in ,

មិន​ដេក​ជា​មួយ

យើង​មិន​មាន​ជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ល្បួង​ខាង​ផ្លូវ​ភេទ​ដោយ​គ្រាន់​តែ​មាន​ការ​ដាក់​ប្រព័ន្ធ​ការ​ពារ​លើ​អ៊ីនធឺណិត ឬ​ក៏​ការ​មាន​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ​លើ​យើង​នោះ​ទេ។ តែ​មាន​ជ័យ​ជម្នះ​ដោយ​ដឹង​ជាក់ច្បាស់​ដែល​បាន​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​យូរៗ​ទៅ​នឹង​បង្កើត​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​បំណង​ប្រាថ្នា​ថ្មីៗ​ក្នុង​យើង។ ប្រព័ន្ធ​ការ​ពារ និង​មិត្តភក្ដិ​គឺ​ជា​អាវុធ​ដ៏​មាន​តម្លៃ​ក្នុង​ការ​ប្រយុទ្ធ ប៉ុន្តែ​ពួក​គេ​មិន​អាច​យក​ឈ្នះ​លើ​សង្គ្រាម​សម្រាប់​យើង​បាន​ទេ។

លោក យ៉ូសែប ដឹង​ពី​របៀប ដើម្បី​យក​ឈ្នះ​លើ​សង្គ្រាម [ខាង​ឯង​ផ្លូវ​ភេទ] ទោះ​បើ​គាត់​មិន​មាន​ព្រះ​គម្ពីរ​ពេញ​ដូច​ដែល​យើង​មាន​ផង។ ក្រោយ​ពី​បងៗ​របស់​គាត់​បាន​លក់​គាត់​ឲ្យ​ទៅ​ធ្វើ​ជា​ទាសករ ព្រះ​ជាម្ចាស់​បាន​នាំ​គាត់​ទៅ​ផ្ទះ​របស់​លោក ប៉ូទីផារ ដែល​ជា​មន្ត្រី​ជនជាតិ​អេស៊ីព្ទ​ម្នាក់។ «ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​លោក​យ៉ូសែប ហើយ​លោក​ចេះ​តែ​ចម្រើន​ឡើង…។ ចៅហ្វាយ​របស់​លោក​ឃើញ​ថា ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​លោក ហើយ​ថា ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​ចម្រើន​ឡើង ដោយ​សារ​ដៃ​របស់​លោក។» (លោកុប្បត្ដិ ៣៩:២-៣ គកស)។ ដូច្នេះ​លោក ប៉ូទីផារ «តែង​តាំង​លោក យ៉ូសែប ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង ក៏​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់​ឲ្យ​លោក​គ្រប់​គ្រង» (លោកុប្បត្ដិ ៣៩:៤ គកស)។

ប៉ុន្តែ មាន​ម្នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទះ​របស់​លោក ប៉ូទីផារ ក៏​បាន​កោត​សរសើរ​លោក យ៉ូសែប ដែរ។ «រី​ឯ​លោក យ៉ូសែប មាន​រូប​រាង​សង្ហា​ណាស់ ក្រោយ​មក​ប្រពន្ធ​របស់​ចៅហ្វាយ​លោក​ចេះ​តែ​ដៀង​ភ្នែក​មើល​លោក​យ៉ូសែប» (លោកុប្បត្ដិ ៣៩:៦-៧ គកស)។ នាង​ពេញ​ដោយ​តណ្ហា​សម្រាប់​អ្នក​ផ្សេង​ក្រៅ​ពី​ប្តី នាង​ក៏​បាន​និយាយ​ថា «មក​ដេក​ជា​មួយ​ខ្ញុំ!» (លោកុប្បត្ដិ ៣៩:៧ គកស)។

ប៉ុន្តែ ដោយ​សារ​លោក យ៉ូសែប ពោពេញ​ដោយ​កម្លាំង និង​ការ​ដឹង​ជាក់ច្បាស់ ដូច្នេះ​លោក​ក៏​បាន​បដិសេធ។

«មើល៍! ចៅហ្វាយ​ខ្ញុំ​ឥត​ដឹង​ថា​មាន​អ្វីៗ​នៅ​នឹង​ខ្ញុំ នៅ​ក្នុង​ផ្ទះ​នេះ​ផង លោក​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​របស់​លោក​មក​ក្នុង​ដៃ​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ ដោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ម្ដេច​បាន?» (លោកុប្បត្ដិ ៣៩:៨-៩ គកស)។

ការ​ដឹង​ជាក់​ច្បាស់​ប្រាំ​យ៉ាង​ក្នុង​ជីវិត​ដែល​បាន​ជំរុញ​ឲ្យ​លោក យ៉ូសែប ឲ្យ​មាន​ចិត្ដ​ក្លា​ហាន និង​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​ពេល​ប្រឈម​មុខ​នឹង​ការ​ល្បួង។ ប្រសិន​បើ​លោក​នៅ​តែ​ចាញ់​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​អំពើ​បាប​ខាង​ឯង​ផ្លូវ​ភេទ នោះ​ប្រហែល​ជា​គ្រាប់​ពូជ​ទាំង​នេះ​មិន​ទាន់​បាន​ដុះ​នៅ​ក្នុង​ចិត្ត​របស់​លោក​នៅ​ឡើយ​ទេ។ ចូរ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បណ្ដុះ​ឫស​ឲ្យ​កាន់​តែ​ជ្រៅ​ជាង​មុន ខណៈ​ពេល​ដែល​លោក​សិក្សា​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ដើរ​ជា​មួយ​ទ្រង់​ចុះ។

១. ការ​ជឿ​ទុក​ចិត្ត​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​ក៏​ងាយ​បែក​បាក់

លោក យ៉ូសែប និយាយ​ថា «មើល៍! ចៅហ្វាយ​ខ្ញុំ»—ប្តី ​របស់​នាង—«ឥត​ដឹង​ថា​មាន​អ្វីៗ​នៅ​នឹង​ខ្ញុំ លោក​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​របស់​លោក​មក​ក្នុង​ដៃ​របស់​ខ្ញុំ» (លោកុប្បត្ដិ ៣៩:៨ គកស)។

អំពើ​បាប​ខាង​ផ្លូវ​ភេទ​បំផ្លាញ​ការ​ទុក​ចិត្ត និង​គ្រប់​ទាំង​ទិសដៅ​ចោល។ អ្វី​ដែល​លោក យ៉ូសែប ព្រួយ​បារម្ភ​គឺ​មិន​មែន​ផ្ដោត​លើ​ការ​បំផ្លាញ​ឋានៈ​របស់​គាត់ ឬ​ក៏​ការ​បាត់​បង់​លុយ​កាក់​នោះ​ទេ ប៉ុន្តែ​ត្រង់​ថា​គាត់​នឹង​បាត់​ការ​ទុក​ចិត្ត​របស់​លោក ប៉ូទីផារ ដែល​មាន​ចំពោះ​គាត់​ដែល​មិន​ងាយ​រក​បាន—ហើយ​ក៏​ងាយ​នឹង​បាត់​បង់​ដែរ។ នេះ​មិន​មែន​ជា​ការ​ជឿ​ជាក់​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក យ៉ូសែប ប៉ុន្តែ​វា​ជា​ចំណុច​ដំបូង​ដែល​គាត់​បាន​លើក​ឡើង ហើយ​វា​ក៏​សំខាន់​សម្រាប់​ការ​យក​ឈ្នះ​លើ​អំពើ​បាប​ខាង​ឯង​ផ្លូវ​ភេទ​ដែរ។ តើ​លោក​ផ្តល់​តម្លៃ​លើ​ការ​ជឿ​ទុក​ចិត្ត​ដែល​អ្នក​មាន​ជា​មួយ​ប្តី/ប្រពន្ធ កូនៗ ចៅហ្វាយ មិត្តភក្ដិ ក្រុម​ជំនុំ ឬ​ថា​លោក​សប្បាយ​ចិត្ត​ដោយ​លាក់​បាំង​ឬ​ទេ ដែល​ហ៊ាន​ប្រថុយ​ការ​ទុក​ចិត្ត​នោះ ដើម្បី​ព្យាយាម​បំពេញ​បំណង​ចិត្ត​សាច់​ឈាម​ខ្លួន​ឯង?

លោក យ៉ូសែប បាន​ដឹង​យ៉ាង​ច្បាស់​ពី​របៀប​នៃ​ការ​ជឿ​ទុក​ចិត្ត​របស់​គាត់​ដែល​គេ​បាន​ផ្តល់​ឲ្យ ពោល​គឺ​ឲ្យ​តម្លៃ​លើ​ការ​ទុក​ចិត្ត​ដ៏​មាន​តម្លៃ​របស់​លោក ប៉ូទីផារ—ដែល​ជា​ការ​ទុក​ចិត្ត​ដ៏​ផុយ​ស្រួយ​ដែរ។

២. សិទ្ធិ​អំណាច​គឺ​ជា​ការ​បម្រើ មិន​មែន​ជា​ឯក​សិទ្ធិ​ទេ

លោក យ៉ូសែប មាន​ប្រសាសន៍​ម្ដង​ទៀត​ថា៖ «មើល៍! ចៅហ្វាយ​ខ្ញុំ​ឥត​ដឹង​ថា​មាន​អ្វីៗ​នៅ​នឹង​ខ្ញុំ នៅ​ក្នុង​ផ្ទះ​នេះ​ផង លោក​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​របស់​លោក​មក​ក្នុង​ដៃ​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ» (លោកុប្បត្ដិ ៣៩:៨-៩ គកស)។ លោក ប៉ូទីផារ បាន​ប្រគល់​អំណាច​ដល់​លោក យ៉ូសែប ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​លើ​គេហដ្ឋាន​របស់​គាត់ លើ​ជំនួញ​របស់​គាត់ លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់ ដែល​អាច​ឲ្យ​លោក យ៉ូសែប ចូល​បាន និង​មាន​ឯក​សិទ្ធិ​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន—ដល់​ថ្នាក់​ថា​គាត់​អាច​នៅ​ម្នាក់​ឯង​នៅ​ក្នុង​ផ្ទះ​របស់​លោក ប៉ូទីផារ ជា​មួយ​ប្រពន្ធ​របស់​គាត់​ក៏​បាន​ដែរ។

ចំណង​ជើង​ព័ត៌មាន​របស់​យើង​មាន​ពេញ​ទៅ​ដោយ​បុរស​ដែល​មាន​ទេព​កោសល្យ និង​អ្នក​មាន​អំណាច​ដែល​បាន​រំលោភ​បំពាន​សិទ្ធិ​អំណាច​ដូច​នេះ​ក្នុង​ការ​ប្រើ​ប្រាស់​ឋានៈ និង​អំណាច​របស់​ពួក​គេ ដើម្បី​កេងប្រវ័ញ្ច​អត្ថ​ប្រយោជន៍​ពី​ស្ត្រី​ដែល​នៅ​ក្រោម​ឥទ្ធិពល​របស់​ពួក​គេ។ ប៉ុន្តែ​លោក យ៉ូសែប បាន​បដិសេធ​មិន​រំលោភ​បំពាន​តួនាទី​របស់​គាត់ សូម្បី​តែ​ភរិយា​របស់​លោក ប៉ូទីផារ បាន​ល្បួង​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏​ដោយ (លោកុប្បត្ដិ ៣៩:១០)។ «ខ្ញុំ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ទេ» ហើយ​គាត់​ក៏​បាន​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។

លោក យ៉ូសែប បាន​ដឹង​ថា​សិទ្ធិ​អំណាច​ដែល​គាត់​ទទួល​បាន​ពី​លោក ប៉ូទីផារ (ហើយ​នៅ​ទី​បំផុត​ពី​ព្រះ​ជាម្ចាស់) គឺ​ជា​បេសកកម្ម ដើម្បី​បម្រើ​អ្នក​ដទៃ ហើយ​មិន​ត្រូវ​ប្រើ​ប្រាស់​អ្នក​ដទៃ—ដើម្បី​បូជា​ជីវិត​ខ្លួនឯង ដើម្បី​សេចក្តី​អំណរ​របស់​អ្នក​ដទៃ (២កូរិនថូស ១:២៤) គឺ​មិន​មែន​ដេញ​តាម​សេចក្តី​រីក​រាយ​ផ្ទាល់​ខ្លួន​របស់​គាត់​ដោយ​ប្រើ​ប្រាស់​អ្នក​ដទៃ​ទេ។

យើង​ចង់​មាន​មនុស្ស​ដូច​លោក យ៉ូសែប ច្រើន​ទៀត​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ហ៊ុន អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត និង​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ—ជា​បុរស​ដែល​បដិសេធ​មិន​ប្រើ​ប្រាស់​អំណាច និង​សិទ្ធិ​របស់​ខ្លួន ដើម្បី​បំពេញ​ចំណង់​តណ្ហា​ខាង​ផ្លូវ​ភេទ​អាថ៌កំបាំង​របស់​គាត់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នឹង​ទទួល​អំណាច និង​សិទ្ធិ​របស់​គាត់​ក្នុង​នាម​ជា​ការ​បម្រើ និង​ការពារ​អ្នក​ដទៃ។

៣. ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​ពិសិដ្ឋ

លោក យ៉ូសែប បាន​បន្ត​និយាយ​ថា៖ «គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក » (លោកុប្បត្ដិ ៣៩:៩ គកស)។ ភរិយា​របស់​លោក ប៉ូទីផារ សុខ​ចិត្ត​ប្ដូរ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន—ពាក្យ​សច្ចា​របស់​ខ្លួន ការ​តាំង​សញ្ញា និង​ការ​រួប​រួម—ដើម្បី​ឲ្យ​មាន​បុរស​សង្ហា​ម្នាក់​ក្នុង​រយៈពេល​ពីរ​បី​នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ ជីវិត​អាពាហ៍ពិពាហ៍​របស់​គាត់​មាន​តម្លៃ​នៅ​ចំពោះ​មុខ​លោក យ៉ូសែប ជាង​គាត់​មាន​សម្រាប់​ខ្លួន​ទៅ​ទៀត។ លោក យ៉ូសែប ដឹង​ថា​ព្រះ​ជាម្ចាស់ ​បាន​ផ្គូផ្គង​លោក ប៉ូទីផារ ជា​មួយ​នឹង​ភរិយា​របស់​គាត់​ហើយ។ គាត់​ដឹង​ថា៖ ដូច​ដែល​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះ​ចេស្ដា​បាន​បង្កើត​នាង អេវ៉ា ហើយ​នាំ​នាង​ទៅ​ឲ្យ​លោក អ័ដាម ដូច​គ្នា​នោះ​ដែរ ទ្រង់​ក៏​បាន​នាំ​បុរស និង​ស្ត្រី​នេះ​ឲ្យ​រួម​គ្នា។

ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា «”បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្តាយ [ទៅ​រួម​រស់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន] ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ” ដូច្នេះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ ដូច្នេះ មនុស្ស​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​ឡើយ» (ម៉ាកុស ១០:៧-៩ គកស)។ «ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។» ឬ​ក៏ «ព្រោះ​អ្នក​ជា​ប្ដី​របស់​នាង។» ឬ​ក៏​ព្រោះ​ខ្ញុំ ​ជា​ប្តី​របស់​នាង។ ព្រោះ​ខ្ញុំ​ជា​ប្រពន្ធ​របស់​គាត់។ ពិត​ណាស់ មាន​ឃ្លាំង​ស្តុក​នៃ​ការ​បន្សុទ្ធ​អំណាច​នៅ​ពី​ក្រោយ​ហេតុ​ផល​ដ៏​រឹង​មាំ​ដូច​ថ្ម​ទាំង​នេះ​ដែរ។

តើ​លោក​ចង់​បាន​កម្លាំង ដើម្បី​ប្រឆាំង​នឹង​ការ​ល្បួង​ខាង​ឯ​ផ្លូវ​ភេទ​ដែរ​ឬ​ទេ? សូម​សញ្ជឹង​គិត​អំពី​ភាព​បរិសុទ្ធ​នៃ​ជីវិត​អាពាហ៍ពិពាហ៍។ «សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និង​មនុស្ស​ផិត​ក្បត់» (ហេព្រើរ ១៣:៤ គកស)។

៤. អំពី​បាប​មិន​មែន​គ្រាន់​តែ​ខុស​ទេ តែ​គឺ​គួរ​ឲ្យ​ស្អប់​ខ្ពើម

ការ​ជឿ​ទុក​ចិត្ត ការ​មាន​សិទ្ធិ​អំណាច និង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​ធំធេង​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ផិត​ក្បត់ ប៉ុន្តែ​ចំណុច​ពីរ​ចុង​ក្រោយ​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​រាល់​ការ​ជំរុញ​ទឹក​ចិត្ត​សម្រាប់​ភាព​បរិសុទ្ធ និង​ភាព​ស្មោះ​ត្រង់​ផ្សេង​ទៀត។ ទី​មួយ យើង​បាន​រៀន​បដិសេធ​ការ​ល្បួង​ដោយ​រៀន​ស្អប់​អំពើ​បាប។ មនុស្ស​ជា​ច្រើន​ដែល​គេ​ហៅ​ថា​ជា​គ្រីស្ទ​បរិស័ទ​ក៏​ដឹង​ហើយ​ថា អំពើ​បាប​គឺ​ជា​ការ​ខុស ប៉ុន្តែ​គន្លឹះ​ក្នុង​ការ​សម្លាប់​អំពើ​បាប​គឺ​មិន​គ្រាន់​តែ​ដឹង​ថា​អំពើ​បាប​គឺ​ជា​ការ​ខុស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ការ​ដឹង​ថា វា​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់។ នៅ​ពេល​ដែល​យើង​រីក​ចម្រើន​ក្នុង​ព្រះ​គ្រីស្ទ ម្ដង​បន្តិចៗ ឬ​ពី​ពេល​មួយ​ទៅ​ពេល​មួយ នោះ​យើង​ក៏​នឹង​កាន់​តែ​មិន​ចូល​ចិត្ត​អំពើ​បាប ដល់​ថ្នាក់​ថា​ស្អប់​វា​ថែម​ទៀត​ផង។

ខណៈ​ពេល​ដែល​បុរស​ដទៃ​ទៀត​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​លោត​លើ​គ្រែ​ចូល​គេង​ជា​មួយ​ស្ត្រី​ដ៏​ស្រស់​ស្អាត មាន​អំណាច និង​ខ្លាំង​ដូច​នាង តែ​លោក យ៉ូសែប បែរ​ជា​សួរ​ថា «តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ​បាន​យ៉ាង​ដូច​ម្ដេច?» (លោកុប្បត្ដិ ៣៩:៩ គកស)។ អំពើ​ផិត​ក្បត់​មិន​គ្រាន់​តែ​ខុស​ទេ។ វា​អាក្រក់​ណាស់។ ហើយ​វា​មិន​ត្រឹម​តែ​អាក្រក់​ទេ។ តែ​វា​គឺ​ជា «អំពើ​អាក្រក់​ដ៏​ធំធេង »។ ទោះ​បើ​ជា​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោក យ៉ូសែប ចង់​ចុះ​ចូល​ក្នុង​ការ​ល្បួង តែ​លោក​បាន​និយាយ​ថា «ទេ!» តើ​នេះ​មក​ពី​លោក​ដឹង​ថា វា​ខុស​មែន​ឬ? ឬ​ក៏​ថា តើ​លោក​យល់​ថា​ខ្លួន​មាន​ទំនាស់​កាន់​តែ​ខ្លាំង​ឡើងៗ—ដោយ​មាន​អារម្មណ៍​ទាក់​ទាញ​លើ​អំពើ​បាប ប៉ុន្តែ​លោក​ក៏​មើល​ឃើញ ហើយ​ស្អប់​ភាព​អាក្រក់​នៅ​ពី​ក្រោយ​ការ​តុប​តែង​ដ៏​ស្អាត​ដែរ​ឬ​ទេ? អំពើ​បាប​គឺ​ជា​ការ​ខុស ហើយ​ក៏​មិន​គួរ​ធ្វើ​វា​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ ចូរ​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​វា​កាន់​តែ​គួរ​ឲ្យ​ស្អប់​នៅ​ក្នុង​ភ្នែក​របស់​លោក​ទៀត​ចុះ។

៥. ព្រះ​ជាម្ចាស់​ប្រសើរ​ជាង​ការ​រួម​ភេទ

យើង​នឹង​កាន់​តែ​មិន​ចូល​ចិត្ត​អំពី​បាប ហើយ​កាន់​តែ​ស្អប់​ខ្ពើម​វា​ថែម​ទៀត ខណៈ​ពេល​ដែល​ព្រះ​ជាម្ចាស់​កាន់​តែ​ស្រស់​ស្អាត កាន់​តែ​មាន​តម្លៃ និង​ជា​សេចក្តី​ស្កប់​ចិត្ត​ថែម​ទៀត​ដល់​យើង។ អំពើ​ផិត​ក្បត់​នឹង​បាត់​បង់​អំណាច​នៃ​ការ​លួងលោម​ចិត្ដ​របស់​លោក ដោយ​សារ​តែ​ភាព​រីករាយ​របស់​វា​គ្មាន​ទេ បើ​ប្រៀប​នឹង​សេចក្តី​អំណរ​ដ៏​ជ្រាល​ជ្រៅ និង​ស្ថិត​ស្ថេរ​ដែល​ព្រះ​ជាម្ចាស់​សន្យា​ថា​នឹង​ប្រទាន​ឲ្យ (ទំនុកតម្កើង ១៦:១១)។

លោក យ៉ូសែប បាន​និយាយ​អំពី​របៀប​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៃ​អំពើ​ផិត​ក្បត់​ដ៏​អាក្រក់​នេះ​នឹង​នាំ​មក​ចំពោះ​លោក ប៉ូទីផារ ដែល​បាន​ទុក​ចិត្ត​គាត់​លើ​អ្វីៗ​ទាំង​អស់ ប៉ុន្តែ​គាត់​បាន​បញ្ចប់​ដោយ​សួរ​ថា «តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ ដោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ម្ដេច​បាន?» (លោកុប្បត្ដិ ៣៩:៩ គកស)។ ស្ដេច ដាវីឌ ក៏​បាន​មាន​បន្ទូល​ដូច​គ្នា​ដែរ​នៅ​ពេល​ទ្រង់​សារភាព​ចំពោះ​ព្រះ​អំពី​អំពើ​ផិត​ក្បត់​របស់​ទ្រង់​ថា៖ «ទូល​បង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអង្គ​គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់​ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះអង្គ» (ទំនុក​តម្កើង ៥១:៤)។ ការ​ទុក​ចិត្ដ​របស់​លោក ប៉ូទីផារ គឺ​មាន​តម្លៃ​ណាស់​ចំពោះ​លោក យ៉ូសែប ប៉ុន្តែ​ព្រះ​ជាម្ចាស់​មាន​តម្លៃ​ជាង​នោះ​ទៅ​ទៀត។ ការ​ជំនុំជម្រះ​របស់​លោក ប៉ូទីផារ គួរ​ឲ្យ​ខ្លាច​ដល់​លោក យ៉ូសែប ប៉ុន្តែ​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជាម្ចាស់​គឺ​គួរ​ឲ្យ​ខ្លាច​ជាង​នោះ​ទៅ​ទៀត។ កេរ្តិ៍​ឈ្មោះ​របស់​លោក ប៉ូទីផារ គឺ​មាន​តម្លៃ​ចំពោះ​លោក យ៉ូសែប ប៉ុន្តែ​លោក យ៉ូសែប បាន​រស់​នៅ​ដោយ​ព្រោះ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​វិញ។ តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​នេះ​ទាស់​នឹង​ព្រះ​ជាម្ចាស់​យ៉ាង​ម្ដេច​បាន?

លោក យ៉ូសែប មិន​មាន​ការ​ព្រួយ​បារម្ភ​ជា​ចម្បង​អំពី​ការ​បាត់​បង់​ការងារ លុយ​កាក់ ឬ​ភាព​អរសប្បាយ​មួយ​គ្រា​ខាង​ផ្លូវ​ភេទ​ទេ។ គាត់​បាន​បដិសេធ​មិន​បោះ​បង់​ព្រះ​ជាម្ចាស់​ឡើយ។ សិរិ​ល្អ​របស់​ទ្រង់​គឺ​ស្រស់​ស្អាត​ពេក​ហើយ មិត្ត​ភាព​របស់​ទ្រង់​ក៏​មាន​តម្លៃ​ណាស់​ដែរ ការ​សន្យា​របស់​ទ្រង់​គឺ​អស្ចារ្យ​ណាស់​សម្រាប់​លោក យ៉ូសែប ក្នុង​ការ​ឲ្យ​គាត់​ប្ដូរ​ដោយ​ដេក​ជា​មួយ​នាង​ទេ។ ប្រសិន​បើ​លោក​មិន​ចង់​នៅ​លើ​គ្រែ​ជា​មួយ​ប្រពន្ធ​របស់​នរណា​ម្នាក់​ទេ ចូរ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សុភមង្គល តាម​ដែល​ធ្វើ​ទៅ​បាន ជា​មួយ​ព្រះ​ជាម្ចាស់​ចុះ។

កម្លាំង​ក្នុង​ការ​បន្ត

ភរិយា​របស់​លោក ប៉ូទីផារ មិន​គ្រាន់​តែ​បាន​ព្យាយាម​លួង​លោម​លោក យ៉ូសែប តែ​មួយ​ដង​នោះ​ទេ។ «ឯ​នាង​ចេះ​តែ​និយាយ​ទៅ​លោក យ៉ូសែប រាល់​ថ្ងៃ តែ​លោក​មិន​ព្រម​ស្ដាប់​តាម ហើយ​ទៅ​ដេក​ជា​មួយ​នាង ឬ​ទៅ​ជិត​នាង​ឡើយ» (លោកុប្បត្ដិ ៣៩:១០ គកស)។ លោក យ៉ូសែប មិន​គ្រាន់​តែ​និយាយ​ថា «ទេ» តែ​ម្ដង​ទេ។ គាត់​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត ឥត​ឈប់​ឈរ។ នាង​នៅ​តែ​បន្ត​ព្យាយាម ហើយ​គាត់​នៅ​តែ​បន្ត​បដិសេធ។ ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់​មិន​ត្រឹម​តែ​ជួយ​គាត់​មិន​ឲ្យ​ធ្វើ​ខុស​តែ​នោះ​ឡើយ តែ​វា​បាន​ក្លាយ​ជា​កម្លាំង​ដល់​គាត់​ម្តង​ហើយ​ម្តង​ទៀត។ គាត់​មិន​ចុះ​ចូល​ទេ។ ការ​ទុក​ចិត្ត​នៅ​តែ​មាន​តម្លៃ​ចំពោះ​គាត់។ សិទ្ធិ​អំណាច​នៅ​តែ​ជា​ការ​បម្រើ​ដល់​អ្នក​ដទៃ។ ជីវិត​អាពាហ៍ពិពាហ៍​នៅ​តែ​ជា​ការ​ពិសិដ្ឋ។ អំពើ​បាប​នៅ​តែ​ជា​ការ​អាក្រក់។ ព្រះ​ជាម្ចាស់​នៅ​តែ​ល្អ​ប្រសើរ។

ប្រសិន​បើ​លោក​គ្រាន់​តែ​និយាយ​ថា «ទេ»—ទាក់ទង​ទៅ​នឹង​អំពើ​ផិត​ក្បត់ ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស និង​រាល់​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ—ដោយ​ព្រោះ​លោក​ដឹង​ថា វា​ខុស នោះ​លោក​នឹង​ឆាប់​អស់​សាំង​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​បាប​ជា​មិន​ខាន។ ប៉ុន្តែ ប្រសិន​បើ​ការ​ពិត​ទាំងប្រាំនេះ​ចាក់​បាន​ឫស​ជ្រៅ​ទៅៗ​នៅ​ក្នុង​បេះ​ដូង​របស់​លោក នោះ​លោក​នឹង​បន្ថែម​ស៊ីឡាំង​ទៅ​ក្នុង​ម៉ាស៊ីន​របស់​លោក​ហើយ។ នៅ​ពេល​ក្រោយ ពេល​ការ​ល្បួង​ខាង​ឯង​ផ្លូវ​ភេទ​មក​ដល់ សូម​នឹក​ចាំ​អំពី​លោក យ៉ូសែប និង​ការ​ប្ដេជ្ញា​ចិត្ត​ដែល​ធ្វើ​ឲ្យ​គាត់​មិន​ឡើង​លើ​គ្រែ​ជា​មួយ​នឹង​ប្រពន្ធ​របស់​អ្នក​ដទៃ។

និពន្ធ​ដោយ៖ លោក​គ្រូ Marshall Segal
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ជួប ប៊ុនហាក់, លោក​ស្រី ថាវ ប៊ុនរី និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន

ព្រះជាម្ចាស់តែមួយអង្គគត់