in ,

ការ​រក្សា​ព្រះ​បន្ទូល

https://youtu.be/sN3KmG7x1NY
«ផ្ទៃ​មេឃ​សម្ដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ។ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សម្ដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ»។
ទំនុក​តម្កើង ១៩:១-២
ប្រហែល​ជា​លោក​អ្នក​ប្រហាក់​ប្រហែល​ជា​មួយ​នឹង​ពាក្យ​នៃ​កណ្ឌ​គម្ពីរ ទំនុក​តម្កើង ១៩ របស់ ស្ដេច ដាវីឌ។ អ្នក​គង្វាល/ស្ដេច ដាវីឌ ធ្វើ​បន្ទាល់​ចំពោះ​សេចក្ដី​ពិត​ដែល​ថា គ្រប់​ការ​បង្កើត​ទាំង​អស់​ធ្វើ​ជា​បន្ទាល់​ពី​ព្រះ​វត្តមាន អំណាច​ព្រះ​ចេស្ដា និង​សិរី​រុង​រឿង​របស់​ព្រះ​ជា​ម្ចាស់។ សកល​លោក​ដែល​យើង​រស់​នៅ​មិន​មែន​ជា​លទ្ធផល​នៃ​ឧប្បត្តិហេតុ​នោះ​ទេ ប៉ុន្តែ​មាន​រឿង​រាវ​ធំៗ​ជា​ច្រើន​នៅ​ពី​ក្រោយ​ដែល​ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ដែល​ថា ទ្រង់​ជា​នរណា។ ពិត​ណាស់ ដូច​ដែល លោក យ៉ូណាថាន់ អ៊ីតវ៉ដ (Jonathan Edwards) ធ្លាប់​បាន​លើក​ឡើង​ថា «ធម្មជាតិ​គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះ​ជាម្ចាស់»។ កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​បាន​បន្ត​និយាយ​ពី​ប្រធាន​បទ​ដូច​គ្នា​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម១ ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា ការ​បើក​សម្ដែង​ពី​អង្គ​ទ្រង់​ផ្ទាល់​នៅ​ក្នុង​ការ​បង្កើត គឺ​ជាក់​ស្ដែង និង​សាមញ្ញ ដែល «មនុស្ស​គ្មាន​លេស» នឹង​ប្រកែក​នោះ​ទេ។ នេះ​មាន​ន័យ​ថា ការ​បង្ហាញ​ទូទៅ​របស់​ព្រះ​ជាម្ចាស់​អំពី​អង្គ​ទ្រង់​ផ្ទាល់​គឺ​គ្រាន់​តែ​គ្រប់​គ្រាន់​ដើម្បី​ថ្កោល​ទោស ប៉ុន្តែ​មិន​គ្រប់​គ្រាន់​ដើម្បី​សង្គ្រោះ​ទេ។
ដូច្នេះ តើ​អ្វី​ជា​ការ​គ្រប់​គ្រាន់​ដើម្បី​សេចក្ដី​សង្គ្រោះ? ដើម្បី​ផ្លាស់​ប្ដូរ? ដើម្បី​បំភ្លឺ? ប្រសិន​បើ​ព្រះ​ទ្រង់​បាន​បើក​សម្ដែង​អង្គ​ទ្រង់​ជា​លក្ខណៈ​ទូទៅ​នៅ​ក្នុង​ធម្មជាតិ តើ​ទ្រង់​បង្ហាញ​អំពី​អង្គ​ទ្រង់​ឲ្យ​ជាក់​លាក់​នៅ​កន្លែង​ណា? ចម្លើយ​ដែល​អ្នក​តែង​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​ផ្ដល់​ឲ្យ​គឺ​មាន​ភាព​ស៊ី​ជម្រៅ។ ព្រះ​បាន​បើក​សម្ដែង​អង្គ​ទ្រង់​យ៉ាង​ជាក់​លាក់ ច្បាស់ និង​មាន​អំណាច​ក្នុង​ព្រះ​គម្ពីរ។ អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ ដូច​ដែល​លោក​គ្រូ អហ្គស្ទីន (Augustine) បាន​កត់​សម្គាល់ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវ​សៀវភៅ​ពីរ​ក្បាល សៀវភៅ​មួយ​និយាយ​អំពី​សកល​លោក​របស់​ទ្រង់ និង​មួយ​ទៀត​និយាយ​អំពី​ព្រះ​បន្ទូល​ទ្រង់។
«ស្ថាន​សួគ៌​បង្ហាញ​ពី​សិរី​ល្អ​​នៃ​ព្រះ​អម្ចាស់ ដួង​តារា​ទាំង​ឡាយ​ចែង​ចាំង​ព្រះ​ប្រាជ្ញា​ញាណ​ទ្រង់ ប៉ុន្តែ​នៅ​ពេល​យើង​អាន​ព្រះ​បន្ទូល​ទ្រង់ យើង​ឃើញ​ពី​ព្រះ​នាម​ទ្រង់​កាន់​តែ​ច្បាស់»
លោក អ៊ីសាក់ វ៉ដស៍
នៅ​ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង ១៩: ៧-១១ ស្ដេច ដាវីឌ ផ្ដល់​នូវ​ប្រធាន​បទ​ប្រាំ​មួយ និង​គុណ​សម្បត្តិ​ប្រាំ​មួយ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​បន្ទាប់​មក ផ្ដល់​ការ​សន្យា​ចំនួន​ប្រាំ​ពីរ​ដល់​អ្នក​ដែល​ប្រគល់​ជីវិត​របស់​ពួក​គេ​ចុះ​ចូល។ ម្ដង​ហើយ​ម្ដង​ទៀត អ្នក​តែង​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​លើក​ថា ប្រធាន​បទ គុណ​សម្បត្តិ និង​ការ​សន្យា​នីមួយៗ​គឺ «មក​ពី​ព្រះ​អម្ចាស់»។ ហេតុ​អ្វី? កំណត់​ហេតុ លោក មែកខធ័រ (MacArthur) បាន​សរសេរ​ថា អ្នក​តែង​ទំនុក​តម្កើង​ចង់​រម្លឹក​លោក​អ្នក​ថា ព្រះ​គម្ពីរ​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​ទេ វា​ជា​ព្រះ​បន្ទូល​នៃ​ព្រះ! [១]
ការ​ពណ៌នា ៦ យ៉ាង​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់៖
ក្រឹត្យ​វិន័យ សេចក្ដី​បន្ទាល់ សេចក្ដី​ក្រឹត្យ​ក្រម សេចក្ដី​បញ្ញត្ត សេចក្ដី​កោត​ខ្លាច​ព្រះ និង​ការ​វិនិច្ឆ័យ
ទោះ​បើ​ជា​ទូទៅ យើង​ចូល​ចិត្ត​ពណ៌នា​អំពី​ព្រះ​គម្ពីរ (ព្រះ​បន្ទូល ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់) ដោយ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ខុសៗ​គ្នា​ក៏​ដោយ ក៏​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​ត្រង់​នេះ​បាន​ប្រើ​ប្រាស់​ការ​ពណ៌នា​ខុសៗ​គ្នា ដោយសារ​ការ​ធ្វើ​បែប​នោះ​តំណាង​ឲ្យ​យើង​ឃើញ​អំពី​លក្ខណៈ​ល្អិត​ល្អន់​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។
ព្រះ​បន្ទូល​ព្រះ​គឺ​ជា៖
១. ក្រឹត្យ​វិន័យ (ខ៧)៖ ព្រះ​បន្ទូល​គឺ​ជា​សេចក្ដី​ណែនាំ​សម្រាប់​ជីវិត​របស់​លោក​អ្នក។
២. សេចក្ដី​បន្ទាល់ (ខ៧)៖ តើ​លោក​អ្នក​ចង់​ដឹង​ទេ​ថា តើ​ព្រះ​ជា​ម្ចាស់​មាន​លក្ខណៈ​បែប​ណា? ព្រះ​បន្ទូល​គឺ​ជា​បន្ទាល់​ពី​អង្គ​ទ្រង់​ផ្ទាល់។
៣. សេចក្ដី​ក្រឹត្យ​ក្រម (ខ៧)៖ ជា​គោល​លទ្ធិ។ មាន​ន័យ​ថា បទ​គម្ពីរ​ដែល​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ទេ  តែ​ជា​សេចក្ដី​ពិត​ផ្សេងៗ​ឲ្យ​យើង​ប្រព្រឹត្ត​តាម។
៤.  សេចក្ដី​បញ្ញត្ត (ខ៨)៖ ព្រះ​បន្ទូល​ផ្ដល់​នូវ​ទិសដៅ និង​លំដាប់​លំដោយ​ជាក់​លាក់​សម្រាប់​ជីវិត​កូនៗ​របស់​ទ្រង់។
៥.  សេចក្ដី​កោត​ខ្លាច​ព្រះ​យេហូវ៉ា (ខ៩)៖ លោក​អ្នក​ទំនង​មិន​ធ្លាប់​បាន​ឮ​ព្រះ​គម្ពីរ​លើក​ឡើង​ពី «សេចក្ដី​កោត​ខ្លាច​ព្រះ​យេហូវ៉ា»  ដូច្នេះ តើ​វា​មាន​ន័យ​យ៉ាង​ណា? «សេចក្ដី​កោត​ខ្លាច» នៅ​ក្នុង ខ៩ សំដៅ​លើ​ការ​ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់។ មាន​ន័យ​ថា ព្រះ​គម្ពីរ គឺ​ជា​សៀវភៅ​ណែ​នាំ​របស់​ព្រះ​ដែល​បាន​ប្រទាន​មក​រាស្ត្រ​ទ្រង់ ណែ​នាំ​ពី​របៀប​ដែល​យើង​ត្រូវ​គោរព​ប្រណិប័តន៍​ទ្រង់។
៦. ការវិនិច្ឆ័យ (ខ៩)៖ ព្រះ​គម្ពីរ​មាន​ផ្ទុក​នូវ​ទេវ​សាស្ត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ប្រាប់​យើង​ពី​ការ​វិនិច្ឆ័យ​ពិភពលោក​នៃ​ព្រះ​ជា​ម្ចាស់។
គុណ​សម្បត្តិ​ទាំង​ប្រាំ​មួយ​នៃ​ព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់៖
គ្រប់​លក្ខណ៍ ជា​ពិត ទៀង​ត្រង់ ជា​សុទ្ធ​សាធ បរិសុទ្ធ និង​ពិត​ត្រង់
១. គ្រប់​លក្ខណ៍ (ខ៧)៖ សេចក្ដី​គ្រប់​លក្ខណ៍​នៃ​ព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់​មាន​ន័យ​ថា គ្រប់​ជ្រុង​ជ្រោយ គ្មាន​ស្លាក​ស្នាម មិន​សម្រប​សម្រួល ហើយ​គ្មាន​កំហុស​ឆ្គង។ ហេតុ​អ្វី​លោក​អ្នក​អាច​ទុក​ចិត្ត​ព្រះ​បន្ទូល​បាន? ពី​ព្រោះ​ព្រះ​បន្ទូល​គឺ គ្រប់​លក្ខណ៍
២. ជា​ពិត (ខ៧)៖ ព្រះ​បន្ទូល​គឺ​អាច​ទុក​ចិត្ត​បាន ស្មោះ​ត្រង់ ហើយ​គង់​នៅ​ជា​ដរាប។
៣. ទៀង​ត្រង់ (ខ៧)៖ តើ​លោក​អ្នក​មិន​ប្រាកដ​ថា ត្រូវ​ជ្រើស​រើស​ដើរ​ផ្លូវ​ណា​មួយ​សម្រាប់​ជីវិត​មែន​ទេ? នៅ​ក្នុង​ពិភព​លោក​ដែល​ពេញ​ដោយ​ឱកាស​ជា​ច្រើន ព្រះ​ជា​ម្ចាស់​នឹង​រៀប​ចំ​ផ្លូវ​ដែល​ត្រឹម​ត្រូវ​សម្រាប់​លោក​អ្នក​ដើរ​ទៅ​កាន់ «អំណរ​ពេញ​លេញ»។[២] នៅ​ពេល​ដែល ស្ដេច ដាវីឌ មាន​បន្ទូល​ថា ព្រះ​បន្ទូល​ទ្រង់ «ទៀង​ត្រង់» ទ្រង់​ចង់​បញ្ជាក់​ថា ព្រះ​បន្ទូល​គឺ ត្រង់។ ខណៈ​ដែល​លោក​អ្នក​ប្ដេជ្ញា​ជីវិត​ចំពោះ​ព្រះ​បន្ទូល ព្រះ​វិញ្ញាណ​ទ្រង់​នឹង​ដឹក​នាំ​លោក​អ្នក​ទៅ​កាន់​ព្រះ​បន្ទូល​ដែល​បញ្ឆេះ​ដួង​ចិត្ត​លោក​អ្នក។
៤. ជា​សុទ្ធ​សាធ (ខ៨)៖ នៅ​ពេល​ដែល​ស្ដេច ដាវីឌ មាន​បន្ទូល​អំពី​ភាព​បរិសុទ្ធ​នៃ​ព្រះ​បន្ទូល ទ្រង់​ចង់​សំដៅ​អំពី​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ។ ព្រះ​បន្ទូល​មិន​មែន​ជា​ឯក​សារ​មិន​ច្បាស់​លាស់ ដែល​ត្រូវ​តែ​បក​ស្រាយ​ដោយ​សម្ដេច​សង្ឃ​ទេ។ ព្រះ​បន្ទូល​គឺ សាមញ្ញ បរិសុទ្ធ និង​ច្បាស់​លាស់​ណាស់។ លោក អរ. ស៊ី. ស្ព្រោល (R.C. Sproul) នៅ​ក្នុង​សៀវភៅ ការ​ស្គាល់​ព្រះ​បន្ទូល (“Knowing Scripture”) របស់​គាត់​បាន​សួរ​សំណួរ​ថា៖ «តើ​ព្រះ​ប្រភេទ​ណា​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រោស​លោះ ដោយ​ប្រើ​ពាក្យ​ពេចន៍​បែប​បច្ចេកទេស និង​គោល​គំនិត​ជ្រាល​ជ្រៅ ដែល​មាន​តែ​ឥស្សរជន អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទើប​អាច​យល់​បាន​នោះ?» ប្រសិន​បើ​លោក​អ្នក​ជា​គ្រីស្ទ​បរិស័ទ ចម្លើយ​ចំពោះ​សំណួរ​នោះ​គឺ៖ «មិន​មែន​ជា​ព្រះ​របស់​យើង​ទេ»។
៥. បរិសុទ្ធ (ខ៩)៖ ព្រះ​បន្ទូល​របស់​ព្រះ​គឺ​មិន​ត្រឹម​តែ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ គឺ​គ្មាន​ភាព​ពុក​រលួយ​នៅ​ក្នុង​នោះ​ផង​ដែរ។ សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ មិន​អាច​បង្ខូច ឬ​បំភាន់​ដោយ​អ្នក​ដេញ​ថ្លៃ​ខ្ពស់​ជាង​គេ​នោះ​ទេ ព្រះ​បន្ទូល​គឺ​បរិសុទ្ធ
៦. ពិត​ត្រង់ (ខ៩)៖ យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ជាប់​ក្នុង​អ័ព្ទ​ដ៏​ក្រាស់​នៃ​សេចក្ដី​កុហក និង​ការ​បោក​បញ្ឆោត មាន​តែ​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ដែល​ផ្ដល់​នូវ​សេចក្ដី​ពិត។ សេចក្ដី​ពិត​អំពី​ព្រះ សេចក្ដី​ពិត​អំពី​មនុស្ស សេចក្ដី​ពិត​អំពី​ស្ថាន​សួគ៌ ស្ថាន​នរក និង​សេចក្ដី​សង្គ្រោះ អាច​រក​ឃើញ​តែ​នៅ​ក្នុង​ព្រះ​បន្ទូល​តែ​ប៉ុណ្ណោះ។
សេចក្ដី​សន្យា​ប្រាំ​ពីរ​សម្រាប់​អស់​អ្នក​ដែល​ប្ដេជ្ញា​ជីវិត​នឹង​ព្រះ​បន្ទូល៖
កែ​ព្រលឹង​ឡើង​វិញ ឲ្យ​មាន​ប្រាជ្ញា ឲ្យ​ចិត្ត​រីក​រាយ​សប្បាយ បំភ្លឺ ឲ្យ​នៅ​ជាប់ សុចរិត ការ​ព្រមាន/ការ​ផ្ដល់​រង្វាន់
១. ព្រះ​បន្ទូល​របស់​ព្រះ «កែ​ព្រលឹង​ឡើង​វិញ»  (ខ៧)៖ កិរិយាសព្ទ​ជា​ភាសា​ហេព្រើរ «ធេមីមា» (תְּ֭מִימָה) ដែល​បក​ប្រែ​ថា «កែ​ឡើង​វិញ» មាន​អត្ថ​ន័យ​ច្រើន​នៅ​ក្នុង​បទ​គម្ពីរ។ វា​មាន​ន័យ​ថា ទាំង​បំពេញ​ឡើង​ និង​កែ​ឡើង​វិញ។ តើ​លោក​អ្នក​ត្រូវ​ការ​កែ​ព្រលឹង​ឡើង​វិញ​ទេ? តើ​លោក​អ្នក​ចង់​បាន​ឬ​ទេ? អស់​កម្លាំង​ទេ? តើ​លោក​អ្នក​ចង់​ផ្លាស់​ប្ដូរ​ទេ? ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ចូរ​ងាក​មក​ឯ​ព្រះ​បន្ទូល​របស់​យើង នោះ​យើង​នឹង​ផ្លាស់​ឲ្យ​អ្នក​ជា​ថ្មី កែ​ព្រលឹង​អ្នក​ឲ្យ​ថ្មី​ឡើង​វិញ»។
២. ព្រះ​បន្ទូល «ធ្វើ​ឲ្យ​មនុស្ស​សាមញ្ញ​មាន​ប្រាជ្ញា» (ខ៧)៖ ពាក្យ «សាមញ្ញ» នៅ​ទីនេះ​សំដៅ​ទៅ​លើ​ភាព​ឆោត​ល្ងង់ ក្មេង​ខ្ចី។ល។ ព្រះ​បន្ទូល​របស់​ព្រះ​យក​មនុស្ស​ដែល​គ្មាន​បទ​ពិសោធន៍ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ប្រាជ្ញា។ តើ​លោក​អ្នក​ចង់​បាន​ប្រាជ្ញា​ទេ? តើ​លោក​អ្នក​ត្រូវ​ការ​ការ​វែក​ញែក ដើម្បី​ស្វែង​រក​អនាគត​ទំនាក់​ទំនង​ទេ? ព្រះ​ជាម្ចាស់​មាន​បន្ទូល​ថា៖ «បទ​គម្ពីរ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ប្រាជ្ញា»។
៣. ព្រះ​បន្ទូល​ធ្វើ «ឲ្យ​ចិត្ត​រីក​រាយ» (ខ.៨)៖ ចិត្ត​រីក​រាយ​ដ៏​ពិត​នៅ​ក្នុង​ព្រះ​អម្ចាស់​អាច​កើត​មាន​សម្រាប់​តែ​អស់​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​បន្ទូល​ប៉ុណ្ណោះ។ តើ​អ្នក​ចង់​បាន​ភាព​រីករាយ​ដ៏​ពិត​ដែរ​ឬ​ទេ? ចូរ​កុំ​ធ្វេស​ប្រហែស​នឹង​អាន​ព្រះ​គម្ពីរ​ឡើយ។ ព្រះ​វិញ្ញាណ​ប្រើ​ព្រះ​បន្ទូល ដើម្បី​ប្រទាន​ឲ្យ​កូនៗ​ទ្រង់​នូវ​ភាព​រីក​រាយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។
៤. ព្រះ​បន្ទូល «បំភ្លឺ​ភ្នែក» (ខ៨)៖ តើ​លោក​អ្នក​ចង់​បដិសេធ​ការ​គិត​របស់​លោកីយ៍​ទេ? បទ​គម្ពីរ «បំភ្លឺ» ភ្នែក​របស់​អ្នក ដើម្បី​ឲ្យ​លោក​អ្នក​អាច​រស់​នៅ​ក្នុង​ជីវិត​ដែល​លើក​តម្កើង​ព្រះ។ ទស្សនៈ​ពី​ពិភព​លោក​របស់​លោក​អ្នក​ទទួល​បាន​ការ​រចនា​ឡើង​នៅ​ពេល​ដែល​ទស្សនៈ​របស់​លោក​អ្នក​ត្រូវ​បាន​កំណត់​ដោយ​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះ​គម្ពីរ។
៥. ព្រះ​បន្ទូល «នៅ​ជាប់​ជា​រៀង​រាប​ដរាប»  (ខ៩)៖ កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​ចែង​ថា៖ «សេចក្ដី​កោត​ខ្លាច​ព្រះ​អម្ចាស់​គឺ​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប»។ ដោយ​បញ្ជាក់​ថា នៅ​ក្នុង​ពិភព​លោក​ដែល​ត្រូវ​បាន​បំពុល ពុក​រលួយ និង​ខូច ព្រះ​បន្ទូល​ព្រះ​គឺ «បរិសុទ្ធ» ហើយ​សេចក្ដី​ពិត​នៅ​ជាប់​ជា​រៀង​រាប​ដរាប។ ទស្សនៈ​ផ្លាស់​ប្ដូរ ប្រជា​ជាតិ​នានា​ផ្លាស់​ប្ដូរ ប៉ុន្តែ​ព្រះ​បន្ទូល​មិន​ផ្លាស់​ប្ដូរ​ឡើយ។ ព្រះ​បន្ទូល​នៅ​ជាប់​ជា​រៀង​រាប​ដរាប
៦. ព្រះ​បន្ទូល «សុចរិត​ទាំង​អស់​គ្នា» (ខ៩)៖ តើ​លោក​អ្នក​ចង់​បាន​សេចក្ដី​សុ​ចរិត​ទេ? នោះ​ចូរ​ងាក​ទៅ​រក​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ចុះ។ ព្រះ​បន្ទូល​គឺ​ចាំ​បាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ហើយ​ចាំបាច់​សម្រាប់​ការ​ញែក​ចេញ​ជា​បរិសុទ្ធ​របស់​យើង​ផង​ដែរ។ មនុស្ស​សុចរិត​ប្ដេជ្ញា​ចំពោះ​ព្រះ​បន្ទូល​ដែល «សុចរិត​គ្រប់​ជំពូក»។
ស្ដេច ដាវីឌ បន្ត​ក្នុង​កណ្ឌ​គម្ពីរ ទំនុក​តម្កើង ១៩:១០ ដោយ​ពោល​ថា៖ «សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន លើស​ជាង​មាស អើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផង ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង»។ ស្ដេច ដាវីឌ បញ្ជាក់​យ៉ាង​មុតមាំ​ថា ការ​អាន ការ​សិក្សា និង​ការ​ទន្ទេញ​បទ​គម្ពីរ​មិន​មែន​ជា​ការងារ​ទេ វា​ជា​សេចក្ដី​រីក​រាយ​វិញ។ វា​គឺ «ផ្អែម»។ បន្ទាប់​មក ស្ដេច ដាវីឌ ផ្ដល់​សេចក្ដី​សន្យា​ទី​ប្រាំ​ពីរ​ដល់​អស់​អ្នក​ដែល​រក្សា​ព្រះ​បន្ទូល​ក្នុង​ចិត្ត​របស់​ពួក​គេ។
៧. ព្រះ​បន្ទូល​នៃ​ការ​ព្រមាន​ដល់​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ និង​ផ្ដល់​រង្វាន់​ដល់​អ្នក​ដែល​ស្ដាប់​បង្គាប់។ ព្រះ​គម្ពីរ​ព្រមាន​ប្រឆាំង​នឹង​ការ​ល្បួង​នៃ​អំពើ​បាប (សុភាសិត ៧) និង​ការ​ជ្រួតជ្រាប​ចូល​ដែល​មិន​អាច​យល់​បាន​ក្នុង​ជីវិត​របស់​យើង។ ព្រះ​គម្ពីរ​ព្រមាន​យើង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​បោក​បញ្ឆោត ដោយ​ការ​បង្រៀន​ដែល​ខុស​ឆ្គង។ ព្រមាន​យើង​អំពី​ផល​វិបាក​នៃ​ការ​បោះ​បង់​ចោល​រាស្ត្រ​នៃ​ព្រះ (ហេព្រើរ ៣)។ ប៉ុន្តែ​មិន​ត្រឹម​តែ​ព្រះ​បន្ទូល​ព្រមាន​ប៉ុណ្ណោះ​ទេ ក៏​សន្យា​ថា នឹង​ផ្ដល់​រង្វាន់​ដ៏​អស្ចារ្យ ភាព​រីក​រាយ អំណរ និង​ភាព​ចម្រុង​ចម្រើន​ដល់​អ្នក​ដែល​ប្រតិបត្តិ​តាម​ផង​ដែរ។ សន្តិភាព​ពិត និង​ការ​ពេញ​ចិត្ត​ពិត​ប្រាកដ​អាច​ទទួល​បាន​ចំពោះ​តែ​អស់​អ្នក​ណា​ដែល​រស់​នៅ​ដោយ​ប្រតិបត្តិ​តាម​ព្រះ​បន្ទូល​ដ៏​មាន​សិទ្ធិ​អំណាច ច្បាស់​លាស់ និង​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ។
មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​អាច​នឹង​និយាយ​អំពី​ជំពូក​ដ៏​អស្ចារ្យ​នេះ​នៅ​ក្នុង​ព្រះ​បន្ទូល។ លោក ស៊ី. អេស. លូវីស (C.S.  Lewis) បាន​និយាយ​ពី​កណ្ឌ​គម្ពីរ ទំនុក​តម្កើង ១៩ នេះ​ថា៖ «ខ្ញុំ​ចាត់​ទុក​កំណាព្យ​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ទំនុក​តម្កើង និង​ជា​ទំនុក​ច្រៀង​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភព​លោក»
នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​នឹង​មក​ដល់ តើ​លោក​អ្នក​នឹង​ធ្វើ​ដូច​ជា​ស្ដេច ដាវីឌ ដែរ​ឬ​ទេ ក្នុង​ការ​ប្ដេជ្ញា​ជីវិត​ចុះ​ចូល​នឹង​ព្រះ​បន្ទូល​របស់​ព្រះ? ជីវិត​របស់​អ្នក​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដោយ​ផ្ទាល់​នៃ​កម្រិត​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ដែល​អ្នក​មាន​ចំពោះ​បទ​គម្ពីរ។ ជា​ការ​ពិត​ណាស់ នៅ​ពេល​យើង​អាន យើង​អធិស្ឋាន​ជា​មួយ​នឹង​អ្នក​តែង​ទំនុក​តម្កើង ១១៩ ថា៖ «សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ ឲ្យ​បាន​ឃើញ​សេចក្តី​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ទ្រង់»។
សូម​ឲ្យ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ផ្លាស់​ប្រែ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នៅ​ពេល​យើង​ប្ដេជ្ញា​ជីវិត​យើង​ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះ។
គម្រោង​អាន​ព្រះ​គម្ពីរ
មាន​គេ​សួរ​ខ្ញុំ​ជា​ញឹក​ញាប់​ថា តើ​គម្រោង​អាន​គម្ពីរ​មួយ​ណា​ដែល​ខ្ញុំ​នឹង​ណែ​នាំ។ អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​ដែល​ខ្ញុំ​បាន​ធ្វើ​តាម​គម្រោង​អាន​ព្រះ​គម្ពីរ អនន័រ (Horner Bible Reading Plan)  ហើយ​ក៏​សូម​ណែនាំ​យ៉ាង​ខ្លាំង​ដល់​លោក​អ្នក​ផង​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏​សូម​ណែនាំ​ផែន​ការ​អាន​ព្រះ​គម្ពីរ មេកចីនេ (M’Cheyne) ផង​ដែរ។
គម្រោង​អាន​ព្រះ​គម្ពីរ មេកចីនេ (M’cheyne) នាំ​លោក​អ្នក​ឲ្យ​អាន​ចប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​ទំនុក​តម្កើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ និង​ចប់​ផ្នែក​ផ្សេង​ទៀត​នៃ​ព្រះ​គម្ពីរ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ។
សូម​ធ្វើ​ការ​តាម​ដាន​ជា​មួយ​គ្រួសារ​របស់​ខ្ញុំ​នៅ​ឆ្នាំ​នេះ ខណៈ​ពេល​ដែល​យើង​នឹង​សិក្សា​ព្រះ​បន្ទូល​ជា​មួយ​គ្នា!
កំណត់​យោង៖
១. លោក ចន មែកខធ័រ បាន​សរ​សេរ​ទាក់​ទង​នឹង​ប្រធាន​បទ​ទាំង​នេះ៖ គុណ​សម្បត្តិ និង​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​គាត់៖ «មាន​ព្រះ​បន្ទូល​គ្រប់​គ្រាន់​ហើយ»។ ប្រធាន​បទ​ទាំង​នេះ គុណ​សម្បត្តិ និង​សេចក្ដី​សន្យា ត្រូវ​បាន​អ្នក​អត្ថាធិប្បាយ​ផ្សេង​ទៀត​បាន​លើក​ឡើង​ស្រដៀង​គ្នា​រួម​មាន លោក ក្លាក (Clark) និង​លោក ចនស្តុន (Johnston)។
២. យ៉ូហាន ១៥:១១
និពន្ធ​ដោយ៖ Jonny Ardavanis
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់​ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី forthegospel.org ដោយ​មាន​ការ​អនុញ្ញាត។Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ប្រសិន​បើ​ខ្ញុំ​ស្ដាប់​ការ​អធិប្បាយ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​អាន​ព្រះ​គម្ពីរ​ទៀត?

ការ​បង្កើត​សិស្ស​គឺ​ជា​រឿង​ទូទៅ​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ