in

គ្រីស្ទាន​គួរ​តែ​រៀប​ការ​ជា​មួយ​គ្រីស្ទាន ប៉ុន្តែ​ហេតុ​អ្វី?

ខ្ញុំ​បាន​ចំណាយ​ពេល​បណ្ដុះ​បណ្ដាល​និស្សិត​សកល​វិទ្យាល័យ​អស់​រយៈ​ពេល​២០ឆ្នាំ​ជាង ខ្ញុំ​តែង​តែ​ទទួល​បាន​សំណួរ​ជាប់​លាប់​មួយ​ថា៖ «តើ​ខ្ញុំ​ដែល​ជា​គ្រីស្ទាន​អាច​មាន​សង្សារ​ជា​អ្នក​មិន​មែន​ជា​គ្រីស្ទាន​បាន​ឬ​ទេ?» ដោយ​សារ​ខ្ញុំ​មាន​អន្ទង​ចិត្ត​ហេតុ​ផល​ថា ស្នេហា​របស់​គ្រីស្ទាន គឺ​ជា​ការ​កំណត់​អត្ត​សញ្ញាណ​ប្ដី​ប្រពន្ធ​របស់​ពួក​គេ ដូច្នេះ​ខ្ញុំ​ជឿ​ថា​សំណួរ​មាន​មូលដ្ឋាន​ថា៖ «តើ​ខ្ញុំ​អាច​រៀប​ការ​ជា​មួយ​អ្នក​មិន​មែន​ជា​គ្រីស្ទាន​បាន​ឬ​ទេ?»។

ព្រះ​គម្ពីរ​បាន​បង្ហាញ​ចម្លើយ​យ៉ាង​សាមញ្ញ​ចំពោះ​សំណួរ​មួយ​នេះ​គឺ​ថា៖ ទេ។ ទោះ​បី​ជា​យ៉ាង​ណា ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ឃើញ​ថា ចម្លើយ​ដ៏​សាមញ្ញ​គឺ​ជា​ការ​ដែល​មិន​ពេញ​ចិត្ត​សម្រាប់​មនុស្ស​ជា​ច្រើន។ មិន​ថា​លោក​អ្នក​កំពុង​តែ​តស៊ូ​ជា​មួយ​នឹង​សំណួរ​នេះ​ដោយ​ខ្លួន​ឯង ឬ​កំពុង​បណ្ដុះ​បណ្ដាល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​លោក​អ្នក​នៅ​ក្នុង​ការ​នេះ យើង​ត្រូវ​តែ​ធ្វើ​ការ​ងារ​ដ៏​លំបាក​ជា​ចាំបាច់ ដើម្បី​ស្វែង​យល់​ពី​មូល​ហេតុ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ទូន្មាន​យើង ដែល​ជា​គ្រីស្ទាន​មិន​ឲ្យ​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទាន។ នៅ​ក្នុង​ដំណើរ​ការ​នេះ យើង​នឹង​ឃើញ​នូវ​ចក្ខុ​វិស័យ​ដ៏​ស្រស់​ស្អាត​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ—គឺ​ជា​ចក្ខុ​វិស័យ​ដែល​គ្រីស្ទាន​ដែល​កំពុង​ស្វែង​រក​ជីវិត​អាពាហ៍ពិពាហ៍​អាច​ចង់​បាន លើស​ពី​ការ​ខឹង​សម្បារ។

ការ​រួប​រួម​នៃ​សហ​ភាព៖
ដូច​គ្នា​នឹង​សំណួរ​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ជីវិត ចម្លើយ​ទៅ​កាន់​សំណួរ​ថា ហេតុ​អ្វី​គ្រីស្ទាន​មិន​គួរ​រៀប​ការ​ជា​មួយ​អ្នក​មិន​ជឿ​ក៏​មាន​ឫសគល់​តាំង​ពី​នៅ​ក្នុង​សួន​ច្បារ​មក​ម៉្លេះ។ នៅ​ពេល​ដែល​គេ​សួរ​ព្រះ​យេស៊ូវ​សំណួរ​ជាក់​លាក់​មួយ​អំពី​អាពាហ៍ពិពាហ៍​នៅ​ក្នុង​កណ្ឌ​ព្រះ​គម្ពីរ ម៉ាកុស ១០:២ («[តើ​មនុស្ស​ប្រុស​មាន] ច្បាប់​ដែល​នឹង​លែង​ប្រពន្ធ​បាន​ឬ​មិន​បាន?») គឺ​ទ្រង់​បាន​ចាប់​ផ្ដើម​ឆ្លើយ​ដោយ​ការ​ទាញ​ត្រឡប់​ទៅ​អតីត​កាល។ ការ​រចនា​ជីវិត​អាពាហ៍ពិពាហ៍​តាំង​ពី​ដំបូង​បាន​បញ្ជាក់​នូវ​ចម្លើយ​របស់​ព្រះ​យេស៊ូវ ដែល​យើង​ម្នាក់ៗ​គួរ​អនុវត្ត​នៅ​ក្នុង​បច្ចុប្បន្ន​កាល​នេះ។ ហើយ​សេចក្តី​ពិត​នេះ​គឺ​ត្រូវ​តែ​ដូច​គ្នា​មក​កាន់​យើង​ដែរ។

កាល​ពី​ដើម​ដំបូង​ឡើយ ចំណុច​កំពូល​នៃ​ការ​បង្កើត​របស់​ព្រះ​គឺ​មនុស្ស (បុរស និង​ស្ត្រី) គឺ​ជា​ស្នា​ព្រះហស្ត​តែ​មួយ​គត់ ដែល​ត្រូវ​បាន​បង្កើត​ឲ្យ​បាន​ដូច​ជា​រូប​អង្គ​ទ្រង់ (កណ្ឌ​គម្ពីរ លោកុប្បត្ដិ ១:២៧)។ បើក​មួយ​ទំព័រ​បន្ទាប់ នោះ​លោក​អ្នក​នឹង​ឃើញ​ថា​នាង អេវ៉ា ត្រូវ​បាន​ពណ៌នា​ថា​ជា​ការ​បង្កើត​ចេញ​ពី​លោក អ័ដាម។ ព្រះ​អង្គ​ក៏​បាន​នាំ​នាង​មក​កាន់​លោក អ័ដាម ហើយ​ពួក​គេ​បាន​ចាក់​ចូល​យ៉ាង​ណែន នៅ​ក្នុង​ការ​រួប​រួម​គ្នា​ជា «សាច់​តែ​មួយ» (លោកុប្បត្ដិ ២:២២-២៤)។

យើង​គួរ​គិត​អំពី​ការ​រួម​គ្នា​ជា​សាច់​តែ​មួយ​នេះ​ថា វា​មិន​ដូច​ជា​កាវ​ឡើយ តែ​ដូច​ជា​ការ​ផ្សារ​វិញ។ នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​អគារ​ហាង​ទំនិញ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​បាន​ចំណង​ដ៏​រឹង​មាំ​រវាង​ឈើ​ពីរ នោះ​ខ្ញុំ​នឹង​ប្រើ​កាវ​នៅ​ចំណុច​ភ្ជាប់។ កាវ​បាន​ដើរ​តួ​នាទី​ជា​ភ្នាក់​ងារ​យ៉ាង​មាន​ឥទ្ធិពល​ក្នុង​ការ​ភ្ជាប់​របស់​ទាំង​ពីរ​នោះ​ជា​មួយ​គ្នា ប៉ុន្តែ​នៅ​ទី​បំផុត របស់​ទាំង​ពីរ​នៅ​តែ​ជា​របស់​ពីរ​ដដែល។ ទោះ​បី​ជា​យ៉ាង​ណា ក៏​នៅ​ក្នុង​ការ​ងារ​លោហៈ​ធាតុ ការ​ផ្សារ​គឺ​ជា​ការ​ធ្វើ​ឲ្យ​របស់​ពីរ​ចូល​គ្នា ដោយ​ការ​រំលាយ​ចូល​គ្នា។ លោហៈ​ទាំង​ពីរ​បាន​ចូល​គ្នា​ដោយ​ការ​រំលាយ ហើយ​ចាប់​ផ្ដើម​រលាយ​ហូរ​ចូល​គ្នា រហូត​ដល់​អាច​បង្កើត​របស់​មួយ​ថ្មី ចេញ​ពី​វត្ថុ​ពីរ​ចូល​គ្នា​នោះ—ហើយ​វា​ក៏​បាន​បង្កើត​ឲ្យ​មាន​ចំណង​រឹង​មាំ​ជាង​វត្ថុ​ស្អិត​ធម្មតា។ លោហៈ​ធាតុ​បាន​លះ​បង់​ភាព​ដើម​របស់​វា ដើម្បី​ក្លាយ​ជា​របស់​មួយ​ថ្មី ហើយ​ខុស​ប្លែក​ពី​មុន។

ស្រដៀង​គ្នា​នេះ​ដែរ ជីវិត​អាពាហ៍ពិពាហ៍​គឺ​មិន​មែន​គ្រាន់​តែ​ថា បុរស និង​ស្ត្រី​រស់​នៅ​ជាប់​ជា​មួយ​គ្នា តាម​រយៈ​កិច្ច​សន្យា​ដែល​ធ្វើ​ឡើង​ដោយ​មនុស្ស​ប៉ុណ្ណោះ​ទេ។ ពួក​គេ​ត្រូវ​បាន​រួម​រំលាយ​ចូល​គ្នា ដើម្បី​បង្កើត​ឲ្យ​មាន​អ្វី​មួយ​ដែល​ថ្មី តាម​រយៈ​សេចក្តី​តាំង​សញ្ញា ដែល​ទ្រ​ទ្រង់​ដោយ​ព្រះ។ ប៉ុន្តែ ពិត​ប្រាកដ​ណាស់ ការ​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ជំពូក៣ បាន​ផ្លាស់​ប្ដូរ​អាពាហ៍ពិពាហ៍—រួម​ជា​មួយ​អ្វីៗ​ផ្សេង​ទៀត​ជា​រៀង​រហូត​ផង​ដែរ។

គោល​បំណង​នៃ​គោលការណ៍៖
នៅ​ពេល​ដែល​ដំណើរ​រឿង​ប្រោស​លោះ​នៃ​ព្រះ​គម្ពីរ​បាន​លាត​ត្រដាង​នៅ​ក្នុង​លទ្ធផល​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប នោះ​ជីវិត​អាពាហ៍ពិពាហ៍​ក៏​ត្រូវ​បាន​បន្ត​កើត​ឡើង​នៅ​ក្នុង​ភាព​ខុស​ឆ្គង យ៉ាង​អាក្រក់​នៅ​ក្នុង​ដៃ​នៃ​មនុស្ស​មាន​បាប។

ដោយ​ឆ្លង​កាត់​ការ​បរាជ័យ​របស់​ពួក​ឰយុកោ និង​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ជា​មួយ​ប្រជាជន​អ៊‌ីស្រាអែល ពេល​នោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​ពួក​គេ​នូវ​ច្បាប់​អំពី​អាពាហ៍ពិពាហ៍។ នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ព្រះ​ជាម្ចាស់​បាន​បង្គាប់​ដល់​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ថា មិន​ឲ្យ​គេ​រៀប​ការ​ជា​មួយ​កូន​ស្រី​នៃ​សាសន៍​លើ​ទឹក​ដី​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​ពួក​គេ​ឡើយ ពីព្រោះ​ស្ត្រី​ទាំង​នោះ​នឹង​នាំ​ឲ្យ​ពួក​គេ​ដើរ​ចេញ​ពី​ព្រះ ហើយ​រត់​តាម​រូប​ព្រះ​ក្លែង​ក្លាយ​ផ្សេងៗ (កណ្ឌ​គម្ពីរ និក្ខមនំ ៣៤:១១-១៦)។ ការ​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ឡើង​វិញ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា មុន​ពេល​ដែល​ពួក​គេ​ឆ្លង​ចូល​ទឹក​ដី​សន្យា (កណ្ឌ​គម្ពីរ ចោទិយកថា ៧:៣-៤) ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ នេហេមា ក៏​សង្កត់​ធ្ងន់​លើ​ប្រធាន​បទ​នេះ​ម្តង​ទៀត​នៅ​ក្នុង​ពិធី​តាំង​សេចក្តី​សញ្ញា​ឡើង​វិញ ដែល​មាន​ពណ៌នា​នៅ​ក្នុង​ជំពូក១០ នៅ​ពេល​ដែល​ពួក​និរទេស​បាន​ត្រឡប់​មក​ពី​បាប៊ីឡូន​វិញ។

ខណៈ​ពេល​ដែល​ពាក្យ​បញ្ជា​នេះ​ស្តាប់​ទៅ​ទំនង​ជា​ប្លែក​នៅ​ក្នុង​ត្រចៀក​យើង នៅ​ក្នុង​សតវត្សរ៍​ទី២១​នេះ ក៏​យើង​ត្រូវ​តែ​ចង​ចាំ​ថា ការ​ហាម​ប្រាម​របស់​ព្រះ ទាស់​ប្រឆាំង​នឹង​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ ក្នុង​ការ​រៀប​ការ មិន​មែន​ជា​ការ​រើស​អើង​ជាតិ​សាសន៍​ទេ ប៉ុន្តែ​គឺ​ខាង​សាសនា​វិញ។ ព្រះ​ជាម្ចាស់​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​មួយ​នឹង​ភាព​បរិសុទ្ធ​នៃ​ការ​ថ្វាយ​បង្គំ​របស់​ប្រជា​រាស្ត្រ​របស់​ទ្រង់ មិន​មែន​ភាព​បរិសុទ្ធ​នៃ​ខ្សែស្រឡាយ​របស់​ពួក​គេ​ឡើយ។ តម្រូវ​ការ​សម្រាប់​ការ​ហាម​ប្រាម​នេះ​ប្រហែល​ជា​ត្រូវ​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​បំផុត​នៅ​ក្នុង​ជីវិត​ស្ដេច សាឡូម៉ូន។

ស្ដេច សាឡូម៉ូន៖ ករណី​សិក្សា
ស្ដេច សាឡូម៉ូន បាន​ផ្គាប់​ព្រះ​ទ័យ​ដល់​ព្រះជាម្ចាស់ តាម​រយៈ​ការ​ទូល​សូម​តែ​ប្រាជ្ញា​មួយ​មុខ ដើម្បី​ដឹក​នាំ​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ (១ពង្សាវតាក្សត្រ ៣:១០)។ ហេតុ​នេះ ព្រះ​ជាម្ចាស់​ក៏​បាន​ប្រទាន​ឲ្យ​ទ្រង់​នូវ​ទ្រព្យ​សម្បត្តិ និង​ប្រាជ្ញា​ដែល​លោកីយ៍​ទាំង​មូល​មិន​ដែល​ស្គាល់ (១ពង្សាវតាក្សត្រ ៤:២៩-៣៤)។ មនុស្ស​ម្នា​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិសទី នៃ​ពិភព​លោក​នៅ​ពេល​នោះ ដើម្បី​ស្វែង​យល់​អំពី​ប្រាជ្ញា និង​ការ​គ្រប់​គ្រង​របស់​ទ្រង់ ហើយ​ពួក​គេ​ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​សារ​ទ្រង់ (១ពង្សាវតាក្សត្រ ១០:១-១០)។ ប៉ុន្តែ ជា​សោកនាដកម្ម៖ ស្ដេច សាឡូម៉ូន បាន​រៀប​ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ជាច្រើន​ជាតិ​សាសន៍ ដែល​បាន​បង្វែរ​ព្រះ​ទ័យ​ទ្រង់​ចេញ​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់ ហើយ «ព្រះ​ទ័យ​ទ្រង់​មិន​បាន​ស្មោះ​ត្រង់ នៅ​ចំពោះ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ទេ» (១ពង្សាវតាក្សត្រ ១១:៤)។

ស្ដេច សាឡូម៉ូន ដែល​មាន​ការ​បំពេញ​យ៉ាង​បរិបូរ​ដោយ​ប្រាជ្ញា​នៃ​ព្រះ​ជាម្ចាស់ នៅ​តែ​បាន​បែរ​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត ដោយ​សារ​ទ្រង់​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ទាំង​នោះ ដែល​មិន​បាន​ស្រឡាញ់​ព្រះ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​ជា​ច្រើន​នាក់​នៅ​គិត​ថា យើង​នឹង​ដូច​ស្ដេច សាឡូម៉ូន ទេ?

វា​គឺ​ជា​រឿង​មិន​ពិត។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​បាន​ជួប​ជា​មួយ​គ្រីស្ទាន​ណា ដែល​មាន​ប្ដី​ឬ​ប្រពន្ធ​ដែល​បាន​ជួយ​ឲ្យ​ជំនឿ​ពួក​គេ​លូត​លាស់​កាន់​តែ​ខ្លាំង ហើយ​កាន់​តែ​ជិត​ស្និទ្ធិ​ជា​មួយ​ព្រះ​នោះ​ឡើយ។ វា​ដូច្នោះ ពីព្រោះ​នៅ​ពេល​ដែល​គ្រីស្ទាន​រៀប​ការ​ជា​មួយ​អ្នក​មិន​ជឿ នោះ​គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​ក្នុង​ការ​រួម​គ្នា​ជា​មួយ​លោកីយ៍។ ជំនឿ​គ្រីស្ទាន​មិន​មែន​គ្រាន់​តែ​ភ្ជាប់​ឡើយ ប៉ុន្តែ​បាន​រំលាយ​ចូល​គ្នា​ទៅ​ក្នុង​របៀប​ដែល​មិន​កោត​ខ្លាច​ព្រះ​ជា​មួយ​ប្ដី​ឬ​ប្រពន្ធ ដែល​បដិសេធ​របៀប​នៃ​នគរ​ព្រះ។

ប៉ុន្តែ នោះ​គឺ​ពួក​អ៊‌ីស្រាអែល ចុះ​អំពី​ក្រុម​ជំនុំ​វិញ?
នៅ​ពេល​ដែល​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ប្រោស​លោះ​បាន​រីក​ចម្រើន​ហួស​ពី​អង្គ​ភាព​ភូមិ​សាស្ត្រ​នយោបាយ​នៃ​អ៊‌ីស្រាអែល ដោយ​កំណត់​ឡើង​ដោយ​ការ​តាំង​សេចក្តី​សញ្ញា​ចាស់ តាម​រយៈ​ឈើ​ឆ្កាង និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ហើយ​បន្ត​ចូល​ទៅ​ក្នុង​យុគ​សម័យ​ក្រុម​ជំនុំ តាម​រយៈ​ការ​តាំង​សេចក្តី​សញ្ញា​ថ្មី នោះ​គោលការណ៍​គឺ​នៅ​តែ​ដដែល។ អាពាហ៍ពិពាហ៍​មិន​បាន​ផ្លាស់​ប្ដូរ​ឡើយ ហើយ​ព្រះ​ជាម្ចាស់​ក៏​មិន​ប្រែ​ប្រួល​ដែរ។ ទោះ​បី​ជា​ព្រះ​រាជ្យ​របស់​ព្រះ​គ្រីស្ទ​មិន​មែន​កំណត់​ដោយ​ព្រំដែន​ខាង​រូប​កាយ​ក៏​ដោយ តែ​គឺ​បាន​ពង្រីក​ទៅ​កាន់​ចុង​បំផុត​នៃ​ផែនដី នោះ​ប្រជា​រាស្ត្រ​របស់​ព្រះ​នៅ​តែ​ជា «សាសន៍​បរិសុទ្ធ» ហើយ​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​រស់​នៅ​ដោយ​បរិសុទ្ធ​ដូច​ជា​ព្រះ​ជាម្ចាស់​ទ្រង់​បរិសុទ្ធ​ដែរ (១ពេត្រុស ២:៩-១៥)។

នៅ​ពេល​ដែល​សាវ័ក ប៉ុល បាន​បញ្ជាក់​ឡើង​វិញ​នូវ​ក្រម​សីលធម៌​អាពាហ៍ពិពាហ៍​នៅ​ក្នុង​សំបុត្រ​របស់​គាត់ ទៅ​កាន់​ក្រុម​ជំនុំ​កូរិនថូស គឺ​គាត់​បាន​ទទួល​ស្គាល់​ថា នៅ​ពេល​ដែល​នរណា​ម្នាក់​បាន​ក្លាយ​ជា​គ្រីស្ទាន​ខណៈ​ពេល​ដែល​បាន​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជឿ​រួច​ហើយ នោះ​គាត់​មិន​គួរ​រក​ការ​លែង​លះ​គ្នា​ឡើយ—ការ​នេះ​បង្ហាញ​ថា ជា​ទូទៅ​ព្រះ​ឲ្យ​តម្លៃ​លើ​អាពាហ៍ពិពាហ៍ (១កូរិនថូស ៧:១២-១៧)។ ទោះ​បី​ជា​យ៉ាង​ក៏​ដោយ​ក៏​គាត់​បាន​ប្រាប់​អ្នក​ដែល​មិន​ទាន់​រៀប​ការ​ថា ប្រសិន​បើ​ពួក​គេ​ចង់​រៀប​ការ នោះ​ពួក​គេ​គួរ​រៀប​ការ «តែ​នៅ​ក្នុង​ព្រះ​អម្ចាស់» (១កូរិនថូស ៧:៣៩)។ នៅ​កន្លែង​ផ្សេង​ទៀត ដោយ​និយាយ​ឲ្យ​ទូលំ​ទូលាយ​អំពី​ក្រុម​ជំនុំ៖ សាវ័ក ប៉ុល បាន​ពន្យល់​ថា យើង​មិន​គួរ «ទឹម​នឹម​ស្រៀក​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ» (២កូរិនថូស ៦:១៤) ពីព្រោះ​វា​បំពុល​ការ​ថ្វាយ​បង្គំ​របស់​យើង តាម​រយៈ​ការ​បដិសេធ​ជា​មូលដ្ឋាន​លើ​និស្ស័យ​ថ្មី​របស់​យើង នៅ​ក្នុង​ព្រះ​គ្រីស្ទ។

គោល​បំណង​ចម្បង​នៃ​ជីវិត​អាពាហ៍ពិពាហ៍
ហេតុ​អ្វី​បាន​ជា​លោក​អ្នក​ប្រាថ្នា​ចង់​រៀប​ការ? ប្រហែល​ជា​ចង់​បាន​ភាព​ជា​ដៃ​គូ ឬ​ក៏​ប្រហែល​ជា​លោក​អ្នក​កំពុង​ស្វែង​រក «មនុស្ស​ល្អ» ជា​ម្នាក់​ដែល​លោក​អ្នក​នឹង​រៀប​ការ ហើយ​ចាប់​ផ្ដើម​គ្រួសារ​ជា​មួយ។ ទាំង​នេះ​មិន​មែន​ជា​បំណង​ប្រាថ្នា​អាក្រក់​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ព្យាយាម​ដាក់​បំណង​ប្រាថ្នា​របស់​យើង​នៅ​ក្រោម​បំណង​ព្រះ​ហឫទ័យ​ដែល​ព្រះ​បាន​បើក​សម្ដែង ហើយ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​គោល​បំណង​របស់​ព្រះ​ជាម្ចាស់។ យើង​ត្រូវ​តែ​សួរ​ថា តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​អាពាហ៍ពិពាហ៍?

នៅ​ពេល​ដែល​សំពៅ​លើក​ក្តោង​របស់​វា វា​នឹង​ត្រូវ​កម្លាំង​ខ្យល់​បក់​ឲ្យ​ចេញ​ទៅ ទោះ​បី​នោះ​ជា​ចេតនា ឬ​ក៏​អត់​ក៏​ដោយ។ នេះ​គឺ​ជា​របៀប​ដែល​វា​ត្រូវ​បាន​រចនា​ឡើង។ ហើយ​នៅ​ពេល​ដែល​បុរស ឬ​ស្ត្រី​ដែល​មិន​ជឿ ព្រះ​យេស៊ូវ​បាន​ប្ដេជ្ញា​ក្នុង​អាពាហ៍ពិពាហ៍​ពេញ​មួយ​ជីវិត និង​បន្ត​ស្មោះ​ត្រង់​ចំពោះ​គ្នា ហើយ​ចាប់​ផ្ដើម​គ្រួសារ នោះ​ពួក​គេ​នឹង​ត្រូវ​បក់​នាំ​ទៅ​ដោយ​ខ្យល់​ជា​មិន​ខាន។ ព្រះ​ទ្រង់​ស្រឡាញ់​ស្ថាប័ន​អាពាហ៍ពិពាហ៍ ហើយ​អ្នក​មិន​ជឿ​អាច​មាន​ជីវិត​អាពាហ៍ពិពាហ៍​យ៉ាង​ល្អ​បាន ហើយ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​រួម​គ្នា​របស់​ពួក​គេ។ ប៉ុន្តែ គ្រីស្ទ​បរិស័ទ​មិន​មែន​គ្រាន់​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​ចេញ​ដំណើរ​នៅ​ពេល​ដែល​ខ្យល់​បក់​ឡើយ តែ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​មក​នូវ​សេចក្តី​អំណរ​ដល់​ព្រះ​អាទិករ​ដែល​បង្កើត​សំពៅ​នោះ​វិញ។

ជីវិត​អាពាហ៍ពិពាហ៍ ដូច​ជា​ជីវិត​គ្រីស្ទាន​ទូទៅ គឺ​សម្រាប់​គោល​បំណង​ចុង​ក្រោយ​នៃ​ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ ហើយ​នៅ​ពេល​ដែល​យើង​រស់​នៅ​ជីវិត​របស់​យើង​សម្រាប់​គោល​បំណង​មួយ​នេះ នោះ​យើង​នឹង​រក​បាន​សេចក្តី​អំណរ​ជា​មិន​ខាន។ សាវ័ក ប៉ុល បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា នៅ​ពេល​ដែល​ប្ដី​បន្ត​លះ​បង់​ការ​បំពេញ​តម្រូវ​ចិត្ត​ខ្លួន​ឯង ហើយ​ប្រពន្ធ​បន្ត​ចុះ​ចូល​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ការ​លះ​បង់​របស់​ប្ដី នោះ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​ត្រូវ​បាន​បង្ហាញ​ទៅ​ដល់​លោកីយ៍​ទាំង​មូល (អេភេសូរ ៥:២១-៣៣)។ នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ប្ដី និង​ប្រពន្ធ​ត្រូវ​តែ​ព្យាយាម​រស់​នៅ​ក្នុង​ជីវិត​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ។ តើ​យើង​រំពឹង​ថា ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​នឹង​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញ​លេញ​អំពី​សេចក្តី​អាថ៌កំបាំង​ដ៏​ជ្រាល​ជ្រៅ​នេះ​បាន​យ៉ាង​ដូច​ម្ដេច​កើត ប្រសិន​បើ​យើង​មាន​ចេតនា​តាំង​សេចក្តី​សញ្ញា​ជា​មួយ​នរណា​ម្នាក់​ដែល​មិន​បាន​ជឿ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់?

ចូរ​រក្សា​គោល​បំណង​នៃ​ការ​រួម​គ្នា​នៅ​ពី​មុខ​នឹង​ជា​ចំណុច​ស្នូល។ វា​គឺ​ជា​សិរីល្អ និង​ព្រះ​កិត្តិនាម​របស់​ព្រះ ហើយ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​វិញ្ញាណ​ក្នុង​ការ​បន្ត​ជំរុញ​ដំណឹងល្អ​របស់​ទ្រង់​ទៅ​មុខ ដែល​បញ្ជាក់​យើង​អំពី​របៀប​ដែល​យើង​មើល​ទៅ​កាន់​ជីវិត​អាពាហ៍ពិពាហ៍។ ដូច្នេះ យើង​រួប​រួម​ខ្លួន​យើង​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជា​មួយ​នរណា​ម្នាក់ ដែល​នឹង​ជួយ​យើង​ឲ្យ​រត់​ក្នុង​ទី​ប្រណាំង​ដោយ​មាន​ស្ថេរភាព (ហេព្រើរ ១២:២) ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​តាម​ការ​ណែនាំ​របស់​ទ្រង់ ហើយ​ប្រកាស​ដំណឹង​ល្អ​របស់​ទ្រង់​ទៅ​កាន់​លោកីយ៍​ទាំង​មូល ដ្បិត​នេះ​ជា​សិរីល្អ​របស់​ទ្រង់ និង​ជា​ប្រយោជន៍​ដល់​យើង។

និពន្ធ​ដោយ៖ Matt Boga
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី thegospelcoalition.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ល្អ​ប្រសើរ​ដោយ​របៀប​ណា? (ភាគ២)

តើ​គ្រីស្ទ​បរិស័ទ​គួរ​ស្បថ​លើ​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ?