ផ្នត់គំនិតនៃការជេរប្រមាថទាស់ប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធមានលើកឡើងក្នុងកណ្ឌគម្ពីរ ម៉ាកុស ៣:២២–៣០ និងម៉ាថាយ ១២:២២–៣២។ ព្រះយេស៊ូវទើបតែបានធ្វើការអស្ចារ្យ។ គេបាននាំបុរសដែលមានវិញ្ញាណអាក្រក់សណ្ឋិតក្នុងគាត់មកកាន់ព្រះយេស៊ូវ ហើយព្រះអម្ចាស់ក៏បានបណ្ដេញវិញ្ញាណអាក្រក់នោះចេញ ហើយក៏បានព្យាបាលបុរសខ្វាក់ និងគរផងដែរ។ អស់អ្នកដែលបានឃើញការបណ្ដេញនេះក៏ចាប់ផ្ដើមងឿងឆ្ងល់ថា តើព្រះយេស៊ូវពិតជាព្រះមេស្ស៊ី ដែលគេបានរង់ចាំមែនឬ។ ពួកផារិស៊ីដែលបានឮការនិយាយអំពីព្រះមេស្ស៊ីក៏បានរម្លាយចោលយ៉ាងលឿនអំពីជំនឿដែលកំពុងតែដុះឡើងក្នុងមហាជន៖ «អ្នកនេះដេញអារក្ស ដោយសារតែបេលសេប៊ូល ជាមេអារក្សប៉ុណ្ណោះ» (ម៉ាថាយ ១២:២៤)។
ព្រះយេស៊ូវក៏បានឆ្លើយតបជាមួយនឹងពួកផារិស៊ីដោយប្រើប្រាស់តក្កវែកញែកអំពីមូលហេតុដែលថា ព្រះអង្គមិនមែនកំពុងតែដេញអារក្សក្នុងអំណាចសាតាំងឡើយ (ម៉ាថាយ ១២:២៥–២៩)។ បន្ទាប់មក ព្រះអង្គក៏បានលើកឡើងអំពីការជេរប្រមាថទាស់ប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សអាចនឹងទទួលបានការអត់ទោសឲ្យរួចចេញពីអំពើបាប និងពាក្យប្រមាថបាន តែពាក្យប្រមាថដល់ព្រះវិញ្ញាណ នឹងមិនអាចអត់ទោសឲ្យបានឡើយ។ អ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចនឹងអត់ទោសឲ្យបាន តែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចអត់ទោសឲ្យបានឡើយ ទោះក្នុងសម័យនេះ ឬនៅឯបរលោកក៏ដោយ»។
យើងអាចបកស្រាយពាក្យ «ទាស់នឹង» ថាជាទូទៅសំដៅទៅលើ «ការប្រឆាំងជាចំហដែលគ្មានការគោរព»។ ពាក្យនេះអាចប្រើប្រាស់ទាក់ទងនឹងអំពើបាបដែលជេរប្រមាថព្រះជាម្ចាស់ ឬក៏ការបន្ទាបបន្ថោកអ្វីមួយដោយចេតនាផ្ទាល់ទាក់ទងទៅនឹងព្រះជាម្ចាស់។ «ការទាស់នឹង» បែបនេះក៏រាប់ថា ព្រះជាម្ចាស់មានអំពើអាក្រក់ខ្លះៗ ឬក៏ទទួលស្គាល់ថាព្រះអង្គមិនមានអំពើល្អដែលយើងគួររាប់បញ្ចូលក្នុងព្រះអង្គឡើយ។ ទាក់ទងនឹងករណីនៃ «ការទាស់នឹង» មួយនេះគឺ៖ អញ្ចឹងហៅថា «ពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ» ក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១២:៣១។ បន្ទាប់ពីពួកផារិស៊ីបានឃើញភស្តុតាងដែលមិនអាចបដិសេធបានត្រង់ថា ព្រះយេស៊ូវកំពុងតែធ្វើការអស្ចារ្យក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេបែរជាអះអាងថា ព្រះអង្គត្រូវមានអារក្សមកសណ្ឋិតលើទៅវិញ (ម៉ាថាយ ១២:២៤)។ សូមកត់សម្គាល់ក្នុងកណ្ឌគម្ពីរ ម៉ាកុស ៣:៣០ ត្រង់ថាព្រះយេស៊ូវបានលើកឡើងយ៉ាងចំៗអំពីអ្វីដែលពួកផារិស៊ីបានធ្វើក្នុងការប្រព្រឹត្តការទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ៖ «ព្រះអង្គមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា៖ “ព្រះអង្គមានវិញ្ញាណអាក្រក់ចូល”»។
ការប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធទាក់ទងទៅនឹងការចោទព្រះយេស៊ូវគ្រីស្ទថា មានអារក្សសណ្ឋិតក្នុងព្រះអង្គជាជាងទ្រង់មានពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធទៅវិញ។ ប្រភេទនៃការជេរប្រមាថបែបនេះមិនអាចកើតឡើងជាថ្មីម្ដងទៀតមកដល់សព្វថ្ងៃនេះបានឡើយ។ ពួកផារិស៊ីកំពុងតែស្ថិតក្នុងពេលវេលាដ៏ពិសេសក្នុងប្រវត្តិសាស្ត្រ៖ ពួកគេមានកណ្ឌគម្ពីរក្រឹត្យវិន័យ នឹងកណ្ឌគម្ពីរពួកហោរា ពួកគេមានព្រះវិញ្ញាណបរិសុទ្ធដែលកំពុងធ្វើការក្នុងចិត្តរបស់ពួកគេ ពួកគេមានព្រះរាជបុត្រានៃព្រះជាម្ចាស់ផ្ទាល់ដែលកំពុងតែគង់នៅពីមុខពួកគេផ្ទាល់ ហើយពួកគេក៏បានឃើញផ្ទាល់នឹងភ្នែកខ្លួននូវការអស្ចារ្យដែលព្រះអង្គបានធ្វើដែរ។ ក្នុងប្រវត្តិសាស្ត្រនៃពិភពលោកពីមុន (ហើយក៏នឹងមិនមានបន្ទាប់ពីនោះ) មិនដែលមានពន្លឺនៃព្រះដល់ដំណាក់កាលនោះដែលត្រូវបានប្រទានមកកាន់មនុស្សលោកនោះទេ ប្រសិនបើគួរមាននរណាដែលស្គាល់ថាព្រះយេស៊ូវគឺជានរណា នោះមានតែពួកផារិស៊ីទេ។ ប៉ុន្តែ ពួកគេបែរជាជ្រើសរើសទាស់ប្រឆាំងជាចំហទៅវិញ។ ពួកគេបានថ្វាយព័ន្ធកិច្ចនៃព្រះវិញ្ញាណទៅកាន់អារក្សដោយចេតនា ទោះបើពួកគេស្គាល់សេចក្ដីពិត ហើយមានភស្តុតាងក៏ដោយ។ ព្រះយេស៊ូវក៏បានប្រកាសថា ការខ្វាក់ភ្នែកដោយចេតនារបស់ពួកគេមិនអាចទទួលការអត់ទោសបានឡើយ។ ការពោលពាក្យជេរប្រមាថទាស់ប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធគឺជាការបដិសេធជាលើកចុងក្រោយបង្អស់របស់ពួកគេអំពីព្រះគុណរបស់ព្រះជាម្ចាស់។ ពួកគេបានជ្រើសរើសផ្លូវខ្លួនឯង ហើយព្រះជាម្ចាស់ក៏បានអនុញ្ញាតឲ្យពួកគេធ្លាក់ចូលការផ្ដន្ទាទោសរហូតដល់ស្លាប់ ដោយគ្មានការឃាត់ឃាំងដែរ។
ព្រះយេស៊ូវប្រាប់ពួកមហាជនថា ការប្រមាថរបស់ពួកផារិស៊ីទាស់ប្រឆាំងនឹងព្រះវិញ្ញាណនឹង «មិនអាចអត់ទោសឲ្យបានឡើយ ទោះក្នុងសម័យនេះ ឬនៅឯបរលោកក៏ដោយ» (ម៉ាថាយ ១២:៣២)។ នេះគឺជារបៀបម្យ៉ាងទៀតនៃការលើកឡើងថា អំពើបាបរបស់ពួកគេនឹងមិនដែលទទួលបានការអត់ទោសទេ។ មិនដែលទាល់តែសោះ។ មិនដែលឥឡូវនេះ ហើយក៏មិនដែលនៅអស់កល្បជានិច្ចដែរ។ ដូចដែលកណ្ឌគម្ពីរ ម៉ាកុស ៣:២៩ បានចែងថា៖ «អ្នកនោះមានបាបជាប់ទោសអស់កល្បជានិច្ច»។
លទ្ធផលភ្លាមៗនៃការបដិសេធរបស់ពួកផារិស៊ីជាសាធារណៈអំពីព្រះគ្រីស្ទនោះ (និងការដែលព្រះជាម្ចាស់បដិសេធពួកគេ) ក៏មានចែងនៅក្នុងជំពូកបន្ទាប់ដែរ។ ហើយជាលើកដំបូង ព្រះយេស៊ូវក៏ «មានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើន» (ម៉ាថាយ ១៣:៣; ហើយសូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ម៉ាកុស ៤:២)។ ពួកសិស្សមិនអាចយល់អំពីរបៀបនៃការបំផ្លាស់បំប្រែការបង្រៀនរបស់ព្រះយេស៊ូវ ហើយព្រះអង្គក៏បានពន្យល់អំពីការដែលទ្រង់ប្រើប្រាស់រឿងប្រៀបប្រដូច៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ…ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ» (ម៉ាថាយ ១៣:១១, ១៣)។ ព្រះយេស៊ូវក៏ចាប់ផ្ដើមបើកសម្ដែងសេចក្ដីពិតដោយប្រើប្រាស់រឿងប្រៀបប្រដូច និងរឿងឧបមាដែលនោះគឺជាលទ្ធផលផ្ទាល់ទាក់ទងទៅនឹងការដែលមេដឹកនាំពួកសាសន៍យូដាបានបដិសេធទ្រង់ជាផ្លូវការ។
ជាថ្មីម្ដងទៀត ការជេរប្រមាថទាស់ប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធគឺមិនអាចកើតឡើងជាថ្មីម្ដងទៀតបាននៅសព្វថ្ងៃនេះទេ ទោះបើថាមានមនុស្សមួយចំនួនបានព្យាយាមធ្វើក៏ដោយ។ ព្រះយេស៊ូវគ្រីស្ទមិនមែនកំពុងគង់នៅលើផែនដីនេះទៀតទេ—ប៉ុន្តែ ព្រះអង្គកំពុងតែគង់នៅខាងស្ដាំព្រះហស្តនៃព្រះជាម្ចាស់។ គ្មានអ្នកណាអាចមើលឃើញផ្ទាល់អំពីការអស្ចារ្យដែលព្រះយេស៊ូវធ្វើ ហើយបន្ទាប់មកថ្វាយអំណាចនោះទៅកាន់អារក្សសាតាំង ជាជាងទៅកាន់ព្រះវិញ្ញាណបានទៀតឡើយ។
អំពើបាបដែលមិនអាចទទួលបានការអត់ទោសបាននៅថ្ងៃនេះគឺជាការបន្តមិនជឿ។ ឥឡូវនេះ ព្រះវិញ្ញាណបន្តធ្វើការក្នុងផែនដីនៃអំពើបាបដែលមិនទាន់ទទួលបានការសង្គ្រោះ អ្នកដែលទទួលបានការរាប់ជាសុចរិត និងការថ្កោលទោស (យ៉ូហាន ១៦:៨)។ ការបដិសេធដោយទាស់ប្រឆាំងនឹងការធ្វើការនោះ និងការបន្តមិនកែប្រែចិត្តដោយចេតនាគឺជា «ការទាស់នឹង» ព្រះវិញ្ញាណ។ មិនមានការអត់ទោសទេ មិនថានៅសម័យនេះ ឬក៏នៅសម័យដែលនឹងកើតឡើង សម្រាប់បុគ្គលដែលបដិសេធការធ្វើព័ន្ធកិច្ចរបស់ព្រះវិញ្ញាណក្នុងការឲ្យទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ហើយបន្ទាប់មកស្លាប់ដោយមិនទទួលជឿ។ យើងអាចឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងច្បាស់ណាស់៖ «ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។ ហើយជម្រើសក៏ច្បាស់ដែរ៖ «អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ អ្នកនោះនឹងមិនឃើញជីវិតឡើយ គឺសេចក្តីក្រោធរបស់ព្រះតែងនៅជាប់លើអ្នកនោះជានិច្ច» (យ៉ូហាន ៣:៣៦)។
មតិយោបល់
Loading…