សមាជិកក្រុមជំនុំមួយចំនួនបានទួញសោកថា «លោកគ្រូ ខ្ញុំឃើញពីការវាយប្រហាររបស់ក្រុមគ្រូក្លែងក្លាយមកលើក្រុមជំនុំ និងពីរបៀបដែលពួកគេបង្ខូចសេចក្ដីពិត។ តើខ្ញុំគួរអធិស្ឋានគាំទ្រ ឬក៏ទាស់ប្រឆាំងនឹងពួកគេ? បើខ្ញុំមានអារម្មណ៍ថា ខឹងតែជាកំហឹងសុចរិត តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេចនៅក្នុងជីវិតនៃការអធិស្ឋានរបស់ខ្ញុំ? តើខ្ញុំគួរអធិស្ឋានឲ្យគ្រូក្លែងក្លាយយ៉ាងដូចម្ដេច? ឬក៏ថា ខ្ញុំមិនចាំបាច់អធិស្ឋានឲ្យពួកគេតែម្ដង?»
សំណួរល្អស័ក្ដិសមនឹងទទួលបានចម្លើយពីព្រះគម្ពីរ។ ខាងក្រោមគឺជាសេចក្ដីពិតមួយចំនួនដែលអាចជួយលោកអ្នកពិភាក្សាលើប្រធានបទនេះ៖
១. សូមអធិស្ឋានឲ្យគ្រូក្លែងក្លាយបានប្រែចិត្ត ហើយបែរមករកសេចក្ដីជំនឿដែលមានការសង្គ្រោះពិតវិញ
នៅពេលសាវ័ក ប៉ុល លើកឡើងអំពីគ្រូក្លែងក្លាយនៅកណ្ឌគម្ពីរ ២ធីម៉ូថេ ២:២៤-២៦ គាត់បានព្រមានទាស់នឹងការឈ្លោះប្រកែកគ្នា ហើយបង្គាប់ឲ្យមានចិត្តសុភាពផង។
«ក៏មិនគួរឲ្យបាវបម្រើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅតម្រង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្ដាលឲ្យគេប្រែចិត្ត ឲ្យបានស្ដាប់សេចក្ដីពិតវិញ ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ។» ២ធីម៉ូថេ ២:២៤-២៦
នេះមិនមែនសំដៅទៅលើការពន្យល់សេចក្ដីពិតបែបស្រាលៗនោះទេ ប៉ុន្តែយើងឃើញថាសាវ័ក ប៉ុល បានធ្វើជាអ្នកតស៊ូមតិម្នាក់ ដែលមិនត្រឹមតែលើកឡើងអំពីអ្វីដែលលោក ធីម៉ូថេ នឹងនិយាយប៉ុណ្ណោះទេ ប៉ុន្តែលើរបៀបដែលគាត់នឹងនិយាយផងដែរ។ ប្រហែលវិធីដ៏ល្អប្រសើរដែលយើងអាចអនុវត្តបាន ដើម្បីបញ្ចៀសការឈ្លោះប្រកែក និងការទទឹងទទែងគ្នាជាមួយអ្នកដែលប្រឆាំងនឹងសេចក្ដីពិត គឺដោយការជ្រើសរើសយកជម្រើសដ៏ល្អមួយនេះ៖ អធិស្ឋានសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេក្រែង «គេនឹងភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ» (ខ.២៦)។
ដូច្នេះ ស្របពេលដែលរក្សាចិត្តសុភាព តើលោកអ្នកគួរនឹងអធិស្ឋានឲ្យគ្រូក្លែងក្លាយប្រែចិត្ត ទាំងដឹងថាព្រលឹងពួកគេស្ថិតនៅក្នុងហានិភ័យដែរឬទេ? ខ្ញុំជឿថា ព្រះគម្ពីរបង្រៀនឲ្យយើងធ្វើដូច្នោះ។ យើងត្រូវជៀសវាងពីភាពល្វីងជូរចត់ ហើយនិយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ ហើយមានការស្មោះត្រង់ក្នុងការដាស់តឿនហ្វូងចៀមដ៏មានតម្លៃរបស់ព្រះជាម្ចាស់ពីពួកអ្នកបោកបញ្ឆោតដ៏គ្រោះថ្នាក់ទាំងនោះ។ វាគឺជាសេចក្ដីស្រឡាញ់ដែលជំរុញយើងឲ្យមើលថែពួកបរិសុទ្ធ ហើយហៅចំឈ្មោះពួកចចក ( ២ធីម៉ូថេ ១:៣-៧)។
២. អធិស្ឋានសូមព្រះជាម្ចាស់បំផ្លាញព័ន្ធកិច្ចបោកបញ្ឆោតរបស់ពួកគេ ដែលមកពីអារក្ស
ចំណុចនេះហាក់បីដូចជាចំណុចពីមុន ប៉ុន្តែសូមអត់ធ្មត់នៅជាមួយខ្ញុំបន្តិចសិន! សូមចាំថា ខ្ញុំមិនមែនកំពុងតែទូលសុំឲ្យព្រះជាម្ចាស់បំផ្លាញ «ពួកគេ» នោះទេ ប៉ុន្តែបំផ្លាញ «ព័ន្ធកិច្ចដែលមកពីអារក្ស» របស់ពួកគេវិញ។ វាហាក់បីដូចជាការមានដុំដែកដ៏ធំមួយបុកបំបែកជញ្ជាំងរហូតទាល់តែវាលែងអាចទ្រាំទ្រឈរបានតទៅទៀត—នោះហើយជាអ្វីដែលព្រះគម្ពីរបានបង្រៀនឲ្យយើងអធិស្ឋាន បើនិយាយស្របតាមព្រះគម្ពីរ។ លោកអ្នកប្រហែលជាឆ្ងល់ថា តើអ្នកអាចហ៊ានអធិស្ឋានប្រឆាំងនឹងព័ន្ធកិច្ចរបស់នរណាម្នាក់ ដោយពាក្យធ្ងន់ៗទាំងនោះយ៉ាងដូចម្ដេចបាន? បើនិយាយឲ្យសាមញ្ញទៅ ពីព្រោះសាវ័ក ប៉ុល បានបង្រៀនថា ពួកគេកំពុងតែជាប់ «អន្ទាក់របស់អារក្ស» (២ធីម៉ូថេ ២:២៦)។ នគរនៃសេចក្ដីងងឹតបានបំពេញកៅអី និងសាទរចំពោះផែនការរបស់ពួកគ្រូក្លែងក្លាយយ៉ាងពេញទំហឹង។ ការនេះនឹងពិតជាជំរុញឲ្យមានកំហឹងសុចរិតចំពោះគ្រីស្ទបរិស័ទពិត ហើយជាពិសេសចំពោះមនុស្សដែលព្រះជាម្ចាស់បានជ្រើសតាំងឲ្យមានភារកិច្ចអធិប្បាយព្រះបន្ទូលនៃសេចក្ដីពិត និងកែតម្រង់ជំនឿខុសឆ្គង។
កណ្ឌគម្ពីរទំនុកតម្កើងអាចនឹងហៅប្រភេទនេះថា «ការអធិស្ឋានដាក់បណ្ដាសា» ខណៈដែលមនុស្សសុចរិតអធិស្ឋានសុំឲ្យខ្មាំងសត្រូវរបស់ព្រះជាម្ចាស់វិនាស ហើយងាកចេញពីផ្លូវទុច្ចរិតរបស់ពួកគេ។ សូមចងចាំថា ទាំងនេះមិនមែនជាការអធិស្ឋានប្រឆាំងនឹងអ្នកដែលអាក់អន់ចិត្តផ្ទាល់ ស្របពេលដែលកំពុងតែមានបញ្ហាផ្នែកគោលលទ្ធិបន្ទាប់បន្សំ ឬជម្លោះផ្ទាល់ខ្លួននោះទេ។ ទាំងនេះគឺជាសេចក្ដីអធិស្ឋានជាក់លាក់ចំពោះខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតរបស់ទ្រង់។ ឧទាហរណ៍ពីព្រះគម្ពីរដែលលោកអ្នកអាចនឹងមានការភ្ញាក់ផ្អើលរួមមាន៖
ក. អធិស្ឋានសូមឲ្យព្រះជាម្ចាស់ដកអ្នកដឹកនាំអាក្រក់ចេញ ហើយដាក់អ្នកថ្មីដែលកោតខ្លាចព្រះជាម្ចាស់
«កាលណាវាត្រូវជំនុំជម្រះ នោះសូមឲ្យវាមានទោស ហើយឲ្យសេចក្ដីអធិស្ឋានរបស់វាត្រឡប់ជាអំពើបាបវិញ សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះ ហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា សូមឲ្យកូនចៅវានៅជាកំព្រាឪពុក ហើយឲ្យប្រពន្ធវានៅជាមេម៉ាយ» (ទំនុកតម្កើង ១០៩:៧-៩)។
ខ. អធិស្ឋានសូមឲ្យព្រះជាម្ចាស់បិទមាត់ពួកគេ
«ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ (ទំនុកតម្កើង ៥៨:៦)។
គ. អធិស្ឋានឲ្យពួកគេផាត់ចេញទៅឆ្ងាយ ហើយធ្លាក់ចុះ
« សូមឲ្យគេបានដូចជាចំបើងដែលខ្យល់ផាត់ទៅ ហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង សូមឲ្យផ្លូវគេបានងងឹត ហើយរឥល ព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ» (ទំនុកតម្កើង ៣៥:៥-៦)។
៣. អធិស្ឋានសម្រាប់អស់អ្នកដែលជាប់ក្នុងការបោកបញ្ឆោតរបស់ពួកគេ
ការមានដួងចិត្តជាអ្នកផ្សាយដំណឹងល្អ គឺចាំបាច់ណាស់ក្នុងការពិចារណាលើប្រធានបទនេះ។ នៅពេលដែលសាវ័ក ប៉ុល លើកឡើងអំពីអ្នកជឿក្លែងក្លាយដែលឡូយឆាយ ហើយមានត្រចៀករមាស់ និងរបៀបដែលនឹងការនោះគ្រប់គ្រងលើចិត្តគំនិតរបស់អ្នកចាញ់បោកទាំងនោះ គឺគាត់បានបញ្ចប់ដោយការដាស់តឿនយ៉ាងច្បាស់ៗទៅកាន់លោក ធីម៉ូថេ៖ «តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្ដីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង» (២ធីម៉ូថេ ៤:៥)។
នេះជាបទគម្ពីរមួយដ៏ល្អសម្រាប់ការអធិស្ឋានរបស់យើង បើនិយាយអំពីពួកគ្រូក្លែងក្លាយ។ ការងាររបស់អ្នកផ្សាយដំណឹងល្អ រួមបញ្ចូលទាំងការប្រកាសដំណឹងល្អ និងការអធិស្ឋានសម្រាប់មនុស្សបាត់បង់ដែរ។ នៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១-៤ សាវ័ក ប៉ុល បានដាស់តឿនថា៖
«ដូច្នេះ ខ្ញុំទូន្មានសេចក្ដីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន និងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ គឺឲ្យស្ដេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក ដ្បិតយ៉ាងនោះ ទើបបានល្អហើយគាប់ព្រះហឫទ័យ ដល់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត។»
ខ្ញុំជឿថា វាជារឿងមានប្រាជ្ញា និងត្រឹមត្រូវ ដែលពួកយើងអធិស្ឋានសម្រាប់ «មនុស្សទាំងអស់» សម្រាប់អស់អ្នកដែលព្រះជាម្ចាស់នឹងសង្គ្រោះ ហើយនឹងត្រាស់ហៅឲ្យទទួលបានសេចក្ដីសង្គ្រោះ។ បច្ចុប្បន្ននេះមានចៀមដែលវង្វេងនៅក្រោមអំណាចនៃគ្រូក្លែងក្លាយ និងដំណឹងល្អក្លែងក្លាយជាច្រើន។ សូមអធិស្ឋានឲ្យពួកគេមានសេរីភាព ដោយអំណាចនៃដំណឹងល្អពិតប្រាកដវិញ!
៤. អធិស្ឋានសូមឲ្យលោកអ្នក និងគ្រូគង្វាលរបស់លោកអ្នកមានចិត្តក្លាហានក្នុងការនិយាយសេចក្ដីពិត ដោយចិត្តស្រឡាញ់
នេះមិនមែនជាការអធិស្ឋានគាំទ្រគ្រូក្លែងក្លាយនោះទេ ប៉ុន្តែបន្ទាប់ពីយើងបានអធិស្ឋានសម្រាប់ព្រលឹងពួកគេ ទូលសូមឲ្យព្រះជាម្ចាស់បញ្ចប់ព័ន្ធកិច្ចដ៏អាក្រក់របស់ពួកគេ ហើយឲ្យអ្នកដែលបាត់បង់នឹងបានភ្ញាក់ដឹងខ្លួនវិញ នោះតើមានអ្វីផ្សេងទៀតដែលត្រូវអធិស្ឋាន ក្រៅពីអធិស្ឋានឲ្យលោកអ្នក និងគ្រូគង្វាលរបស់លោកអ្នកមានចិត្តក្លាហានក្នុងការប្រកាសសេចក្ដីពិត ដោយសេចក្ដីស្រឡាញ់?
សាវ័ក ប៉ុល បានអង្វរដល់ពួកអ្នកជឿនៅក្រុងអេភេសូរថា «…ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន និងសម្ដែងពីសេចក្ដីអាថ៌កំបាំងនៃដំណឹងល្អ ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្ដីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី» (អេភេសូរ ៦:១៩-២០)។
សូមឲ្យការធ្វើបែបនេះជាសេចក្ដីអធិស្ឋានរបស់យើងចុះ!
និពន្ធដោយ៖ Costi Hinn
បកប្រែដោយ៖ លោក ស៊ូ ទិត្យ
ជំនួយការបកប្រែ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និងលោកស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី forthegospel.org ដោយមានការអនុញ្ញាត។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
អំពីអ្នកនិពន្ធ៖ លោកគ្រូ Costi W. Hinn ជាគ្រូគង្វាលរៀមច្បងនៅព្រះវិហារ Mission Bible នៅ Orange County រដ្ឋកាលីហ្វញ៉ា។ គាត់មានការឆេះឆួលក្នុងការពង្រឹង និងបង្ហាត់ឲ្យគ្រីស្ទបរិស័ទរស់នៅដោយមានភាពក្លាហានសម្រាប់ព្រះយេស៊ូវគ្រីស្ទ។ ទាក់ទងនឹងប្រវត្តិ និងជំនាញរបស់គាត់ គាត់បង្រៀនមនុស្សម្នានៅជុំវិញពិភពលោកនេះអំពីរបៀបនៃការដោះស្រាយដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន។ គាត់មានចំណែកក្នុងការចូលរួមនិពន្ធសៀវភៅ Defining Deception ជាមួយនឹងអ្នកនិពន្ធម្នាក់ទៀត ហើយគាត់ក៏បាននិពន្ធសៀវភៅ God, Greed, and the (Prosperity) Gospel (Zondervan, ខែសីហា ឆ្នាំ២០១៩)។ ប៉ុស្តិ៍ទូរទស្សន៍ CNN បានចាក់ផ្សាយអំពីការងាររបស់គាត់ ទស្សនាវដ្ដី Christianity Today និងកន្លែងបោះពុម្ពផ្សេងៗទៀតក៏បានចាក់ផ្សាយអំពីការងាររបស់គាត់ផងដែរ។ លោកគ្រូ Costi បានបញ្ចប់ការសិក្សារបស់គាត់នៅឯមហាវិទ្យាល័យ Dallas Baptist ហើយឥឡូវនេះកំពុងរៀនបន្តយកបណ្ឌិតពីរទៀតនៅឯសាលាព្រះគម្ពីរ Midwestern Baptist Theological។ សព្វថ្ងៃនេះ គាត់ស្នាក់នៅ Irvine រដ្ឋកាលីហ្វញ៉ា ជាមួយនឹងប្រពន្ធ និងកូន៣នាក់របស់គាត់។
មតិយោបល់
Loading…