in

ឈាម​ក្នុង​សាច់

ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៩​លោក ណូអេ បាន​ទទួល​សេចក្ដី​តាំង​សញ្ញា​មួយ​ពី​ព្រះ​អម្ចាស់។ ផ្នែក​មួយ​នៃ​សេចក្ដី​តាំង​សញ្ញា​នោះ​គឺ ព្រះ​អង្គ​បាន​ដក​ចេញ​នូវ​លក្ខខណ្ឌ​នៃ​ការ​ហាម​មិន​ឲ្យ​ហូប​សាច់​ចោល ដែល​ការ​នេះ​បាន​អនុញ្ញាត​ឲ្យ​លោក ណូអេ និង​គ្រួសារ​របស់​គាត់​មាន​សិទ្ធិ​សម្លាប់​សត្វ​សម្រាប់​ធ្វើ​ជា​ម្ហូប​អាហារ​បាន។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​ការ​អនុញ្ញាត​នេះ​នៅ​តែ​មាន​ការ​ហាម​ប្រាម​មួយ​នេះ​ដែរ គឺថា «តែ​សាច់​ណា​ដែល​នៅ​មាន​ជីវិត គឺ​ជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ» (លោកុប្បត្ដិ ៩:៤)។

មាន​បុព្វ​ហេតុ​មួយ​ដែល​ព្រះ​ជាម្ចាស់​ហាម​មិន​ឲ្យ​បរិភោគ​ឈាម​របស់​សត្វ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​គឺ​ដោយ​ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះហឫទ័យ​បង្រៀន​យើង​ឲ្យ​ចេះ​គោរព​តម្លៃ​ជីវិត។ យើង​ឃើញ​ថា ក្នុង​ព្រះ​គម្ពីរ ឈាម​​គឺ​ជា​របស់​តំណាង​ឲ្យ​ជីវិត (លេវីវិន័យ ១៧:១១)។ កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៤:១០ គឺ​ជា​ខគម្ពីរ​ដំបូង​គេ​បង្អស់​ដែល​បាន​លើក​ឡើង​អំពី​ពាក្យ​ថា «ឈាម» ដែល​នា​អំឡុង​ពេល​នោះ​ព្រះ​ជាម្ចាស់​កំពុង​សួរ​លោក កាអ៊ីន ដែល​ជា​ឃាតករ​ថា «ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពី​ព្រោះ​ឮ​សូរ​សម្រែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ?»។ ការ​ខ្ចាយ​ឈាម​គឺ​ជា​តំណាង​ឲ្យ​ការ​បាត់​បង់​ជីវិត។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ឃ្លា​ថា «ព្រះ​លោ​ហិត​ដ៏​វិសេស​របស់​ព្រះ​គ្រីស្ទ» ឬ​ក៏ «ព្រះ​លោ​ហិត​ទ្រង់» គឺ​ជា​ការ​លើក​ឡើង​ដ៏​សាមញ្ញ​តំណាង​ឲ្យ «ការ​សុគត​របស់​ព្រះ​គ្រីស្ទ» (អេភេសូរ ២:១៣; ១ពេត្រុស ១:១៩)។

តាម​រយៈ​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ យើង​ឃើញ​ថា មាន​ម្ហូប​អាហារ​មួយ​ចំនួន​ដែល​ព្រះ​ជាម្ចាស់​រាប់​ថា​មិន​ស្អាត​សម្រាប់​ការ​បរិភោគ ដែល​រួមមាន​ទាំង​សាច់​ដែល​នៅ​មាន​ឈាម​ក្នុង​វា​នៅ​ឡើយ (ចោទិយកថា ១២:១៦)។ ក្រុម​ជំនុំ​ដំបូង​បាន​លើក​ទឹក​ចិត្ត​សាសន៍​ដទៃ​តាម​រយៈ​ការ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​បរិភោគ​សាច់​ដែល​នៅ​មាន​ឈាម ដើម្បី​កុំ​ឲ្យ​សាសន៍​យូដា​ដែល​ជា​បង​ប្អូន​រួម​ជំនឿ​អាក់​អន់​ចិត្ត ហើយ​ក៏​បាន​ហាម​ពួក​គាត់​កុំ​ឲ្យ​ទៅ​ជិត​ពួក​សាសន៍​ដទៃ​ដែល​គោរព​ព្រះ​ក្លែង​ក្លាយ​ដែរ (កិច្ចការ ១៥:២០)។

មូល​ហេតុ​មួយ​ផ្សេង​ទៀត​ដែល​យើង​អាច​ដឹង​បាន​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ទាក់​ទង​នឹង​ការ​ដែល​ព្រះ​ជាម្ចាស់​ហាម​មិន​ឲ្យ​បរិភោគ​សាច់​ដែល​នៅ​មាន​ជាប់​ឈាម​គឺ​ដោយ​ព្រោះ​វា​ទាក់​ទង​នឹង​យញ្ញ​បូជា។ មាន​តែ​ឈាម​ទេ​ដែល​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ធ្វើជា​យញ្ញ​បូជា​ធួន​នឹង​បាប (២របាក្សត្រ ២៩:២៤; ហេព្រើរ ៩:២២) ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ចាត់​ទុក​ឈាម​ថា​ជា​របស់​ដ៏​មាន​តម្លៃ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះហឫទ័យ​ថា យើង​ត្រូវ​តែ​ចាត់​ទុក​ឈាម​នៃ​យញ្ញ​បូជា​ថា​មាន​តម្លៃ​ដ៏​វិសេស។ ព្រះ​ជាម្ចាស់​មិន​បាន​អនុញ្ញាត​ឲ្យ​រាស្ត្រ​ទ្រង់​យក​ឈាម​ធ្វើ​ជា​ម្ហូប​អាហារ​បែប​ជា​សាមញ្ញ គឺ​ដោយ​ព្រោះ​ទ្រង់​សព្វព្រះហឫទ័យ​បង្រៀន​ពួក​គាត់​ឲ្យ​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​យញ្ញ​បូជា។

ការ​ចេះ​មាន​សន្តាន​ចិត្ត​ល្អ​ទៅ​លើ​សត្វ​ក៏​ទំនង​ជា​មូល​ហេតុ​មួយ​ទៀត​ដែល​ព្រះ​ជាម្ចាស់​បាន​បង្គាប់​មិន​ឲ្យ​លោក ណូអេ បរិភោគ​សាច់​ដែល​នៅ​មាន​ឈាម​ក្នុង​វា​ដែរ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ដូចជា​ពពួក​សត្វ​ដែល​ស៊ី​សាច់​ឆៅ​ជា​អាហារ បន្ទាប់​ពី​ពួកវា​ទើប​តែ​​សម្លាប់​​សត្វ​បាន​ភ្លាមៗ​ បន្ទាប់​មក​ក៏​ស៊ី​សាច់​ឆៅ​ទាំង​នោះ​យក​តែ​ម្ដង​នោះ​ទេ។ ផ្ទុយ​ពី​នោះ ពួក​គាត់​ត្រូវ​តែ​បង្ហូរ​ឈាម​ចេញ​ពី​សត្វ​នោះ​ចោល​សិន ដើម្បី​ឲ្យ​ប្រាកដ​ថា​សត្វ​នោះ​ពិត​ជា​បាន​ងាប់​បាត់​ហើយ​មែន មុន​ពេល​ដែល​ពួក​គាត់​បរិភោគ​សាច់​វា។

លើស​ពី​នោះ​ទៅ​ទៀត មាន​មនុស្ស​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​ព្រះ​ជាម្ចាស់​បាន​ហាម​មិន​ឲ្យ​បរិភោគ​សាច់​ដែល​ជាប់​មាន​ឈាម​ក្នុង​វា​ក៏​ទំនង​ជា​ទាក់​ទង​នឹង​សុខភាព​ដែរ។ ការ​ដែល​បរិភោគ​សាច់​នៅ​មាន​ឈាម​គឺ​បញ្ជាក់​ថា សាច់​នោះ​មិន​ទាន់​ត្រូវ​បាន​ចម្អិន​ឲ្យ​ឆ្អិន​នៅ​ឡើយ​ទេ ហើយ​ការ​បរិភោគ​សាច់​មិន​ទាន់​ឆ្អិន​អាច​នឹង​នាំ​ឲ្យ​មាន​ជំងឺ ឬ​ក៏​ការ​ឈឺ​ថ្កាត់​ផង​ដែរ។ ឥឡូវ​នេះ យើង​ស្គាល់​អំពី​គ្រោះ​ថ្នាក់​នេះ​ហើយ ដូច​ដែល​ក្រសួង​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក (USDA) បាន​ស្រាវជ្រាវ​ឃើញ​ក្នុង​បញ្ជី​រាយ​មុខ​ម្ហូប​ដូច​ត​ទៅ៖ «ការ​បរិភោគ​ម្ហូប​អាហារ​មិន​ឆ្អិន ឬ​ក៏​សាច់ ត្រី គ្រឿង​សមុទ្រ អំបូរ​ខ្យង ឬ​ក៏​ស៊ុត​ដែល​មិន​ទាន់​ឆ្អិន​អាច​នឹង​នាំ​ឲ្យ​លោក​អ្នក​មាន​ជំងឺ​ពុល​អាហារ​យ៉ាង​ធ្ងន់ធ្ងរ​បាន»។ នៅ​សម័យ​បុរាណ គ្រោះ​ថ្នាក់​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​សម័យ​បច្ចុប្បន្ន​ទៅ​ទៀត ព្រោះ​ថា​ស្តង់ដារ​នៃ​ម្ហូប​អាហារ​ពី​សម័យ​បុរាណ​គឺ​មាន​កម្រិត​គុណភាព​ទាប​ជាង​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ទៀត។

ប៉ុន្តែ តាម​រយៈ​ព្រះ​គ្រីស្ទ ក្រឹត្យ​វិន័យ​ទាំង​នេះ​គឺ​លែង​ចាំ​បាច់​ទៀត​ហើយ ហើយ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏​មិន​បាន​លើក​ឡើង​យ៉ាង​ចំៗ​បែប​ជា​ការ​ណែនាំ​ទៅ​កាន់​ក្រុម​ជំនុំ​ទាក់​ទង​នឹង​ម្ហូប​អាហារ​ដែរ (រ៉ូម ១៤:១៤; ១ធីម៉ូថេ ៤:៣)។ កណ្ឌ​គម្ពីរ រ៉ូម ១៤:១-៤ បាន​បង្រៀន​ថា «ចូរ​ទទួល​អ្នក​ណា ដែល​ខ្សោយ​ខាង​ឯ​ជំនឿ​ដែរ មិន​មែន​ឲ្យ​បាន​ជជែក​គ្នា​ពី​សេចក្ដី​ប្រកាន់​ផ្សេងៗ​ឡើយ ដ្បិត​ម្នាក់​ជឿ​ថា បរិភោគ​បាន​គ្រប់​មុខ​ទាំង​អស់ ម្នាក់​ទៀត ដែល​ខ្សោយ បរិភោគ​តែ​បន្លែ​ទេ កុំ​ឲ្យ​អ្នក​ដែល​បរិភោគ​មើល​ងាយ​ដល់​អ្នក​ដែល​មិន​បរិភោគ​ឡើយ ក៏​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិភោគ និន្ទា​ចំពោះ​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះ​ទ្រង់​ទទួល​អ្នក​នោះ​ដូច​គ្នា តើ​អ្នក​ជា​អ្វី​ដែល​និន្ទា​បាវ​បម្រើ​របស់​គេ អ្នក​នោះ​ឈរ​ឬ​ដួល​ក្ដី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ ហើយ​គេ​នឹង​បាន​ឈរ​មែន ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​តាំង​ឲ្យ​ឈរ​បាន»។ ព្រះ​បន្ទូល​អនុញ្ញាត​ឲ្យ​គ្រីស្ទ​បរិស័ទ​មាន​សេរី​ភាព​ផ្ទាល់​ខ្លួន ទាក់​ទង​នឹង​ការ​បរិភោគ​សាច់ និង​របៀប​ចម្អិន​វា។

ជា​ការ​សង្ខេប​មក​វិញ៖ ព្រះ​ជាម្ចាស់​បាន​ហាម​ប្រាម​មិន​ឲ្យ​បរិភោគ​សាច់​ដែល​មាន​ឈាម​ជាប់​ក្នុង​វា​ទេ ដែល​ការ​នេះ​បាន​លើក​ឡើង​ក្នុង​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​នឹង​លោក ណូអេ និង​ក្នុង​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ។
មូល​ហេតុ​ដែល​នៅ​ពីក្រោយ​ការ​ហាម​ប្រាម​នេះ គឺទាក់​ទង​ទាំង​ខាង​ឯ​ព្រលឹង​វិញ្ញាណ​និង​សាច់ឈាម។

ក្នុង​ព្រះ​គ្រីស្ទ យើង​មាន​សេរី​ភាព​ទាក់​ទង​នឹង​ជម្រើស​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ដូច​ដែល​ទាក់​ទង​នឹង​រាល់​សេរី​ភាព​នានា​ក្នុង​គ្រីស្ទ​សាសនា ក៏​យើង​ត្រូវ​តែ​ប្រើ​ប្រាស់​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង ដើម្បី​ចៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈើ​ចាប់ (រ៉ូម ១៣:១៣-២២)។ លើស​ពី​អ្វីៗ​ទាំង​អស់ ការ​ដែល​យើង​បរិភោគ​អ្វី​ក៏​ដោយ ក៏​យើង​គួរ​ធ្វើ​ឡើង ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ជាម្ចាស់​ដែរ (១កូរិនថូស ១០:៣១)៕

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោក ឈាង បូរ៉ា
និងកែសម្រួលដោយ៖ ​លោក ទេព រ៉ូ , លោក ខែម បូឡុង និង​កញ្ញា លី វួងឡេង
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ឈប់​ទុក​ចិត្ត​លើ​គំនិត​របស់​យើង

​សេចក្ដី​ណា ដែល​សំណំ