តែនេះគឺជាការពឹងលើការធ្វើតាមក្រឹត្យវិន័យ ដើម្បីឲ្យបានសង្គ្រោះ។ នៅក្នុងគម្ពីរកាឡាទី ១ៈ៨-៩ លោកប៉ុលដាក់បណ្តាសា លើអស់អ្នកណាដែលបន្ថែមក្រឹត្យវិន័យសាសន៍យូដាទៅនឹងជំនឿលើព្រះគ្រីស្ទ៖ «ប៉ុន្តែបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណាខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» (កាឡាទី ១ៈ៨-៩)។ លោកប៉ុលកំពុងសំដៅទៅលើគ្រូក្លែងក្លាយនៅក្រុមជំនុំកាឡាទី ដែលចង់បង្ខំគ្រីស្ទបរិស័ទនៅទីនោះឲ្យបន្ថែមការកាត់ស្បែកទៅនឹងជំនឿលើព្រះគ្រីស្ទ ដូចជា អាន់ សាំងហុង បង្ខំសមាជិកគាត់ឲ្យធ្វើបុណ្យរំលង និងរក្សាថ្ងៃសម្រាករបស់សាសន៍យូដា ដើម្បីបានសង្គ្រោះ។
តើព្រះគម្ពីរមានបន្ទូលយ៉ាងដូចម្ដេចអំពីថ្ងៃឈប់សម្រាក?
ទាក់ទងនឹងថ្ងៃឈប់សំរាក និងថ្វាយបង្គំ គម្ពីររ៉ូម ១៤ៈ៥ មានបន្ទូលថា គ្រីស្ទបរិស័ទមានសេរីភាពជ្រើសរើសថ្ងៃណាដែលពិសេស ឬក៏គ្មានថ្ងៃពិសេសសោះ៖ «ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា ត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួន»។ គម្ពីររ៉ូម ៦ៈ១៤ ចែងថា គ្រីស្ទបរិស័ទមិននៅក្រោមក្រឹត្យវិន័យទៀតទេ។ ទោះបីជាគ្រីស្ទបរិស័ទ ស្រឡាញ់ក្រឹត្យវិន័យ ១០ប្រការ ពីព្រោះក្រឹត្យវិន័យបង្ហាញពីលក្ខណៈបរិសុទ្ធរបស់ព្រះអង្គ ក៏ដោយ ក៏កិច្ចព្រមព្រៀងថ្មី(សញ្ញាថ្មី)របស់ព្រះជាមួយគ្រីស្ទបរិស័ទ ផ្អែកលើព្រះលោហិតរបស់ព្រះគ្រីស្ទ មិនមែនច្បាប់របស់ជនជាតិយូដា នៅភ្នំស៊ីណាយនោះទេ។ លោកុប្បត្ដិ តាមពិតក្នុងរាប់ពាន់ឆ្នាំតាំងពីអ័ដាមលោកុប្បត្ដិ ១ៈ១ រហូតដល់ភ្នំស៊ីណាយនៅ និក្ខមនំ ១៦ៈ២៦ មិនមានបទបញ្ញត្តិណាទាក់ទងនឹងថ្ងៃទី៧ទាល់តែសោះ។ ការនេះបង្ហាញថា ច្បាប់ឈប់សម្រាក បានចាប់ផ្តើមនឹងកិច្ចព្រមព្រៀងរបស់ព្រះជាមួយអ៊ីស្រាអែលនៅលើភ្នំស៊ីណាយ ហើយសម្រាប់តែជនជាតិយូដាតែប៉ុណ្ណោះ។ ព្រះយេស៊ូវបាននាំយកសេចក្ដីសញ្ញាថ្មីជាង និងល្អជាង ដោយផ្អែកលើការសុគតរបស់ទ្រង់នៅលើភ្នំកាល់វ៉ារី ដែលជំនួសសេចក្ដីសញ្ញាមុន ដែលមានមូលដ្ឋានលើភ្នំស៊ីណាយ ៖ «តែឥឡូវនេះវិញ ដែលទ្រង់[ព្រះគ្រីស្ទ]ជាអ្នកកណ្ដាលរបស់សេចក្ដីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្ដីសញ្ញានោះបានតាំងឡើងលើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ» (ហេព្រើរ ៨ៈ៦)។
នៅកិច្ចព្រមព្រៀងរបស់ព្រះជាមួយអ៊ីស្រាអែល ទ្រង់បានហាមពួកគេមិនឲ្យទាំងបង្កាត់ភ្លើងនៅថ្ងៃទី៧ (និក្ខមនំ ៣៥ៈ៣) ហើយហាមមិនអនុញ្ញាតឲ្យអ្នកណាលក់ដូរ ឬធ្វើដំណើរចេញពីផ្ទះទេ (និក្ខមនំ ១៦ៈ២៩)។ មិនតែប៉ុណ្ណោះអ្នកណាដែលរំលងច្បាប់នៃថ្ងៃឈប់សម្រាក ត្រូវគេប្រហារជីវិត (និក្ខមនំ ៣១ៈ១៤)។ តើសមាជិក អាន់ សាំងហុងបានរក្សាច្បាប់ថ្ងៃទី៧ដោយរបៀបនេះដែរឬទេ?។
តើព្រះគម្ពីរមានបន្ទូលយ៉ាងដូចម្ដេចអំពីបុណ្យរំលង?
រីឯបុណ្យរំលង ព្រះបានបង្គាប់ដល់លោកម៉ូសេក្នុងនិក្ខមនំ១២ ថា «មិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគបុណ្យនេះ» និង «មិនត្រូវឲ្យមានអ្នកមិនកាត់ស្បែកណាបរិភោគបុណ្យនេះឡើយ» (និក្ខមនំ ១២ៈ៤៣-៤៨) បុណ្យរំលង គឺសំរាប់ជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះ។ វាមិនមែនសម្រាប់ជនជាតិ កូរ៉េ ឬជនជាតិអាមេរិកាំង ឬជនជាតិខ្មែរទេ។ តើសមាជិកនៃក្រុម អាន់ សាំងហុង សុខចិត្តទទួលការកាត់ស្បែក ដើម្បីគេអាចរក្សាបុណ្យរំលងឬទេ? បើដូច្នេះមែនពួកគេក៏ត្រូវរក្សាច្បាប់ទាំង៦០០នៃច្បាប់របស់ព្រះក្នុងគម្ពីរសញ្ញាចាស់ដែរ ពីព្រោះសាវកប៉ុលមានប្រសាសន៍ថា «ហើយខ្ញុំធ្វើបន្ទាល់ម្តងទៀត ដល់អស់មនុស្សដែលកាត់ស្បែកហើយថា អ្នកនោះឯងជាអ្នកជំពាក់ក្រឹត្យវិន័យ នឹងត្រូវធ្វើតាមគ្រប់ជំពូក» (កាឡាទី ៥ៈ៣)។
ក្រុមខុសឆ្គង អាន់ សាំងហុង ធ្លាក់ការសាកល្បងជាច្រើន៖
ពួកគេបរាជ័យការសាកល្បងនៃព្រះយេស៊ូវគ្រីស្ទ៖ ក្រុមខុសឆ្គង អាន់ សាំងហុង អះអាងថា អាន់ សាំងហុង គឺជាព្រះគ្រីស្ទដែលបានយាងត្រឡប់ពីស្ថានសួគ៌។ ប៉ុន្តែអាន់ សាំងហុង គ្រាន់តែជាមនុស្សប៉ុណ្ណោះ។ យើងដឹងថា គាត់គ្រាន់តែជាមនុស្ស ព្រោះគាត់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៥ ហើយគាត់មិនបានរស់ពីស្លាប់ឡើងវិញទេ។ ព្រះគ្រីស្ទដ៏ពិត គឺព្រះយេស៊ូវ ជាអ្នកភូមិណាសារ៉ែត មិនបានសុគតដោយសារជំងឺណាទេ។ ទ្រង់បានសុគតនៅលើឈើឆ្កាងសំរាប់អំពើបាបរបស់យើង ហើយបីថ្ងៃក្រោយមក ទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ ដូចដែលទ្រង់បានមានបន្ទូលទុកមុន! ព្រះគ្រីស្ទដែលបានសុគត ហើយនៅជាប់ក្នុងសេចក្ដីស្លាប់ មិនអាចជួយយើងបានទេ។ ព្រះគ្រីស្ទដែលចាញ់អំពើបាប និងសេចក្ដីស្លាប់ មិនអាចជួយយើងឲ្យយកឈ្នះលើអំពើបាប និងសេចក្ដីស្លាប់បានទេ។
ពួកគេបរាជ័យការសាកល្បងនៃការសង្គ្រោះ ដោយព្រះគុណតាមរយៈជំនឿលើព្រះគ្រីស្ទតែ១ប៉ុណ្ណោះ៖ គេហទំព័ររបស់ពួកគេនិយាយថា «សព្វថ្ងៃនេះសេចក្ដីសង្គ្រោះត្រូវបានផ្តល់ឲ្យតែតាមរយៈឈ្មោះព្រះគ្រីស្ទអាន់ សាំងហុង តែប៉ុណ្ណោះ ហើយមានតែអស់អ្នកដែលជាសាក្សីរបស់ព្រះគ្រីស្ទ អាន់ សាំងហុង ហើយអធិស្ឋានក្នុងនាមគាត់ ទើបអាចចូលក្នុងនគរស្ថានសួគ៌បាន»។ ពួកគេក៏និយាយថា មនុស្សណាដែលធ្វើតាមថ្ងៃឈប់សម្រាក និងបុណ្យរំលងរបស់ជនជាតិយូដា នោះនឹងបានសង្គ្រោះ។ នេះគឺជាការប្រមាថព្រះ។ គ្មានអ្នកណាដែលពឹងលើការធ្វើតាមថ្ងៃឈប់សម្រាក និងបុណ្យរំលង ឬក្រឹត្យវិន័យឯទៀត នឹងបានសង្គ្រោះនោះទេ។ សូមស្តាប់សាវកប៉ុល៖
`នែប៉ុលខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាសោះ ៣ ហើយខ្ញុំធ្វើបន្ទាល់ម្ដងទៀតដល់អស់មនុស្សដែលកាត់ស្បែកហើយថា អ្នកនោះឯងជាអ្នកជំពាក់ក្រឹត្យវិន័យ និងត្រូវធ្វើតាមគ្រប់ជំពូក ៤ អ្នករាល់គ្នាណាដែលពឹងក្រឹត្យវិន័យឲ្យបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ អ្នកបានធ្លាក់ចេញពីព្រះគុណហើយ ៥ដ្បិតយើងរាល់គ្នាអាងសេចក្ដីជំនឿដើម្បីនឹងរង់ចាំដោយនូវព្រះវិញ្ញាណឲ្យបានសេចក្ដីសុចរិត ដែលយើងសង្ឃឹមចង់បាននោះ ៦ ពីព្រោះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែក ឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ មានប្រយោជន៍តែសេចក្ដីជំនឿ ដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ (កាឡាទី ៥ៈ២-៦)។
ក្តីសង្ឃឹមតែមួយគត់នៃការសង្គ្រោះរបស់យើង គឺការសុគត និងការមានព្រះជន្មរស់ឡើងវិញនៃព្រះគ្រីស្ទពិត គឺព្រះយេស៊ូវពីភូមិណាសារ៉ែត។
ពួកគេបរាជ័យការសាកល្បងនៃព្រះត្រៃឯក៖ ក្រុមនេះបង្រៀនថា អាន់ សាំងហុង ជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធក្នុងបុគ្គលតែមួយ។ ថែមពីនោះទៀត នៅលើគេហទំព័រពួកគេនិយាយថា «មានតែព្រះវិញ្ញាណ និងកូនក្រមុំទេ គឺព្រះគ្រីស្ទយាងមកជាលើកទីពីរ អាន់ សាំងហុង និងម្តាយនៃយេរូសាឡិមថ្មី ដែលមានជីវិតអមតៈ ហើយមានតែពួកគេប៉ុណ្ណោះ ដែលមានជីវិត»។ នេះគឺជាការប្រមាថព្រះជាម្ចាស់ មានតែព្រះជាម្ចាស់ដែលមានជីវិត។ នៅក្នុងគម្ពីរយ៉ូហាន ៥ៈ២៦ ព្រះយេស៊ូវគ្រីស្ទមានបន្ទូលថា៖ «ពីព្រោះដែលព្រះវរបិតា មានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រា មានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ»។ បើ អាន់ សាំងហុង មានជីវិតនៅក្នុងខ្លួនគាត់ ហេតុអ្វីបានជាគាត់ស្លាប់នៅឆ្នាំ១៩៨៥ ហើយមិនដែលរស់ឡើងវិញ? បើ ហ្សាង គីល ចា មានជីវិតនៅក្នុងគាត់ផ្ទាល់ ហេតុអ្វីគាត់មិនប្រោសឲ្យ អាន់ សាំងហុង រស់ឡើងវិញនៅឆ្នាំ១៩៨៥នោះ? ហ្សាង គីល ចា មានអាយុជិត៨០ឆ្នាំហើយ។ តើគាត់នឹងមានជ័យជំនះលើសេចក្ដីស្លាប់ ដូចព្រះយេស៊ូវពិតទេ? ទេ។ មនុស្ស២នាក់នេះ គ្មានជីវិតនៅក្នុងខ្លួនទេ។ ព្រោះពួកគេទាំងពីរនាក់ជាមនុស្សធម្មតាសុទ្ធសាធ។
ពួកគេបរាជ័យការសាកល្បងនៃការធ្វើទំនាយខុស៖ នៅឆ្នាំ១៩៥៦ អាន់ សាំងហុង បានធ្វើទំនាយថា ព្រះគ្រីស្ទនឹងយាងត្រឡប់មកវិញក្នុងរយៈពេល១០ឆ្នាំខាងមុខ ប៉ុន្តែការនេះមិនបានកើតឡើងទេ។ ក្រោយមកទៀតក្រុមរបស់គាត់បានទាយថា ពិភពលោកនឹងត្រូវចប់ក្នុងឆ្នាំ១៩៨៨។ ពួកគេគឺជាហោរាក្លែងក្លាយ។ (សូមមើល ចោទិយកថា ១៨ៈ២០-២២)។
ក្រុម អាន់ សាំងហុង អះអាងថា គាត់ជាព្រះគ្រីស្ទដែលយាងត្រឡប់មកវិញ ប៉ុន្តែព្រឹត្តិការណ៍ណាខ្លះត្រូវកើតឡើង នៅពេលព្រះពិតយាងមកវិញ?
ព្រះគម្ពីរបាននិយាយច្បាស់ណាស់ អំពីព្រឹត្តិការណ៍ដែលត្រូវតែកើតឡើងនៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ។ យើងអាចប្រើប្រាស់បទទំនាយទាំងនេះ ដើម្បីល្បងមើល ថា អាន់ សាំងហុង ឬ ហ្សាង គីល ចា គឺជាព្រះគ្រីស្ទពិត ឬជាព្រះគ្រីស្ទក្លែងក្លាយ។
១. ពេលដែលព្រះគ្រីស្ទពិតប្រាកដយាងមកវិញ ទ្រង់នឹង «សងសេចក្តីទុក្ខលំបាក» ដល់ពួកអ្នកដែលធ្វើទុក្ខដល់គ្រីស្ទបរិស័ទ ហើយប្រទានការ «សំរាក» និងសេចក្តីសង្គ្រោះ ដល់ពួកអ្នកដែលត្រូវគេធ្វើទុក្ខ។ ទ្រង់នឹងមក «ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (២ថែស្សាឡូនីច ១ៈ៦-៨) តើការនេះបានកើតឡើងទេនៅពេលដែល អាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
២. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងមិនយាងមកដោយស្ងាត់ៗទេ។ មនុស្សគ្រប់គ្នានៅលើពិភពលោកនឹងបានឃើញទ្រង់។ «ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» និង «គ្រប់ទាំងភ្នែកនឹងឃើញទ្រង់» «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង» (ម៉ាថាយ ២៤ៈ២៧; វិវរណៈ ១ៈ៧; ១ថែស្សាឡូនីច ៤ៈ១៦) តើការនេះបានកើតឡើងទេនៅពេលដែល អាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
៣. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ នោះនៅលើមេឃនឹងត្រូវកក្រើករំពើក។ «ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក» (ម៉ាថាយ ២៤ៈ២៩)។ តើការនេះបានកើតឡើងទេ នៅពេលដែល អាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
៤. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងយាងមកដោយអំណាច និងសិរីល្អ ហើយមនុស្សមានបាបទាំងអស់នៅលើផែនដីនឹងសោកសៅ។ «នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង» (ម៉ាថាយ ២៤ៈ៣០) តើការនេះបានកើតឡើងទេ នៅពេលដែល អាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
៥. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ «លោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។ (ម៉ាថាយ ២៤ៈ៣១) តើការនេះបានកើតឡើងទេ នៅពេលដែលអាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
៦. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងបំផ្លាញអាទទឹងនឹងព្រះគ្រីស្ទ (ជាមនុស្សដែលត្រូវហិនវិនាស) «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង…នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក» (២ថែស្សាឡូនីច ២ៈ៣-៤, ៨)។ តើការនេះបានកើតឡើងទេ នៅពេលដែល អាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
៧. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងចាក់សេចក្តីក្រោធរបស់ទ្រង់ទៅលើអស់អ្នកមានបាបទាំងអស់គ្នា។ «ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ» (១ថែស្សាឡូនីច ៥ៈ២-៣)។ តើការនេះបានកើតឡើងទេ នៅពេលដែលអាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
៨. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងកាត់ទោសគ្រប់គ្នាភ្លាមៗ។ «តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក។ រួចគ្រប់ទាំងសាសន៍ នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាលដែលញែកចៀមចេញពីពពែដែរ» (ម៉ាថាយ ២៥ៈ៣១-៣២)។ តើការនេះបានកើតឡើងទេ នៅពេលដែលអាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
៩. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងប្រោសរូបកាយអ្នកស្លាប់ទាំងអស់ដែលជាគ្រីស្ទបរិស័ទ។ «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ» (១ថែស្សាឡូនីច ៤ៈ១៦-១៧)។ តើការនេះបានកើតឡើងទេ នៅពេលដែល អាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
១០. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងមិនកើតមកជាទារកតូចទេ ប៉ុន្តែទ្រង់នឹងយាងមកពីស្ថានសួគ៌ជាអ្នកចម្បាំងដ៏មានគ្រប់ព្រះចេស្ដា ដើម្បីវិនិច្ឆ័យជំនុំជម្រះផែនដី។ «ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ» ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ១២ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ១៣ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ» ១៤ អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង ១៥ មានដាវយ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ១៦ ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ (វិវរណៈ ១៩ៈ១១-១៦)។ តើការនេះបានកើតឡើងទេនៅពេលដែល អាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ?
គ្មានព្រឹត្តិការណ៍ណាមួយសោះបានកើតឡើង ក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ នៅពេលដែល អាន់ សាំងហុង និង ហ្សាង គីល ចា មកនោះ។ អាន់ សាំងហុង និង ហ្សាង គីល ចា ជាព្រះគ្រីស្ទក្លែងក្លាយ។
មុខពូថៅ
តើក្រុមនេះបានប្រើការបង្រៀនអ្វីធ្វើជាមុខពូថៅ ដើម្បីពុះគ្រីស្ទបរិស័ទចេញពីក្រុមជំនុំ អ្នកធ្វើការឲ្យ អាន់ សាំងហុង តែងតែចាប់ផ្តើមដោយនិយាយអំពីថ្ងៃឈប់សម្រាកនៅថ្ងៃទី៧។ ពួកគេនឹងមិនអនុញ្ញាតឲ្យអ្នកសួរសំណួរអ្វីផ្សេងទៀតទេ ទាល់តែអ្នកយល់ព្រមជាមួយពួកគេជាមុនសិនអំពីថ្ងៃឈប់សម្រាកនៅថ្ងៃទី៧ ហើយយល់ព្រមទទួលបុណ្យជ្រមុជទឹកពីពួកគេដែរ។ តាមពិត ជាការងាយស្រួលចំពោះពួកគេ ដែលអាចរកខជាច្រើននៅក្នុងគម្ពីរសញ្ញាចាស់ ដែលបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលឈប់សម្រាកនៅថ្ងៃទី៧ ពីព្រោះនេះពិតជាច្បាប់របស់ព្រះសម្រាប់អ៊ីស្រាអែល នៅក្នុងគម្ពីរសញ្ញាចាស់នៅលើភ្នំស៊ីណាយ។ ប៉ុន្តែនៅក្នុងគម្ពីរសញ្ញាថ្មី គ្មានសេចក្ដីបង្គាប់ណាដែលយើងត្រូវឈប់សម្រាកនៅថ្ងៃទី៧នោះទេ។
តើអ្វីជាខ្នងពូថៅ? តើគោលលទ្ធិប្រមាថអ្វីខ្លះដែលពួកគេនឹងលាក់ពីអ្នករហូតដល់ពេលក្រោយ? ជាធម្មតា ពួកគេលាក់បាំងការបង្រៀនរបស់ពួកគេ ដែលថា អាន់ សាំងហុង គឺជាព្រះគ្រីស្ទដែលយាងមកលើកទីពីរ ហើយ ហ្សាង គីល ចា គឺជា «ព្រះមាតា»។ ក៏ប៉ុន្តែ អាន់ សាំងហុង គ្រាន់តែជាមនុស្ស ហើយឥឡូវគាត់ស្លាប់ហើយ។ ប្រពន្ធរបស់គាត់គ្រាន់តែជាមនុស្សប៉ុណ្ណោះ គាត់ក៏ត្រូវស្លាប់ដែរ ហើយនឹងមិនរស់ពីស្លាប់ឡើងវិញទេ។ ប៉ុន្តែប្រសិនបើអ្នកបានទទួលយកការបង្រៀនខុសឆ្គងរបស់ពួកគេ អំពីថ្ងៃឈប់សម្រាក និងបុណ្យរំលងហើយ នោះមុខពូថៅបានចូលទៅក្នុងចិត្តរបស់អ្នករួចហើយ ហើយមិនយូរទេ ខ្នងពូថៅនឹងចូលតាមក្រោយភ្លាមយ៉ាងងាយស្រួល ដោយបំបែកអ្នកចេញពីព្រះគ្រីស្ទពិត និងដំណឹងល្អពិត។
នៅពេលដែលអ្នកធ្វើការរបស់ អាន់ សាំងហុង ចង់និយាយអំពីថ្ងៃទី៧ អ្នកត្រូវតែទទូចឲ្យពួកគេនិយាយជាមុនអំពី «ព្រះគ្រីស្ទពិតជាអ្នកណា ហើយធ្វើម៉េចឲ្យយើងដឹង?» និង «ហេតុអ្វីបានជា អាន់ សាំងហុង មិនរស់ពីស្លាប់ឡើងវិញ បើគាត់ជាព្រះគ្រីស្ទ?» និង «តើអាន់ សាំងហុង អាចជួយយើងបានយ៉ាងម៉េច បើគាត់ស្លាប់បាត់ហើយ?» ហើយនិង «ហេតុអ្វីបានជាព្រះគម្ពីរមិនដែលចែងអំពីឈ្មោះ ព្រះមាតាសោះ?» បើពួកគេមិនព្រមនិយាយអំពីបញ្ហាដែលមានសារៈសំខាន់បំផុតទាំងនេះ អ្នកត្រូវតែបញ្ចប់ការសន្ទនាភ្លាមៗ។ ចូរចងចាំថា អ្នកជាមេគ្រួសារ។ បើពួកគេមិនអនុញ្ញាតឲ្យអ្នកនិយាយនៅក្នុងផ្ទះអ្នកទេ ពួកគេត្រូវតែចេញពីផ្ទះរបស់អ្នក។ អ្នកធ្វើការរបស់អាន់ សាំងហុង គឺជាឆ្កែចចកពាក់រោមចៀម មិនមែនជាអ្នកជឿពិតប្រាកដទេ។ យើងកុំព្រួយបារម្ភ ក្នុងការបង្អន់ចិត្តឆ្កែចចកឡើយ ព្រោះវាចង់បំផ្លាញកូនចៀមរបស់យើង។
វិធីមួយទៀតដែលក្រុមខុសឆ្គងអាន់ សាំងហុងចូលទៅគ្រីស្ទបរិស័ទ គឺតាមរយៈការងាររក្សាបរិស្ថាន កម្មវិធីបរិច្ចាគឈាម និងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ។ ការទាំងនេះហាក់ដូចជាមានប្រយោជន៍ដល់សង្គមផង ប៉ុន្តែទាំងនេះគឺជាមធ្យោបាយរបស់ពួកគេ ដើម្បីជះឥទ្ធិពលដល់មនុស្សកាន់តែច្រើន។ ការនេះគ្រាន់តែជាមុខពូថៅប៉ុណ្ណោះ។
ទីបញ្ចប់សូមកុំភ្លេច២យ៉ូហាន ១ៈ១០-១១៖ «បើអ្នកណាមកឯអ្នករាល់គ្នាតែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នាក្នុងការអាក្រក់របស់អ្នកនោះដែរ»។
មតិយោបល់
Loading…