អាស្រ័យទៅលើនិកាយ ឬព្រះវិហារដែលអ្នកបានចូលរួម អ្នកប្រហែលជាធ្លាប់បានឮគេនិយាយអំពី
«កណ្ឌហេណុក»។ ទោះជាយ៉ាងណាក៏ដោយ គេមិនបានរាប់បញ្ចូលកណ្ឌមួយនេះនៅក្នុងព្រះគម្ពីរប៊ីបទេ។
គេបានដាក់កណ្ឌ ហេណុក ចូលទៅក្នុងប្រភេទសៀវភៅដែលបានដាក់ឈ្មោះអ្នកនិពន្ធខុស (pseudepigrapha)។ អ្នកនិពន្ធរបស់សៀវភៅប្រភេទនេះបានអះអាងថា ខ្លួនជាបុគ្គលណាម្នាក់ តែតាមពិតបុគ្គលដែលគាត់បានអះអាងនោះមិនមែនជាអ្នកនិពន្ធពិតប្រាកដទេ។ ការនិពន្ធសៀវភៅប្រភេទនេះបានកើតមានជាធម្មតាក្នុងអំឡុងសម័យកាលនៃការតែងនិពន្ធព្រះគម្ពីរប៊ីប។
តើលោក ហេណុក ដែលមានចែងក្នុងព្រះគម្ពីរប៊ីបជានរណា?
ក្នុងព្រះគម្ពីរ មានបុរសបួននាក់មានឈ្មោះហេណុក(លោកុប្បត្តិ ៤:១៧, ៥:១៨, ២៥:៤, ៤៦:៩)។
លោក ហេណុក ជាដំណរទី៧រាប់ចាប់តាំងពីលោកអ័ដាមមក។ កណ្ឌគម្ពីរ លោកុប្បត្តិ ៥:២២-២៤ បានចែងថា
«រួចក្រោយគ្រាដែលបង្កើតមធូសាឡាមក នោះគាត់ក៏ដើរជាមួយនឹងព្រះអស់៣០០ឆ្នាំ ទាំងបង្កើតបានជាកូនប្រុសជាស្រីតទៅ អាយុហេណុកទាំងអស់បាន៣៦៥ឆ្នាំ គាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ»។ លោក ហេណុក ក៏ជាតាលួតរបស់លោកណូអេផងដែរ។
យើងក៏អាចរកឃើញឈ្មោះរបស់លោក ហេណុក នៅក្នុងបញ្ជីឈ្មោះវីវរបុរសនៃសេចក្តីជំនឿ ដូចមានចែងក្នុងកណ្ឌគម្ពីរ ហេព្រើរ ១១:៥ ថា «ដោយសារសេចក្តីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្តីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ
នោះមានសេចក្តីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់»។
គួរកត់សំគាល់ផងដែរថា ពេលណាគេនិយាយអំពីលោក ហេណុក ភាគច្រើនគេនឹកឃើញការដែលព្រះទ្រង់ «លើកគាត់ឡើងស្ថានសួគ៌ទាំងរស់» ដូចលោកអេលីយ៉ា។ មានតែបុរសពីរនាក់នេះទេ ដែលព្រះគម្ពីរបានចែងថា ព្រះអម្ចាស់បានជ្រើសរើសឲ្យពួកគេជៀសផុតពីសេចក្តីស្លាប់។ គេជឿថាលោក ហេណុក បានទទួលឯកសិទ្ធិពិសេសមួយនេះ ដោយសារគាត់បានដើរដោយស្មោះត្រង់ជាមួយព្រះ ហើយព្រះអង្គបានសព្វព្រះទ័យនឹងគាត់ណាស់។ ព្រះគម្ពីរមិនបានប្រាប់យើងអំពីគោលបំណងដែលព្រះលើកលោក ហេណុក ឡើងស្ថានសួគ៌ទាំងរស់នោះទេ ប៉ុន្តែភាគច្រើនគេសន្និដ្ឋានថាមូលហេតុគឺដោយសារគាត់អាចធ្វើជាស្មរបន្ទាល់ម្នាក់ ក្នុងចំណោមស្មរបន្ទាល់ពីរនាក់ នៅគ្រាចុងក្រោយ។ គេក៏បានសន្និដ្ឋានផងដែរថា លោកអេលីយ៉ាគឺជាស្មរបន្ទាល់ម្នាក់ទៀត។
កណ្ឌ យូដាសក៏បានលើកឡើងអំពីលោក ហេណុក ជាលក្ខណៈបទទំនាយក្នុងជំពូក ១:១៤-១៥ ដែលបានចែងថា «មើល ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនិងរម្លឹកពួកទមិលល្មើសទាំងអម្បាលម៉ាន ឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិឡល្មើស ដែលគេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្តីរឹងទទឹងទាំងប៉ុន្មាន ដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះ បានពោលទាស់នឹងទ្រង់»។
ហេតុអ្វីគេដកកណ្ឌហេណុកចេញពីព្រះគម្ពីរប៊ីប?
គេបានអះអាងថា កណ្ឌ ហេណុក ជាស្នាដៃនិពន្ធរបស់លោក ហេណុក តែមិនមានន័យថា សៀវភៅមួយនេះជាស្នាដៃនិពន្ធរបស់គាត់ ឬព្រះបានបណ្តាលឲ្យគាត់តែងនិពន្ធនោះទេ ឬមួយមានន័យថា គេគួរដាក់បញ្ចូលវាក្នុងព្រះគម្ពីរប៊ីបនោះឡើយ។ គួរកត់សំគាល់ផងដែរថា គ្មានអ្នកប្រាជ្ញាព្រះគម្ពីរណាម្នាក់ ដែលពិតជាបានជឿថាលោក ហេណុក បាននិពន្ធកណ្ឌមួយនេះទេ។
គេមិនគ្រាន់តែបានចាត់ទុកកណ្ឌ ហេណុក ជាសៀវភៅដែលបានដាក់ឈ្មោះអ្នកនិពន្ធខុសប៉ុណ្ណោះទេ តែក៏បានចាត់ទុកសៀវភៅមួយនេះជាប្រភេទកណ្ឌ អាប៉ូគ្រីប៉ា (Apocrypha)។ កណ្ឌ អាប៉ូគ្រីប៉ា គឺជាប្រភេទកណ្ឌដែលគេបានសន្និដ្ឋានថា មានចែងអំពីសេចក្តីពិត និងមានភាពត្រឹមត្រូវ ប៉ុន្តែតាមពិតគេបានរកឃើញថា សៀវភៅទាំងនោះបានចែងអំពីសេចក្តីអ្វីដែលមិនពិត ហើយច្រើនតែនិយាយខុសនឹងប្រវត្តិសាស្ត្រ។ ពេលណាគេអានអត្ថបទនៅក្នុងកណ្ឌ អាប៉ូគ្រីប៉ា គេគួរតែចាត់ទុកអត្ថបទទាំងនោះ ជាអត្ថបទដែលមិនត្រឹមត្រូវតាមប្រវត្តិសាស្ត្រ។ ពោល គឺខុសពីព្រះគម្ពីរប៊ីបជាសៀវភៅដែលបានកត់ទុកព្រះបន្ទូលព្រះ ដែលព្រះអង្គបានបណ្តាលឲ្យគេតែង មិនមានកន្លែងខុស ហើយមានសិទ្ធិអំណាច។ បើសិនជាអ្នកចង់អានកណ្ឌ ហេណុក អ្នកចាំបាច់ត្រូវអានដោយមានការប្រុងប្រយ័ត្ន និងពិនិត្យពិច័យឲ្យបានល្អិតល្អន់ ដើម្បីជៀសវាងការវង្វេងចេញពីសេចក្តីពិត។
តើមានព្រះគម្ពីរគ្រីស្ទបរិស័ទណាខ្លះ ដែលមានកណ្ឌហេណុក?
នៅក្រៅពួកជំនុំអរតូដុកអេត្យូពី គ្មានព្រះគម្ពីរគ្រីស្ទានណា ឬនិកាយណាមួយដែលបានជឿថាកណ្ឌ ហេណុកទី១ ជាកណ្ឌដែលព្រះបានបណ្តាលឲ្យតែងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជនជាតិយូដាខ្លះបានទទួលស្គាល់កណ្ឌនេះ ដោយរាប់បញ្ចូលវាក្នុងចំណោមកណ្ឌ អាប៉ូគ្រីប៉ា ធ្វើជាកណ្ឌខាងក្រៅព្រះគម្ពីរ។ កណ្ឌ ហេណុក(ឬកណ្ឌ ហេណុកទី១) កណ្ឌអាថ៌កំបាំងរបស់លោក ហេណុក (ឬកណ្ឌ ហេណុកទី២) និងកណ្ឌ ហេណុកជាភាសាហេព្រើរ (ឬកណ្ឌ ហេណុកទី៣)។
មនុស្សភាគច្រើនជឿថា កណ្ឌទាំងអស់នេះមិនមែនជាកណ្ឌគម្ពីរដែលព្រះវិញ្ញាណបានបណ្តាលឲ្យគេតែងនិពន្ធនោះទេ។ ទោះមានការពិតខ្លះៗ ដែលមានចែងក្នុងកណ្ឌទាំងនោះក៏ដោយ។ ដោយសារកណ្ឌគម្ពីរ យូដាស និងកណ្ឌគម្ពីរ ហេព្រើរ បានដកស្រង់អត្ថបទក្នុងកណ្ឌ ហេណុក ពួកជំនុំសម័យដើមមួយចំនួនបានចាត់ទុកកណ្ឌ ហេណុកទី១ ជាផ្នែកមួយនៃព្រះគម្ពីរគ្រីស្ទបរិស័ទ ហើយបានទទួលស្គាល់ជាផ្លូវការក្នុងព្រះគម្ពីរនៅសតវត្សរ៍ទី៣។ ក្រោយមក នៅពេលដែលគេធ្វើការជ្រើសរើសយកតែកណ្ឌដែលព្រះវិញ្ញាណបានបណ្តាលឲ្យតែង គេក៏បានដកកណ្ឌហេណុកចេញពីព្រះគម្ពីរ ដោយសារកណ្ឌនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
តើគេបានធ្វើការសម្រេចចិត្តជ្រើសរើសកណ្ឌនីមួយៗដូចម្តេចខ្លះ ដើម្បីដាក់បញ្ចូលក្នុងព្រះគម្ពីរប៊ីប?
ក្នុងភាសាអង់គ្លេសគេប្រើពាក្យ ឃែនិន (Canon) ដើម្បីពិពណ៌នាអំពីកណ្ឌទាំងអស់ក្នុងព្រះគម្ពីរ ដែលព្រះបានបណ្តាលឲ្យតែង។ ការកំណត់ថាកណ្ឌណាខ្លះព្រះបានបណ្តាលឲ្យតែង គឺជាដំណើរការមួយដែលពួកគ្រូ និងអ្នកប្រាជ្ញារបស់សាសន៍យូដា បានចាប់ផ្តើមធ្វើមុនគេ។ ទោះមនុស្សជាអ្នកដែលបានចាប់ផ្តើមដំណើរការនៃការជ្រើស នោះក៏ដោយក៏យើងគួរកត់សំគាល់ផងដែរថា នៅទីបំផុតព្រះអម្ចាស់គឺជាអ្នកសម្រេចថាកណ្ឌណាខ្លះត្រូវរាប់បញ្ចូលក្នុងព្រះគម្ពីរប៊ីប។ យើងចាំបាច់ត្រូវដឹងថា ព្រះទ្រង់ជាអ្នកដឹកនាំ និងបណ្តាលចិត្តទាំងអ្នកនិពន្ធព្រះគម្ពីរ ក៏ដូចអ្នកដែលបានចាប់ផ្តើមដំណើរការក្នុងការកំណត់ថាកណ្ឌណាខ្លះត្រូវរាប់បញ្ចូលក្នុងព្រះគម្ពីរប៊ីប។ ក្នុងការចាប់ផ្តើមដំណើរនៃការកំណត់យកកណ្ឌដែលព្រះវិញ្ញាណបណ្តាលឲ្យតែង គេបានកំណត់យកកណ្ឌជាភាសាហេព្រើរមុនគេ។
ការកំណត់យកកណ្ឌដាក់ចូលព្រះគម្ពីរប៊ីប លើកដំបូងត្រូវបានធ្វើឡើងដោយគណកម្មការមូរ៉ាតូរៀ ដែលបានធ្វើឡើងក្នុងឆ្នាំ១៧០នៃគ្រីស្ទសករាជ។ ការកំណត់យកនេះបានរាប់បញ្ចូលកណ្ឌទាំងអស់នៃព្រះគម្ពីរសញ្ញាថ្មីដូចដែលយើងមានសព្វថ្ងៃ លើកលែងតែកណ្ឌហេព្រើរ យ៉ាកុប ១ និង២ពេត្រុស និង ៣យ៉ូហាន ដែលមិនទាន់បានរាប់បញ្ចូល។
ក្នុងឆ្នាំ៣៦៣នៃគ.ស គណៈកម្មការនៅទីក្រុងឡៅឌីសេ បានចាត់ទុកព្រះគម្ពីរសញ្ញាចាស់ និងកណ្ឌទាំង២៦នៃព្រះគម្ពីរសញ្ញាថ្មី ជាកណ្ឌដែលត្រូវរាប់បញ្ចូលក្នុងព្រះគម្ពីរប៊ីប ហើយសម្រាប់ឲ្យគេអានក្នុងពួកជំនុំ។ ការកំណត់យកនេះ គឺបានរាប់បញ្ចូលកណ្ឌស្ទើរទាំងអស់ លើកលែកតែកណ្ឌវិវរណៈដែលមិនទាន់បានរាប់បញ្ចូល។ ក្រោយមក គណៈកម្មការនៅទីក្រុងហ៊ីប៉ូ(ឆ្នាំ៣៩៣ គ.ស) និងគណៈកម្មការនៅទីក្រុងខាធីជ(ឆ្នាំ៣៩៧ គ.ស)
ក៏បានធ្វើការបញ្ជាក់ថា កណ្ឌទាំង២៧នៃព្រះគម្ពីរសញ្ញាថ្មី គឺសុទ្ធតែជាកណ្ឌព្រះបានបណ្តាលឲ្យតែង។
- ដើម្បីឲ្យគេអាចចាត់ទុកកណ្ឌណាមួយជាកណ្ឌដែលព្រះបានបណ្តាលឲ្យតែង និងមានសិទ្ធិអំណាច គេត្រូវពឹងផ្អែកទៅលើគោលការណ៍ខាងក្រោមនេះ ៖
តើអ្នកនិពន្ធជាសាវ័ករបស់ព្រះយេស៊ូវ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសាវ័កណាមួយដែរឬទេ?
តើអត្ថបទដែលអ្នកនិពន្ធបានសរសេរនោះ បានទទួលការបញ្ជាក់ថា ជាសេចក្តីពិត ដោយការអស្ចារ្យ ឬបានទទួលការបញ្ជាក់ពីអ្នកដទៃដែរឬទេ? - តើកណ្ឌនោះបានឆ្លុះបញ្ចាំងអំពីព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយបានបង្រៀនអ្នកអានឲ្យមានក្រមសីលធម៌ខ្ពស់ និងគុណតម្លៃខាងវិញ្ញាណដែរឬទេ? តើកណ្ឌនោះមានអំណាចមកពីព្រះ ក្នុងការកែប្រែជីវិតមនុស្សដែរឬទេ?
- តើអត្ថបទក្នុងកណ្ឌនោះមានភាពសមស្របនឹងគោលលទ្ធិទូទៅ ឬសមស្របនឹងការបង្រៀនរបស់ពួកជំនុំដំបូង ហើយមានភាពស៊ីសង្វាក់នឹងកណ្ឌគម្ពីរដទៃទៀតដែរឬទេ?
- តើពួកជំនុំដែលជារូបកាយព្រះគ្រីស្ទ បានទទួលស្គាល់កណ្ឌនោះបានទូលំទូលាយដែរឬទេ? តើពួកជំនុំដែលបានទទួលកណ្ឌនោះមុនគេបានទទួលស្គាល់ថា កណ្ឌនេះជាព្រះបន្ទូលព្រះដែរឬទេ?
- តើកណ្ឌទាំងនោះមានភាពត្រឹមត្រូវផ្នែកប្រវត្តិសាស្ត្រ និងមានការកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលអាចយកជាការដែរឬទេ?
- តើអ្នកនិពន្ធកណ្ឌទាំងនោះ ជាអ្នកដឹកនាំដែលគេបានទទួលស្គាល់ និងបានគោរពក្នុងសហគមន៍នៃពួកជំនុំដំបូងដែរឬទេ។
ទោះមនុស្សជាអ្នកកំណត់យកគោលការណ៍ទាំងនេះមែន ក៏យើងនៅតែអាចជឿជាក់ថា មានតែព្រះអម្ចាស់ទេ ដែលជ្រាបច្បាស់ថា ហើយក៏បានដឹកនាំ និងបណ្តាលចិត្តមនុស្សឲ្យកំណត់យកកណ្ឌណាជាកណ្ឌដែលព្រះវិញ្ញាណបណ្តាលឲ្យតែង។ យើងដឹងថា មានតែផ្លូវរបស់ព្រះអម្ចាស់ទេ ដែលល្អឥតខ្ចោះ ដែលយើងត្រូវដើរតាម៖
ព្រះគម្ពីរបានរម្លឹកយើងថា៖
២ធីម៉ូថេ ៣:១៦ គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរម្លឹកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត។
ហេព្រើរ ៤:១២ ពីព្រោះ ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ។
ចោទិយកថា ៤:២ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកឯងរាល់គ្នាពីកណ្តាលភ្លើងនោះ ឯងរាល់គ្នាក៏បានឮព្រះសូរសៀងនៃព្រះបន្ទូលនោះ តែមិនឃើញរូបអង្គណាសោះ គ្រាន់តែឮសំឡេងប៉ុណ្ណោះ។
អេសាយ ៥៥:៨-៩ ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ។
ដំណើរការនៃការកំណត់យកកណ្ឌទាំងនោះ ដែលមនុស្សបានធ្វើឡើង មិនមានភាពល្អឥតខ្ចោះ ដោយបានឆ្លងកាត់ជាច្រើនដំណាក់កាល ប៉ុន្តែព្រះដែលមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ជ្រាបថា យើងត្រូវការអាហារខាងវិញ្ញាណ ហើយក៏បានប្រទានទិសដៅខាងវិញ្ញាណតាមរយៈព្រះបន្ទូលព្រះអង្គ ក្នុងកណ្ឌទាំង៦៦នៃព្រះគម្ពីរប៊ីប។ អាចនិយាយម៉្យាងទៀតថា ព្រះបន្ទូលព្រះ ក្នុងព្រះគម្ពីរប៊ីបត្រូវបានព្រះអង្គបណ្តាលឲ្យគេតែង និងមានសិទ្ធិអំណាច តាំងពីដើមមក ពោលគឺ «ព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ ដរាបដល់អស់កល្បជានិច្ច» (ទំនុកតម្កើង ១១៩:៨៩)។
មតិយោបល់
Loading…