ការមានអំណោយទានខាងឯវិញ្ញាណ មិនមែនជាការអនុញ្ញាតឲ្យយើងប្រើវា តាមតែយើងចង់នោះទេ។ លោក ចន វ៉ាយធ៍ (John White) បានសរសេរយ៉ាងត្រឹមត្រូវ៖ «មនុស្សមួយចំនួនជឿថា វាមិនអាចទៅរួចទេ ដែលអំណាចនៃព្រះវិញ្ញាណបរិសុទ្ធអាចមានលទ្ធផលមិនបរិសុទ្ធនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែ វាអាចទៅរួច។» អំណោយទានខាងឯវិញ្ញាណមិនត្រឹមតែបានប្រទានដោយព្រះវិញ្ញាណដ៏វិសុទ្ធប៉ុណ្ណោះទេ ពួកគេបានគ្រប់គ្រងដោយព្រះគម្ពីរបរិសុទ្ធផងដែរ។ ច្បាស់ណាស់ ចេញពីកណ្ឌគម្ពីរ ១កូរិនថូស៖ មានមនុស្សដែលមានអំណោយទានក្នុងការនិយាយភាសាដទៃត្រូវបានប្រាប់កុំឲ្យប្រើវានៅទីសាធារណៈ នៅពេលដែលគ្មាននរណាមានអំណោយទាននៅក្នុងការបកប្រែ ហើយប្រាប់អ្នកអធិប្បាយឲ្យបញ្ឈប់ការថ្លែងទំនាយ នៅពេលដែលមានអ្នកណាផ្សេងមានការបើកសម្ដែងពីព្រះ (១កូរិនថូស ១៤:២៨-៣០)។ យើងមិនបដិសេធសិទ្ធិស្ត្រីនៅក្នុងការប្រើអំណោយទានដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេឡើយ។ ប្រសិនបើពួកគេមានអំណោយទាននៅក្នុងការបង្រៀន ឬការគ្រប់គ្រង ឬការផ្សាយដំណឹងល្អ នោះព្រះជាម្ចាស់ពិតជាសព្វព្រះទ័យឲ្យពួកគេប្រើអំណោយទាំងនោះ ហើយទ្រង់នឹងទទួលបានព្រះកិត្តិយស ចំពោះការប្ដេជ្ញាចិត្តនៅក្នុងការប្រើប្រាស់អំណោយទានទាំងនោះតាមការណែនាំដែលមាននៅក្នុងព្រះគម្ពីរ។
យើងមិនជឿថា ព្រះជាម្ចាស់ពិតជាត្រាស់ហៅស្ត្រីឲ្យធ្វើជាគ្រូគង្វាលនោះឡើយ។ យើងនិយាយនេះមិនមែនដោយសារតែយើងអាចយល់ពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នរណាម្នាក់អស់នោះទេ ប៉ុន្តែដោយសារតែយើងជឿថា បទពិសោធន៍ផ្ទាល់ខ្លួនត្រូវតែវាយតម្លៃជាលក្ខណៈទូទៅដោយពឹងលើព្រះបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។ ប្រសិនបើព្រះគម្ពីរបង្រៀនថា ព្រះសព្វព្រះហឫទ័យឲ្យតែបុរសប៉ុណ្ណោះ ដែលទទួលខុសត្រូវចំពោះការបង្រៀនជាចម្បង និងទំនួលខុសត្រូវក្នុងការគ្រប់គ្រងជាគ្រូគង្វាល នោះតាមន័យធៀបព្រះគម្ពីរក៏បង្រៀនថា ព្រះជាម្ចាស់មិនបានត្រាស់ហៅស្ត្រីឲ្យធ្វើជាគ្រូគង្វាលនោះទេ។ ក្រុមជំនុំដំបូងបានដឹងតាំងពីសម័យដើមថា អារម្មណ៍ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ចំពោះការដឹកនាំពីព្រះជាម្ចាស់ មិនមែនជាលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ដោយខ្លួនឯងផ្ទាល់សម្រាប់ការយល់ដឹងអំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់នោះទេ។ ប្រាកដណាស់ ព្រះទ្រង់បានចាត់អ្នកបម្រើដែលបានជ្រើសរើស (រ៉ូម ១០:១៥) ប៉ុន្តែ ព្រះជាម្ចាស់ក៏បានព្រមានប្រឆាំងនឹងអ្នកដែលគិតថា ពួកគេត្រូវបានគេត្រាស់ហៅ ហើយក៏មិនត្រូវបានហៅផងដែរ៖ «អញមិនបានចាត់គេ ឬបង្គាប់គេឡើយ» (យេរេមា ២៣:៣២)។
ប្រហែលជាអ្វីដែលស្ត្រីជាគ្រីស្ទបរិស័ទស្មោះត្រង់ខ្លះយល់ថា ជាការត្រាស់ហៅពីព្រះជាម្ចាស់ឲ្យធ្វើជាគ្រូគង្វាល គឺពិតជាការត្រាស់ហៅនៅក្នុងការបម្រើព័ន្ធកិច្ច ប៉ុន្តែមិនមែនធ្វើជាគ្រូគង្វាលទេ។ ជាញឹកញយ សេចក្ដីបង្ខំពីព្រះជាម្ចាស់នៅក្នុងការបម្រើកើតមានលើគ្រីស្ទបរិស័ទ ដែលគ្មានព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ពីផ្លូវនៃការបម្រើដ៏ច្បាស់លាស់។ ត្រង់ចំណុចនេះ យើងគួរតែមើលមិនត្រឹមតែអំណោយទានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្រៀននៃបទគម្ពីរទាក់ទងនឹងអ្វីដែលសមរម្យសម្រាប់យើងជាបុរស និងស្ត្រីផងដែរ។
មតិយោបល់
Loading…