in ,

ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា

ម៉ាកុស ៣:១-៦៖ «១ ព្រះ​អង្គ​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ម្តង​ទៀត ហើយ​នៅ​ទី​នោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។ ២ ពួក​គេ​តាម​មើល​ព្រះ​អង្គ ក្រែង​លោ​ព្រះ​អង្គ​ប្រោស​គាត់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះ​អង្គ។ ៣ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ “ចូរ​ក្រោក​ឡើង ហើយ​ចេញ​មក​ខាង​មុខ!” ៤ បន្ទាប់​មក ព្រះ​អង្គ​សួរ​គេ​ថា៖ “នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់? ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សម្លាប់?” ប៉ុន្តែ គេ​នៅ​ស្ងៀម។ ៥ ព្រះ​អង្គ​ងាក​ទត​ទៅ​គេ​ទាំង​ក្រោធ ហើយ​មាន​ព្រះ​ហឫទ័យ​ព្រួយ​នឹង​ចិត្ត​រឹងរូស​របស់​គេ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​នោះ​ថា៖ “ចូរ​លាត​ដៃ​របស់​អ្នក​ទៅ!” បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម។ ៦ ពួក​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម ហើយ​ពិគ្រោះ​ជា​មួយ​ពួក​ហេរ៉ូឌ​ទាស់​នឹង​ព្រះ​អង្គ ដើម្បី​រក​វិធី​បំផ្លាញ​ព្រះ​អង្គ» (ម៉ាថាយ ១២ៈ៩-១៤ លូកា ៦.៦-១១)។

សំណួរ​ដែល​ព្រះ​យេស៊ូវ​បាន​ឆ្លើយ​គឺ​ថា «នៅ​ថ្ងៃ​សប្ប័ទ “តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់? ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សម្លាប់?”»។

ប្រធាន​បទ​ស្នូល៖ ដំណើរ​រឿង​មួយ​នេះ​ប្រកាស​ប្រាប់​យើង​ថា ព័ន្ធកិច្ច​ដំណឹង​ល្អ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់​មិន​មាន​ព្រំដែន សូម្បី​តែ​លើ​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​សប្ប័ទ។

ទាក់​ទង​នឹង​ទី​កន្លែង និង​ពេលវេលា​លោក ម៉ាកុស បាន​សរសេរ​នៅ​ក្នុង​ខ១​ថា «ព្រះ​អង្គ​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ម្តង​ទៀត» ដែល​នេះ​មាន​ន័យ​ថា​ទី​កន្លែង​គឺ «ក្នុង​សាលា​ប្រជុំ» ហើយ​ពេលវេលា​គឺ​ថ្ងៃ​ឈប់​សម្រាក ឬ​ក៏​ថ្ងៃ​សប្ប័ទ​នៅ​ជំនាន់​នោះ​ដែល​ត្រូវ​នឹង​ថ្ងៃ​សៅរ៍​បច្ចុប្បន្ន​នេះ។ ឃ្លា «ម្តង​ទៀត» បញ្ជាក់​ប្រាប់​យើង​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​ព្រះ​យេស៊ូវ​យាង​ចូល​សាលា​ប្រជុំ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ទម្លាប់​របស់​ទ្រង់។ លើក​ដំបូង​គឺ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ១:២១ នៅ​ពេល​ដែល​ព្រះ​អង្គ​ព្យាបាល​បុរស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល ហើយ​ការ​នោះ​ក៏​បាន​កើត​ឡើង​នៅ​ថ្ងៃ​សប្ប័ទ​ដែរ។ ហើយ​ការ​ព្យាបាល​ដែល​យើង​កំពុង​តែ​សិក្សា​ជា​មួយ​គ្នា​ក្នុង​បរិបទ​ថ្ងៃ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ថ្ងៃ​សប្ប័ទ​ផង​ដែរ។ អំឡុង​ពេល​នៃ​ថ្ងៃ​សប្ប័ទ​គឺ​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ថ្ងៃ​លិច​នៅ​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​លិច​វិញ​នៅ​ថ្ងៃ​សៅរ៍។

ប៉ុន្តែ នេះ​ក៏​មិន​មែន​ជា​លើក​ដំបូង​ដែល​ពួក​ផារិស៊ី និង​អ្នក​ដឹក​នាំ​សាសនា​យូដា​បាន​មក​ជំទាស់​ជា​មួយ​នឹង​ព្រះ​យេស៊ូវ ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​នៃ​ថ្ងៃ​សប្ប័ទ​ផង​ដែរ។ លើក​ដំបូង​គឺ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ១:២១ ហើយ​បន្ទាប់​មក​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ២:២៣-២៨ ដែល​ព្រះ​យេស៊ូវ​បាន​ប្រកាស​ថា «ព្រះ​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​សម្រាប់​មនុស្ស មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ។ ដូច្នេះ កូន​មនុស្ស​នេះ​ហើយ​ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ» (២៧-២៨)។

យើង​ដឹង​ហើយ​ថា​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២:១-៣ គឺ​ជា​ពេល​ដំបូង​ដែល​ព្រះ​ជាម្ចាស់​បង្គាប់​ឲ្យ​មាន​ថ្ងៃ​សប្ប័ទ ហើយ​ក៏​បាន​បញ្ជា​ឲ្យ​រក្សា​ទុក​ថ្ងៃ​សម្រាក​នោះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ១៦:២៦, ២៩; ២០:៨-១១ និង​ចោទិយកថា ៥។

ពួក​ផារិស៊ី​បាន​បង្កើត​ច្បាប់​ជា​ច្រើន​បន្ថែម​ទៀត​ក្នុង​ការ​បក​ស្រាយ​ការ​រក្សា​ទុក​ថ្ងៃ​សម្រាក។ មាន​សៀវភៅ​មួយ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស Talmud ដែល​ក្នុង​សៀវភៅ​នោះ​មាន​២៤​ជំពូក ទាក់​ទង​ទៅ​នឹង​ការ​កាត់​ស្រាយ​ថ្ងៃ​សប្ប័ទ។ មាន​គ្រូ​ម្នាក់​បាន​លើក​ឡើង​ថា គាត់​បាន​ចំណាយ​ពេល​អស់​រយៈ​ពីរ​ឆ្នាំ​កន្លះ​ក្នុង​ការ​សិក្សា​តែ​មួយ​ជំពូក ដើម្បី​ឲ្យ​យល់​ឲ្យ​បាន​ល្អិត​ល្អន់។ ឧទាហរណ៍៖ បុគ្គល​ម្នាក់​អាច​ធ្វើ​ដំណើរ​បាន​ត្រឹម​តែ ១៨២៨ ម៉ែត្រ ឬ​ក៏​ស្មើ​ទៅ​នឹង ២៣៩៩ ជំហាន។ នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៥ យើង​ឃើញ​ថា ពួក​ផារិស៊ី​បាន​ថែម​ច្បាប់​មិន​ឲ្យ​បុគ្គល​ដែល​បាន​ឈឺ​អស់​រយៈ​ពេល ២៨ ឆ្នាំ ដើរ​ដោយ​កាន់​កន្ទេល​របស់​គាត់​ថែម​ទៀត​ផង។

មាន​ច្បាប់​ដូច​ជា​ថា ប្រសិន​បើ​គាត់​យក​ផ្លែ​អូ​លីវ​មក​ញាំ​ដាក់​នៅ​ក្នុង​មាត់​ទាំង​មូល​ហើយ​ខ្ជាក់​ចេញ​វិញ​ដោយ​សារ​វា​ល្វីង នោះ​គាត់​មិន​អាច​ដាក់​ទៅ​ក្នុង​មាត់​វិញ​បាន​ទេ ពីព្រោះ​វា​បង្ហាញ​ថា អណ្ដាត​របស់​យើង​បាន​ធ្វើ​ការ​រួច​ស្រេច​ទៅ​ហើយ។ ហើយ​ប្រសិន​បើ​បោះ​របស់​អ្វីមួយ​ទៅ​ខាង​លើ នោះ​មិន​អាច​ចាប់ដៃ​ផ្សេង​បាន​ទេ ព្រោះ​ជា​អំពើ​បាប ឬ​ក៏​ការ​ដែល​ងូត​ទឹក​ក៏​មិន​អាច​ងូត​បាន​ដែរ​ព្រោះ ទឹក​ដែល​ហូរ​អាច​នឹង​សម្អាត​ក្ដារ ឬ​ក៏​ថ្ម ឬ​ក៏​ដី​ដែល​យើង​កំពុង​ឈរ​លើ។ ក៏​ដូច​ជា​ជាង​ដេរ​មិន​អាច​កាន់​ម្ជុល​ដេរ​បាន សិស្ស​មិន​អាច​កាន់​ប៊ិច គ្រូ​មិន​អាច​កាន់​សៀវភៅ​បាន ហើយ​មាន​ច្បាប់​ច្រើន​ទាក់​ទង​ទៅ​នឹង ស្រា ទឹក​ឃ្មុំ ទឹក​ដោះ​គោ ឬ​ក៏​ទាក់​ទង​ទៅ​នឹង​សូម្បី​តែ​ការ​ស្ដោះ​ទឹក​មាត់ ក៏​ពួក​គាត់​មាន​បន្ថែម​ច្បាប់​ថា​ថ្ងៃ​សប្ប័ទ គួរ​ធ្វើ​អ្វី ហើយ​មិន​គួរ​ធ្វើ​អ្វី​បាន​ដែរ ឬ​ទាក់​ទង​នឹង​ការ​និពន្ធ​សៀវភៅ ឬ​ក៏​ការ​បោក​ខោអាវ។ល។

តាម​រយៈ​ការ​មាន​ព័ត៌មាន​នេះ នោះ​យើង​អាច​យល់​អំពី​មូល​ហេតុ​ដែល​ពួក​ផារិស៊ី​កំពុង​តែ​ដាក់ «បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង» ដើម្បី​ល្បង​ល​មើល​ថា “តើ​ព្រះ​អង្គ​នឹង​ធ្វើ​ដូច​ម្ដេច?”។ យើង​ដឹង​ថា ពួក​គេ​កំពុង​តែ​ល្បង​ល ឬ​ក៏​ព្យាយាម​បង្ក​រឿង ឬ​ក៏​រក​រឿង​ព្រះ​យេស៊ូវ ពីព្រោះ​នៅ​ក្នុង​ខ២​បាន​ប្រាប់​យើង​ថា «ពួក​គេ​តាម​មើល​ព្រះ​អង្គ»។ ពាក្យ «តាម​មើល» ត្រង់​នេះ​ក្នុង​អត្ថ​ន័យ​ដើម​គឺ​កំពុង​តែ​ផ្ដោត​ទៅ​លើ​ការ​ព្យាយាម​រក​រឿង ដោយ​ដាក់​បញ្ហា​នៅ​ពី​មុខ ឬ​ក៏​បង្កើត​ជា​ស្ថានភាព​នៃ​កាលៈទេសៈ​ណា​មួយ ដើម្បី​អាច​បង្ក​ចេញ​ជា​រឿងរ៉ាវ​បាន។

យើង​កាន់​តែ​ដឹង​ថា ពួក​គេ​កំពុង​តែ​ព្យាយាម​រក​រឿង​ព្រះ​យេស៊ូវ ពីព្រោះ​ចុង​ខ២​បាន​បញ្ចប់​ដូច​នេះ «ក្រែង​លោ​ព្រះ​អង្គ​ប្រោស​គាត់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះ​អង្គ»។ ពួក​គេ​កំពុង​តែ​តាម​មើល​ព្រះ​យេស៊ូវ «ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះ​អង្គ»។ នេះ​ពិត​ជា​គួរ​ឲ្យ​សោកស្តាយ​ណាស់ ពីព្រោះ​ពួក​គេ​បាន​យក «បុរស​ស្វិត​ដៃ​នោះ» (ខ៣) មក​ធ្វើ​ជា​នុយ។ បើ​យើង​គិត​ទៅ ពួក​គេ​គួរ​តែ​ចង់​ឃើញ​ព្រះ​យេស៊ូវ​ព្យាបាល​បុរស​ម្នាក់​នេះ ដើម្បី​ឲ្យ​គាត់​អាច​បន្ត​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ជីវ៉ា​បន្ត​ទៀត និង​គ្រួសារ​របស់​គាត់ ប៉ុន្តែ​ពួក​គេ​បែរ​ជា​យក​ឱកាស​នេះ ដើម្បី​ចង់​ចោទ​ប្រកាន់​ព្រះ​យេស៊ូវ​ទៅ​វិញ។ យើង​មិន​ដឹង​ពិត​ប្រាកដ ប៉ុន្តែ​ប្រវត្តិ​វិទូ​មួយ​ចំនួន​បាន​សន្មត​ថា បុរស​ម្នាក់​នេះ​ទំនង​ជា​មេ​ជាង​សំណង់​ថ្ម នៅ​សម័យ​នោះ ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​ដៃ ដែល​ស្វិត​របស់​គាត់ ដែល​ជា​ដៃ​ស្ដាំ ដើម្បី​រក​ស៊ី។

ដោយ​សារ​ព្រះ​អង្គ​ជ្រាប​ថា ពួក​គេ​កំពុង​តែ​ចង់​រក​រឿង​ព្រះ​អង្គ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចេញ​មក​ខាង​មុខ!»។ ក្នុង​ភាសា​ដើម ឃ្លា​នេះ​សំដៅ​ទៅ​លើ​ការ​ដែល​ព្រះ​អង្គ​បង្គាប់​ឲ្យ​បុរស​ម្នាក់​នោះ​មក​ឈរ​នៅ «កណ្ដាល​ទី​កន្លែង​ប្រជុំ» មូល​ហេតុ​គឺ​ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​អាច​ឃើញ​អ្វី​ដែល​ទ្រង់​កំពុង​តែ​ត្រៀម​នឹង​ធ្វើ។ ហើយ​អ្វី​ដែល​ព្រះ​អង្គ​កំពុង​រៀប​នឹង​ធ្វើ​គឺ ដើម្បី​ប្រកាស​ប្រាប់​យើង​ថា ព័ន្ធកិច្ច​ដំណឹង​ល្អ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់​មិន​មាន​ព្រំដែន សូម្បី​តែ​លើ​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​សប្ប័ទ។ មិន​មាន​ព្រំដែន​យ៉ាង​ដូច​ម្ដេច? មិន​មាន​ព្រំដែន​ត្រង់​ថា​ព័ន្ធកិច្ច​របស់​ទ្រង់​គឺ ដើម្បី​ប្រកាស​អំពី «ពេលវេលា​បាន​សម្រេច​ហើយ ឯ​ព្រះរាជ្យ​របស់​ព្រះ​ក៏​មក​ជិត​បង្កើយ ដូច្នេះ​ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ» (ម៉ាកុស ១:១៤-១៥)។

ចាប់​តាំង​ពី​ដើម​ព័ន្ធកិច្ច​របស់​ទ្រង់​គឺ ដើម្បី​ប្រកាស​អំពី​សេចក្ដី​សង្គ្រោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ខ៤​ព្រះ​អង្គ​មាន​បន្ទូល​ដូច​ត​ទៅ៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់? ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សម្លាប់?»។ ដែល​ត្រង់​នេះ​ព្រះ​អង្គ​ចង់​មាន​ន័យ​ថា ប្រសិន​បើ​ព្រះ​អង្គ​ចង់​រក្សា​ថ្ងៃ​សប្ប័ទ នោះ​ទ្រង់​ត្រូវ​តែ «ធ្វើ​អាក្រក់ ឬ​ក៏​សម្លាប់» ដែល​នេះ​បង្ហាញ​ថា ច្បាប់​របស់​ពួក​ផារិស៊ី​គ្មាន​សេចក្ដី​មេត្តាករុណា​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​ព្រះ​អង្គ​មិន​ចង់​រក្សា​ថ្ងៃ​សប្ប័ទ នោះ​ទ្រង់​ត្រូវ​តែ «សង្គ្រោះ​ជីវិត» ដោយ​ព្យាបាល​បុរស​ស្វិត​ដៃ​ម្ខាង​ម្នាក់​នេះ។

«ប៉ុន្តែ» ចម្លើយ​របស់​ពួក​គេ​គឺ​ថា «គេ​នៅ​ស្ងៀម»។ ការ​នៅ​ស្ងៀម​មួយ​នេះ​មិន​មែន​មាន​ន័យ​ថា ពួក​គេ​មិន​ដឹង​ចម្លើយ​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា ពួក​គេ​មាន​ចិត្ត​រឹង​រូស។ ពួក​គេ​ដឹង​អំពី​ចំណុច​ត្រឹម​ត្រូវ​ដែល​ខ្លួន​គួរ​ធ្វើ ប៉ុន្តែ​ពួក​គេ​បែរ​ជា​ធ្វើ​មិន​ដឹង​ដោយ​នៅ​ស្ងៀម។

បង​ប្អូន! យើង​ដឹង​ថា ពួក​គេ​មាន​ចិត្ត​រឹង​រូស ពីព្រោះ​នៅ​ក្នុង​ដើម​ខ៥ និង​ខ៦​មាន​ចែង​ដូច​ត​ទៅ៖ «ព្រះ​អង្គ​ងាក​ទត​ទៅ​គេ​ទាំង​ក្រោធ ហើយ​មាន​ព្រះ​ហឫទ័យ​ព្រួយ​នឹង​ចិត្ត​រឹងរូស​របស់​គេ…ពួក​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម ហើយ​ពិគ្រោះ​ជា​មួយ​ពួក​ហេរ៉ូឌ​ទាស់​នឹង​ព្រះ​អង្គ ដើម្បី​រក​វិធី​បំផ្លាញ​ព្រះ​អង្គ»។

ជាដំបូង ព្រះ​យេស៊ូវ​បាន​លើក​ឡើង​អំពី​ចិត្ត​រឹង​រូស​របស់​ពួក​គេ ហើយ​បន្ទាប់​មក​យើង​ក៏​ឃើញ​អំពី​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ត្រង់​ថា ពួក​គេ​រក​វិធី​សាស្ត្រ​ដើម្បី «បំផ្លាញ​ព្រះ​អង្គ» ចោល។

ខ្ញុំ​ចង់​ចាក​ប្រធាន​បទ​បន្តិច​ដោយ​លើក​ឡើង​ថា ការ​ខឹង ឬ​ក៏​ការ «ក្រោធ» មាន​ពីរ​ប្រភេទ៖ ១) ការ​ខឹង​ដោយ​បរិសុទ្ធ​ឬ​ក៏​សុចរិត និង២) ការ​ខឹង​ដោយ​មិន​បរិសុទ្ធ​ឬ​ក៏​មិន​សុចរិត។ នៅ​ក្នុង​បរិបទ​នេះ យើង​ដឹង​ថា ព្រះ​យេស៊ូវ​មាន​សេចក្ដី​ក្រោធ​ដោយ​បរិសុទ្ធ ពីព្រោះ​ព្រះ​អង្គ​មិន​អាត្មានិយម​ដូច​ពួក​ផារិស៊ី​ដែល​គ្មាន​សេចក្ដី​មេត្តាករុណា ហើយ​ប្រើ​ប្រាស់​បុរស​ម្នាក់​នេះ​ធ្វើ​ជា​នុយ ដើម្បី​រក​កំហុស​ចោទ​ប្រកាន់​ព្រះ​យេស៊ូវ​នោះ​ទេ។

សេចក្ដី​ក្រោធ​បែប​នេះ​ក៏​បាន​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​អង្គ​សម្អាត​ព្រះ​វិហារ ដោយ​បណ្ដេញ​អ្នក​លក់​ដូរ​ចេញ នឹង​ផ្កាប់​តុ​អ្នក​ដូរ​លុយ (ម៉ាថាយ ២១:១២-១៣)។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​យើង​ដឹង​ថា កំហឹង​របស់​លោក ម៉ូសេ សុចរិត ឬ​ក៏​បរិសុទ្ធ​នៅ​ពេល​ដែល​គាត់​បំបែក​ផ្ទាំង​ថ្ម​ក្រឹត្យ​វិន័យ ដែល​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​សាសន៍​អ៊ីស្រាអែល បន្ទាប់​ពី​គាត់​បាន​ចុះ​ពី​លើ​ភ្នំ​ស៊ីណាយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ៣១-៣២ ពីព្រោះ​គាត់​ខឹង​សាសន៍​អ៊ីស្រាអែល​ត្រង់​ថា ពួក​គេ​បាន​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែង​ក្លាយ។

ដូច​គ្នា​ផង​ដែរ ព្រះ​យេស៊ូវ​មាន​សេចក្ដី​ក្រោធ​ត្រង់​នេះ​ចំពោះ​ពួក​ផារិស៊ី ពីព្រោះ​ពួក​គេ​មិន​ចង់​ឃើញ​ព្រះ​អង្គ​ព្យាបាល​បុរស​ដែល​មាន​ដៃ​ស្វិត​ម្ខាង​នេះ ដោយ​សារ​ពួក​គេ​ចង់​រក្សា​ច្បាប់​នៃ​ថ្ងៃ​សម្រាក​ជា​ជាង​សង្គ្រោះ​ជីវិត។ ផ្ទុយ​ពី​ពួក​ផារិស៊ី យើង​ឃើញ​ថា ព័ន្ធកិច្ច​ដំណឹង​ល្អ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់​មិន​មាន​ព្រំដែន សូម្បី​តែ​លើ​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​សប្ប័ទ​ត្រង់​ថា នៅ​ក្នុង​ចុង​ខ៥ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ទៅ​បុរស​នោះ​ថា៖ «“ចូរ​លាត​ដៃ​របស់​អ្នក​ទៅ!” បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម»។

វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ព្រះ​យេស៊ូវ​មិន​បាន​រក្សា​ថ្ងៃ​សប្ប័ទ ដោយ​ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​សង្គ្រោះ​ជីវិត​ដោយ​ត្រង់​នេះ​យើង​ឃើញ​ថា ព្រះ​អង្គ​បាន​ព្យាបាល​បុរស​ដែល​មាន​ដៃ​ស្វិត​ម្ខាង​នោះ​ឲ្យ «បាន​ជា​ដូច​ដើម»។ ទង្វើ​នៃ​ការ​ព្យាបាល​មួយ​នេះ​របស់​ព្រះ​យេស៊ូវ​បាន​ញែក​ទ្រង់​ចេញ​ពី​ពួក​ផារិស៊ី។ ជម្លោះ​ទី៦​នេះ​គឺ​កំពុង​តែ​ផ្ដោត​ទៅ​លើ​សេចក្ដី​ប្រកាស​ដំណឹង​ល្អ​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​អង្គ មិន​មែន​លើ​ការ​កាត់​ស្រាយ​ខុសៗ​គ្នា​ទាក់​ទង​ទៅ​នឹង​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​សប្ប័ទ​ត្រង់​ថា យើង​គួរ​ធ្វើ ឬ​ក៏​មិន​ធ្វើ​អ្វី​នោះ​ទេ។

ហើយ​ការ​នៅ​ស្ងៀម​របស់​ពួក​ផារិស៊ី និង​ការ​ឆ្លើយ​តប​របស់​ពួក​គេ​បាន​បង្ហាញ​ថា ពួក​គេ​ក៏​បាន​បដិសេធ​សេចក្ដី​ប្រកាស​ដំណឹង​ល្អ​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​រួច​ស្រេច​ទៅ​ហើយ។ តាម​ពិត​ទៅ តាម​រយៈ​ការ​បញ្ចប់​ជម្លោះ​មួយ​នេះ​គឺ​លោក ម៉ាកុស កំពុង​តែ​ផ្ដល់​ជា​តម្រុយ​ដល់​យើង​ថា នៅ​ចុង​បញ្ចប់​ព្រះ​យេស៊ូវ​នឹង​ត្រូវ​បាន​ពួក​គេ​បដិសេធ ហើយ​សម្លាប់​ចោល​ដូច​ដែល​មាន​ចែង​អំពី​ព្រះ​មេស្ស៊ី​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ព្រះ​អង្គ​បាន​យាង​មក ដើម្បី​នឹង​បំពេញ​ទំនាយ​ទាំង​នោះ។

សរុប​សេចក្ដី​ទៅ បង​ប្អូន! ព័ន្ធកិច្ច​ដំណឹង​ល្អ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់​មិន​មាន​ព្រំដែន​ទេ សូម្បី​តែ​លើ​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​សប្ប័ទ​ក៏​គ្មាន​ដែរ។

ដូច្នេះ តើ​យើង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ហើយ​ឬ​នៅ? មិន​ថា​យើង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​មាន​អំណាច​ក្នុង​ការ​សង្គ្រោះ​យើង​បាន​ផង​ដែរ។ ដូច​ដែល​យើង​បាន​ឃើញ​ហើយ​ថា ព្រះ​អង្គ​បាន​ត្រាស់​ហៅ ហើយ​សង្គ្រោះ​លោក លេវី ហើយ​បន្ទាប់​មក​បាន​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​នៅ​ឯ​ផ្ទះ​របស់​គាត់ ដែល​ក្នុង​ភ្នែក​ប្រពៃណី​គឺ​កំពុង​តែ​បញ្ជាក់​ថា ទ្រង់​កំពុង​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​បាត​សង្គម ដែល​សង្គម​មិន​ឲ្យ​តម្លៃ។

ព្រះ​អង្គ​ជា «កូន​មនុស្ស» ដែល «ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ» (២:២៨) ហើយ​ក្នុង​ទ្រង់​យើង​ក៏​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នេះ​ផង​ដែរ។ ដូច្នេះ សូម​បើក​មាត់​ដោយ «ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់» (រ៉ូម ១០:៩-១០)។

គំនិត​គោល​មក​ពី៖ លោក​គ្រូ Guelich, R. A. (ឆ្នាំ ១៩៨៩). ម៉ាកុស ១-៨:២៦ (Vol. 34A, ទំព័រ​ទី១៤០). Dallas: Word, Incorporated។

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង​លោក​ស្រី បូល រដ្ឋា
ឯកសារ​យោង៖
Bratcher, R. G., & Nida, E. A. (ឆ្នាំ១៩៩៣). “A Handbook on the Gospel of Mark”. New York: United Bible Societies
Edwards, J. R. (ឆ្នាំ២០០២). “The Gospel according to Mark”. Grand Rapids, MI; Leicester, England: Eerdmans; Apollos
Swete, H. B. (Ed.). (ឆ្នាំ១៨៩៨). “The Gospel According to St. Mark”. The Greek text with introduction, notes and indices. London; New York: MacMillan and co.; The MacMillan Company
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press
Hurtado, L. W. (ឆ្នាំ២០១១). “Mark”. Grand Rapids, MI: Baker Books
Guelich, R. A. (ឆ្នាំ១៩៨៩). “Mark 1-8:26” (Vol. 34A). Dallas: Word, Incorporated
MacArthur, John. (ឆ្នាំ២០១៥). “Mark 1-8” (Vol. 01) Illinois: Moody Publisher
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press
Geddert, T. J. (ឆ្នាំ២០០១). “Mark”. Scottdale, PA: Herald Press

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ

ព្រះគុណល្អឥតខ្ចោះ