in ,

ខ្ញុំ​បាន​​ជេរ​អ្នក​ហើយ

កុំ​គិត​ថា «បើ​ត្រឹម​តែ​ពាក្យ​សម្ដី នោះ​វា​នឹង​មិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ទេ»។ ដំបង និង​ដុំ​ថ្ម​ប្រហែល​វាយ​ឲ្យ​ខ្ញុំ​បាក់​ឆ្អឹង ប៉ុន្តែ​ពាក្យ​សម្ដី…ពាក្យ​សម្ដី​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ជាង​នោះ​ទៅ​ទៀត។ មិន​ដឹង​យ៉ាង​មិច​ដែរ ពេល​ខ្លះ​ការ​វាយ​អស់​មួយ​ទំហឹង​ឈឺ​ចាប់​តិច​ជាង​ពាក្យ​ដែល​អណ្ដាត​គ្រលាស់​ទៅ​ទៀត។ ក្រោយ​ពី​មួយ​រយៈ ស្នាម​ជាំ​រលប់​បាត់​អស់​ទៅ តែ​ពាក្យ​សម្ដី​វិញ​នៅ​កប់​ជ្រៅ​ប្រៀប​ដូចជា​ដាវ​ដោត​ជាប់។ ខ្ញុំ​ស្គាល់​មនុស្ស​ដែល​នៅ​បន្ត​រង​របួស​ដោយ​ពាក្យ​សម្ដី​យង់ឃ្នង​មក​លើ​ពួក​គេ​ជា​យូរ​ឆ្នាំ និង​រាប់​ទសវត្សរ៍​កន្លង​ទៅ​ហើយ។

គ្មាន​អ្វី​ចម្លែក​នោះ​ឡើយ នេះ​ជា​មូល​ហេតុ​ដែល​ព្រះ​គម្ពីរ​បាន​ព្រមាន​យើង​ជា​ញឹកញាប់​ទាស់​នឹង​ពាក្យ​សម្ដី​ច្រឡោត​ខឹង។ ហើយ​ក៏​គ្មាន​អ្វី​ដែល​ចម្លែក​ដែរ ដែល​ព្រះ​គម្ពីរ​ព្រមាន​អំពី​ការ​ដែល​មាន​កំហឹង ឬ​ភាព​ល្វីងជូរចត់។ ក្រៅពី​អ្វីៗ​ទាំង​អស់ ពាក្យ​សម្ដី​របស់​យើង​ហូរ​ចូល​ក្នុង​ដួង​ចិត្ត ហើយ​អ្វី​ដែល​ចិត្ត​ជឿ នោះ​មាត់​ក៏​ប្រកាស។

ប៉ុន្តែ ព្រះ​គម្ពីរ​មិន​ត្រឹម​តែ​ព្រមាន​យើង​តែ​អំពី​អ្វី​ដែល​យើង​និយាយ​នោះ​ឡើយ តែ​ក៏​ថែម​ទាំង​បាន​ណែនាំ​យើង​អំពី​ពាក្យ​សម្ដី​ដែល​យើង​ស្ដាប់​ផង​ដែរ។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្ដា​លើក​ឡើង​ថា «មួយ​ទៀត កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បម្រើ​ដល់​ឯង ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ» (៧៖២១-២២)។

ដូច​សព្វ​មួយ​ដង អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្ដា​តែង​តែ​ប្រកាស​ពី​សេចក្ដី​ពិត។ ខ្ញុំ​ដឹង​ច្បាស់​ថា អ្វី​ដែល​ខ្ញុំ​និយាយ​ជា​ច្រើន​អំពី​អ្នក​ដទៃ វា​គ្មាន​ខ្លឹមសារ និង​មិន​សមរម្យ ហើយ​ថា​ពាក្យ​សម្ដី​ទាំង​នោះ វា​និយាយ​ស្ដែង​អំពី​ខ្ញុំ​ច្រើន​ជាង​អ្នក​ដែល​ខ្ញុំ​និយាយ​អំពី​ទៅ​ទៀត។ ជា​ញឹកញាប់ ខ្ញុំ​និយាយ​ដោយ​សេរី​ពេក រិះគន់​ពី​អ្នក​ដទៃ​ពេក—សូម្បី​តែ​អំពី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់។ ខ្ញុំ​មិន​ទាំង​ជឿ​ដូច្នោះ​ផង តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច ខ្ញុំ​នៅ​តែ​និយាយ​វា​ចេញ​​​ទៅ​កើត។ លោក ជីម វីនធើ (Jim Winter) បាន​លើក​ឡើង​ថា «យើង​គ្រប់​គ្នា​មុខ​ជា​អាម៉ាស់ បើ​សិន​ជា​អ្នក​ផ្សេង​ទៀត​ដឹង​អំពី​អ្វី​ដែល​យើង​បាន​និយាយ​អំពី​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មិន​នៅ​ទី​នោះ។ បើ​សិន​ជា​យើង​ត្រូវ​ព្យាយាម​ពន្យល់​អំពី​ទង្វើ​របស់​យើង នោះ​យើង​អាច​នឹង​និយាយ​ថា យើង​បាន​និយាយ​ដោយសារ​តែ​កំហឹង​មួយ​ពេល ឬ​ក៏​យើង​មិន​មែន​ចង់​មាន​ន័យ​ដូច​ដែល​យើង​បាន​និយាយ​នោះ​ទេ ឬ​ក៏​យើង​គ្រាន់​តែ​មាន​ថ្ងៃ​មួយ​ដែល​មិន​ល្អ ហើយ​មិន​មាន​ពាក្យ​សម្ដី​អ្វី​ល្អ​សម្រាប់​នរណា​ម្នាក់។ វា​អាច​ជា​ការ​ពិត ប៉ុន្តែ​ការ​ខូចខាត​បាន​កើត​ឡើង​រួច​ស្រេច​ទៅ​ហើយ»។ ខ្ញុំ​តែង​តែ​មាន​លេស​ដែល​អាច​ពន្យល់ បកស្រាយ​បាន​ទាំង​អស់។

នៅ​ពេល​ខ្ញុំ​មើល​ទៅ​កាន់​ពាក្យ​សម្ដី​របស់​ខ្ញុំ នោះ​ខ្ញុំ​អាច​យល់​បាន​ដោយ​ងាយ​អំពី​អ្វី​ដែល​ខ្ញុំ​ពិត​ជា​ចង់​សំដៅ​លើ និង​អាច​ឃើញ​អំពី​ភាព​ល្វីង​ជូរ​ចត់​ដែល​ហូរ​ចេញ​មក​ពី​ក្នុង​វិញ្ញាណ​ដែល​ខ្ទេចខ្ទាំ។ ប៉ុន្តែ ជា​ធម្មតា ពេល​ខ្លួន​ខ្ញុំ​ផ្ដោត​ទៅ​លើ​ទស្សនៈ​នៃ​លោកីយ៍​នេះ​ច្រើន​ពេក នោះ​វា​បណ្ដាល​ឲ្យ​ខ្ញុំ​មាន​ការ​យល់​ខុស​អំពី​ការ​ពិត​ជាក់​ស្ដែង។ «អ្វី​មួយ​ដែល​យើង​ត្រូវ​ចាំ​នៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង​នោះ​គឺ​ថា នៅ​ពេល​ដែល​មាន​មនុស្ស​និយាយ​អាក្រក់​អំពី​យើង ការ​បក​ស្រាយ​របស់​ពួក​គេ​ក៏​ប្រហែល​ជា​ដូច​គ្នា​នឹង​យើង​ដែរ! បើ​សិន​ជា​យើង​ប្រតិកម្ម​តប​ ខ្លាំង​ជ្រុល​ពេក នោះ​យើង​មុខ​ជា​នៅ​ជាប់​ដិត​ដាម​នឹង​គ្រប់​ពាក្យ​របស់​គេ​ជា​មិន​ខាន។ ប្រសិន​បើ​ជា​យើង​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​បុគ្គល​ទី​បី យើង​ក៏​នឹង​នៅ​ដិត​ដាម​ជាប់​ជា​មួយ​សម្រង់​សម្ដី​ដែល​ខុស​ទាំង​ឡាយ​នោះ​ដែរ»។ ទោះ​បី​ជា​ខ្ញុំ​ដឹង​អំពី​ចំនួន​ដ៏​ច្រើន​នៃ​ពាក្យ​សម្ដី​គ្មាន​ខ្លឹមសារ​ដែល​ខ្ញុំ​បាន​ស្រដី​ចេញ​យ៉ាង​ណា​ក្ដី​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​គិត​ថា អ្នក​ដទៃ​ទៀត គេ​និយាយ​ដោយ​មាន​ចេតនា​នូវ​រាល់​ពាក្យ​សម្ដី​ដែល​គេ​និយាយ។ ខ្ញុំ​បាន​បើក​ផ្លូវ​ចំហ​ធំ​សម្រាប់​ខ្លួន​ឯង​ជាង​បើក​ផ្លូវ​ចំហ​សម្រាប់​អ្នក​ដទៃ។ ខ្ញុំ​បាន​លើក​លែង​ទោស​សម្រាប់​ខ្លួន​ឯង ខណៈ​ដែល​ខ្ញុំ​ថ្កោល​ទោស​អ្នក​ដទៃ។

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្ដា​តែង​តែ​ផ្ដល់​ជា​គំនិត​ប្រាជ្ញា។ គាត់​ប្រាប់​ខ្ញុំ​ឲ្យ​គិត​ចំពោះ​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ ដូច​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដទៃ​គិត​ចំពោះ​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដែរ—ដោយ​ដឹង​ថា ពួក​គេ​ក៏​ប្រព្រឹត្ត​បាប​ដូច​ជា​ខ្ញុំ​ប្រព្រឹត្ត​ដែរ ពួក​គេ​ក៏​មិន​មាន​ចេតនា​លើ​គ្រប់​ពាក្យ ដូច​ដែល​ខ្ញុំ​មិន​មាន​ចេតនា​ផង​ដែរ។ កំណត់​ចំណាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​សិក្សា ម៉កខសស៊ើរ (MacArthur Bible Study) បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា៖ «ដោយ​លោក​អ្នក​ត្រូវ​ការ​ការ​អភ័យទោស​ពី​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​អាក់​អន់​ចិត្ត​ជា​ច្រើន ដូច្នេះ​ហើយ​កុំ​ឲ្យ​នៅ​ប្រកាន់​ទោស​តឹងរ៉ឹង​ពេក​ចំពោះ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​អ្នក​អាក់​អន់​ចិត្ត​របស់​ពួក​គេ​មក​លើ​អ្នក​ដែរ»។ ឬ​ក៏​តាម​ដំបូន្មាន​របស់​លោក​គ្រូ ស្ពើចិន (Spurgeon) «លោក​អ្នក​មិន​អាច​បញ្ឈប់​មនុស្ស​មិន​ឲ្យ​និយាយ​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្វី​មួយ​ដែល​ល្អ​បំផុត​ដែល​លោក​អ្នក​អាច​ធ្វើ​គឺ​ឈប់​ស្ដាប់ ហើយ​មិន​ចាំបាច់​ខ្វល់​ខ្វាយ​ជា​មួយ​នឹង​អ្វី​ដែល​គេ​និយាយ​ទៅ​ជា​ការ​ស្រេច។ មាន​នូវ​ពិភព​​នៃ​ក្រុម​មនុស្ស​ដែល​និយាយ​តែ​រឿង​គ្មាន​ប្រយោជន៍ និយាយ​ដើម​គេ ហើយ​សម្រាប់​អស់​អ្នក​ដែល​ចាំ​តែ​សម្គាល់ នោះ​មុខ​ជា​មិន​សូវ​មាន​ពេល​ទំនេរ​ច្រើន​ទេ»។ មាន​នូវ​ពិភព​​នៃ​ក្រុម​មនុស្ស​ដែល​និយាយ​តែ​រឿង​គ្មាន​ប្រយោជន៍ និង​មាន​ក្រុម​មនុស្ស​ដែល​និយាយ​តែ​រឿង​គ្មាន​ប្រយោជន៍​នៅ​ខាង​ក្នុង​ដែរ។

មែន​ទែន​ទៅ ការ​ពិត​គឺ​ថា៖ ខ្ញុំ​បាន​ជេរ​លោក​អ្នក ហើយ​លោក​អ្នក​ក៏​បាន​ជេរ​ខ្ញុំ​ដែរ។ យើង​ទាំង​ពីរ​នាក់​បាន​ប្រព្រឹត្ត​បាប ហើយ​ពីរ​នាក់​យើង​ក៏​ចាំបាច់​ត្រូវ​ទទួល និង​ពង្រីក​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ដែល​ព្រះ​អង្គ​បាន​ដាក់​បណ្ដាសា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​ផ្ទាល់ ប្រយោជន៍​ឲ្យ​យើង​អាច​ទទួល​បាន​ការ​អត់​ទោស​តាម​រយៈ​ព្រះ​បុត្រា​ទ្រង់។

កុំ​គិត​ថា «បើ​ត្រឹម​តែ​ពាក្យ​សម្ដី នោះ​វា​នឹង​មិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ទេ»។ ដំបង និង​ដុំ​ថ្ម​ប្រហែល​វាយ​ឲ្យ​ខ្ញុំ​បាក់​ឆ្អឹង ប៉ុន្តែ​ពាក្យ​សម្ដី…ពាក្យ​សម្ដី​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ជាង​នោះ​ទៅ​ទៀត។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​បង្រៀន​កូន​ពេល​មាន​វិបត្តិ​ក្នុង​គ្រួសារកំហុស​របស់​យើង

ការ​សម្លាប់​ខ្លួន និង​សេចក្ដី​សង្គ្រោះ