in ,

តើ​ការ​ឲ្យ​ស្ត្រីៗ «ស្ងាត់​ស្ងៀម» ក្នុង​ក្រុម​ជំនុំ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? (១ធីម៉ូថេ ២)

«ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​បុរសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង ហើយ​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​មាន​កំហឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ។ ឯ​ស្ត្រីៗ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែង​ខ្លួន​តាម​បែប​សមរម្យ មិន​ឆើយ​ឆាយ ហើយ​ចេះ​ប្រមាណ​ខ្លួន មិន​មែន​ដោយ​ក្រង​សក់ ពាក់​មាស កែវ​មុក្ដា ឬ​អលង្ការ​ថ្លៃៗ​ឡើយ តែ​ធ្វើ​ឲ្យ​សម​ជា​ស្ត្រី ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។ ត្រូវ​ឲ្យ​ស្ត្រីៗ​រៀន​ដោយ​ស្ងាត់​ស្ងៀម ទាំង​ចុះ​ចូល​គ្រប់​ជំពូក។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ប្រើ​អំណាច​លើ​បុរស​ឡើយ ត្រូវ​ឲ្យ​នាង​នៅ​ស្ងាត់​ស្ងៀម​វិញ។ ដ្បិត​ព្រះ​បាន​បង្កើត​លោក​អ័ដាម​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។ មិន​មែន​លោក​អ័ដាម​ទេ​ដែល​ចាញ់​បញ្ឆោត គឺ​ស្ត្រី​ទេ​តើ​ដែល​ចាញ់​បញ្ឆោត ហើយ​បាន​ត្រឡប់​ជា​អ្នក​ប្រព្រឹត្ត​រំលង» (១ធីម៉ូថេ ២:៨-១៤ គកស)។

ការ​ដាស់​តឿន​ដល់​មនុស្ស​ប្រុស

វា​ជា​ការ​សំខាន់​ណាស់​ដែល​សាវ័ក ប៉ុល បាន​និយាយ​ទៅ​កាន់​មនុស្ស​ប្រុស​ក្នុង​ខ៨ មុន​គាត់​និយាយ​ទៅ​កាន់​មនុស្ស​ស្រី​ក្នុង​ខ៩។ សាវ័ក ប៉ុល ចាត់​ទុក​មនុស្ស​ប្រុស​ថា​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន—ហើយ​អ្នកខ្លះ​ថា​ជា​អ្នក​ដឹកនាំ​ក្នុង​ក្រុម​ជំនុំ។ គាត់​កំពុង​តែ​លើក​ឡើង​យ៉ាង​ច្បាស់​ថា ពួក​គេ​មាន​តួនាទី​ដ៏​ជាក់​លាក់​មួយ​ក្នុង​ការ​បំពេញ «នៅ​គ្រប់​ទីកន្លែង» ពេល​ដែល​ក្រុម​ជំនុំ​ជួប​ជុំ​គ្នា ដែល​មាន​រួម​ទាំង​ទីក្រុង​អេភេសូរ។ មនុស្ស​ប្រុស​មាន​តួនាទី​ក្នុង​ការ​អធិស្ឋាន។ សាវ័ក ប៉ុល បាន​លើក​ឡើង​យ៉ាង​ច្បាស់​ហើយ​ថា តើ​គាត់​ចង់​ឲ្យ​ពួក​គេ​អធិស្ឋាន​អំពី​អ្វី​ខ្លះ (១ធីម៉ូថេ ២:១-៧ គកស)។ អ្វី​ដែល​គាត់​កំពុង​ផ្ដោត​លើ​នេះ​គឺ​អំពី​របៀប​ដែល​ពួក​គាត់​គួរ​អធិស្ឋាន គឺ​ផ្ដោត​លើ​ចំណុច​២​យ៉ាង៖ មួយ​វិជ្ជមាន ហើយ​មួយ​ទៀត​អវិជ្ជមាន។ សម្រាប់​ចំណុច​អវិជ្ជមាន គឺ​ឲ្យ​ពួក​គេ​អធិស្ឋាន ខណៈ​ពេល​ដែល​កំពុង «លើក​ដៃ​បរិសុទ្ធ​ឡើង»។

នេះ​គឺ​ជា​អាកប្បកិរិយា​នៃ​ការ​អធិស្ឋាន​ដ៏​ទូ​ទៅ​មួយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (១ពង្សាវតាក្សត្រ ៨:២២; ទំនុកតម្កើង ២៨:២, ៦៣:៤)។ ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​អធិស្ឋាន​ដោយ​លើក​ដៃ​ផង​ដែរ (លូកា ២៤:៥០)។ ខគម្ពីរ​យោង​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ​ទាក់​ទង​ទៅ​នឹង​ការ​លើក​ដៃ​ផ្ដល់​ជា​ព័ត៌មាន​ឲ្យ​យើង​យល់​អំពី​ពាក្យ​ពេចន៍​ដែល​សាវ័ក ប៉ុល កំពុង​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ២:៨៖

«កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង​នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក​បើ​កាល​ណា​អ្នក​អធិស្ឋាន​ជា​ច្រើន​នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។ ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត» (អេសាយ ១:១៥-១៦ គកស)។

ហោរា អេសាយ បាន​លើក​ឡើង​យ៉ាង​ច្បាស់​ហើយ​ថា ការ​លើក​ដៃ​គឺ​មិន​មែន​គ្រាន់​តែ​ជា​អាកប្បកិរិយា​សម្រាប់​ការ​អធិស្ឋាន​ឡើយ។ ដៃ​របស់​បុគ្គល​ណា​ម្នាក់​តំណាង​ឲ្យ​ទង្វើ​ដែល​គាត់​ប្រព្រឹត្ត៖ មាន​ទាំង​ទង្វើ​ល្អ និង​ទង្វើ​អាក្រក់។ ក្នុង​បរិបទ​របស់​ហោរា អេសាយ «ដៃ» របស់​អ្នក​ដែល​កំពុង​ស្ដាប់​គាត់​គឺ​ប្រឡាក់​ទៅ​ដោយ​ឈាម ដូច្នេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​មិន​ព្រះ​សណ្ដាប់​ពួក​គាត់។

នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល បាន​ហៅ​ប្រុស​ៗឲ្យ​អធិស្ឋាន ខណៈ​ពេល​ដែល​លើក «ដៃ​បរិសុទ្ធ» ឡើង។ ដាច់​ខាត! ការ​ថ្វាយបង្គំ​ជា​សាធារណៈ​របស់​ពួក​គាត់ ត្រូវ​តែ​កើត​ចេញពី​ជីវិត​ដែល​មាន​ភាព​បរិសុទ្ធ​ជា​ទី​សម្គាល់។ បើ​និយាយ​ម្យ៉ាង​ទៀត​ទៅ ព្រះ​ជាម្ចាស់​កំពុង​តែ​រក​អស់អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់​ដោយ​វិញ្ញាណ និង​សេចក្ដី​ពិត មិន​មែន​បែប​ជា​ជីវិត​ពុត​មាយា​ឡើយ។ ព្រះ​ជាម្ចាស់​មិន​សូវ​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​បុរស​ដែល​ថ្វាយ​បង្គំ​គ្រាន់​តែ​ជា​បែប​សម្ដែង​ទេ ប្រសិន​បើ​ជីវិត​រស់​នៅ​របស់​គាត់​មាន​លក្ខណៈ​ដូច​ជា​អារក្ស​សាតាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាវ័ក ប៉ុល លើក​ឡើង​ថា ឲ្យ​មនុស្ស​ប្រុស «លើក​ដៃ​បរិសុទ្ធ»។

បែប​ជា​អវិជ្ជមាន​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា ការ​ថ្វាយ​បង្គំ​ជា​សាធារណៈ​ដាច់​ខាត​ត្រូវ​តែ​កើត​ចេញ​ពី​ជីវិត​ដែល​គ្មាន «កំហឹង» ឬ​ក៏ «ឈ្លោះ​ប្រកែក» ឡើយ។ ដូច្នេះ កំហឹង និង​ការ​ឈ្លោះ​ប្រកែក​គឺ​ជា​អំពើ​បាប​ដ៏​ជាក់​លាក់​ដែល​ជា​ទស្សនៈ​បង្ហាញ​អំពី «ដៃ» ដែល​មិន​បរិសុទ្ធ​របស់​បុរស​ណា​ម្នាក់។ ពាក្យ «កំហឹង» សំដៅ​ទៅ​លើ​ភាព​ខាង​ក្នុង​នៃ​បុគ្គលិក​លក្ខណៈ​នៃ​សេចក្ដី​ក្រោធ និង​កំហឹង​ដែល​បង្ហាញ​ចេញ​ជា​សាធារណៈ។ ពាក្យ «ឈ្លោះ​ប្រកែក» សំដៅ​ទៅ​លើ​ការ​យក​ឈ្នះ​ដែល​មិន​បរិសុទ្ធ និង​ការ​វែក​ញែក​ដែល​កើត​ចេញ​ពី​ចិត្ត​ដែល​ខឹង។ ការ «លើក​ដៃ​បរិសុទ្ធ​ឡើង» ទាម​ទារ​ឲ្យ​មាន​ការ​បំផ្លាស់​បំប្រែ​ដែល​កើត​ចេញ​ពី​ដួង​ចិត្ត និង​បង្ហាញ​ក្នុង​ទង្វើ​ប្រព្រឹត្ត។

ការ​ដាស់​តឿន​ដល់​មនុស្ស​ស្រី

ឃ្លា «ឯ…ក៏​ដូច្នោះ​ដែរ» បង្ហាញ​អំពី​ភាព​ស៊ី​គ្នា​រវាង​ការ​ដាស់​តឿន​របស់​សាវ័ក ប៉ុល ទៅ​កាន់​មនុស្ស​ប្រុស​ក្នុង​ខ៨ និង​ការ​ដាស់​តឿន​របស់​គាត់​ទៅ​កាន់​មនុស្ស​ស្រី​ក្នុង​ខ៩។ លោក​គ្រូ ជច នៃត (George Knight) បាន​ពន្យល់​អំពី​ភាព​ស៊ី​គ្នា​ក្នុង​របៀប​នេះ៖ «ដូច​ដែល​គ្រីស្ទ​បរិស័ទ​បុរសៗ​ត្រូវ​ការ​ទទួល​ការ​ព្រមាន​ត្រង់​ថា ចំណាប់​អារម្មណ៍​របស់​ពួក​គាត់​ក្នុង​ភាព​ម៉ឺង​ម៉ាត់ និង​ការ​ជជែក​វែក​ញែក​គ្នា​មិន​គួរ​បង្កើត​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក និង​ការ​ជំទាស់​ប្រឆាំង​យោបល់ (ខ៨) ដូច​គ្នា​ផង​ដែរ​គ្រីស្ទ​បរិស័ទ​ដែល​ជា​ស្ត្រី​ក៏​ត្រូវ​ការ​ទទួល​ការ​ព្រមាន​ត្រង់​ថា ចំណាប់​អារម្មណ៍​របស់​ពួក​គាត់​ក្នុង​សម្ផស្ស និង​ការ​តុប​តែង​ខ្លួន​ក៏​មិន​គួរ​បង្កើត​ឲ្យ​មាន​ភាព​ឆើយ​ឆាយ និង​ភាព​មិន​ប្រយ័ត្ន​ប្រយែង​ផង​ដែរ»១។

នៅ​ក្រោម​ព្រះ​អាទិត្យ​នេះ​គ្មាន​អ្វី​ថ្មី​ទេ។ ស្ត្រី​ក្នុង​សម័យ​សាវ័ក ប៉ុល មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​សម្ផស្ស​របស់​ខ្លួន​ដូច​ដែល​ស្ត្រី​មួយ​ចំនួន​នៅ​ក្នុង​សម័យ​យើង​មាន​ផង​ដែរ។ យើង​មាន​ភស្តុតាង​ពី​សម័យ​បុរាណ​ទាក់​ទង​នឹង​ការ​តុប​តែង​ខ្លួន​បែប​នេះ—ការ​ក្រង​សក់ ពាក់​មាស កែវ​មុក្ដា ឬ​អលង្ការ​ថ្លៃៗ—ដែល​តាម​ពិត​តែ​ឯង​វា​មិន​អាក្រក់​ទេ ប៉ុន្តែ​វា​អាច​ជា​ចំណុច​សម្គាល់​នៃ​ការ​មាន​ចិត្ត​ដែល​ពេញ​ដោយ​អំពើ​បាប៖ «ការ​ប្រើ​ប្រាស់​បែប​លើស​កម្រិត និង​ជា​ការ​ទាក់​ទាញ​ខាង​ឯ​ផ្លូវ​ភេទ​ដែល​របស់​ទាំង​នោះ​តំណាង​ឲ្យ​នូវ​អ្វី​ដែល​សាវ័ក ប៉ុល កំពុង​តែ​ហាម​ប្រាម (ខ​យោង៖ យ៉ាកុប ៥:១-៦) មិន​មែន​អំពី​ការ​ក្រង​សក់ ពាក់​មាស កែវ​មុក្ដា ឬ​អលង្ការ​ថ្លៃៗ​តែ​ឯង​ផ្ទាល់​នោះ​ទេ»២។ មិន​មែន​ថា រាល់​ការ​ក្រង​សក់ ពាក់​មាស កែវ​មុក្ដា ឬ​អលង្ការ​ថ្លៃៗ​គឺជា​ការ​ខុស​ឆ្គង​នោះ​ឡើយ។ គឺ​សំដៅ​ទៅ​លើ​ថា វា​គ្រាន់​តែ​បង្ហាញ​ពី​ការ​លួង​លោម​ខាង​ឯ​ផ្លូវ​ភេទ ឬ​ក៏​ការ​សម្ញែង (កណ្ឌ​គម្ពីរ ១ពេត្រុស ៣:៣-៤ មិន​បាន​ហាម​មិន​ឲ្យ​មាន «សម្លៀកបំពាក់» ទេ)។

ជា​ទូ​ទៅ នៅ​សតវត្ស​ទី១ ពួក​បុរសៗ​នៃ​សាសន៍​យូដា​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ស្រី​រៀន​សូត្រ​ទេ ប៉ុន្តែ​ទោះ​ជា​ក្នុង​ភាព​ធម្មតា​នៃ​ការ​ដឹក​នាំ​ដោយ​មនុស្ស​ប្រុស​នៅ​សម័យ​នោះ​ក៏​សាវ័ក ប៉ុល បាន​ប្រាប់​អ្នក​ជឿ​នៅ​ទីក្រុង​អេភេសូរ​ថា គាត់​ពេញ​ចិត្ត​ឲ្យ​មនុស្ស​ស្រី «រៀន» (ឧទាហរណ៍៖ ឲ្យ​មាន​ការ​ណែនាំ​អំពី​ជំនឿ)។ ក្នុង​ខគម្ពីរ​ទាំង​មូល​នេះ យើង​ឃើញ​ថា ការ​បង្គាប់​ឲ្យ​មនុស្ស​ស្រី «រៀន» គឺ​ជា​កិរិយាសព្ទ​បង្គាប់​បញ្ជា​តែ​មួយ​គត់។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ការ​ផ្ដោត​គឺ​មិន​មែន​លើ​ការ​បញ្ជា​ផ្ទាល់​នោះ​ទេ (សាវ័ក ប៉ុល ហាក់​បី​ដូច​ជា​បាន​សន្មត​ហើយ​ថា​មនុស្ស​ស្រី​នឹង​រៀន) ប៉ុន្តែ​វា​គឺ​ជា​ការ​ផ្ដោត​លើ​ឥរិយាបថ​ដែល​មនុស្ស​ស្រី​ត្រូវ​ធ្វើ​ក្នុង​ការ​អនុវត្ត​បញ្ជា​មួយ​នោះ៖ ពួក​គាត់​ត្រូវ​រៀន «ដោយ​ស្ងាត់​ស្ងៀម» និង «ទាំង​ចុះ​ចូល​គ្រប់​ជំពូក» ដែរ។

ឃ្លា «ស្ងាត់​ស្ងៀម» មិន​មែន​មាន​ន័យ​ថា មនុស្ស​ស្រី​មិន​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ស្ដី​នៅ​ពេល​ដែល​ក្រុម​ជំនុំ​ជួប​ជុំ​គ្នា​សម្រាប់​ថ្វាយ​បង្គំ​ឡើយ។ ការ​នោះ​នឹង​ទាស់​ប្រឆាំង​ទាំង​ស្រុង​លើ​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​អំពី​មនុស្ស​ស្រី​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ជំពូក១១ ដែល​រៀប​រាប់​អំពី​ការ​ដែល​គាត់​ប្រាប់​មនុស្ស​ស្រី​ពី​របៀប​អធិស្ឋាន និង​ថ្លែង​ទំនាយ​ក្នុង​ក្រុម​ជំនុំ។ ការ​សន្មត​របស់​គាត់​គឺ​ថា ពួក​គេ​នឹង​អធិស្ឋាន ហើយ​ថ្លែង​ទំនាយ ដែល​ការ​នេះ​មាន​ន័យ​ថា គាត់​ក៏​បាន​សន្មត​ផង​ដែរ​ថា​ពួក​គេ​នឹង​និយាយ​ពេល​ដែល​ក្រុម​ជំនុំ​មាន​កម្ម​វិធី។ យើង​គួរ​កត់​សម្គាល់៖ ត្រង់​ថា​ពាក្យ «ស្ងាត់​ស្ងៀម» ក្នុង​ខ១១​ក៏​មាន​អត្ថ​ន័យ​ដូច​គ្នា​ក្នុង​ខ២ សម្រាប់​ពាក្យ «ស្ងប់​ស្ងាត់» ផង​ដែរ។ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​បាន​បញ្ជា​ឲ្យ​គ្រីស្ទ​បរិស័ទ​អធិស្ឋាន «ឲ្យ​យើង​បាន​រស់​នៅ​ដោយ​សុខសាន្ត និង​ស្ងប់​ស្ងាត់» ឃ្លា​នោះ​មិន​មែន​ជា​ការ​ពណ៌នា​ឲ្យ​មាន​ជីវិត​រស់​នៅ​ដែល​ហាម​នរណា​ម្នាក់​មិន​ឲ្យ​និយាយ​ស្ដី​នោះ​ទេ។ ប៉ុន្តែ សំដៅ​ទៅ​លើ​ជីវិត​ដែល «គ្មាន​ចលាចល ឬ​ក៏​ការ​បង្ក​រឿង» (សូម​មើល​ទៅ​លើ​អត្ថ​ន័យ​ក្នុង​វចនានុក្រម​ភាសា​ក្រិក BDAG លើ​ពាក្យ «ហេស៊ូឃា» “ἡσυχία”)។ ដូច​គ្នា​ផង​ដែរ​ពាក្យ «ស្ងាត់​ស្ងៀម» ក៏​មិន​មាន​ន័យ​ថា ការ​នៅ​ស្ងាត់​ទាំង​ស្រុង​នោះ​ដែរ។ ប៉ុន្តែ មាន​ន័យ​ថា​មនុស្ស​ស្រី​គួរ «គ្មាន​ចលាចល ឬ​ក៏​ការ​បង្ក​រឿង»។ ពាក្យ​នេះ​ទាម​ទារ​មនុស្ស​ស្រី «ឲ្យ​មាន​អាកប្ប​កិរិយា និង​មារយាទ​ស្ងៀម​ស្ងាត់​ដែល​លើក​ស្ទួយ​សន្តិភាព​ជា​ជាង​ការ​ឈ្លោះ​ប្រកែក​គ្នា»៣។

ទី២ គឺ​ឲ្យ​មនុស្ស​ស្រី​រៀន «ទាំង​ចុះ​ចូល​គ្រប់​ជំពូក»។ ឃ្លា​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ឃ្លា​ដែល​សាវ័ក ប៉ុល បាន​ប្រើ​ប្រាស់​ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ​ជំពូក៥ ដែល​ត្រង់​នោះ​គាត់​បាន​ណែនាំ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន។ ប៉ុន្តែ ត្រង់​កណ្ឌ​គម្ពីរ ១ធីម៉ូថេ គាត់​មិន​មែន​គ្រាន់​តែ​សំដៅ ដោយ​និយាយ​តែ​អំពី​ការ​ចុះ​ចូល​ចំពោះ​ប្ដី​ប៉ុណ្ណោះ​ទេ តែ​កំពុង​លើក​ឡើង​អំពី​ការ​ចុះ​ចូល​ទៅ​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ពី​អ្នក​ដឹក​នាំ​ក្នុង​ក្រុម​ជំនុំ—ពោល​គឺ​ពួក​ចាស់​ទុំ។ គាត់​កំពុង​តែ​ណែនាំ​មនុស្ស​ស្រី​កុំ​ឲ្យ​មាន​ការ​ចូល​ចិត្ត​ក្នុង​ការ​បង្ក​ជម្លោះ ឬក៏​ដណ្ដើម​យក​តួនាទី​របស់​ពួក​ចាស់​ទុំ ប៉ុន្តែ​គឺ​ឲ្យ​ចុះ​ចូល​ចំពោះ​អ្នក​ដឹក​នាំ​របស់​ខ្លួន​វិញ។ ក្នុង​អត្ថ​ន័យ​នេះ កាតព្វកិច្ច​របស់​ស្ត្រី​ដែល​ជា​គ្រីស្ទ​បរិស័ទ​គឺ​គ្មាន​ការ​ខុស​គ្នា​ពី​កាតព្វកិច្ច​របស់​មនុស្ស​ប្រុស​ដែល​ជា​គ្រីស្ទ​បរិស័ទ​នោះ​ទេ។ ទាំង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ ឲ្យ​ចុះ​ចូល​ចំពោះ​អ្នក​ដឹក​នាំ​ដែល​ព្រះ​ជាម្ចាស់​បាន​ដាក់​ក្នុង​ក្រុម​ជំនុំ (ហេព្រើរ ១៣:១៧)។ ការ​ចុះ​ចូល​ចំពោះ​ការ​ដឹក​នាំ​របស់​ពួក​ចាស់​ទុំ​គឺ​មិន​មែន​តែ​សម្រាប់​មនុស្ស​ស្រី​នោះ​ឡើយ។ ប៉ុន្តែ ខ១២​បាន​លើក​ឡើង​អំពី​ចំណុច​ខុស​គ្នា​ទាក់​ទង​នឹង​តួនាទី​របស់​មនុស្ស​ស្រី។

តើ​មាន​ករណី​លើក​លែង​អ្វី​ខ្លះ?

ខ​គម្ពីរ​មួយ​នេះ​គឺ​ជា​ខ​គម្ពីរ​មួយ​ដែល​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល មូល​ហេតុ​គឺ​ដោយ​សារ​មាន​មតិយោបល់​ខុសៗ​គ្នា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​សាវ័ក ប៉ុល កំពុង​តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ករណី​លើក​លែង។ លើ​ខ​គម្ពីរ​នេះ​មាន​អត្ថ​បទ​បក​ស្រាយ​ច្រើន​ណាស់ ហើយ​បើ​ឲ្យ​យើង​ឆ្លើយ​តប​ទៅ​លើ​ការ​កាត់​ស្រាយ​ដែល​ទាស់​ប្រឆាំង​គ្នា​ក្នុង​អត្ថ​បទ​នេះ នោះ​យើង​មិន​អាច​ធ្វើ​បាន​ទេ៤។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​អាច​ចម្រាញ់​ការ​វែក​ញែក​ដោយ​បំបែក​យោបល់​នៃ​ការ​កាត់​ស្រាយ​ទៅ​ជា​ពីរ​ចំណុច។

ការ​កាត់​ស្រាយ​មួយ​លើក​ឡើង​ថា​សាវ័ក ប៉ុល ហាម​មិន​ឲ្យ​ធ្វើ​អ្វី​មួយ—គឺ​ការ​បង្រៀន​មួយ​ប្រភេទ។ ទាក់​ទង​នឹង​ទស្សនៈ​មួយ​នេះ អ្នក​កាត់​ស្រាយ​បក​ប្រែ​ឃ្លា​ដូច​ជា៖ «ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រី​បង្រៀន​ដោយ​មាន​អំណាច​នោះ​ទេ» ឬ​ក៏​ថា៖ «ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រី​បង្រៀន​ដោយ​មាន​គោល​បំណង​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​ឡើយ»។ ក្នុង​ករណី​ទាំង​ពីរ​នេះ វា​ទាក់​ទង​តែ​ទៅ​លើ​ការ​បង្រៀន​មួយ​ប្រភេទ​ប៉ុណ្ណោះ​ដែល​សាវ័ក ប៉ុល កំពុង​តែ​ហាម​ប្រាម។ ដរាប​ណា​មនុស្ស​ស្រី​មិន​បង្រៀន​ដោយ​មាន​អំណាច—បង្រៀន​ដោយ​ប្រើ​អំណាច​ជា​គ្រូ​គង្វាល—នោះ​មនុស្ស​ស្រី​អាច​បង្រៀន​ទៅ​កាន់​មនុស្ស​ប្រុស​ក្នុង​ការ​ជួប​ជុំ​គ្នា​ក្នុង​ក្រុម​ជំនុំ​បាន។ ឬ​ក៏​ថា ដរាប​ណា​គ្រូ​បង្រៀន​ដែល​ជា​មនុស្ស​ស្រី​មិន​ព្យាយាម​ធ្វើ​ជា​អ្នក​ត្រួត​ត្រា នោះ​ពួក​គាត់​មាន​សិទ្ធិ​ក្នុង​ការ​បង្រៀន ពេល​ដែល​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ជួប​ជុំ​គ្នា​បាន។ សាវ័ក ប៉ុល បាន​ដក​សិទ្ធិ​នៃ​ការ​ដែល​មនុស្ស​ស្រី​មិន​បង្រៀន​ចេញ​ក្នុង​ក្រុម​ជំនុំ ប៉ុន្តែ​ទាក់​ទង​តែ​ទៅ​លើ​ការ​បង្រៀន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ—គឺ​ការ​ប្រើ​ប្រាស់​អំណាច​ក្នុង​របៀប​ខុស​ឆ្គង ឬក៏​ការ​ប្រើ​ប្រាស់​អំណាច​ក្នុង​របៀប​ឃោរឃៅ ឬ​ក៏​ពេញ​ដោយ​អំពើ​បាប។

ប៉ុន្តែ ការ​កាត់​ស្រាយ​ទាំង​ពីរ​នោះ​មិន​ពន្យល់​អំពី​ចំណុច​ពិត​នៃ​ពាក្យ​ពេចន៍​ដែល​មាន​ក្នុង​អត្ថ​បទ​ឡើយ។ ដូច្នេះ មាន​ការ​កាត់​ស្រាយ​មួយ​បែប​ទៀត​ដែល​ថា សាវ័ក ប៉ុល កំពុង​តែ​ហាម​ប្រាម​ពីរ​ចំណុច មិន​មែន​តែ​មួយ​ប៉ុណ្ណោះ​ទេ៥។ ទាក់​ទង​នឹង​ទស្សនៈ​មួយ​នេះ​សាវ័ក ប៉ុល កំពុង​តែ​មាន​ប្រសាសន៍​ថា មនុស្ស​ស្រី​មិន​គួរ​បង្រៀន ឬ​ក៏​ប្រើ​ប្រាស់​អំណាច​ពេល​ក្រុម​ជំនុំ​ជួប​ជុំ​គ្នា​នោះ​ឡើយ។ សាវ័ក ប៉ុល មិន​អនុញ្ញាត​ឲ្យ​មាន​ព្រឹត្តិ​ការណ៍​ទាំង​ពីរ​នេះ​កើត​ឡើង​នោះ​ទេ។ សាវ័ក ប៉ុល មិន​មែន​កំពុង​ហាម​ប្រាម​មិន​ឲ្យ​មនុស្ស​ស្រី​បង្រៀន​ទាល់​តែ​សោះ​នោះ​ឡើយ—ក្នុង​ករណី​ថា មនុស្ស​ស្រី​មិន​ត្រូវ​បង្រៀន​ប្រធាន​បទ​ដូច​ជា​គណិតវិទ្យា ឬ​ក៏​វិទ្យាសាស្ត្រ​ឡើយ។ ការ​បក​ប្រែ​ពាក្យ «បង្រៀន» សំដៅ​យ៉ាង​ជាក់​លាក់​លើ​ការ​បង្រៀន​គោល​ជំនឿ​គ្រីស្ទ​បរិស័ទ។ សរុប​សេចក្ដី​ទៅ ការ​ហាម​ប្រាម​កំពុង​តែ​ផ្ដោត​លើ​អត្ថ​ន័យ​យ៉ាង​ចង្អៀត​ចំពោះ​អស់​អ្នក​ដែល​បង្រៀន ឬ​ក៏​អធិប្បាយ​ព្រះ​គម្ពីរ។

ត្រង់​នេះ​សាវ័ក ប៉ុល ក៏​មិន​កំពុង​មាន​ប្រសាសន៍​ថា មនុស្ស​ស្រី​គ្មាន​លទ្ធភាព​ក្នុង​ការ​មាន​អំណោយ​ទាន​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​ដែរ។ មាន​មនុស្ស​ស្រី​ជា​ច្រើន​ដែល​មាន​អំណោយ​ទាន​ផ្នែក​ជា​គ្រូ​បង្រៀន​បាន។ គាត់​គ្រាន់​តែ​កំពុង​លើក​ឡើង​ថា ការ​អនុវត្ត​អំណោយ​ទាន​នៃ​ការ​បង្រៀន​របស់​ពួក​គេ​គឺ​ត្រូវ​ធ្វើ​ក្នុង​មាត្រដ្ឋាន​ណា​មួយ​ប៉ុណ្ណោះ។ ពួក​គាត់​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​បង្រៀន​មនុស្ស​ប្រុស។ ហើយ​ពួក​គាត់​ក៏​មិន​មាន​ការ​អនុញ្ញាត​ឲ្យ «ប្រើ​អំណាច» ដែរ។ នេះ​មាន​ន័យ​ថា មនុស្ស​ស្រី​មិន​គួរ​ធ្វើ​ជា​គ្រូ​គង្វាល​ឡើយ៦។ ដូច​ដែល​ជំពូក​បន្ត​បន្ទាប់​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ថា តួនាទី​ជា​គ្រូ​គង្វាល​គឺ​ទុក​សម្រាប់​តែ​បុរសៗ​ដែល​ស័ក្តិសម​ប៉ុណ្ណោះ—មិន​មែន​សម្រាប់​មនុស្ស​ប្រុស​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​សម្រាប់​តែ​អស់​អ្នក​ដែល​មាន​លក្ខណ​សម្បត្តិ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ជា​លទ្ធផល​ត្រង់​ថា​ក្រុម​ជំនុំ​ទទួល​ស្គាល់​ពី​ភាព​ចាស់​ទុំ​របស់​ពួក​គាត់។

បុគ្គល​ទូទៅ​ដែល​មាន​ការ​យល់​ដឹង​បែប​ទំនើបៗ​ទំនង​ជា​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ជំទាស់​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​សាវ័ក ប៉ុល បោះ​មាត្រដ្ឋាន​លើ​ភេទ​ទាក់​ទង​នឹង​ចំណុច​ថា តើ​អ្នក​ណា​អាច​បង្រៀន ឬ​ក៏​ធ្វើ​ជា​ពួក​ចាស់​ទុំ​បាន? ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​រើស​អើង​ភេទ​ពេក​ហើយ»។ ហាក់​បី​ដូច​ជា​ថា​សាវ័ក ប៉ុល បាន​ដឹង​ថា​នឹង​មាន​ការ​ជំទាស់​បែប​នោះ ដូច្នេះ​គាត់​ក៏​បាន​ឆ្លើយ​សំណួរ​នោះ​នៅ​ក្នុង​ខ​បន្ទាប់។

លំដាប់​លំដោយ​នៃ​ការ​បង្កើត

ពាក្យ «ដ្បិត» ចាប់​ផ្ដើម​ពន្យល់​អំពី​មូល​ហេតុ​នៃ​ការ​ហាម​ប្រាម​នៅ​ក្នុង​ខ១២៖ «ដ្បិត​ព្រះ​បាន​បង្កើត​លោក​អ័ដាម​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ»។ ច្បាស់​ណាស់​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២ ដែល​រៀប​រាប់​អំពី​ការ​បង្កើត​គឺ​ជា​ខ​យោង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២ ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក អ័ដាម ចេញ​ពី​ដី ហើយ​បន្ទាប់​មក​បាន​បង្កើត​នាង អេវ៉ា ចេញ​ពី​ឆ្អឹងជំនី​របស់​លោក អ័ដាម។ សាវ័ក ប៉ុល កំពុង​តែ​បង្រៀន​ថា មូល​ហេតុ​ទាក់​ទង​ទៅ​នឹង​ការ​ហាម​ប្រាម គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​បុរស និង​ស្ត្រី​ដំបូង។

អ្នក​កាត់​ស្រាយ​មួយ​ចំនួន​បាន​លើក​ឡើង​ថា មនុស្ស​ស្រី​ដំបូង​មាន​ការ​គិត​គូ និង​ការ​វែក​ញែក​អន់​ជាង​មនុស្ស​ប្រុស។ ដូច្នេះ ពួក​គាត់​ក៏​ប្រកែក​ថា មនុស្ស​ស្រី​ទទួល​ការ​ហាម​ប្រាម​មិន​ឲ្យ​បង្រៀន ព្រោះ​ពួក​គាត់​មិន​មាន «លទ្ធភាព​ស្មើ​នឹង» មនុស្ស​ប្រុស​ផ្នែក​ប្រាជ្ញា។ ការ​កាត់​ស្រាយ​បែប​នេះ​មិន​អាច​ទទួល​យក​ធ្វើ​ជា​ការ​បញ្ចុះ​បញ្ចូល​បាន​ឡើយ ដោយ​មាន​មូល​ហេតុ​ជា​ច្រើន។ ទី១ សាវ័ក ប៉ុល បាន​ត្រាស់​ហៅ​មនុស្ស​ស្រី​ឲ្យ​បង្រៀន​ដល់​មនុស្ស​ស្រី​ផ្សេង​ទៀត (ទីតុស ២:៣-៥)។ ប្រសិន​បើ​មនុស្ស​ស្រី​មាន​ប្រាជ្ញា​អន់​ជា​មនុស្ស​ប្រុស​មែន នោះ​សាវ័ក ប៉ុល នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​បង្រៀន​ទេ។ ប៉ុន្តែ ដោយ​សារ​សាវ័ក ប៉ុល ចង់​ឲ្យ​មនុស្ស​ស្រី​បង្រៀន​ដល់​មនុស្ស​ស្រី​ផ្សេងៗ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ ពិត​ណាស់ គាត់​ក៏​បាន​ទទួល​ជឿ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្រី​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​យ៉ាង​ពេញ​ទី​ក្នុង​ការ​បំពេញ​តួនាទី​នោះ​បាន​ដែរ។ ទី២ បទ​គម្ពីរ​នេះ​ក៏​មិន​បាន​លើក​ឡើង​ថា មនុស្ស​ស្រី​ត្រូវ​បាន​ទទួល​ការ​ហាម​ប្រាម​ពី​ការ​បង្រៀន ដោយ​សារ​ពួក​គាត់​ងាយ​ចាញ់​បញ្ឆោត​ជាង​មនុស្ស​ប្រុស​នោះ​ទេ។ ចូរ​កត់​សម្គាល់​ក្នុង​ខ១៣​ត្រង់​ថា​សាវ័ក ប៉ុល បាន​ប្រើ​ប្រាស់​ពាក្យ «មុន» ដើម្បី​ផ្ដោត​ទៅ​លើ​លំដាប់​លំដោយ​នៃ​ការ​បង្កើត​មនុស្ស​ប្រុស និង​មនុស្ស​ស្រី៖ [ព្រះ] «…បាន​បង្កើត​លោក​អ័ដាម​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ»។ នេះ​មាន​ន័យ​ថា មូល​ហេតុ​នៃ​ការ​ហាម​ប្រាម​ក្នុង​ខ១២គឺ​ទាក់​ទង​ទៅ​នឹង​លំដាប់​លំដោយ​នៃ​ការ​បង្កើត​ទេ​តើ។

ចូរ​កត់​សម្គាល់​ផង​ដែរ​ថា​ខ១៣ និង១៤ [ភាសា​ដើម] បាន​ប្រើ​ប្រាស់​កិរិយាសព្ទ​អសកម្ម៖ [ព្រះ] «…បាន​បង្កើត​លោក​អ័ដាម​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ មិន​មែន​លោក​អ័ដាម​ទេ​ដែល​ចាញ់​បញ្ឆោត គឺ​ស្ត្រី​ទេ​តើ​ដែល​ចាញ់​បញ្ឆោត»។ ក្នុង​ខ១៣ ព្រះ​ជាម្ចាស់​ជា​ប្រធាន​កិរិយាសព្ទ ហើយ​ក្នុង​ខ១៤ សាតាំង​ជា​ប្រធាន​កិរិយាសព្ទ។ ក្នុង​អត្ថ​ន័យ​នេះ​សាវ័ក ប៉ុល មិន​មែន​កំពុង​យក​ជា​គោល​នៅ​អ្វី​ដែល​លោក អ័ដាម និង​នាង អេវ៉ា បាន​ប្រព្រឹត្ត​នៅ​ក្នុង​សួនច្បារ​ទេ ប៉ុន្តែ​យក​ជា​គោល​លើ​អ្វី​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​កាន់​ពួក​គេ​វិញ។ ក្នុង​លក្ខណៈ​ផ្ទុយ​គ្នា ខ១៤​បាន​លើក​ឡើង​ថា ជា​ដំបូង​សាតាំង​បាន​បោក​បញ្ឆោត​នាង អេវ៉ា មិន​មែន​លោក អ័ដាម​ទេ។ ក្នុង​លំដាប់​លំដោយ​ដើម​នៃ​ការ​បង្កើត ព្រះ​ជាម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​លោក អ័ដាម ហើយ​លោក​អ័ដាម​បាន​ចែក​ចាយ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទៅកាន់​នាង អេវ៉ា ហើយ លោក អ័ដាម និង​នាង អេវ៉ា ត្រូវ​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​លើ​សត្វ​ទាំង​អស់​លើ​ផែន​ដី។ ក្នុង​ការ​ធ្លាក់​ក្នុង​អំពើ​បាប សត្វ​ពស់​បាន​និយាយ​ទៅ​កាន់​នាង អេវ៉ា ហើយ​នាង អេវ៉ា បាន​ជះ​ឥទ្ធិពល​លើ​លោក អ័ដាម ដែល​បាន​ដើរ​តាម​នាង ហើយ​ទាំង​លោក អ័ដាម និង​នាង អេវ៉ា​ក៏​បាន​គេចវេស​ពី​ព្រះ​ជាម្ចាស់។ សរុប​សេចក្ដី​ទៅ ខ១៣​ប្រាប់​យើង​អំពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​សម្រេច ហើយ​ខ១៤​ប្រាប់​យើង​អំពីអ្វី​ដែល​សាតាំង​បាន​ធ្វើ។ ព្រះ​ជាម្ចាស់​បាន​រចនា​ការ​បង្កើត​ជា​លំដាប់​លំដោយ ហើយ​សាតាំង​បំផ្លិច​បំផ្លាញ​លំដាប់​លំដោយ​នោះ​ចោល។

សាវ័ក ប៉ុល ផ្អែក​ទៅ​លើ​ព្រះ​ជាម្ចាស់ និង​លំដាប់​លំដោយ​នៃ​ការ​បង្កើត និង​ការ​ធ្លាក់​ក្នុង​អំពើ​បាប ដើម្បី​បង្ហាញ​អំពី​ភាព​ជា​អ្នក​ដឹក​នាំ​របស់​លោក​អ័ដាម​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដំបូង​ដែល​ព្រះ​ជាម្ចាស់​បង្កើត​ឡើង ដោយ​ពឹង​លើ​មូល​ដ្ឋាន​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក អ័ដាម មុន—ច្បាប់​ជា​កូន​ច្បង​គឺ​ជា​ច្បាប់​ដ៏​សាមញ្ញ​នៅ​ក្នុង​យុគសម័យ​បុរាណ។ លំដាប់​លំដោយ​នៃ​ការ​បង្កើត​បង្ហាញ​ថា​ប្ដី​ជា​អ្នក​ដឹក​នាំ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដំបូង និង​ក្នុង​រាល់​ជីវិត​អាពាហ៍ពិពាហ៍​ទាំង​អស់​បន្ទាប់​ពី​នោះ។

លំដាប់​លំដោយ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​មាន​អត្ថ​ន័យ​បង្កប់​ធំ​ណាស់​សម្រាប់​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុម​ជំនុំ ហើយ​នោះ​ឯង​គឺ​ជា​អត្ថ​ន័យ​ដែល​សាវ័ក ប៉ុល កំពុងតែ​សង្កត់​លើ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ២:១២។ សាវ័ក ប៉ុល បាន​ផ្អែក​ទៅ​លើ​លក្ខណៈ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ ដើម្បី បង្ហាញ​អំពី​ចំណុច​ទាក់​ទង​នឹង​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុម​ជំនុំ។ នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ហើយ​វា​ក៏​ស៊ី​គ្នា​ទៅ​នឹង​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១១:១-១៦ ទាក់​ទង​នឹង​ជីវិត​អាពាហ៍ពិពាហ៍​ដែរ៖ «ក្បាល» និង​លំដាប់​លំដោយ​ពេល​ជួប​ជុំ​គ្នា។ លំនាំ​សម្រាប់​អ្នក​ដឹក​នាំ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​មាន​ពួក​ចាស់​ទុំ​ជា​មនុស្ស​ប្រុស​ទាំង​អស់។ លំនាំ​ធម្មតា​ទាក់​ទង​នឹង​ភេទ​នៃ​ពួក​ចាស់​ទុំ ដាច់​ខាត​ក៏​ត្រូវ​តែ​ដើរ​តាម​លំនាំ​ធម្មតា​នៃ​ភេទ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​ដែរ។ ប្រសិន​បើ​វា​មិន​មែន​ជា​ករណី​នោះ នោះ​រចនាសម្ព័ន្ធ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុម​ជំនុំ​ក៏​នឹង​មាន​ការ​ជំទាស់​គ្នា​ជា​មួយ​នឹង​រចនាសម្ព័ន្ធ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​ក្នុង​ក្រុម​ជំនុំ​ដែរ​ហើយ។

អំពើ​បាប​បាន​ចូល​មក​ក្នុង​ផែន​ដី​នៅ​ពេល​ដែល​សត្វ​ពស់​បាន​ទាស់​ប្រឆាំង​ដោយ​វាយ​ប្រហារ​លើ​លំដាប់​លំដោយ​របស់​ព្រះ​ជាម្ចាស់។ ដូច​គ្នា​ផង​ដែរ ការ​បំផ្លិច​បំផ្លាញ​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​តាំង​ពី​ដំបូង​មក​ម្ល៉េះ​ក៏​ជា​ការ​បំផ្លិចបំផ្លាញ​បាវចនា​របស់​ព្រះ​ជាម្ចាស់​ដែរ។ នេះ​ឯង​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល ហាម​ប្រាម​មិន​ឲ្យ​មនុស្ស​ស្រី​បង្រៀន ឬ​ក៏​ប្រើ​អំណាច​នៅ​ពេល​ក្រុម​ជំនុំ​ជួប​ជុំ​គ្នា។ ការ​ហាម​ប្រាម​មួយ​នេះ​គឺ​មិន​មែន​ដោយ​សារ​មនុស្ស​ស្រី​មាន​ប្រាជ្ញា​អន់​ជាង​មនុស្ស​ប្រុស​នោះ​ទេ។ ហើយ​វា​ក៏​មិន​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​កាលៈទេសៈ​ណា​មួយ​ជាក់​លាក់​ក្នុង​តែ​ក្រុម​ជំនុំ​អេភេសូរ​ផង​ដែរ។ ដោយ​សារ​ការ​ហាម​ប្រាម​នេះ​មាន​ឫសគល់​ក្នុង​លំដាប់​លំដោយ​នៃ​ការ​បង្កើត ដូច្នេះ​រាល់​វប្បធម៌​ទាំង​អស់​ត្រូវ​តែ​គោរព​គោលការណ៍​មួយ​នេះ​ក្នុង​គ្រប់​ពេល​វេលា និង​យុគសម័យ។ ការ​ដែល​មនុស្ស​ប្រុស​ដឹក​នាំ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​មិន​មែន​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ផ្នែក​មួយ​នៃ​លំដាប់​លំដោយ​នៃ​ការ​បង្កើត។ ដូច្នេះ ដូច​គ្នា​ផង​ដែរ ការ​ដែល​មនុស្ស​ប្រុស​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ក៏​គួរ​តែ​បែប​នេះ​ដែរ។

និពន្ធ​ដោយ៖ លោក​គ្រូ Denny Burk
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ជួប ប៊ុនហាក់, លោក​ស្រី ថាវ ប៊ុនរី និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូរឲ្យយើងដំរង់ចិត្តឡើងទៅឯព្រះ

បទពិសោធនជីវិតជាគ្រីស្ទបរិស័ទ​