សូមកុំពឹងផ្អែកលើតែដំបូន្មានរបស់ខ្ញុំ។ សូមទៅរកគ្រូគង្វាលរបស់ប្អូនដែរ។
ប្អូន សុធា បានសួរដូចតទៅ «សួស្តីលោកគ្រូ! ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទប្រហែលជាពីរឆ្នាំមុន ហើយទោះបើខ្ញុំបានធំឡើងក្នុង "គ្រួសារគ្រីស្ទបរិស័ទ" ក៏ដោយ ក៏ឥឡូវនេះខ្ញុំមានរឿងពិបាកមួយដែលខ្ញុំត្រូវទទួលស្គាល់ ខ្ញុំបានជ្រុលជ្រោះជាមួយមិត្តស្រីខ្ញុំ ដែលខ្ញុំបានជួបនៅព្រះវិហារពីរបីខែមុន។ យើងមានការហួសចិត្តយ៉ាងខ្លាំងចំពោះអំពើបាបដែលយើងបានធ្វើជាមួយគ្នា ទោះបើយើងនិយាយថាយើងនឹងមិនធ្វើការនោះក៏ដោយ។ ឥឡូវនេះ មិត្តស្រីរបស់ខ្ញុំមានផ្ទៃពោះហើយ។ ខ្ញុំបានសិក្សាអំពីការរម្លូតកូន។ ខ្ញុំជាមនុស្សពុតត្បុតមែនដែលអនុញ្ញាតឲ្យគំនិតបែបនេះចូលមកក្នុងខ្ញុំ ទោះបើជាជម្រើសនេះខ្ញុំបាននិយាយថា ខ្ញុំមិនចង់ធ្វើវាជាច្រើនឆ្នាំក៏ដោយ។ ប៉ុន្តែ ខ្ញុំខ្លាចណាស់។ ដោយសន្មតថា រឿងនេះវាជាការពិតមែន តើយើងគួរធ្វើអ្វី? តើលោកគ្រូបានផ្តល់ដំបូន្មានអ្វីខ្លះដល់ដៃគូៗដែលបែកបាក់ និងភ័យខ្លាចនៅក្នុងស្ថានភាពរបស់យើង?
ចូរស្វែងរកជំនួយ
សុធា! ខ្ញុំមិនដឹងអាយុរបស់ប្អូនទេ។ ខ្ញុំមិនដឹងពីភាពពេញវ័យរបស់ប្អូន ឬស្ថានភាពខាងឯវិញ្ញាណរបស់ប្អូន ឬឪពុកម្តាយប្អូន ឬក្រុមជំនុំរបស់ប្អូនដែរ។ ដំបូន្មានរបស់ខ្ញុំ ទាក់ទងនឹងកាលៈទេសៈនេះ គឺនឹងត្រូវជាបែបទូទៅ តាមដែលខ្ញុំអាចធ្វើបាន ដោយសារខ្ញុំមិនដឹងពីស្ថានភាពរបស់ប្អូនយ៉ាងលម្អិត។
យើងនឹងនិយាយឲ្យចំចំណុចតែម្ដង «សូមកុំពឹងផ្អែកលើតែដំបូន្មានរបស់ខ្ញុំ។ សូមទៅរកគ្រូគង្វាលរបស់ប្អូនដែរ»។ ចំពោះខ្ញុំ មើលទៅប្អូនហាក់ដូចជាខូចចិត្តពិតមែន ហើយដោយសារទំហំនៃអំពើបាប និងការឈឺចាប់ដែលប្អូនបានធ្វើគឺធំ ហើយក៏អាចកាន់តែអាក្រក់ទៅៗបាន នោះខ្ញុំចង់ចាប់ផ្តើមដោយលើកទឹកចិត្តខ្លះៗសិន។
ការលើកទឹកចិត្តពីរយ៉ាង
ទីមួយ ក្នុងនាមជាបុរសនៅក្នុងទំនាក់ទំនងមួយនេះ ការដែលប្អូនបានសរសេរមកកាន់ខ្ញុំ ហើយប្អូនមិនបានដាក់ទំនួលខុសត្រូវនោះទៅលើមិត្តស្រីរបស់ប្អូនទេ វាគឺជាសញ្ញាសម្គាល់ល្អ។ ប្អូនបានមានទំនួលខុសត្រូវ ហើយក៏ជាអ្នកផ្តួចផ្តើម នេះក៏ជាការល្អដែរ។ ខ្ញុំនឹងត្រឡប់មករឿងនោះវិញបន្តិចទៀតនេះ ពីព្រោះភាពជាបុរសរបស់ប្អូន និងអ្វីដែលប្អូនធ្វើជាមួយវា គឺជាចំណុចដ៏ធំមួយនៅពេលនេះ។
ទីពីរ កុំមានគំនិតថា ប្អូនបានធ្វើបាបដល់ថ្នាក់បែកចេញពីព្រះគ្រីស្ទ ឬពីស្ថានសួគ៌ឲ្យសោះ។ គំនិតទាំងនោះគឺជាគំនិតរបស់អារក្ស និងការចោទប្រកាន់របស់វា។ ប្រសិនបើប្អូនសារភាពអំពើបាបរបស់ប្អូន ហើយបន្ទាបខ្លួននៅចំពោះព្រះនេត្ររបស់ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ និងជាទ្រព្យសម្បត្តិរបស់ប្អូន នោះប្អូននឹងទទួលបានការអត់ទោស។ ប្អូននឹងទទួលបានកម្លាំង ដើម្បីឲ្យធ្វើនូវអ្វីដែលត្រឹមត្រូវក្នុងស្ថានភាពនេះ។
ជីវិតរបស់ប្អូនទំនងនឹងមានបញ្ហាយ៉ាងខ្លាំងក្នុងរយៈពេលខ្លី (ឬក៏រយៈពេលវែង) ដោយសារតែអំពើបាបនេះ។ ប៉ុន្តែ ព្រះជាម្ចាស់នឹងបង្វែរបញ្ហាទាំងអស់នោះសម្រាប់ការរាប់ជាបរិសុទ្ធរបស់ប្អូន បើប្អូនជឿទុកចិត្ដលើទ្រង់ បែរចេញពីអំពើបាប ហើយដាក់ជីវិតខ្លួនទាំងស្រុងលើព្រះយេស៊ូវ។
ចូរផ្តួចផ្តើមគំនិតដោយក្លាហាន
នេះគឺជាអ្វីដែលខ្ញុំចង់ណែនាំ។ ពិតណាស់! ខ្ញុំបាននិយាយជាមួយអ្នកដទៃដែលមានស្ថានភាពដូចប្អូន ហើយបានប្រាប់ពួកគេដូចនេះដែរ។
ជាដំបូង ប្អូនសុធាគឺជាបុរស។ នោះមានន័យថា ប្អូនមានទំនួលខុសត្រូវយ៉ាងចាំបាច់ និងការទទួលខុសត្រូវយ៉ាងចម្បងក្នុងនាមជាអ្នកដឹកនាំនៅក្នុងទំនាក់ទំនងនេះ។ នោះមានន័យថា អំពើបាបផ្លូវភេទរបស់ប្អូនបានកើតឡើងដោយសារប្អូនបានបរាជ័យក្នុងនាមជាអ្នកដឹកនាំ។
ខ្ញុំមិនបដិសេធទេត្រង់ថា មិត្តស្រីរបស់ប្អូនក៏មានទំនួលខុសត្រូវ និងការចូលដៃក្នុងអំពើបាបនេះដែរ។ នាងគួរតែប្រាប់ប្អូនថា «ទេ! ហើយបណ្តេញប្អូនចេញ។» ប៉ុន្តែ ខ្ញុំកំពុងតែនិយាយត្រង់ថា ក្នុងនាមជាបុរស—ប្អូន—មានទំនួលខុសត្រូវខ្ពស់ជាងនាង ហើយព្រះជាម្ចាស់បានដាក់តួនាទីឲ្យប្អូនការពារ ថែរក្សា និងដឹកនាំនាង។ ទោះបើនាងបាននាំអាតប្អូនឲ្យធ្លាក់ក្នុងអំពើបាបនេះក៏ដោយ ក៏វាមិនមែនសារៈសំខាន់ដែរ នៅពេលដែលយើងនិយាយអំពីទំនួលខុសត្រូវ និងការទទួលខុសត្រូវដ៏ខុសពីនាងដែលព្រះជាម្ចាស់បានផ្តល់ឲ្យប្អូនក្នុងនាមជាបុរសក្នុងទំនាក់ទំនងនេះ។
ឥឡូវនេះ ដោយសារប្អូនបានប្រើប្រាស់ការត្រាស់ហៅនេះក្នុងរបៀបដ៏ខុសក្នុងនាមជាបុរស នោះប្អូនបានបរាជ័យក្នុងទំនួលខុសត្រូវដ៏ពិសេសនេះហើយ។ ប៉ុន្តែ ប្អូននៅមានឱកាសក្នុងស្ថានភាពដ៏អាក្រក់នេះ ដើម្បីស្ដារតួនាទីនេះ យ៉ាងហោចណាស់ក្នុងនាមជាអ្នកដឹកនាំប្រកបដោយភាពក្លាហាន មានគំនិតផ្តួចផ្តើម និងមានការបន្ទាបខ្លួនក្នុងការធ្វើនូវអ្វីដែលត្រឹមត្រូវ ដែលវាក៏ពិតជាការដ៏ពិបាកណាស់ដែរ។
ជឿខ្ញុំចុះ ការល្បួងនឹងនាំប្អូនឲ្យធ្វើផ្ទុយពីនេះ។ ប្អូននឹងចង់ស្តីបន្ទោសអ្នកផ្សេង មានការអាណិតខ្លួនឯង ភ័យខ្លាច មានការភិតភ័យ និងចង់ដកខ្លួនចេញ។ នោះហើយជាអ្វីដែលបុរសមួយចំនួនបានធ្វើ។ ពួកគេបោះបង់ភាពជាបុរសរបស់ខ្លួនចោល ហើយពួកគេក៏បោះបង់មាគ៌ារបស់ព្រះយេស៊ូវចោលដែរ នៅពេលពួកគេធ្វើដូច្នោះ។
ទាំងនេះគឺជាការបរាជ័យនៃភាពជាបុរសសម្រាប់គ្រីស្ទបរិស័ទមួយចំនួន។ កុំធ្វើបែបនោះ។ ចូរផ្តួចផ្តើមគំនិតដោយធ្វើនូវអ្វីដែលត្រឹមត្រូវវិញ។
សង្គ្រោះទារកនោះ
ជាដំបូង នោះមានន័យថា ប្អូនគឺជាអ្នកដែលនឹងនិយាយដូចតទៅ «យើងនឹងមិនសម្លាប់ទារកនេះទេ។ យើងបាននាំទារកនេះចូលក្នុងពិភពលោកដោយខុសច្បាប់ ហើយយើងនឹងមិនបន្ថែមភាពមិនស្របច្បាប់នៃការបង្កើតរបស់យើងនូវភាពខុសច្បាប់នៃការបំផ្លាញទារកនេះឡើយ។ ទេ! យើងនឹងមិនធ្វើបែបនោះទេ។»
ចូរនាំមុខ ហើយក្លាហានឡើងសម្រាប់បុព្វហេតុដ៏យុត្តិធម៌ ដែលមានក្ដីមេត្តាករុណា និងសម្រាប់ជីវិត។
ចូរសារភាពអំពីអំពើបាបរបស់ប្អូន
ជាបន្ទាប់ ភាពជាអ្នកដឹកនាំត្រង់ចំណុចនេះមានន័យថា ប្អូនត្រូវដឹកនាំក្នុងការកែប្រែចិត្ត—ចូរកំណត់ដោយមិនរាប់ថាអំពើបាបនេះតូចតាច និងធ្វើជាអ្នកដឹកនាំដោយទៅរកឪពុកម្តាយទាំងសងខាង។
ចូរទៅរកឪពុកម្តាយទាំងសងខាង ហើយសារភាពអំពីអំពើបាបរបស់ខ្លួន។ បន្ទាប់មក ចូរទៅរកគ្រូគង្វាលរបស់ប្អូន ហើយសារភាពអំពីអំពើបាបរបស់ប្អូន ពីព្រោះភាពជាសមាជិកក្នុងក្រុមជំនុំតាមតំបន់បង្កប់នូវរបៀបនៃការរស់នៅដែលជាគំរូល្អ ហើយអ្វីដែលប្អូនៗបានធ្វើមិនមែនជាគំរូល្អទេ។
ការសារភាពទៅកាន់ឪពុកម្តាយរបស់នាងគឺប្រហែលជារឿងដ៏ពិបាកជាងគេបំផុត។ ក្នុងស្ថានភាពខ្លះ វាអាចទាមទារឲ្យប្អូនបង់ថ្លៃជីវិតរបស់ប្អូន។ ខ្ញុំមិននិយាយលេងទេ។ នៅក្នុងវប្បធម៌ខ្លះ ប្អូនត្រូវបង់ថ្លៃជីវិតរបស់ប្អូនក្នុងការសារភាពបែបនេះ។ តែវាជាអ្វីដែលត្រឹមត្រូវក្នុងការធ្វើ។
នេះជាចំណុចដែលប្អូនត្រូវតែក្លាហាន។ ប្អូនត្រូវទូរស័ព្ទទៅកាន់ឪពុករបស់នាង ហើយប្រាប់គាត់ថាប្អូនត្រូវការនិយាយជាមួយនឹងគាត់ មុខទល់មុខ ហើយប្អូនត្រូវធ្វើការនេះឲ្យឆាប់ៗចុះ។
ពេលប្អូនជួបជាមួយគាត់ ប្អូនត្រូវមើលមុខគាត់ ហើយសារភាពថា «ខ្ញុំបានបរាជ័យក្នុងការមិនការពារកូនស្រីរបស់លោក។» ខ្ញុំមិនខ្វល់ទេបើនាងបានផ្តួចផ្តើមគំនិតនេះ ឬក៏ថាបានបង្ខំឲ្យប្អូនទៅនិយាយជាមួយឪពុកនាង។ ប្អូនត្រូវប្រាប់គាត់ថា ប្អូនបានបរាជ័យក្នុងការការពារកូនស្រីរបស់គាត់ ហើយប្អូនផ្ដល់ដំណឹងដល់គាត់អំពីស្ថានភាព ហើយប្អូនក៏ត្រូវទទួលខុសត្រូវដែរ។ ប្អូនមិនយកនាងធ្វើជាពិរុទ្ធជនទេ។ ហើយប្អូនក៏ត្រូវធ្វើការនេះជាមួយនឹងឪពុកម្តាយរបស់ប្អូនដែរ។ ប្អូនជាម្ចាស់នៃអំពើបាបនេះ។ ប្អូនត្រូវធ្វើនូវអ្វីដែលត្រឹមត្រូវ។ នេះគឺជាបេសកកម្មរបស់ប្អូន។
ចូរក្លាយជាអ្នកស្តាប់
បន្ទាប់មក ប្អូនត្រូវក្លាយជាអ្នកស្តាប់ ព្រោះនឹងមានគេមកនិយាយដាក់ប្អូនជាច្រើន។ ខ្ញុំទាយថា ប្អូននឹងឮពីឪពុកម្តាយទាំងសងខាង។ ឬក៏ប្រហែលជាមិនមាន។ ខ្ញុំមិនដឹងទេ ហើយខ្ញុំក៏មិនស្គាល់ពួកគេដែរ។ ខ្ញុំមិនទាំងដឹងថា ពួកគេជាអ្នកជឿ ឬក៏មិនជឿផង។
ប្អូនត្រូវក្លាយជាអ្នកស្តាប់ម្នាក់ មិនមែនគ្រាន់តែចំពោះខ្ញុំដែលជាអ្នកប្រឹក្សាយោបល់ពីចម្ងាយ ដែលដឹងតិចតួចណាស់អំពីស្ថានភាព ឬអំពីប្អូន ឬមិត្តស្រីរបស់ប្អូន ប៉ុន្តែប្អូនត្រូវស្តាប់ឪពុកម្តាយនាង និងឪពុកម្តាយប្អូន ព្រមទាំងស្ដាប់គ្រូប្អូនដែរ។
ប្រសិនបើឪពុកម្តាយនាងមិនមែនជាអ្នកជឿ ហើយចង់ឲ្យប្អូនរម្លូតកូន ប្អូនត្រូវប្រាប់ពួកគេដោយសុភាពរាបសា និងឲ្យអស់ពីកម្លាំងប្អូនថា ប្អូនមិនគាំទ្រការនោះទេ។ ប្អូនប្រាប់ពួកគេថា ប្អូនមិនយល់ស្របនឹងរឿងនោះទេ ហើយតាមលទ្ធភាពដែលប្អូនអាចនិយាយបាន គឺប្អូននឹងមិនធ្វើបែបនោះឡើយ។
ប្អូនពន្យល់ទៅកាន់ពួកគាត់ដោយដកស្រង់ចេញពីព្រះគម្ពីរតាមដែលប្អូនអាចធ្វើបាន។ ដោយសង្ឃឹមថា បន្ទាប់ពីពេលការតក់ស្លុត និងកំហឹងដំបូងបានធូរស្បើយខ្លះៗ នោះគ្រប់គ្នានឹងអាចមូលគំនិតជាមួយគ្នា ហើយគិតអំពីអនាគតដ៏ល្អជាងនោះដែលប្រកបដោយយុត្តិធម៌ ក្តីមេត្តា និងសង្ឃឹម។
ចែករំលែកបន្ទុក
រឿងមួយទៀត ក្នុងនាមជាអ្នកដឹកនាំដែលប្អូនត្រូវគិតគឺការទទួលស្គាល់ថា មិត្តស្រីប្អូននឹងមានបន្ទុកដ៏ធ្ងន់ដែលនាងត្រូវប្រឈមមុខភ្លាមៗនោះ ទាក់ទងនឹងអំពើបាបនេះ។ ឥឡូវនេះ នាងត្រូវពរពោះទារកនេះ ផ្តល់កំណើត និងទ្រទ្រង់ទារកក្នុងផ្ទៃនៅក្នុងខែដំបូង។ នេះនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតនាង។
នេះហើយជាមូលហេតុដែលមនុស្សជាច្រើនរម្លូតកូន ដោយសារតែម្តាយ និងឪពុកបានដាក់ផែនការផ្ទាល់ខ្លួនមុនជីវិតរបស់កូន។ ក្នុងនាមជាគ្រីស្ទបរិស័ទដែលមានភាពចាស់ទុំ និងជាបុរសម្នាក់ នោះប្អូនត្រូវដឹងអំពីបន្ទុកដ៏ធ្ងន់របស់មិត្តស្រីប្អូន ហើយតាមសមត្ថភាពដែលប្អូនអាចធ្វើបាន ប្អូនត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធ្វើឲ្យបន្ទុករបស់នាងស្រាល។ ហើយការសម្លាប់កុមារមិនធ្វើឲ្យបន្ទុករបស់នាងស្រាលទេ។ វាមិនជួយសម្រាលទេ។
ប្អូនត្រូវជួយនាងក្នុងរឿងនេះ ព្រោះប្អូនជាអ្នកដែលទទួលខុសត្រូវច្រើនជាងគេក្នុងរឿងនេះ ក្នុងនាមជាបុរសដែលមិនមានទំនួលខុសត្រូវលើការទទួលខុសត្រូវរបស់ខ្លួន។
កុំប្រញាប់រៀបការ
ទាក់ទងទៅនឹងលទ្ធភាពនៃការរៀបការជាមួយគ្នា ខ្ញុំចង់និយាយថា កុំទាន់រៀបការអី ដើម្បីតែប្រយោជន៍កូន។ ខ្ញុំមិនស្គាល់ប្អូន និងមិត្តស្រីរបស់ប្អូនគ្រប់គ្រាន់ ដើម្បីឲ្យដឹងថាខ្ញុំគួរលើកទឹកចិត្តឲ្យរៀបការ ឬក៏អត់ទេ។
អ្នកទាំងពីរបានស្គាល់គ្នាត្រឹមតែពីរខែប៉ុណ្ណោះ—យោងតាមពេលដែលប្អូនសួរសំណួរនេះ។ វាមិនគ្រប់គ្រាន់ទេក្នុងការបន្តទៅមុខទៀត។ អ្នកទាំងពីរត្រូវការពេលវេលា ដើម្បីឲ្យស្គាល់គ្នា ហើយដើម្បីឲ្យថាតើការប្ដេជ្ញាចិត្តពេញមួយជីវិតជាមួយគ្នាគឺជាការល្អ ឬក៏អត់។ ប្រសិនបើថាការរៀបអាពាហ៍ពិពាហ៍គឺជាការល្អ ហើយឪពុកម្តាយយល់ព្រម នោះប្រហែលជាលទ្ធផលដ៏ល្អបំផុត។ ប៉ុន្តែ មិនថានៅក្នុងករណីណាក៏ដោយ ក៏កុំអស់សង្ឃឹមឡើយ ព្រោះអ្នកទាំងពីរមិនដឹងថា តើអនាគតនឹងទៅជាយ៉ាងណាទេ។
ឥឡូវនេះ ព្រះជាម្ចាស់ត្រាស់ហៅប្អូនឲ្យស្មោះត្រង់ និងមានការសម្រេចចិត្តដែលចេះស្ដាប់បង្គាប់។ ព្រះអង្គមិនសន្មតថា ឥឡូវនេះប្អូនអាចមើលឃើញពីផលវិបាកទាំងអស់នៃជម្រើសទាំងនោះទេ។ នោះគឺជាព័ន្ធកិច្ចដ៏អស្ចារ្យរបស់ទ្រង់។ ព្រះអង្គធ្វើគ្រប់អ្វីៗទាំងអស់រួមគ្នា ដើម្បីសេចក្តីល្អសម្រាប់អ្នកដែលស្រឡាញ់ទ្រង់ (រ៉ូម ៨:២៨) ទោះបើយើងមិនអាចនឹកស្មានថា វាអាចទៅជាយ៉ាងនោះដោយរបៀបណាបានក៏ដោយ។
អ្វីដែលខ្ញុំកំពុងលើកទឹកចិត្តឲ្យប្អូនធ្វើគឺ ប្អូនត្រូវជីករកធនធានក្នុងព្រះគម្ពីរ ព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ដើម្បីឲ្យធ្វើនូវអ្វីៗដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យមនុស្សប្រុសធ្វើក្នុងស្ថានភាពដ៏ពិបាកដូចនេះ។
មកដល់ពេលនេះ នេះទំនងជារដូវកាលដ៏លំបាកបំផុតក្នុងជីវិតរបស់ប្អូន។ វានឹងក្លាយជាការល្បងលដ៏ធំមួយនៃជំនឿ និងភាពជាបុរសរបស់ប្អូន ហើយប្អូនក៏នឹងដឹងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះដ៏អស្ចារ្យ ជាមិត្តដ៏អស្ចារ្យ និងជាអ្នកប្រឹក្សាដ៏គ្រប់គ្រាន់។
ការមានផ្ទៃពោះមិនរៀបការមានន័យថា ដៃគូនោះបានជ្រើសរើសប្រព្រឹត្តអំពើបាប ជាជាងជ្រើសរើសយកព្រះជាម្ចាស់។ ប៉ុន្តែ នេះមិនមែនមានន័យថា ពួកគាត់ត្រូវនៅបន្តធ្វើការសម្រេចចិត្តបែបនោះទៀតនោះទេ។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។