in

បែប​បទ​នៃ​ការ​ចែ​ចង់​គ្នា ​ដោយ​មាន​ការ​ពឹង​អាង​លើ

យើង​លើក​ឡើង​អំពី​ការ​ច្រណែន​គ្នា​ក្នុង​ទំនាក់​ទំនង​ស្នេហា។ ប៉ុន្តែ យើង​ពិតជា​មិន​ដែល​បាន​និយាយ​អំពី​បែប​បទ​នៃ​ចែ​ចង់​គ្នា​ដោយ​មាន​ការ​ពឹង​លើ នោះ​ទេ។ ប្រធាន​បទ​នេះ​ក៏​សំខាន់​ផង​ដែរ។ សំណួរ​បាន​មក​រក​យើង​ពី​យុវជន​ម្នាក់​មិន​បាន​ផ្តល់​ឈ្មោះ​ឲ្យ​យើង។ «ជំរាប​សួរ​គ្រូ ខ្ញុំ​សូម​អរ​គុណ​លោក​គ្រូ​សម្រាប់​ការ​ឆ្លើយ​សំណួរ​របស់​លោក​គ្រូ​ផង​ដែរ។ ខ្ញុំ​មាន​ទំនាក់​ទំនង​ស្នេហា​ដល់​កម្រិត ដែល​មិត្ត​ស្រី​របស់​ខ្ញុំ​បាន​មក​ពឹង​លើ​ខ្ញុំ​ចំពោះ​អ្វី​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ជា​សូវ​ជា​ល្អ។ គាត់​ចំណាយ​ពេល​កាន់​តែ​តិច​ជា​មួយ​មិត្តភក្ដិ​របស់​គាត់ សូម្បី​តែ​ជា​មួយ​គ្រួសារ​របស់​គាត់ ហើយ​គាត់​ពឹង​ផ្អែក​លើ​ខ្ញុំ​ជា​ទំនាក់​ទំនង​តែ​មួយ​គត់​របស់​គាត់​វិញ។ នេះ​ហាក់​ដូច​ជា​មិន​សូវ​ល្អ​ទេ​ចំពោះ​ខ្ញុំ។ តើ​មែន​ទេ​លោក​គ្រូ? ហើយ​តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច?

ទោះ​បី​ជា​បុរស​វ័យ​ក្មេង​នេះ​មិន​បាន​និយាយ​ឲ្យ​ចំៗ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​សន្មត់​ថា ផ្នែក​នៃ​អ្វី​ដែល​នៅ​ពី​ក្រោយ​សំណួរ​នេះ គឺ​ការ​រំពឹង​ទុក​នៃ​អាពាហ៍ពិពាហ៍​ពិពាហ៍ ហើយ​ការ​បារម្ភ​ថា​ស្ត្រី​ដែល​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​គាត់​ម្នាក់​នេះ អាច​ខ្លាំង​ជាង​មុន​ចំពោះ​អ្វី​ដែល​គាត់​នឹង​ក្លាយ​ទៅ​ជា ក្នុង​នាម​ជា​ភរិយា និង​ជា​ដៃ​គូ​អស់​មួយ​ជីវិត។

ឫស​គល់​ជ្រៅ​សម្រាប់​កិច្ច​ព្រមព្រៀង​ពេញ​មួយ​ជីវិត

ជីវិត​អាពាហ៍ពិពាហ៍​មិន​មែន​ជា​ការ​ពិសោធន៍​នោះ​ទេ វា​ជា​កិច្ច​សន្យា​ពេញ​មួយ​ជីវិត។ ជា​ការ​ល្អ​ដែល​មាន​ពាក្យ​សច្ចា​នៅ​ពេល​រៀប​ការ តាម​ប្រពៃណី​ដោយ​មាន​ឃ្លា​ថា «ដរាប​ណា​យើង​ទាំង​ពីរ​នៅ​រស់» ឬ «ដរាប​ណា​យើង​ចែក​ផ្លូវ​គ្នា»។ ការ​សន្យា​បែប​នោះ​មាន​ឫស​គល់​តាម​ព្រះ​គម្ពីរ។ វា​ត្រឹម​ត្រូវ។ យើង​គួរ​តែ​សន្យា​បែប​នោះ​នៅ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​យើង។ ដូច្នេះ បុរស និង​ស្ត្រី​គ្រប់​រូប​ដែល​កំពុង​សញ្ជឹង​គិត​អំពី​សេចក្ដី​តាំង​សញ្ញា​ពេញ​មួយ​ជីវិត​បែប​នេះ​គួរ​តែ​ស្វែង​រក​ភស្តុតាង​នៃ​ជំនឿ​ដែល​មិន​អាច​រង្គោះរង្គើ​លើ​ព្រះ​គ្រីស្ទ និង​មាន​ឫសគល់​ជ្រៅ​នៃ​ចរិត​លក្ខណៈ និង​កម្លាំង​របស់​គ្រីស្ទ​បរិស័ទ​ដែល​គាត់​កំពុង​សញ្ជឹង​គិត​អំពី។

ជា​ការ​ពិត​ណាស់ គ្មាន​នរណា​ម្នាក់​ជា​ចៅក្រម​អាច​កាត់​ថ្លៃ​បាន​លើ​សេចក្តី​ជំនឿ និង​ចរិត​លក្ខណៈ​នោះ​ទេ លើក​លែង​តែ​ព្រះ​ជាម្ចាស់។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​បុរស​គ្រីស្ទ​បរិស័ទ និង​ស្ត្រី​គ្រីស្ទ​បរិស័ទ​គួរ​តែ​អធិស្ឋាន​ដោយ​ស្មោះ ដោយ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ការពារ​ពួក​គេ​ចេញពី​ការ​រៀប​ការ​ជា​មួយ​នឹង​នរ​ណា​ម្នាក់​ដែល​នឹង​បំផ្លាញ​អាពាហ៍ពិពាហ៍ ឬ​នរ​ណា​ម្នាក់​ដែល​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​បង្អាប់​ដល់​ព្រះ​គ្រីស្ទ។ ដូច្នេះ យុវជន​ដែល​សួរ​សំណួរ​នេះ គឺ​ដាក់​ម្រាម​ដៃ​លើ​លក្ខណៈ​វិនិច្ឆ័យ​ដែល​យើង​គួរ​រក​មើល​នៅ​ពេល​ចែចង់​នរណា​ម្នាក់​ដែល​អាច​ក្លាយ​ជា​ប្ដី​ឬ​ប្រពន្ធ​របស់​ខ្លួន។ គាត់​កំពុង​ដាក់​ម្រាម​ដៃ​លើ​អ្វី​ដែល​យើង​អាច​ហៅ​ថា ភាព​ខ្វះ​ខាត​របស់​យុវនារី​នេះ។

៥​សំណួរ​ ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ការ​ចែចង់​ដោយ​មាន​ការ​ពឹង​លើ

តាម​ពិត​ទៅ ខ្ញុំ​គ្មាន​សិទ្ធិ​វិនិច្ឆ័យ​លើ​បញ្ហា​របស់​ស្ត្រី​ម្នាក់​នេះ​ដែល​គាត់​កំពុង​និយាយ​នោះ​ទេ។ ខ្ញុំ​ដឹង​តិច​តួច​អំពី​គាត់ ហើយ​មាន​កត្តា​ជា​ច្រើន​ដែល​អាច​កំណត់​អាកប្ប​កិរិយា​របស់​គាត់។ ខ្ញុំ​នឹង​ល្ងង់​ណាស់​ក្នុង​ការ​កាត់​ទោស​គាត់។ ដូច្នេះ ខ្ញុំ​នឹង​គ្រាន់​តែ​និយាយ​បែប​ទូទៅ​អំពី​អ្វី​ដែល​គាត់​គួរ​តែ​ស្វែង​រក ជា​ពិសេស​ទាក់ទង​នឹង​តម្រូវ​ការ​ខាង​វិញ្ញាណ ឬ​ផ្លូវ​ចិត្ត ឬ​ក៏​អ្វី​ដែល​គាត់​ចង់​សំដៅ​លើ​ដែល​ខ្ញុំ​គិត​ថា​ជា​ការ​ពឹង​លើ។

ខ្ញុំ​មាន​សំណូម​ពរ​ប្រាំ​យ៉ាង​ដោយ​ផ្អែក​លើ​ខ​គម្ពីរ​ទាំង​ប្រាំ ហើយ​ដោយ​សារ​បុរស​ដែល​ជា​អ្នក​បាន​សួរ​អំពី​ស្ត្រី​ដែល​គាត់​កំពុង​តែ​ចែ​ចង់ នោះ​ខ្ញុំ​នឹង​ប្រាប់​ជា​ការ​ផ្ដល់​យោបល់​ទាំង​នេះ​ទាក់​ទង​នឹង​ប្រភេទ​ស្ត្រី​ដែល​គាត់​គួរ​ស្វែង​រក ទោះ​បី​ជា​នៅ​ក្នុង​ចំណុច​ទាំង​ប្រាំ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា មនុស្ស​ស្រី​ក៏​គួរ​តែ​ស្វែង​រក​ក្នុង​មនុស្ស​បុរស​ដែរ។

១.តើ​ព្រះ​យេស៊ូវ​មាន​តម្លៃ​បំផុត​សម្រាប់​គាត់​ឬ?

តើ​គាត់​ឲ្យ​តម្លៃ​លើ​ព្រះ​យេស៊ូវ និង​ទំនាក់ទំនង​របស់​គាត់​ជា​មួយ​ព្រះ​យេស៊ូវ​ថា មាន​តម្លៃ​ជាង​ទំនាក់​ទំនង​ណា​ផ្សេង​ទៀត​ដែល​គាត់​មាន​ដែរ​ឬ​ទេ?

«ប៉ុន្តែ សេចក្ដី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ​គ្រីស្ទ។ ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ» (ភីលីព ៣:៧-៨)។

នេះ​គឺ​ជា​សំណួរ​ដ៏​សំខាន់​បំផុត។ តើ​ក្មួយ​អាច​ដឹង​ថា ក្មួយ​ជា​អ្នក​លេខ​ពីរ​ក្នុង​ជីវិត​របស់​គាត់ ហើយ​មិន​មែន​ជា​លេខ​មួយ​បាន​ទេ? តើ​ក្មួយ​អាច​យល់​ឃើញ​ថា គាត់​នឹង​រីក​រាយ​ដែល​ក្មួយ​ជាប់​ជា​លេខ​ពីរ​ក្នុង​ជីវិត​របស់​គាត់ ហើយ​មិន​មែន​ជា​លេខ​មួយ​ដែរ​ទេ? ប្រសិន​បើ​ឧត្តម​ភាព​របស់​ព្រះ​គ្រីស្ទ​មិន​ស្ថិត​ស្ថេរ នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​នៅ​ក្នុង​ទំនាក់​ទំនង​នេះ​ដែល​នឹង​នៅ​កន្លែង​ដ៏​ត្រឹម​ត្រូវ​បាន​ទេ។

២. តើ​ព្រះ​គ្រីស្ទ​ធ្វើ​ឲ្យ​គាត់​មាន​ស្ថេរ​ភាព​ដែរ​ឬ​ទេ?

តើ​ព្រះ​គ្រីស្ទ​បាន​ក្លាយ​ជា​អ្នក​ផ្តល់​ក្តី​សង្ឃឹម​ហើយ​មាន​ស្ថេរ​ភាព និង​ពេញ​ចិត្ត​ចំពោះ​គាត់ ដែល​ក្មួយ​អាច​មើល​ឃើញ​ថា តើ​កម្លាំង និង​អត្ត​សញ្ញាណ​របស់​គាត់ និង​ស្ថេរ​ភាព​របស់​គាត់​ត្រូវ​បាន​បំផ្លាញ​ចោល ឬ​ក៏​អត់​ដោយ​សារ​ចំណុច​ទាប និង​ចំណុច​ខ្ពស់​នៃ​ជីវិត​របស់​គាត់​ដែរ​ឬ​ទេ?

«ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្ដោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង។ ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក​រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ។ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ» (ភីលីព ៤:១១-១៣)។

តើ​គាត់​បាន​រៀន​អំពី​ចំណុច​នេះ​ហើយ​ឬ​នៅ? តើ​ក្មួយ​បាន​ឃើញ​កម្លាំង​ពី​ខាង​ក្នុង​បែប​នេះ​កើត​ចេញ​ពី​សេចក្តី​ជំនឿ​របស់​គាត់​លើ​ព្រះ​គ្រីស្ទ ដល់​ថ្នាក់​ថា​គាត់​នៅ​អាច​មាន​ដំណើរ​ការ និង​បង្កើត​ផ្លែផ្កា​ក្នុង​នាម​ជា​មនុស្ស​ក្នុង​គ្រា​ដ៏​ល្អ​បំផុត និង​គ្រា​ដ៏​អាក្រក់​បំផុត​បាន​ដែរ​ឬ​ទេ?

៣. តើ​គាត់​គោរព​ជា​ជាង​ប្រើ​ក្មួយ​ដែរ​ឬ​ទេ?

វា​មិន​មែន​ជា​បែប​សាសនា​គ្រីស្ទ​ទេ—យើង​គ្រាន់​តែ​ត្រូវ​ទទួល​ស្គាល់​ចំណុច​នេះ​ថា—សម្រាប់​ឲ្យ​មនុស្ស​ម្នាក់ (ដែល​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ) មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​ការ​មនុស្ស​ម្នាក់​ទៀត។ មាន​សេចក្តី​ត្រូវ​ការ​ក្នុង​គម្ពីរ​មួយ​ប្រភេទ​ដែល​មិន​ដូច​គ្នា​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​បែប​នោះ។ តើ​គាត់​មាន​តម្រូវ​ការ​សម្រាប់​ក្មួយ ដែល​នៅ​ឫសគល់​នោះ ដែល​មាន​សមត្ថភាព​គោរព​ក្មួយ មិន​មែន​ប្រើ​ប្រាស់​ក្មួយ​ដែរ​ឬ​ទេ?

នេះ​ជា​កន្លែង​ដែល​ខ្ញុំ​ទទួល​បាន​គំនិត​នោះ។ សូម​ពិចារណា​អំពី​របៀប​ដ៏​ពិសេស​ដែល​សាវ័ក ប៉ុល បាន​ប្រកែក​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១២:២១-២៣។ ក្នុង​ការ​ពណ៌នា​អំពី​ទំនាក់​ទំនង​រវាង​គ្រីស្ទ​បរិស័ទ​ក្នុង​រូប​កាយ​របស់​ព្រះ​គ្រីស្ទ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា “អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ”»។ ផ្ទុយ​ទៅ​វិញ ផ្នែក​នៃ​រាង​កាយ​ដែល​ហាក់​ដូច​ជា​ទន់​ខ្សោយ​គឺ​មិន​អាច​ខ្វះ​បាន ហើយ​ចំពោះ​ផ្នែក​នៃ​រាង​កាយ​ដែល​យើង​គិត​ថា មិន​សូវ​មាន​កិត្តិយស នោះ​យើង​ផ្តល់​កិត្តិយស​ឲ្យ​ច្រើន​ជាង។

ម្យ៉ាង​ទៀត គាត់​បាន​បក​ស្រាយ​អំពី​តម្រូវ​ការ​ដែល​អវយវៈ​ក្នុង​ខ្លួន​មាន​ចំពោះ​អវយវៈ​ផ្សេង​ទៀត​ថា​ជា​តម្រូវ​ការ​ដែល​ផ្តល់​កិត្តិយស​ដល់​អវយវៈ​ផ្សេង​ទៀត។ នោះ​ពិត​ជា​ចម្លែក និង​អស្ចារ្យ​ណាស់។ នោះ​ក៏​ជា​តម្រូវ​ការ​មិន​ធម្មតា​ដែរ។ ដូច្នេះ សំណួរ​សម្រាប់​បុរស​នេះ​គឺ​ថា តើ​តម្រូវ​ការ​របស់​យុវនារី​នេះ​សម្រាប់​គាត់​ជា​តម្រូវ​ការ​ដូច​ដែល​សាវ័ក ប៉ុល កំពុង​និយាយ​ដែរ​ឬ​ទេ? តើ​វា​មាន​សមត្ថភាព និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​មិន​ធ្វើ​ស៊ី​គាត់​ដោយ​ការ​មាន​ពេញ​ទៅ​ដោយ​តម្រូវការ ប៉ុន្តែ​ជា​ការ​ផ្តល់​កិត្តិយស​ដល់​គាត់​វិញ​ដែរ​ឬ​ទេ?

៤. តើ​គាត់​ធន់​ទ្រាំ​នឹង​ព្រះ​គ្រីស្ទ​ដែរ​ឬ​ទេ?

តើ​គាត់​មាន​ចិត្ត​ស្ងប់ និង​ភាព​រឹងប៉ឹង​ដើម្បី​កុំ​ឲ្យ​សេចក្តី​អំណរ​របស់​គាត់​ក្នុង​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បំផ្លាញ​ចោល បើ​មាន​គេ​បដិសេធ​គាត់​ដែរ​ឬ​ទេ?

មាន​ពរ​ហើយ កាល​ណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់​កាល់ ត្មះ​តិះ​ដៀល…ទុក​ដូច​ជា​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស។ ចូរ​អ្នក​រាល់​គ្នា​អរ​សប្បាយ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​លោ​ត​កញ្ឆេង​ចុះ ដ្បិត​មើល អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​យ៉ាង​ធំ​នៅ​ឯ​ស្ថាន​សួគ៌ ឯ​ពួក​ឰយុកោ​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ (លូកា ៦:២២-២៣)។

ម្យ៉ាង​ទៀត រង្វាន់​យ៉ាង​ធំ មាន​ស្ថិរ​ភាព ចិត្ត​ស្កប់ស្កល់​ដល់​ថ្នាក់​ថា ការ​បដិសេធ​ពី​មនុស្ស​មិន​ធ្វើ​ឲ្យ​យើង​ខូច​ចិត្ត​ឡើយ។ តើ​ក្មួយ​ឃើញ​ភស្តុតាង​នៅ​ក្នុង​គាត់​ត្រង់​ថា គាត់​នឹង​ឆ្លើយ​តប​តាម​របៀប​ដែល​សាវ័ក ប៉ុល បាន​ធ្វើ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៤:១២-១៣ ដែរ​ឬ​ទេ? «កាល​ណា​គេ​ជេរ នោះ​យើង​ខ្ញុំ​ឲ្យ​ពរ​វិញ កាល​ណា​គេ​បៀតបៀន នោះ​យើង​ខ្ញុំ​ទ្រាំ​ទ្រ កាល​ណា​គេ​ប្រមាថ នោះ​យើង​ខ្ញុំ​អង្វរ​ដល់​គេ»។ ឬ​ក៏ តើ​ក្មួយ​ឃើញ​មាន​ភ័ស្ដុតាង​ដែល​ថា ប្រសិន​បើ​មាន​គេ​ប្រព្រឹត្ត​បែប​នោះ​ដាក់​គាត់ នោះ​គាត់​នឹង​មាន​អារម្មណ៍​អសមត្ថ​ភាព​វិញ?

៥. តើ​គាត់​អាច​រីករាយ​នឹង​ទុក្ខ​ព្រួយ​បាន​ដែរ​ឬ​ទេ?

តើ​គាត់​មាន​បទ​ពិសោធន៍​ខ្លះ​នៃ​បទ​ពិសោធ​គ្រីស្ទ​បរិស័ទ​ដែល​ខុស​ប្លែក​ពី​គេ​អំពី «មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ» ឬ​ទេ? នោះ​ជា​របៀប​ដែល​សាវ័ក ប៉ុល បាន​ពណ៌នា​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​គាត់​ថា «មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ» (២កូរិនថូស ៦:១០)។

ម្យ៉ាង​វិញ​ទៀត មិន​ថា​ការ​បាត់​បង់​ពិត​ប៉ុណ្ណា ឬ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​ណា​នោះ​ទេ ផ្ទាំង​ថ្ម​នៃ​សេចក្តី​អំណរ​របស់​ព្រះ​ជាម្ចាស់​នៅ​ក្រោម​រលក​នៃ​ទុក្ខ​សោក​មិន​ដែល​រើ​បាន​ឡើយ។

ស្តង់ដារ​ដែល​ត្រូវ​ខិតខំ​ចង់​បាន

សំណួរ​ទាំង​ប្រាំ​នេះ​ដែល​ខ្ញុំ​នឹង​សួរ ក្នុង​ការ​ព្យាយាម​ស្វែង​យល់​ថា តើ​ការ​ពឹង​ផ្អែក​ខាង​ផ្លូវ​អារម្មណ៍ និង​នៅ​ក្នុង​ទំនាក់​ទំនង​នៃ​ការ​ចែ​ចង់​គ្នា​នោះ​មាន​ការ​ពឹង​ពាក់​លើ ជា​ទំនាក់​ទំនង​ដំណើរ​ការ​មិន​មាន​ដំណើរ​ការ​ត្រឹម​ត្រូវ ឬ​ក៏​មិន​មាន​សុខ​ភាព​ល្អ ឬ​ក៏​មាន​ការ​ពឹង​លើ។

ហើយ​ប្រសិន​បើ​ដូច​ដែល​ខ្ញុំ​អាច​ស្រមៃ​បាន​ដល់​ថា ការ​ឆ្លើយ​តប​របស់​ក្មួយ​ចំពោះ​សំណួរ​ទាំង​នេះ​គឺ​និយាយ​ថា «លោក​គ្រូ គ្មាន​នរណា​ម្នាក់​អាច​វាស់វែង​បាន​តាម​ស្តង់ដារ​នោះ​ទេ» នោះ​ការ​ឆ្លើយ​តប​របស់​ខ្ញុំ​គឺ​ថា គ្មាន​នរណា​ម្នាក់ (ដើម្បី​ប្រាកដ​គ្នា) គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ក្នុង​វិធី​ទាំង​ប្រាំ​នេះ​ទេ។ ប៉ុន្តែ បុគ្គល​ដែល​កើត​មក​ពី​ព្រះ​ជាម្ចាស់​ពិត​ប្រាកដ​នឹង​ដឹង​អំពី​រង្វាស់​ខ្លះៗ​នៃ​កិច្ចការ​ទាំង​នេះ ពិត​ជា​បាន​ភ្លក់​រស​ជាតិ​វា ហើយ​នឹង​មិន​រុញរា​ពី​សំណួរ​បែប​នេះ​ទេ ប៉ុន្តែ​នឹង​ពិត​ជា​ចង់​រីក​ចម្រើន​តាម​វិធី​ទាំង​អស់​នេះ​ជា​មិន​ខាន។ ដូច្នេះ ចូរ​រក​មើល​ចំណុច​ទាំង​នេះ ហើយ​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​ក្មួយ​នូវ​ការ​យល់​ដឹង នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​ធំ​បំផុត​ទី​ពីរ​នៃ​ជីវិត​របស់​ក្មួយ​ចុះ។

យើង​លើក​ឡើង​អំពី​ការ​ច្រណែន​គ្នា​ក្នុង​ទំនាក់​ទំនង​ស្នេហា។ ប៉ុន្តែ យើង​ពិតជា​មិន​ដែល​បាន​និយាយ​អំពី​បែប​បទ​នៃ​ចែ​ចង់​គ្នា​ដោយ​មាន​ការ​ពឹង​លើ​នោះ​ទេ។ ប្រធាន​បទ​នោះ​ក៏​សំខាន់​ផង​ដែរ…

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក ពេជ្រ ប៊ុនណា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, កញ្ញា ហុង រស្មី និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

លោក​អ្នក​រៀប​ចំ​មេរៀន​អធិប្បាយ​យ៉ាង​មិច​ក៏​មិន​ចប់​ដែរ