in ,

គ្មាន​ការ​រំខាន​ដោយ​ភាព​ឯកោ​ខាង​ឯ​វិញ្ញាណ

«ខ្ញុំ​បាន​ទទួល​បង្គាប់​នឹង​មក​ឯ​ពួក​កូន​ចៀម ដែល​បាត់បង់​របស់​ពូជពង្ស​សាសន៍​អ៊‌ីស្រាអែល​តែ​ប៉ុណ្ណោះ​ទេ»
(ម៉ាថាយ ១៥:២៤)។

មាន​ពេល​មួយ មាន​បុរស​ម្នាក់​បាន​ប្រាប់​ដល់​លោក ចន វេស្លី (John Wesley) ថា «ព្រះ​គម្ពីរ​គឺ​មិន​ដឹង​អ្វី​សោះ​អំពី​សាសនា​នៃ​ការ​ផ្តាច់​ខ្លួន​ម្នាក់​ឯង។ ហេតុ​ដូច្នេះ មនុស្ស​ត្រូវ​តែ​ស្វែង​រក​ដៃគូ ឬ​បង្កើត​ពួក​គេ​ឡើង។ នេះ​គឺ​ជា​ផ្នែក​យ៉ាង​សំខាន់​នៅ​ក្នុង​ជំនឿ​នៃ​គ្រីស្ទ​បរិស័ទ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ វា​មិន​មែន​ជា​ជំនឿ​ដែល​អាច​រស់​នៅ​ក្នុង​ជីវិត​ឯកោ​ទេ វា​ប្រហែល​ជា​សម​ស្រប​ជា​មួយ​សាសនា​មួយ​ចំនួន ប៉ុន្តែ​មិន​មែន​ជា​មួយ​​ជំនឿ​នៃ​គ្រីស្ទ​បរិស័ទ​​ទេ»¹
ពេល​វេលា​ពិត​ជា​បាន​ផ្លាស់​ប្ដូរ​មែន។

សម្រាប់​មនុស្ស​ជា​ច្រើន សាសនា​ទោល​គឺ​ជា​ទម្លាប់​ពេញ​ចិត្ត​ក្នុង​សម័យ​នេះ។ គេ​មាន​ការ​ពេញ​ចិត្ត​ចូល​រួម​ក្រុម​ជំនុំ​តាមរយៈ​ការ​មើល​ជា​វីដេអូ​សម្រាប់​ការ​ជួប​ជុំ​រួម​គ្នា កម្ម​វិធី​ឌីជីថល​មាន​អាទិភាព​លើ​ភាព​ជាក់​ស្តែង​ ហើយ​មិត្តភក្ដិ​លើ​បណ្ដាញ​សង្គម​ដូច​ជា​ហ្វេសប៊ុក​ត្រូវ​បាន​ស្វាគមន៍​ច្រើន​ជាង​ទំនាក់​ទំនង​ផ្ទាល់។

នេះ​គឺ​ជា​សម្លេង​ស៊ីរ៉ែន​នៃ​ភាព​ឯកោ​ខាង​ឯ​វិញ្ញាណ៖ អ្នក​មិន​ត្រូវ​ការ​អ្នក​ជឿ​ផ្សេង​ទៀត​ទេ នោះ​គឺ​ជា​ចំណង​ជើង ហើយ​អ្នក​អាច​រស់​នៅ​ក្នុង​ជីវិត​គ្រីស្ទាន​ទាំង​អស់​ដោយ​ខ្លួន​ឯង នោះ​គឺ​ជា​ការ​បន្ទរ។ វា​ជា​បទ​ចម្រៀង​ដែល​យើង​ច្រៀង ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​កៅអី​ព្រះ​វិហារ​ទទេ​របស់​យើង បទ​ភ្លេង​ដែល​យើង​ច្រៀង​នៅ​ពេល​យើង​អស់​កម្លាំង និង​ហត់​នឿយ ហើយ​ភ្លេង​ដែល​យើង​បន្លឺ​ឡើង​នៅ​ពេល​យើង​ឃើញ​អ្នក​ជឿ​បោះ​បង់​យើង​នឹង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។²

សម្លេង​ស៊ីរ៉ែន​នោះ​គឺ​ខុស​ហើយ
ព្រះ​ជាម្ចាស់​បាន​រៀប​ចំ​ឲ្យ​ជីវិត​គ្រីស្ទាន​បាន​រស់​នៅ​រួម​គ្នា មិន​មែន​រស់​នៅ​ម្នាក់​ឯង​ទេ។ កណ្ឌ​គម្ពីរ សុភាសិត ១៨:១ បាន​ចែង​ថា «អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ»។ ការ​ផ្តាច់​ខ្លួន​ខាង​ឯ​វិញ្ញាណ គឺ​ជា​សេចក្តី​អំនួត​នៃ​ភាព​អាត្មា​និយម។ ហើយ​វា​មាន​គ្រោះ​ថ្នាក់​លើស​ជាង​ការ​ដែល​យើង​គិត​យល់​ទៀត។ វា​នាំ​ឲ្យ​អ្នក​គ្មាន​ជំនួយ​នៅ​ពេល​អ្នក​ដួល​ចុះ (កាឡាទី ៦:២) មាន​ភាព​ល្ងីល្ងើ​ពេល​អ្នក​គិត ( សុភាសិត ១៨:១-២) ហើយ​គ្មាន​អំណាច​ចេស្ដា​សោះ​ពេល​អ្នក​ផ្សាយ​ដំណឹង​ល្អ (យ៉ូហាន ១៣:៣៤-៣៥) រុញ​ច្រាន​អ្នក​នៅ​លើ​ជ្រោះ​នៃ​ការ​ខ្ទេច​ខ្ទាំ​ខាង​ឯ​វិញ្ញាណ (ហេព្រើរ ១០:២៤-២៥)។ ហេតុ​អ្វី? ពីព្រោះ​ការ​ផ្តាច់​ខ្លួន​ខាង​ឯ​វិញ្ញាណ គឺ​ជា​ជីវិត​រស់​នៅ​ដែល​គ្មាន​ព្រះគ្រីស្ទ។ វា​បដិសេធ​នូវ​កិច្ចការ​ជា​អ្នក​គង្វាល​ដែល​ព្រះ​គ្រីស្ទ​ត្រូវ​បាន​បញ្ជូន​មក​ឲ្យ​ធ្វើ (ម៉ាថាយ ១៥:២៤) និង​តួនាទី​ដែល​ត្រូវ​បាន​ប្រគល់​មក​កាន់​អ្នក​ដើរ​តាម​ទ្រង់​គ្រប់ៗ​រូប​ឲ្យ​បំពេញ។

យើង​មិន​ត្រឹម​តែ​ត្រូវ​ការ​អ្នក​គង្វាល​ខាង​ឯ​វិញ្ញាណ​ក្នុង​ជីវិត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ឃ្វាល​បង​ប្អូន​រួម​ជំនឿ​លើ​ពួក​គេ៖ ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ ព្រម​ទាំង​ផ្តល់​អាហារ និង​ការពារ​ពួក​គេ ហើយ​ថែម​ទាំង​រុំ​របួស​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ឈឺចាប់​ផង​ដែរ។³ គ្រប់​ទាំង​អស់​គឺ​ជា​កិច្ចការ​នៃ​អ្នក​គង្វាល។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​គ្រប់​ទាំង​អស់​គឺ​ជា «គ្នា​ទៅ​វិញ​ទៅ​មក» គឺ​ជា​បង្គាប់​ដែល​ព្រះ​គ្រីស្ទ​បាន​បង្គាប់​ដល់​ប្រជា​រាស្ត្រ​របស់​ទ្រង់។ ដូច​ជា​ការ​ហុច​បន្ត​ដំបង​នៅ​ក្នុង​ការ​រត់​ប្រណាំង ព្រះ​គ្រីស្ទ​បាន​ហុច​បន្ត​ដំបង​នៃ​អ្នក​គង្វាល​របស់​ទ្រង់​មក​កាន់​យើង។

ព្រះ​យេស៊ូវ​គឺ​ជា​អ្នក​គង្វាល​ដែល​ត្រូវ​បាន​សន្យា
នៅ​ពេញ​ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ ពួក​អ៊‌ីស្រាអែល​ជា​ញឹក​ញយ​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​ហ្វូង​ចៀម​មួយ​ដែល​ត្រូវ​ការ​អ្នក​គង្វាល។ ហើយ​គ្រប់​ទាំង​អ្នក​គង្វាល​ទាំង​អស់​ដែល​ព្រះ​ជាម្ចាស់​បាន​ចាត់​បញ្ជូន​មក​តែង​តែ​បរាជ័យ​នៅ​ក្នុង​របៀប​ណា​មួយ ឬ​ផ្សេង​ទៀត។ សូម​គិត​អំពី​លោក ម៉ូសេ៖ គាត់​គឺ​ជា​អ្នក​គង្វាល​ដែល​មិន​ស្តាប់​បង្គាប់។ គិត​អំពី​ស្តេច ដាវីឌ៖ គាត់​គឺ​ជា​អ្នក​គង្វាល​ដែល​រំលោភ​បំពាន។[៤] ហើយ​នេះ​ជា​គន្លង​របស់​ពួក​អ៊‌ីស្រាអែល- រហូត​ដល់​ព្រះ​យេស៊ូវ «ជា​អ្នក​គង្វាល​ល្អ» (យ៉ូហាន ១០:១១) បាន​យាង​មក​ដល់។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៥:២៤ ព្រះ​យេស៊ូវ​បាន​អះអាង​ថា ទ្រង់​ជា​អ្នក​គង្វាល​ដែល​ព្រះ​បាន​សន្យា​នៅ​ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា «ខ្ញុំ [ត្រូវ​បាន​ចាត់]…មក​ឯ​កូន​ចៀម​ដែល​បាត់​បង់​របស់​ពូជ​ពង្ស​សាសន៍​អ៊‌ីស្រាអែល»។ ទ្រង់​គឺ​ជា​អ្នក​គង្វាល​ដែល​បង្រៀន​ដែល​ត្រូវ​បាន​ចាត់​មក ដើម្បី​ឲ្យ​ចំណី​ដល់​ចៀម​របស់​ទ្រង់​នៅ​ក្នុង​វាល​ស្មៅ​នៃ​សេចក្តី​ពិត​របស់​ព្រះ ទ្រង់​ជា​អ្នក​គង្វាល​ដែល​ស្តាប់​បង្គាប់​ដែល​ត្រូវ​បាន​បញ្ជូន​មក ដើម្បី​ដឹក​នាំ
«ហ្វូង​ចៀម​របស់​ខ្លួន ដោយ​សារ​ឥទ្ធិ​ឫទ្ធិ​នៃ​ព្រះ​យេហូវ៉ា» (មីកា ៥:៣) និង​ជា​អ្នក​គង្វាល​ដែល​សុគត​ដែល​ត្រូវ​បាន​ចាត់​បញ្ជូន​មក​សុគត ដើម្បី​ឲ្យ​ចៀម​របស់​ទ្រង់​បាន​រស់​នៅ។[៥]

ព្រះ​យេស៊ូវ​ជា​អ្នក​គង្វាល​ដ៏​ល្អឥតខ្ចោះ
ទោះ​បី​ជា​ចៀម​របស់​ទ្រង់​ខាំ​ទ្រង់​ជា​ញឹក​ញយ​ហើយ​វង្វេង​ចេញ​ក៏​ដោយ ព្រះ​យេស៊ូវ​ទ្រង់​នៅ​តែ​បដិសេធ​មិន​ព្រម​ផ្តាច់​អង្គ​ទ្រង់​ចេញ​ពី​ប្រជា​រាស្ត្រ​របស់​ទ្រង់​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​នេះ​គឺ​ជា​បេសកកម្ម​នៃ​ភាព​ជា​ព្រះ​របស់​ព្រះ​អង្គ។ ទ្រង់​គឺ​ជា​អ្នក​គង្វាល​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ហ្វូង​ចៀម​មិន​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់។

ព្រះ​យេស៊ូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ចៀម​ទ្រង់។ ព្រះ​គ្រីស្ទ​បាន​បំពេញ​សម្រេច​សេចក្តី​ទំនាយ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៤០:១១ «ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ​ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។» តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​បាន​ឃើញ​ព្រះ​យេស៊ូវ​បាន​ធ្វើ​តាម​រយៈ​ព័ន្ធ​កិច្ច​របស់​ទ្រង់​ទេ​ឬអី? ព្រះ​ហឫទ័យ​នៃ​ភាព​ជា​អ្នក​គង្វាល​របស់​ទ្រង់​បាន​រីក​ឡើង​នៅ​ពេល​ដែល​ទ្រង់​ឃើញ​ពី​ភាព​ល្វើយ​នៃ​ជីវិត​ខាង​ឯ​វិញ្ញាណ​របស់​ហ្វូង​ចៀម​របស់​ទ្រង់ (ម៉ាថាយ ៩:៣៦)។ តាម​រយៈ​ការ​អស្ចារ្យ​របស់​ទ្រង់ នោះ​ទ្រង់​បាន​រុំ​របួស​ខាង​រូប​កាយ​ដល់​ចៀម​ទ្រង់ ហើយ​តាម​រយៈ​ការ​បង្រៀន​របស់​ទ្រង់ នោះ​ទ្រង់​បាន​ព្យាបាល​ខាង​តម្រូវ​ការ​ខាង​ឯ​វិញ្ញាណ​របស់​ចៀម​ទ្រង់។

ព្រះ​យេស៊ូវ​ស្រឡាញ់​ចៀម​របស់​ទ្រង់។ នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១០:១៤-១៥ យើង​អាច​ស្តាប់​ឮ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ចំពោះ​រាស្ត្រ​ទ្រង់៖ «ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ…ដូច​ជា​ព្រះ​វរបិតា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ»។ ដើម្បី​ស្គាល់​ចៀម​ទ្រង់ គឺ​ត្រូវ​ស្រឡាញ់​ចៀម​ទ្រង់ ហើយ​ពិត​ជា​អស្ចារ្យ​ព្រះ​យេស៊ូវ​បាន​ប្រៀប​ធៀប​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ប្រជា​រាស្ត្រ​របស់​ទ្រង់ ទៅ​ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា។ គ្មាន​សេចក្តី​ស្រឡាញ់​ដែល​ធំ​ជាង​នេះ​ឡើយ។ ហើយ​នេះ គឺ​ជា​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​ចំពោះ​ហ្វូង​ចៀម​របស់​ទ្រង់​ដែល​ខ្សោយ តែង​តែ​បរាជ័យ​ហើយ​មិន​ដែល​យល់ គឺ​ជា​សេចក្តី​ស្រឡាញ់​របស់​អ្នក​គង្វាល​ដែល​ព្រម​ទាំង​លះ​ព្រះ​ជន្ម​របស់​ទ្រង់​សម្រាប់​ហ្វូង​ចៀម​របស់​ទ្រង់
(យ៉ូហាន ១០:១១)។

ព្រះ​យេស៊ូវ​ការពារ​ចៀម​ទ្រង់។ ក្តី​បារម្ភ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​សម្រាប់​អ្នក​គង្វាល គឺ​សត្វ​ចចក ឬ ឆ្កែ​ព្រៃ​លូន​ចូល​ទៅ​ក្នុង​ក្រោល ដើម្បី​ត្របាក់​លេប​ហ្វូង​សត្វ​របស់​គាត់។ ចៀម​គឺ​ជា​សត្វ​ដែល​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ដោយ​សារ​គ្មាន​ក្រចក គ្មាន​ចង្កូម ឬ​ល្បឿន ដើម្បី​ការពារ​ខ្លួន​ឡើយ។ នេះ​ជា​មូល​ហេតុ​ដែល​អ្នក​គង្វាល​ស្មោះ​ត្រង់​នឹង​មិន​ដែល​ចាក​ចោល​ចៀម​របស់​គាត់​ឡើយ។ ពួក​គេ​ឈរ​ការពារ​ដោយ​ប្រើ​ព្រនង់ ដំបង និង​ខ្សែ​ដង្ហក់ ច្បាស់​ណាស់​នេះ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​ក្នុង​ព័ន្ធកិច្ច​របស់​ព្រះ​អង្គ។

ព្រះ​យេស៊ូវ​បាន​លើក​ព្រនង់​របស់​ទ្រង់​ឡើង​នៅ​ពេល​ទ្រង់​ព្រមាន​អំពី​ដំណឹង​ល្អ​ដ៏​អាក្រក់​របស់​ពួក​ផារិស៊ី។ ព្រះ​អង្គ​គ្រវី​ដំបង​របស់​ទ្រង់​នៅ​ពេល​ទ្រង់​ប្រកាស​ពី​ការ​កាត់​ទោស​ទៅ​លើ​ពួក​អ្នក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ មិន​មែន​ម្តង ប៉ុន្តែ​រហូត​ដល់​ពីរ​ដង។ ព្រះ​អង្គ​បាន​ប្រលែង​ខ្សែ​ដង្ហក់​របស់​ទ្រង់​តាម​រយៈ​ទ្រង់​ហៅ​ពួក​អ្នក​ដឹក​នាំ​សាសនា​ថា​ជា
«គ្រូ​ក្លែង​ក្លាយ» (ម៉ាថាយ ៧:១៥) ជា​ដើម​ឈើ​ដែល​ត្រូវ «កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ» (ម៉ាថាយ ៧:១៩) ហើយ​និង «សត្វ​ពស់…ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរ​ក​បាន» (ម៉ាថាយ ២៣:៣៣)។
ព្រះ​យេស៊ូវ​ទ្រង់​លែង​ជា​អ្នក​គង្វាល​ដែល​សុភាព​ទៀត​ហើយ​នៅ​ពេល​ដែល​មាន​ចចក​មក​ក្រវែល​ហ្វូង​ចៀម។

ព្រះ​យេស៊ូវ​ឲ្យ​ចំណី​ដល់​ចៀម​ទ្រង់។ វា​ផ្ទុយ​ពី​សត្វ​ពពែ​ដែល​ខំប្រឹង​ស្វះ​ស្វែង​រក​កន្លែង​ដែល​មាន​ចំណី ចៀម​នឹង​ដាច់​ពោះ​ស្លាប់​ប្រសិន​បើ​មិន​នាំ​ទៅ​រក​ចំណី។[៦] តួនាទី​ចម្បង​មួយ​របស់​អ្នក​គង្វាល គឺ​នាំ​ហ្វូង​ចៀម​របស់​គាត់​ទៅ​កាន់​កន្លែង​ដែល​ស្ងប់​ស្ងាត់​ហើយ​មាន​វាល​ស្មៅ​ខៀវ​ខ្ចី និង​ជ្រលង​ទឹក​ត្រជាក់។ ហើយ​ពិត​ប្រាកដ​ណាស់​នេះ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​នៅ​គ្រប់​ពេល​ទ្រង់​បង្រៀន៖ «កាល​ព្រះ​យេស៊ូវ​បាន​ឡើង​ពី​ទូក​មក នោះ​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ជា​ធំ ក៏​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ពី​ព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្តី​ជា​ច្រើន»(ម៉ាកុស ៦:៣៤)។ ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ថា​ហ្វូង​ចៀម​វង្វេង​របស់​ទ្រង់​ត្រូវ​ការ​អាហារ​បំប៉ន ហេតុ​ដូច្នេះ​ទ្រង់​នាំ​ពួក​គេ​ទៅ​កាន់​កន្លែង​វាល​ស្មៅ​ខៀវ​ខ្ចី​នៃ​ដំណឹង​ល្អ​របស់​ទ្រង់។

ព្រះ​យេស៊ូវ​សង្គ្រោះ​ចៀម​ទ្រង់ ចៀម​វង្វេង។ លោក ឆាលស៍ ជេវហ្វើរសុន (Charles Jefferson) បាន​ពន្យល់​ថា៖

ពួក​គេ​បាន​វង្វេង​ផ្លូវ​ដោយ​ភាព​ឆោត​ល្ងង់ ហើយ​ក៏​ដោយ​សារ​ភាព​ធ្វេសប្រហែស និង​ភាព​ល្ងីល្ងើ។ ចៀម​មួយ​អាច​នឹង​ដាក់​ច្រមុះ​វា​ចុះ​ក្រោម​ទៅ​លើ​ដី ដើម្បី​ដើរ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី វា​ញែក​ខ្លួន​វា​ចេញ​បន្តិច​ម្តងៗ​រហូត​ដល់​ហ្វូង​របស់​វា​មិន​អាច​មើល​វា​ឃើញ ចៀម​កំសត់​ដែល​ញែក​ខ្លួន​ដាច់​ដោយ​ឡែក​នោះ​មិន​ដឹង​ថា​ខ្លួន​វា​នៅ​កន្លែង​ណា​ទេ។ នៅ​ពេល​ដែល​វា​ដឹង​ពី​ស្ថាន​ភាព​វង្វេង​របស់​វា នោះ​វា​ខំប្រឹង​យ៉ាង​ខ្លាំង ដើម្បី​ស្វែង​រក​ហ្វូង​របស់​វា។ វា​មិន​អាច​រស់​នៅ​ម្នាក់​ឯង​បាន​ទេ វា​ត្រូវ​បាន​បង្កើត​មក​សម្រាប់​រស់​នៅ​ជា​សហគមន៍។ នៅ​ពេល​នៅ​ម្នាក់​ឯង​វា​ងាយ​នឹង​តក់​ស្លុត​ហើយ​ភ័យ​ស្លន់​ស្លោ។ គ្រប់​អ្វី​ទាំង​អស់​ដែល​វា​ឃើញ​ធ្វើ​ឲ្យ​វា​តក់​ស្លុត និង​គ្រប់​សំឡេង​ទាំង​អស់​ធ្វើ​ឲ្យ​វា​ភ័យ​ខ្លាច។ វា​ប្រញាប់​ប្រញាល់​រត់​ទៅ​នេះ​រត់​ទៅ​នោះ ដើម្បី​ស្វែង​រក​ផ្លូវ​របស់​វា ប៉ុន្តែ​ជា​ទូទៅ​ការ​ខំប្រឹង​របស់​វា​មិន​ដែល​មាន​ផ្លែផ្កា​ទេ។ ចៀម​ដែល​វង្វេង គឺ​មិន​ដែល​អាច​ត្រឡប់​មក​ផ្ទះ​វិញ​ទេ។[៧]

អ្នក​គង្វាល​សម័យ​បុរាណ​មិន​ដែល​មាន​ការ​រំពឹង​ថា​ចៀម​ដែល​វង្វេង​នឹង​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ដែល​នោះ​ជា​មូល​ហេតុ​ដែល​អ្នក​គង្វាល​ព្យាយាម​ស្វែង​រក​ភ្លាមៗ​នៅ​ពេល​គាត់​ដឹង​ថា​វា​បាន​វង្វេង​បាត់​ពី​ហ្វូង។

តើ​នេះ​មិន​មែន​ជា​រូប​ភាព​យ៉ាង​ស្រស់​ស្អាត​នៃ​បេសកកម្ម​របស់​ព្រះ​គ្រីស្ទ «ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់​បង់» (លូកា ១៩:១០)? វា​គឺ​ជា​រូប​ភាព​នៃ​អ្នក​គង្វាល​យ៉ាង​ល្អ​ប្រពៃ​របស់​យើង​បាន​តាម​ស្វែង​រក​យើង នៅ​ពេល​ដែល​យើង​បាន​បោះ​បង់​ទ្រង់ ដូចជា​ទ្រង់​បាន​ធ្វើ​ជាមួយ​ពួក​សាវ័ក នៅ​ពេល​ទ្រង់​មាន​បន្ទូល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ១៤:២៧-២៨ ថា «អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត…ប៉ុន្តែ​កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលីឡេ មុន​អ្នក​រាល់​គ្នា»។ ព្រះ​យេស៊ូវ​កំពុង​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​នៃ​អ្នក​គង្វាល ជា​រូប​ភាព​នៃ​អ្នក​គង្វាល​ដែល​ដើរ​មុខ​ហ្វូង​ចៀម​របស់​ទ្រង់។ ទោះ​បី​ជា​ពួក​សាវ័ក​របស់​ទ្រង់​បាន​បដិសេធ​ទ្រង់ ទ្រង់​សន្យា​ថា​នឹង​ស្វែង​រក​ពួក​គេ រុំ​របួស​ឲ្យ​ពួក​គេ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​កាន់​ទី​សុវត្ថិភាព​នៃ​ហ្វូង​ចៀម​របស់​ទ្រង់​វិញ។

ព្រះ​យេស៊ូវ​ជា​គំរូ​នៃ​អ្នក​គង្វាល
ព្រះ​យេស៊ូវ​គឺ​ជា​អ្នក​គង្វាល​ដែល​ប្រជា​រាស្ត្រ​របស់​ទ្រង់​ត្រូវ​ការ។ ទ្រង់​គឺ​ជា​អ្នក​គង្វាល​ដែល​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​វរបិតា​បាន​សន្យា។ ហើយ​ទ្រង់​គឺ​ជា​អ្នក​គង្វាល​ដែល​យើង​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​យក​គំរូ​តាម។

រស់​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​ការ​រំខាន

នៅ​ពេល​ដែល​សាវ័ក ពេត្រុស បាន​សរសេរ​ថា «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ» (១ពេត្រុស ៥:២-៣) គាត់​មាន​កិច្ចការ​នៃ​អ្នក​គង្វាល​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង​គំនិត​របស់​គាត់។ ទោះ​បី​ជា​សាវ័ក ពេត្រុស គាត់​សរសេរ​ជា​ចម្បង​សម្រាប់​អ្នក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​ក៏​ដោយ ភាព​ជាក់​ស្ដែង​នៃ​បទ​បញ្ជា​របស់​គាត់​គឺ​មាន​លើស​ពី​សម្រាប់​អស់​អ្នក​ដែល​មាន​តួនាទី​ក្នុង​ក្រុម​ជំនុំ។[៨]

ព្រះ​គ្រីស្ទ​បាន​ដាក់​យើង​ម្នាក់​នៅ​ជុំវិញ​អ្នក​ជឿ (ចៀម) ជា​អ្នក​ដែល​ត្រូវ​ការ​ការ​ថែរក្សា ផ្តល់​ចំណី និង​រុំ​របួស​ឲ្យ។ ចចក​វា​នៅ​តែ​ដើរ​ក្រវែល។ នៅ​តែ​មាន​ចៀម​វង្វេង។ នៅ​តែ​មាន​តម្រូវ​ការ​ខាង​អ្នក​គង្វាល។ សម្លេង​ស៊ីរ៉ែន​នៃ​ការ​ផ្តាច់​ខ្លួន​ខាង​ឯ​វិញ្ញាណ​នៅ​តែ​ត្រូវ​ធ្វើ​ឲ្យ​ស្ងប់​ស្ងាត់។

ស្វែង​រក​ហ្វូង​ចៀម​របស់​អ្នក
ការ​ឃ្វាល​គឺ​ជា​ការ​បង្កើត​សិស្ស ហើយ​ការ​បង្កើត​សិស្ស​គឺ​ជា​កត្តា​យ៉ាង​ចាំ​បាច់​សម្រាប់​អ្នក​ជឿ​គ្រប់​រូប។ ដើម្បី​ជំរុញ​ចំណុច​នេះ​បន្ថែម វា​គឺ​ជា​បញ្ញត្តិ​មួយ​ដែល​ព្រះ​យេស៊ូវ​បាន​ផ្តល់​មក​សម្រាប់​អ្នក​ជឿ​គ្រប់​រូប​គឺ៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍» (ម៉ាថាយ ២៨:១៩)។

សូម​គិត​អំពី​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​នាំ​មក​កាន់​ជីវិត​របស់​អ្នក សមាជិក​ក្រុម​ជំនុំ​របស់​អ្នក អ្នក​រួម​ការងារ សមាជិក​គ្រួសារ មិត្តភក្ដិ និង​មិត្ត​រួម​ថ្នាក់។ ហើយ​សូម​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ណា​ដែល​ខ្ញុំ​អាច​យក​ចិត្ត​ទុក​ដាក់ ថែរក្សា ការពារ? តើ​អ្នក​ណា​ដែល​ខ្ញុំ​អាច​ស្រឡាញ់​ហើយ​ជួយ​សង្គ្រោះ? តើ​អ្នក​ណា​ដែល​ខ្ញុំ​អាច​ឃ្វាល​តាម​រយៈ​ការ​បង្កើត​សិស្ស?

ឃ្វាល​តាម​រយៈ​ការ​បង្កើត​សិស្ស
ប៉ុន្តែ តើ​កិច្ចការ​នៃ​អ្នក​គង្វាល​នេះ​សម្រេច​បាន​ដោយ​របៀប​ណា? តើ​ការ​បង្កើត​សិស្ស​ដ៏​ស្មោះ​ត្រង់​មាន​លក្ខណៈ​ដូច​ម្តេច? តើ​អ្នក​គង្វាល​ដែល​ដូច​ជា​ព្រះ​គ្រីស្ទ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

សូម​គិត​ពិចារណា​ពី​គោលការណ៍​មួយ​ចំនួន​ខាង​ក្រោម៖

ទី១ ធ្វើ​ការ​ដាក់​ទុន​ដោយ​ឆ្លាត​វៃ។ សូម​ធ្វើ​ការ​លះបង់​ខ្លួន​អ្នក​សម្រាប់​អស់​អ្នក​ណា​ដែល​បង្ហាញ​បំណង​ចិត្ត​ក្នុង​ការ​រីក​ចម្រើន​ក្នុង​ព្រះ​គ្រីស្ទ។ អ្នក​មិន​អាច​ឃ្វាល​គ្រប់​គ្នា​បាន​ទេ។ ពេល​វេលា និង​កម្លាំង​មិន​មែន​គ្មាន​ដែន​កំណត់​ឡើយ។ ស្វែង​រក​អស់​អ្នក​ដែល​អន្ទះសា​ចង់​បាន​ភាព​ស្មោះ​ត្រង់​ហើយ​បង្ហូរ​ខ្លួន​អ្នក​ទៅ​ដល់​ពួក​គេ។ ធ្វើ​ដូច​ជា​កណ្ឌ​គម្ពីរ ២ធីម៉ូថេ ២:២ បាន​ណែនាំ៖ «ឯ​អស់​ទាំង​សេចក្តី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ»។

ទី២ អភិវឌ្ឍ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន។ អ្នក​ខ្លះ​បាន​កំណត់ «ការ​បង្កើត​សិស្ស» នៅ​ក្នុង​ថ្នាក់​រៀន នៅ​លើ​ក្តារខៀន និង​នៅ​ពេល​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ធ្វើ​ការ ដែល​កំណត់​ថា​ត្រូវ​មាន។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ផ្តល់​នូវ​ព័ត៌មាន តែ​គ្មាន​ភាព​គង្វាល​ពិត​ប្រាកដ។ ការ​ឃ្វាល​រួម​បញ្ចូល​ទាំង​ការ​ស្គាល់​ហ្វូង​ចៀម ស្គាល់​រឿងរ៉ាវ​របស់​ពួក​គេ អ្វី​ដែល​គេ​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត ហើយ​សូម្បី​តែ​រសជាតិ​ការ៉េម​ដែល​គេ​ចូល​ចិត្ត​បំផុត​ផង​ដែរ។

ការ​នេះ​មាន​ន័យ​ថា​ការ​បង្កើត​សិស្ស​គឺ​វា​លើស​ជាង​គ្រាន់​តែ​ទំនាក់​ទំនង​គ្រូ-សិស្ស។ វា​ត្រូវ​តែ​ជា​មិត្ត​ភាព។

ចំណាយ​ពេល​ជា​មួយ​សិស្ស​របស់​យើង​ដូច​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ចំណាយ​ពេល​ជា​មួយ​សាវ័ក​របស់​ទ្រង់​ដែរ។ សូម​ស្គាល់​ក្រុម​គ្រួសារ​របស់​គេ។ ការ​បរិភោគ​អាហារ​ជា​មួយ​ពួក​គេ។ មើល​ពួក​គេ​ជា​មួយ «ការ​ធ្លាក់​ចុះ» របស់​ពួក​គេ ហើយ​អនុញ្ញាត​ឲ្យ​គេ​បាន​មើល​ឃើញ​អ្នក មិន​មែន​គ្រាន់​តែ​ជា​អ្នក​គង្វាល​ដែល​នាំ​មុខ​ពួក​គេ​ឡើយ ប៉ុន្តែ​ដូច​ជា​ចៀម​មួយ​ក្នុង​ហ្វូង​ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃ្វាល​របស់​ព្រះ​គ្រីស្ទ។

ទី៣ ស្វែង​រក​ការ​រីក​ចម្រើន​ខាង​ព្រលឹង​វិញ្ញាណ។ ទោះបីជា​មិត្ត​ភាព​មាន​សារៈសំខាន់ ការ​បង្កើត​សិស្ស​គឺ​សំខាន់​លើស​ជាង​មិត្ត​ភាព។ ការ​បង្កើត​សិស្ស​គឺ​ជា​មិត្តភាព​ក្នុង​គោល​បំណង​ចង់​បាន​ភាព​ចាស់​ទុំ​ខាង​ព្រលឹង​វិញ្ញាណ។ អ្នក​គង្វាល​ប្រាថ្នា​ក្នុង​ការ​បំប៉ន​ចៀម​របស់​គាត់​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​ឃើញ​ពួក​គេ​រីក​ចម្រើន​នៅ​ក្នុង​ភាព​ពេញ​វ័យ​នៃ​ព្រះ​គ្រីស្ទ។ ត្រូវ​តែ​ប្រឈម​មុខ​ជាមួយ​គោល​ដៅ​នេះ។ ត្រូវ​ប្រាកដ​ថា​សិស្ស​របស់​អ្នក​យល់​ថា​គាត់​កំពុង​តែ​ដាក់​ខ្លួន​គាត់​ទៅ​ណា។ ហើយ​បន្ទាប់​មក​ត្រូវ​យក​ព្រះ​បន្ទូល​ជា​ចំណុច​ស្នូល​នៃ​ពេល​វេលា​របស់​អ្នក។[៩] ដឹក​នាំ​ចៀម​របស់​អ្នក​ទៅ​កាន់​ទឹក​ហូរ​គ្រឿនៗ​នៃ​ព្រះ​បន្ទូល ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ (និង​ខ្លួន​អ្នក) បាន​ផឹក​ទឹក​ពី​អូរ​នៃ​សេចក្តី​ពិត​របស់​ព្រះ។[១០]

ទី៤ អនុវត្ត​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​របៀប​ជាក់​ស្ដែង។ ការ​ស្គាល់​ព្រះ​បន្ទូល​ពិត​ប្រាកដ​ទាម​ទារ​ការ​ស្តាប់​បង្គាប់​ផ្ទាល់​ខ្លួន​ទៅ​កាន់​ព្រះ​បន្ទូល​របស់​ព្រះ (ទំនុកតម្កើង ១១៩:៣៤)។ ហើយ​ធ្វើ​ជា​គំរូ​អំពី​ការ​នេះ។ បើក​ចំហ​ពេល​វេលា​នៃ​ការ​បង្កើត​សិស្ស​របស់​អ្នក ដើម្បី​ពន្យល់​អំពី​របៀប​ដែល​ព្រះ​បន្ទូល​ព្រះ​បាន​ផ្លាស់​ប្រែ​គំនិត និង​សកម្មភាព​របស់​អ្នក។ បង្ហាញ​ពី​ភាព​ជឿ​ជាក់​ដែល​អ្នក​មាន​អារម្មណ៍ ក្តី​អំណរ​ដែល​អ្នក​មាន​បទ​ពិសោធន៍ ហើយ​សូម្បី​តែ​សំណួរ​ដែល​អ្នក​មាន​ក្នុង​ខណៈ​ពេល​ដែល​អាន​ព្រះ​បន្ទូល​របស់​ព្រះ។ ប៉ុន្តែ​កុំ​ឈប់​ត្រឹម​នេះ សូម​សួរ​សិស្ស​របស់​អ្នក​ថា​ពួក​គាត់​នឹង​ដើរ​ឲ្យ​ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​របៀប​ណា។ ហើយ​កុំ​ឲ្យ​ស្ងប់​ចិត្ត និង​ចម្លើយ​ដែល​ស្ទាក់​ស្ទើរ​នោះ​ឡើយ។ ការ​ស្ងប់​ស្ងាត់​ដ៏​ទើស​ទាល់​ជា​ញឹកញយ​គឺ​វា​ល្អ។ ការ​គិត​ស៊ី​ជម្រៅ​ទាម​ទារ​ពេល​វេលា។

ទី៥ បង្ហាញ​គំរូ​នៃ​ការ​បន្ទាប​ខ្លួន។ ក្នុង​នាម​ជា​អ្នក​គង្វាល អ្នក​គឺ​ជា​អ្នក​កំណត់​របៀប​សម្រាប់​ទំនាក់​ទំនង​បង្កើត​សិស្ស​របស់​ខ្លួន។ ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ​គឺ​ពិត​ច្បាស់៖ «អ្នក​ណា​ដែល​បាន​គ្រប់​លក្ខណ៍ នោះ​នឹង​បាន​ដូច​ជា​គ្រូ​ដែរ» (លូកា ៦:៤០)។ សូម​ទទួល​អារម្មណ៍​ពី​ទម្ងន់​នៃ​គោល​ការណ៍​នេះ ហើយ​ទូល​សុំ​ព្រះ​សម្រាប់​ការ​បន្ទាប​ខ្លួន។ បន្ទាប់​មក​អនុញ្ញាត​ឲ្យ​ការ​បន្ទាប​ខ្លួន​បាន​ជ្រាប​ចូល​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​ពេល​វេលា​របស់​អ្នក
(យ៉ាកុប ៤:៦)។

ទី៦ បញ្ជូន​អ្នក​គង្វាល​ផ្សេង​ទៀត។ ការ​បង្កើត​សិស្ស​ដ៏​ស្មោះត្រង់​គឺ​ជា​ការ​ភ្ជាប់​ទំនាក់​ទំនង​ជា​ពហុ​គុណ។ សូម​ជំរុញ​សិស្ស​របស់​អ្នក​ឲ្យ​បញ្ឈប់​នូវ​សម្លេង​ស៊ីរ៉ែន​នៃ​ការ​ផ្តាច់​ខ្លួន​ចេញ ហើយ​ទទួល​យក​ការ​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​របស់​គាត់។ សូម​បញ្ជាក់​ប្រាប់​គាត់​ថា​អ្នក​នឹង​គាំទ្រ​គាត់​នៅ​ពេល​គាត់​បង្កើត​សិស្ស​ពី «ហ្វូង​ចៀម» របស់​គាត់។ ហើយ​បន្ទាប់​មក​រីក​រាយ​ក្នុង​ការ​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​គ្រីស្ទ។

ស្វែង​រក​កូន​ចៀម​ដែល​កំពុង​ជួប​គ្រោះ​ថ្នាក់​ខាង​ឯ​វិញ្ញាណ
ចៀម​ដែល​វង្វេង​ត្រូវ​តែ​រក​ឲ្យ​ឃើញ ហើយ​នាំ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ចិត្ត​ក្ដួល​អាណិត និង​ការ​ថែរក្សា។ នេះ​គឺ​ជា​រូប​ភាព​ដែល​ព្រះ​យេស៊ូវ​បាន​គូស​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨ នៅ​ពេល​ទ្រង់​បាន​ពណ៌នា​អំពី​ដំណើរ​ការ​នៃ​ការ​លត់​ដំ​ក្រុម​ជំនុំ។ ទ្រង់​បាន​ចាប់​ផ្ដើម​ជាមួយ​ប្រស្នា​អំពី​ចៀម​វង្វេង បន្ទាប់​មក​បន្ត​ទៅ​កាន់​សេចក្តី​ទូន្មាន​របស់​ទ្រង់​អំពី​ការ​លត់​ដំ​នៅ​ក្នុង​ក្រុម​ជំនុំ (ម៉ាថាយ ១៨:១២-១៨)។

ភាព​ស្រប​គ្នា​គឺ​ច្បាស់​លាស់។ កូន​ចៀម​ដែល​វង្វេង គឺ​ជា​បង​ប្អូន​ដែល​ជាប់​នៅ​ក្នុង​បាប។ អ្នក​គង្វាល​ដែល​ស្វែង​រក​ចៀម គឺ​ជា​អ្នក​ជឿ​ដែល​ដេញ​តាម​បង​ប្អូន​ដែល​មាន​បាប។ ហើយ​ដូច​ជា​អ្នក​គង្វាល​បាន​រីក​រាយ​នៅ​ពេល​រក​ចៀម​មួយ​ឃើញ នោះ​ក្រុម​ជំនុំ​ក៏​អបអរសាទរ​នៅ​ពេល​អ្នក​ជឿ​ម្នាក់​បាន​ប្រែ​ចិត្ត។

សូម​កុំ​អនុញ្ញាត​ឲ្យ​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​វង្វេង​ដើរ​នៅ​តាម​ផ្លូវ​នៃ​ច្រាំង​ថ្ម​ដ៏​គ្រោះ​ថ្នាក់ និង​ជ្រោះ​ជ្រៅ​នៃ​ការ​រស់​នៅ​ក្នុង​ជីវិត​មាន​បាប​ឡើយ «ដូច្នេះ ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ» (ម៉ាថាយ ១៨:១៤)។ សូម​ចងចាំ​ថា​កូន​ចៀម​ដែល​វង្វេង​គឺ​មិន​អាច​រក​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ខ្លួន​ឯង​បាន​ឡើយ។ ចៀម​ត្រូវ​ការ​ជួយ​សង្គ្រោះ​ហើយ​នាំ​ត្រឡប់​មក​កាន់​ហ្វូង​របស់​វា​វិញ។ ពួក​គេ​ត្រូវ​ការ​យើង​ក្នុង​ការ​នាំ​ដំបង​នៃ​អ្នក​គង្វាល​របស់​ព្រះ​គ្រីស្ទ ប្រមូល​ផ្តុំ​ក្រុម​ស្វែង​រក​ព្រលឹង​វង្វេង​របស់​ពួក​គេ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​កាន់​ជីវិត​នៃ​ការ​ប្រែ​ចិត្ត​វិញ។

គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​ការ​រំខាន​ការ​ឱប​ក្រសោប​ដួង​ចិត្ត​នៃ​អ្នក​គង្វាល​របស់​ព្រះ​គ្រីស្ទ។ គាត់​បញ្ឈប់​សម្លេង​ស៊ីរ៉ែន​នៃ​ការ​ផ្តាច់​ខ្លួន​ចេញ តាម​រយៈ​ការ​ខំប្រឹង ដើម្បី​ក្លាយ​ជា «អ្នក​គង្វាល​ដែល​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ព្រះ» (យេរេមា ៣:១៥)។ គាត់​ផ្តល់​ចំណី ការពារ និង​ស្រឡាញ់​កូន​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះ​គ្រីស្ទ។ ហេតុ​អ្វី? ពីព្រោះ «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះ​វរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ»(យ៉ូហាន ២០:២១)។

ឯកសារយោង

[១] នេះ​គឺ​ជា​ផ្នែក​ទី​៥​នៃ​ប្លុក​ស៊េរី​ដែល​មាន​ចំណង​ជើង​ថា «គ្មាន​ការ​រំខាន» (សូម​ចុច​នៅ​ទី​នេះ​សម្រាប់​ផ្នែក​ទី ១, ២, ៣ និង​ទី៤)។

[២] លោក Leon Morris Reflections on the Gospel of John «បាន​ឆ្លុះ​បញ្ចាំង​លើ​កណ្ឌ​ដំណឹង​ល្អ​យ៉ូហាន» (Hendrikson Publishers, Peabody, ឆ្នាំ២០០០), ទំព័រ៥៩៧។

[៣] អេភេសូរ ៤:១៥, ៣២, កាឡាទី ៦:១

[៤] ជនគណនា ២០:១២; ២សាំយូអែល ១២:១-១០

[៥] ទំនុកដំកើង ២៣:៤, ៤៤:២២; ១០០:៣; អេសេគាល ៣៧:២៤; មីកា ៥:៤; សាការី ១៣:៧;
យ៉ូហាន ១០:១១។

[៦] លោក James A. Patch, “Shepherd,” in ISBE, ed. James Orr «អ្នក​គង្វាល» នៅ​ក្នុង ISBE, កែសម្រួល​ដោយ​លោក James Orr (ឆ្នាំ១៩១៥;បោះពុម្ព​ម្ដង​ទៀត Grand Rapids៖ Hendrikson Publishers, ឆ្នាំ១៩៩៦), ទំព័រ២៧៦៣។

[៧] លោក Charles Jefferson, The Minister as Shepherd «ព័ន្ធកិច្ច​ជា​អ្នក​គង្វាល» (Fort Washington, PA: Christian Literature Crusade, ឆ្នាំ១៩៩៨), ទំព័រ៥៤។

[៨] លោក ឆាលស៍ ស្ពឺជិន បាន​យល់​ស្រប​ថា៖ សូម​ឲ្យ​ការ​សម្លឹង​មើល​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​ទាំង​អស់៖ ដំបូង​ជាមួយ​ពួក​អ្នក​ដឹកនាំ​ក្រុម​ជំនុំ បន្ទាប់​មក​ជាមួយ​បុគ្គល​គ្រប់​គ្នា….ណែនាំ​ពួក​គេ​ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ។ ជួយ​ចំពោះ​ភាព​កម្សោយ​របស់​ពួក​គេ ទ្រាំទ្រ​ជាមួយ​ភាព​ល្ងង់​ខ្លៅ​របស់​ពួក​គេ ហើយ​និង​ភាព​អន្ទះអន្ទែង​របស់​ពួក​គេ​ហើយ​កែ​លំអ​នូវ​កំហុស​របស់​ពួក​គេ។ ខ្ញុំ​សូម​ដាស់​តឿន​អ្នក បងប្អូន​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ធ្វើ​ជា​ម្តាយ​ដែល​បំបៅ​ដោះ​នៅ​ក្នុង​ក្រុម​ជំនុំ ហើយ​អ្នក​បង​ប្អូន​ប្រុស​របស់​ខ្ញុំ​អើយ សូម​ធ្វើ​ជា​ឪពុក​ដល់​យុវជន​ទាំង​នេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ជំនួយ​ពី​ការ​ជួយ​របស់​អ្នក​តាម​រយៈ​ព្រះវិញ្ញាណ​របស់​ព្រះ​ក្នុង​ការ​រក្សា​ផ្លូវ​របស់​ពួក​គេ។ វា​គឺ​ជា​រឿង​ដ៏​អាក្រក់​ក្នុង​ការ​ទទួល​សមាជិក​ហើយ​បន្ទាប់​មក​មិន​ខ្វល់​អ្វី​សោះ​អំពី​ពួក​គេ។ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ប្រហែល​ជា​មាន​មនុស្ស​ខ្លះ​គេច​ចេញ​ពី​ការ​មើល​ថែ​របស់​យើង ប៉ុន្តែ​ប្រសិន​បើ​សមាជិក​ក្រុម​ជំនុំ​របស់​យើង​ទាំង​អស់​គ្នា​បាន​យក​ចិត្ត​ទុក​ដាក់​មើល​នោះ​នឹង​មិន​កើត​ឡើង​ឡើយ គ្រប់​គ្នា​អាច​នឹង​មាន​នរណា​ម្នាក់​ដែល​ត្រូវ​ថែរក្សា គ្រប់​គ្នា​អាច​មាន​មិត្តភក្ដិ​ដែល​គាត់​អាច​ចែក​ចាយ​ពី​ទុក្ខ​លំបាក​ហើយ​ថែរក្សា​គ្នា។ សូម​សម្លឹង​មើល​ក្រុម​ជំនុំ​ទាំង​មូល បន្ទាប់​មក​សូម​ឲ្យ​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​អ្នក​រាល់គ្នា»។ ដូច​ដែល​ដក​ស្រង់​ពី​លោក Geoffrey Change, Spurgeon the Pastor (Nashville: B&H Publishing, ឆ្នាំ២០២២), ទំព័រ១៣២។

[៩] អាច​មើល​នៅ៖ Undistracted by Christian-Consumerism and David Helm, One to One (Sydney: Matthias Media, ឆ្នាំ២០១១)។

[១០] អេភេសូរ ៤:១១-១៣; កូឡូស ១:២៨។

និពន្ធ​ដោយ៖ Patrick Slyman
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,
លោក ហុង សម្ភស, លោក ង៉ែត វិទូ, លោក​ស្រី ពុន ចន្ថា, លោក ឈាង បូរ៉ា និង​លោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.tms.edu ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ខ្ញុំ​គួរ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​ដែរ​ឬ​ទេ?

របៀប​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ​សម្រាប់​ក្រុម​ជំនុំ​​