in

បំពេញ​សម្រេច

How Christ Fulfilled and Ended the Old Testament Regime

យើង​នឹង​​មើល​ឃើញ​សិរីល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​កាន់​តែ​ច្បាស់ នៅ​ពេល​ដែល​យើង​យល់​ពី​ទំនាក់ទំនង​របស់​​ទ្រង់ និង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ព្រះ​អង្គ​មាន​ទំនាក់ទំនង​យ៉ាង​អស្ចារ្យ​ជា​មួយ​អ្វីៗ​ដែល​បាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​។ នេះ​មិន​មែន​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​ព្រះ​គម្ពីរ​បាន​ហៅ​ទ្រង់​ថា «ព្រះ​បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម» (យ៉ូហាន ១:១៤)។ ចំណុច​នេះ​បង្ហាញ​ថា ព្រះ​បន្ទូល​ដែល​បាន​ត្រឡប់​ជា​សាច់​ឈាម គឺ​ជា​សេចក្ដី​សង្ខេប​អំពី​អ្វី​ដែល​ព្រះ​បន្ទូល​បាន​ចែង។ ចូរ​ពិចារណា​ពី​ចំណុច​សង្ខេប​ខាង​ក្រោម​នេះ និង​ខគម្ពីរ​យោង៖

១. អត្ថ​បទ​ព្រះ​គម្ពីរ​ទាំង​អស់​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ ហើយ​លោក ម៉ូសេ ក៏​បាន​សរសេរ​អំពី​ព្រះ​គ្រីស្ទ​ផង​ដែរ។

«អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ….បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក ម៉ូសេ ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពី​ព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ។» (យ៉ូហាន ៥:៣៩; ៤៦)

២. គ្រប់​បទ​គម្ពីរ​ទាំង​អស់​រៀបរាប់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ទោះ​បី​ជា​បទ​គម្ពីរ​ដែល​មិន​បាន​និយាយ​ចំៗ​អំពី​ទ្រង់​ក៏​ដោយ។ នេះ​មាន​ន័យ​ថា រាល់​បទ​គម្ពីរ​ទាំង​អស់​សុទ្ធ​តែ​ចង្អុល​បង្ហាញ​អំពី​ព្រះ​គ្រីស្ទ ហើយ​មាន​តែ​ទ្រង់​មួយ​អង្គ​គត់​ដែល​អាច​បំពេញ​បទ​គម្ពីរ​នោះ​បាន នៅ​ពេល​ដែល​ទ្រង់​យាង​មក ហើយ​បំពេញ​ព័ន្ធកិច្ច​ទាំង​នោះ។ «មាន​តែ​តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​មួយ​គត់​ដែល​អាច​បើក​ពន្យល់​នូវ​រាល់​អត្ថន័យ​នៃ​បទ​គម្ពីរ​បាន។» (លោក​គ្រូ ហ្គ្រេម ហ្គូលឌ៍វើរ៍ធី Graeme Goldsworthy, ដក​ស្រង់​ចេញ​ពី​សៀវភៅ Preaching the Whole Bible as Christian Scripture, ទំព័រ​ទី ៥៤)។

«រួច​ព្រះ​អង្គ ក៏​ពន្យល់​ប្រាប់​ពួក​គេ​គ្រប់​សេចក្ដី​ដែល​បាន​ចែង​អំពី​ព្រះ​អង្គ​នៅ​ក្នុង​បទ​គម្ពីរ​ទាំង​អស់ ចាប់​ផ្ដើម​ពី​គម្ពីរ​ម៉ូសេ រហូត​ដល់​គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះ​បន្ទូល។» (លូកា ២៤:២៧ គគខ)

៣. ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​នឹង​បំពេញ​រាល់​ក្រឹត្យវិន័យ និង​បទ​ទំនាយ​របស់​ពួក​ហោរា។ គ្រប់​ក្រឹត្យវិន័យ និង​បទ​ទំនាយ​ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ចង្អុល​បង្ហាញ​អំពី​ព្រះ​យេស៊ូវ សូម្បី​តែ​នៅ​ក្នុង​បរិបទ​ដែល​មិន​បាន​លើក​ឡើង​អំពី​ទ្រង់​ចំៗ​ក៏​ដោយ។ ព្រះ​អង្គ​បាន​សម្រេច​នូវ​អ្វីៗ​ដែល​ក្រឹត្យវិន័យ​តម្រូវ​ឲ្យ​បំពេញ។

«កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រឹត្យវិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សម្រេច​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១ នៅ​ក្នុង​ក្រឹត្យវិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ​នឹង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្ដី​ទាំង​អស់​បាន​សម្រេច ដោយ​សព្វ​គ្រប់។» (ម៉ាថាយ ៥:១៧-១៨)

៤. ព្រះ​យេស៊ូវ​បាន​បំពេញ​តាម​គ្រប់​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ដែល​បាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​លោក​អ្នក​មាន​ព្រះ​គ្រីស្ទ មិន​យូរ​មិន​ឆាប់ លោក​អ្នក​ក៏​នឹង​មាន​​គ្រប់​សេចក្ដី​សន្យា​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​តាម​រយៈ​ព្រះ​គ្រីស្ទ​ផង​ដែរ។

«ដ្បិត​សេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ព្រះ​ជាម្ចាស់​សុទ្ធតែ​ជា «បាទ» នៅ​ក្នុង​ព្រះ​អង្គ ដូច្នេះ​ហើយ​បាន​ជា​យើង​ថា «អាម៉ែន» ដែរ តាម​រយៈ​ព្រះ​អង្គ​សម្រាប់​សិរីរុងរឿង​របស់​ព្រះ​ជាម្ចាស់។» (២កូរិនថូស ១:២០ គគខ)

៥. ព្រះ​គ្រីស្ទ​បាន​បំពេញ​តាម​ក្រឹត្យវិន័យ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​គ្រប់​ទារុណកម្ម​ទាំង​អស់​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ដែល​មាន​ពេញ​ដោយ​អំពើ​បាប ត្រូវ​បាន​ចាក់​មក​លើ​ព្រះ​គ្រីស្ទ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ឥឡូវ​នេះ ក្រឹត្យវិន័យ​លែង​ជា​វិធី​ដែល​នាំ​ឲ្យ​យើង​បាន​សុចរិត​ទៀត​ហើយ តែ​គឺ​ព្រះ​គ្រីស្ទ​វិញ​ទេ ដែល​ជា​ផ្លូវ​នាំ​ឲ្យ​យើង​បាន​សុចរិត។ គោល​បំណង​ច្បង ហើយ​សំខាន់​នៃ​ក្រឹត្យវិន័យ គឺ​ឲ្យ​យើង​សម្លឹង​មើលទៅ​ឯ​ព្រះ​គ្រីស្ទ មិន​មែន​ឲ្យ​យើង​ព្យាយាម​ត្រាប់​តាម​ក្រឹត្យវិន័យ ដើម្បី​ទទួល​បាន​សេចក្ដី​សុចរិត​ឡើយ។

«ដ្បិត​ព្រះ​គ្រីស្ទ​ជា​អ្នក​សម្រេច​ក្រឹត្យវិន័យ ដើម្បី​ឲ្យ​អ្នក​ជឿ​ទាំង​អស់​ទទួល (បាន) សេចក្ដី​សុចរិត។» (រ៉ូម ១០:៤ គគខ)

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តាម​រយៈ​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ គ្រប់​អ្វីៗ​ទាំង​អស់​ត្រូវ​បាន​បំផ្លាស់​បំប្រែ៖

ក. ដោយសារ​ព្រះ​យេស៊ូវ​បាន​បំពេញ​តាម​រាល់​ក្រឹត្យវិន័យ ដូច្នេះ​លែង​មាន​យញ្ញ​បូជា​ឈាម ដែល​ចង្អុល​បង្ហាញ​អំពី​ព្រះ​យេស៊ូវ​ទៀត​ហើយ។ ព្រះ​អង្គ​ជា​យញ្ញ​បូជា​ចុង​ក្រោយ​ជំនួស​អំពើ​បាប ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​ធ្វើ​ដូច​ទ្រង់​បាន​ដែរ។ «ព្រះអង្គ​មិន​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ តែ​បាន​យក​ឈាម​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​តែ​ម្ដង​ជា​ការ​ស្រេច ទាំង​ទទួល​បាន​សេចក្ដី​ប្រោស​លោះ​ដ៏​អស់​កល្ប​ជានិច្ច។» (ហេព្រើរ ៩:១២ គគខ)

ខ. លែង​មាន​សង្ឃ​ដែល​ឈរ​រវាង​អ្នក​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់ និង​ព្រះ​ជាម្ចាស់​ទៀត​ហើយ។ «ម្យ៉ាង​ទៀត មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ជា​សង្ឃ ព្រោះ​សេចក្ដី​ស្លាប់​បាន​រារាំង​ពួកគេ​មិន​ឲ្យ​បន្ត​មុខងារ​នោះ​បាន​ទៀត ប៉ុន្តែ​ដោយ​ព្រោះ​ព្រះយេស៊ូវ​គង់​នៅ​អស់កល្ប​ជានិច្ច នោះ​មុខងារ​ជា​សង្ឃ​របស់​ព្រះអង្គ​មិន​ផ្ទេរ​ឲ្យ​អ្នកណា​ឡើយ។» (ហេព្រើរ ៧:២៣-២៤)

គ. លែង​មាន​ព្រះ​វិហារ​នៅ​លើ​ផែនដី​ទុក​ជា​កន្លែង​ថ្វាយ​បង្គំ​ទៀត​ហើយ។ ឥឡូវ​នេះ ព្រះ​គ្រីស្ទ​ផ្ទាល់​ជា​ចំណុច​ស្នូល​នៃ​ការ​ថ្វាយ​បង្គំ។ ព្រះ​អង្គ​ជា «ទី​កន្លែង» ជា «ត្រសាល» និង​ជា «ព្រះ​វិហារ» សម្រាប់​ឲ្យ​យើង​ទៅ​ជួប​ព្រះ​ជាម្ចាស់។ ដូច្នេះ​ហើយ​បាន​ជា​គ្រីស្ទសាសនា​មិន​មាន​ទី​តាំង​សម្រាប់​ប្រជុំ​គ្នា​ទៀត​ទេ។ គ្មាន​ក្រុង មេកា (Mecca) ហើយ​គ្មាន​ក្រុង យេរូសាឡឹម (Jerusalem) ទៀត​ទេ។ យ៉ូហាន ៤:២១, ២៣ «ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ! ចូរ​ជឿ​ខ្ញុំ​ចុះ​ថា នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​អ្នក​រាល់គ្នា​នឹង​មិន​ថ្វាយបង្គំ​ព្រះ​វរបិតា​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ…ប៉ុន្តែ​នឹង​មាន​ពេល​មួយ​មក​ដល់ គឺ​ពេល​នេះ​ហើយ ដែល​ពួក​អ្នក​ថ្វាយបង្គំ​ពិត​ប្រាកដ គេ​នឹង​ថ្វាយបង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ដ្បិត​ព្រះ​វរបិតា​ស្វែងរក​ពួក​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែប​នេះ»» (គគខ)។ យ៉ូហាន ២:១៩, ២១ «ព្រះ​យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ «ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ នោះ​ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ…គឺ​ព្រះអង្គ​កំពុង​មាន​បន្ទូល អំពី​ព្រះវិហារ ដែល​ជា​រូបកាយ​របស់​ព្រះអង្គ» (គគខ)។ ម៉ាថាយ ១៨:២០ «ដ្បិត​កន្លែង​ណា​ដែល​មាន​២​ឬ​៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្ដាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ» (គគខ)។

ឃ. ព្រះ​យេស៊ូវ​បាន​បំពេញ​តាម​ក្រឹត្យវិន័យ​ទាំង​អស់​ទាក់ទង​នឹង​ចំណី​អាហារ ដែល​ជា​ទី​សម្គាល់​ក្នុង​ការ​ញែក​សាសន៍​អ៊‌ីស្រាអែល​ចេញ​ពី​សាសន៍​ដទៃ។ «ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖ «…តើ​អ្នក​រាល់គ្នា​មិន​យល់​ទេ​ឬ​ថា អ្វី​នៅ​ខាង​ក្រៅ ដែល​ចូល​ក្នុង​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​បាន​ទេ​នោះ?…ដូច្នេះ​អាហារ​ទាំង​អស់​សុទ្ធតែ​ស្អាត​ទេ»» (ម៉ាកុស ៧:១៨-១៩ គគខ)។

ង. ការ​បង្កើត​ច្បាប់​រដ្ឋ​ប្បវេណី​ដោយ​ផ្អែក​លើ​ជាតិ​សាសន៍ ដែល​ព្រះ​ជាម្ចាស់​បាន​គ្រង​រាជ្យ​ដោយ​ផ្ទាល់ លែង​មាន​ទៀត​ហើយ។ រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​លែង​ជា​ការ​រួបរួម​ខាងនយោបាយ ឬ​ក៏​ជាតិ​សាសន៍ ឬ​ប្រទេស ឬ​ក៏​ជា​រដ្ឋ​ទៀត​ហើយ ប៉ុន្តែ​រាស្ត្រ​របស់​ទ្រង់​ជា «ពួក​ឈ្លើយ ឬ «ជា​អ្នក​ដទៃ» នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​រដ្ឋ​នានា​។ ដូច្នេះ ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​រដ្ឋាភិបាល គឺ​មិន​មែន​ឲ្យ​យើង​ពឹង​លើ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដូច​ដែល​ទ្រង់​បាន​សោយ​រាជ្យ​នោះ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ រដ្ឋាភិបាល​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយទៀត ដោយ​ពឹង​លើ​ការ​ដែល​ទ្រង់​សោយ​រាជ្យ​លើ​មនុស្ស​ទាំង​អស់ ហើយ​រដ្ឋាភិបាល​នោះ​គួរតែ​ស្ដាប់​បង្គាប់​ទ្រង់​ដោយ​ពិត​ប្រាកដ និង​ចាក់​ឫស​នៅ​ក្នុង​សេចក្ដី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ហើយ​ក៏​មិន​គួរ​ឲ្យ​មាន​ការ​បង្ខិតបង្ខំ​ពី​ច្បាប់​ដែរ។ រដ្ឋាភិបាល​គួរ​តែ​មាន​មូល​ដ្ឋាន​នៅ​លើ​ព្រះ​ជាម្ចាស់ ប៉ុន្តែ​មិន​មែន​ពឹង​លើ​ក្រឹត្យវិន័យ​របស់​ព្រះ​ជាម្ចាស់​នោះ​ទេ។ រ៉ូម ១៣:១ «មនុស្ស​គ្រប់​គ្នា​ត្រូវ​ចុះចូល​នឹង​រដ្ឋ​អំណាច ដ្បិត​សិទ្ធិ​អំណាច​ទាំង​នោះ​មក​ពី​ព្រះជាម្ចាស់ ហើយ​សិទ្ធិ​អំណាច​ដែល​កំពុង​មាន​នេះ​ក៏​ព្រះអង្គ​បាន​តែងតាំង​ដែរ» (គគខ)។ យ៉ូហាន ១៨:៣៦ «ព្រះយេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា៖ «នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ក្នុង​លោកីយ៍​នេះ​ទេ បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោកីយ៍​នេះ​មែន នោះ​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​វាយ​តយុទ្ធ​វិញ​មិន​ខាន ដើម្បី​កុំ​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ជនជាតិ​យូដា ប៉ុន្តែ​ឥឡូវ​នេះ នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ»» (គគខ)។

ចូរ​យើង​នាំ​គ្នា​ថ្វាយ​បង្គំ​ភាព​ឧដុង្គឧត្តម​របស់​ព្រះ​គ្រីស្ទ ដ្បិត​ទ្រង់​បាន​នាំ​ឲ្យ​មាន​ការ​បំផ្លាស់​បំប្រែ​ដ៏​ធំធេង​នៅ​លើ​ផែនដី​នេះ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, ​លោក ទេព រ៉ូ និងលោកស្រី ថនស្ថាពរ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

កាន់តែ​ចំណាយ​ពេល

ជា​សេចក្តី​ស្រឡាញ់