in

​មួយ​ថ្ងៃ​ខ្ញុំ​មាន​ពេលមួយ​ម៉ោង​ តើ​ខ្ញុំ​គួរ​​អាន​ព្រះ​គម្ពីរប៉ុន្មាន​នាទី​​?

យើង​បន្ត​ទទួល​បាន​សំណួរ​មក​ពី​អ្នក​ស្តាប់ ដែល​ប្រឈម​នឹង​ផែន​ការណ៍​អាន​ព្រះ​គម្ពីរ​ប្រចាំ​ឆ្នាំ។ សំណួរ​នេះ​បាន​មក​ពី​លោក រុង។ «ជំរាប​សួរ​លោក​គ្រូ។ តាម​រយៈ​រដូវ​កាល​ផ្សេងៗ​នៃ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​ការ​ប៉ះ​ពាល់​ជា​ច្រើន​តាម​រយៈ​ព្រះ​គម្ពីរ និង​តាម​រយៈ​សៀវភៅ​ផ្សេងៗ ជា​ពិសេស​គឺ​សៀវភៅ​របស់​លោក​គ្រូ។ សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ តើ​ខ្ញុំ​អាច​រក្សា​តុល្យ​ភាព​នៃ​ការ​អាន​ព្រះ​គម្ពីរ​ជា​មួយ​នឹង​សៀវភៅ​ផ្សេងៗ​ទៀត​បាន​ដោយ​របៀប​ណា? ជា​ពិសេស បើ​ខ្ញុំ​មាន​ពេល​តែ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​អាន។ ដូច្នេះ តាម​យោបល់​របស់​លោក​គ្រូ តើ​ខ្ញុំ​គួរ​បែង​ចែក​ពេល​វេលា​យ៉ាង​ណា​រវាង​ការ​អាន​ព្រះ​គម្ពីរ និង​ការ​អាន​សៀវភៅ​ផ្សេងៗ?»

តើ​គួរ​អាន​សៀវភៅ​ណា?

នោះ​ជា​របៀប​មួយ​យ៉ាង​ល្អ​ជាក់​លាក់​ក្នុង​ការ​សួរ។ លោក​អ្នក​មាន​ពេល​មួយ​ម៉ោង លោក​អ្នក​មាន​ព្រះ​គម្ពីរ ហើយ​និង​សៀវភៅ​ផ្សេងៗ​ទៀត—សូម​ប្រាប់​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី។ អស្ចារ្យ​ណាស់! នេះ​ក៏​ជា​គំនិត​ដែល​ប្រថុយ​ណាស់​ដែរ។ វា​គឺ​ពិត​ជា​ប្រថុយ​ណាស់​ក្នុង​ការ​ប្រាប់​នរណា​ម្នាក់​អំពី​របៀប​បែង​ចែក​ពេល​វេលា​របស់​ពួក​គាត់​រវាង​ព្រះ​គម្ពីរ—គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ—និង​សៀវភៅ​ផ្សេងៗ​ទៀត។ ខ្ញុំ​នឹង​ផ្តល់​ជា​ឱវាទ​ជាក់​លាក់​នៅ​បន្តិច​ទៀត។ ប៉ុន្តែ ដំបូង​ខ្ញុំ​មាន​គំនិត​មួយ​ចំនួន​សិន។

នៅ​ពេល​ដែល​ខ្ញុំ​អាន​សំណួរ​នេះ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា តើ​គាត់​មាន​សៀវភៅ​អ្វី​ខ្លះ​ទេ ដែល​គាត់​មាន​នៅ​ក្នុង​គំនិត​របស់​គាត់។ តើ​គាត់​សួរ​អំពី​ការ​អាន​ព្រះ​គម្ពីរ ធៀប​នឹង​ការ​អាន​សៀវភៅ «វឌ្ឍន​ភាព​នៃ​ធម្មយាត្រា» ឬ «ការ​ស្គាល់​ព្រះ» របស់​លោក​គ្រូ ផាកើ ឬវិទ្យា​ស្ថានរបស់​លោក​គ្រូ ខិលវិន? ឬ​មួយ​គាត់​សួរ​អំពី​ការ​អាន​ព្រះ​គម្ពីរ ធៀប​នឹង​ការ​អាន​ទស្សនាវដ្តី​កីឡា ឬ​ភូមិ​សាស្ត្រ​ជាតិ ឬ​រឿង​ប្រលោម​លោក ឬ​មួយ​សេចក្តី​ណែនាំ អំពី​របៀប​ក្លាយ​ជា​ជាង​ជួសជុល​គ្រឿង​ម៉ាស៊ីន ឬ​មួយ​លំហាត់​សាលា? តើ​គាត់​កំពុង​សួរ​អំពី​អ្វី?

ពិចារណា​ពី​សត្វ​ស្រមោច

សូម​ឲ្យ​ខ្ញុំ​និយាយ​អំពី​ការ​អាន​ព្រះ​គម្ពីរ ធៀប​នឹង​ការ​ស្វែង​រក​ចំណេះ​ដឹង​ទូទៅ ដែល​នៅ​ខាង​ក្រៅ​ព្រះ​គម្ពីរ។ ពី​ព្រោះ​ខ្ញុំ​អាច​ស្រមៃ​អំពី​មនុស្ស​ម្នាក់​និយាយ​ថា «ពិត​ណាស់! ប្រសិន​បើ​ព្រះ​គម្ពីរ​គឺ​ពិត​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អាទិករ​ដែល​បង្កើត​ចក្រវាល​នេះ​មែន ចុះ​ហេតុ​អ្វី​លោក​អ្នក​មិន​ចំណាយ​ពេល​តែ​ជា​មួយ​ព្រះ​គម្ពីរ ពេញ​មួយ​ថ្ងៃ ហើយ​ស្តាប់​ព្រះ? ដ្បិត​ទ្រង់​គឺ​ជា​ព្រះ»។

ចម្លើយ​ទៅ​កាន់​សំណួរ​នេះ​គឺ​ថា ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​យើង​ឲ្យ​ធ្វើ​បែប​នេះ​នោះ​ទេ៖ «ទៅ​មើល​ស្រមោច​ចុះ [ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ] ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន​ប្រាជ្ញា​ឡើង» (សុភាសិត ៦:៦)។ នៅ​ក្នុង​របៀប​មួយ​ទៀត​គឺ បិទ​ព្រះ​គម្ពីរ​របស់​ខ្លួន ហើយ​ចេញ​ទៅ​មើល​អ្វី​ដែល​នៅ​ជុំវិញ ហើយ​រៀន​អ្វី​ម្យ៉ាង​ពី​លោកីយ៍​នេះ។ «ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង» (ម៉ាថាយ ៦:២៨)។ សូម​បិទ​ព្រះ​គម្ពីរ​របស់​លោក​អ្នក ហើយ​ចេញ​ទៅ​ពិចារណា​មើល​ផ្កា​ឈូក​ចុះ។ «ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស» (ម៉ាថាយ ៦:២៦)។ សូម​បិទ​ព្រះ​គម្ពីរ​របស់​លោក​អ្នក ហើយ​ចេញ​ទៅ​ពិចារណា​មើល​សត្វ​ស្លាប​នៅ​លើ​អាកាស។ កុំ​គ្រាន់​តែ​អាន​ព្រះ​គម្ពីរ សូម​អាន​ពិភព​លោក​របស់​ព្រះ និង​ព្រះ​បន្ទូល​របស់​ព្រះ

ពិត​ណាស់ ព្រះ​គម្ពីរ​ក៏​បាន​ប្រាប់​ឲ្យ​យើង​ធ្វើ​ការ​ជា​មួយ​នឹង​ដៃ​របស់​យើង ដើម្បី​ផ្គត់​ផ្គង់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ (១ថែស្សាឡូនីច ៤:១០-១២)។ ប៉ុន្តែ លោក​អ្នក​ត្រូវ​រៀន​ធ្វើ​ការ​ជា​អ្នក​ដេរ​តង់​ដូច​ជា​សាវ័ក ប៉ុល ឬ​ធ្វើ​ជា​វេជ្ជបណ្ឌិត​ដូច​ជា​លោក លូកា ឬ​ធ្វើ​ជា​ជាង​ឈើ​ដូច​ជា​ឪពុក​របស់​ព្រះ​យេស៊ូវ ឬ​ធ្វើ​ជា​អ្នក​នេសាទ​ត្រី​អាជីព​ដូច​ជា​សាវ័ក ពេត្រុស ដោយ​មិន​ចាំ​បាច់​មក​ពី​ការ​អាន​ព្រះ​គម្ពីរ​បាន​ដែរ។ ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​អំពី​អំបោះ​មួយ​ណា​ដែល​ធ្វើ​ឲ្យ​តង់​នៅ​ជាប់​គ្នា​នៅ​ពេល​ដែល​ស្បែក​ត្រូវ​ទឹក​សើម​នោះ​ឡើយ។ មិន​មាន​ប្រាប់​បែប​នោះ​ទេ។ ព្រះ​ជាម្ចាស់​មិន​បាន​រចនា​ព្រះ​គម្ពីរ​បែប​នេះ​នោះ​ទេ។ ព្រះ​គម្ពីរ​បាន​ប្រាប់​ឲ្យ​ចេញ​ទៅ​សង្កេត​មើល​ពិភព​លោក ឲ្យ​លោក​អ្នក​មាន​ប្រាជ្ញា សិក្សា​ពី​ធម្មជាតិ ហើយ​រក​ដំណោះ​ស្រាយ។

ដូច្នេះ នៅ​ត្រង់​នេះ​គឺ​ចង់​បញ្ជាក់​ថា ព្រះ​គម្ពីរ​ផ្ទាល់​បាន​ណែនាំ​យើង​ឲ្យ​រៀន​អំពី​ពិភព​លោក រៀន​អំពី​មនុស្ស រៀន​អំពី​ការងារ រៀន​អំពី​សង្គម និង​ទំនាក់​ទំនង​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក។ ព្រះ​គម្ពីរ​បាន​ហៅ​យើង​ឲ្យ​រៀន​ដោយ​ការ​សម្លឹង​មើល​របស់​ទាំង​អស់​នោះ។ យើង​នឹង​មិន​ឈប់​ឃើញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ ដោយ​ព្រោះ​តែ​យើង​មិន​អាន​ព្រះ​គម្ពីរ​នោះ​ឡើយ។

១៥​នាទី​ក្នុង​មួយ​ថ្ងៃ

តាម​ពិត​ទៅ នោះ​ប្រហែល​មិន​មែន​ជា​អ្វី​ដែល​លោក រុង ចង់​សួរ​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​គិត​ថា​លោក រុង ចង់​សួរ​គឺ​ថា ប្រសិន​បើ​ខ្ញុំ​មាន​សៀវភៅ​ដែល​ល្អ​អំពី​ព្រះ និង​របៀប​របស់​ព្រះ​ដែល​សរសេរ​ឡើង​ដោយ​អ្នក​និពន្ធ​ដែល​កោត​ខ្លាច​ព្រះ ហើយ​ខ្ញុំ​មាន​ពេល​មួយ​ម៉ោង ហើយ​ខ្ញុំ​ត្រូវ​បែង​ចែក​ការ​អាន​សៀវភៅ​នោះ​ចេញ​ពី​ព្រះ​គម្ពីរ តើ​ខ្ញុំ​គួរ​បែង​ចែក​បែប​ណា? គាត់​សួរ​ថា ប្រសិន​បើ​អ្នក​មាន «សៀវភៅ​ពី​វិទ្យា​ស្ថាន» របស់​លោក​គ្រូ ខិលវិន ឬ «ការ​ស្គាល់​ព្រះ» របស់​លោក​គ្រូ ជេ. អាយ. ផាកកើ ហើយ​គាត់​ចង់​អាន​សៀវភៅ​ទាំង​នោះ​ខ្លះ ប៉ុន្តែ​គាត់​ក៏​ចង់​អាន​ព្រះ​គម្ពីរ​ដែរ។ ដូច្នេះ តើ​គាត់​នឹង​ធ្វើ​ឡើង​ដោយ​របៀប​ណា? នេះ​ជា​ចម្លើយ៖

សូម​ចាំ​ថា ខ្ញុំ​មិន​មាន​សិទ្ធ​អំណាច​ពី​ព្រះ​គម្ពីរ​ក្នុង​ការ​និយាយ​អំពី​ការ​នេះ​នោះ​ឡើយ។ ការ​បែង​ចែក​នេះ​គឺ​វា​គ្រាន់​តែ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ផ្តល់​ឲ្យ​ជា​យោបល់​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​រម្លឹក​ទៅ​កាន់​អ្នក​អាន និង​អ្នក​ស្ដាប់​របស់​យើង​ទាំង​អស់​គ្នា អំពី​អ្វី​មួយ​ដែល​ខ្ញុំ​បាន​និយាយ​ពី​មុន​មក គឺ​តាំង​តែ​ពី​យូរ​មក​ហើយ។

ឧបមា​ថា លោក​អ្នក​អាន​យឺតៗ​ដូច​ខ្ញុំ គឺ​ខ្ញុំ​អាន​ប្រហែល​ជា ២០០ ពាក្យ​ក្នុង​មួយ​នាទី—នេះ​ទំនង​ជា​ល្បឿន​ដែល​ខ្ញុំ​កំពុង​និយាយ​ក៏​ថា​បាន ខ្ញុំ​មិន​ដឹង​ប្រាកដ​ទេ។ ប្រសិន​បើ​លោក​អ្នក​អាន​១៥​នាទី​ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ នោះ​គឺ​ស្មើ​នឹង​ការ​ចំណាយ​ពេល​អាន​ចំនួន ៥៤៧៥ នាទី​ក្នុង​មួយ​ឆ្នាំ។ បើ​យើង​គុណ​នឹង ២០០ ពាក្យ​ក្នុង​មួយ​នាទី នោះ​ស្មើ​នឹង ១០៩៥០០០ ពាក្យ ដែល​លោក​អ្នក​បាន​អាន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

ជា​មធ្យម សៀវភៅ​ធំៗ​ជា​ច្រើន​គឺ​មាន​ប្រហែល​ជា ៣៦០ ពាក្យ​ក្នុង​មួយ​ទំព័រ។ ខ្ញុំ​បាន​រាប់​ជា​ច្រើន​ដង។ ដូច្នេះ លោក​អ្នក​នឹង​អាន​ប្រហែល​ជា ៣០៤១ ទំព័រ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ នៃ​ចន្លោះ​ពេល​១៥​នាទី​ក្នុង​មួយ​ថ្ងៃ។ សៀវភៅ​ធំៗ​អាច​មាន​ជា​មធ្យម ចំនួន ២៥០​ទំព័រ។ សៀវភៅ​ជា​ច្រើន​មាន​ប្រហែល​ជា ១៥០ ទំព័រ ប៉ុន្តែ ឧបមា​ថា សៀវភៅ​ទេវ​វិទ្យា​មួយ​ក្បាល​ដែល​ធំ ហើយ​មាន​គុណ​ភាព​ល្អ គឺ​មាន​ប្រមាណ​ជា ២៥០ ទំព័រ។ ខ្ញុំ​ទើប​តែ​បើក​មើល​មួយ​ក្បាល ដែល​ខ្ញុំ​ទទួល​បាន​កាល​ពី​ម្សិល​មិញ។ វា​គឺ​មាន​ប្រមាណ​ជា ២៥០ ទំព័រ។ នោះ​គឺ ស្មើ​នឹង​អាន​សៀវភៅ​សំខាន់ៗ ១២ ក្បាល​ក្នុង​១៥​នាទី​មួយ​ថ្ងៃ សម្រាប់​អ្នក​អាន​ដែល​មាន​ល្បឿន​មធ្យម។

អាន​ ដើម្បី​អាន​ព្រះ​គម្ពីរ

ខ្ញុំ​នឹង​ផ្តល់​ជា​យោបល់​ទៅ​កាន់​លោក រុង ថា​ឲ្យ​គាត់​គួរ​អាន​ព្រះ​គម្ពីរ​ក្នុង​រយៈ​ពេល​៤៥​នាទី—ដោយ​យឺតៗ មាន​ការ​គិត​ពិចារណា សញ្ជឹង​គិត អធិស្ឋាន ការ​ធ្វើ​បែប​នេះ​នឹង​អាច​នាំ​ឲ្យ​គាត់​ឲ្យ​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ចប់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ—បន្ទាប់​មក គាត់​អាច​ចំណាយ​ពេល​១៥​នាទី ដែល​នៅ​សល់ ដើម្បី​អាន​សៀវភៅ​ដែល​ល្អៗ ដែល​យក​ព្រះ​ជា​គោល និង​ពោរ​ពេញ​ដោយ​អត្ថ​បទ​ព្រះ​គម្ពីរ ដែល​នឹង​ជួយ​បម្រើ​ដល់​ការ​អាន​ព្រះ​គម្ពីរ​របស់​គាត់។ (ខ្ញុំ​សន្មត​ថា​លោក រុង ក៏​នឹង​ញែក​ពេល​ជា​ច្រើន​ទៀត ដើម្បី​អធិស្ឋាន​ដែរ។)

ប្រហែល​ជា​នឹង​មាន​នរណា​ម្នាក់​និយាយ​ថា «តើ​គាត់​អាច​ផ្តល់​យោបល់​ឲ្យ​មាន​សៀវភៅ​ណា​ផ្សេង​ចូល​មក​ឈ្លាន​ពាន​ពេល​វេលា​មួយ​ម៉ោង​ដែល​គាត់​គួរ​តែ​ចំណាយ​លើ​ការ​អាន​ព្រះ​គម្ពីរ​បាន​ដោយ​របៀប​ណា?»។ ហើយ​ចម្លើយ​របស់​ខ្ញុំ​នោះ​គឺ​ថា តាម​រយៈ​បទ​ពិសោធន៍​របស់​ខ្ញុំ ហើយ​ព្រះ​គម្ពីរ​ផ្ទាល់​ក៏​បាន​ឆ្លុះ​បញ្ចាំង​មក​កាន់​ខ្ញុំ​អំពី​ការ​យល់​ដឹង​របស់​មនុស្ស​ផ្សេងៗ​ទៀត ដែល​ពួក​គាត់​បាន​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ អាច​ជា​មធ្យោបាយ​យ៉ាង​ល្អ​ក្នុង​ការ​មើល​ឃើញ​បន្ថែម​ទៀត នៅ​ក្នុង​ព្រះ​គម្ពីរ។ ខ្ញុំ​ដឹង​ថា ចំណុច​នេះ​ជា​ការ​ពិត។ ប្រសិន​បើ​ខ្ញុំ​ចំណាយ​ពេល​១០​នាទី ដើម្បី​អាន​សៀវភៅ​របស់​លោក​គ្រូ ចន អូវិន ឬ​សៀវភៅ​របស់​លោក​គ្រូ យ៉ូណាថាន់ អែតវ៉ដ នោះ​ខ្ញុំ​នឹង​ឃើញ​កាន់​តែ​ច្រើន​ចំណុច​ទៀត នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។

ខ្ញុំ​គិត​ថា ប្រសិន​បើ​លោក រុង ជ្រើស​រើស​សៀវភៅ​របស់​គាត់​ដោយ​ប្រើ​ប្រាស់​ប្រាជ្ញា នោះ​វា​នឹង​មិន​បន្ថយ​អ្វី​ដែល​គាត់​ឃើញ​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ នៅ​ក្នុង​ពេល​មួយ​ម៉ោង​នោះ​របស់​គាត់​ឡើយ។ ការ​មើល​តាម​រយៈ​ភ្នែក​របស់​អ្នក​ដទៃ​នឹង​ជួយ​បង្កើន​ការ​យល់​ដឹង​របស់​លោក រុង អំពី​អ្វី​ដែល​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភព​លោក​នេះ នៅ​ពេល​គាត់​អាន​ព្រះ​គម្ពីរ។

សូម​បិទ​ព្រះ​គម្ពីរ​របស់​លោក​អ្នក ហើយ​ចេញ​ទៅ​ពិចារណា​មើល​សត្វ​ស្លាប​នៅ​លើ​អាកាស។ កុំ​គ្រាន់​តែ​អាន​ព្រះ​គម្ពីរ សូម​អាន​ពិភព​លោក​របស់​ព្រះ និង​ព្រះ​បន្ទូល​របស់​ព្រះ…

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឈាង បូរ៉ា, លោក ហុង សម្ភស, លោក សឹម រក្សា និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​វា​មាន​ន័យ​ដូច​ម្ដេច​ដែល​ថា យើង​ត្រូវ​បាន «រាប់​ជា​សុចរិត​ដោយ​ការ​ប្រព្រឹត្ត​នោះ?»

តើ​គ្រីស្ទ​បរិស័ទ​អាច​បាត់​បង់​នូវ​សេចក្តី​សង្គ្រោះ​របស់​ពួក​គេ​ដែរ​ទេ?