ចូរយើងនៅឲ្យជាប់ជាមួយនឹងព្រះអង្គ ពីព្រោះបើមិនដូច្នោះទេ នោះយើងនឹងបែកឆ្វេង ដោយទទួលយកសេចក្តីបង្រៀនខុសឆ្គងជាមិនខាន។ ក្នុងអត្ថបទនេះយើងនឹងមើលជាមួយគ្នាអំពីមូលហេតុមួយចំនួនដែលយើងគួរបដិសេធគ្រូខុសឆ្គង។
«ដូច្នេះ កុំឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿងចំណីអាហារ ឬគ្រឿងផឹក ឬពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកឡើយ…គេមិនកាន់ជាប់តាមសិរសាទេ ដែលដោយសារសិរសានោះ រូបកាយទាំងមូលបានមានកំឡាំង ហើយជាប់គ្នា ដោយសារសន្លាក់ នឹងសរសៃទាំងប៉ុន្មាន ឲ្យបានចំរើនឡើង ដោយសេចក្ដីចំរើនរបស់ព្រះ» (កូឡូស ២:១៦, ១៩)។
ត្រង់នេះ យើងអាចនិយាយបានថា «និន្ទា» ស្មើនឹងពាក្យ «បញ្ឆោត» មានទម្ងន់ស្មើគ្នាទាក់ទងទៅនឹងការព្រមាន។
ក្បាលគឺជាអ្វីដែលសំខាន់ជាងគេបំផុតនៅក្នុងសេរីរាងកាយរបស់យើង។ មូលហេតុដែលគ្រូខុសឆ្គងបានបែកឆ្វេងគឺដោយសារពួកគាត់ «មិនកាន់ជាប់តាមសិរសា» ដូចនៅក្នុង ខ១៩ បានប្រាប់យើង។ សាវ័ក ប៉ុល បានប្រាប់យើងពីរដងថា ១. «កុំឲ្យអ្នកណានិន្ទាអ្នករាល់គ្នា» ២. «កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នា» (ខ១៨)។ ហើយនេះជាអ្វីដែលយើងនឹងពិនិត្យមើលជាមួយគ្នា ក្នុងពេលវេលាដ៏ខ្លីដែលយើងនៅសល់ខាងមុខនេះ។
១. «កុំឲ្យអ្នកណានិន្ទាអ្នករាល់គ្នា» (ខ១៦)
សាវ័ក ប៉ុល មិនបានប្រាប់យើងច្បាស់ថា «អ្នកណា» ត្រង់នេះ សំដៅទៅលើអ្នកណាដ៏ពិតប្រាកដនោះទេ ប៉ុន្តែយើងអាចសន្មតថា សំដៅទៅលើសេចក្តីបង្រៀនបន្ថែមទៀត ទៅលើក្រឹត្យវិន័យរបស់ពួកសាសន៍យូដា៖
យើងអាចសង្ខេបបម្រាមអំពី «ចំណីអាហារ គ្រឿងផឹក រឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ថ្ងៃឈប់សម្រាក» ថា ទាក់ទងទៅនឹងក្រឹត្យវិន័យនិយម។ ភាគច្រើន គ្រូខុសឆ្គងតែងតែមានវិន័យដែលអ្នកដើរតាមពួកគាត់ត្រូវតែធ្វើតាម ហើយនៅពេលនេះ យើងនឹងមើលជាមួយគ្នាអំពីក្រឹត្យវិន័យមួយចំនួន ដែលគ្រូខុសឆ្គងនៅសម័យក្រុមជំនុំកូឡូសបានព្យាយាមឲ្យក្រុមជំនុំត្រាស់តាម៖
ក. «ពីរឿងចំណីអាហារ ឬគ្រឿងផឹក»
យើងមិនដឹងប្រាកដថា គ្រូខុសឆ្គងទាំងនេះបានហាមប្រាមពួកគាត់មិនឲ្យបរិភោគ ឬក៏ផឹកអ្វីជាក់លាក់នោះទេ។ «ចំណីអាហារ» ត្រង់នេះអាចសំដៅទៅលើ «សត្វ» ដែលសាសន៍អ៊ីស្រាអែលអាចបរិភោគបាន ឬក៏មិនបាននៅក្នុង (លេវីវិន័យ ១១:១-២៣)។ បើយើងគ្រាន់តែពិនិត្យមើលនៅក្នុងកណ្ឌគម្ពីរ លេវីវិន័យ ជំពូក១១ នោះយើងនឹងឃើញថា នោះយើងនឹងឃើញថាមាន៖
សត្វមិនស្អាតនៅលើគោក (លេវីវិន័យ ១១:៤-៨)
«សត្វដែលទំពាអៀង និងពួកសត្វដែលមានក្រចកឆែក» ដែលមានដូចជា៖ សត្វអូដ្ឋ សត្វទន្សាយ ជ្រូក
សត្វមិនស្អាតនៅក្នុងសមុទ្រ (លេវីវិន័យ ១១:១០-១២)
«សត្វណាដែលឥតមានព្រុយ និងស្រកា» ដែលមានដូចជា៖ បង្គា ក្តាម បង្កង។
សត្វស្លាបដែលមិនស្អាត (លេវីវិន័យ ១១:១៣-១៩)
ឥន្ទ្រី សត្វត្មាត ខ្លែង សត្វទីទុយ ។ល។
សត្វល្អិតដែលមិនស្អាតជា (លេវីវិន័យ ១១:២០-២៣)
«សត្វស្លាបមានជើងដែលវារតោងបាន [លើកលែង] តែសត្វណាដែលមានជើងសម្រាប់ផ្ទាត់នៅដី» ដែលមានដូចជា៖ កណ្តូប ចង្រិត។
យើងដឹងហើយថានៅក្នុងកណ្ឌគម្ពីរ ដានីយ៉ែល ១:៣-១៦; ១០:៣ ការបរិភោគ ឬក៏មិនបរិភោគអាហារណាមួយគឺជាចំណុចមូលដ្ឋាននៃការបង្ហាញមួយថា បុគ្គលម្នាក់នោះមានភាពស្មោះត្រង់ ឬក៏ភក្ដីភាពចំពោះប្រទេសជាតិរបស់ខ្លួន ឬក៏អត់។ សាសន៍អ៊ីស្រាអែលក៏ថែមទាំងមានច្បាប់ទំនៀមទម្លាប់នៃការធ្វើម្ហូប ជាពិសេសទាក់ទងនឹងការបង្ហូរឈាមសត្វនៅពេលដែលសម្លាប់វា។
ប៉ុន្តែ យើងដឹងហើយថាក្នុងកណ្ឌគម្ពីរ កិច្ចការ ១០:១៤ ក្នុងសុបិន្ដរបស់សាវ័ក ពេត្រុស គឺព្រះអង្គកំពុងតែបង្ហាញថាគ្រប់សត្វទាំងអស់ឥឡូវអាចបរិភោគបាន។ ដំណឹងល្អគឺសម្រាប់មនុស្សគ្រប់គ្នា។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍នេះគឺថា ប្រសិនបើយើងនិយាយអំពីអ្នកដែលប្រកាន់ភ្ជាប់តាមក្រឹត្យវិន័យនិយម គ្មានអ្នកណាប្រសើរជាងសាវ័ក ប៉ុល ទេ។ កណ្ឌគម្ពីរ ភីលីព ៣:៤-៧ បានចែងថា៖
«ប៉ុន្តែ ខ្ញុំមានកន្លែងទុកចិត្តខាងសាច់ឈាមខ្លះបានដែរ បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាន នោះខ្ញុំក៏លើសទៅទៀត ដ្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី៨ ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រិត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ខាងឯសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ពួកជំនុំ ចំណែកខាងសេចក្ដីសុចរិតក្នុងក្រិត្យវិន័យ នោះខ្ញុំគ្មានទោសសោះ»។
នៅក្នុងកណ្ឌគម្ពីរកិច្ចការ យើងដឹងថា គាត់បានបៀតបៀនក្រុមជំនុំ ហើយនៅក្នុងកណ្ឌគម្ពីរកិច្ចការជំពូក៩ ព្រះយេស៊ូវបានសង្គ្រោះគាត់។ នេះហើយជាមូលហេតុដែលគាត់រាប់ «សេចក្ដីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ» (ភីលីព ៣:៧)។
ចំណុចអនុវត្ត
«ចូរទទួលអ្នកណា ដែលខ្សោយខាងឯសេចក្ដីជំនឿដែរ មិនមែនឲ្យបានជជែកគ្នាពីសេចក្ដីប្រកាន់ផ្សេងៗឡើយ ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀត ដែលខ្សោយ បរិភោគតែបន្លែទេ កុំឲ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឲ្យអ្នកដែលមិនបរិភោគ និន្ទា [នេះជាពាក្យដូចគ្នា] ចំពោះអ្នកដែលបរិភោគដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា តើអ្នកជាអ្វីដែលនិន្ទាបាវបម្រើរបស់គេ អ្នកនោះឈរឬដួលក្ដី នោះស្រេចនឹងចៅហ្វាយទេតើ ហើយគេនឹងបានឈរមែន ដ្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបាន» (រ៉ូម ១៤:១-៤)។
«…អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា» (រ៉ូម ១៤:៦។ នៅទីបំផុត ១កូរិនថូស ១០:៣១ បានប្រាប់យើងថា «ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះ»។
ហើយទាក់ទងទៅនឹងចំណុចបន្ទាប់សាវ័ក ប៉ុល ក៏បានលើកឡើងផងដែរថា៖
«អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ…» (រ៉ូម ១៤:៦)។
ខ. «ពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សម្រាក»
យើងដឹងហើយថា ទាក់ទងទៅនឹង «ថ្ងៃបុណ្យ» គ្រប់សង្គមសុទ្ធតែមាន។ ហើយនៅកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ពាក្យ «ថ្ងៃបុណ្យ» ក៏អាចសំដៅទៅលើថ្ងៃបុណ្យរំលងរបស់សាសន៍យូដាផងដែរ។ ហើយទាក់ទងនឹង «ថ្ងៃចូលខែ» ក៏ជាអ្វីដែលសង្គមនៅសម័យបុរាណតែងតែធ្វើ ត្រង់នេះប្រហែលជាកំពុងតែសំដៅទៅលើសេចក្តីខុសឆ្គងរបស់សាសន៍យូដា ហើយ«ថ្ងៃឈប់សម្រាក» គឺជាថ្ងៃឈប់មួយទៀតរបស់សាសន៍យូដា ដែលញែកពួកគាត់ចេញពីសាសន៍ដទៃ។ វាគឺជាអត្តសញ្ញាណរបស់សាសន៍យូដា ដែលបញ្ជាក់ថា ពួកគាត់ស្ថិតនៅក្រោមការតាំងសេចក្តីសញ្ញារបស់ព្រះជាម្ចាស់។
ជាទូទៅ «ថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សម្រាក» សាសន៍យូដាបានប្រើប្រាស់សម្រាប់បុណ្យរបស់ពួកគេ។ សរុបសេចក្តីទៅ យើងមិនគួរ «និន្ទា» ឬក៏មើលងាយអ្នកផ្សេង «ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជម្រះរបស់ផងព្រះគ្រីស្ទ» (រ៉ូម ១៤:១០) ទាក់ទងនឹងអ្វីដែលយើងប្រព្រឹត្ត។
បម្រាមទី២ គឺទាក់ទងទៅនឹងរឿងអបិយជំនឿ ឬក៏រឿងអាថ៌កំបាំងនៃអធិធម្មជាតិ ដែលគ្រូខុសឆ្គងនោះកំពុងតែអះអាងថាគាត់បានទទួលការបើកសម្ដែង។
២. «កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នា» (ខ១៨)
«បញ្ឆោតយករង្វាន់» គឺជាកិរិយាសព្ទមួយដែលគេតែងតែប្រើប្រាស់ ដើម្បីរៀបរាប់អំពីការប្រកួតប្រជែងគ្នានៅក្នុងទីលានប្រកួត (កូឡូស ២:៨; ១កុរិនថូស ៩:២៤-២៧ និង ភីលីព ៣:១៤)។
ក្នុងឃ្លា «តាមតែចិត្តឡើយ» គឺសំដៅទៅលើ «អ្នកណា» នៅក្នុងខ១៦ និងខ១៩នេះ សំដៅទៅលើគ្រូខុសឆ្គង ដែលពួកគាត់តែងតែថា របៀប ឬក៏ផ្លូវរបស់ពួកគាត់គឺជាអ្វីដែលល្អប្រសើរជាង។
តើពួកគាត់នឹងបញ្ឆោតយករង្វាន់អ្វី និងដោយរបៀបណា?
រង្វាន់ដែលគ្រូខុសឆ្គងនឹងបោកយកគឺចំណែកកេរ្តិ៍អាករ «ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរ នឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង» (កូឡូស ១:១២)។
ក. «ដោយប្រព្រឹត្តបែបសុភាព»
ឃ្លា «ដោយគេប្រព្រឹត្តបែបសុភាព» អាចមានអត្ថន័យថាជាការ «បញ្ឈឺចិត្តខ្លួន» ឬក៏ថា បើឲ្យកាន់តែជាក់លាក់ជាងនោះឃ្លានេះគឺកំពុងសំដៅទៅលើ «ការតម» (ទំនុកតម្កើង ៣៥:១៣; អេសាយ ៥៨:៣, ៥; ទំនុកតម្កើង ៦៩:១០) ដែលនេះទំនងជាអ្វីដែលសាវ័ក ប៉ុល ចង់មានអត្ថន័យលើ ពីព្រោះយើងដឹងហើយថា ភាគច្រើនគ្រូខុសឆ្គងក៏តែងតែមានច្បាប់នៃការហាមប្រាមមិនឲ្យធ្វើនេះ ឬធ្វើនោះ ឬក៏បរិភោគនេះ ឬក៏បរិភោគនោះ។ ហើយបើយើងនិយាយឲ្យចំទៅការ «ប្រព្រឹត្តបែបសុភាព» នេះសំដៅលើការបន្ទាបខ្លួនក្លែងក្លាយ ពួកគាត់អួតអំពីការតម ឬអ្វីដែលខ្លួនធ្វើ និងមិនធ្វើ។
ឧទាហរណ៍៖ មិនទៅពេទ្យពេលឈឺ ប៉ុន្តែអ្វីដែលពួកគាត់មិនបានប្រាប់អ្នកដែលតាមពួកគាត់នោះគឺថា គាត់បានហៅពេទ្យមកផ្ទះគាត់ផ្ទាល់។ ឬក៏ថា កុំឲ្យទៅទិញថ្នាំលេប ប៉ុន្តែគាត់ឲ្យអ្នកដទៃទិញជំនួសគាត់វិញ ពេលដែលគាត់ឈឺ។
ចំណុចទី២ ដែលយើងមិនត្រូវចាញ់បោកពួកគាត់គឺដោយសារពួកគាត់៖
ខ. «ថ្វាយបង្គំពួកទេវតា»
ចំណុចមួយនេះរៀងពិបាកពន្យល់បន្តិច ពីព្រោះនៅក្នុងសាសនាយូដា ព្រះអង្គបានហាមមិនឲ្យថ្វាយបង្គំអ្វីដែលព្រះអង្គបានបង្កើតមកនោះទេ ដូចនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៤:១៩។ ប៉ុន្តែ វាជាផ្នត់គំនិតមួយដែលមិនថា សាសន៍យូដា ឬក៏ក្រុមជំនុំកូឡូស ឬក៏បងប្អូនហើយនិងខ្ញុំ គឺយើងទាំងអស់គ្នាសុទ្ធតែធ្លាប់គិតចង់ ហើយក៏បានបួងសួងឲ្យទេវតាថែរក្សាយើងផងដែរ។
ពេលខ្ញុំអង្គុយលេងជាមួយនឹងអ្នកជិតខាងខ្ញុំ អ្វីមួយដែលខ្ញុំបានឃើញនោះគឺថា ពួកគាត់តែងតែច្រូចក្រេបដំបូង ហើយនិយាយថា «សេពសោយ កុំប្រកែប្រកាន់កូនចៅអីណា ជួយមើលថែកូនចៅផង»។ បើយើងគ្រាន់តែមើលត្រួសៗនៅក្នុងព្រះគម្ពីរ នោះយើងក៏ឃើញរឿងស្រដៀងនេះខ្លះៗដែរ៖
យ៉ូស្វេ ៥:១៣-១៥ – លោក យ៉ូស្វេ និងមេទ័ពរបស់ព្រះអង្គ
ពួកចៅហ្វាយ ១៣:២០ – លោក ម៉ាណូអា និងប្រពន្ធគាត់
ដានីយ៉ាល់ ៨:១៧ – លោក ដានីយ៉ាល់ និងទេវតាកាព្រីយ៉ែលអើយ
វិវរណៈ ១៩:១០ – សាវ័ក យ៉ូហាន និងទេវតាម្នាក់
តើខ្ញុំចង់មានន័យអ្វី តាមរយៈការលើកឡើងទាំងនេះ? អ្វីដែលខ្ញុំចង់មានន័យនោះគឺថា៖
«ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន?» (យេរេមា ១៧:៩)។ វាមិនខុសគ្នាពីការដែលពេលខ្លះ យើងទូលសុំឲ្យទេវតាការពារផ្លូវយើងនោះទេ។ ហើយគ្រូខុសឆ្គងតែងតែបង្រៀនថា ព្រះយេស៊ូវបូកអ្វីផ្សេងទៀតនោះទើបស្មើនឹងការមានអ្វីៗគ្រប់ទាំងអស់ ប៉ុន្តែយើងដឹងហើយថា ព្រះយេស៊ូវបូកសូន្យស្មើនឹងកានមានអ្វីៗគ្រប់ទាំងអស់ ពីព្រោះការមានព្រះអង្គគឺគ្រប់គ្រាន់ហើយ ពីព្រោះព្រះអង្គគឺជាសិរសា ដូចដែលយើងបានរៀនជាមួយគ្នានៅក្នុងខ១៩។
«ទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្ដានៃទ្រង់» (ហេព្រើរ ១:៣)។
នៅត្រង់ចំណុចដែលខ្ញុំបានលើកឡើងថា គ្រូខុសឆ្គងតែងតែនិយាយអំពីការបើកសម្ដែងដែលគាត់ទទួលបាន គឺខ្ញុំមានភស្តុតាងចេញពីកន្លែងនេះគឺ៖
គ. «ទាំងសៀតស៊កចូលទៅក្នុងការ ដែលខ្លួនមើលមិនឃើញ»
ការសៀតស៊កចូលទៅក្នុងការ [គិត] ដែលខ្លួនមើលមិនឃើញ។ ចំណុចនេះមានន័យថា ភាគច្រើនអ្វីដែលគ្រូខុសឆ្គងបង្រៀនគឺជាអ្វីដែលគាត់នឹកឃើញដោយខ្លួនឯង ដោយមិនមានមូលដ្ឋានលើព្រះគម្ពីរទេ។ គ្រូខុសឆ្គង ឬក៏ក្រុមខុសឆ្គងភាគច្រើននឹងមិនប្រាប់មកកាន់យើងអំពីអ្វីដែលពួកគេជឿ ឬក៏បង្រៀនភ្លាមៗនៅពេលដែលពួកគេបានជួបយើងនោះទេ ប៉ុន្តែគឺទាល់តែយើងបានចូលជាមួយនឹងពួកគាត់សិនទៅពួកគាត់បានប្រាប់យើង។ ដូច្នេះ សូមនៅឲ្យជាប់មួយព្រះគ្រីស្ទ។
ឃ. «មានចិត្តប៉ោងឡើង ដោយគំនិតខាងសាច់ឈាម»
«មានចិត្តប៉ោង» មានន័យថា ពួកគាត់មានពេញទៅដោយអំនួតរហូតដល់ថា ខ្លួនខ្វាក់ដោយមិនដឹងខ្លួនទៀតផង។ ទាក់ទងនឹងឃ្លា «គំនិតខាងសាច់ឈាម» របស់ពួកគាត់គឺជា គំនិតខ្យល់។
ភាគច្រើន គ្រូខុសឆ្គងតែងតែមានការបរិយាយអំពីរឿងរ៉ាវជាច្រើន ដែលមិនមានមូលដ្ឋានលើសេចក្ដីពិត ឬក៏ប្រវត្តិសាស្ត្រ។ នេះមានន័យថា ពួកគាត់ពូកែវោហារក្នុងការច្នៃប្រឌិតអ្វីដែលមិនមានព័ត៌មានច្បាស់លាស់ តែគាត់អះអាងថាគាត់មាន ឬក៏ថាទាល់តែចូលខាងគាត់ ទើបអាចដឹងច្បាស់ជាងមុន។
មូលដ្ឋានរបស់ពួកគេគឺទាក់ទងទៅនឹងការទទួលបាននិមិត្ត ឬក៏ការបើកសម្ដែងថ្មី។ ពួកគាត់ពូកែបកស្រាយណាស់ ហើយពេលស្តាប់ទៅធ្វើឲ្យត្រចៀកយើងកាន់តែរមាស់ជាងមុន។ អ្នកដែលលង់ក្នុងសេចក្តីបង្រៀនខុសឆ្គងតែងតែនិយាយថា «តាំងពីចូលខាងគាត់មក ឥឡូវខ្ញុំច្បាស់ហើយ ខ្ញុំយល់ច្បាស់ជាងមុនខ្លាំងណាស់បងប្អូន» ។ពួកគាត់នឹងអះអាងថា ខ្លួនបានទទួលនិមិត្តពីព្រះជាម្ចាស់ ឬក៏បានចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។
កណ្ឌគម្ពីរ ២ពេត្រុស ជំពូក២ បានរៀបរាប់អំពីលក្ខណៈរបស់គ្រូខុសឆ្គងទាក់ទងនឹងការរស់នៅថា មានលក្ខណៈបីចំណុចធំៗ៖ ១. ចង់បានកម្រៃ (លុយ) ដោយព្រោះមានចិត្តលោភ (ប្រើប្រាស់អ្នកជឿចង់បានកម្រៃ) ២. រស់នៅក្នុងអំពើបាបអសីលធម៌ផ្លូវភេទ (ផិតក្បត់ មានស្រី) និង៣. មើលងាយអំណាចត្រួតត្រា (ពោលគឺមើលងាយអំណាចព្រះផ្ទាល់)។
សរុបសេចក្តីទៅចូរបដិសេធសេចក្ដីបង្រៀនខុសឆ្គងចុះ ហើយនៅឲ្យជាប់ក្នុងទ្រង់ ព្រោះការមានព្រះយេស៊ូវគឺគ្រប់គ្រាន់ហើយ។
និពន្ធដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ
ផ្ទៀងផ្ទាត់ដោយ៖ លោក ខែម បូឡុង, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និងលោក ស៊ូ ទិត្យ
- ឯកសារយោង
Calvin, J. (1548). On The Epistle of Paul to the Philippians, Colossians and Thessalonians. Translated and edited from the original Latin, and colated with the French Version by the Rev. John Pringle; Christian Classics Ethereal Library, Grand Rapids, MI. - Dunn, J. D. G. (1996). The Epistles to the Colossians and to Philemon: a commentary on the Greek text. William B. Eerdmans Publishing; Paternoster Press.
- Moo, D. J. (2008). The letters to the Colossians and to Philemon (p. 232). William B. Eerdmans Pub. Co.
- Sinclair Ferguson on Colossians 2:16-19: https://youtu.be/W7_8sZhIxc4?si=lysOnV3dXjgfG8SL
- John MacArthur on Colossians 2: https://youtu.be/ZSZgnWIt_Bk?si=ZHH-xftA5HCIoQwD
មតិយោបល់
Loading…