តើរបៀបណាដែលយើងអាចត្រឡប់មករកជីវិតនៃការអធិស្ឋានដែលរស់រវើក នៅក្នុងពេលវេលានៃជីវិតដ៏សែនមមាញឹក? តើមានរបៀបណាដែលយើងអាចវិលត្រឡប់មកភ្ជាប់ទំនាក់ទំនងជាមួយព្រះយ៉ាងពិតប្រាកដបាន?
ខ្ញុំចង់ចែករំលែកជាមួយលោកអ្នកនៃការអនុវត្តជាក់ស្ដែងចំនួនដប់ ដើម្បីជំរុញពេលវេលានៃការអធិស្ឋានរបស់លោកអ្នក។ ប្រសិនបើយើងនិយាយដោយស្មោះត្រង់ នោះយើងភាគច្រើននឹងទទួលស្គាល់ថាជីវិតនៃការអធិស្ឋានទៀងទាត់ គឺពិតជាពិបាកណាស់ក្នុងការទ្រាំទ្រ។ ប៉ុន្តែវាពិតជាមិនត្រូវការបែបនោះទេ ដោយព្រោះការអធិស្ឋាន គឺពិតជាផ្នែកដ៏សំខាន់មួយនៃការដើរក្នុងសេចក្តីជំនឿរបស់យើង។
ការសញ្ជឹងគិតអំពីភាពអស្ចារ្យរបស់ព្រះ
ខ្ញុំជឿជាក់ថា គ្រប់ការសម្រេចចិត្តទាំងអស់ក្នុងជីវិតរបស់យើងត្រូវបានចងភ្ជាប់នឹងការយល់ដឹងរបស់យើងអំពីព្រះ និងព្រះបន្ទូលរបស់ទ្រង់។ នោះគឺថា ប្រសិនបើយើងមានទស្សនៈត្រឹមត្រូវអំពីព្រះអង្គសង្គ្រោះ និងព្រះបន្ទូលដ៏គ្រប់គ្រាន់របស់ទ្រង់ នោះវានឹងជំរុញយើងយ៉ាងត្រឹមត្រូវក្នុងគ្រប់ជម្រើសនៃជីវិត។ នេះគឺជាការពិតជាពិសេសនៅពេលនិយាយអំពីការអធិស្ឋាន។ ទស្សនៈដ៏ទូលំទូលាយអំពីព្រះ ដែលទទួលបានដោយការសញ្ជឹងគិតលើព្រះបន្ទូលរបស់ទ្រង់ គួរតែជំរុញអ្នកជឿឲ្យចំណាយពេលកាន់តែច្រើនជាមួយទ្រង់។ យើងត្រូវតែដូចជាស្ដេច ដាវីឌ ដែលអាទិភាពខាងឯវិញ្ញាណគឺ «មើលសេចក្ដីលំអនៃព្រះយេហូវ៉ា» ហើយទទួលបានកម្លាំងសម្រាប់ប្រឈមឧបសគ្គក្នុងជីវិត (ទំនុកតម្កើង ២៧:៤)។
បង្កើនចំណេះដឹងរបស់អ្នកអំពីការអធិស្ឋាន
អានសៀវភៅ និងស្តាប់ការអធិប្បាយអំពីការអធិស្ឋាន។ អនុញ្ញាតឲ្យពេលវេលានៃការសិក្សាផ្ដោតអារម្មណ៍របស់លោកអ្នក ជួយលោកអ្នកឲ្យអធិស្ឋានកាន់តែមានប្រសិទ្ធភាព។ ទោះបីជាតាមរយៈវិធីសាស្ត្របុរាណដូចជា វិធីសាស្ត្រនៃការអធិស្ឋានរបស់លោក ហិនរី (Henry’s The Method of Prayer) ឬការព្យាបាលបែបទំនើបដូចជា ការអធិស្ឋាននាំឲ្យមានការផ្លាស់ប្ដូររបស់លោក ហិនឌើសុន (Henderson’s Transforming Prayer) សូមប្ដេជ្ញាចិត្តខ្លួន ដើម្បីបង្កើនចំណេះដឹងរបស់អ្នកហើយអធិស្ឋានថាចំណេះដឹងនោះនឹងផ្លាស់ប្ដូរទៅជាការប្ដេជ្ញាចិត្ត។
អភិវឌ្ឍចិត្តទន់ភ្លន់ដោយការអធិស្ឋានតាមរយៈព័ត៌មានដ៏សោកសៅ
អ្នកអាចធ្វើដូចនេះពេញមួយថ្ងៃរបស់អ្នក នៅពេលអ្នកជួបប្រទះរឿងដូចជា ទទួលបានការជូនដំណឹងអំពីអាសន្ន ឃើញគ្រោះថ្នាក់ចរាចរណ៍ ឬអានអំពីព្រឹត្តិការណ៍បច្ចុប្បន្ន។ ជារឿយៗមនុស្សត្អូញត្អែរថាវាពិតជាពិបាកក្នុងការផ្ដោតអារម្មណ៍អំឡុងពេលអធិស្ឋាន។ នេះជាវិធីអនុវត្តជាក់ស្ដែងមួយ ដើម្បីផ្ដោត និងអភិវឌ្ឍចិត្តមេត្តាចំពោះអ្នកដែលមានតម្រូវការ។
ស្វែងរកកន្លែងស្ងប់ស្ងាត់
មានកន្លែងមួយដែលអ្នកអាចទៅស្ងាត់ស្ងៀមនៅចំពោះព្រះអម្ចាស់។ ព្រះយេស៊ូវតែងតែយាងទៅឯភ្នំឲ្យឆ្ងាយពីហ្វូងមនុស្ស ដើម្បីអធិស្ឋាន។ ជាញឹកញាប់ខ្ញុំដកថយទៅទីធ្លាខាងក្រោយផ្ទះរបស់ខ្ញុំដោយប្រើកាសបិទសំឡេងរំខានរបស់ខ្ញុំ ដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយព្រះក្នុងការអធិស្ឋាន។
ប្រឆាំងនឹងគំនិតវង្វេងដោយប្រើបញ្ជី រូបភាព និងកំណត់ចំណាំ
មានពេលសម្រាប់ការអធិស្ឋានដែលគួរតែមានសណ្ដាប់ធ្នាប់—ពេលដែលលោកអ្នកមានការប្រឈមមុខនឹងតម្រូវការរបស់មនុស្សនៅចំពោះមុខលោកអ្នក និងដោយមានវិធីសាស្ត្រក្នុងការអធិស្ឋានតាមរយៈតម្រូវការទាំងនោះ។ ខ្ញុំផ្ទាល់ខ្លួន ខ្ញុំប្រើកម្មវិធី Echo Prayer Manager ដើម្បីជួយខ្ញុំតាមដាននូវអ្វីដែលខ្ញុំចង់អធិស្ឋាន។ ខ្ញុំបានឈប់ធ្វើកំណត់ហេតុលើសំណើអធិស្ឋាន ដោយសារខ្ញុំចង់មានសិទ្ធិចូលទៅកែសម្រួល និងធ្វើបច្ចុប្បន្នភាពយ៉ាងងាយស្រួល។ ហើយខ្ញុំភ័យខ្លាចចំពោះការបាត់បង់សៀវភៅកំណត់ហេតុនោះ។
ចុះឈ្មោះដៃគូអធិស្ឋាន
នេះគួរតែជាមនុស្សម្នាក់ដែលអ្នកអាចអធិស្ឋានជាមួយ និងជាម្នាក់ដែលអាចមានទំនួលខុសត្រូវក្នុងជីវិតអធិស្ឋានរបស់អ្នក។
អភិវឌ្ឍទម្លាប់នៃការអធិស្ឋានបទគម្ពីរ
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបង្កើតទម្លាប់នេះ សូមពិចារណាអំពីការអធិស្ឋានព្រះគម្ពីររបស់លោក ដូណាល់ វីតនី (Donald Whitney’s Praying the Bible) ។ រៀនអាន និងអធិស្ឋានតាមរយៈព្រះបន្ទូលរបស់ព្រះ។ ព្រះពរទ្វេគុណគឺពិតជាអាចមើលឃើញ។ សូមអានព្រះបន្ទូល ហើយអរគុណព្រះចំពោះអ្វីដែលអ្នកកំពុងអាន។ សូមព្រះគុណព្រះ ដើម្បីដើរតាមការសន្យា និងបទបញ្ញត្តិពីអត្ថបទព្រះគម្ពីរ សរសើរតម្កើងទ្រង់សម្រាប់គុណលក្ខណសម្បត្តិដែលអ្នកនិពន្ធបានចាប់បានយក ហើយសារភាពអំពីអំពើបាបរបស់លោកអ្នក ដោយទទួលស្គាល់ថា ខ្លួនបានធ្វើឲ្យព្រះហឫទ័យរបស់ព្រះខ្ទេចខ្ទាំ។
សូមណែនាំការតមអាហារជាវិធីមួយ ដើម្បីស្វែងរកព្រះអម្ចាស់នៅលើកម្រិតថ្មីមួយទៀត
ការតមអាហារគឺជាការលត់ដំខ្លួនដែលកំពុងបាត់បង់នៅក្នុងក្រុមជំនុំសព្វថ្ងៃនេះ។ វាគឺជាវិធីមួយ ដើម្បីផ្ដោតការយកចិត្តទុកដាក់លើតម្រូវការពិសេស ឬដើម្បីស្វែងរកព្រះអម្ចាស់ក្នុងលក្ខណៈដែលផ្ដោតអារម្មណ៍។ នៅពេលអ្នកតមអាហារ អ្នកកំពុងបោះបង់ចោលអាហាររូបត្ថម្ភសម្រាប់រូបកាយ ដើម្បីផ្ដោតអារម្មណ៍ខាងឯវិញ្ញាណ។
ចាប់ផ្ដើមពីតូច
ប្ដេជ្ញាចិត្តជាមួយពេលវេលាខ្លីនៃការអធិស្ឋាន ហើយអនុញ្ញាតឲ្យបទពិសោធន៍នៃការអធិស្ឋានទៅកាន់ព្រះជាក្លិនក្រអូប ហើយបន្ទាប់មកសូមអនុញ្ញាតឲ្យព្រះវិញ្ញាណនៃព្រះប៉ះពាល់ និងលើកទឹកចិត្តអ្នកឲ្យរីកលូតលាស់ក្នុងជីវិតនៃការអធិស្ឋានរបស់អ្នក។
ត្រូវមានភាពជាប់លាប់ហើយព្យាយាមបែងចែកការអធិស្ឋានជាវគ្គ
ការនេះនឹងជួយអ្នកឲ្យធ្វើការបានយូរជាងមុនក្នុងការអធិស្ឋាន។ វាជាការប្រសើរក្នុងការចាប់ផ្ដើមដោយភាពជាប់លាប់ជាជាងការមានគោលដៅដ៏ខ្ពង់ខ្ពស់ដំបូងដែលនៅទីបំផុតស្លាប់។ សូមព្យាយាមធ្វើតាមគំរូរបស់លោក ដានីយ៉ែល (ដានីយ៉ែល ៦:១០, ១៣) ដោយបែងចែកពេលវេលាអធិស្ឋានរបស់អ្នកជាបីវគ្គពេញមួយថ្ងៃ។ ត្រូវមានភាពជាប់លាប់នៅពេលលោកអ្នកហ្វឹកហ្វឺនសាច់ដុំខាងឯវិញ្ញាណរបស់ខ្លួន សម្រាប់ការទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះវរបិតានៅស្ថានសួគ៌របស់អ្នក។
∗កំណត់សម្គាល់របស់អ្នកនិពន្ធ៖ អត្ថបទដើមត្រូវបានបោះពុម្ពដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានធ្វើបច្ចុប្បន្នភាព។
មតិយោបល់
Loading…