ប្រហែល ៥០០ ឆ្នាំមុន គ្រូពួកជំនុំរ៉ូម៉ាំងកាតូលិកម្នាក់ ឈ្មោះ យ៉ូហាន តេតហ្សែល (Johannes Tetzel) ត្រូវបានចាត់បញ្ជូនដោយមេដឹកនាំនៃពួកជំនុំកាតូលិក ឲ្យទៅប្រទេសអាល្លឺម៉ង់ ដើម្បីរៃអង្គាសប្រាក់សម្រាប់ក្រុមជំនុំ ដោយលក់ ក្រដាស ដែលគេហៅថា «ប័ណ្ណលើកលែងទោស(Indulgence)»។ ប័ណ្ណនោះបានសន្យាថា នឹងរំដោះមនុស្សពីការរងទុក្ខនៅឋាន ផឺហ្កាថឺរី (Purgatory)។ លោកតេតហ្សែលបានធ្វើការសន្យាដ៏អស្ចារ្យដល់ពួកអាល្លឺម៉ង់ថា នៅពេលពួកគេបានទិញប័ណ្ណនេះ នោះម្នាក់ដែលជាទីស្រឡាញ់របស់ពួកគេនឹងត្រូវបានដោះលែងពីសេចក្ដីវេទនា នៅស្ថាន ផឺហ្កាថឺរី។ (តាមគោលជំនឿជំនុំកាតូលិក ស្ថាន «ផឺហ្កាថឺរី» គឺជាកន្លែងដាក់ទណ្ឌកម្មរវាងផែនដី និងស្ថានសួគ៌ ដែលគ្រីស្ទបរិស័ទត្រូវទៅបន្ទាប់ពីស្លាប់ ដើម្បីនឹងរងទុក្ខយ៉ាងធ្ងន់ធ្ងរ ចំពោះអំពើបាបរបស់ពួកគេរយៈពេលយូរឆ្នាំ ដើម្បីរៀបចំចូលទៅស្ថានសួគ៌)។
លោក តេតហ្សែល បាននិយាយបែបនេះដល់អ្នកភូមិក្រីក្រ៖ «តើអ្នកមិនស្រឡាញ់ដល់ឪពុកម្តាយដែលបានលាចាកលោកនេះទៅទេឬអី? ពួកគាត់កំពុងតែរងទុក្ខនៅស្ថានផឺហ្កាថឺរី ឥឡូវនេះ។ ប៉ុន្តែប្រសិន បើអ្នកថ្វាយដង្វាយដល់ក្រុមជំនុំវិញ នោះអ្នកអាចរំដោះពួកគាត់ពីការរងទុក្ខវេទនានោះបាន»។ ទាំងអស់នេះ គឺជាការកុហកដែលលោក តេតហ្សែលបានសន្យាចំពោះប្រជាជន ដើម្បីឲ្យគាត់អាចប្រមែប្រមូលប្រាក់សម្រាប់សម្តេចប៉ាប។ លោក តេតហ្សែល គឺជាអ្នកដែលលោកម៉ាទីន លូធើ បានប្រឆាំង នៅពេលដែលគាត់ដំដែកគោលបិទឯកសារ ៩៥ ចំណុច នៅទ្វារក្រុមជំនុំ ក្នុងឆ្នាំ ១៥១៧។ (សូមមើលក្នុងអត្ថបទស្តីពីរ៉ូម៉ាំងកាតូលិកនៅក្នុងឧបសម្ព័ន្ធទី១)។
សព្វថ្ងៃនេះយើងគ្មានលោក តេតហ្សែលទៀតទេ ដែលប្រើសាសនាដើម្បីរកលុយ។ ជំនួសគាត់យើងមានគ្រូផ្សព្វផ្សាយចម្រុងចម្រើន តាមទូរទស្សន៍ និងអ៊ីនធឺណិត។ មនុស្សដូច Joseph Prince, Joyce Meyer និង Joel Osteen ជាដើម បានក្លាយជាអ្នកមានស្ដុកស្ដម្ភ ដោយសារការសន្យាផ្សេងៗចំពោះអ្នកស្ដាប់របស់គេ។ ស្រដៀងនឹងលោក តេតហ្សែល អ្នកផ្សព្វផ្សាយនេះសន្យា ពីទ្រព្យសម្បត្តិ និងសុខភាពល្អ ដល់គ្រីស្ទបរិស័ទដែលថ្វាយប្រាក់ដល់ពួកគេ។
ប៉ុន្តែតើអ្វីជាគោលដៅចម្បងនៃជំនឿព្រះយេស៊ូវ ដើម្បីបានទ្រព្យសម្បត្តិ ឬដើម្បីបានព្រះ?
គោលដៅនៃជីវិតរបស់គ្រីស្ទបរិស័ទ គឺត្រូវស្គាល់ដល់ព្រះដែលទ្រង់ជាព្រះអាទិកររបស់យើង ស្រឡាញ់ទ្រង់ដ៏អស់កល្បជានិច្ច និងថ្វាយជីវិត និងទ្រព្យសម្បត្តិរបស់យើង ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់នៅលើផែនដី។ គ្រីស្ទបរិស័ទជឿថា ព្រះមានតម្លៃខ្ពង់ខ្ពស់ជាងទ្រព្យសម្បត្តិឆ្ងាយណាស់។ គាត់ដឹងថា បើគ្មានព្រះទេ ក៏នឹងគ្មានទ្រព្យសម្បត្តិផងដែរ – គ្មានមាស គ្មានអាហារ គ្មានដី និងគ្មានសុខភាពទេ ដូច្នេះវាជាការល្ងង់ខ្លៅណាស់ ក្នុងការស្រឡាញ់អ្វីៗទាំងអស់នេះ ច្រើនជាងយើងស្រឡាញ់ព្រះ ដែលបានបង្កើតរបស់ទាំងនោះមក!
ការស្រឡាញ់អ្វីៗដែលជារបស់ព្រះ ច្រើនជាងស្រឡាញ់ព្រះ គឺដូចជាកូនប្រុសដែលនិយាយទៅឪពុកគាត់ថា «លោកឪពុកមិនទាន់ស្លាប់ទេ តែខ្ញុំចង់បានកេរ្តិ៍មរតកឥឡូវនេះ»។ អស់អ្នកដែលប្រើព្រះ និងសាសនា ដើម្បីបានទ្រព្យសម្បត្តិ និងសុខភាពល្អ គឺប្រៀបដូចជាកូនអាក្រក់នោះដែរ។ ពួកគេគ្រាន់តែប្រើព្រះដើម្បីបានទ្រព្យសម្បត្តិ និងសុខភាពប៉ុណ្ណោះ។ ប៉ុន្តែព្រះជាអ្នកបង្កើតអ្វីៗទាំងអស់ ដែលគួរឲ្យយើងចង់បាន និងធ្វើឲ្យយើងស្កប់ចិត្ត។ ដូច្នេះ ព្រះអង្គផ្ទាល់ ត្រូវជាទីគាប់ចិត្ត និងជាទីពេញចិត្តជាងអ្វីៗ ដែលទ្រង់បានបង្កើតមក។ គោលដៅធំបំផុតរបស់គ្រីស្ទបរិស័ទ គឺមិនមែនដើម្បីទទួលបានសុខភាព និងទ្រព្យសម្បត្តិនោះទេ ប៉ុន្តែដើម្បីបានព្រះ គឺស្គាល់ទ្រង់ និងស្រឡាញ់ទ្រង់ជាព្រះវរបិតារបស់យើង។ មនុស្សដែលមានព្រះ បូកនឹងរបស់ទាំងអស់ មិនមែនមានជាងមនុស្សដែលមានតែព្រះនោះទេ។ ឬនិយាយម្យ៉ាងទៀត៖
ព្រះ + គ្មានអ្វីសោះ = មានអ្វីៗទាំងអស់
និង
មានអ្វីៗទាំងអស់ – ព្រះ = គ្មានអ្វីសោះ
ប្រសិនបើអ្នកត្រូវបាត់បង់អ្វីៗទាំងអស់ ដើម្បីទទួលបានព្រះ តើអ្នកសុខចិត្តធ្វើទេ?
នេះគឺជាជម្រើសដែលបុរសអ្នកមានម្នាក់នៅក្នុងព្រះគម្ពីរត្រូវធ្វើការសម្រេចចិត្ត។ បុរសនេះបានមករកព្រះយេស៊ូវ ហើយនិយាយថា «តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច?» ព្រះយេស៊ូវអាចឃើញចិត្ដរបស់បុរសនេះ ដោយទ្រង់ដឹងថា គាត់ស្រឡាញ់ទ្រព្យសម្បត្តិរបស់គាត់ច្រើនជាងស្រឡាញ់ព្រះ។ ព្រះយេស៊ូវចង់ឲ្យគាត់ប្រែចិត្តពីអំពើបាបនោះ ហើយទទួលការអត់ទោស ដូច្នេះទ្រង់ក៏បានសាកល្បងគាត់ដោយប្រើពាក្យបង្គាប់ខុសពីធម្មតាថា៖ «ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ» (ម៉ាថាយ ១៩ៈ២១)។ តើបុរសម្នាក់នេះសម្រេចចិត្តធ្វើអ្វី? «កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន» (ម៉ាថាយ ១៩ៈ២២)។ ការនេះធ្វើឲ្យយើងសោកស្ដាយខ្លាំង។ គាត់ចង់បានទ្រព្យសម្បត្តិជាជាងចង់បានព្រះ។
តាមពិតយើងម្នាក់ៗកំពុងតែប្រឈមមុខនឹងការសម្រេចចិត្តដូចគ្នា។ ព្រះយេស៊ូវបានមានបន្ទូលនៅក្នុងលូកា ១៦ៈ១៣ ថា «អ្នកមិនអាចបំរើព្រះផង និងបំរើប្រាក់ផងបានទេ»។ យើងត្រូវតែសម្រេចចិត្ត។ បើយើងស្រឡាញ់ទ្រព្យសម្បត្តិ ឬសុខភាព ច្រើនជាងស្រឡាញ់ព្រះ យើងមិនអាចមានព្រះបានទេ។ ហើយប្រសិនបើយើងស្លាប់ដោយគ្មានព្រះ យើងនឹងបាត់បង់អ្វីៗទាំងអស់។ គ្មាននរណានៅឯស្ថាននរក ដែលជាសេដ្ឋីនោះទេ!
ប្រសិនបើការលំបាកនាំអ្នកឲ្យកាន់តែជិតស្និទ្ធនឹងព្រះ តើអ្នកជ្រើសរើសយកការលំបាកនោះទេ?
ខ្ញុំមិននិយាយថា វាជាផែនការរបស់ព្រះសម្រាប់កូនរបស់ទ្រង់ឲ្យមានភាពក្រីក្រ និងជំងឺនោះទេ។ ប៉ុន្តែប្រសិនបើគ្រីស្ទបរិស័ទដឹងថា ភាពក្រីក្រ និងជំងឺ នឹងនាំគាត់ឲ្យកាន់តែជិតស្និទ្ធនឹងព្រះ នោះគាត់នឹងអរគុណចំពោះការលំបាកទាំងអស់នោះ។ តាមពិតយើងដឹងពីព្រះគម្ពីរថា ជារឿយៗព្រះប្រើទុក្ខលំបាក ដើម្បីនាំយើងឲ្យកាន់តែជិតស្និទ្ធនឹងទ្រង់ (២កូរិនថូស ១២ៈ៩-១០ និង រ៉ូម ៥ៈ៣-៤)។
ផ្ទុយទៅវិញគ្រូអធិប្បាយភាពចម្រុងចម្រើនប្រាប់យើងថា វាជាបំណងព្រះហឫទ័យរបស់ព្រះជានិច្ច ដើម្បីឲ្យយើងមានសុខភាពល្អ និងទ្រព្យសម្បត្តិជាបរិបូរណ៍។ ប៉ុន្តែតាមពិត ព្រះមានបំណងព្រះទ័យខ្ពស់ជាងនេះទៀតសម្រាប់យើង គឺដើម្បីឲ្យបានបរិសុទ្ធ និងពេញដោយអំណរដូចព្រះយេស៊ូវ។ ប្រសិនបើការរងទុក្ខលំបាកនាំឲ្យយើងស្គាល់ និងស្រឡាញ់ព្រះកាន់តែច្រើន នោះទ្រង់មិនស្រឡាញ់យើងទេ បើព្រះអង្គបញ្ចៀសការលំបាកនោះចេញពីជីវិតរបស់យើង។
តើព្រះជាម្ចាស់កំណាញ់ឬ?
ប្រាកដជាអត់ ព្រះជាម្ចាស់ជាព្រះដ៏សប្បុរស និងសទ្ធា។ លើសពីការដែលយើងអាចយល់បាន។ យើងអាចដឹងការនេះ ដោយក្រឡេកមើលធម្មជាតិដែលទ្រង់បានបង្កើតមក។ ទ្រង់មិនបានបង្កើតដើមពោត ដែលមានគ្រាប់ពោតតែពីរបីឡូនោះទេ ប៉ុន្តែមានមួយពាន់គ្រាប់នៅដើមមួយ! ដើមស្វាយមួយដើម នឹងមានផ្លែស្វាយរាប់រយផ្លែជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៤០ ឆ្នាំ!
អូ អស្ចារ្យណាស់ របៀបដែលព្រះស្រឡាញ់យើង ហើយចាក់បង្ហូរព្រះពរ នូវសុខភាព និងទ្រព្យធនដល់យើង! មិនត្រឹមតែប៉ុណ្ណោះ យើងធ្លាប់ឃើញថា នៅពិភពលោកទាំងមូល ដំណឹងល្អច្រើនតែនាំមកនូវភាពចម្រើន និងសុខភាពល្អដល់គ្រីស្ទបរិស័ទ ពីព្រោះព្រះអង្គប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់នូវចិត្តថ្មី ដែលពោរពេញទៅដោយភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម ភាពសុចរិត សេចក្តីស្រឡាញ់ និងការគ្រប់គ្រងចិត្តខ្លួនឯង។
តើព្រះបង្គាប់យើងឲ្យជួយអ្នកមាន ឬអ្នកក្រ?
គ្រូចម្រុងចម្រើន ជាអ្នកមានរស់នៅក្នុងវិមានដ៏ធំ ហើយមានយន្តហោះឯកជនផ្ទាល់ខ្លួនរបស់ពួកគេទៀត តែពួកគេទាមទារទស្សនិកជនដែលមើលទូរទស្សន៍ និងអ៊ីនធឺណិត របស់ពួកគេ ផ្ញើប្រាក់មកឲ្យពួកគេរហូត។ ប៉ុន្តែ តើព្រះយេស៊ូវបង្គាប់យើងឲ្យថ្វាយដង្វាយដល់អ្នកមាន ឬអ្នកក្រ? សូមស្តាប់៖ «ប៉ុន្តែ កាលណាអ្នកធ្វើទាន នោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំធ្វើឡើយ ដើម្បីឲ្យអំពើទានរបស់អ្នក បានស្ងាត់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសំងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់» (ម៉ាថាយ ៦ៈ៣-៤)។
ព្រះយេស៊ូវចង់ឲ្យយើងឲ្យទានដល់អ្នកក្រ មិនមែនដល់អ្នកមាននោះទេ៖ «ព្រះយេស៊ូវបានមានបន្ទូលទៅកាន់បុរសដែលបានអញ្ជើញទ្រង់ដែរថា៖ <កាលណាអ្នកជប់លៀងភ្ញៀវពេលថ្ងៃត្រង់ ឬពេលល្ងាច នោះកុំឲ្យអញ្ជើញពួកសំឡាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងដូច្នោះវិញដែរ។ បើកាលណាអ្នករៀបជប់លៀងភ្ញៀវនោះ ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ។ យ៉ាងនោះអ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ>» (លូកា ១៤ៈ១២-១៤)។
អ្នកនិពន្ធសុភាសិតព្រមានយើងពីការជួយអ្នកមាន៖ «អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីនឹងចំរើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ» (សុភាសិត ២២ៈ១៦)។ ខនេះរំឭកយើងពីគ្រូចម្រុងចម្រើន ដែលទាមទារដង្វាយពីអ្នកស្ដាប់ដែលក្រីក្រ ហើយក៏រំឭកយើងអំពីពួកក្រីក្រ ដែលផ្ញើដង្វាយដល់គ្រូចម្រុងចម្រើន ដោយសង្ឃឹមថា គេនឹងទទួលលុយវិញ មួយជាមួយរយដែរ។ ទាំងពីគឺប្រើសាសនាដើម្បីក្លាយទៅជាអ្នកមាន។
ច្បាស់ណាស់ ដែលព្រះចង់ឲ្យយើងជួយដល់អ្នកក្រីក្រ មិនមែនដល់គ្រូជាអ្នកមាន នៅតាមទូរទស្សន៍ទាំងនេះនោះទេ។ ឧទាហរណ៍ អ្នកស្រី ចយ ម៉ៃយើ ( Joyce Meyer) ស្នាក់នៅក្នុងបន្ទប់សណ្ឋាគារដែលមានតម្លៃជាង ១0០០ ដុល្លារក្នុងមួយយប់។ ផ្ទះរបស់គាត់មានតម្លៃ ២០លានដុល្លារ។ គាត់ធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយទៀត ដោយជិះយន្តហោះផ្ទាល់ខ្លួន ហើយគាត់ទទួលបានប្រាក់ខែជាង ១០ ម៉ឺនដុល្លារជារៀងរាល់ខែ! ប្រសិនបើគ្រូអធិប្បាយទាំងនេះ ជាអ្នកមានយ៉ាងខ្លាំង ហេតុអ្វីបានជាពួកគេនៅតែសុំលុយពីយើងទៀត?
គ្រូចម្រុងចម្រើនល្បីៗ
នេះគឺជាបញ្ជីគ្រូចម្រុងចម្រើនល្បីៗនៅជុំវិញពិភពលោក។ ពួកគេរកលុយបានច្រើនណាស់ ដែលធ្វើឲ្យពួកគេ រស់នៅដូចជាស្តេច និងមហាក្សត្រី។ បញ្ជីនេះមិនគ្រប់ទាំងអស់ទេ គឺនៅមានរាប់រយនាក់ទៀត (គ្រូនៅបញ្ជីនេះខ្លះជិតសេចក្ដីពិតជាងគ្រូឯទៀត ប៉ុន្តែពួកគេទាំងអស់បង្រៀនថា ជាព្រះហឫទ័យរបស់ព្រះអង្គ ដែលយើងត្រូវមានជីវភាពស្ដុកស្ដម្ភ និងសុខភាពល្អ ហើយថា យើងអាចក្លាយជាអ្នកមាន ដោយនិយាយពាក្យ ដែលបង្កើតឲ្យមានសុខភាពល្អ និងភាពចម្រុងចម្រើន)។
សហរដ្ឋអាមេរិក
បិននី ហិន (Benny Hinn) ចូល អូស្ទីន (Joel Osteen)
ចយ ម៉យើ (Joyce Meyer) ធីឌី ចេក (TD Jakes)
ខេនណិត ខុបផ្លិន (Kenneth Copeland ) ផល្លា ហ្វៃត (Paula White)
ខេនណិត ហេហ្គិន (ខ្មោច) (Kenneth Hagin) ក្រិហ្វឡូ ដុល្លា (Creflo Dollar)
អាស៊ី
យ៉ូសែប ព្រិន (Joseph Prince) កង ហ៊ី (Kong Hee)
អាហ្វ្រិក
ធីប៊ី ចយស៊ូអា (ខ្មោច) (T.B. Joshua) សែបភើត ប៊ូសស៊ីរី (Shepherd Bushiri)
គ្រីស អូយ៉ាឃីឡូមេ (Chris Oyakhilome) រេ មឺខលលី (Ray McCauley)
អ៊ូបឺត អេងជែល (Uebert Angel) អ៊ីអេ អាដេបូយេ (E.A. Adeboye)
អាយ៉ូ អូរិតសេចាហ្វរ (Ayo Oritsejafor) ដាវិដ អូយ៉េដេបូ (David Oyedepo)
អាលហ្វ លូកោ (Alph Lukau)
អាមេរិកខាងត្បូង
វ៉ាល់ឌីមីរ៉ូ សាន់ទីអាហ្គូ (Valdemiro Santiago) អេឌៀ ម៉ាសេដូ (Edir Macedo)
ជាច្រើនឆ្នាំមុន នៅពេលដែលគ្រូអធិប្បាយទាំងនេះចាប់ផ្តើមបង្រៀន ពួកគេមិនមែនជាអ្នកមានទេ។ ប៉ុន្តែឥឡូវនេះ ពួកគេបានក្លាយជាអ្នកមានយ៉ាងខ្លាំង ហើយរស់នៅដូចជាស្ដេច។ តើពួកគេក្លាយជាសេដ្ឋីដោយរបៀបណា? ការមានបានរបស់ពួកគេ ភាគច្រើនមកតាមរយៈដង្វាយរបស់គ្រីស្ទបរិស័ទសាមញ្ញ។ ហើយឥឡូវនេះពួកគេចង់ឲ្យគ្រីស្ទបរិស័ទសាមញ្ញនេះ ថ្វាយដង្វាយដល់ពួកគេថែមទៀត។ សូមកុំផ្ញើប្រាក់របស់លោកអ្នកទៅឲ្យពួកគេ ឬក៏ស្តាប់ពួកគេនោះឡើយ! មូលហេតុដែលពួកគេនៅតែជាអ្នកមាន គឺដោយសារតែមានមនុស្សល្ងង់នៅតែផ្ញើប្រាក់ឲ្យទៅពួកគេ ដោយសង្ឃឹមថា នឹងទទួលបានព្រះពរ ពីព្រះជាម្ចាស់វិញ។ គ្រូអធិប្បាយទាំងនេះ មិនត្រូវការប្រាក់ដង្វាយរបស់យើងទេ។ ពួកគេគឺជាគ្រូក្លែងក្លាយ។ អស់អ្នកណាដែលប្រើសាសនាដើម្បីក្លាយជាអ្នកមាន គឺជាគ្រូក្លែងក្លាយ ទោះបីជាពួកគេបង្រៀនរឿងខ្លះដែលមានប្រយោជន៍ក៏ដោយ។
ប្រសិនបើការសន្យារបស់គ្រូចម្រុងចម្រើនទាំងនេះ ទាក់ទងនឹងលុយ ជាការពិត នោះពួកគេខ្លួនឯងនឹងមានលុយច្រើនហូរហៀរ រហូតពួកគេនឹងផ្ញើលុយមកអ្នកស្ដាប់វិញ! ភ័ស្ដុតាងដែលថា អ្វីដែលពួកគេកំពុងបង្រៀនអំពីលុយមិនពិតនោះ គឺពួកគេនៅតែបន្តសុំលុយពីអ្នកដទៃទៀត! ហេតុអ្វីបានជាពួកគេនៅតែត្រូវការលុយពីគ្រប់គ្នា ប្រសិនបើពួកគេមានទ្រព្យសម្បត្តិជាងមនុស្សគ្រប់គ្នាទៀតនោះ? ដោយសារតែពួកគេត្រូវការប្រាក់បន្ថែម ដើម្បីទ្រទ្រង់ជីវិតជាអ្នកមានរបស់ពួកគេ។
តើយើងដឹងយ៉ាងដូចម្តេចថា នរណាម្នាក់គឺជាគ្រូក្លែងក្លាយនៃភាពចម្រុងចម្រើន?
- គាត់ចំណាយពេលច្រើននិយាយអំពីទ្រព្យសម្បត្តិ និងសុខភាព។
- គាត់មិនបានព្រមានមនុស្សអំពីគ្រោះថ្នាក់នៃការចង់ក្លាយជាអ្នកមាននោះទេ។
- គាត់បង្រៀនថា អ្នកអាចបង្កើតទ្រព្យសម្បត្តិ និងសុខភាពល្អ ដោយពាក្យសម្ដីពិសេសរបស់អ្នក (ដូចព្រះ)។
- គាត់បានក្លាយជាសេដ្ឋី ពីដង្វាយរបស់គ្រីស្ទបរិស័ទសាមញ្ញ។
- គាត់មិនសូវមាន អ្នកទទួលខុសត្រូវលើគាត់នោះទេ។ ធម្មតាគ្មានក្រុមចាស់ទុំណាដែលហ៊ានកែតម្រូវគាត់ឡើយ។
- គាត់និយាយច្រើន អំពីខ្លួនគាត់ ហើយគាត់ជា «វីរបុរស» នៃរឿងផ្ទាល់ខ្លួនរបស់គាត់។
- បុគ្គលិកលក្ខណៈរបស់គាត់ គឺជាចំណុចសំខាន់ជាងគេ ដើម្បីអូសទាញអ្នកស្ដាប់ មិនមែនការបង្រៀនព្រះបន្ទូលរបស់ព្រះ ឬការផ្សាយដំណឹងល្អទេ។
- គាត់រស់នៅក្នុងជីវិតដ៏ប្រណិត និងថ្លៃថ្នូរ ដោយមានរថយន្តថ្លៃៗ ផ្ទះធំៗ ជាច្រើន ហើយយន្តហោះឯកជនផងដែរ។
- គាត់មិនបង្រៀនអំពីភាពចាំបាច់នៃការរងទុក្ខនៅក្នុងជីវិតជាគ្រីស្ទបរិស័ទទេ។
- គាត់និយាយថា ជំងឺ និងភាពក្រីក្រ កើតចេញពីការខ្វះជំនឿ ឬមកពីសាតាំង។
- គាត់អះអាងថា ព្រះមានបន្ទូលនឹងគាត់ផ្ទាល់។
ពួកគេខ្លះអះអាងថា គេមានអំណាចក្នុងការប្រោសឲ្យជា ប៉ុន្តែពួកគេមិនចូលមន្ទីរពេទ្យដើម្បីទៅប្រោសអ្នកជំងឺនៅទីនោះទេ។ ផ្ទុយទៅវិញ ពួកគេប្រើការសន្យាប្រោសឲ្យជា ដើម្បីទទួលបានដង្វាយបន្ថែមពីអស់អ្នកដែលស្តាប់តាមគេ។
ហេតុអ្វីបានជាគ្រូចម្រុងចម្រើនពេញនិយមម្លេះ?
គ្រូចម្រុងចម្រើនមានប្រជាប្រិយណាស់ ព្រោះមនុស្សដែលស្តាប់តាមពួកគេ ចង់ក្លាយជាអ្នកមាន និងចង់បានសុខភាពល្អដែរ។ គ្រូចម្រុងចម្រើនដឹងពីការនេះ ដូច្នេះពួកគេប្រើបំណងប្រាថ្នារបស់អ្នកស្តាប់ ដើម្បីកេងចំណេញលើពួកគេ។ ពួកគេសន្យាដល់អ្នកដើរតាមរបស់ពួកគេថា ពួកគេអាចនឹងក្លាយជាអ្នកមាន តាមរយៈសាសនាព្រះយេស៊ូវគ្រីស្ទ។
តើព្រះទ្រង់មានបន្ទូលអ្វីខ្លះ អំពីអស់អ្នកដែលប្រើសាសនាដើម្បីទៅជាមាន?
ព្រះគម្ពីរបានព្រមានយើងអំពីមនុស្សដែល «រកចំណេញពីព្រះបន្ទូលរបស់ព្រះ» គឺមនុស្សដែលក្លាយជាអ្នកមានពីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ សាវកប៉ុលបាននិយាយថា «ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ» (២កូរិនថូស ២ៈ១៧ RKOV)។
សាវ័ក ប៉ុល ក៏បានព្រមានយើងអំពីគ្រូក្លែងក្លាយទាំងនោះ ដែលប្រើរបៀបសាសនា ជាមធ្យោបាយដើម្បីទទួលបានផលប្រយោជន៍៖
«បើអ្នកណាបង្រៀនពីសេចក្តីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសំដីដែលត្រឹមត្រូវ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងជាសេចក្តីបង្រៀនដែលត្រឹមត្រូវ តាមសេចក្តីគោរពប្រតិបត្តិដល់ព្រះទេ អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្តីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងសេចក្តីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ ជាសេចក្តីជំលោះឥតប្រយោជន៍របស់មនុស្សខូចគំនិត ហើយឥតស្គាល់សេចក្តីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកំរៃ» (១ធីម៉ូថេ ៦ៈ៣-៥)។
សាវ័ក ពេត្រុស ក៏ព្រមានយើងអំពីគ្រូក្លែងក្លាយដែលស្រឡាញ់ប្រាក់ដែរ៖ «ពួកគេមានភ្នែកពោរពេញដោយអំពើផិតក្បត់ គេមិនចេះលែងធ្វើបាបឡើយ ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន ហើយមានចិត្តធ្លាប់ខាងឯសេចក្តីលោភ គឺជាមនុស្សដែលត្រូវបណ្តាសា គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាមជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត » (២ពេត្រុស ២ៈ១៤-១៥)។
សូម្បីតែក្រុមជំនុំដើមដំបូងក៏មានច្បាប់ទាស់ប្រឆាំងនឹង គ្រូដើរអធិប្បាយដែលសុំលុយដែរ។ នៅក្នុងសៀវភៅតូចនៃច្បាប់ក្រុមជំនុំនៅសតវត្សរ៍ទី២ ដែលមានឈ្មោះថា «ឌាដាកកេ» (Didache) យើងអានឃើញថា «ប្រសិនបើគ្រូអធិប្បាយសុំលុយ គាត់គឺជាហោរាក្លែងក្លាយ»។
តើបំណងប្រាថ្នាចង់ក្លាយជាអ្នកមាន គឺជាគោលដៅល្អ ឬជាគោលដៅដែលបំផ្លាញជីវិតរបស់អ្នក?
គ្រូចម្រុងចម្រើនប្រាប់អ្នកថា ជាការល្អដែលយើងចង់ក្លាយជាអ្នកមានទ្រព្យធន។ ពួកគេថែមទាំងប្រាប់អ្នកថា អ្នកមានអំណាច បង្កើតទ្រព្យធនច្រើន ដោយការប្រើពាក្យសម្ដីរបស់អ្នក គឺ ដូចព្រះដែរ! នោះគឺជាការបង្រៀនខុសឆ្គង។ ព្រះគម្ពីរនិយាយផ្ទុយពីការនេះថា៖
«ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើនដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ។ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន» (១ធីម៉ូថេ ៦ៈ៩-១០)។
ប្រហែលជាអ្នកគួរតែអានខគម្ពីរនេះម្តងទៀត ដោយយកចិត្តទុកដាក់បំផុត ប្រសិនបើអ្នកកំពុងតែជាប់នៅក្នុងសេចក្តីល្បួងនៃការស្រឡាញ់ទ្រព្យធន។ ហេតុអ្វីបានជាគ្រូចម្រុងចម្រើនមិនបង្រៀនអំពីខទាំងនេះ?
សូមសម្គាល់ថា សាវកប៉ុលបង្រៀនថា «ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង»។ ការស្រឡាញ់ប្រាក់ បង្កើតអំពើបាប ច្រើនមុខទៀត។ នេះជាមូលហេតុដែលគ្រូចម្រុងចម្រើនជាច្រើនបានធ្លាក់ក្នុងបាបសហាយស្មន់ និងគោលជំនឿខុសឆ្គង។ ការចង់ធ្វើជាអ្នកស្ដុកស្ដម្ភ មិនមែនជាគោលបំណងល្អ តែជាគោលបំណងដែលនាំឲ្យមានគ្រោះថ្នាក់វិញ។
ជំនួសឲ្យការដាក់គោលដៅក្លាយជាអ្នកមានស្តុកស្តម្ភ ព្រះអង្គទ្រង់ប្រាប់យើងឲ្យ មានគោលបំណងនៃការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់វិញ៖ «តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយ៍នេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន និងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ» (១ធីម៉ូថេ ៦ៈ៦-៨)។ គ្រូចម្រុងចម្រើនមិនបានព្រមានយើងអំពីគ្រោះថ្នាក់នៃភាពស្ដុកស្ដម្ភនោះទេ ហើយពួកគេក៏មិនអធិប្បាយអំពីខគម្ពីរដូចនេះទេ៖ «ចូរឲ្យជីវិតអ្នករាល់គ្នាបានឥតលោភ ពីការស្រលាញ់ប្រាក់ ឲ្យជីវិតអ្នកបានស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានព្រះបន្ទូលថា <អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ> បានជាយើងរាល់គ្នាអាចនឹងនិយាយដោយក្លាហានថា <ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន?>» (ហេព្រើរ ១៣ៈ៥-៦)។ ហេតុអ្វីបានជាពួកគេស្ងាត់ស្ងៀមមិននិយាយអំពីខគម្ពីរទាំងនេះ?
តើភាពស្ដុកស្ដម្ភជាភ័ស្ដុតាងនៃព្រះពររបស់ព្រះ ឬក៏ជាឧបសគ្គចំពោះសេចក្តីសង្គ្រោះរបស់យើង?
យើងទាំងអស់គ្នាបានស្គាល់មនុស្សអាក្រក់ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ភាពស្ដុកស្ដម្ភមិនមែនជាសញ្ញានៃព្រះពររបស់ព្រះទេ។ តាមពិតព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសាវកថា ភាពស្ដុកស្ដម្ភធ្វើឲ្យមនុស្សពិបាកទទួលបានជីវិតអស់កល្បជាង៖ «ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់…បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ»។ ពាក្យនោះធ្វើឲ្យពួកសាវកភ្ញាក់ផ្អើលយ៉ាងខ្លាំង ពួកគេស្មានថា ភាពស្ដុកស្ដម្ភជាសញ្ញានៃព្រះពរពីព្រះ។ ដូច្នេះ ពួកគេបានសួរថា «តើអ្នកណាអាចនឹងបានសង្គ្រោះ ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន» (ម៉ាកុស ១០ៈ២៣-២៧)។
តើមួយណាចាំបាច់ជាងនៅក្នុងជីវិតគ្រីស្ទបរិស័ទ ភាពស្ដុកស្ដម្ភ ឬការរងទុក្ខ?
យើងអាចជាគ្រីស្ទបរិស័ទដោយគ្មានភាពស្ដុកស្ដម្ភ ប៉ុន្តែយើងមិនអាចជាគ្រីស្ទបរិស័ទដោយគ្មានការរងទុក្ខនោះឡើយ។ សូមស្តាប់សាវកប៉ុល៖ «ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ» (រ៉ូម ៨ៈ១៦-១៧)។ គាត់ក៏បានប្រាប់គ្រីស្ទបរិស័ទទាំងអស់ដែរថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន» (កិច្ចការ ១៤ៈ២២)។
សាវ័ក ពេត្រុស បានលើកឡើងនូវចំណុចដូចគ្នានេះថា៖ «ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាមជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ ២ដើម្បីកុំឲ្យបង់ពេលដែលសល់ និងរស់នៅខាងសាច់ឈាម តាមតែសេចក្តីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ» (១ពេត្រុស ៤ៈ១-២)។ លោកប៉ុលក៏បាននិយាយអំពីទុក្ខវេទនាផ្ទាល់ខ្លួនរបស់គាត់ និងការល្បួងដោយទាញគាត់ឲ្យសម្លឹងមើលទៅកាន់សុភមង្គលដែលគ្រាន់តែជាបណ្ដោះអាសន្ន។ លោកនិយាយថា «ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ» (២កូរិនថូស ៤ៈ១៧-១៨)។ សាវ័ក ប៉ុល ថែមទាំងត្រេកអរចំពោះការរងទុក្ខរបស់គាត់ ពីព្រោះគាត់ដឹងថា ការរងទុក្ខទាំងអស់នោះនឹងធ្វើឲ្យជំនឿរបស់គាត់កាន់តែរឹងមាំ៖ «មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម» (រ៉ូម ៥ៈ៣-៤)។ ហេតុអ្វីបានជាគ្រូបង្រៀនចម្រុងចម្រើនស្ងាត់ស្ងៀមចំពោះខទាំងអស់នេះ?
តើព្រះយេស៊ូវបានបង្គាប់ឲ្យយើងស្វែងរកនគរព្រះ ឬក៏រកផលប្រយោជន៍ខាងទ្រព្យសម្បត្តិ?
សូមស្តាប់ព្រះយេស៊ូវជាព្រះអម្ចាស់របស់យើង៖
«គ្មានបាវណាដែលបំរើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១ ដូច្នេះ អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្តិផងពុំបានដែរ» (លូកា ១៦ៈ១៣)។
«ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ ទេឬអី ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអ្វី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះផង រីឯតិណជាតិ ដែលដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ។ ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង» (ម៉ាថាយ ៦ៈ២៥-៣៣)។
តើអ្វីជាគោលដៅនៃដំណឹងល្អចម្រុងចម្រើន និងគោលដៅនៃដំណឹងល្អពិត?
តើអ្វីជាគោលដៅជីវិតរបស់អស់អ្នកដែលប្រើសាសនាដើម្បីការមានបាន និងសុខភាព? គោលដៅជីវិតរបស់ពួកគេ គឺដើម្បីតែមានសុខភាពល្អ និងទ្រព្យសម្បត្តិដែលនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ហើយអ្នកដែលស្តាប់គ្រូទាំងនោះ ក៏មានគោលដៅជីវិតដូចគ្នាដែរ។ ប៉ុន្តែតើគោលដៅជីវិតរបស់គ្រីស្ទបរិស័ទគឺជាអ្វី? គឺដើម្បីស្គាល់ដល់ព្រះ ដើរតាមព្រះយេស៊ូវគ្រីស្ទ និងចំណាយទាំងជីវិត និងធនធានរបស់យើង ដើម្បីនាំដំណឹងល្អដល់អ្នកដទៃ។ តើព្រះយេស៊ូវបានប្រទានគំរូអ្វីខ្លះដល់យើងដើម្បីដើរតាម? «ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្តីកម្ររបស់ទ្រង់» (២កូរិនថូស ៨ៈ៩)។
ព្រះយេស៊ូវបានលះបង់នូវភាពស្តុកស្តម្ភ និងសុវត្ថិភាពទាំងអស់របស់ទ្រង់ ដើម្បីយាងមកសង្គ្រោះយើង ពីអំពើបាប និងស្ថាននរក ដើម្បីឲ្យយើងបានក្លាយជាអ្នកមានជាមួយព្រះអស់កល្បជានិច្ច។ ហើយទ្រង់បានបង្គាប់ឲ្យយើងធ្វើតាមគំរូរបស់ទ្រង់៖ យើងក៏ត្រូវតែក្លាយជាអ្នកក្រដែរ ដើម្បីឲ្យអ្នកដទៃក្លាយជាអ្នកមានក្នុងព្រះយេស៊ូវគ្រីស្ទ។ យើងអាចធ្វើដូចនេះតាមវិធីពីរយ៉ាង ដោយការចែករំលែកនូវទ្រព្យសម្បត្តិរបស់យើង ដើម្បីជួយដល់អ្នកក្រីក្រ និងដោយការចែករំលែកទ្រព្យសម្បត្តិរបស់យើង ដល់អ្នកផ្សាយដំណឹងល្អ ដែលក្រុមជំនុំបញ្ជូនឲ្យទៅផ្សាយដំណឹងល្អនៅកន្លែងដែលមិនទាន់ឮ។
សូមកត់សម្គាល់នូវភាពខុសគ្នាធំៗរវាងគោលដៅនៃដំណឹងល្អពិត និងដំណឹងល្អចម្រុងចម្រើន៖
គោលដៅនៃដំណឹងល្អពិត (២កូរិនថូស ៨ៈ៩)
ព្រះយេស៊ូវជាសេដ្ឋី
ទ្រង់បានក្លាយជាអ្នកក្រសម្រាប់យើង…
ដើម្បីឲ្យយើងនឹងក្លាយជាសេដ្ឋីក្នុងព្រះគ្រីស្ទ…
ដើម្បីឲ្យយើងក្លាយជាអ្នកក្រសម្រាប់មនុស្សឯទៀត…
ដើម្បីឲ្យគេក្លាយជាសេដ្ឋីក្នុងព្រះយេស៊ូវ…
ដើម្បីឲ្យគេក៏ក្លាយជាអ្នកក្រសម្រាប់អ្នកផ្សេងទៀត…
ដើម្បីអ្នកផ្សេងទៀតនោះនឹងក្លាយជាសេដ្ឋីក្នុងព្រះយេស៊ូវ…
។ល។ រហូតដល់ព្រះយេស៊ូវយាងមក។
គោលដៅនៃដំណឹងល្អចម្រុងចម្រើន
ព្រះយេស៊ូវជាសេដ្ឋី
ទ្រង់បានក្លាយជាអ្នកក្រសម្រាប់យើង…
ដើម្បីឲ្យយើងក្លាយជាសេដ្ឋី។
ចប់។
តើគ្រូចម្រុងចម្រើនបានធ្វើតាមគំរូរបស់ព្រះគ្រីស្ទ ដោយបានក្លាយជាអ្នកក្រ ដើម្បីឲ្យអ្នកដទៃក្លាយជាអ្នកមានក្នុងព្រះយេស៊ូវដែរឬទេ? ទេ ផ្ទុយទៅវិញ។ គ្រូចម្រុងចម្រើនទាំងនោះបានក្លាយជាអ្នកមាន ដោយសុំឲ្យពួកអ្នកក្រផ្តល់ប្រាក់ឲ្យពួកគេ។ នេះគឺជា បទគម្ពីរ ២កូរិនថូស ៨ៈ៩ ម្តងទៀត ប៉ុន្តែខ្ញុំបានប្តូរពាក្យដើម្បីពិពណ៌នាអំពីគ្រូចម្រុងចម្រើនវិញ៖ «ដ្បិតអ្នកដឹងពីសេចក្តីលោភលន់របស់ គ្រូចម្រុងចម្រើនហើយថា ទោះបីពីមុនពួកគេក្រក៏ដោយ ពេលនេះពួកគេបានក្លាយជាសេដ្ឋីតាមរយៈដង្វាយពីជនក្រីក្រ ដើម្បីឲ្យអ្នកក្រីក្រ នឹងកាន់តែក្រ»។ យើងត្រូវសួរសំណួរនេះម្តងទៀត៖ ហេតុអ្វីបានជាគ្រូចម្រុងចម្រើន ដែលជាអ្នកមាន នៅតែបន្តសុំលុយពីមនុស្សសាមញ្ញទៀត?
មុខពូថៅ
តើគ្រូចម្រុងចម្រើនប្រើអ្វីធ្វើជាមុខពូថៅ ដើម្បីពុះយើងចេញពីសេចក្ដីពិត? ពួកគេប្រើសេចក្ដីសន្យាអំពី សុខភាពល្អ ហើយនិងភាពចម្រុងចម្រើន។ ពួកគេដឹងថា មនុស្សជាច្រើនត្រូវបានល្បួងដោយបាបលោភលន់ និងចង់មានចង់បាន មិនថាអ្នកជឿ ឬអ្នកមិនជឿទេ។ មនុស្សជាច្រើនត្រូវបានសង្កត់ដោយបំណុល និងជំងឺ។ ដូច្នេះគ្រូទាំងនេះ ទាក់ទាញអ្នកស្ដាប់ដោយការសន្យាអំពី ទ្រព្យសម្បត្តិ និងសុខភាព។ មួយទៀត ពួកគេចូលចិត្តធ្វើឲ្យមនុស្សចាប់អារម្មណ៍ជាមួយនឹងអំណាចរបស់ពួកគេ លើវិញ្ញាណផ្សេងៗ ដូចជាគ្រូមន្តអាគមជាដើម។ កុំមានការភ្ញាក់ផ្អើល បើគ្រូចម្រុងចម្រើនទាំងនេះ ពេលខ្លះបង្រៀននូវអ្វីដែលត្រឹមត្រូវ ហើយថែមទាំងមានប្រយោជន៍ទៀតនោះ។ ប្រសិនបើគ្រូក្លែងក្លាយបង្រៀនសុទ្ធតែខុសឆ្គង នោះគ្មាននរណាជឿពួកគេឡើយ។ គឺដោយសារតែការបង្រៀនខុសឆ្គងរបស់ពួកគេត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងការបង្រៀនពិត ដែលធ្វើឲ្យគ្រីស្ទបរិស័ទវង្វេង។
ក្រោយដែលគ្រូចម្រុងចម្រើនបានចាប់អ្នកស្ដាប់ហើយ ពួកគេបន្ថែមការបង្រៀនខុសឆ្គងទៀត។ គ្រូចម្រុងចម្រើនខ្លះ បដិសេធគោលជំនឿនៃព្រះត្រៃឯក។ ខ្លះបង្រៀនថា ព្រះយេស៊ូវមិនបានលោះបាបរបស់យើងទាំងស្រុងនៅលើឈើឆ្កាងទេ។ ហើយស្ទើរតែទាំងអស់បង្រៀនថា យើងអាចបង្កើតភាពចម្រុងចម្រើន និងសុខភាពល្អដោយពាក្យសំដីខ្លាំងពូកែរបស់យើង ពីព្រោះយើងជាព្រះតូច។
គ្រូបង្រៀនដែលបញ្ជោរ
នៅគម្ពីរអេសាយ ៣០ៈ៩-១០ ហោរាអេសាយបានបន្ទោសអ៊ីស្រាអែល ព្រោះគេចង់បានហោរាដែលប្រើពាក្យបញ្ជោរ ជំនួសការពិត៖ «ដ្បិតជនជាតិនេះគេនឹងចចេស ជាពួកកូនចៅភូតកុហក គឺជាកូនចៅ ដែលមិនព្រមផ្ចង់ចិត្តស្តាប់ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាទេ ១០ គេប្រាប់ដល់ពួកមើលឆុតថា កុំឲ្យមើលឡើយ ហើយដល់ពួកហោរាថា កុំឲ្យទាយពីសេចក្តីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្តីស្រួលបួលវិញ ត្រូវទាយជាសេចក្តីភូតភរចុះ»។ គ្រូចម្រុងចម្រើនដឹងថា អ្នកស្ដាប់របស់គេចង់ស្ដាប់ពាក្យបញ្ជោរដូចជា៖
«ព្រះពេញចិត្តនឹងអ្នក មិនមែនក្រោធទេ»
«ព្រះចង់ឲ្យអ្នកក្លាយជាសេដ្ឋី»
«អ្នកជាព្រះតូចមួយ»
«អ្នកមានអំណាចបង្កើតភាពចម្រុងចម្រើនដោយគ្រាន់តែនិយាយ»
«អ្នកមិនមែនជាអ្នកមានបាបទេ»
តែគ្រូពីព្រះជាម្ចាស់ បង្រៀនសេចក្ដីពិតរបស់ព្រះ ដែលមានទាំង សេចក្ដីស្រឡាញ់នៃព្រះ និងភាពបរិសុទ្ធនៃព្រះ ទាំងព្រះជាសេចក្ដីស្រឡាញ់ និងព្រះជាពន្លឺ។ គ្រូដែលបញ្ជរអ្នក ដោយពាក្យសំដីផ្អែមៗ មិនស្រឡាញ់អ្នកទេ ពួកគេចង់គ្រប់គ្រងអ្នក និងប្រើអ្នកសម្រាប់ប្រយោជន៍របស់គេ។
ចូរឈប់ស្ដាប់គ្រូក្លែងក្លាយនៅលើទូរទស្សន៍ និងអ៊ីនធឺណិត។ ចូរចូលជាសមាជិកនៅក្នុងក្រុមជំនុំដែលបង្រៀនទាំងព្រះជាពន្លឺផង ទាំងព្រះជាសេចក្ដីស្រឡាញ់ផង ជាក្រុមជំនុំដែលព្រមានអ្នកអំពីគ្រោះថ្នាក់ នៃចិត្តលោភលន់ ជាក្រុមជំនុំដែលនិយាយថា «អ្នកមិនមែនជាព្រះទេ មានតែព្រះទេដែលជាព្រះ» ជាក្រុមជំនុំដែលស្រឡាញ់អ្នករហូតដល់កែអ្នកដោយសេចក្ដីស្រឡាញ់នៅពេលអ្នកវង្វេង ជាក្រុមជំនុំដែលបង្រៀនគ្រប់ទាំងសេចក្ដីពិតរបស់ព្រះអង្គ មិនមែនគ្រាន់តែផ្នែកស្រួលនោះទេ ជាក្រុមជំនុំដែលមានអ្នកដឹកនាំសុចរិត ស្រឡាញ់ និងជាគំរូដល់ហ្វូងចៀម។
តើលោកអ្នកបានឃើញថា ជីវិតរបស់ព្រះយេស៊ូវនៅក្នុងកណ្ឌម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន គឺខុសគ្នាពីជីវិតរបស់គ្រូចម្រុងចម្រើនទាំងនោះទេ?! ត្រូវហើយ ព្រះយេស៊ូវបានប្រោសមនុស្សរាប់ពាន់នាក់ ដោយសេចក្ដីស្រឡាញ់ ចំពោះពួកគេ ប៉ុន្តែទ្រង់មិនបានសង្កត់ធ្ងន់លើសុខភាព និងទ្រព្យសម្បត្តិនៅក្នុងសេចក្តីបង្រៀនរបស់ទ្រង់នោះឡើយ។ ផ្ទុយទៅវិញទ្រង់ បានព្រមានមនុស្សគ្រប់គ្នា អំពីគ្រោះថ្នាក់នៃការស្រឡាញ់លុយ និងទ្រព្យសម្បត្តិ ហើយទ្រង់ផ្ទាល់បានរស់នៅក្នុងជីវិតដ៏រាបទាប និងស្កប់ស្កល់។ ប្រសិនបើគ្រូអធិប្បាយមិនសង្កត់ធ្ងន់លើចំណុចដូចគ្នា នឹងការដែលព្រះយេស៊ូវ និងពួកសាវកបានសង្កត់ធ្ងន់ទេ នោះគាត់មុខជាគ្រូក្លែងក្លាយហើយ។ សូមកុំអនុញ្ញាតឲ្យគ្រូក្លែងក្លាយនេះចូលក្នុងផ្ទះតាមរយៈទូរស័ព្ទ ឬទូរទស្សន៍របស់អ្នកឡើយ។ សូមចាំពី ២យ៉ូហាន ខ ១០-១១។
ពាក្យផ្ទាល់ខ្លួនរបស់គ្រូចម្រុងចម្រើន
សូមស្ដាប់ពាក្យសម្ដីផ្ទាល់របស់គ្រូចម្រុងចម្រើន ការឆ្លើយតបរបស់ខ្ញុំនៅក្នុងឃ្នាប[ ]។
ចយ ម៉ៃយើ (Joyce Meyer)
លោកស្រី ចយ ម៉ៃយើ បាននិយាយថា «ខ្ញុំមិនឈប់ធ្វើបាបទេ ទាល់តែខ្ញុំដឹង…ថា ខ្ញុំមិនមែនជាមនុស្សមានបាបទៀតទេ»។
[ប៉ុន្តែសាវ័ក យ៉ូហាន និយាយថា អស់អ្នកដែលនិយាយថា ខ្លួនគ្មានបាបសោះ នោះឈ្មោះថាបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងពួកគេទេ (១យ៉ូហាន ១ៈ៨)]។
នៅក្នុងសៀវភៅមួយរបស់គាត់ ចយ ម៉ៃយើ បានបង្រៀនថា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង មិនបានសងថ្លៃអំពើបាបរបស់យើងទាំងស្រុងនោះទេ ប៉ុន្តែបន្ទាប់ពីការសុគត ទ្រង់ត្រូវទៅស្ថាននរក ដើម្បីទទួលទារុណកម្ម ពីសាតាំង និងអារក្ស។ បន្ទាប់ពីនោះព្រះយេស៊ូវបានកើតជាថ្មី! គាត់បានសរសេរថា «ក្នុងអំឡុងពេលនោះទ្រង់ [ព្រះយេស៊ូវ] បានចូលស្ថាននរក ជាកន្លែងដែលអ្នក និងខ្ញុំសមនឹងទៅ (ស្របច្បាប់) ដោយសារអំពើបាបរបស់យើង…ទ្រង់បានបង់ថ្លៃលោះនៅទីនោះ… ព្រះយេស៊ូវបានបង់ថ្លៃនៅលើឈើឆ្កាងផង និងនៅស្ថាននរកផង…[បន្ទាប់មក] ទ្រង់ត្រូវបានប្រោសឲ្យរស់ពីសុគតឡើងវិញ ដែលជាមនុស្សដំបូងដែលបានកើតជាថ្មី»។ ចយ ម៉ៃយើ ក៏បាននិយាយថា «អ្នកមិនអាចទៅស្ថានសួគ៌បានទេ លុះត្រាតែអ្នកជឿដោយអស់ពីចិត្តថា ព្រះយេស៊ូវបានទទួលទោសជំនួសអ្នកនៅស្ថាននរក»។
[ប៉ុន្តែ១ពេត្រុស ២ៈ២៤ និយាយថា «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង…»។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងលូកា ២៣ៈ៤៣ ព្រះយេស៊ូវបានសន្យាជាមួយចោរនៅលើឈើឆ្កាងថា «ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ» មិនមែន «ថ្ងៃនេះខ្ញុំនឹងទៅនរកបីថ្ងៃ ដើម្បីទទួលទារុណកម្ម អំពើបាបរបស់អ្នក» នោះទេ។ ]
ចយ ម៉ៃយើ បាននិយាយថា នៅពេលដែលព្រះយេស៊ូវបានយកអំពើបាបរបស់យើង នោះទ្រង់លែងជាព្រះរាជបុត្រានៃព្រះទៀត មួយរយៈនោះ៖ «ទ្រង់ [ព្រះយេស៊ូវ] អាចជួយខ្លួនឯងរហូតដល់ចំណុចដែលទ្រង់និយាយថា <ទូលបង្គំសូមថ្វាយវិញ្ញាណទូលបង្គំដល់ព្រះហស្តទ្រង់>។ នៅពេលនោះទ្រង់មិនអាចធ្វើអ្វីសម្រាប់ខ្លួនឯងបានទៀតទេ។ ទ្រង់បានក្លាយជាបាប ទ្រង់លែងជាព្រះរាជបុត្រានៃព្រះហើយ។ ទ្រង់ជាបាប»។
[ប៉ុន្តែវាមិនអាចទៅរួចទេ ដែលព្រះរាជបុត្រានៃព្រះ លែងជាព្រះរាជបុត្រានៃព្រះ សូម្បីតែមួយភ្លែត។ នេះគឺជាការប្រមាថ។]
ចយ ម៉ៃយើ បាននិយាយថា «ពាក្យសម្ដីគឺជាធុងថាមពល…ខ្ញុំកំពុងនិយាយអំពី<ការហៅអ្វីដែលមិនមាន ថាមាន> [រ៉ូម ៤ៈ១៧] ហើយទាយអំពីឆ្អឹងស្ងួត ដែលងាប់នៅក្នុងជីវិតរបស់អ្នកថា <ឱឆ្អឹងស្ងួតអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់>។ ប្រហែលជាអ្នកត្រូវនិយាយទៅកាន់ [គណនីធនាគារ] របស់អ្នកថា <អូ គណនីចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ឯងនឹងមិននៅទទេរហូតឡើយ>»។
[ប៉ុន្តែនៅក្នុង រ៉ូម ៤ៈ១៧ គឺព្រះផ្ទាល់ដែល «ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ទាំងមានព្រះបន្ទូលពីរបស់ដែលគ្មាន ទុកដូចជាមាន» មិនមែនយើងទេ។ មួយទៀត ប្រសិនបើយើងអាចបញ្ជាឲ្យគណនីធនាគាររបស់យើងពេញបាន ហេតុអ្វី ចយ ម៉ៃយើ មិនបញ្ជាឲ្យគណនីធនាគារផ្ទាល់របស់គាត់ពេញ ដើម្បីគាត់អាចឈប់សុំឲ្យមនុស្សផ្ញើប្រាក់ទៅគាត់?]
ចយ ម៉ៃយើ បាននិយាយថា «ហេតុអ្វីបានជាមនុស្សប្រកែក… នៅពេលព្រះហៅមនុស្សរបស់ទ្រង់ថាជា ព្រះតូច?»
[គាត់កំពុងនិយាយអំពីសេចក្ដីបង្រៀនដែលគ្រូចម្រុងចម្រើនចូលចិត្តបង្រៀនថា ព្រះបានធ្វើឲ្យគ្រីស្ទបរិស័ទទៅជា «ព្រះតូច» ដែលមានអំណាចបង្កើតអ្វីៗតាមពាក្យរបស់យើង។ នេះគឺជាការប្រមាថ។ ]
ចយ ម៉ៃយើ បាននិយាយថា «ទាល់តែអ្នកអធិស្ឋាន ទើបព្រះអាចធ្វើការបាន»។
[ប៉ុន្តែព្រះជាម្ចាស់មានពេញដោយអំណាចព្រះចេស្ដា និងអធិបតេយ្យភាពបំផុត។ ទ្រង់អាចធ្វើអ្វីដែលទ្រង់ចង់ធ្វើ នៅពេលណាដែលទ្រង់ចង់ធ្វើ។ សូមស្តាប់គម្ពីរដានីយ៉ែល ៤ៈ៣៤-៣៥៖ « …អំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ ឯអស់ទាំងមនុស្សលោកក៏រាប់ទុកជាឥតការទទេ ទ្រង់ធ្វើតាមតែព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្តាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា <ទ្រង់ធ្វើអ្វីដូច្នេះបានឡើយ>»]
ចូល អូស្ទីន (Joel Osteen)
លោក ចូល អូស្ទីន បាននិយាយថា «[ព្រះ] បានមានបន្ទូលថា <អ័ដាម អ្នកណាប្រាប់អ្នកថា អ្នកនៅអាក្រាត?> និយាយម្យ៉ាងទៀត តើអ្នកណាប្រាប់អ្នកថា មានអ្វីខុសនៅក្នុងអ្នក?…នោះគឺជាការកុហកមកពីសត្រូវ អ្នកត្រូវបដិសេធគំនិតទាំងនោះ ហើយស្វែងយល់ពីអ្វីដែលព្រះមានបន្ទូលអំពីអ្នក»។
[យោងតាម ចូល អូស្ទីន អ័ដាម និងអេវ៉ាគួរតែបដិសេធគំនិតដែលថា មានអ្វីខុសចំពោះពួកគាត់ បន្ទាប់ពីពួកគាត់បានធ្វើបាប។ ប៉ុន្តែការពិត គឺមានកំហុសឆ្គងយ៉ាងខ្លាំងចំពោះពួកគាត់ គឺពួកគាត់បានចូលរួមជាមួយសាតាំងក្នុងការបះបោររបស់វា ហើយឥឡូវនេះពួកគាត់ត្រូវបានកាត់ផ្តាច់ពីព្រះ ហើយបានបាត់បង់។]
លោក គ្រីស វ៉លលេក (Chris Wallace) នៃសារព័ត៌មាន Fox News បានសួរលោក ចូល អូស្ទីន ថា «តើពួកមរមនជា គ្រីស្ទបរិស័ទពិតឬ?» លោក អូស្ទីន បាននិយាយថា «ខ្ញុំគិតថា ពួកគេ គឺជាគ្រីស្ទបរិស័ទពិត»។ នៅកន្លែងផ្សេងទៀតគាត់បាននិយាយថា «សាសនាមរមនខុសគ្នាបន្តិចបន្តួច ប៉ុន្តែខ្ញុំនៅតែឃើញថា ពួកគេគឺជាបងប្អូននៅក្នុងព្រះគ្រីស្ទ»។
[សាសនាមរមន គឺជាសាសនាខុសគ្នាទាំងស្រុង ពីគ្រីស្ទសាសនាពិត។ សូមមើលអត្ថបទពីសាសនាមរមន]
នៅក្នុងបទសម្ភាសន៍មួយ គេសួរ ចូល អូស្ទីន ថា តើមនុស្សដែលស្រឡាញ់ភេទដូចគ្នា ហើយនៅតែបន្តប្រព្រឹត្តបាបនោះ ពួកគេនឹងត្រូវព្រះទទួលឲ្យចូលស្ថានសួគ៌ដែរឬទេ? គាត់ឆ្លើយថា «ខ្ញុំជឿថា ពួកគេនឹងបានចូល»។
[ប៉ុន្តែតើសាវកប៉ុលបាននិយាយអ្វីខ្លះ នៅក្នុង១កូរិនថូស ៦ៈ៩-១១ (KSV)? តើយើងគួរជឿចូល អូស្ទីន ឬជឿសាវកប៉ុល?]
ចូល អូស្ទីន បាននិយាយថា «នៅពេលអ្នកក្រីក្រ អត់ និងបានជោគជ័យ… វាមិននាំមកនូវកិត្តិយសដល់ព្រះទេ … ចូរស្តាប់ នៅពេលអ្នកមើលទៅល្អ ស្លៀកពាក់ល្អ រស់នៅកន្លែងស្អាត ពូកែក្នុងអាជីពរបស់អ្នក មានចិត្តសប្បុរសជាមួយអ្នកដទៃ នោះហើយនាំមកនូវស្នាមញញឹមដល់ព្រះភក្ត្ររបស់ព្រះ។ ទ្រង់រីករាយ ដើម្បីធ្វើឲ្យអ្នករីកចម្រើនឡើង…ព្រះយេស៊ូវបានយាងមក ដើម្បីយើងអាចរស់នៅក្នុងជីវិតបរិបូរណ៍។ យើងតំណាងឲ្យព្រះដ៏មានមហិទ្ធិឫទ្ធិនៅលើផែនដីនេះ។ យើងគួរតែធ្វើជាគំរូនៃសេចក្តីល្អរបស់ទ្រង់៖ មានពរខ្លាំង មានភាពរុងរឿងខ្លាំង មានចិត្តសប្បុរសខ្លាំង មានអំណរខ្លាំង ដែលធ្វើឲ្យអ្នកផ្សេងទៀតចង់បានអ្វីដែលយើងមាន…»។
[ប៉ុន្តែព្រះគម្ពីរមិនដែលនិយាយថា យើងទាក់ទាញមនុស្សឲ្យមករកដំណឹងល្អ នៅពេលយើង «មើលទៅល្អ ស្លៀកពាក់ល្អ ហើយរស់នៅកន្លែងស្អាត»នោះទេ។ តែផ្ទុយទៅវិញ គឺនៅពេលដែលយើងរស់នៅក្នុងជីវិតដែលមានសេចក្តីស្រឡាញ់ ការលះបង់ និងការផ្សាយដំណឹងល្អ។ សូមស្តាប់សាវកប៉ុល៖ «ដោយមានកេរ្តិ៍ឈ្មោះ ហើយត្រូវអាប់ឱន ដោយគេនិយាយអាក្រក់ ឬល្អក្តី ទុកដូចជាមនុស្សកំភូត តែពិតត្រង់ទេ ដូចជាគ្មានអ្នកណាស្គាល់យើងខ្ញុំ តែមនុស្សទាំងអស់បានស្គាល់វិញ ដូចជាហៀបនឹងស្លាប់ តែមើល យើងខ្ញុំរស់ទេ ដូចជាត្រូវវាយផ្ចាល តែមិនបានដល់ស្លាប់ទេ ដូចជាមានសេចក្តីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចំរើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ» (២កូរិនថូស ៦ៈ៨-១០)។ ភាពអំណរក្នុងការរងទុក្ខវេទនា គឺជាជីវិតដែលបានធ្វើឲ្យមនុស្សរាប់លាននាក់រកព្រះសម័យដំបូងនៃក្រុមជំនុំ។ ]
លោក ឡារី ឃីង (Larry King) បានសួរលោក ចូល អូស្ទីន នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា តើគាត់ប្រើពាក្យថា «មនុស្សមានបាប» នៅក្នុងការអធិប្បាយរបស់គាត់ទេ។ គាត់បាននិយាយថា «ខ្ញុំមិនប្រើវាទេ [ពាក្យថា មនុស្សមានបាប]។ … ប៉ុន្តែមនុស្សភាគច្រើនដឹងរួចមកហើយថា ខ្លួនកំពុងធ្វើអ្វីខុស។ នៅពេលពួកគេមកក្រុមជំនុំ ខ្ញុំចង់ប្រាប់ពួកគេថា អ្នកអាចផ្លាស់ប្ដូរបាន»។
[ប៉ុន្តែការប្រាប់នរណាម្នាក់ថា «អ្នកអាចផ្លាស់ប្ដូរបាន» នោះមិនមែនជាដំណឹងល្អទេ។ វាជាដំណឹងអាក្រក់ ព្រោះយើងគ្មានសមត្ថភាពផ្លាស់ប្ដូរទេ។ យើងត្រូវការចិត្តថ្មីតាមរយៈដំណឹងល្អ អំពីការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ហើយផ្នែកមួយនៃដំណឹងល្អ គឺជាដំណឹងអាក្រក់ ដែលយើងជាមនុស្សមានបាប។]
លោក ចូល អូស្ទីន បាននិយាយថា «ព្រះបានធ្វើអ្វីគ្រប់យ៉ាង ដែលទ្រង់នឹងធ្វើរួចទៅហើយ។ ឥឡូវនេះ បាល់ស្ថិតនៅខាងអ្នកហើយ។ ប្រសិនបើអ្នកចង់បានភាពជោគជ័យ ប្រសិនបើអ្នកចង់បានប្រាជ្ញា បើអ្នកចង់មានភាពចម្រុងចម្រើន និងមានសុខភាពល្អ អ្នកនឹងត្រូវធ្វើច្រើនជាង ការគិត ហើយការជឿ។ អ្នកត្រូវតែប្រកាសពាក្យសម្ដីដោយក្លាហាន នូវពាក្យនៃជំនឿ និងជ័យជំនះ លើខ្លួនអ្នក និងគ្រួសាររបស់អ្នក»។
[ដូចគ្រូចម្រុងចម្រើនទាំងអស់ដែរ ចូល អូស្ទីន បង្រៀនថា យើងអាចបង្កើតភាពចម្រុងចម្រើន និងសុខភាពល្អ ដោយការនិយាយពាក្យសំដីពិសេស ដូចជាព្រះបានបង្កើតសកលលោកដោយការមានបន្ទូលដែរ។ ]
គ្រូចម្រុងចម្រើនផ្សេងៗ
«វាមិនមែនជា<ជំពូក និងខ> គ្រប់ពេលទេ។ អាម៉ែន? ចូរមើលរាងកាយរបស់អ្នក ហើយនិយាយថា <ខ្ញុំជឿថា ខ្ញុំមានរាងកាយមានសុខភាពល្អបំផុត អាយុ ៥០ឆ្នាំ> អ្នកអាចនិយាយដូច្នេះបាន! វាមិនមែនជា<ជំពូក និងខ> គ្រប់ពេលទេ…តើអ្នកជឿទេ? បើអ៊ីចឹង ចូរប្រកាសទៅ»។ យ៉ូសែប ព្រីនស៍ (Joseph Prince)
«ចូរប្រកាសទៅ! ទោះអ្នកមិនជឿក៏ប្រកាសចុះ! អ្នកមានអាយុហុកសិបឆ្នាំ ហើយអ្នកមើលទៅក្នុងកញ្ចក់ ហើយឃើញស្នាមជ្រួញ។ តែខ្ញុំឃើញអ្នកគ្មានស្នាមជ្រួញសោះ! អាម៉ែន? អាម៉ែន!»។ យ៉ូសែប ព្រីនស៍
«នៅពេលដែលពួកគេចេញមក ព្រះអម្ចាស់អើយ ដើម្បីសាបព្រោះ ព្រះវរបិតា ដោះលែងអំណាចលើពួកគេ ដើម្បីយក ដើម្បីបង្កើត ដើម្បីទទួលភាពចម្រុងចម្រើនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ»។ យ៉ូសែប ព្រីនស៍
«យើងគឺជាព្រះតូច»។ គ្រីហ្វឡូ ដុល្លារ(Creflo Dollar) ខេននែត ហេហ្គិន (Kenneth Hagin) បេននី ហ៊ិន (Benny Hinn) ផឡា ហ្វៃត (Paula White)។ល។
«ព្រះយេស៊ូវបានកើតជាថ្មី»។ ខេននែត ហេហ្គិន (Kenneth Hagin), ចយ ម៉ៃយើ (Joyce Meyer), ប៊ិល ចនសុន (Bill Johnson), ខេននែត កូពឡាន (Kenneth Copeland)។
«ព្រះបានយាងមកពីស្ថានសួគ៌ ហើយបានក្លាយជាមនុស្ស។ [ទ្រង់] បានធ្វើឲ្យមនុស្សទៅជាព្រះតូចៗ។ [បន្ទាប់មក] ទ្រង់បានត្រឡប់ទៅស្ថានសួគ៌វិញក្នុងភាពជាមនុស្ស។ ទ្រង់ប្រឈមមុខនឹងព្រះវរបិតាក្នុងភាពជាមនុស្ស។ តែខ្ញុំប្រឈមមុខនឹងអារក្សជាព្រះរាជបុត្រានៃព្រះ… ខ្ញុំជាមនុស្សព្រះ»។ បេននី ហ៊ិន (Benny Hinn)
«ភាពក្រីក្រ គឺមកពីអារក្សសាតាំង ឯព្រះជាម្ចាស់ចង់ឲ្យគ្រីស្ទបរិស័ទទាំងអស់មានភាពចម្រុងចម្រើន»។ បេននី ហ៊ិន
«ព្រះនឹងមិនធ្វើអ្វីឡើយ លុះត្រាតែខ្ញុំនិយាយ»។ បេននី ហ៊ិន
«អ្នកណាប្រាប់អ្នកឲ្យ លះបង់ខ្លួនឯង គឺមកពីសាតាំង»។ ផឡា ហ្វៃត (Paula White)
[ប៉ុន្តែព្រះយេស៊ូវទ្រង់មានបន្ទូលថា «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាថាយ ១៦ៈ២៤)]
«ខ្ញុំចង់ឲ្យ អ្នកបានឮពីព្រះ។ អ្នកនឹងសរសេរមូលប្បទានប័ត្ររបស់អ្នកទៅឲ្យក្រុម ផឡា ហ្វៃត (Paula White)។ ប្រសិនបើព្រះប្រាប់អ្នកឲ្យផ្តល់ ១២.៩៩ ដុល្លារ ធ្វើវាចុះ។ អ្វីក៏ដោយដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់អ្នក»។ ផឡា ហ្វៃត
«មានអំណាចនៃការបង្កើតនៅក្នុងមាត់របស់អ្នកឥឡូវនេះ ព្រះបានមានបន្ទូល ហើយបង្កើតសកលលោក។ អ្នកក៏មានអំណាច ដើម្បីនិយាយនិងបង្កើតជីវិត និងសេចក្តីស្លាប់បាន! បើអ្នកជឿលើព្រះ អ្នកអាចបង្កើតអ្វីៗនៅក្នុងជីវិតរបស់អ្នកបាន»។ ផឡា ហ្វៃត
[ប្រសិនបើនេះជាការពិត ហេតុអ្វីបានជា ផឡា ហ្វៃត នៅតែសុំឲ្យមនុស្សផ្ញើប្រាក់ដង្វាយទៅគាត់?]
«ខ្ញុំចង់ឲ្យ អ្នកដឹងអ្វីមួយ៖ អ័ដាមនៅក្នុងសួនអេដែន គឺជាព្រះជាម្ចាស់ដែលសម្ដែងក្នុងភាពជាសាច់ឈាម»។ «អ័ដាមគឺដូចជាព្រះ…ដូចគ្នានឹងព្រះយេស៊ូវដែរ នៅពេលទ្រង់មកផែនដី» ខេននែត កូពឡាន (Kenneth Copeland)។
«ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង មិនគ្រប់គ្រាន់ដើម្បីសង្គ្រោះយើងទេ»។ ខេននែត កូពឡាន
—ការដកស្រង់មកពី (http://www.letusreason.org/Wf23.htm)
ធនធានដែលគួរទុកចិត្ត៖
plovpit.com/the-heretical-teaching-of-joseph-prince/
plovpit.com/prosperity-gospel/
www.youtube.com/watch?v=oiCMNT2JrE4&t=143s
មតិយោបល់
Loading…