in

ព្រះ​យេស៊ូវ​ត្រាស់​ហៅ​លោក លេវី

ម៉ាកុស ២:១៣-១៧៖ «១៣ ព្រះ​យេស៊ូវ​យាង​ចេញ​ទៅ​ឆ្នេរ​សមុទ្រ​ម្តង​ទៀត។ បណ្ដាជន​ទាំង​អស់​នាំ​គ្នា​ចូល​មក​រក​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​បង្រៀន​ពួក​គេ។ ១៤ កាល​ព្រះ​អង្គ​យាង​ហួស​ពី​នោះ​ទៅ ទ្រង់​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ ហើយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ​អង្គ។ ១៥ កាល​ព្រះ​យេស៊ូវ​គង់​នៅ​តុ​ក្នុង​ផ្ទះ​របស់​លេវី មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ​អង្គ និង​ពួក​សិស្ស ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​មក​តាម​ព្រះ​អង្គ។ ១៦ កាល​ពួក​អាចារ្យ​ខាង​ពួក​ផារិស៊ី​ឃើញ​ព្រះ​អង្គ​សោយ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ គេ​ក៏​សួរ​ពួក​សិស្ស​របស់​ព្រះ​អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​ពួក​មនុស្ស​បាប​ដូច្នេះ?» ១៧ ពេល​ព្រះ​យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ពួក​អ្នក​ដែល​មាន​សុខភាព​ល្អ គេ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប [ឲ្យ​ប្រែ​ចិត្ត] វិញ»។» (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៩:៩-១៣ និង​លូកា ៥:២៧-៣២)

យើង​អាច​សង្ខេប​ខគម្ពីរ​ខាង​លើ​ដូច​ត​ទៅ៖

«ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះ»
I. ព្រះ​យេស៊ូវ​ត្រាស់​ហៅ​មនុស្ស​មាន​បាប
II. ព្រះ​យេស៊ូវ​មិន​ត្រាស់​ហៅ​មនុស្ស​សុចរិត

ចំណុច​ស្នូល៖ ព្រះ​យេស៊ូវ​មិន​បាន​យាង​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ តែ​បាន​មក​ហៅ​មនុស្ស​មាន​បាប​ឲ្យ​កែ​ប្រែ​ចិត្ត​វិញ (១៧)។

ក្នុង​ខ១៣ និង១៥ យើង​ឃើញ​អំពី​ទី​តាំង​នៃ​ដំណើរ​រឿង​មួយ​នេះ។ ខ១៣​ប្រាប់​យើង​ថា ព្រះ​យេស៊ូវ​បាន «យាង​ចេញ​ទៅ​ឆ្នេរ​សមុទ្រ​ម្តង​ទៀត»។ ទោះ​បើ​លោក ម៉ាកុស មិន​បាន​ប្រាប់​យើង​អំពី​ឈ្មោះ​ឆ្នេរ​សមុទ្រ​មួយ​នេះ​ក៏​ដោយ ក៏​យើង​អាច​សន្មត​ដោយ​ពឹង​លើ​បរិបទ​នៃ​កណ្ឌ​គម្ពីរ ម៉ាកុស និង​កណ្ឌ​គម្ពីរ​ផ្សេងៗ​ថា គាត់​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​ឆ្នេរ​សមុទ្រ​កាលីឡេ​ដែរ។ ហើយ​ទី​តាំង​ទី​ពីរ​គឺ​ក្នុង​ខ១៥ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​គង់​នៅ​តុ​ក្នុង​ផ្ទះ​របស់​លោក លេវី។

យើង​ឃើញ​ថា​មាន​មនុស្ស​ពីរ​ប្រភេទ នៅ​ក្នុង​ការ​ត្រាស់​ហៅ​លោក លេវី៖ ១) មនុស្ស​ដែល​ហៅ​ខ្លួន​ឯង​ថា​សុចរិត និង ២) អ្នក​ទារ​ពន្ធ និង​មនុស្ស​ដែល​គេ​ហៅ​ថា​មាន​បាប។

យើង​ដឹង​ហើយ​ថា អ្នក​ទារ​ពន្ធ និង​មនុស្ស​មាន​បាប​គឺ​ជា​អ្នក​ឈឺ ហើយ​ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​ពេទ្យ ក្នុង​ពាក្យ​ប្រៀប​ប្រដូច​របស់​ទ្រង់​ក្នុង​ខ១៧។ ដូច​សព្វ​ដង អ្វី​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ​គឺ៖ ការ​ប្រកាស​អំពី​ព្រះ​រាជ្យ​នគរ​របស់​ព្រះ​ជាម្ចាស់ និង​អំពី​ដំណឹង​ល្អ​របស់​ទ្រង់។

ក្នុង​ការ​ត្រាស់​ហៅ​ពួក​សិស្ស​មុនៗ យើង​ក៏​ដឹង​ថា​ព្រះ​អង្គ​បាន​យាង​មក​មិន​មែន​ឲ្យ​គេ​បម្រើ​ទ្រង់​ទេ តែ​គឺ​មក​ដើម្បី​បម្រើ​គេ​វិញ ទាំង​ប្រគល់​ជីវិត​ទ្រង់ ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន។ នៅ​ចុង​បញ្ចប់ យើង​ដឹង​ហើយ​ថា៖ ព្រះ​អង្គ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ហើយ​បី​ថ្ងៃ​ក្រោយ​មក​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដែល​នោះ​ឯង​គឺ​ជា​ការ​ប្រគល់​ព្រះ​ជន្ម​របស់​ទ្រង់​ជំនួស​មនុស្ស​មាន​បាប ដែល​នេះ​បង្ហាញ​អំពី​ការ​ដែល​ព្រះ​អង្គ​បម្រើ​ពួក​អ្នក​ឈឺ។

ព្រះ​យេស៊ូវ​កំពុង​តែ​ប្រកាស​ដំណឹង​ល្អ ពីព្រោះ​ក្នុង​ខ១៣​លោក ម៉ាកុស បាន​ប្រាប់​យើង​ថា​ព្រះ​អង្គ​កំពុង​តែ​បង្រៀន​ពួក​បណ្ដាជន​ទាំង​អស់​ដែល​បាន​មក​រក​ទ្រង់។ ដូច​នៅ​ក្នុង​ខ២​នៃ​ជំពូក២ «ព្រះ​អង្គ​ប្រកាស​ព្រះ​បន្ទូល​ឲ្យ​គេ​ស្ដាប់» គឺ​ជា​របៀប​មួយ​នៃ​ការ​សង្ខេប​របស់​លោក ម៉ាកុស អំពី​ការ​ដែល​ព្រះ​អង្គ​បង្រៀន​អំពី​ព្រះ​រាជ្យ​នគរ​របស់​ព្រះ​ជាម្ចាស់។ ត្រង់​នេះ យើង​ក៏​ដឹង​ថា គាត់​ក៏​កំពុង​ធ្វើ​ដូច្នោះ​ដែរ នៅ​ពេល​ដែល​គាត់​លើក​ឡើង​ថា «ព្រះ​អង្គ​បង្រៀន​ពួក​គេ»។

ដូច​គ្នា​ទៅ​នឹង​ការ​ត្រាស់​ហៅ​របស់​លោក ស៊ីម៉ូន, លោក អន‌ទ្រេ, លោក យ៉ាកុប និង​លោក យ៉ូហាន នោះ​ការ​ត្រាស់​ហៅ​របស់​លោក លេវី ក៏​បង្ហាញ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ និង​អំពី​ការ​ស្ដាប់​បង្គាប់​របស់​គាត់​ដែល​គ្មាន​លក្ខខណ្ឌ​ផង​ដែរ។ ត្រង់​នេះ ខ្ញុំ​គ្រាន់​តែ​ចង់​លើក​ឡើង​ថា​លោក ម៉ាកុស បាន​ប្រាប់​យើង​អំពី​ការ​ចាប់​ផ្ដើម​ដំណើរ​រឿង​នៃ​ភាព​ជា​សិស្ស​របស់​លោក លេវី ដោយ​គាត់​បាន «ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ​អង្គ»។ លោក ម៉ាកុស បាន​ប្រើ​ប្រាស់​ពាក្យ «ដើរ​តាម» ដូច​ដែល​គាត់​បាន​ប្រើ​ជា​មួយ​នឹង​ពួក​សិស្ស​មុនៗ ដើម្បី​សម្គាល់​អំពី​ការ​ចាប់​ផ្ដើម​ដំណើរ​ជីវិត​នៃ​ភាព​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ។

តើ​លោក លេវី ជា​នរណា?

ស្រដៀង​គ្នា​នឹង​ប្រទេស​ខ្មែរ​យើង​ដែរ នៅ​ប្រទេស​អ៊ីស្រាអែល​នៅ​ពេល​ដែល​គេ​ណែ​នាំ​អំពី​បុគ្គល​ណា​ម្នាក់​ថា “តើ​គាត់​ជា​នរណា?” គេ​តែង​តែ​លើក​ឡើង​អំពី​ឪពុក​ម្ដាយ​ខ្សែស្រឡាយ​របស់​គាត់ ឬ​ក៏​មុខ​របរ​ការ​ងារ​រក​ស៊ី​របស់​គាត់។ ហើយ​ត្រង់​នេះ​យើង​ឃើញ​ថា​លោក «លេវី ជា​កូន​អាល់‌ផាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ»។

ឃ្លា «អ្នក​យក​ពន្ធ ឬ​ក៏​អ្នក​ទារ​ពន្ធ និង​មនុស្ស​មាន​បាប» មាន​លើក​ឡើង​បី​ដង​នៅ​ក្នុង​៥​ខ​នេះ។ ឃ្លា «អ្នក​ទារ​ពន្ធ និង​មនុស្ស​មាន​បាប» តែង​តែ​ទៅ​ជា​មួយ​គ្នា​ក្នុង​ប្រយោគ​តែ​មួយ​នៅ​ពេល​ដែល​គេ​លើក​ឡើង​អំពី​អ្នក​យក​ពន្ធ។ គេ​រាប់​ពួក​គាត់​ថា ជា​មនុស្ស​មិន​ស្អាត ពីព្រោះ​ពួក​គាត់​ប្រឡូក​ប្រឡាក់​ជា​មួយ​នឹង​សាសន៍​ដទៃ​ដែល​គេ​រាប់​ថា​ជា​មនុស្ស​មាន​បាប។ ក្នុង​បរិបទ​នៃ​កណ្ឌ​គម្ពីរ​ផ្សេងៗ យើង​ដឹង​ហើយ​ថា​លោក លេវី ដែល​ជា​កូន​អាល់‌ផាយ គឺ​ជា​លោក ម៉ាថាយ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ម៉ាថាយ។ វា​ជា​រឿង​សាមញ្ញ​ទេ​ដែល​មនុស្ស​នៅ​សម័យ​នោះ​មាន​ឈ្មោះ​ពីរ​បី​ក្នុង​ពេល​តែ​មួយ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ វា​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​សម័យ​នេះ​នោះ​ទេ។

I. ព្រះ​អង្គ​ត្រាស់​ហៅ​មនុស្ស​មាន​បាប

នៅ​ក្នុង​ចុង​ខ១៤ យើង​ឃើញ​អំពី​ចំណុច​ស្នូល​ទី១​របស់​យើង​ត្រង់​ថា ព្រះ​យេស៊ូវ​បាន​ហៅ​ឲ្យ​លោក លេវី ឲ្យ​មក​ដើរ​តាម​ទ្រង់ ដែល​នេះ​បង្ហាញ​អំពី​ការ​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​មនុស្ស​មាន​បាប។ ដូច​ដែល​យើង​បាន​លើក​ឡើង​ហើយ​ថា ចំពោះ​សាសន៍​អ៊ីស្រាអែល «អ្នក​ទារ​ពន្ធ» គឺ​ជា​មនុស្ស​មាន​បាប ដូច្នេះ​ហើយ​បាន​ជា​ពាក្យ​ទាំង​ពីរ​នេះ​តែង​តែ​មាន​ក្នុង​ប្រយោគ​តែ​មួយ​នៅ​ពេល​ដែល​គេ​លើក​ឡើង​អំពី​អ្នក​ទារ​ពន្ធ ដូច​នៅ​ក្នុង​ខ១៥ និង​ខ១៦។

ប្រវត្តិ​វិទូ​ម្នាក់​បាន​លើក​ឡើង​ថា សាសន៍​អ៊ីស្រាអែល​បាន​រាប់​ពួក​អ្នក​ទារ​ពន្ធ​ថា «ជា​ពួក​ចោរ ពួក​លេង​ល្បែង ពួក​កេង​ប្រវ័ញ្ច​លុយ​កាក់ អ្នក​គង្វាល​ដែល​ពោរ​ពេញ​ដោយ​អំពើ​ហិង្សា អ្នក​មិន​រក្សា​ថ្ងៃ​ឈប់​សម្រាក ពួក​ប្រមឹក ស្រី ឬ​ប្រុស​ពេស្យា ពួក​បាត​សង្គម និង​ពួក​ឃាតករ។ល។ ហើយ​ប្រសិន​បើ​មាន​នរ​ណា​ម្នាក់​ប៉ះ​អ្នក​ទារ​ពន្ធ នោះ​ពួក​គេ​នឹង​លែង​ស្អាត»។ នេះ​មិន​មែន​មាន​ន័យ​ថា ពួក​គាត់​ប្រែ​រូប​រាង​ទៅ​ជា​មនុស្ស​មិន​ស្អាត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​តែ​សំដៅ​ត្រង់​ថា តាម​ក្រិត្យ​ក្រម​វិន័យ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ពួក​គេ​បាន​ក្លាយ​ជា​មនុស្ស​មាន​បាប​ដែរ។ មូល​ហេតុ​ចម្បង​មួយ​ដែល​សាសន៍​អ៊ីស្រាអែល​ស្អប់​ពួក​អ្នក​ទារ​ពន្ធ គឺ​ពីព្រោះ​អ្នក​ទារ​ពន្ធ (ចំពោះ​ពួក​គេ) គឺ​កំពុង​តែ​សហការ​គ្នា​រក​ស៊ី​ជា​មួយ​នឹង​សាសន៍ រ៉ូម ដែល​កំពុង​តែ​ដាក់​អាណានិគម​លើ​ពួក​គាត់។

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី មុខ​របរ​នៃ​អ្នក​ទារ​ពន្ធ​គឺ​ជា​ការ​ងារ​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចង់​បាន និង​ចង់​ធ្វើ ពីព្រោះ​ពួក​គេ​អាច​កិប​កេង​លុយ​កាក់​ជា​ច្រើន។ ពួក​គេ​គ្រាន់​តែ​ត្រូវ​បង់​ចំនួន​ប្រាក់​ដែល​សាសន៍ រ៉ូម ទារ ហើយ​អ្វី​លើស​ពី​នោះ​ពួក​គេ​អាច​ទុក​សម្រាប់​ខ្លួន​ឯង​បាន។

សរុប​សេចក្ដី​ទៅ មូល​ហេតុ​មួយ​ដែល​យើង​អាច​ដឹង​ថា​លោក លេវី ឬ​លោក ម៉ាថាយ ពិត​ជា​បាន​កែ​ប្រែ​ចិត្ត​គំនិត​របស់​គាត់​មែន ក្នុង​ការ​ដែល​គាត់​ក្រោក​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ​តាម​ព្រះ​យេស៊ូវ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​គាត់​ភ្លាមៗ​នោះ គឺ​ដោយ​សារ​គាត់​បាន​បោះ​បង់​មុខ​របរ​នៃ​ការ​ទារ​ពន្ធ​របស់​គាត់​ចោល។

ការ​ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​លោក លេវី ក៏​បង្ហាញ​អំពី​ការ​ដែល​ព្រះ​អង្គ​ប្រឆាំង​ទៅ​នឹង​ប្រពៃណី​នៅ​ជំនាន់​ទ្រង់​ផង​ដែរ។ តើ​ទ្រង់​ប្រឆាំង​យ៉ាង​ដូច​ម្ដេច? ប្រឆាំង​ត្រង់​ថា នៅ​សម័យ​នោះ​គ្មាន​គ្រូ​ណា​ដែល​ហៅ​អ្នក​ទារ​ពន្ធ​ឲ្យ​មក​ធ្វើ​ជា​សិស្ស​របស់​ខ្លួន​នោះ​ទេ ហើយ​ប្រសិន​បើ​មាន​អ្នក​ទារ​ពន្ធ​ណា​ម្នាក់​បាន​មក​ភ្ជាប់​ខ្លួន​ធ្វើ​ជា​សិស្ស​ជា​មួយ​នឹង​គ្រូ​ណា​ម្នាក់ នោះ​គ្រូ​នោះ​នឹង​ព្យាយាម​ធ្វើ​អស់​ពី​សមត្ថភាព​របស់​គាត់ ក្នុង​ការ​បណ្ដេញ​សិស្ស នឹង​មិន​ទទួល​ដែល​ជា​អ្នក​ទារ​ពន្ធ​នោះ​ចេញ។ ប៉ុន្តែ នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​ធ្វើ​នោះ​ទេ។ ព្រះ​អង្គ​បែរ​ជា​ត្រាស់​ហៅ​អ្នក​ទារ​ពន្ធ​ឲ្យ​មក​ដើរ​តាម​ទ្រង់​ទៅ​វិញ។

II. ព្រះ​អង្គ​មិន​ត្រាស់​ហៅ​មនុស្ស​សុចរិត

បន្ទាប់​ពី​ការ​ត្រាស់​ហៅ​លោក លេវី យើង​ក៏​ឃើញ​ការ​ឈាន​ចូល​ដំណើរ​រឿង​ទី២ ក្នុង​បរិបទ​ដែល​យើង​កំពុង​តែ​សិក្សា​ជា​មួយ​គ្នា។ ខ១៥​បាន​ប្រាប់​យើង​ថា ព្រះ​យេស៊ូវ​ក៏​បាន​ទៅ​ជប់​លៀង​នៅ​ឯ​ផ្ទះ​លោក លេវី។ យើង​ដឹង​ថា នេះ​មិន​មែន​ជា​ការ​ហូប​បាយ​ធម្មតា​នោះ​ទេ ពីព្រោះ​លោក ម៉ាកុស បាន​ប្រើ​ពាក្យ «គង់​នៅ​តុ និង​អង្គុយ​រួម​តុ»។ ពាក្យ «គង់​នៅ ឬ​ក៏​អង្គុយ​រួម​តុ» ត្រង់​នេះ​សំដៅ​ទៅ​លើ​ការ​ទម្រេត​ខ្លួន សណ្ដូក​ជើង គេង​លើ​កែង​ដៃ​ដោយ​មាន​ខ្នើយ​ផ្អែក ពេល​កំពុង​បរិភោគ​អាហារ ដែល​នោះ​គឺ​ជា​របៀប​នៃ​ការ​អង្គុយ​ពេល​បរិភោគ​នៅ​ឯ​ពិធី​ជប់​លៀង។ យើង​ក៏​ដឹង​ផង​ដែរ​ថា នេះ​គឺ​ជា​ពិធី​ជប់​លៀង ពីព្រោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ចូល​រួម មិន​មែន​គ្រាន់​តែ​ចាំ​បាច់​សម្គាល់​ទៅ​លើ​ពាក្យ «អង្គុយ​រួម​តុ» ក្នុង​ខ១៥​នោះ​ទេ។ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​រួម​តុ​ជា​មួយ​នឹង «ពួក​សិស្ស» «អ្នក​ទារ​ពន្ធ» «មនុស្ស​បាប» និង «មនុស្ស​ជា​ច្រើន» ទៀត។

មក​ដល់​ខ១៦ យើង​ឃើញ​អំពី​ប្រភេទ​នៃ​មនុស្ស​ទី២​គឺ «ពួក​អាចារ្យ​ខាង​ពួក​ផារិស៊ី»។ ពេល​ដែល​ពួក​អាចារ្យ​ឃើញ​ព្រះ​យេស៊ូវ​កំពុង​តែ​សោយ​ជា​មួយ​នឹង​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប នោះ​ពួក​គេ​ក៏​សួរ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​ថា «ហេតុ​អ្វី​បាន​ជា​លោក [សំដៅ​ទៅ​លើ​ព្រះ​យេស៊ូវ] បរិភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»។

ក្នុង​សំណួរ​នេះ យើង​ឃើញ​ថា «ពួក​អាចារ្យ​ខាង​ពួក​ផារិស៊ី» បាន​រាប់​ខ្លួន​ឯង​ថា​ជា​មនុស្ស​សុចរិត។ ពួក​អាចារ្យ​បាន​ញែក​ខ្លួន​ឯង​ចេញ​ពី​អ្នក​ទារ​ពន្ធ និង​មនុស្ស​មាន​បាប ហើយ​ដោយ​សារ​ពួក​គាត់​ហ៊ាន​សួរ​សំណួរ​បែប​នេះ នោះ​ពួក​គាត់​ក៏​កំពុង​តែ​ផ្ដល់​អត្ថន័យ​ថា ព្រះ​យេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះ​អង្គ ក៏​ដូច​ជា​អ្នក​ដែល​កំពុង​ចូល​រួម​ពិធី​ជប់​លៀង​ក៏​ជា​មនុស្ស​មាន​បាប​ផង​ដែរ។

សូម​កត់​សម្គាល់​ត្រង់​ថា ពួក​អាចារ្យ​ខាង​ឯ​ពួក​ផារិស៊ី​គឺ​ជា​អ្នក​ដាក់​ងារ​ឲ្យ​អ្នក​ចូល​រួម​កម្ម​វិធី​ថា​ជា​អ្នក​ទារ​ពន្ធ និង​មនុស្ស​មាន​បាប មិន​មែន​ព្រះ​យេស៊ូវ ឬ​ក៏​ពួក​សិស្ស​របស់​ទ្រង់ ឬ​ក៏​អ្នក​ដែល​កំពុង​តែ​ចូល​រួម​ផ្ទាល់​នោះ​ទេ។ នេះ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​កណ្ឌ​គម្ពីរ លូកា ១៨:៩-១៤ ដែល «អ្នក​ផារិស៊ី​ក៏​ឈរ​ឡើង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា “ឱ​ព្រះ​អង្គ​អើយ! ទូល​បង្គំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ព្រោះ​ទូល​បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​ផិត​ក្បត់ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​នេះ​ទេ”»។

ប៉ុន្តែ យើង​ក៏​ដឹង​ហើយ​ថា អ្នក​ទារ​ពន្ធ​បាន​អធិស្ឋាន​ដូច​ត​ទៅ៖ «ឱ​ព្រះ​អង្គ​អើយ! សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល​បង្គំ ដែល​ជា​មនុស្ស​បាប​ផង» គឺ​ជា​បុគ្គល​ដែល​ទទួល​បាន​សេចក្ដី​សុចរិត និង​ការ​អត់​ទោស​នៅ​ពេល​ដែល​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ (លូកា ១៨:១៣)។

ក្នុង​ខ១៧ ពេល​ដែល​ព្រះ​យេស៊ូវ​ឮ​សំណួរ​របស់​ពួក​គេ ព្រះ​អង្គ​ឆ្លើយ​ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ពួក​អ្នក​ដែល​មាន​សុខភាព​ល្អ គេ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប [ឲ្យ​ប្រែ​ចិត្ត] វិញ»។

ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​បាន​មក​ហៅ​ពួក​មនុស្ស​មាន​បាប​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ទទួល​យក​ពួក​គេ ព្រម​ទាំង​ទទួល​ស្គាល់​ពួក​គេ ហើយ​បាន​រាប់​អាន​ពួក​គេ​ជា​មិត្តភក្ដិ។ ហើយ​ការ​ដែល​ព្រះ​អង្គ​បាន​មក​ចូល​រួម​តុ​ជា​មួយ​នឹង​ពួក​គេ​ក្នុង​ពិធី​ជប់​លៀង​ក៏​កាន់​តែ​បង្ហាញ​ថែម​ទៀត​អំពី​ព្រះ​គុណ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួក​គេ។

ពួក​អាចារ្យ​ខាង​ផារិស៊ី​ដែល​កំពុង​តែ​ទាស់​ប្រឆាំង​នឹង​ព្រះ​យេស៊ូវ កំពុង​តែ​រាប់​ខ្លួន​ឯង​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ពួក​គាត់ «…មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​បាប ឬ​អង្គុយ​ជា​មួយ​ពួក​អ្នក​មើល​ងាយ» (ទំនុកតម្កើង ១:១)។ ពួក​គេ​បាន​បក​ស្រាយ​កណ្ឌ​គម្ពីរ​មួយ​នេះ​ថា មិន​គួរ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​បែប​នេះ​នោះ​ឡើយ។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា ព្រះ​គុណ និង​ដំណឹង​ល្អ​នឹង​មិន​រើស​អើង​ឡើយ។

ចំណុច​ចាប់​ផ្ដើម​នៃ​ដំណឹង​ល្អ​គឺ​មិន​មែន​គ្រាន់​តែ​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​សុគត ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ​ទេ។ ទេ! ចំណុច​ផ្ដើម​នៃ​ដំណឹង​ល្អ​គឺ​កើត​ឡើង​តាំង​ពី​មុន​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត ពេល​ដែល​ព្រះ​អង្គ​បង្កើត​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​មាន​បាប ដូច​ដែល​យើង​ឃើញ​នៅ​ក្នុង​ដំណើរ​រឿង​មួយ​នេះ។

រ៉ូម ៣:២៥-២៦ បាន​ចែង​ថា៖ «ព្រះ​បាន​ប្រគល់​ព្រះ​អង្គ​ជា​យញ្ញ​បូជា​ប្រោស​លោះ ដោយ​សារ​ព្រះ​លោហិត​ព្រះ​អង្គ តាម​រយៈ​ជំនឿ។ ព្រះ​អង្គ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ ហើយ​ចំពោះ​ការ​ដែល​ព្រះ​អង្គ​បាន​ទត​រំលង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​មុន ព្រោះ​ព្រះ​អង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់…ព្រះ​អង្គ​រាប់​អ្នក​ដែល​មាន​ជំនឿ​ដល់​ព្រះ​យេស៊ូវ ជា​សុចរិត​ផង​ដែរ។»

សូម​កត់​សម្គាល់​លើ​ចំណុច​ដែល​ថា ព្រះ​យេស៊ូវ​មាន​អំណាច​ក្នុង​ការ​អត់​ទោស​អំពើ​បាប មិន​មែន​កត់​សម្គាល់​ទៅ​លើ​ការ​បំផ្លាស់​បំប្រែ​របស់​មនុស្ស​មាន​បាប​ឡើយ ទោះ​បើ​ថា​នោះ​ជា​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ចង់​ឃើញ​ក៏​ដោយ ក៏​ប៉ុន្តែ​ត្រង់​នេះ​អ្វី​ដែល​លោក ម៉ាកុស កំពុង​តែ​បង្ហាញ​យើង​គឺ​ឲ្យ​យើង​ឃើញ​ថា ដំណឹង​ល្អ​នឹង​អត់​ទោស​អំពើ​បាប ដំណឹង​ល្អ​គឺ​សម្រាប់​មនុស្ស​មាន​បាន ដែល​នេះ​មាន​ន័យ​ថា គឺ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ នេះ​ឯង​គឺ​ជា​ចំណុច​ពិសេស​នៃ​ដំណឹង​ល្អ​ត្រង់​ថា ព្រះ​អង្គ​នឹង​អត់​ទោស​នូវ​រាល់​កំហុស​របស់​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា ខ្លួន​ខុស ហើយ​សូម​ឲ្យ​ព្រះ​អង្គ​អត់​ទាស់​ដល់​ពួក​គេ។

ការ​អនុវត្ត

តើ​សព្វ​ថ្ងៃ​នេះ​លោក​អ្នក​កំពុង​តែ​រាប់​ខ្លួន​ឯង​ថា​ជា​មនុស្ស​សុចរិត ឬ​ក៏​មនុស្ស​ទុច្ចរិត​ដែល​ត្រូវ​ការ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ? ប្រសិន​បើ​លោក​អ្នក​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ហើយ នោះ​មាន​ន័យ​ថា លោក​អ្នក​ជា​មនុស្ស​សុចរិត តែ​ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​នៅ​ឡើយ​ទេ នោះ​មាន​ន័យ​ថា បង​ប្អូន​ជា​មនុស្ស​ទុច្ចរិត។

ចំពោះ​បង​ប្អូន​ដែល​មិន​ទាន់​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ នោះ​មាន​ន័យ​ថា បង​ប្អូន​នៅ​ជា​មនុស្ស​ទុច្ចរិត​នៅ​ឡើយ ហើយ​បង​ប្អូន​ត្រូវ​ការ​ដំណឹង​ល្អ។

សូម​បើក​ចិត្ត​ទទួល​ជឿ​ព្រះ​អង្គ «ព្រោះ បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់» (រ៉ូម ១០:៩-១០)។

ចំពោះ​លោក​អ្នក​ដែល​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ដែល​បាន​ទទួល​សេចក្ដី​សុចរិត​របស់​ព្រះ​អង្គ​ហើយ តើ​សព្វ​ថ្ងៃ​នេះ​លោក​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​ទុច្ចរិត មនុស្ស​មាន​បាប មនុស្ស​ដែល​គេ​មិន​ចង់​រាប់​អាន ឬ​ក៏​ស្អប់​ខ្ពើម។ល។ដែរ​ឬ​ទេ?

សូម​កត់​សម្គាល់​អំពី​ជីវិត​បំផ្លាស់​បំប្រែ​របស់​លោក លេវី ត្រង់​ថា៖ បន្ទាប់​ពី​គាត់​ទទួល​បាន​ការ​ត្រាស់​ហៅ​ឲ្យ​ដើរ​តាម​ព្រះ​យេស៊ូវ គាត់​ក៏​បាន​ចេញ​ទៅ​ហៅ​អ្នក​ផ្សេង​ទៀត​ឲ្យ​មក​ដើរ​តាម​ព្រះ​អង្គ​ដែរ។ នេះ​ឯង​គឺ​ជា​មូល​ហេតុ​ដែល​គាត់​បាន​រៀប​ចំ​ពិធី​ជប់​លៀង​យ៉ាង​ធំ​ជា​មួយ​នឹង​អ្នក​ទារ​ពន្ធ មនុស្ស​មាន​បាប និង​មនុស្ស​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​ពួក​គេ​អាច​ជួប​ព្រះ​យេស៊ូវ ហើយ​ទទួល​ឮ​ការ​ស្ដាប់​ដំណឹង​ល្អ​នៃ​ព្រះ​រាជ្យ​នគរ​របស់​ព្រះ​ជាម្ចាស់​ដែរ។

ចូរ​យើង​ចេញ​ទៅ ហើយ​ប្រកាស​ដំណឹង​ល្អ ហើយ​ប្រសិន​បើ​ចាំ​បាច់ សូម​ប្រើ​ប្រាស់​មាត់​របស់​យើង ដើម្បី​ប្រកាស ដែល​នេះ​ខ្ញុំ​ចង់​មាន​ន័យ​ថា ឲ្យ​យើង​រស់​នៅ​ដោយ​បង្ហាញ​ពី​ដំណឹង​ល្អ​ជានិច្ច។ ប្រកាស​មក​កាន់​ខ្លួន​ឯង​ជា​មុន ហើយ​បន្ទាប់​មក​ប្រកាស​ទៅ​អ្នក​ដទៃ។

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង​លោក​ស្រី បូល រដ្ឋា
ឯកសារ​យោង៖
Bratcher, R. G., & Nida, E. A. (ឆ្នាំ១៩៩៣). “A Handbook on the Gospel of Mark”. New York: United Bible Societies
Edwards, J. R. (ឆ្នាំ២០០២). “The Gospel according to Mark”. Grand Rapids, MI; Leicester, England: Eerdmans; Apollos
Swete, H. B. (Ed.). (ឆ្នាំ១៨៩៨). “The Gospel According to St. Mark”. The Greek text with introduction, notes and indices. London; New York: MacMillan and co.; The MacMillan Company
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press
Hurtado, L. W. (ឆ្នាំ២០១១). “Mark”. Grand Rapids, MI: Baker Books
Guelich, R. A. (ឆ្នាំ១៩៨៩). “Mark 1-8:26” (Vol. 34A). Dallas: Word, Incorporated
MacArthur, John. (ឆ្នាំ២០១៥). “Mark 1-8” (Vol. 01) Illinois: Moody Publisher
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press
Geddert, T. J. (ឆ្នាំ២០០១). “Mark”. Scottdale, PA: Herald Press

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់

គោលជំនឿណាដែលបំផ្លាញព្រលឹង