ផ្លូវគេចចេញនេះបង្ហាញយ៉ាងច្បាស់ចេញពីរឿងមនុស្សបីនាក់ដែលប៉ងធ្វើជា
សិស្សរបស់ព្រះយេស៊ូវ តែពួកគេបានអនុញ្ញាតឲ្យសំឡេងដទៃមានអាទិភាពជាងការត្រាស់ហៅរបស់ព្រះគ្រីស្ទវិញ។ កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ ព្រះយេស៊ូវមានព្រះបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ ទ្រង់មានព្រះបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន តែទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន ទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ (លូកា ៩:៥៧-៦២)។
មានបុរសបីនាក់បានមកជួបព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ តែអ្នកនិពន្ធកណ្ឌគម្ពីរលូកាមិនបានប្រាប់ឈ្មោះពួកគេទេ។ ពួកគេមានគំនាបសង្កត់នៅក្នុងចិត្តក្នុងការដើរតាមទ្រង់។ ប៉ុន្តែពួកគេបានអនុញ្ញាតឲ្យរឿងផ្សេងទៀតចូលមកជ្រៀតជ្រែកព្រលឹងរបស់ខ្លួន និងការថ្វាយខ្លួនទាំងស្រុងចំពោះទ្រង់។
បុរសទីបី យើងអាចឲ្យឈ្មោះថាបុរសគិតងាយ។ គាត់ស្រដៀងនឹងបុរសទីមួយដែរ ដោយសារគាត់បានស្ម័គ្រចិត្តដើរតាមព្រះអម្ចាស់។ ប៉ុន្តែគាត់ក៏ដូចជាបុរសទីពីរដែរ ដោយសារគាត់ប្រើពាក្យមិនគួរសមដូចគ្នា៖ «ព្រះអម្ចាស់អើយ…ទូលបង្គំ…សិន»។ គាត់ទូលថា «ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរតែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន»។
ជាថ្មីម្តងទៀត យើងត្រូវតែទទួលស្គាល់ថា បើគ្រាន់តែស្តាប់សំណើដែលគាត់លើកឡើង វាដូចជាគ្មានអ្វីខុសនោះទេ។ វាក៏មិនមែនប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នោះដែរ ក្នុងការដែលយើងបង្ហាញសេចក្តីស្រឡាញ់ជាមួយនឹងសាច់ញាតិ ឬក៏តាមក្រមសីលធម៌នៅពេលដែលយើងលាពួកគេ។ តើចំណុចណាដែលបណ្ដាលឲ្យបុរសម្នាក់នេះមិនបានជោគជ័យលើការសាកល្បងនេះ? វាស្ថិតនៅត្រង់ចំណុចដែលគាត់បានបណ្ដោយឲ្យទំនាក់ទំនងរបស់គាត់ជាមួយគ្រួសារចូលមកជំនួសព្រះគ្រីស្ទ។
ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលដោយយោគយល់ត្រង់ៗថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័លហើយងាកបែរទៅមើលក្រោយអ្នកនោះមិនគួរនឹងនគរព្រះទេ» ត្រង់នេះទ្រង់ចង់មានន័យថា៖ «សិស្សរបស់ខ្ញុំមិនគួរគិតតែពីខ្លួនឯង ហើយមិនចេះសម្រេចចិត្តដោយខ្លួនឯង។ ខ្ញុំចង់បានសិស្សដែលមានឆន្ទៈលះបង់ចំណង់ផ្ទាល់ខ្លួន ហើយមិនបែកអារម្មណ៍ដោយសារសាច់ញាតិដែលមានមនោសញ្ចេតនានឹងគ្នា។ ហើយខ្ញុំចង់បានសិស្សដែលទុកខ្ញុំខ្ពស់ជាងគេបំផុតក្នុងជីវិត»។
យើងសន្និដ្ឋានថា បុរសគិតងាយបានចាកចោលព្រះយេស៊ូវ ហើយបានដើរចេញទៅដោយមុខស្រងូតស្រងាត់។ សេចក្ដីប្រាថ្នាក្នុងការក្លាយជាសិស្សដ៏លើសលប់របស់គាត់បានបែកខ្ចាយ ដោយសារចំណងនៅក្នុងគ្រួសារគាត់ ប្រៀបបាននឹងកែវបោកផ្ទប់នឹងផ្ទាំងសិលាយ៉ាងដូច្នោះដែរ។ យើងមិនដឹងច្បាស់ថាយ៉ាងណានោះទេ ប្រហែលជាគាត់មានម្ដាយដែលកំពុងយំខ្សឹកខ្សួលថា «កូនអើយ! កូននឹងធ្វើឲ្យម្ដាយគ្រាំគ្រាចិត្តស្លាប់បើកូនចាកចោលម្ដាយ ហើយទៅបម្រើបេសកកម្មរបស់ព្រះយេស៊ូវនៅប្រទេសផ្សេងទៀតនោះ»។ អ្វីដែលយើងដឹងគឺត្រង់ថា ព្រះជាម្ចាស់មានសមានចិត្តក្នុងការមិនឲ្យយើងស្គាល់ឈ្មោះរបស់បុរសដ៏ទន់ខ្សោយខាងឯព្រលឹងវិញ្ញាណម្នាក់នេះ។ គាត់បានបាត់ឱកាសដ៏ធំក្រៃលែងក្នុងជីវិតដោយសារតែការបែរចេញពីព្រះយេស៊ូវ ហើយគាត់សមនឹងទទួលងារចុងក្រោយថា «មិនគួរនឹងនគរព្រះទេ»។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…