ទោះបីជាខគម្ពីរនេះពុំបានលើកឡើងចំៗអំពីនាមនៃអ្នកដែលបានរៀបចំក៏ដោយ លោកអ្នកក៏គួរតែដឹងហើយថា អ្នកដែលរៀបចំនោះ គឺព្រះជាម្ចាស់តែមួយអង្គគត់។

ពាហ៍ពិពាហ៍រវាងលោក អ៊ីសាក និងនាង រេបិកាអាចជារឿងចម្បងមួយដែលមានចែងនៅក្នុងព្រះគម្ពីរទាក់ទងនឹងទំនាក់ទំនងស្នេហាដែលមានលក្ខណៈដូចគ្នាខ្លះៗទៅនឹងទំនាក់ទំនងស្នេហានាពេលបច្ចុប្បន្ននេះ។ ជាការពិតណាស់ មានមនុស្សជាច្រើនដែលបានរៀបការមុនលោក អ៊ីសាក និងនាង រេបិកា ក៏ប៉ុន្តែពួកយើងពុំបានឃើញសកម្មភាពនៃការដែលពួកគាត់បានរៀបរាប់នោះទេ។ យ៉ាងណាមិញ យើងក៏អាចរៀបរាប់អំពីមង្គលការដែលកើតឡើងក្នុងសួនច្បារអេដែន ហើយខ្ញុំយល់ថា យើងទាំងអស់គ្នានឹងឯកភាពចំពោះកាលៈទេសៈមួយដែលព្រះជាម្ចាស់បានដកឆ្អឹងជំនីរបស់លោក អ័ដាម ដើម្បីបង្កើតនាង អេវ៉ា នេះពិតជារឿងដ៏ចម្លែកមួយ។
លោកអ្នកក៏ប្រហែលជាចាំរឿង៖ លោក អ័ប្រាហាំ ដែលជាឪពុកលោក អ៊ីសាក បានចាត់អ្នកបម្រើឲ្យធ្វើដំណើរទៅស្រុកកំណើតរបស់លោក ដើម្បីស្វែងរកប្រពន្ធឲ្យកូន។ នៅពេលដែលនាង រេបិកាបានចាក់ទឹកឲ្យសត្វអូដ្ឋផឹក រួចមកអ្នកបម្រើបានប្រគល់ខ្សែដៃពីរបីខ្សែដែលមានទម្ងន់បីតម្លឹងដល់រូបនាង។ គ្រួសាររបស់នាងរេបិកាក៏បានឯកភាពឲ្យនាងទៅជួបនឹងលោក អ៊ីសាកនៅក្នុងតង់ ហើយពួកគាត់ក៏បានរៀបការ។
ប្រសិនបើលោកអ្នកធ្លាប់មានបំណងចង់បានប្តី ឬប្រពន្ធ ប៉ុន្តែពុំទាន់បានជួបគ្នានៅឡើយនោះ នោះប្រហែលលោកអ្នកធ្លាប់អានកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក២៤ ដោយមានចម្ងល់ និងការចង់មានប្ដីប្រពន្ធ ដែលធាតុពិតនោះជារឿងដ៏សាមញ្ញ ហើយមានភាពស្អាតស្អំណាស់។ យើងខ្ញុំធ្លាប់មានចម្ងល់បែបនេះ ពេលដែលខ្ញុំមានសង្សារមិនបានប៉ុន្មានផងក៏បែកគ្នា រួចពីនោះខ្ញុំក៏មានសង្សារម្នាក់ទៀត តែក្រោយមកបែកគ្នាទៀត។ ការបែកបាក់សង្សារនេះបានកើតឡើងចំពោះខ្ញុំអស់រយៈពេល១៤ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ បើលោកអ្នកចំណាយពេលគិតឲ្យល្អិតល្អន់ស្តីអំពី លោកអ្នកអាចនឹងសន្និដ្ឋានរឿងនេះថា ជារឿងចាស់បុរាណមួយដែលពុំមានភាពស៊ីគ្នាចំពោះគ្រីស្ទបរិស័ទនាសតវត្សទី២១នេះ។
បទបញ្ញត្តិចាស់ៗ៥យ៉ាងទាក់ទងនឹងទំនាក់ទំនងស្នេហាដែលឆ្ពោះទៅរកជីវិតអាពាហ៍ពិពាហ៍
ឈើឆ្កាង ទស្សនវិជ្ជា និងភាពជឿនលឿននៃប្រព័ន្ធអ៊ីនធឺណិត ពិតជាផ្លាស់ប្តូររឿងរ៉ាវជាច្រើនចំពោះគ្រីស្ទបរិស័ទដែលមានបំណងចង់រៀបការ។ ចុះប្រសិនបើជាមានចំណុចដែលស៊ីជម្រៅដូចក្នុងរឿងលោក អ៊ីសាក និងនាង រេបិកា តើយើងគួរស្វែងយល់យ៉ាងណាវិញ? សូមកុំអានរឿងរបស់លោក អ៊ីសាក និងនាង រេបិកាលឿនពេក តែចូរចាំថា ព្រះជាម្ចាស់នៅជំនាន់នោះ គឺនៅតែជាព្រះជាម្ចាស់នាជំនាន់នេះដដែល។ យ៉ាងហោចណាស់យើងបានដឹងថា បុរសស្ត្រីដែលឈានទៅរកជីវិតអាពាហ៍ពិពាហ៍នឹងគ្នាត្រូវដឹងថា បុរសគឺជាអ្នកស្វែងរកប្រពន្ធ ហើយគោលបំណងនៃអាពាហ៍ពិពាហ៍ក៏ពុំមានអ្វីផ្លាស់ប្តូរដែរ គ្រាន់តែបច្ចុប្បន្ននេះវាមានភាពស៊ីជម្រៅជាងមុន មានអត្ថន័យច្បាស់ជាងមុនដោយសារព្រះគ្រីស្ទបានយាងមក។ តើបច្ចុប្បន្ននេះ ជីវិតអាពាហ៍ពិពាហ៍មានភាពស៊ីជម្រៅជាងមុនដល់កម្រិតណា? វាមានភាពស៊ីជម្រៅត្រង់ថា ជីវិតអាពាហ៍ពិពាហ៍ គឺជារូបភាពមួយដែលបង្ហាញពីដំណឹងល្អ ដោយព្រះគ្រីស្ទស្រឡាញ់ក្រុមជំនុំ។
លើសពីនេះទៅទៀត ព្រះជាម្ចាស់បានប្រទានព្រះគម្ពីរសញ្ញាចាស់ដល់យើង ដើម្បីលើកទឹកចិត្តយើង និងដើម្បីជួយយើងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាការស្វែងរកជីវិតអាពាហ៍ពិពាហ៍ផងដែរ។ «ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសម្រាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ និងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ» (រ៉ូម ១៥:៤ និង១កូរិនថូស ១០:១១)។
ទោះបីជាព្រះគម្ពីរសញ្ញាចាស់ពុំបានរៀបរាប់ពីទំនាក់ទំនងស្នេហាគួរមានលក្ខណៈបែបណាក៏ដោយ ក៏យើងនៅតែអាចដឹងបានដែរថា ព្រះគម្ពីរសញ្ញាចាស់ពិតជាមានសារប្រយោជន៍ច្រើន។ អ្នកពុំចាំបាច់ទៅទិញសត្វអូដ្ឋពីរបីក្បាល និងខ្សែដៃដ៏មានតម្លៃឡើយ។ ហើយដាច់ខាតអ្នកមិនត្រូវរៀបការជាមួយបងផង និងប្អូនផងដូចយ៉ាកុបបានធ្វើជាមួយនឹងលេអា និងរ៉ាជែលដែលបានសរសេរក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក២៩ឡើយ។ ទោះជាយ៉ាងណា លោកអ្នកអាចយកយោបល់ទាំងប្រាំចេញពីកណ្ឌគម្ពីរ លោកុប្បត្ដិ មកអនុវត្ត ខណៈពេលដែលអ្នកកំពុងទទឹងរង់ចាំថ្ងៃរៀបការ។
មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលជាអង្គរៀបចំឲ្យមានអាពាហ៍ពិពាហ៍។១.
ចូរឲ្យព្រះជាម្ចាស់ធ្វើជាអ្នកសម្រេច មិនមែនអ្នកទេ
នៅពេលដែលលោក អ័ប្រាហាំ បានឲ្យអ្នកបម្រើទៅរកប្រពន្ធសម្រាប់លោកអ៊ីសាក យើងឃើញថា អ្នកបម្រើនោះបារម្ភថា នារីនោះនឹងមិនព្រមទទួលយកការផ្សំផ្គុំជាមួយនឹងបុរសដែលរស់នៅកន្លែងដ៏សែនឆ្ងាយ តើពេលនោះនឹងត្រូវធ្វើយ៉ាងម៉េច? លោក អ័ប្រាហាំ បានតបថា៖
«ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកអញចេញពីផ្ទះឪពុកអញ ហើយពីស្រុកកំណើតរបស់អញមក ដែលទ្រង់បានមានបន្ទូលនឹងអញ ទាំងស្បថថា អញនឹងឲ្យស្រុកនេះដល់ពូជឯង ព្រះអង្គនោះទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង ដូច្នេះឯងនឹងបានយកប្រពន្ធពីនោះមកឲ្យកូនអញហើយ» (លោកុប្បត្ដិ ២៤:៧)។
កាលណាលោកអ្នកកាន់តែចង់រៀបការ ហើយបានរង់ចាំអស់រយៈពេលជាយូរ ប៉ុន្តែនៅតែពុំទាន់បានសម្រេចដូចបំណង នោះលោកអ្នកប្រហែលជាចាប់ផ្ដើមគិតថា ខ្លួនឯងហ្នឹងហើយដែលមានបញ្ហា ហើយក៏នឹងគិតដែរថា ខ្លួនត្រូវមានការផ្លាស់ប្តូរ និងត្រូវការការព្យាយាមសារជាថ្មីមួយផ្សេងទៀត។ ព្រះជាម្ចាស់ទំនងជាកំពុងតែបើកសម្ដែងឲ្យលោកអ្នកបានមើលឃើញពីការទាំងអស់នោះ ឬក៏ព្រះអង្គទំនងជាសព្វព្រះហឫទ័យឲ្យលោកអ្នកបន្តរង់ចាំ ស្របពេលដែលព្រះអង្គកំពុងតែធ្វើការ។
មានតែព្រះជាម្ចាស់មួយអង្គគត់ដែលរៀបចំឲ្យមានអាពាហ៍ពិពាហ៍។ ពេលដែលអ្នកបម្រើរបស់លោក អ័ប្រាហាំធ្វើដំណើរទៅរកប្រពន្ធឲ្យលោកអ៊ីសាកនៅស្រុក អើរ៉ាម-ន៉ាហារេម ពេលនោះព្រះជាម្ចាស់បានយាងនៅមុនគាត់ ដើម្បីនឹងធ្វើការដ៏ចាំបាច់សម្រាប់លោក អ៊ីសាក និងនាង រេបិកា។
«បាវនោះសម្លឹងមើលនាង (នាងរេបិកា) ទាំងមានសេចក្ដីអស្ចារ្យ តែគាត់នៅស្ងៀម ដោយចង់ដឹង បើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើរគាត់ដើរមកនោះបានសម្រេចការឬទេ» (លោកុប្បត្តិ ២៤:២១)។
ព្រះជាម្ចាស់មិនគ្រាន់តែផ្គូផ្គងប្ដីប្រពន្ធនោះទេ តែទ្រង់ក៏ជាអ្នកដែលនាំពួកគេឲ្យជួបគ្នាផងដែរ (ម៉ាថាយ ១៩:៦)។ ប្រសិនបើលោកអ្នកស្វែងរកប្តីឬប្រពន្ធដោយចិត្តខ្លួនឯង នោះបានន័យថា លោកអ្នកកំពុងតែដាក់សម្ពាធ ឬបង្ខិតបង្ខំខ្លួនឯងឲ្យទៅខុសផ្លូវហើយ។ ដូច្នេះ ចូរទុកចិត្តលើព្រះជាម្ចាស់ ខណៈពេលដែលលោកអ្នកកំពុងរង់ចាំ ក៏ដូចជាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់។
២.ចូរឲ្យទំនាក់ទំនងស្នេហានោះមានការបើកចំហ
លោក អ័ប្រាហាំ បានផ្តល់ការណែនាំយ៉ាងច្បាស់ៗ មុនពេលចាត់អ្នកបម្រើឲ្យទៅរកប្រពន្ធឲ្យកូនប្រុស ដោយលើកឡើងថា៖
«បើស្ត្រីនោះមិនព្រមមកតាមឯងទេ នោះឯងនឹងបានរួចពីសម្បថដែលឯងស្បថនឹងអញនេះ ប៉ុន្តែកុំឲ្យឯងនាំកូនអញទៅឯណោះឡើយ» (លោកុប្បត្តិ ២៤:៨)។
លោក អ័ប្រាហាំ បានរង់ចាំអស់រយៈពេលរាប់សិបឆ្នាំ មុនដែលលោកទទួលបានកូនដែលព្រះជាម្ចាស់បានសន្យាដល់គាត់ ក្នុងកាលដែលប្រពន្ធគាត់មានអាយុ៩១ឆ្នាំ។ លោកជាមនុស្សម្នាក់ដែលមានជំនឿយ៉ាងមុតមាំ ហើយក៏បានឃើញការអស្ចារ្យជាច្រើនពីព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងប្រទានកូនចៅដល់លោក អ័ប្រាហាំ ជាច្រើនដែលរាប់មិនអស់ តាមរយៈលោកអ៊ីសាក ជាកូនប្រុសរបស់គាត់។ លោក អ័ប្រាហាំ ជឿជាក់ថា ព្រះអម្ចាស់នឹងប្រទានប្រពន្ធឲ្យកូនប្រុសគាត់។
ស្របពេលជាមួយគ្នានោះដែរ គាត់បានលើកដៃទាំងទ្វេប្រណមដល់ព្រះជាម្ចាស់ថា «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ...» នោះកូនខ្ញុំនឹងមានប្រពន្ធ ហើយអ្នកបម្រើខ្ញុំនឹងរកនារីនោះឃើញតាមរយៈការចេញទៅម្ដងនេះ (យ៉ាកុប ៤:១៥)។
រាល់ទំនាក់ទំនងស្នេហារបស់យើង យើងត្រូវតែអធិស្ឋានដោយការបន្ទាបខ្លួនថា៖ «កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ» (លូកា ២២:៤២)។ បើលោកអ្នកមិនទាន់បានសច្ចាពីការស្រឡាញ់គ្នាទៅវិញទៅមកនៅក្នុងរោងមង្គល ទេ នោះចូរចងចាំថា ព្រះជាម្ចាស់ទំនងជាមានគម្រោងរៀបចំមង្គលការឲ្យលោកអ្នកជាមួយបុគ្គលម្នាក់ផ្សេងទៀត។ ហេតុដែលយើងសរសើរតម្កើងគម្រោងរៀបចំមង្គលការសម្រាប់យើង ពីព្រោះព្រះអង្គមានប្រាជ្ញា អំណាចព្រះចេស្ដា និងក្តីស្រឡាញ់។
៣.អធិស្ឋាន អធិស្ឋាន អធិស្ឋាន ហើយអធិស្ឋានថែមទៀត
មុនពេលដែលអ្នកបម្រើ លោក អ័ប្រាហាំ បានឃើញនារីណាម្នាក់ គឺគាត់បានឈប់ ហើយអធិស្ឋានថា៖
«ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្តាដល់ទូលបង្គំ សូមសម្ដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង» (លោកុប្បត្ដិ ២៤:១២)។
តើលោកអ្នកបានចាប់ផ្តើមអធិស្ឋាននៅពេលណា? ហើយលោកអ្នកនឹងបញ្ឈប់ការអធិស្ឋាននៅពេលណាដែរ?
យើងម្នាក់ៗសុទ្ធតែចូលចិត្តអធិស្ឋាននូវសំណូមពរដែលមានការឆ្លើយតបក្នុងរយៈពេល២៤ម៉ោង។ ប៉ុន្តែ ចុះប្រសិនបើមួយឆ្នាំទៅដល់ដប់ឆ្នាំព្រះជាម្ចាស់មិនទាន់ឆ្លើយតប ឬក៏យូរជាងនេះទៀត? ព្រះអង្គមិនចង់ឲ្យយើងទទួលបាននូវអ្វីមួយនៅក្នុងជីវិតដោយមិនចេះអរព្រះគុណទ្រង់នោះឡើយ ជាពិសេសទៅទៀតនោះគឺដៃគូអនាគតរបស់យើង។ ព្រះជាម្ចាស់ដ៏ជាព្រះវរបិតារបស់យើង ទ្រង់ចង់បានគ្រប់ទាំងសិរីល្អចេញពីការដែលទ្រង់ប្រទាននូវអ្វីដ៏ល្អបំផុតសម្រាប់យើង ទោះបើការប្រទាននោះកើតឡើងនៅពេលណាក៏ដោយ។
ប្រសិនបើយើងចង់បានគូស្រករ យើងគួរតែស្រឡាញ់ និងចំណាយពេលអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដែលជាអង្គយកព្រះហឫទ័យទុកដាក់នឹងយើង ដោយទូលប្រាប់ព្រះអង្គអំពីទុក្ខព្រួយ និងបំណងប្រាថ្នារបស់យើង (១ពេត្រុស ៥:៧; ភីលីព ៤:៦-៧)។ ចូរកុំចាប់ផ្ដើមមានទំនាក់ទំនងស្នេហាដោយមិនមានការអធិស្ឋានឡើយ។ សូមកុំបញ្ឈប់ការអធិស្ឋានរបស់លោកអ្នក ខណៈពេលដែលលោកអ្នកកំពុងរង់ចាំម្ចាស់ស្នេហ៍។
ហេតុដែលយើងសរសើរតម្កើងទ្រង់ នៅពេលដែលព្រះអង្គមានគម្រោងការផ្សេងទៀតសម្រាប់យើង ពីព្រោះព្រះអង្គមានប្រាជ្ញា អំណាចព្រះចេស្ដា និងក្តីស្រឡាញ់។៤.
ចូរឲ្យទំនាក់ទំនងស្នេហាមានគោលបំណងលើសពីជីវិតអាពាហ៍ពិពាហ៍
ករណីដែលអ្នកនៅលីវ ហើយចង់បានគូស្រករ ការនេះវាអាចនឹងបណ្តាលឲ្យលោកអ្នកមានអារម្មណ៍ថាជីវិតអាពាហ៍ពិពាហ៍ប្រហែលជាចំណុចចុងក្រោយនៃជីវិត ឬក៏ប្រៀបដូចជាលោកអ្នកកំពុងរង់ចាំទឹកដីសន្យាមួយអស់រយៈពេលជាយូរ។ ម៉្យាងវិញទៀត យើងក៏ទំនងជាងប់ងុលនឹងជីវិតអាពាហ៍ពិពាហ៍ នៅពេលដែលយើងកំពុងតែមានទំនាក់ទំនងស្នេហា ពោលគឺយើងដាក់ក្តីសង្ឃឹម និងអំណររបស់យើងទៅលើបុរស ឬនារីម្នាក់នោះជាជាងព្រះជាម្ចាស់។
តើអ្នកបម្រើលោក អ័ប្រាហាំ បានឆ្លើយតបយ៉ាងដូចម្តេច នៅពេលដែលព្រះជាម្ចាស់បាននាំគាត់ឲ្យជួបនារីដែលព្រះអង្គបានរៀបចំទុកនោះ?
«បាវនោះក៏ឱនខ្លួនថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំ ដែលទ្រង់មិនបានខាននឹងផ្ដល់សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ ដល់ចៅហ្វាយទូលបង្គំបានប្រកបដោយព្រះពរ ឯទូលបង្គំសោត ក៏ព្រះយេហូវ៉ាទ្រង់បាននាំផ្លូវមកដល់ផ្ទះពួកបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ» (លោកុប្បត្តិ ២៤:២៦-២៧, ៤៨)។
អ្នកបម្រើបានឃើញថា ព្រះជាម្ចាស់បានឆ្លើយតបនឹងការអធិស្ឋានរបស់គាត់ ដោយប្រទាននាងរេបិការួចគាត់ក៏សរសើរតម្កើងព្រះជាម្ចាស់។ ទំនាក់ទំនងស្នេហារបស់គ្រីស្ទបរិស័ទ គួរតែជាយានមួយដែលនាំឲ្យពួកគាត់កាន់តែចង់ថ្វាយបង្គំព្រះជាម្ចាស់ ព្រោះការថ្វាយបង្គំព្រះអង្គ គឺជាចំណុចស្នូលនៃជីវិតរស់នៅរបស់គ្រីស្ទបរិស័ទ។ ព្រះអង្គពុំបានបង្កើតលោកអ្នកមក ដើម្បីឲ្យគ្រាន់តែរៀបការនោះទេ ប៉ុន្តែដើម្បីបង្ហាញពីព្រះអង្គវិញ។ ទំនាក់ទំនងស្នេហារបស់គ្រីស្ទបរិស័ទអាចមានតម្លៃក្នុងករណីត្រង់ថា ពួកគាត់យកព្រះជាម្ចាស់ជាចំណុចស្នូលនៃជីវិតរស់នៅពេញមួយជីវិតរបស់ពួកគាត់។ គោលបំណងនៃជីវិតអាពាហ៍ពិពាហ៍គឺ៖ ការស្គាល់ព្រះបន្ទូលព្រះ ថ្វាយបង្គំទ្រង់ ពឹងផ្អែកលើព្រះអង្គ ហើយបង្ហាញអ្នកដទៃឲ្យឃើញទ្រង់ និងការដែលយើងកាន់តែមានលក្ខណៈដូចព្រះអង្គ។
ទោះជាយ៉ាងណាក្តី បើទំនាក់ទំនងស្នេហារបស់លោកអ្នកគ្រាន់តែនាំឲ្យលោកអ្នកឈានទៅដល់ការរៀបការ ប៉ុន្តែបើមិនបាននាំឲ្យលោកអ្នកចង់ថ្វាយបង្គំព្រះអម្ចាស់ទេ នោះបានន័យថា វាជាការឥតប្រយោជន៍ ហើយក៏គ្មានការស្កប់ស្កល់ចិត្តដែរ។ ចូរឲ្យទំនាក់ទំនងស្នេហាមានគោលបំណងលើសពីការដែលគ្រាន់តែចង់បានការរៀបអាពាហ៍ពិពាហ៍។
៥.ចូររកអ្នកដែលស្រឡាញ់រាប់អានយើងឲ្យជួយនិយាយម៉ាត់ៗពីអ្នកដែលយើងស្រឡាញ់
ជាចុងក្រោយ ចូរអនុញ្ញាតឲ្យអ្នកដែលស្រឡាញ់រាប់អានលោកអ្នកជួយបញ្ជាក់អះអាងថា បុរសឬនារីម្នាក់នោះហើយជាបុគ្គលដែលព្រះជាម្ចាស់រៀបចំសម្រាប់លោកអ្នកមែន។ ដូចអ្នកបម្រើរបស់លោក អ័ប្រាហាំ ដោយគាត់បានពន្យល់រៀបរាប់ដល់ឪពុក (បេធូអែល) និងបងប្រុស (ឡាបាន់) របស់នាងរេបិកាអំពីអ្វីដែលបានកើតឡើង និងអំពីមូលហេតុដែលគាត់បានគិតថា គឺនាង រេបិកា នេះហើយជានារីដែលព្រះអម្ចាស់បានផ្គូផ្គងសម្រាប់លោកអ៊ីសាកពិតប្រាកដមែន។
«នោះឡាបាន់និងបេធូអែលក៏ឆ្លើយថា ការនេះសម្រេចតែពីព្រះយេហូវ៉ាទេ ទោះបើយើងឆ្លើយនឹងអ្នក ជាអាក្រក់ឬល្អក៏ពុំបានដែរ មើល នាងរេបិកានៅមុខអ្នកស្រាប់ហើយ ចូរយកវាទៅ ឲ្យវាធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមក» (លោកុប្បត្ដិ ២៤:៥០-៥១)។
គោលបំណងនៃជីវិតអាពាហ៍ពិពាហ៍គឺ៖ ស្តាប់តាមព្រះបន្ទូលព្រះ ថ្វាយបង្គំទ្រង់ ពឹងពាក់លើព្រះអង្គ ហើយបង្ហាញអ្នកដទៃឲ្យឃើញទ្រង់ និងការដែលយើងកាន់តែមានលក្ខណៈដូចព្រះអង្គ។
បើព្រះជាម្ចាស់ពិតជាបាននាំបុរស ឬនារីពីរនាក់ឲ្យបានរៀបការ នោះទ្រង់ក៏នឹងបង្ហាញឲ្យពួកគាត់បានដឹងយ៉ាងច្បាស់តាមរយៈបងប្អូនរួមជំនឿឯទៀតជាមិនខាន។ បើអស់អ្នកដែលស្រឡាញ់រាប់អានលោកអ្នក (ក៏ជាអ្នកដើរតាមព្រះយេស៊ូវ) ពួកគេជំទាស់នឹងទំនាក់ទំនងស្នេហារបស់លោកអ្នកជាខ្លាំង នោះលោកអ្នកក៏គួរគិតពិចារណសារជាថ្មីម្តងទៀតដែរ។ ប៉ុន្តែ បើពួកគាត់ពេញចិត្តនឹងទំនាក់ទំនងរបស់លោកអ្នក ទាំងបានលើកទឹកចិត្តអ្នកទាំងពីរឲ្យឆាប់រៀបការ នោះលោកអ្នកគួរមានសន្តិភាព និងមានទំនុកចិត្តនឹងទំនាក់ទំនងនោះ ដើម្បីឈានឆ្ពោះទៅមុខបន្តទៀត។
ទន្ទឹមនឹងនេះដែរ លោកអ្នកដាច់ខាតមិនត្រូវពឹងផ្អែកតែលើអារម្មណ៍របស់ខ្លួន ឬអារម្មណ៍ដៃគូក្នុងការទុកចិត្តថានារី ឬក៏បុរសម្នាក់នេះហើយ គឺជាអ្នកដែលព្រះជាម្ចាស់បានផ្គូផ្គងជាគូនឹងយើងនោះឡើយ។ ការងប់ងុលនឹងទំនាក់ទំនងស្នេហានឹងបណ្តាលឲ្យលោកអ្នកខ្វាក់ភ្នែក ហើយស្តាប់ពុំឮនូវអ្វីដែលលោកអ្នកមិនគួរមើលរំលងក្នុងទំនាក់ទំនងផ្សេងទៀតផងដែរ។ ចូរទុកចិត្តព្រះជាម្ចាស់ ចំពោះមតិយោបល់របស់បងប្អូនរួមជំនឿរបស់លោកអ្នកអំពីទំនាក់ទំនងស្នេហារបស់លោកអ្នកចុះ។
តើនរណាជាអ្នកនាំនារីម្នាក់នេះឲ្យទៅបុរសម្នាក់នោះ?
នៅពេលដែលយើងឈានដល់ចំណុចបញ្ចប់នៃជំពូកនេះ នោះសំឡេងភ្លេងការការចាប់ផ្ដើមប្រគំ៖
«រួចអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្ដាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្ដាយស្លាប់»។ (លោកុប្បត្ដិ ២៤:៦៧)
ទោះបើខគម្ពីរនេះពុំបានលើកឡើងចំៗពីនាមនៃអ្នកដែលបានរៀបចំក៏ដោយ លោកអ្នកក៏គួរតែដឹងថា អ្នកដែលរៀបចំនោះ គឺជាព្រះជាម្ចាស់តែមួយគត់។ គ្រប់អាពាហ៍ពិពាហ៍ គឺព្រះជាម្ចាស់ហើយ ដែលបាននាំនារីនេះឲ្យធ្វើជាគូនឹងបុរសនោះ។ តាំងពីដើមរហូតដល់ចប់ គ្រប់ទាំងហេតុការណ៍ដែលបានកើតឡើង ព្រះជាម្ចាស់បានធ្វើការនៅក្នុងនោះ ហើយទ្រង់ប្រទានរង្វាន់ដល់អស់អ្នកណាដែលរង់ចាំទ្រង់(អេសាយ ៦៤:៤; ២ពង្សាវតារក្សត្រ ១៦:៩)។
បើយើងក្រឡេកមើលទៅរឿងដែលមានចែងនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក២៤ វាហាក់ដូចជាបានកើតឡើងយ៉ាងលឿន ហើយក៏ធ្វើឲ្យយើងមានអារម្មណ៍ចម្លែកផងដែរ ជាពិសេសពេលយើងបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ មុននឹងបានរៀបការ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំថា រឿងរបស់លោកអ៊ីសាក និងនាងរេបិកា មិនទាក់ទងនឹងការដែលព្រះអម្ចាស់បានផ្តល់ចម្លើយយ៉ាងរហ័សដូចផ្លេកបន្ទោរនោះទេ អ្វីដែលសំខាន់នោះគឺ ព្រះអង្គជាអ្នកផ្តល់ចម្លើយ។
នៅពេលដែលលោកអ្នកកំពុងរង់ចាំ ហើយចង់បានគូស្រករ និងកំពុងមានទំនាក់ទំនងស្នេហា ចូរកុំបង្ខំខ្លួនដើម្បីប្រញាប់រៀបការនោះឡើយ! គ្រប់ទាំងជំហាននៃជីវិតរបស់លោកអ្នក នោះចូរសម្លឹងមើលទៅឯព្រះជាម្ចាស់ ដ្បិតទ្រង់ជាប្រភពនៃក្តីសង្ឃឹមសម្រាប់អំណរដ៏ពិតរបស់យើង ហើយព្រះអង្គក៏ជាកវីនិពន្ធរឿងរ៉ាវនៃស្នេហាសម្រាប់គ្រីស្ទបរិស័ទដែរ។ ដូច្នេះហើយ ចូរឲ្យបំណងប្រាថ្នានៃជីវិតអាពាហ៍ពិពាហ៍ ការអធិស្ឋាន ក៏ដូចជាជីវិតរបស់លោកអ្នកទាំងមូល អាចបង្ហាញឲ្យអ្នកដទៃឃើញសិរីល្អព្រះអម្ចាស់ដែរ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 1
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ខ្ញុំពេញចិត្តអត្ថបទនេះណាស់វាអាចលើកទឹកចិត្តយើង អោយដើរតាមព្រះគ្រប់ជំហានហើយមានសង្ឃឹមនូវអ្វីដែលយើងអធិស្ឋានសូមព្រះអង្គ។អរគុណព្រះខ្លាំងណាស់ដែលប្រើកូនព្រះអង្គដែលបានបង្កើតកម្មវិធីផ្លូវពិតសំរាប់លើកទឹកចិត្តតាមរយៈ ព្រះបន្ទូលខ្លីៗ សូមព្រះប្រទានកម្មវិធីនេះមានជារៀងរហូត។