in

​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​

មាន​បុរស​ម្នាក់​បាន​សួរ​ថា «ដូច​ដែល​បាន​ពណ៌នា​នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ១២:១៥១៧ តើ​យើង​អាច​ឈាន​ដល់​ដំណាក់​កាល​ដូច​ជា​លោក អេសាវ នៅ​ពេល​ណា? ពេល​គាត់​ឈាន​ទៅ​ដល់​ចំណុច​ដែល​មិន​អាច​កែ​ប្រែ​ចិត្ត​បាន

គាត់​ក៏​បាន​បន្ត​ពន្យល់​ខ្លះៗ​អំពី​ខ្លួន​គាត់​ថា «ខ្ញុំ​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ក៏​បាន​ធ្លាក់​ក្នុង​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​ជា​ច្រើន​លើក​ច្រើន​សារ​អស់​ជា​ច្រើន​ឆ្នាំ​ដែរ។ រឿង​អតីតកាល​របស់​ខ្ញុំ​មាន​រួម​ទាំង​ការ​មើល​រូប និង​វីដេអូ​អាសអាភាស មាន​រួម​ផ្សំ​ទាំង​ទំនាក់​ទំនង​បែប​ផិត​ក្បត់​ជា​មួយ​នឹង​ប្រពន្ធ​របស់​បុរស​ម្នាក់​ទៀត និង​ការ​ទៅ​លេង​ស្រី​ពេស្យា​ថែម​ទៀត​ផង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ឈប់​ក្នុង​ការ​តយុទ្ធ​ជា​មួយ​នឹង​អំពើ​បាប​នោះ​ទេ។ ខ្ញុំ​ពិត​ជា​ស្អប់​ពួក​វា​មែន។ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ក្នុង​ការ​លើក​ឡើង​ថា ថ្មីៗ​នេះ​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ការ​រំដោះ​ខ្ញុំ​ឲ្យ​ចេញ​ពី​ទំនាក់​ទំនង​នៃ​អំពើ​ផិត​ក្បត់​ដោយ​ខ្ញុំ​ទទួល​បាន​ជំនួយ​ពី​គ្រូ​គង្វាល​របស់​ខ្ញុំ និង​គ្រីស្ទ​បរិស័ទ​នានា​ដទៃ​ទៀត។ ហើយ​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​បន្ត​ជឿ​ជាក់​ថា ព្រះ​អង្គ​នៅ​តែ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ក្នុង​ការ​សង្គ្រោះ​ខ្ញុំ

«ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ​ខ្ញុំ​នៅ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​មាន​អំណាច​សោះ​ក្នុង​ការ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​នេះ។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ថា បើ​ខ្ញុំ​នៅ​បន្ត​ធ្លាក់​ក្នុង​អំពើ​បាន​ខាង​ឯ​ផ្លូវ​ភេទ​នេះ ដូច​ដែល​មាន​ពណ៌នា​នៅក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ១២:១៦ ដែល​ការ​នេះ​នឹង​បណ្ដាល​ឲ្យ​ខ្ញុំ​ឈាន​ទៅ​ដល់​ចំណុច​ដែល​មិន​អាច​កែ​ប្រែ​ចិត្ត​បាន ពោល​គឺ​ធ្លាក់​ចេញ​ពី​ព្រះ​គុណ។ តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​ការ​ធ្លាក់​ក្នុង​អំពើ​បាប​ដែល​ខ្ញុំ​មិន​អាច​ទប់​ខ្លួន​ឯង​បាន​នេះ​ដោយ​របៀប​ណា? ហើយ​គេច​ចេញ​ពី​ការ​មាន​ចិត្ត​រឹង​ចចេស​ដែល​មិន​អាច​កែ​ប្រែ​បាន​ដោយ​របៀប​ណា

មិន​មែន​ថា​យើង​មិន​មាន​ជំនួយ​នោះ​ទេ

ខ្ញុំ​ចង់​ចាប់​ផ្ដើម​ដោយ​បក​ស្រាយ​លើ​ប្រយោគ «ការ​ធ្លាក់​ក្នុង​អំពើ​បាប​ដែល​ខ្ញុំ​មិន​អាច​ទប់​ខ្លួន​ឯង​បាន»។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត «ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង ហើយ​ធ្វើ​ឲ្យ​ជង្គង់​ដែល​ខ្សោយ​មាន​កម្លាំង​ឡើង​ដែរ ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា» ចុះ (ហេព្រើរ ១២:១២១៣)

យើង​គួរ​តែ​ស្រែក​ដាក់​មុខ​សារតាំង​ថា «មិន​មែន​ថា​ខ្ញុំ​មិន​អាច​ជួយ​បាន​ទេ! ព្រះ​ជាម្ចាស់​មិន​មែន​ជា​អង្គ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ចុះ​ឡើយ។ ខ្ញុំ​មិន​មែន​ជា​ខ្ញែរ​សមុទ្រ​ក្នុង​រលក​នៃ​ភាព​ត្រេក​ត្រអាល​ទេ។ នោះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ឲ្យ​មនុស្ស​យើង​ធ្វើ​នោះ​ឡើយ។ នេះ​មិន​មែន​ជា​មូល​ហេតុ​ដែល​ព្រះ​គ្រីស្ទ​សុគត​សម្រាប់​ខ្ញុំ​ទេ។ នេះ​ក៏​មិន​មែន​ជា​មូល​ហេតុ​ដែល​ខ្ញុំ​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ។ នេះ​ក៏​មិន​មែន​ជា​មូល​ហេតុ​ដែល​ថា​ខ្ញុំ​ជា​មនុស្ស​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ​ដែរ។ មិន​មែន​ថា​ខ្ញុំ​មិន​អាច​ជួយ​បាន​ទេ

«ខ្ញុំ​មាន​ព្រះ​គ្រីស្ទ ហើយ​ខ្ញុំ​ក៏​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ។ ខ្ញុំ​មាន​ឈាម​នៃ​ឈើ​ឆ្កាង​របស់​ព្រះ​រាជបុត្រា​នៃ​ព្រះ។ ខ្ញុំ​មាន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទាំង​មូល។ ខ្ញុំ​ក៏​មាន​សេចក្ដី​សន្យា​នៃ​ព្រះ​គុណ​ដែរ។ មិន​មែន​ថា​ខ្ញុំ​មិន​អាច​ជួយ​បាន​ទេ! ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​ដក​ចេញ​នូវ​ការ​កុហក​នេះ​ចេញ​ពី​ជីវិត​ទូល​បង្គំ​ចុះ។» ដរាប​ណា​មនុស្ស​យើង​នៅ​គិត​ថា​យើង​ជា​ជន​រង​គ្រោះ (ហាក់​បី​ដូច​ជា​ថា ភាព​ត្រេកត្រអាល​គឺ​ជា​ខ្មាំង​សត្រូវ​ដែល​មាន​ពេញ​ទៅ​ដោយ​អំណាច ហើយ​ថា​ខ្លួន​មិន​អាច​ជួយ​ខ្លួន​ឯង​បាន) នោះ​ពួក​គេ​គឺ​ចប់​ហើយ។

វា​ពិត​ជា​គួរ​ឲ្យ​កត់​សម្គាល់​មែន—អស្ចារ្យ​ណាស់! ត្រង់​ថា​បុគ្គល​ដែល​កំពុង​សួរ​សំណួរ​នេះ​ផ្ដោត​ទៅ​លើ​កណ្ឌ​គម្ពីរ​ហេព្រើរ។ ជា​ពិសេស ត្រង់​ថា​គាត់​បាន​ផ្ដោត​លើ​ការ​ព្រមាន​ទាស់​ប្រឆាំង​នឹង​ការ​ឈាន​ដល់​ចំណុច​ដែល​យើង​លក់​ខ្លួន​ឯង​ក្នុង​នាម​ជា​ទាសករ​នៃ​ភាព​ត្រេកត្រអាល​ដែល​មិន​អាច​ជួយ​ខ្លួន​ឯង​បាន ដែល​ព្រះ​ជាម្ចាស់​លែង​ប្រទាន​ការ​មាន​សមត្ថភាព​ក្នុង​ការ​កែ​ប្រែ​ចិត្ត ហើយ​ទទួល​បាន​ការ​អត់​ទោស​ក្នុង​ព្រះ​គ្រីស្ទ។

ពិត​ណាស់! នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​ណាស់​ក្នុង​ការ​ដែល​គាត់​ដើរ​លើ។ កណ្ឌ​គម្ពីរ​ហេព្រើរ—មួយ​កណ្ឌ​ទាំង​មូល—គឺ​ត្រូវ​បាន​សរសេរ​ឡើង ដើម្បី​ជួយ​យើង​ក្នុង​ការ​ស៊ូទ្រាំ​រហូត​ដល់​ទី​បញ្ចប់​ក្នុង​ជំនឿ និង​ការ​ស្ដាប់​បង្គាប់។ កណ្ឌ​គម្ពីរ​ហេព្រើរ​នឹង​និយាយ​មក​កាន់​មុខ​យើង នៅ​ពេល​ដែល​យើង​រាប់​ខ្លួន​ថា​ជា​ជន​រង​គ្រោះ ហើយ​ធ្វើ​ពុត​ថា​យើង​មិន​មាន​ធនធាន ដើម្បី​ទាស់​ប្រឆាំង​នឹង​អំណាច​នៃ​អំពើ​បាប។

ភាព​ល្ងីល្ងើ​របស់​លោក អេសាវ

តោះ! ចូរ​មើល​បទ​គម្ពីរ!

«ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ខ្វះ​ព្រះ​គុណ​របស់​ព្រះ ហើយ​មាន​ឫស​ល្វីង​ជូរ​ចត់​ណា​ពន្លក​ឡើង ដែល​បណ្ដាល​ឲ្យ​កើត​រឿង​រ៉ាវ ហើយ​ដោយ​សារ​ការ​នោះ មនុស្ស​ជា​ច្រើន​ក៏​ត្រឡប់​ជា​ស្មោក​គ្រោក។ ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រោយ​មក កាល​គាត់​ប្រាថ្នា​ចង់​ទទួល​ពរ តែ​មិន​បាន​ទេ ទោះ​បើ​គាត់​ខំ​ស្វែង​រក​ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​រក​ឱកាស​ប្រែ​ចិត្ត​មិន​ឃើញ​ដែរ»(ហេព្រើរ ១២:១៥១៧)

នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ឲ្យ​បុគ្គល​ណា​ម្នាក់​ទៅ​ពេល​ដែល​គាត់​រៀប​នឹង​លក់​ព្រលឹង​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​ភាព​ត្រេកត្រអាល។ មាន​ពេល​ដែល​ព្រះ​ជាម្ចាស់​នឹង​ដក​ព្រះ​វត្តមាន​ទ្រង់​ចេញ​ពី​លោក អេសាវ។ ដួង​ចិត្ត​របស់​លោក អេសាវ មាន​ការ​រឹង​រូស​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​ថា សូម្បី​តែ​ក្នុង​ការ​យំ​ស្រែក​របស់​គាត់​ពេល​ស្វែង​រក​ការ​ប្រែ​ចិត្ត​ក៏​មាន​ឫស​គល់​ដែល​ពេញ​ទៅ​ដោយ​ភាព​មិន​ស្មោះ​ត្រង់​ផង​ដែរ។ «គាត់​ខំ​ស្វែង​រក [ការ​កែ​ប្រែ​ចិត្ត] ទាំង​ស្រក់​ទឹក​ភ្នែក» ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ធ្វើ​ពុត​ប៉ុណ្ណោះ។ ទាំង​នោះ​មិន​មែន​ជា​ការ​ស្រក់​ទឹក​ភ្នែក​ដ៏​ពិត​នោះ​ទេ។ គាត់​មិន​អាច​យំ​ដោយ​មាន​ទឹក​ភ្នែក​ពិត​សម្រាប់​ការ​កែ​ប្រែ​ចិត្ត​ទៀត​បាន​ឡើយ។

ទឹក​ភ្នែក​របស់​គាត់​គឺ​មិន​មែន​ជា​ទឹក​ភ្នែក​ពិត​ទេ។ គាត់​គ្រាន់​តែ​ចង់​បាន​ព្រះ​ពរ។ គាត់​ចង់​បាន​សុវត្ថិភាព។ គាត់​ចង់​បាន​អំណោយ​ទាន។ គាត់​ចង់​បាន​មរតក។ គាត់​ចង់​បាន​ស្ថានសួគ៌។ ប៉ុន្តែ គាត់​មិន​ចង់​បាន​ព្រះ​ជាម្ចាស់​ទេ។ គាត់​ស្រឡាញ់​លោកីយ៍​នេះ។ គាត់​បាន​ប្ដូរ​នូវ​អ្វី​មួយ​ដែល​មាន​តម្លៃ​ឥត​ព្រំដែន​ជា​មួយ​នឹង​អាហារ​មួយ​ពេល។

ដូច្នេះ មូល​ដ្ឋាន​នៃ​សង្គ្រាម​ដែល​យើង​ត្រូវ​តែ​ប្រយុទ្ធ (ហើយ​អាច​ច្បាំង និង​មាន​ជ័យ​ជម្នះ​បាន) គឺ​ជា​សង្គ្រាម​ក្នុង​ការ​មិន​មើល​ផែនដី​នេះ​ដោយ​មាន​ភាព​បត់​បែន​ដ៏​អាក្រក់​ក្នុង​របៀប​ដូច​ដែល​លោក អេសាវ ឃើញ​នោះ​ទេ។ គាត់​បាន​មើល​ទៅ​កាន់​មរតក​ដែល​ព្រះ​ដ៏​មាន​ពេញ​ទៅ​ដោយ​ព្រះ​ចេស្ដា​បាន​សន្យា ហើយ​បន្ទាប់​មក​គាត់​ក៏​បាន​មើល​ម្ហូប​មួយ​ចាន​នោះ។ ឧទាហរណ៍៖ គាត់​អាច​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស ឬ​ក៏​ការ​លេង​ស្រី​មួយ​ភ្លែត ហើយ​បន្ទាប់​មក គាត់​ថ្លឹង​ថ្លែង​ទាំង​ពីរ​ក្នុង​គំនិត​របស់​ខ្លួន។ ម្យ៉ាង​គឺ​ថា​គាត់​អាច​មាន​អំណរ​របស់​ព្រះ​ជាម្ចាស់​យ៉ាង​អស់​កល្ប​ជានិច្ច ហើយ​ម្យ៉ាង​ទៀត​គឺ​ថា​គាត់​គ្រាន់​តែ​មាន​អារម្មណ៍​មួយ​ភ្លែត​ចេញ​ពី​ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស។

ក្នុង​គំនិត​របស់​គាត់ គាត់​បាន​ប្រព្រឹត្តិ​អំពើ​កាច​សាហាវ​យ៉ាង​ខ្លាំង​នៃ​ចក្រវាល​នេះ។ ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស​មាន​ទម្ងន់​ធ្ងន់​ជាង​ក្នុង​ការ​ថ្លឹង​ថ្លែង គួរ​ឲ្យ​ប្រាថ្នា​ចង់​បាន​ខ្លាំង​ជាង គួរ​ឲ្យ​ស្រស់​ស្អាត ហើយ​ក៏​គួរ​ឲ្យ​ស្កប់​ស្កល់​ចិត្ត​ណាស់។ ហើយ​ទាក់​ទង​នឹង​ព្រះ​ជាម្ចាស់ និង​សេចក្ដី​សន្យា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ វា​ហាក់​បី​ដូច​ជា​គ្មាន​តម្លៃ​ទាល់​តែ​សោះ។

តើ​ដល់​ពេល​ណា​ដែល​យឺតយ៉ាវ​ពេក?

គ្រប់ៗ​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថា ក្នុង​ពេល​ដែល​យើង​ប្រព្រឹត្ត​អំពើ​ដ៏​កាច​សាហាវ​ណាស់ នោះ​ព្រះ​ជាម្ចាស់​ក៏​អាច​ដើរ​ចេញ​ពី​យើង ហើយ​មិន​ត្រឡប់​មក​យើង​វិញ​បាន​ដែរ។ ព្រះ​អង្គ​មាន​លិខិត​ស្នាម និង​ច្បាប់​គ្រប់​បែប​បទ ពេល​ណា​ដែល​យើង​ធ្វើ​បែប​នោះ យើង​កំពុង​តែ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ថា «ចូរ​ចេញ! ខ្ញុំ​ចង់​ជ្រើស​យក​ម្ហូប​នេះ​ជា​ជាង​ព្រះ​អង្គ»

កណ្ឌ​គម្ពីរ​ហេព្រើរ​មាន​ការ​ស្ម័គ្រ​ចិត្ត​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ប្រាប់​យើង​ថា (ហើយ​កណ្ឌ​នេះ​ក៏​ពិត​ជា​បាន​ធ្វើ​មែន​ម្ដង​ហើយ​ម្ដង​ទៀត​មែន​ក្នុង​ការ​ព្រមាន​ដ៏​ខ្លាំង​ក្លា​ក្រៃ​លែង​បំផុត) ពិត​ជា​មាន​ពេល​ដែល «យឺតយ៉ាវ​ពេក»។ ពេល​ដែល​ភាព «យឺតយ៉ាវ​ពេក» មក​ដល់ នោះ​គឺ​ជា​ពេល​ដែល​លោក​អ្នក​មិន​អាច​មាន​ការ​កែ​ប្រែ​ចិត្ត​ដ៏​ពិត​ទៀត​បាន​ឡើយ។ ប្រសិន​បើ​លោក​អ្នក​អាច​កែ​ប្រែ​ចិត្ត​បាន​មែន នោះ​ព្រះ​ជាម្ចាស់​នឹង​ប្រាកដ​ជា​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​លោក​អ្នក​ដែរ។

ព្រះ​អង្គ​មាន​ពេញ​ទៅ​ដោយ​ការ​អត់​ធ្មត់។ ព្រះ​អង្គ​ក៏​បាន​មាន​ព្រះ​ហឫទ័យ​រាប់​រយ​ដង​ក្នុង​ការ​ត្រឡប់​មក​រក​ទាំង​លោក​អ្នក ហើយ​និង​ខ្ញុំ​វិញ​ដែរ។ យើង​មិន​ស័ក្ដិសម​ក្នុង​ការ​ទទួល​ការ​ដែល​ទ្រង់​ត្រឡប់​មក​វិញ​នោះ​ទេ—សូម្បី​តែ​ម្តង​ក៏​មិន​ស័ក្តិសម​ដែរ។ ប៉ុន្តែ យើង​ក៏​មិន​អាច​ដឹង​ថា ពេល​ណា​គឺ​ជា​ពេល​ដែល​យើង​នឹង​ទំនង​ជា​ដេញ​ព្រះ​អង្គ​ចេញ​ដែល​ជា​លើក​ចុង​ក្រោយ​បាន​នោះ​ទេ។

ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់៖ ប្រសិន​បើ​ព្រះ​អង្គ​មិន​ត្រឡប់​មក​វិញ គឺ​យើង​នេះ​ហើយ​ដែល​បាន​បណ្ដេញ​ទ្រង់​ចេញ។ យើង​បាន​ជ្រើស​រើស​យក​ភាព​ត្រេកត្រអាល​ធ្វើ​ជា​ម្ហូប​មួយ​ចាន។ យើង​បាន​បណ្ដេញ​ទ្រង់​ចេញ។ យើង​និយាយ​ថា «ចេញ​ទៅៗ។ ខ្ញុំ​ឆ្អែត​ជា​មួយ​ឯង​ហើយ។ ខ្ញុំ​មិន​ចង់​បាន​ឯង​ទេ។ ខ្ញុំ​ចង់​បាន​នេះ​វិញ។ ឥឡូវ​នេះ ខ្ញុំ​ចង់​បាន​នេះ—មិន​មែន​ឯង​ទេ។ យើង​បាន​បណ្ដេញ​ទ្រង់​ចេញ។ ការ​ព្យាយាម​ទម្លាក់​កំហុស​លើ​ព្រះ​ជាម្ចាស់​គឺ​ជា​ការ​យក​ខ្លួន​ធ្វើ​ជា​អ្នក​រង​គ្រោះ ហើយ​រាប់​ថា​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​គឺ​ជា​រឿង​ត្រឹម​ត្រូវ។

យើង​ក្លាយ​ដូច​ជា​អ្វី​ដែល​យើង​មើល

សំណួរ​សួរ​ថា៖ «សួរ​តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​ការ​ធ្លាក់​ក្នុង​អំពើ​បាប​ដែល​ខ្ញុំ​មិន​អាច​ទប់​ខ្លួន​ឯង​បាន​នេះ​ដោយ​របៀប​ណា។ ចម្លើយ​គឺ៖ ចូរ​បើក​ភ្នែក​របស់​ខ្លួន​ចុះ! ចូរ​បើក​ភ្នែក​របស់​ខ្លួន ខណៈ​ពេល​ដែល​លោក​អ្នក​មើល​ព្រះ​បន្ទូល​ដ៏​ច្បាស់​លាស់​របស់​ព្រះ​ជាម្ចាស់ ដំណឹង​ល្អ​ដ៏​ច្បាស់​លាស់​របស់​ព្រះ​ជាម្ចាស់ និង​ការ​ព្រមាន​ដ៏​ច្បាស់​លាស់​របស់​ព្រះ​ជាម្ចាស់។

ចូល​មើល​ឃើញ​ថា​សេចក្ដី​សន្យា​ដ៏​ច្បាស់​លាស់​របស់​ព្រះ​ជាម្ចាស់​មាន​តម្លៃ​រាប់​ពាន់​ដង​ច្រើន​ជាង​ការ​ប្រឡូកប្រឡាក់​ក្នុង​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​ទៅ​ទៀត។ ចូរ​បើក​ភ្នែក​របស់​ខ្លួន ហើយ​មើល​ឃើញ​ឲ្យ​ច្បាស់​អំពី​លក្ខណៈ​ដ៏​ពិត​នេះ។ ចូរ​បញ្ឈប់​ការ​មើល​បែប​បត់​បែន។ ចូរ​បញ្ឈប់​ការ​មើល​ទៅ​លើ​ភាព​សប្បាយ​ភ្លើតភ្លើន​មួយ​រយៈ​ពេល​ខ្លី​នៃ​ការ​ចាប់​អារម្មណ៍​ខាង​ឯ​ផ្លូវ​ភេទ​នាំ​ឲ្យ​មាន ហាក់​បី​ដូច​ជា​ថា មាន​តម្លៃ​ខ្លាំង​ជាង​ការ​ទទួល​ជា​មរតក​នូវ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់។ សូម​មើល​ធាតុ​ពិត​ចុះ។

ទំនង​ជា​មិន​មាន​កណ្ឌ​គម្ពីរ​ណា​ផ្សេង​ទៀត​ក្នុង​ព្រះ​គម្ពីរ​ដូច​ជា​កណ្ឌ​គម្ពីរ​ហេព្រើរ ដើម្បី​ជួយ​លោក​អ្នក​ក្នុង​ការ​ធ្វើ​ការ​នេះ​ទេ។ គោល​បំណង​នៃ​កណ្ឌ​គម្ពីរ​នេះ​គឺ​ជួយ​ឲ្យ​លោក​អ្នក​ឃើញ​អំពី​ធាតុ​ពិត​នៃ​តម្លៃ​របស់​ព្រះ​ជាម្ចាស់។ នេះ​គឺ​ពិត​ជា​អស្ចារ្យ​មែន! គោល​បំណង​នៃ​កណ្ឌ​គម្ពីរ​នេះ​គឺ​ជួយ​រក្សា​កុំ​ឲ្យ​គ្រីស្ទ​បរិស័ទ​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ជឿ​ក្លាយ​ដូច​ជា​លោក អេសាវ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​មាន​កណ្ឌ​គម្ពីរ​នេះ។

ខ្ញុំ​ធ្លាប់​មាន​មិត្តភក្ដិ​ម្នាក់​ដែល​បាន​ចងចាំ​កណ្ឌ​គម្ពីរ​ហេព្រើរ​ទាំង​មូល។ សូម​ព្យាយាម​ចង​ចាំ​កណ្ឌ​គម្ពីរ​ហេព្រើរ​ដែរ​ចុះ ពីព្រោះ​ជីវិត​របស់​លោក​អ្នក​ទំនង​ត្រូវ​តែ​ពឹង​លើ​កណ្ឌ​គម្ពីរ​នេះ។

សម្លឹង​មើល​ទៅ​ឯ​ព្រះ​រាជបុត្រា

បញ្ហា​ចម្បង​របស់​លោក​អ្នក​គឺ​ថា​លោក​អ្នក​ចូល និង​ចេញ​ពី​ទស្សនៈ​បត់​បែន​នៃ​លោកីយ៍​នេះ។ កណ្ឌ​គម្ពីរ​ហេព្រើរ​គឺ​ជា​ទស្សនៈ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​លោកីយ៍​នេះ ដែល​មាន​រួម​ទាំង​អំពើ​ផិត​ក្បត់ ការ​មើល​រូប ឬ​វីដេអូ​អាសអាភាស និង​រាល់​បែប​បទ​នៃ​អំពើ​ត្រេកត្រអាល។ កណ្ឌ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង ហាក់​បី​ដូច​ជា​វ៉ែនតា​មួយ​សម្រាប់​លោក​អ្នក ពេល​ដែល​លោក​អ្នក​ចាប់​ផ្ដើម​មើល​លោកីយ៍​នេះ​ក្នុង​របៀប​បត់​បែន។ សូម​ពាក់​វ៉ែនតា​នេះ​ចុះ។

សំណួរ​របស់​លោក​អ្នក​កើត​ចេញ​ពី​កណ្ឌ​គម្ពីរ​ហេព្រើរ​ជំពូក១២។ សូម​ពាក់​វ៉ែនតា​នៃ​កណ្ឌ​គម្ពីរ​ហេព្រើរ​ជំពូក១២​នេះ​ចុះ? មាន​ស្មរ​បន្ទាល់​ជា​ច្រើន​នាក់​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​នេះ (ហេព្រើរ ១២:)។ ពួក​គេ​ក៏​បាន​តម្រង់​ជួរ​លើ​ទីលាន​ប្រណាំង​នៃ​ជីវិត​របស់​លោក​អ្នក​ដែរ ហើយ​ពួក​គេ​ក៏​កំពុង​តែ​ស្រែក​ចំពោះ​លោក​អ្នក​ចេញ​ពី​កណ្ឌ​គម្ពីរ​ហេព្រើរ​ជំពូក១១​ថា៖ «មិន​មែន​ថា​លោក​អ្នក​មិន​មាន​ជំនួយ​នោះ​ទេ។ តាម​រយៈ​ជំនឿ​ដូច​នោះ​លោក​អ្នក​អាច​ធ្វើ​ការ​នេះ​បាន។ លោក​អ្នក​អាច​ដើរ​ចេញ​ពី​ភាព​ត្រេកត្រអាល និង​ការ​មើល​រូប និង​វីដេអូ​អាសអាភាស​បាន។ តាម​រយៈ​ជំនឿ​ដូច​នោះ​លោក​អ្នក​អាច​ធ្វើ​ការ​នេះ​បាន។ អ្នក​ស្មរ​បន្ទាល់​ជា​ច្រើន​នាក់​នោះ​មិន​បាន​ក្លាយ​ដូច​ជា​លោក អេសាវ នោះ​ទេ។ អ្នក​ស្មរ​បន្ទាល់​ជា​ច្រើន​នាក់​នោះ​បាន​ទៅ​ដល់​ព្រះ​យេស៊ូវ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ១២:២។

ខ្ញុំ​សូម​បញ្ចប់​ត្រឹម​នេះ៖ «[សូម] សម្លឹង​មើល​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះ​តែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ» (ហេព្រើរ ១២:)។ ព្រះ​អង្គ​បាន​សម្រេច​ការ​នោះ​សម្រាប់​លោក​អ្នក ហើយ​ព្រះ​អង្គ​នឹង​ធ្វើ​វា​ក្នុង​លោក​អ្នក​ដែរ។ សូម​មើល​ឃើញ​សេចក្ដី​ពិត​ដូច​លក្ខណៈ​របស់​វា​ចុះ។ ចូរ​មាន​កម្លាំង​ឡើង​តាម​រយៈ​ព្រះ​គុណ។ ចូរ​ដឹង​ថា មិន​បាន​ថា​លោក​អ្នក​មិន​មាន​ជំនួយ​នោះ​ទេ។ ហើយ​សូម​សម្លាប់​ការ​កុហក​នោះ​ចុះ​ពេល​វា​កើត​មាន​ឡើង។

និពន្ធដោយ៖ អ្នកគ្រូ John Piper
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ឡូញ ស្រីរ័ត្ន
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះយេហូវ៉ា​ទ្រង់​ជា​ធំ

គ្រីស្ទបរិស័ទពិតណាជាកម្មសិទ្ធិ