in ,

ការ​រក្សា​ថ្ងៃ​សប្ប័ទ

យើ​ង​ខ្ញុំ​គិត​ថា ចំណុច​នេះ​ពាក់​ព័ន្ធ​ទៅ​នឹង​សតិសម្បជញ្ញៈ​ផ្ទាល់​ខ្លួន។ ហើយ​វា​គួរ​តែ​បែប​នោះ។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា វា​មិន​មាន​អត្ថន័យ ឬ​ក៏​ការ​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ។

សំណួរ​ដ៏​ធំ​ទាក់​ទង​ទៅ​នឹង​ថ្ងៃ​សប្ប័ទ​គឺ​ថា តើ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន ឬ​ក៏​មិន​បាន​បញ្ជា​ឲ្យ​យើង​រក្សា​ថ្ងៃ​សប្ប័ទ​ឲ្យ​បាន​បរិសុទ្ធ​ក្នុង​របៀប​ដូច​ដែល​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​បញ្ជា។

វា​គឺជា​បទ​ល្មើស​មូល​ធន​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ដោយ​គ្រាន់​តែ​លី ឬ​ក៏​កាន់​មែក​ឈើ​នៅ​ថ្ងៃ​សប្ប័ទ លោក​អ្នក​អាច​ទទួល​ការ​ប្រហារ​ជីវិត​ចោល។

យើង​ខ្ញុំ​នឹង​មិន​អើពើ​លើ​បញ្ហា​នៃ​ថ្ងៃ​អាទិត្យ v.s. ថ្ងៃ​សៅរ៍​នោះ​ទេ ដោយ​គ្រាន់​តែ​សន្មត​ថា​វា​មិន​មែន​ជា​សំណួរ​តែ​ម្ដង។ ថ្ងៃ​អាទិត្យ​គឺ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​គ្រីស្ទ​បរិស័ទ ជា​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ហើយ​យើង​ខ្ញុំ​ក៏​ឯក​ភាព​ជា​មួយ​នឹង​ប្រយោគ​នេះ​ដែរ។ យើង​ខ្ញុំ​គិត​ថា អស់​អ្នក​ដែល​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​សៅរ៍​គឺ​កំពុង​តែ​មាន​ការ​យល់​ដឹង​ខុស​ហើយ​លើ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​ពី​សុគត​វិញ គឺ​ជា​ថ្ងៃ​ដែល​ក្រុម​ជំនុំ​ដំបូង​បាន​កត់​សម្គាល់​ថា​ជា​ថ្ងៃ​បរិសុទ្ធ​នៃ​ដើម​អាទិត្យ។

ដូច្នេះ សំណួរ​សួរ​ថា តើ​ព្រះ​អម្ចាស់​មាន​ព្រះ​ទ័យ​យ៉ាង​ដូច​ម្ដេច​សម្រាប់​ថ្ងៃ​ដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ សម្រាប់​ថ្ងៃ​អាទិត្យ ដូច​ដែល​មាន​បើក​សម្ដែង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី?

ចំពោះ​យើង​ខ្ញុំ​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក​១៤ គឺ​សំខាន់​ណាស់​ដោយ​សារ​ក្នុង​ជំពូក​នេះ យើង​ឃើញ​ថា​ហាក់​ដូច​ជា​មិន​មាន​ការ​ឯកភាព​គ្នា​ក្នុង​ក្រុម​ជំនុំ។ បុគ្គល​ម្នាក់​ប្រារព្ធ​ថ្ងៃ​មួយ ហើយ​បុគ្គល​ម្នាក់​ទៀត​រាប់​ថ្ងៃ​ទាំង​អស់​ថា​ដូច​គ្នា។ សូម​កត់​សម្គាល់​ត្រង់​ថា ជំពូក​នោះ​មិន​បាន​លើក​ឡើង​យ៉ាង​ចំៗ​អំពី​បញ្ហា​លើ​ថ្ងៃ​សប្ប័ទ​ទេ។ វា​អាច​ជា​ថ្ងៃ​ឈប់​សម្រាក​ណា​ផ្សេង​ទៀត​ក៏​ថា​បាន។ ប៉ុន្តែ បាន​លើក​ឡើង​ថា «ម្នាក់​រាប់​ថា ថ្ងៃ១​ល្អ​ជាង​ថ្ងៃ១ ម្នាក់​ទៀត​រាប់​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា» ដែរ (រ៉ូម ១៤:៥)។

យើង​ខ្ញុំ​ចង​ចាំ​អំពី​ការ​សន្ទនា​មួយ​នេះ​ជា​មួយ​នឹង​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ម្នាក់ ហើយ​គាត់​បាន​លើក​ឡើង​ថា ខ​នេះ​មិន​បាន​លើក​ឡើង​ថា​បុគ្គល​ម្នាក់​បាន​រាប់ «ថ្ងៃ​ទាំង​អស់​ទាក់​ទិន​នឹង​សាសនា​ទេ» ប៉ុន្តែ​ទំនង​ថា «ថ្ងៃ​ទាំង​អស់​គឺ​បរិសុទ្ធ»។ ហើយ​យើង​ខ្ញុំ​ក៏​បាន​តប​ថា «ពិត​ណាស់! នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​សន្មត​អំពី​អត្ថន័យ។» និយាយ​ម្យ៉ាង​វិញ​ទៀត​ទៅ រាល់​ថ្ងៃ​នៃ​សប្តាហ៍​ទាំង​អស់​គឺ​បរិសុទ្ធ​ចំពោះ​ព្រះ​អម្ចាស់​សម្រាប់​មនុស្ស​មួយ​ចំនួន​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម ហើយ​អ្នក​ផ្សេង​ក៏​បាន​តប​វិញ​ថា «ពិត​ណាស់! ប៉ុន្តែ ថ្ងៃ​មួយ​នេះ​គឺ​បរិសុទ្ធ​ជាង។»

មើល​ទៅ​ហាក់​បី​ដូច​ជា​ថា​មិន​មាន​ការ​ឯក​ភាព​គ្នា។ ហើយ​របៀប​ដំណោះ​ស្រាយ​របស់​សាវ័ក ប៉ុល ទាក់​ទង​ទៅ​នឹង​ការ​មិន​ឯក​ភាព​គ្នា​គឺ​ថា គាត់​មិន​កាន់​ជើង​អ្នក​ណា​នោះ​ទេ។ នោះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​វា​សំខាន់៖ គឺ​គាត់​បាន​លើក​ឡើង​ថា «អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​ប្រកាន់​ដោយ​គោរព​ដល់​ព្រះ​អម្ចាស់ ហើយ​អ្នក​ណា​ដែល​មិន​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់ ដោយ​គោរព​ដល់​ព្រះ​អម្ចាស់​ដែរ»។

នោះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ណាស់ ពីព្រោះ​យើង​ខ្ញុំ​គិត​ថា មនុស្ស​ដែល​មិន​គិត​អំពី​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ ឬ​ក៏​ធ្វើ​អ្វី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ពិសេស​ក៏​ទំនង​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​ព្រះ​ជាម្ចាស់​ដែរ។

មើល​ទៅ​ហាក់​បី​ដូច​ជា​ពួក​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ដោយ​មិន​គិត​អំពី​អ្វី​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ។ ហើយ​ពួក​គាត់​បែរ​ជា​ជ្រើស​រើស​មើល​គេ​លេង​កីឡា​អាជីព​លើ​ទូរទស្សន៍ ឬ​ក៏​មើល​រឿង​ភាគ​ទៅ​វិញ។ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​ឃើញ​ទង្វើ នោះ​លោក​អ្នក​ក៏​នឹង​លើក​ឡើង​ថា «តើ​ថ្ងៃ​នេះ​ខុស​ពី​ថ្ងៃ​សៅរ៍​មែន​ឬ? តើ​វា​មាន​អ្វី​សំខាន់​ពី​ថ្ងៃ​នេះ​មែន​ឬ?» ហើយ​មាន​គ្រីស្ទ​បរិស័ទ​ជាច្រើន​នឹង​តប​ថា «ទេ មិន​មាន​អ្វី​ពិសេស​អំពី​ថ្ងៃ​នេះ​នោះ​ទេ»។

ហើយ​យើង​ខ្ញុំ​គិត​ថា គោល​ការណ៍​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​គឺ​ថា ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​ឲ្យ​មាន​ថ្ងៃ​មួយ​ក្នុង​ថ្ងៃ​ទាំង​ប្រាំ​ពីរ​ក្លាយ​ជា​ថ្ងៃ​សម្រាក។ យើង​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​គ្រោង​ទុក​ពេល​ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារ​ពើ សម្រាប់​ជា​ប្រយោជន៍​ដល់​យើង និង​សម្រាប់​ជា​សុខ​ភាព​ដល់​យើង។

ដូច្នេះ នៅ​ថ្ងៃ​ព្រះ​អម្ចាស់ ចំណុច​មួយ​ដែល​យើង​គួរ​ធ្វើ​ក្នុង​ចំណុច​នានា​គឺ​ធ្វើ​នូវ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​លម្ហែ​ដល់​យើង​សម្រាប់​ព័ន្ធ​កិច្ច​របស់​ព្រះ​អង្គ មិន​ថា​ខាង​ឯ​ខួរ​ក្បាល រាង​កាយ ឬ​ក៏​វិញ្ញាណ​ក៏​ដោយ។ ដូច្នេះ ប្រសិន​បើ​លោក​អ្នក​ធ្វើ​ការ​ដោយ​អង្គុយ​នៅ​តុ​មួយ​កន្លែង​ពេញ​អាទិត្យ នោះ​អ្វី​ដែល​លោក​អ្នក​គួរ​ធ្វើ​គឺ​ទៅ​ដើរ ឬ​ក៏​ជិះ​កង់​លេង​នៅ​ថ្ងៃ​អាទិត្យ។ ហើយ​ប្រសិន​បើ​លោក​អ្នក​ធ្វើ​ការ​នៅ​ឯ​ចម្ការ ហើយ​ឈឺ​ខ្នង​ពេញ​មួយ​អាទិត្យ (ដ្បិត​នោះ​គឺ​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់) នោះ​អ្វី​ដែល​លោក​អ្នក​គួរ​ធ្វើ​គឺ​អង្គុយ ហើយ​សម្រាក​ដោយ​គេង​លេង​នៅ​ថ្ងៃ​អាទិត្យ។

យើងខ្ញុំ​គិត​ថា ចំណុច​ដែល​ឲ្យ​យើង​សម្រាក​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ចិត្ត​សាស្ត្រ ហើយ​ចេញពី​ទស្សនៈ​នៃ​ការ​បង្កើត​តាម​លំដាប់​លំដោយ វា​ក៏​ជា​ការ​ដ៏​មាន​ប្រាជ្ញា​ដែរ។ យើង​ខ្ញុំ​ប្រើ​ពាក្យ «ប្រាជ្ញា» ជា​ជាង​តម្រូវ​ឲ្យ​ធ្វើ​អ្វី​មួយ​ក្នុង​របៀប​ណា​មួយ។ សូម​ញែក​ថ្ងៃ​ណា​មួយ​ក្នុង​ចំណោម​ថ្ងៃ​ទាំង​ប្រាំ​ពីរ​ចេញ ហើយ​យក​វា​ទុក​ជា​ថ្ងៃ​ដែល​លោក​អ្នក​នឹង​សម្រាក​ឲ្យ​មាន​កម្លាំង​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម​ចុះ។

នៅ​ពេល​ដែល​យើង​មាន​ថ្ងៃ​ឈប់​សម្រាក​នៅ​ចុង​អាទិត្យ នោះ​យើង​តែង​តែ​គិត​ថា «តើ​វា​ទាក់​ទង​អ្វី​ជា​មួយ​នឹង​ថ្ងៃ​សៅរ៍?»។ ខណៈ​ពេល​ដែល​ព្រះ​គម្ពីរ​មាន​ចែង​ថា «ក្នុង​រវាង​៦ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក» (និក្ខមនំ ២០:៩-១០)។ ដូច្នេះ ព្រះ​គម្ពីរ​មិន​មាន​ថ្ងៃ​ធ្វើ​ការ​តែ​ប្រាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​មាន​ប្រាំ​មួយ​ថ្ងៃ។

នោះ​គឺ​ជា​របៀប​ដែល​យើង​ខ្ញុំ​គិត​ជា​មួយ​នឹង​ខ្លួន​ឯង។ យើង​ខ្ញុំ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ​ក្នុង​មួយ​អាទិត្យ ហើយ​នៅ​ថ្ងៃ​ចន្ទ—ជា​ថ្ងៃ​ដែល​យើង​ខ្ញុំ​ឈប់​សម្រាក—យើង​ខ្ញុំ​នឹង​សម្រួល​ឥរិយាបថ​ដោយ​សម្រាក ហើយ​មិន​គិត​អំពី​ការងារ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ យើង​ខ្ញុំ​អធិស្ឋាន​នៅ​ដើម​ថ្ងៃ​ថា «ឱ​ព្រះ​អម្ចាស់​អើយ! អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​នេះ សូម​ប្រើ​ប្រាស់​វា ដើម្បី​ឲ្យ​ទូល​បង្គំ​មាន​កម្លាំង​នៅ​ថ្ងៃ​អង្គារ។ សូម​ឲ្យ​ទូល​បង្គំ​មាន​កម្លាំង​សម្រាប់​ថ្ងៃ​នានា​នៅ​ក្នុង​សប្ដាហ៍​នេះ​ដែល​នឹង​មក​ដល់។ សូម​ប្រទាន​កម្លាំង​ដល់​ទូល​បង្គំ សូម​ប្រទាន​ថាមពល​ដល់​ទូល​បង្គំ។»

ចំណុច​បរិសុទ្ធ​គឺ​ជា​ចំណុច​ដែល​កំពុង​តែ​ផ្ដោត​លើ​ក្នុង​សំណួរ​មួយ​នេះ។ យើង​ខ្ញុំ​គិត​ថា ចំណុច​បរិសុទ្ធ​គឺ​ទាក់​ទង​ជា​មួយ​នឹង​ការ​ថ្វាយ​បង្គំ។ មិន​ថា​នៅ​យប់​ថ្ងៃ​សៅរ៍​មុន​នោះ ឬ​ក៏​ព្រឹក​ថ្ងៃ​អាទិត្យ សូម​ញែក​មួយ​ថ្ងៃ​ជា​ការ​ផ្ដោត​ដ៏​សំខាន់​ក្នុង​ការ​ជួប​ជុំ​គ្នា​ថ្វាយ​បង្គំ។ យើង​ខ្ញុំ​គិត​ថា ចំណុច​នេះ​គឺ​ច្បាស់​លាស់​ណាស់​ក្នុង​របៀប​ដែល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​លើក​ឡើង​អំពី​ការ​ជួប​ជុំ​គ្នា​នៃ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់។ ដូច្នេះ ថ្ងៃ​នោះ​បរិសុទ្ធ​ក្នុង​អត្ថន័យ​ថា វា​គឺ​ជា​ថ្ងៃ​ដែល​បាន​ញែក​ទុក​សម្រាប់​ជួប​ជុំ​គ្នា ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់។

ជា​បន្ទាប់ យើង​ខ្ញុំ​គិត​ថា លោក​អ្នក​គួរ​ព្យាយាម​គេច​ខ្លួន​ចេញ​ពី​ការ​ចូល​រួម​ជា​មួយ​នឹង​លោកីយ៍ ដើម្បី​ឲ្យ​លោក​អ្នក​អាច​លើក​ឡើង​អំពី​ចំណុច​ពិសេស​នៅ​ថ្ងៃ​នេះ​បាន។ វា​ខុស​គ្នា​ពី​ថ្ងៃ​នានា ពីព្រោះ​ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​អម្ចាស់ ហើយ​ព្រះ​អង្គ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក្នុង​របៀប​ដែល​យើងខ្ញុំ​ចង់​និយាយ​អំពី​ចំណុច​ចម្លែក​របស់​វា​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ យើង​ខ្ញុំ​មិន​ចង់​លើក​យក​ក្រឹត្យ​វិន័យ​ថា វា​គួរ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច​នោះ​ទេ? យើង​ខ្ញុំ​នឹង​គ្រាន់​តែ​ចែក​ចាយ​នូវ​ការ​អនុវត្ត​មួយ​ចំនួន​ដែល​គ្រួសារ​របស់​យើង​ខ្ញុំ​បាន​បង្កើត​ឡើង។

គ្រួសារ​យើង​ខ្ញុំ​មិន​មើល​ការ​ប្រកួត​កីឡា​អាជីព​នៅ​ថ្ងៃ​អាទិត្យ​នោះ​ទេ។ កូន​ប្រុសៗ​របស់​យើង​ក៏​មិន​ទៅ​ប្រកួត​បាល់​នៅ​ថ្ងៃ​អាទិត្យ​ដែរ។ ហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​ហាម​ប្រាម​ថា ពួក​គាត់​មិន​អាច​ទៅ​ផ្ទះ​មិត្តភក្ដិ ហើយ​មើល​ទូរទស្សន៍​ដែរ។ មនុស្ស​មួយ​ចំនួន​នឹង​ទំនង​ជា​លើក​ឡើង​ថា «មើល​ទៅ​ហាក់​បី​ដូច​ជា​ចម្លែក​ណាស់។ នោះ​គឺ​ជា​ការ​ហាម​ប្រាម​ដែល​គួរ​ឲ្យ​អស់​សំណើច​មែន?»។ ប៉ុន្តែ យើង​ខ្ញុំ​មាន​មូល​ហេតុ​របស់​ខ្លួន។ ហើយ​យើង​ខ្ញុំ​ក៏​បាន​ប្រាប់​អំពី​មូល​ហេតុ​នោះ​ទៅ​កាន់​កូន​ប្រុសៗ​របស់​យើង​ខ្ញុំ​ដែរ អំពី​ការ​មាន​ចំណែក​ក្នុង​សកម្មភាព​ដែល​មិន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​នៅ​ឯ​ពហុ​កីឡាដ្ឋាន។

គ្រួសារ​យើង​ខ្ញុំ​ក៏​មិន​ទៅ​មើល​កុន​នៅ​ថ្ងៃ​អាទិត្យ​ដែរ។ ៩៩% នៃ​រឿង​មិន​បង្ហាញ​ពី​ការ​កោត​ខ្លាច​ព្រះ​ជាម្ចាស់​នោះ​ទេ ហើយ​ក៏​លើក​តម្កើង​ការ​សប្បាយ​បែប​លោកីយ៍​ផង​ដែរ ទោះ​បើ​ថា​វា​មិន​មែន​ជា​អំពើ «អាក្រក់» ក៏​ដោយ។ រឿង​ទាំង​អស់​នោះ​មិន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ទាល់​តែ​សោះ។ ហើយ​យើង​ខ្ញុំ​ផ្ទាល់​ក៏​មិន​ដែល​ទៅ​មើល​កុន​នៅ​ថ្ងៃ​អាទិត្យ ហើយ​ក៏​មិន​មាន​ផែនការ​ទៅ​មើល​នៅ​អនាគត​ដែរ។ នេះ​គឺ​ជា​ចរិត​របស់​យើង​ខ្ញុំ។

ប៉ុន្តែ យើង​ខ្ញុំ​ក៏​មិន​ស៊ើប​សួរ​នាំ​នៅ​ឯ​ព្រះ​វិហារ ឬ​ក៏​កន្លែង​ធ្វើ​ការ​របស់​យើង​ខ្ញុំ​ថា តើ​បុគ្គលិក​បាន ឬ​ក៏​នឹង​ធ្វើ​អ្វី​ខ្លះ​ដែរ? អ្វី​ដែល​យើង​ខ្ញុំ​ចង់​លើក​ឡើង​គឺ​ថា លោក​អ្នក​ត្រូវ​តែ​ញែក​ថ្ងៃ​ណា​មួយ​នៃ​សប្តាហ៍ ដើម្បី​សម្រាក ហើយ​លោក​អ្នក​ត្រូវ​រក​របៀប​និយាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ថា «ទូល​បង្គំ​ស្រឡាញ់​ទ្រង់។ ទូល​បង្គំ​គោរព​កោត​ខ្លាច​ព្រះ​អង្គ។ ហើយ​ទូល​បង្គំ​ក៏​នឹង​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​អង្គ​ក្នុង​របៀប​ដ៏​ពិសេស​នៅ​ថ្ងៃ​នេះ​ផង​ដែរ»។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះអង្គ​ដែល​ស្ទង់​ចិត្ត

តើដំណឹងល្អជាអ្វី?