in ,

សេចក្ដី​ប្រាថ្នា​ដំបូង​​របស់​សាតាំង​មក​ពី​ណា?

ន្ទៈ​ជ្រើស​រើស​សេរី​គឺ​ជា​ការ​ធ្វើ​នូវ​អ្វី​ដែល​យើង​ប្រាថ្នា​ចង់​ធ្វើ ប៉ុន្តែ​ព្រះ​ជាម្ចាស់​គឺ​ជា​អង្គ​ដែល​ប្រទាន​សេចក្ដី​ប្រាថ្នា​ឲ្យ​ធ្វើ​ការ​ល្អ​នោះ។ ដោយ​យោង​លើ​កណ្ឌ​គម្ពីរ យ៉ាកុប ១:១៣ ខ្ញុំ​នៅ​មាន​ការ​ពិបាក​យល់​អំពី​របៀប​ដែល​សាតាំង​ទទួល​បាន​សេចក្ដី​ប្រាថ្នា​ដំបូង​របស់​វា​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​មក​ពី​ណា​ណាស់។

ផ្នត់​គំនិត​នៃ​សេចក្ដី​សន្និដ្ឋាន​ដែល​មិន​អាច​យល់​បាន​ដ៏​ពិបាក​គឺ​ថា ទាំង​សាតាំង និង​លោក អ័ដាម បាន​ប្រព្រឹត្ត​អំពើ​បាប ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ការ​ប្រាថ្នា​ដល់​ពួក​គេ ដើម្បី​ប្រព្រឹត្ត​បាប (ដក​ស្រង់​ចេញ​ពី​សៀវភៅ Chosen But Free” ក្នុង​ទំព័រ៣៦ និពន្ធ​ដោយ៖ លោក​គ្រូ Norman Geisler)។ ខ្ញុំ​គិត​ថា​លោក អ័ដាម ទទួល​សេចក្ដី​ប្រាថ្នា​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ពី​នាង អេវ៉ា ដែល​ទទួល​សេចក្ដី​ប្រាថ្នា​នោះ​ពី​សាតាំង ប៉ុន្តែ​ព្រះ​ជាម្ចាស់​មាន​អធិបតេយ្យ​ភាព​លើ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់—ដែល​មាន​រួម​ទាំង​សេចក្ដី​ប្រាថ្នា​របស់​យើង—តើ​ការ​នេះ​ធ្វើ​ឲ្យ​ទ្រង់​ក្លាយ​ជា​អ្នក​និពន្ធ​ដំបូង​នៃ​ការ​មាន​សេចក្ដី​ប្រាថ្នា​មុន​គេ​បង្អស់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​មែន​ឬ?

ការ​ធ្លាក់​ក្នុង​អំពើ​បាប​ដំបូង

តាម​ដែល​ខ្ញុំ​អាច​ចង​ចាំ​បាន ជា​ច្រើន​ឆ្នាំ​មក​ហើយ​ខ្ញុំ​ធ្លាប់​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា នេះ​គឺ​ជា​រឿង​អាថ៌កំបាំង​ដ៏​ខ្លាំង​បំផុត​ក្នុង​ទេវ​វិទ្យា​របស់​ខ្ញុំ​ដែល​ខ្ញុំ​មិន​ដែល​មាន​ចម្លើយ​សម​ល្មម​បាន។ សំណួរ​ដ៏​ជាក់​លាក់​ត្រង់​នេះ​គឺ​ថា តើ​អំពើ​បាប​ដំបូង​កើត​ឡើង​ដោយ​របៀប​ណា—ពាក្យ «ដោយ​របៀប​ណា» គឺ​ជា​ពាក្យ​គន្លឹះ។ លើ​ឃ្លា «អំពើ​បាប​ដំបូង» ខ្ញុំ​មិន​សំដៅ​លើ​អំពើ​បាប​ដំបូង​របស់​លោក អ័ដាម ទេ។ ប៉ុន្តែ ខ្ញុំ​សំដៅ​លើ​អំពើ​បាប​ដំបូង​របស់​សាតាំង ដែល​នោះ​គឺ​ជា​អំពើ​បាប​ដំបូង​បង្អស់​នៅ​ក្នុង​ចក្រវាល​នេះ។

ការ​បើក​ឆាក​ក្នុង​ព្រះ​គម្ពីរ​មិន​បាន​បើក​ឡើង​ដោយ​ពន្យល់​អំពី​អំពើ​អាក្រក់​ដំបូង​នោះ​ទេ ប៉ុន្តែ​អំពី​វត្តមាន​នៃ​អំពើ​អាក្រក់​ដែល​មិន​មាន​ការ​ពន្យល់។ ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​យើង​ដោយ​គ្មាន​កំហុស​ខុស​ឆ្គង​ទេ ហើយ​សត្វ​ពស់​មាន​វត្តមាន​នៅ​ទី​នោះ​រួច​ស្រេច​ទៅ​ហើយ។ សត្វ​ពស់​នោះ​មាន​ចិត្ត​ពេញ​ដោយ​ល្បិច​កល ហើយ​ក៏​បាន​បង្ហាញ​អំពី​ការ​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ទាក់​ទង​ទៅ​នឹង​របស់​សព្វសារពើ​ដែល​ទ្រង់​បាន​បង្កើត​មក​ដែរ។ នេះ​ឯង​គឺ​ជា​ចំណុច​ដែល​ព្រះ​គម្ពីរ​បាន​ចាប់​ផ្ដើម។

តាម​ដែល​ខ្ញុំ​អាច​យល់​ឃើញ​បាន មើល​ទៅ ព្រះ​គម្ពីរ​មិន​បាន​ប្រទាន​ការ​ពន្យល់​អំពី​របៀប​ដែល​សាតាំង​ក្លាយ​ជា​តួ​អាក្រក់​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា តាម​តម្រុយ សាតាំង​គឺ​ជា​ទេវតា​ដ៏​ល្អ​ម្នាក់​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក។ លោក យូដាស បាន​លើក​ឡើង​អំពី​ពួក​ទេវតា​ដែល​មិន​បាន​នៅ​ក្នុង​ឋានៈ​នៃ​អំណាច​របស់​ខ្លួន ប៉ុន្តែ​បាន​ចាក​ចេញ​ពី​ទី​កន្លែង​ដែល​ពួក​គេ​កំពុង​នៅ។ គាត់​បាន​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​បាន​ឃុំ​ទេវតា​ទាំង​នោះ​ក្នុង​ច្រវាក់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ក្រោម​ភាព​ងងឹត​ដ៏​ស្រងេះ​ស្រងោច​រហូត​ដល់​គ្រា​នៃ​ថ្ងៃ​ថ្កោល​ទោស​យ៉ាង​ខ្លាំង (យូដាស ១:)

ខ្ញុំ​មិន​មាន​មន្ទិល​សង្ស័យ​ថា ពេល​ដែល​ព្រះ​ជាម្ចាស់​បង្កើត​សាតាំង​មក វា​ល្អ ហើយ​បន្ទាប់​មក​វា​ក៏​បាន​ធ្លាក់​ពី​កន្លែង​ដ៏​ត្រឹម​ត្រូវ​របស់​វា ដូច​ដែល​លោក យូដាស បាន​លើក​ឡើង​នោះ​ទេ ពីព្រោះ​ខ្ញុំ​មិន​គិត​ថា​អំពើ​អាក្រក់ និង​ព្រះ​ជាម្ចាស់​មាន​ក្នុង​ពេល​តែ​មួយ​តាំង​ពី​អស់​កល្ប​ជានិច្ច​ឡើយ។ ខ្ញុំ​មិន​ជឿ​ថា​មាន​កម្លាំង​ពីរ​ប្រឆាំង​គ្នា​នោះ​ទេ៖ មាន​តែ​ព្រះ​ជាម្ចាស់ សេចក្ដី​សប្បុរស​របស់​ទ្រង់ និង​ព្រះ​ប្រាជ្ញាញាណ និង​អំណាច​ព្រះ​ចេស្ដា​របស់​ទ្រង់​ប៉ុណ្ណោះ​ដែល​មាន​តាំង​ពី​អស់​កល្ប​ជានិច្ច​មក។ ប៉ុន្តែ ក្នុង​របៀប​ណា​មួយ អំពើ​អាក្រក់​ក៏​បាន​កម្លាយ​ចេញ​មក។ តែ​វា​ជា​ចំណុច​ទី២ ដោយ​សារ​ព្រះ​ជាម្ចាស់​មិន​មែន​ជា​អង្គ​ប្រព្រឹត្ត​អំពើ​បាប។ ទាក់​ទង​នឹង​ចំណុច​នេះ ស្ទើរ​តែ​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​ឯក​ភាព​គ្នា។

ចម្លើយ​ខ្លី ហើយ​ឥត​ប្រយោជន៍

តើ​សាតាំង​បាន​ក្លាយ​ជា​តួអង្គ​អាក្រក់​ដោយ​របៀប​ណា? ខ្ញុំ​មិន​ដឹង​ទេ។ ហើយ​វា​ក៏​ច្បាស់​លាស់​ចំពោះ​ខ្ញុំ​ដែរ​ថា ចំពោះ​អ្នក​ដែល​ជឿ​ជាក់​លើ​របស់​សព្វ​សារពើ​របស់​ព្រះ​ជាម្ចាស់​ដែល​កើត​ឡើង​ដោយ​សិទ្ធិ​សម្រេច​ផ្ទាល់​ខ្លួន (ដូច​ជា​ទេវតា និង​មនុស្ស) ក៏​មិន​ដឹង​ចម្លើយ​ដែរ។ ការ​លើក​ឡើង​ថា​សាតាំង​មាន​ឆន្ទៈសេរី—ដែល​កើត​ឡើង​ដោយ​សិទ្ធិ​សម្រេច​ផ្ទាល់​ខ្លួន—គឺ​មិន​មែន​ជា​ការ​ពន្យល់​អំពី​មូល​ហេតុ​ដែល​វា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដំបូង​របស់​វា​ទេ។ វា​គ្រាន់​តែ​ជា​ផ្លាក​ឈ្មោះ​មួយ​ប៉ុណ្ណោះ។ នេះ​មិន​មែន​ជា​ការ​ពន្យល់​ទេ។

វា​គ្រាន់​តែ​ជា​ការ​ដាក់​ផ្លាក​ឈ្មោះ​លើ​រឿង​អាថ៌កំបាំង​ប៉ុណ្ណោះ។ តើ​ឲ្យ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ—ដោយ​មាន​ឆន្ទៈ​ដ៏​ល្អ​ឥត​ខ្ចោះ និង​ដួង​ចិត្ត​ដ៏​ល្អ​ឥត​ខ្ចោះ—អាច​មាន​បទ​ពិសោធន៍​នៃ​សន្ទុះ​មិន​ល្អ​ឥត​ខ្ចោះ​បណ្ដាល​ឲ្យ​ឆន្ទៈ​បង្វែរ​ទៅ​ទិស​ដៅ​នៃ​អំពើបាប​ដោយ​របៀប​ណា​បាន? ចម្លើយ​គឺ៖ គ្មាន​អ្នក​ណា​ដឹង​ទេ ដែល​មាន​រួម​អស់​ទាំង​អ្នក​ដែល​លើក​ឡើង​ថា «អូ៎! វា​ជា​ឆន្ទៈ​សេរី។ នេះ​មិន​មែន​ជា​ការ​ពន្យល់​ទេ។ វា​គ្រាន់​តែ​ជា​ឈ្មោះ​មួយ​សម្រាប់​រឿង​អាថ៌កំបាំង​ប៉ុណ្ណោះ។

យើង​មិន​ដឹង​ទេ។ ព្រះ​គម្ពីរ​ក៏​មិន​បាន​ពន្យល់​អំពី​របៀប​នោះ​ដែរ។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ឯក​ភាព​នឹង​សម្រង់​សម្ដី​របស់​លោក​គ្រូ Norman Geisler «ផ្នត់​គំនិត​នៃ​សេចក្ដី​សន្និដ្ឋាន​ដែល​មិន​អាច​យល់​បាន​ដ៏​ពិបាក​គឺ​ថា ទាំង​សាតាំង និង​លោក អ័ដាម បាន​ប្រព្រឹត្ត​អំពើ​បាប ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ការ​ប្រាថ្នា​ដល់​ពួក​គេ ដើម្បី​ប្រព្រឹត្ត​បាប» ទេ។ ខ្ញុំ​មិន​ជឿ​ថា ព្រះ​ជាម្ចាស់​បាន​ប្រទាន​នូវ​សេចក្ដី​ប្រាថ្នា​ចម្បង​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ដល់​សាតាំង​នោះ​ទេ។ នេះ​គឺ​ជា​ការ​ពន្យល់​បែប​សង្ខេប​ដ៏​សាមញ្ញ​បំផុត​នូវ​ទស្សនៈ​របស់​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​គ្នា។ ខ្ញុំ​មិន​ដឹង​ថា តើ​សាតាំង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ក្នុង​ការ​មាន​ទំនោរ​ចិត្ត​ដំបូង ដើម្បី​បះបោរ​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ដោយ​របៀប​ណា​ទេ។

ជំហរ​ដែល​ពេញ​ទៅ​ដោយ​អធិបតេយ្យភាព

នេះ​គឺ​ជា​ចំណុច​ដែល​ខ្ញុំ​ដឹង៖ ព្រះ​ជាម្ចាស់​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព។ គ្មាន​អ្វី​កើត​ឡើង​លើក​លែង​តែ​ចេញ​ពី​ផែន​ការ​របស់​ទ្រង់ ដែល​មាន​រួម​ទាំង​អ្វីៗ​ដែល​ទ្រង់​បណ្ដាល​ឲ្យ​កើត​ឡើង​ផ្ទាល់ មិន​ថា​តិច ឬ​ច្រើន—និង​អ្វីៗ​ដែល​ទ្រង់​មិន​បណ្ដាល​ឲ្យ​កើត​ឡើង​ផ្ទាល់ មិន​ថា​តិច ឬ​ច្រើន​ដែរ។ ខ្ញុំ​មិន​មាន​មន្ទិល​សង្ស័យ​ទេ​ត្រង់​ថា ការ​ធ្លាក់​ចុះ​របស់​សាតាំង និង​រាល់​ចំណុច​នៃ​ផែន​ការ​ប្រោស​លោះ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​សិរី​ល្អ​នៃ​ព្រះ​គុណ​របស់​ទ្រង់​ក្រោយ​នោះ​បន្ទាប់​ពី​ផែន​ការ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ព្រះ​អង្គ។

ប៉ុន្តែ គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​របៀប​នៃ​បុព្វហេតុ របៀប​នៃ​ការ​ដែល​សាតាំង​បាន​ប្រព្រឹត្ត​អំពើ​បាប​ដំបូង​បាន​កើត​ឡើង។ ខ្ញុំ​មាន​របៀប​នៃ​ការ​គិត​របស់​ខ្ញុំ​ទាក់​ទង​នឹង​ចំណុច​ដែល​ព្រះ​ជា​ម្ចាស់​ទត​ឃើញ​វា ទាក់​ទង​នឹង​អ្វី​ដែល​កើត​ឡើង​ដែល​ទ្រង់​ស្អប់។

ឧទាហរណ៍៖ នេះ​ជា​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ពេល​ព្រះ​អង្គ​បាន​គ្រោង​ទុក​ការ​ឆ្កាង​របស់​ព្រះ​យេស៊ូវ យោង​តាម​កណ្ឌ​គម្ពីរ កិច្ចការ ៤:២៧២៨។ ការ​សម្លាប់​ព្រះ​យេស៊ូវ​គឺ​ជា​អំពើ​បាប ហើយ​វា​ក៏​ត្រូវ​បាន​គ្រោង​ទុក​យ៉ាង​លម្អិត​ដោយ​ព្រះ​ជាម្ចាស់​ដែរ។ លោក​អ្នក​អាច​អាន​អំពី​ការ​នេះ​ក្នុង​កណ្ឌ​គម្ពីរ​ទំនុកតម្កើង ហើយ​លោក​អ្នក​ក៏​អាច​អាន​អំពី​ការ​នេះ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ផង​ដែរ។

ទាក់​ទង​នឹង​របៀប ខ្ញុំ​មិន​ដឹង​ទេ—របៀប​ដ៏​ជាក់​លាក់​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ខណៈ​ពេល​ដែល​ព្រះ​អង្គ​នៅ​មិន​មាន​អំពើ​បាប ហើយ​អំពើ​បាប​នៃ​រាល់​អ្វីៗ​ទាំង​អស់​នោះ​ដែល​បាន​កើត​ឡើង និង​ទំនួល​ខុស​ត្រូវ​ខាង​ឯ​សីលធម៌​របស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ។ ប៉ុន្តែ ខ្ញុំ​គិត​ថា ព្រះ​គម្ពីរ​បង្រៀន​ឲ្យ​យើង​ជឿ​ថា ព្រះ​អង្គ​មាន​អធិបតេយ្យ​ភាព​លើ​រាល់​អំពើ​បាប​ទាំង​អស់ ហើយ​ថា​ព្រះ​អង្គ​ក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ​គម្ពីរ​បាន​បង្រៀន​យើង។

តម្រុយ​ក្នុង​ព្រះ​គម្ពីរ

ទាក់​ទង​នឹង​របៀប​ដែល​ព្រះ​អង្គ​ធ្វើ​ការ​ទាំង​អស់​នោះ​ក៏​យើង​ឃើញ​ថា​មាន​តម្រុយ​ខ្លះៗ​ក្នុង​ព្រះ​គម្ពីរ​ដែរ។ ខ្ញុំ​ចង់​លើក​ឡើង​នូវ​ចំណុច​មួយ។ ខ្ញុំ​មិន​អះអាង​ថា​នេះ​គឺ​ជា​ការ​ពន្យល់​ទេ ប៉ុន្តែ​គឺ​ជា​គំនិត​ដែល​ស័ក្ដិសម​ក្នុង​ការ​គិត​ទាក់​ទង​នឹង​ការ​ពន្យល់​មួយ​បែប ដែល​យើង​អាច​នឹង​ចាប់​ផ្ដើម​យល់​នៅ​ថ្ងៃ​ណា​មួយ​បាន។

ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៦៣:១៧ ហោរា​បាន​ស្រែក​ទៅ​កាន់​ពួក​មនុស្សម្នា​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ព្រះ​អង្គទាន់​ទេ​បង​ប្អូន «ឱ​ព្រះ​យេហូវ៉ា​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ព្រះ​អង្គ»? «ឱ​ព្រះ​យេហូវ៉ា​អើយ! ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង​ទទឹង​ចំពោះ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​អង្គ​ដូច្នេះ? សូម​ព្រះ​អង្គ​វិល​មក​វិញ​ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ​អង្គ​គឺ​ជា​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​មរតក​របស់​ព្រះ​អង្គ»

ដូច្នេះ យើង​ឃើញ​ថា គាត់​បាន​លើក​ឡើង​ថា នៅ​ចុង​បញ្ចប់​ព្រះ​ជាម្ចាស់​គឺ​ជា​អង្គ​ដែល​ជា​បុព្វហេតុ​នៃ​ការ​វង្វេង​របស់​យើង—ការ​វង្វេង​របស់​សាសន៍​អ៊ីស្រាអែល​ក្នុង​អំពើ​បាប។ តើ​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​នោះ​ដោយ​របៀប​ណា? ផ្នែក​ទី២នៃ​ខគម្ពីរ៖ «សូម​ព្រះ​អង្គ​វិល​មក​វិញ​ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ​អង្គ» លើក​ជា​សំណើរ ឬ​ក៏​ចង្អុល​បង្ហាញ​ថា របៀប​ណា​មួយ ក្នុង​អវត្តមាន​របស់​ព្រះ​ជាម្ចាស់ ការ​នោះ​បាន​ក៏​កើត​ឡើង។

បន្ទាប់​មក គាត់​បាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៦៤:៧ ដែល​ប្រមាណ​ជា​៩​ខ​បន្ទាប់​ថា៖ «គ្មាន​អ្នក​ណា​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​អង្គ ឬ​ដាស់​តឿន​ខ្លួន​អ្នក​ឲ្យ​ចាប់​តោង​ព្រះ​អង្គ​ឡើង ដ្បិត​ព្រះ​អង្គ​បាន​គេច​ព្រះ​ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ​ដោយ​សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង»។ ជា​ថ្មី​ម្ដង​ទៀត គឺ​ការ​លាក់​ព្រះ​ភ័ក្ត្រ​របស់​ទ្រង់​នោះ​ឯង​ដែល​ពន្យល់​អំពី​អំពើ​បាប។

ពន្លឺ និង​ស្រមោល

ខ្ញុំ​មិន​មែន​កំពុង​លើក​ឡើង​ថា នេះ​គឺ​ជា​ការ​ពន្យល់​អំពី​អំពើ​បាប​ដែល​មិន​អាច​មាន​ការ​ជំទាស់​បាន​ទេ ប៉ុន្តែ​ក្នុង​របៀប​ណា​មួយ ពេល​ដែល​ព្រះ​ជាម្ចាស់​បាំង​សិរី​ល្អ​របស់​ទ្រង់​ពី​សាតាំង ហើយ​ក្នុង​ការ​បាំង​សិរី​ល្អ​របស់​ទ្រង់​នោះ—ដែល​ការ​នេះ​ខ្ញុំ​នៅ​មិន​អាច​យល់​ទាំង​ស្រុង​បាន​នៅ​ឡើយ—នោះ​សាតាំង​ក៏​មាន​ចិត្ត​ចង់​ឡើង​ខ្ពស់​ជាង​ព្រះ​ជាម្ចាស់​ដែល​បាន​បាំង​សិរី​ល្អ​របស់​ទ្រង់។

ខ្ញុំ​មិន​ដឹង​ថា​ការ​នេះ​កើត​ឡើង​ដោយ​របៀប​ណា​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ការ​បង្ហាញ​មួយ​ថា​ទំនង​ជា​មាន​អ្វី​មួយ​កើត​ឡើង​បែប​នេះ។ ខ្ញុំ​គ្រាន់​តែ​លើក​ឡើង​ថា នេះ​ទំនង​ជា​ចំណុច​មួយ​ដែល​ស័ក្ដិសម​ឲ្យ​យើង​យក​មក​គិត​លើ៖ អ្នក​ដែល​ថា​ព្រះ​ជាម្ចាស់​ទំនង​ជា​អាច​សោយ​រាជ្យ​លើ​វត្តមាន និង​អវត្តមាន​នៃ​អំពើ​បាប​បាន មិន​ថា​ដោយ​ផ្ទាល់ តាម​រយៈ​សកម្មភាព​សកម្ម​នោះ​ឡើយ ប៉ុន្តែ​ស្រប​ពេល​នោះ​ក៏​តាម​រយៈ​ការ​លាក់​រូប​អង្គ​ទ្រង់​ផ្ទាល់​នោះ​ដែរ។

មាន​លោក​គ្រូ​ម្នាក់​បាន​លើក​ឡើង​ថា៖ មាន​ចំណុច​ខុស​គ្នា​រវាង​របៀប​ដែល​ពន្លឺ​ភ្លឺឡើង​នៅ​រសៀល​ម៉ោង ៣:០០ តាម​រយៈ​ពន្លឺ​នៃ​ព្រះ​អាទិត្យ និង​របៀប​ដែល​មាន​ស្រមោល​តាម​រយៈ​ការ​ដែល​ដើម​ឈើ​បាំង​ពន្លឺ​នោះ—ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​ពន្លឺ​នៃ​ព្រះ​អាទិត្យ​នោះ​ហើយ​ដែល​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​ទាំង​ពន្លឺ​នៅ​ពេល​ថ្ងៃ និង​ស្រមោល​នៅ​ក្រោម​ដើម​ឈើ​នោះ។

ប៉ុន្តែ ខ្ញុំ​ចង់​បញ្ចប់​នៅ​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម៖ ទាក់​ទង​នឹង​របៀប​ដែល​អំពើ​បាប​ដំបូង​ក្នុង​ចក្រវាល​នេះ​បាន​កើត​ឡើង​គឺ​ថា ខ្ញុំ​មិន​ដឹង​ចម្លើយ​ទេ។ វា​គឺ​ជា​រឿង​អាថ៌កំបាំង​ចំពោះ​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​អំពី​របៀប​ទេ។ អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ខ្ញុំ​គឺ​ថា ព្រះ​ជាម្ចាស់​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព​លើ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​នេះ​មាន​រួម​ទាំង​អំពើ​បាប ហើយ​ថា​ព្រះ​អង្គ​ផ្ទាល់​មិន​មាន​បាប​នោះ​ទេ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុល រដ្ឋា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មានបណ្ដាសាពីព្រះជាម្ចាស់

សេចក្ដីស្លាប់កើតឡើងតាមរយៈអំពើបាប