អ្នកបើកបរយន្តហោះបានប្រកាសថា មានហ្វូងចាបមួយហ្វូងបានហើរចូលស្លាបយន្តហោះម្ខាង ហើយយន្តហោះក៏កំពុងតែចាកចុះក្នុងល្បឿនដ៏លឿន គឺលឿនជាងគាត់បានរំពឹងទុកទៅទៀត។ ហើយគាត់ក៏បានចែកចាយព័ត៌មានមួយថែមទៀតថា ក្នុងរយៈពេល ៦០ វិនាទី នោះយន្តហោះនឹងធ្លាក់ដល់ដី។ មានមនុស្សម្នាក់អង្គុយក្បែរលោកអ្នក គាត់បានកត់សម្គាល់ឃើញថា លោកអ្នកគឺជាអ្នកជឿព្រះយេស៊ូវ ពីព្រោះលោកអ្នកបានចំណាយពេលអានព្រះគម្ពីរអស់រយៈពេល ៣ ម៉ោងកន្លងផុតមកនេះ ខណៈពេលដែលកំពុងតែហោះហើរ ហើយគាត់ក៏បានកត់សម្គាល់ឃើញផងដែរថា លោកអ្នកមិនមានភាពភ័យខ្លាច ឬក៏តក់ស្លតដូចជាអ្នកជិះផ្សេងទៀត ដូច្នេះគាត់ក៏បានសួរលោកអ្នកថា «ហេតុអ្វីបានជាលោកអ្នកមិនខ្លាចស្លាប់? តើខ្ញុំត្រូវធ្វើបែបណា ដើម្បីឲ្យមានសន្តិភាពដូចជាលោកអ្នកដែរ?»។ តើលោកអ្នកនឹងប្រាប់គាត់យ៉ាងដូចម្ដេច? តើលោកអ្នកនឹងចែងចាយអំពីទីបន្ទាល់របស់ខ្លួន អំពីជីវិតគ្រួសារ អំពីព្រះគម្ពីរ ឬក៏អំពីដំណឹងល្អ? តើអ្វីទៅជាចំណុចដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់លោកអ្នក? ប្រសិនបើដំណឹងល្អគឺជាអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់លោកអ្នក ចូរចង់ចាំថា ឥឡូវនេះលោកអ្នកនៅសល់ពេលតែ ៤៥ វិនាទីប៉ុណ្ណោះ មុនយន្តហោះធ្លាក់ដល់ដី ហើយគ្រប់គ្នានឹងស្លាប់ដោយឆេះភ្លើង។ ព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អ។ ដើម្បីឲ្យអាចទទួលបានសេចក្តីសង្គ្រោះ «លោកអ្នកគ្រាន់តែត្រូវជឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ» ( លោកបណ្ឌិត John MacArthur, ១៥២)។
ដើម្បីឲ្យលោកអ្នកអាចទទួលជឿបាន ជាដំបូងលោកអ្នកត្រូវតែឮដំណឹងល្អនោះ។ តើត្រូវឮការប្រកាសបែបណា? ដោយលើកឡើងនៅសម្រង់សម្ដីរបស់សាវ័ក ប៉ុល លោកបណ្ឌិត Will Varner, ដែលជាសាស្ត្រាចារ្យព្រះគម្ពីរម្នាក់នៅឯមហាវិទ្យាល័យ (The Master’s College) បានលើកឡើងថា ព្រះគ្រីស្ទបានសុគតជំនួសអំពើបាបរបស់យើងយោងតាមបទគម្ពីរ ហើយថាព្រះអង្គបានទទួលការបញ្ចុះក្នុងផ្នូរ និងថាព្រះអង្គបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី៣ យោងតាមបទគម្ពីរ (១កូរិនថូស ១៥:៣-៤)។ ឃ្លា «តាមបទគម្ពីរ» សំដៅទៅលើព្រះគម្ពីរសញ្ញាចាស់ ឧទាហរណ៍៖ លោកុប្បត្ដិ ៣:១៥ ដែលទេវវិទូហៅខគម្ពីរនេះថា «ជាការប្រកាសដំណឹងល្អមុនគេបង្អស់»—ជាការប្រាប់ដំណឹងល្អជាដំបូងមុនគេ—នៅក្នុងខគម្ពីរនេះ ព្រះជាម្ចាស់ «បានសន្យាថា ទ្រង់នឹងចាត់ព្រះប្រោសលោះ ឲ្យមកសង្គ្រោះរាស្ត្ររបស់ទ្រង់» (Riddlebarger 53)។ ហោរា អេសាយ បានសរសេរយ៉ាងក្បោះក្បាយអំពីរបៀបដែលព្រះប្រោសលោះនេះនឹងរងទុក្ខ ហើយសុគតជំនួសអំពើបាបយើង ( អេសាយ ៥៣)។ ខណៈពេលដែលកំពុងតែគេចវេសចេញពីការស្ដីបន្ទោសរបស់មិត្តភក្ដិគាត់ លោក យ៉ូប បានមានប្រសាសន៍ថា «ប៉ុន្តែ ឯខ្ញុំ ខ្ញុំដឹងថាអ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ» ( យ៉ូប ១៩:២៥)។ ព្រះយេស៊ូវគឺជាព្រះប្រោសលោះរបស់យើង ហើយប្រាកដណាស់ ព្រះអង្គពិតជាបានមានព្រះជន្មរស់ឡើងវិញមែន មិនថាគេបានវាយដែកគោលលើព្រះហស្ត និងព្រះបាទរបស់ព្រះអង្គនោះទេ (ទំនុកតម្កើង ២២:១៦)។ ការសុគត ការបញ្ចុះក្នុងផ្នូរ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគឺជាដំណឹងល្អ។ លោកអ្នកគ្រាន់តែចាំបាច់ត្រូវជឿលើព្រះអង្គតែមួយគត់ ដើម្បីឲ្យទទួលបានសេចក្តីសង្គ្រោះ។ ប្រសិនបើព្រះយេស៊ូវមិនបានសុគតទេ នោះក៏នឹងមិនមានការបញ្ចុះក្នុងផ្នូរ ហើយប្រសិនបើមិនមានការបញ្ចុះក្នុងផ្នូរ នោះក៏នឹងមិនមានការមានព្រះជន្មរស់ឡើងវិញផងដែរ ហើយប្រសិនបើមិនមានការមានព្រះជន្មរស់ឡើងវិញ នោះការឱកាសដែលយើងបានឮក៏ជារឿងឥតប្រយោជន៍ ហើយជំនឿរបស់យើងក៏ជាការឥតបានការផងដែរ «នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត» (១កូរិនថូស ១៥:១៩)។ លោក Justin Lonas ដែលជាអ្នកកែសម្រួលច្បងសម្រាប់ក្រុម Pulpit Helps បានសរសេរដូចតទៅ ទាក់ទងទៅនឹងការមានព្រះជន្មរស់ឡើងវិញ «ការមានព្រះជន្មរស់ឡើងវិញគឺជាទង្វើនៃមូលដ្ឋានគ្រឹះដែលផ្ដល់ឲ្យនៅអត្ថន័យដ៏ពេញ លើអ្វីៗដែលមានពីមុនហ្នឹង» (៦)។
បន្ទាប់ពីលោកអ្នកបានឮការប្រកាសដំណឹងល្អ ឥឡូវនេះលោកអ្នកឈានដល់ផ្លូវបែកជាពីរ គឺការមានជម្រើសថា ទទួលជឿ ឬក៏មិនជឿ ហើយជម្រើសនោះក៏ជាការបង្ហាញអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើព្រលឹងរបស់លោកអ្នកផងដែរ (Stevens, ៣៤៤)។ ដាច់ខាត លោកអ្នកត្រូវតែយល់ថា សេចក្តីសង្គ្រោះរបស់លោកអ្នកគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ (Berkouwer, ២៩) លោកអ្នកមិនមានតួនាទីអ្វីក្នុងការទទួលបានការសង្គ្រោះខ្លួនចេញពីស្ថាននរកនោះទេ។ ព្រះអង្គបានត្រៀមទុកជាមុនក្នុងការសង្គ្រោះលោកអ្នក តាំងពីមុនការចាក់គ្រឹះនៃពិភពលោកនេះទៅទៀត។ «ដោយទ្រង់បានតម្រូវយើងទុកជាមុន តាមតម្រិះសម្រេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់» (អេភេសូរ ១:១១)។ លោកបណ្ឌិត John MacArthur បាទសរសេរថា «ព្រះជាម្ចាស់តែងតែជាអង្គដែលផ្ដើមការផ្សះផ្សាគ្នាឡើងវិញ» (១០៤)។ ឃ្លា «លោកអ្នកមិនមានតួនាទីអ្វី» មិនមែនមានន័យថា លោកអ្នកមិនធ្វើអ្វីនោះទេ។ ពិតណាស់ ក្នុងអត្ថន័យមួយគឺថា ដើម្បីឲ្យលោកអ្នកអាចឈានទៅដល់កម្រិតដែលលោកអ្នកអាចមានជម្រើសទទួលជឿបាន ទាំងអស់នោះគឺជាទង្វើដែលព្រះជាម្ចាស់សម្រេចឡើង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគឺលោកអ្នកផ្ទាល់នេះឯងដែលត្រូវតែបើកចិត្តទទួលជឿ។
តើលោកអ្នកត្រូវទទួលជឿលើអ្វី?
គោលជំនឿពួកសាវ័កបានលើកឡើងថា «ដាច់ខាត លោកអ្នកត្រូវតែទទួលជឿលើព្រះវរបិតា ព្រះវិញ្ញាណបរិស័ទ និងការដែលព្រះយេស៊ូវជាប់ឆ្កាង ការសុគត ការបញ្ចុះក្នុងផ្នូរ ការមានព្រះជន្មរស់ឡើងវិញ និងការដែលព្រះអង្គយាងទៅកាន់ស្ថានសួគ៌វិញ» (Reformed.org)។ លោកអ្នកទំនងជាងឿងឆ្ងល់ថា «ចុះ ចំណែកឯកណ្ឌគម្ពីរ រ៉ូម ១០:៩-១០ ដែលមានចែងដូចតទៅថា “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់”។ តើចំណុចទាំងនេះមានអ្វីទាក់ទងជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ការជាប់ឆ្កាង ឬក៏ការយាងទៅកាន់ស្ថានសួគ៌វិញ?»។ ដាច់ខាត លោកអ្នកត្រូវតែយល់ថា ការទទួលបានសេចក្តីសង្គ្រោះគឺមិនមែនជាអ្វីដែលលោកអ្នកត្រូវធ្វើ ហើយបន្ទាប់មកអាចទទួលបាននោះទេ គឺទាំងអស់នោះអាស្រ័យទៅលើព្រះជាម្ចាស់ទាំងស្រុង។ ដូចដែលព្រះអង្គប្រទានការមើលឃើញដល់ទាំងអ្នកក្រ និងអ្នកដែលជិះជាន់អ្នកក្រ (សុភាសិត ២៩:១៣) យើងទាំងអស់គ្នាសុទ្ធតែទទួលបានព្រះពរនៃព្រះគុណទូទៅរបស់ព្រះជាម្ចាស់ ប៉ុន្តែគឺយើងនេះឯងដែលមានទំនួលខុសត្រូវ ក្នុងការទទួលយកព្រះគុណដ៏វិសេសនោះ ដែលនាំឲ្យមានសេចក្តីសង្គ្រោះបាន។ លោក Prosper ពីទីក្រុង Aquitaine ដែលបានជួយបិទបញ្ចប់ការប្រជុំថ្នាក់ប្រឹក្សានៅឯទីក្រុងខាធេ (Council of Carthage) នៅឆ្នាំ៤១៨ បានវែកញែកអំពីសេចក្តីសង្គ្រោះថា «គ្មានបុគ្គលណាម្នាក់អាចទទួលបានសេចក្តីសង្គ្រោះ ដោយឡែកពីព្រះគុណដ៏វិសេសរបស់ព្រះជាម្ចាស់នោះទេ» (១៧-១៦)។ នៅថ្ងៃបុណ្យទី៥០ នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ២:៣៧ យើងអានអំពីអស់អ្នកដែលបានស្ដាប់សេចក្តីអធិប្បាយរបស់សាវ័ក ពេត្រុស ថា៖ «នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត»។ នេះគឺជាឧទាហរណ៍មួយអំពីការដែលព្រះវិញ្ញាណបរិសុទ្ធចាក់ចុចចិត្តរបស់លោកអ្នក។ ព្រះអង្គបានបំពេញតួនាទីនៃការណែនាំឲ្យលោកអ្នកឃើញ និងយល់ពីអំពើបាបរបស់ខ្លួន (Berkouwer, ២៨)។
តើពេលណាជាពេលវេលាចុងក្រោយដែលលោកអ្នកបានធ្វើអំពើបាប? ទាក់ទងទៅនឹងការប្រព្រឹត្តអំពើបាប កណ្ឌគម្ពីរ រ៉ូម ៥:១២-១៩ បានចែងដូចតទៅ៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ ១៣ (ព្រោះរមែងមានបាបនៅក្នុងលោកីយ៍ ដរាបដល់ក្រិត្យវិន័យ តែកាលមិនទាន់មានក្រឹត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ។ ១៤ ប៉ុន្តែ ចាប់តាំងពីលោក អ័ដាម ដរាបដល់លោក ម៉ូសេ នោះសេចក្ដីស្លាប់បានសោយរាជ្យ លើទាំងពួកអ្នកដែលធ្វើបាប មិនមែនដូចជាអំពើរំលងរបស់លោកអ័ដាមផង ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក ១៥ ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនឹងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចម្រើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ ១៦ ហើយអំណោយទាននោះ ក៏មិនមែនដូចជាអំពើបាប ដែលមនុស្សតែម្នាក់បានធ្វើនោះទៀត ដ្បិតសេចក្ដីជំនុំជម្រះ ដែលកើតមកដោយព្រោះម្នាក់នោះឯង នោះបានកាត់ទោសហើយ តែព្រះគុណ ដែលកើតមកដោយព្រោះការរំលងជាច្រើន នោះបានរាប់យើងទុកជាសុចរិតវិញ ១៧ ដ្បិត បើសិនជាសេចក្ដីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្ដីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ) ១៨ ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ។ ១៩ ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្ដាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្ដាប់បង្គាប់វិញយ៉ាងនោះដែរ»។
នៅពេលដែលលោក អ័ដាម បានធ្លាក់ក្នុងអំពើបាប នៅឯសួនច្បារអេដែន មនុស្សជាតិទាំងមូលបានធ្លាក់ក្នុងអំពើបាបជាមួយនឹងគាត់ ពីព្រោះយើងជាកូនចៅរបស់គាត់។ លោកបណ្ឌិត Kim Riddlebarger (៥៣), ដែលជាគ្រូគង្វាលរៀមច្បងនៅព្រះវិហារ Christ Reformed Church បានសរសេរថា យើងទទួលបានអំពើបាបរបស់លោក អ័ដាម តាមរយៈធម្មជាតិនៃតំណវង្ស។ ទាំងលោកអ្នក ហើយនិងខ្ញុំ យើងមិនចាំបាច់ទៅប្រព្រឹត្តអំពើបាប ដើម្បីចុះឈ្មោះខ្លួននៅក្នុងសៀវភៅនៃអំពើបាបនោះទេ ប្រសិនបើមានសៀវភៅបែបនោះមែន ពីព្រោះយើងមិនគ្រាន់តែបានកើតមកនៅក្នុងអំពើបាបប៉ុណ្ណោះនោះទេ ប៉ុន្តែយើងក៏បានកើតមក ដើម្បីប្រព្រឹត្តអំពើបាបផងដែរ។ ដាច់ខាត លោកអ្នកត្រូវតែយល់អំពីទម្ងន់នៃអំពើបាបរបស់ខ្លួន «ប្រសិនបើលោកអ្នកមិនគិតថា ខ្លួនមិនបានប្រព្រឹត្តអំពើបាប នោះលោកអ្នកក៏នឹងមិនអាចទទួលបានសេចក្តីសង្គ្រោះផងដែរ…ការលន់តួបាប និងការកែប្រែចិត្តគឺជាចំណុចដ៏សំខាន់នៅក្នុងការទទួលបានសេចក្តីសង្គ្រោះ» (MacArthur, ១៦៥)។
លោកអ្នកត្រូវតែលន់តួបាប និងកែប្រែចិត្តចេញពីអ្វី?
មុនយើងឆ្លើយលើសំណួរ «តើលោកអ្នកត្រូវតែលន់តួបាប និងកែប្រែចិត្តចេញពីអ្វី?» ជាដំបូង យើងត្រូវព្យាយាមយល់អំពីមូលហេតុដែលយើងត្រូវធ្វើបែបនោះសិន ជាពិសេស ត្រង់ចំណុចថា តើលោកអ្នក ហើយនិងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងនរណា? នៅពេលដែលលោកអ្នកប្រព្រឹត្តអំពើបាប លោកអ្នកមានគ្រាន់តែប្រព្រឹត្តអំពើបាបទាស់នឹងព្រះនៃសញ្ញាចាស់នោះទេ ប៉ុន្តែក៏បានទាស់នឹងព្រះនៃសញ្ញាថ្មីផងដែរ។ លោក George Stevens សរសេរថា «ព្រះដ៏ឯកអង្គ ទ្រង់ត្រូវតែឆ្លើយតបដោយអាស្រ័យទៅលើលក្ខណសម្បត្តិរបស់ទ្រង់។ ហើយព្រះអង្គបរិសុទ្ធ (២៧៨)។ ភាពបរិសុទ្ធរបស់ព្រះអង្គសំដៅទៅលើសីលធម៌នៃភាពល្អឥតខ្លះរបស់ទ្រង់ ដែលនេះមានន័យថា ដាច់ខាតព្រះអង្គត្រូវតែដាក់ទោសនៅលើរាល់អំពើបាប និងអំពើអាក្រក់ (២៧៩)»។ ព្រះអង្គទាមទារពីលោកអ្នក ហើយនិងខ្ញុំដូចតទៅ «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ» (១ពេត្រុស ១:១៦)។ កណ្ឌគម្ពីរ និក្ខមនំ ជំពូក១៩ មានចែងអំពីការដែលព្រះជាម្ចាស់ត្រាស់ហៅសាសន៍អ៊ីស្រាអែលឲ្យជួបជាមួយនឹងព្រះអង្គ ប៉ុន្តែពួកគាត់មិនអាចឆ្លងផុតព្រំដែនដែលលោក ម៉ូសេ បានដាក់នោះទេ ហើយប្រសិនបើពួកគាត់ឆ្លងផុត នោះសូម្បីតែសត្វដែលមិនដឹងថាកំពុងមានអ្វីកំពុងកើតឡើងក៏នឹងស្លាប់ផងដែរ។ ដោយសារព្រះជាម្ចាស់ទ្រង់បរិសុទ្ធ នោះព្រះអង្គក៏បានបង្គាប់ឲ្យមនុស្សទាំងអស់លន់តួបាប កែប្រែចិត្ត និងស្ដាប់បង្គាប់ទ្រង់ផងដែរ។
ដោយសារឥឡូវនេះលោកអ្នកយល់អំពីមូលហេតុដែលយើងត្រូវលន់តួបាប និងកែប្រែចិត្ត ត្រង់ថាឲ្យវាសំខាន់ នោះអ្វីដែលយើងនឹងធ្វើបន្ទាប់គឺមើលអំពីរបៀបដែលយើងគួរធ្វើការនោះ។ កណ្ឌគម្ពីរ រ៉ូម ១០:៩ បានណែនាំយើងដូចតទៅ «…ទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ…» ។ ពាក្យ «ព្រះអម្ចាស់» ត្រង់នេះមានន័យថា ឥឡូវនេះព្រះយេស៊ូវមានការគ្រប់គ្រងលើជីវិតរបស់លោកអ្នកទាំងស្រុង លោកអ្នកមិនអាចនៅបន្តធ្វើតាមតែចិត្តខ្លួនទៀតបានឡើយ ប៉ុន្តែយើងត្រូវតែធ្វើអ្វីដែលព្រះអម្ចាស់ដែលយើងបានបង្គាប់ឲ្យយើងធ្វើ។ កណ្ឌគម្ពីរ យ៉ូហាន ១:៩ បានធានាដល់យើងថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសម្អាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។ ដោយឡែកពីការលន់តួបាប តើការកែប្រែចិត្តមានការពាក់ព័ន្ធអ្វីជាមួយនឹងការទទួលបានការអត់ទោសចេញពីអំពើបាប? ពាសពេញព្រះគម្ពីរសញ្ញាថ្មី ការកែប្រែចិត្ត និងការទទួលពិធីជ្រមុជទឹកស្ទើរតែកើតឡើង ឬក៏មានការលើកឡើងក្នុងបរិបទតែមួយ។ លោក យ៉ូហាន-បាសីទ្ទ បាទអធិប្បាយអំពីការកែប្រែចិត្ត និងការទទួលពិធីជ្រមុជទឹក (ម៉ាថាយ ៣:១១)។ នៅពេលដែលមានគេសួរសាវ័ក ពេត្រុស ថា ពួកគាត់គួរឆ្លើយតបយ៉ាងដូចម្ដេច ទាក់ទងទៅនឹងការអធិប្បាយរបស់គាត់សាវ័ក ពេត្រុស បានឆ្លើយថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប…» (កិច្ចការ ២:៣៨)។ ប៉ុន្តែ នេះមិនបានផ្ដល់ជាចម្លើយថា តើការកែប្រែចិត្តជាអ្វីដែលឡើយនោះទេ?។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការកែប្រែចិត្តគឺជាការមើលឃើញ ឬក៏ការយល់អំពីភាពអាក្រក់នៃអំពើបាប ហើយក្នុងកម្រិតណាមួយ លោកអ្នកមានការស្រេកឃ្លាន ចង់ទទួលបានសេចក្តីសុចរិត (Stevens, ៣៥០)។ នៅពេលលោកអ្នក ហើយនិងខ្ញុំប្រព្រឹត្តអំពើបាប ដាច់ខាតគឺត្រូវតែយល់ថា យើងកំពុងតែប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ផ្ទាល់ (ទំនុកតម្កើង ១១៩:១១ «ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ»)។ ប៉ុន្តែ សំណួរសួរថា តើការទទួលពិធីជ្រមុជទឹកសំខាន់ដែរឬទេ ក្នុងការទទួលបានសេចក្តីសង្គ្រោះ?
ចម្លើយដ៏សាមញ្ញលើសំណួរនេះគឺថា ទេ! ចោរដែលជាប់ឆ្កាងនៅក្បែរព្រះយេស៊ូវនៅក្នុងកណ្ឌគម្ពីរ លូកា ជំពូក២៣ មិនបានទទួលពិធីជ្រមុជទឹកមុនគាត់ស្លាប់នោះទេ ប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលទៅគាត់ បន្ទាប់ពីគាត់បានទូលសូមឲ្យព្រះអង្គចាំគាត់នៅក្នុងនគររបស់ទ្រង់ថា «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»។ ជាបន្ទាប់ លោកអ្នកទំនងជានឹងងឿងឆ្ងល់ថា «ប៉ុន្តែ តើចោរនៅលើឈើឆ្ការនោះទទួលបានសេចក្តីសង្គ្រោះដោយរបៀបណា បើគាត់មិនបានឃើញព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ?»។ ប្រាកដណាស់ គាត់ពិតជាបានឃើញព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញមែន។ ចំណុចគន្លឹះគឺថា «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ» (កិច្ចការ ១៦:៣១)។ ពួកអយ្យកោនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានជឿ ហើយរំពឹងមើលអ្វីដែលយើងមានឥឡូវនេះ ដែលយើងកំពុងតែមើលត្រឡប់ក្រោយទៅវិញ—ការសុគត ការបញ្ចុះក្នុងផ្នូរ និងការមានព្រះជន្មរស់ឡើងវិញ (កាឡាទី ៣:៨ «ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្ដីជំនឿ បានជាមានសេចក្ដីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា “អស់ទាំងសាសន៍នឹងបានពរដោយសារឯង”»)។
ទាក់ទងនឹងការជឿលើការសុគត ការបញ្ចុះក្នុងផ្នូរ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ត្រូវមានអ្វីខ្លះ? គឺត្រូវមានជំនឿ។ ការមានជំនឿគឺជាអ្វីដែលដំណឹងល្អទាមទារពីអ្នកឮ។ ការមានជំនឿផ្ទាល់គឺមិនមែនជាអ្វីដែលមនុស្សមានបាបធ្វើនោះទេ។ វាគឺជាអំណោយទានពីព្រះជាម្ចាស់។ លោកគ្រូ ម៉ធិន លូសើរ (Martin Luther) បានលើកឡើងថា «ព្រះជាម្ចាស់មិនមែនគ្រាន់តែជាអ្នកផ្ដើមជំនឿនោះទេ ព្រះអង្គក៏ជាអ្នកបង្កើត និងអ្នករក្សាជំនឿនៅក្នុងការយល់ដឹងរបស់យើង ទាក់ទងទៅនឹងសេចក្តីសង្គ្រោះផងដែរ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យលោកអ្នកមានជំនឿរហូតដល់ចំណុចដែលនាំឲ្យលោកអ្នកចូលទៅកាន់ព្រះជាម្ចាស់» (Trelstad)។ កណ្ឌគម្ពីរ រ៉ូម ៤:២២ បានប្រាប់យើងថា លោក អ័ប្រាហាំ បានទទួលសេចក្តីសុចរិតតាមរយៈជំនឿរបស់គាត់។ ផ្នត់គំនិតនៃ «មនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន» មិនមែនជាការគិតថ្មីនោះទេ តែមានតាំងពីសម័យព្រះគម្ពីរសញ្ញាចាស់មកម៉្លេះ។ កណ្ឌគម្ពីរ ហាបាគុក ២:៤ បានចែងថា «តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន» (cf. រ៉ូម ១:១៧; កាឡាទី ៣:១១; ហេព្រើរ ១០:៣៨)។ លោកបណ្ឌិត John MacArthur ក៏បានឯកភាព ទាក់ទងទៅនឹងជំនឿថា «ជំនឿគឺជាយានយន្តដែលមនុស្សមានបាបទទួលបានការរាប់ជាសុចរិត» (១០៧)។
តើអ្វីទៅជាការរាប់ជាសុចរិត?
ដូចដែលយើងបានមើលជាមួយគ្នា «ត្រូវមានជំនឿមុនអាចទទួលបានការរាប់ជាសុចរិត» (Berkouwer, ១៥២)។ សូមគិតក្នុងរបៀបនេះ៖ លោកអ្នកកំពុងតែជាប់ពាក្យបណ្ដឹង នៅក្នុងកន្លែងកាត់ក្តី ទាក់ទងទៅនឹងការលួចលុយគេ ១០០ លានដុល្លារ ចៅក្រមហៀបនឹងវាយញញួរ ហើយប្រកាសថាលោកអ្នកជាប់ទោស ប៉ុន្តែក្នុងរំពេចដែលគាត់រៀបនឹងវាយញញួរ ស្រាប់តែមានបុគ្គលម្នាក់ដែលលោកអ្នកមិនធ្លាប់បានជួបពីមុនសោះ ចូលមកក្នុងកន្លែងកាត់ក្តី ហើយស្នើឲ្យចៅក្រមរង់ចាំសិន។ ខណៈពេលដែលគាត់កំពុងតែនិយាយ គាត់ក៏បានហុចសែក (check) ដែលមានទឹកលុយ ១០០ លានដុល្លារ គឺជាចំនួនទឹកលុយដែលជនជាប់ចោទមិនអាចសងវិញបាន។ ក្នុងអត្ថន័យចំៗ គាត់កំពុងតែរងគ្រោះជំនួសលោកអ្នក—នេះឯងគឺជាអត្ថន័យនៃការរាប់ជាសុចរិត។ សូមគិតអំពីការប្រៀបធៀបនេះ ទៅនឹងអំពើបាបរបស់លោកអ្នក រាល់អំពើបាបដែលលោកអ្នកបានប្រព្រឹត្ត គឺព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃលោះទាំងអស់។ កណ្ឌគម្ពីរ កូឡូស ២:១៣-១៥ បានចែងថា «ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ទ្រង់បានទាំងទម្លាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្ដាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង»។ លោកគ្រូ ម៉ធិន លូសើរ បានរៀបពាក្យថា «ការរាប់ជាសុចរិតតាមរយៈព្រះគុណដោយជំនឿ» (Trelstad)។ មានការវែកញែកគ្នាថា តើមនុស្សមានបាបអាចទទួលបានថារាប់ជាសុចរិត ក្នុងពេលដែលគាត់ទទួលជឿ ឬក៏តើគាត់ទទួលបានការរាប់ជាសុចរិតនោះ តាំងពីអស់កល្បជានិច្ចរៀងមកម៉្លេះឬ? អ្វីដែលយើងត្រូវចងចាំនោះគឺថា ទង្វើទាំងពីរនេះកើតឡើងក្នុងពេលតែមួយ។ «ការរាប់ជាសុចរិតមិនអាចកើតឡើងបាន ក្នុងពេលវេលានៃការអស់កល្បជានិច្ចមិនបានបង្កើតវាទេ» (Berkouwer, ១៤៧)។ ការរាប់ជាសុចរិតគឺជាអ្វីដែលកើតឡើងម្ដងជាសម្រេច គឺជាពេលដែលព្រះយេស៊ូវអត់ទោសអំពើបាបរបស់យើង ការញែកជាបរិសុទ្ធគឺជាដំណើរការពេញមួយជីវិត។
ការញែកជាបរិសុទ្ធគឺជាការញែកចេញទុក។ តើញែកទុកសម្រាប់អ្វី?
បន្ទាប់ពីលោកអ្នកបានទទួលជឿលើព្រះយេស៊ូវគ្រីស្ទ នោះលោកអ្នកនឹងទទួលបានសេចក្តីសង្គ្រោះ ដែលនេះមានន័យថា ព្រះអង្គបានអត់ទោសនៅរាល់អំពើបាបទាំងអស់របស់លោកអ្នក—ដែលយើងហៅថា «ការរាប់ជាសុចរិត»—ហើយបន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធនឹងចាប់ផ្ដើមញែកលោកអ្នកជាបរិសុទ្ធ។ ដូចដែលព្រះអង្គបានជ្រើសរើសសាសន៍អ៊ីស្រាអែល ញែកពួកគេសម្រាប់ទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នោះព្រះអង្គក៏បានញែកលោកអ្នកទុក នៅពេលដែលលោកអ្នកបើកចិត្ត ទទួលជឿព្រះយេស៊ូវផងដែរ។ នៅក្នុងការអធិស្ឋានរបស់ព្រះយេស៊ូវ ដែលជាសម្ដេចសង្ឃ ព្រះអង្គបានទូលសូមព្រះវរបិតាឲ្យញែកយើងជាបរិសុទ្ធ «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់» (យ៉ូហាន ១៧:១៦)។ ព្រះបន្ទូលរបស់ព្រះអង្គមានតួនាទីសំខាន់ណាស់ក្នុងការញែកយើងជាបរិសុទ្ធ ជាប្រចាំថ្ងៃ។ ក្នុងការតយុទ្ធរបស់គាត់ ដើម្បីឲ្យបានបរិសុទ្ធលោក Aleph បានសរសេរនៅក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ជំពូក១១៩ ដែលនោះគឺជាសេចក្តីសន្និដ្ឋានរបស់គាត់ថា ជាផ្លូវតែមួយគត់ក្នុងការនៅបានបរិសុទ្ធ គឺតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ (Psalm 119:9 «មនុស្សកំឡោះនឹងសម្អាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វី គឺដោយប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់»)។ សាវ័ក ប៉ុល បានរម្លឹកឲ្យយើងផ្លាស់ប្រែគំនិតយើង ជាថ្មីជាប្រចាំថ្ងៃ ហើយមានផ្លូវតែមួយគត់ ដែលយើងអាចផ្លាស់ប្រែគំនិតរបស់យើងបាន គឺតាមរយៈព្រះបន្ទូល។ កណ្ឌគម្ពីរ រ៉ូម ១២:១-២ «ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្ដីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង។ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ គោលបំណងរបស់ព្រះអង្គ ក្នុងការញែកយើងគឺ ដើម្បីឲ្យយើងបម្រើទ្រង់ និងអ្នកដទៃ។ ព្រះវរបិតាបានញែកព្រះយេស៊ូវទុកឲ្យមកផែនដី ដើម្បីសុគតជំនួសអំពើបាបរបស់យើង។ ដូច្នេះ គឺជាទំនួលខុសត្រូវរបស់យើងហើយ ក្នុងការដែលព្រះអង្គបានញែកយើងទុក ដើម្បីធ្វើព័ន្ធកិច្ចសម្រាប់ទ្រង់ (Stevens, ១០១)។
តើការបម្រើក្នុងព័ន្ធកិច្ចអ្វី?
សាវ័ក យ៉ាកុប បានលើកឡើងយ៉ាងច្បាស់លាស់ ក្នុងនាមជាប្រធានបទស្នូលនៅក្នុងកណ្ឌគម្ពីរដែលគាត់បាននិពន្ធថា ជំនឿដែលទទួលបានសេចក្តីសង្គ្រោះ គឺជាជំនឿដែលមានសកម្មភាព។ ព្រះយេស៊ូវក៏បានបន្ទោរអ្វីដែលបានចែងនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៦:៤-៥ នៅពេលដែលព្រះអង្គបានមានបន្ទូលថា «ចូរស្ដាប់ចុះ “ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់”ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំងឯង» ហើយ «ឯបញ្ញត្តិទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តិណាទៀតធំជាងបទទាំង២នេះទេ» (ម៉ាកុស ១២:២៩-៣១)។ ប្រសិនបើលោកអ្នកពិតជាស្រឡាញ់ព្រះអម្ចាស់មែន នោះលោកអ្នកក៏នឹងចង់ធ្វើនូវអ្វីដូចដែលអ្នកជឿដំបូងបានធ្វើដែរ គឺទទួលពិធីច្រមុជទឹក បន្ទាប់ពីបានឮការប្រកាសអំពីដំណឹងល្អ ពោលគឺបន្ទាប់ពីលោកអ្នកបានការប្រែចិត្ត (cf. កិច្ចការ ៨:៣៦-២៨; ៩:១៨; ១០:៤៧-៤៨; ១៦:៣៣)។ ខ្ញុំសូមបញ្ជាក់ថា ការទទួលពិធីជ្រមុជទឹកមិនបាននាំឲ្យលោកអ្នកទទួលបានសេចក្តីសង្គ្រោះទេ។ វាគ្រាន់តែជាសញ្ញានៃការបង្ហាញថា លោកអ្នកកំពុងតែស្តាប់បង្គាប់ព្រះយេស៊ូវ និងជាការប្រកាសទៅកាន់ពិភពលោកថា លោកអ្នកគឺជាអ្នកដើរតាមព្រះអង្គ (ម៉ាថាយ ២៨:១៩-២០)។ យើងដឹងហើយថា ក្រុមជំនុំកូរិនថូសបានធ្វើពិធីជ្រមុជទឹកសម្រាប់មនុស្សស្ដាប់ដោយគិតថា ការធ្វើបែបនោះនឹងនាំឲ្យជីដូនជីតារបស់ពួកគាត់ ដែលបានស្ដាប់ហើយ ទទួលបានសេចក្តីសង្គ្រោះផងដែរ។ ប៉ុន្តែសាវ័ក ប៉ុល បានលើកឡើងយ៉ាងច្បាស់លាស់ថា ការធ្វើបែបនោះនឹងមិននាំឲ្យមានការសង្គ្រោះនោះទេ (១កូរិនថូស ១៥:២៩-៣០)។ ការទទួលពិធីជ្រមុជទឹកគឺមិនមែនជាចំណុចដែលសំខាន់បំផុត ដែលលោកអ្នកត្រូវតែធ្វើ បន្ទាប់ពីលោកអ្នកបានបើកចិត្តទទួលជឿនោះទេ គឺនៅមានចំណុចសំខាន់ៗផ្សេងទៀតដែលលោកអ្នកត្រូវតែធ្វើ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ។
ដូចដែលខ្ញុំបានលើកឡើង ព្រះយេស៊ូវមិនមែនគ្រាន់តែបានត្រាស់ហៅឲ្យយើងស្រឡាញ់ព្រះអង្គឲ្យអស់ពីគំនិត អស់ពីព្រលឹង អស់ពីចិត្ត និងអស់ពីកម្លាំងនោះទេ ប៉ុន្តែព្រះអង្គក៏បានត្រាស់ហៅឲ្យយើងស្រឡាញ់អ្នកជិតខាងយើងផងដែរ។ ព្រះអង្គបានសង្គ្រោះយើង ដើម្បីឲ្យយើងអាចបង្ហាញសេចក្តីស្រឡាញ់នោះ។ យ៉ូហាន ៣:១៦ បានចែងថា «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ បន្ទាប់ពីទទួលបានការសង្គ្រោះ វាគឺជាទំនួលខុសត្រូវរបស់យើងក្នុងការចេញទៅបង្កើតសិស្ស ការធ្វើពិធីជ្រមុជទឹក និងការបង្រៀនអ្នកដទៃ—នេះប្រសិនបើលោកអ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់ និងអ្នកជិតខាងរបស់ខ្លួនមែន (ម៉ាថាយ ២៨:១៩-២០)។ ពិតណាស់ គឺលោកអ្នកនឹងមិនចង់ឃើញពួកគេវិនាសឡើយ។ ប៉ុន្តែ សូមចងចាំថា គឺមិនមែនលោកអ្នកទេដែលត្រូវសម្រេចការងារទាំងអស់នេះ។ សូមចងចាំថា ការទទួលបានសេចក្តីសង្គ្រោះរបស់លោកអ្នក គឺព្រះជាម្ចាស់ទេដែលបានសម្រេច គឺព្រះវិញ្ញាណបរិសុទ្ធទេដែលបានចាក់ចុចចិត្តរបស់លោកអ្នក (Berkouwer, ២៨)។ ទំនួលខុសត្រូវរបស់លោកអ្នកគឺធ្វើនូវអ្វីដែលបុគ្គលដែលបាននាំលោកអ្នកទៅកាន់ព្រះគ្រីស្ទបានធ្វើដែរ—គឺប្រកាសដំណឹងល្អ—ហើយថ្វាយទៅព្រះជាម្ចាស់។
អ្វីដែលលោកអ្នកត្រូវជឿតិចបំផុត ដើម្បីឲ្យទទួលបានសេចក្តីសង្គ្រោះ គឺទទួលជឿលើការសុគត ការបញ្ចុះក្នុងផ្នូរ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះជាម្ចាស់គឺជាអង្គដែលសម្រេចជំនឿរបស់លោកអ្នក។ ដាច់ខាត មានតែព្រះអង្គមួយអង្គគត់ដែលត្រូវតែជាអង្គដែលជ្រើសរើសលោកអ្នក តាំងពីមុនការចាក់គ្រឹះពិភពលោកនេះ ដើម្បីឲ្យលោកអ្នកអាចទទួលបានសេចក្តីសង្គ្រោះ។ ពោលគឺ ដើម្បីឲ្យលោកអ្នកអាចឈានដល់ចំណុចដែលលោកអ្នកអាចមានជម្រើសទទួលជឿបាន ដែលនឹងគឺជាការបង្ហាញអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងជាការដែលព្រះវិញ្ញាណបរិសុទ្ធចាក់ចុចចិត្តរបស់លោកអ្នក ឲ្យយល់អំពីអំពើបាបរបស់ខ្លួន នៅពេលដែលលោកអ្នកឮការប្រកាសដំណឹងល្អ។ តាមរយៈការជឿ នោះជំនឿរបស់លោកអ្នកនឹងរាប់លោកអ្នកជាសុចរិត តាមរយៈព្រះគុណ។ បន្ទាប់ពីលោកអ្នកទទួលបានការរាប់ជាសុចរិត នោះដំណើរដល់វែងឆ្ងាយនៃការញែកជាបរិសុទ្ធនឹងចាប់ផ្ដើម ដែលនេះមានន័យថា ព្រះអង្គបានត្រាស់ហៅឲ្យលោកអ្នករស់នៅដោយបង្ហាញជំនឿ តាមរយៈការស្រឡាញ់ទ្រង់ និងស្រឡាញ់អ្នកដទៃ។ យើងអាចឃើញការនេះបានតាមតែរយៈការដែលលោកអ្នកចេញទៅបង្កើតសិស្ស ធ្វើពិធីជ្រមុជទឹក និងបង្រៀនអ្វីដែលព្រះជាម្ចាស់បានបង្គាប់ឲ្យលោកអ្នកធ្វើ ដោយទទួលស្គាល់ថា គឺលោកអ្នកមានកាតព្វកិច្ចក្នុងការប្រកាសដំណឹងល្អ ខណៈពេលដែលព្រះជាម្ចាស់គឺជាអង្គដែលធ្វើការសង្គ្រោះ។
នេះគឺជាអ្វីដែលលោកអ្នកត្រូវតែប្រាប់បុគ្គលដែលកំពុងតែអង្គុយចិត្តលោកអ្នក បុគ្គលដែលបានសួរសំណួរមកលោកអ្នក គឺជាបុគ្គលដែលកំពុងតែភ័យតក់ស្លុត ដោយសារគាត់ដឹងថា នឹងមិនមាននរណាអាចរួចផុតពីការធ្លាក់យន្តហោះនេះនោះទេ យ៉ាងហោចណាស់មិនមែនក្នុងរបៀបដែលអ្នកបើកបរយន្តហោះបានប្រាប់នោះដែរ។
ឯកសារយោង
- លោក Berkouwer, G. C. Faith and Justification, Grand Rapids: WM. B. Eerdmans Publishing, 1954.
- លោក Lonas, Justin. “Living the Resurrection.” Pulpit Helps. 22 Apr. 2009: 6-7.
លោក MacArthur, John. “Having an Eternal Right Relationship with God.” Think Biblically. Eds. Hughes, John A., and Richard L. Mayhue. Illinois: Crossway Books, 2003. 101-114.
— — Truth Endures, Panorama City: Grace to You, 2009.
Reformed.org website. Apostles’ Creed. Google Search. Date accessed: 23 Apr. 2009 <http://www.reformed.org>.
លោក Riddlebarger, Kim. “Our Only Mediator.” Table Talk. 22 Apr. 2009: 52-53.
លោក Prosper of Aquitaine. The Call of all Nations. Trans. P. De Letter. New York: Newman Press, 1952.
លោក Stevens, George. The Christian Doctrine of Salvation, New York: Charles Scribner’s Son, 1911.
លោក Trelstad, Marit. “The Way of Salvation in Luther’s Theology: A Feminist Evaluation.” Academic Search Premier. 2006. Date accessed: 22 Apr. 2009 <http://web.ebscohost.com>.
លោក Varner, Will. Personal interview. 24 April 2009.
មតិយោបល់
Loading…