៤) ព្រះគ្រីស្ទ
មេរៀនដ៏សំខាន់មួយពីពួកអ៊ីស្រាអែលជំនាន់ដើមគឺថា មនុស្សមានបាបមិនអាចបង្ហាញពីរូបអង្គព្រះជាម្ចាស់បានយ៉ាងគ្រប់លក្ខណ៍ដោយខ្លួនឯងនោះទេ ទោះបីជាពួកគេមានក្រឹត្យវិន័យរបស់ទ្រង់ មានទឹកដីរបស់ទ្រង់ និងមានព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ រឿងរបស់ពួកអ៊ីស្រាអែលនេះគួរតែធ្វើឲ្យយើងម្នាក់ៗបន្ទាបខ្លួនចុះ។ មានតែព្រះជាម្ចាស់ទេដែលអាចបង្ហាញពីរូបអង្គទ្រង់បានយ៉ាងគ្រប់លក្ខណ៍ ហើយមានតែព្រះជាម្ចាស់ទេដែលអាចសង្គ្រោះយើងចេញពីបាប និងសេចក្តីស្លាប់បាន។
ដូច្នេះហើយ ព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់ឲ្យ «ប្រសូតមកមានរូបជាមនុស្ស» (ភីលីព ២:៧)។ កូនស្ងួនភ្ងាមួយអង្គនេះជាកូនដែលព្រះវរបិតាសព្វព្រះហឫទ័យណាស់ ទ្រង់បានចុះចូលទាំងស្រុងទៅនឹងការដឹកនាំ និងនគររបស់ព្រះជាម្ចាស់។ កូនស្ងួនភ្ងាមួយអង្គនេះបានធ្វើនូវអ្វីដែលលោក អ័ដាម មិនបានធ្វើ គឺទ្រង់មិនព្រមធ្វើតាមការល្បួងរបស់សាតាំងទេ។ ទ្រង់បានមានបន្ទូលទៅកាន់មេល្បួង ខណៈដែលទ្រង់កំពុងតមអាហារនៅក្នុងទីរហោស្ថានថា៖ «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)។
ព្រះយេស៊ូវបានធ្វើនូវអ្វីដែលអ៊ីស្រាអែលមិនបានធ្វើ។ ទ្រង់រស់នៅដោយប្រតិបត្តិតាមក្រឹត្យវិន័យ និងបំណងព្រះហឫទ័យរបស់ព្រះវរបិតាទាំងស្រុង។ «ខ្ញុំមិនធ្វើអ្វីដោយអាងខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្តីទាំងនេះ តាមតែព្រះវរបិតាបានបង្រៀនខ្ញុំវិញ» (យ៉ូហាន ៨:២៨ ហើយសូមមើលបន្ថែមនៅកណ្ឌយ៉ូហាន ៦:៣៨; ១២:៤៩)។
ដោយសារព្រះរាជបុត្រានេះបានឆ្លុះបញ្ចាំងពីរូបអង្គព្រះវរបិតាទ្រង់យ៉ាងឥតខ្ចោះ ដូច្នេះទ្រង់អាចមានបន្ទូលទៅកាន់លោក ភីលីព ជាសិស្សទ្រង់ថា «អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ» (យ៉ូហាន ១៤:៩)។
ព្រះវរបិតាយ៉ាងណា នោះព្រះរាជបុត្រាក៏យ៉ាងនោះដែរ។
នៅពេលអ្នកនិពន្ធកណ្ឌគម្ពីរសំបុត្រនៅសញ្ញាថ្មីបានគិតពីអ្វីដែលបានកើតឡើងទាក់ទងនឹងព្រះយេស៊ូវ នោះពួកគេបានពណ៌នាពីទ្រង់ថាជា «រូបអង្គនៃព្រះដ៏មើលមិនឃើញ» (កូល៉ុស ១:១៥) ហើយជា «រស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ» (ហេព្រើរ ១:៣ គកស)។ ព្រះយេស៊ូវគ្រីស្ទប្រៀបដូចជា លោក អ័ដាមថ្មី និងអ៊ីស្រាអែលថ្មី ពីព្រោះទ្រង់បានស្ដារនូវរូបអង្គរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងមនុស្សឡើងវិញ។
ប៉ុន្តែ ព្រះគ្រីស្ទមិនគ្រាន់តែបានបង្ហាញពីភាពបរិសុទ្ធដ៏ឧត្តមរបស់ព្រះជាម្ចាស់តាមរយៈការប្រតិបត្តិតាមក្រឹត្យវិន័យតែប៉ុណ្ណោះទេ ទ្រង់ថែមទាំងបានបង្ហាញពីសេចក្តីស្រឡាញ់ និងក្តីមេត្តាករុណាដ៏ឧត្តមរបស់ព្រះជាម្ចាស់តាមរយៈការសុគតនៅលើឈើឆ្កាងជំនួសមនុស្សមានបាប ដែលជាការបង់ថ្លៃដល់ទោសនៃអំពើបាបដែលពួកគេសមតែនឹងទទួលទៀតផង (យ៉ូហាន ១៧:១-៣)។ ការបូជាជំនួសនេះគឺជាអ្វីដែលព្រះគម្ពីរសញ្ញាចាស់បានចង្អុលទៅរកតាំងពីដើមរៀងមក។ សូមគិតពីសត្វដែលព្រះជាម្ចាស់យកទៅសម្លាប់ដើម្បីគ្របបាំងភាពអាក្រាតរបស់លោក អ័ដាម និងនាង អេវ៉ា បន្ទាប់ពីពួកគេបានធ្វើបាប។ សូមគិតពីពេលដែលព្រះជាម្ចាស់បានប្រទានចៀមឈ្មោលមួយក្បាលដល់លោក អ័ប្រាហាំ និង អ៊ីសាក ដើម្បីសង្គ្រោះអ៊ីសាក។ សូមគិតពីលោក យ៉ូសែប ជាកូនដែលត្រូវបងៗបង្កើតរបស់គាត់បោះបង់ចោល ហើយលក់ទៅស្រុកឆ្ងាយ ដូច្នោះហើយគាត់អាចធ្វើជាអ្នកសង្រួបសង្រួមសម្រាប់ជាតិសាសន៍មួយ។ សូមគិតដល់រាស្ត្រអ៊ីស្រាអែលដែលពួកគេបានលាបឈាមចៀមនៅលើក្របទ្វារផ្ទះរបស់ពួកគេ ដើម្បីឲ្យកូនច្បងរបស់ពួកគេរួចជីវិត។ សូមគិតពីពួកគ្រួសារអ៊ីស្រាអែលដែលពួកគេបាននាំយកតង្វាយសម្រាប់លោះបាបមកដាក់នៅទីលានព្រះវិហារ រួចពួកគេបានដាក់ដៃនៅលើក្បាលសត្វ ហើយបន្ទាប់មកពួកគេក៏អារកសត្វនោះដោយនិយាយថា «ឈាមសត្វដែលខ្ចាយនោះគួរតែជាឈាមរបស់ខ្ញុំ»។ សូមគិតពីសម្ដេចសង្ឃដែលគាត់ចូលក្នុងទីបរិសុទ្ធបំផុតម្តងមួយឆ្នាំ ដើម្បីថ្វាយយញ្ញបូជាលោះបាបជំនួសសាសន៍អ៊ីស្រាអែល។ សូមគិតពីសេចក្តីសន្យាដែលហោរា អេសាយ លើកឡើង៖ «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។
ការទាំងអស់នេះ និងការជាច្រើនទៀត គឺចង្អុលទៅរកព្រះ យេស៊ូវគ្រីស្ទ ដែលទ្រង់បានយាងទៅឯឈើឆ្កាងក្នុងនាមជាកូនចៀមនៃព្រះជាម្ចាស់ទុកជាយញ្ញបូជា។ ដូចគ្នានេះដែរ ព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់ដល់សិស្សរបស់ទ្រង់នៅឯបន្ទប់ខាងលើថា ទ្រង់បានយាងទៅដើម្បីនឹងផ្តល់នូវ «សញ្ញាថ្មីមួយ ដែលតាំងដោយនូវឈាមទ្រង់» សម្រាប់អស់អ្នកណាដែលប្រែចិត្តហើយទទួលជឿទ្រង់។
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…