យើងជឿថា ព័ន្ធកិច្ចបម្រើរបស់ព្រះយេស៊ូវជាប់ទាក់ទងខុសប្លែកពីរបៀបដែលបុរស និងស្ត្រីមានបាប ប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។ ជាញយដង មានភស្តុតាងដែលបង្ហាញពីការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ចំពោះស្ត្រី៖ «ឯស្ត្រីនេះជាពូជលោក អ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់ ១៨ឆ្នាំមកហើយ ដូច្នេះតើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃឈប់សម្រាកដែរទេឬអី» (លូកា ១៣:១៦)។ អ្វីៗដែលព្រះយេស៊ូវបានបង្រៀន និងបានធ្វើ គឺជាការវាយប្រហារដល់សេចក្ដីអំនួត ដែលធ្វើឲ្យបុរស និងស្ត្រីបន្តុះបង្អាប់គ្នាទៅវិញទៅមក។ អ្វីៗដែលព្រះយេស៊ូវបានបង្រៀន និងបានធ្វើ គឺជាការត្រាស់ហៅឲ្យបន្ទាបខ្លួន និងឲ្យមានសេចក្ដីស្រឡាញ់ ដែលអាចកម្ចាត់ការលើកតម្កើងខ្លួនឯងចេញពីការដឹកនាំ ហើយឲ្យមានភាពជាអ្នកបម្រើដែលចុះចូល។ ព្រះទ្រង់បានចាត់ទុកការដែលក្រឡេកឃើញស្ត្រី ហើយមានដំរេក សម្រើបចង់បាននោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយ ព្រមទាំងព្រមានថា នឹងត្រូវបោះទៅក្នុងស្ថាននរក (ម៉ាថាយ ៥:២៨-២៩)។ ទ្រង់បានថ្កោលទោសចំពោះការបោះបង់ចោលស្ត្រីដោយការលែងលះ (ម៉ាថាយ ១៩:៨-៩)។ ទ្រង់មានបន្ទូលប្រាប់យើងថា នៅថ្ងៃជំនុំជម្រះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ (ម៉ាថាយ ១២:៣៦)។ ទ្រង់បានបង្គាប់ឲ្យយើងធ្វើអស់ទាំងការអ្វី ដែលយើងរាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យយើងប្រព្រឹត្តនឹងគេដូច្នោះដែរ (ម៉ាថាយ ៧:១២)។ ទ្រង់មានព្រះបន្ទូលទៅកាន់ពួកសម្ដេចសង្ឃថា៖ «…ពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា» (ម៉ាថាយ ២១:៣១)។ ស្ត្រីៗបានអមដំណើរទ្រង់ ទ្រង់បានបង្រៀនដល់ស្ត្រី ហើយស្ត្រីបានធ្វើទីបន្ទាល់អំពីការមានព្រះជន្មឡើងវិញរបស់ទ្រង់។ យើងអាចអនុវត្តព្រះបន្ទូលរបស់ព្រះយេស៊ូវ ទោះសេចក្ដីទាំងនោះបានប្រឆាំងនឹងរាល់ទំនៀមទម្លាប់សង្គមដែលបន្ទាប ឬបំពានលើបុរស និងស្ត្រីក្ដី៖ «តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទម្លាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ» (ម៉ាថាយ ១៥:៣)។
ប៉ុន្តែ តើនៅកន្លែងណាដែលព្រះយេស៊ូវមានព្រះបន្ទូល ឬរិះគន់លំដាប់លំដោយនៃការបង្កើតដែលបុរសមានទំនួលខុសត្រូវចម្បងក្នុងការដឹកនាំ ការពារ និងទ្រទ្រង់? គ្មានកន្លែងណាដែលព្រះអង្គបានលំដាប់លំដោយដ៏ល្អមកសួរនាំឡើយ។ វាមិនសមហេតុផលទាល់តែសោះ ដែលព្រះយេស៊ូវត្រូវត្រឡប់មកប្រឆាំងនឹងការដឹកនាំដោយសេចក្ដីស្រឡាញ់របស់ស្វាមី ឬជាចាស់ទុំខាងឯព្រលឹងវិញ្ញាណ ដោយសារតែស្ត្រីបានបម្រើ បានរៀនពី ហើយបានប្រាប់អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវទៅពួកសិស្សនោះ។ យើងនឹងមិនវែកញែកដោយគ្រាន់តែព្រះយេស៊ូវបានជ្រើសរើសបុរសដប់ពីរនាក់ឲ្យធ្វើជាសាវ័កដ៏មានអំណាចរបស់ទ្រង់ នោះព្រះយេស៊ូវច្បាស់ជាសព្វព្រះទ័យនឹងភាពចាស់ទុំនៃពួកបុរសតែនៅក្នុងក្រុមជំនុំនោះឡើយ។ ប៉ុន្តែ ការវែកញែកនេះយ៉ាងហោចណាស់អាចយកជាការបានដូចជាការវែកញែកផ្សេងទៀត ដែលព្រះយេស៊ូវបានធ្វើ មានន័យថា ទ្រង់នឹងប្រឆាំងនឹងភាពចាស់ទុំរបស់បុរសទាំងអស់ ឬការដឹកនាំរបស់ប្ដី។ កិច្ចខិតខំប្រឹងប្រែងនៅក្នុងការបង្ហាញថា ការបម្រើព័ន្ធកិច្ចរបស់ព្រះយេស៊ូវ គឺជាផ្នែកមួយដ៏សំខាន់នៃការជំរុញស្របតាមព្រះគម្ពីរប្រឆាំងនឹងតួនាទី ដោយផ្អែកលើយេនឌ័រអាចត្រូវបានទ្រទ្រង់ដោយការសន្និដ្ឋាន (ជាជាងការបង្ហាញ) ថា ទ្រង់ចង់ចាត់ទុកជាមោឃៈ ចំពោះភាពជាអ្នកដឹកនាំ និងការចុះចូលជាជាងកែតម្រូវពួកគេវិញ។ អ្វីដែលច្បាស់នោះគឺថា ព្រះយេស៊ូវបានលុបបំបាត់ភាពជាអ្នកដឹកនាំនៃសេចក្ដីអំនួត ភាពភ័យខ្លាច និងការលើកតម្កើងខ្លួនឯង ហើយថាទ្រង់ក៏បានលើកតម្កើងស្ត្រីជាបុគ្គលដែលស័ក្ដិសមនឹងការគោរពដ៏ខ្ពង់ខ្ពស់ក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់។
មានការបម្រើព័ន្ធកិច្ចរាប់រយបើកចំហសម្រាប់បុរស និងស្ត្រី។ យើងត្រូវសួរសំណួររបស់យើងដោយប្រុងប្រយ័ត្ន។ បើមិនដូច្នេះទេ យើងអាចនឹងបិតបាំងសេចក្ដីពិតពីដើមដំបូង។
បញ្ហានៅត្រង់ថា តើមានស្ត្រីណាម្នាក់បានបម្រើ ជាមួយនឹងសាវ័ក ប៉ុល នៅក្នុងព័ន្ធកិច្ចបានបំពេញតួនាទី ដែលមិនសមស្រប ហើយបានដាក់ដែនកំណត់លើភាពចាស់ទុំរបស់បុរសទេ? ចម្លើយចំពោះសំណួរនេះ គឺ គ្មានទេ។ យើងប្រហែលជាអាចលើកឧទាហរណ៍អំពីស្ត្រីសំខាន់ៗពីរនាក់ នៅក្នុងព័ន្ធកិច្ចរបស់សាវ័ក ប៉ុល។
សាវ័ក ប៉ុល មានប្រសាសន៍ថា នាង អ៊ើរ៉ូឌា និងនាង ស៊ុនទីច «ឲ្យបានតតាំងជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនិងអ្នក ក្លេមេន និងគូកនខ្ញុំឯទៀត» (ភីលីព ៤:២-៣)។ មានកិត្តិយសដ៏អស្ចារ្យនៅក្នុងការដាក់នាង អ៊ើរូឌា និងនាង ស៊ុនទីច ឲ្យនៅទីនេះសម្រាប់ការបម្រើព័ន្ធកិច្ច។ ប៉ុន្តែ គ្មានមូលដ្ឋានអ្វីសម្រាប់ការបញ្ជាក់ពីលក្ខណៈនៃព័ន្ធកិច្ចបម្រើរបស់ពួកគេ ដែលផ្ទុយទៅនឹងការកំណត់ដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២ នោះឡើយ។ មានអ្នកខ្លះអាចនឹងប្រើការសន្មតផ្ទុយគ្នានេះ ដើម្បីប្រឆាំងនឹងដែនកំណត់ទាំងនេះ។ ច្បាស់ណាស់សាវ័ក ប៉ុល បានលើកឡើងថា ទាំង «ពួកត្រួតត្រា» និង «ពួកអ្នកជំនួយ» ដែលបានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ភីលីព ១:១ គឺជាគូកនឯទៀតៗរបស់គាត់នៅពេលដែលគាត់នៅទីនោះ។ ហើយនោះមានន័យថា បុគ្គលម្នាក់អាចជា «គូកនឯទៀត» ជាសាវ័ក ប៉ុល ដោយមិនចាំបាច់មានអំណាចលើបុរស។ (យើងកាត់ស្រាយចេញពីកណ្ឌគម្ពីរ ១ធីម៉ូថេ ៣:២ និង ៥:១៧ អ្វីដែលសម្គាល់ថា ពួកចាស់ទុំ និងពួកអ្នកជំនួយខុសពីគ្នា គឺទំនួលខុសត្រូវក្នុងការបង្រៀន និងការគ្រប់គ្រង ជាទំនួលខុសត្រូវរបស់ពួកចាស់ទុំ ហើយមិនមែនជារបស់ពួកអ្នកជំនួយនោះទេ)។
សាវ័ក ប៉ុល បានសរសើរនាង ភីបេ ក្នុងនាមជា «អ្នកបម្រើ» ឬ «អ្នកជំនួយ» នៃក្រុមជំនុំនៅក្រុងកេងគ្រា ដូចដែលគាត់បានលើកឡើងថា៖ ដ្បិតនាង «បានជួយគេជាច្រើន ព្រមទាំងខ្ញុំផង» (រ៉ូម ១៦:១-២)។ អ្នកខ្លះបានព្យាយាមប្រកែកថា ពាក្យជាភាសាក្រិកនៅក្រោយពាក្យ «ផាតត្រុន» ពិតជាមានន័យថា «អ្នកដឹកនាំ»។១០ នេះគួរឲ្យសង្ស័យ ដ្បិតវាពិបាកនៅក្នុងការស្រមៃនៅក្នុងន័យណាមួយ ជាអ្វីដែលសាវ័ក ប៉ុល ចង់មានន័យដោយការលើកឡើងថា នាង ភីបេ បានក្លាយជាអ្នកដឹកនាំរបស់គាត់។
ជាការពិតណាស់ គាត់អាចមានន័យថា នាងគឺជាអ្នកដឹកនាំដ៏មានឥទ្ធិពលម្នាក់ដែលបានផ្ដល់ទីស្នាក់អាស្រ័យសម្រាប់គាត់ និងក្រុមរបស់គាត់ ឬថានាងបានប្រើឥទ្ធិពលក្នុងសហគមន៍របស់នាងសម្រាប់បុព្វហេតុនៃដំណឹងល្អ និងជាពិសេសសម្រាប់សាវ័ក ប៉ុល។ នាងជាមនុស្សសំខាន់ម្នាក់ ហើយមានតួនាទីសំខាន់ក្នុងការបម្រើព័ន្ធកិច្ច។ ប៉ុន្តែ ដើម្បីទាញយកអ្វីមួយពីពាក្យដែលផ្ទុយនឹងការយល់ដឹងរបស់យើងអំពីកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២ ដែលគេមុខជាសន្និដ្ឋានថា នាង ភីបេ បានប្រើសិទ្ធិអំណាចលើបុរស។ ជាក់ស្ដែង បទគម្ពីរមិនបានបង្ហាញបែបនោះទេ។
មតិយោបល់
Loading…