in

ព្រះយេស៊ូវ​ជា​ស្ដេច

The Genealogy of Jesus Shows He Is King

យោង​តាម​ប្រពៃណី ក្រុម​ជំនុំ​ដំបូង​បាន​សន្មត​ថា សាវ័ក ម៉ាថាយ គឺ​ជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​មុន​គេ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ គាត់​បាន​និពន្ធ​កណ្ឌ​គម្ពីរ​នេះ​ឡើង​ប្រហែល​មុន​ឆ្នាំ ៧០ នៃ​គ.ស. នៅ​ពេល​ដែល​ពួក​រ៉ូម​បាន​មក​បំផ្លាញ​ទីក្រុង​យេរូសាឡឹម​ចោល។

ប៉ុន្តែ តើ​បង​ប្អូន​ធ្លាប់​ងឿង​ឆ្ងល់​ទេ​ថា តើ​អ្វីទៅ​ជា​គោល​បំណង​ចម្បង​ដែល​សាវ័ក ម៉ាថាយ បាន​និពន្ធ​កណ្ឌ​ដំណឹង​ល្អ​របស់​គាត់? ឬ​ក៏​ថា តើ​យើង​អាច​សង្ខេប​កណ្ឌ​គម្ពីរ​ម៉ាថាយ​ដោយ​របៀប​ណា​ទៅ? យើង​អាច​សង្ខេប​កណ្ឌ​គម្ពីរ​នេះ​ថា៖ ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច ពីព្រោះ​ព្រះ​អង្គ​បាន​បំពេញ​គ្រប់​ទាំង​ទំនាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។

បើ​យើង​គ្រាន់​តែ​មើល​បញ្ជី​រាយ​នាម​នៃ​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ នោះ​យើង​នឹង​ឃើញ​ថា​ប្រធាន​បទ​ស្នូល​គឺ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​ការ​គ្រោង​ទុក​របស់​ព្រះ​ជាម្ចាស់​នឹង​កើត​ឡើង ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ យោង​តាម​គោល​បំណង និង​ពេល​វេលា​ទ្រង់​ដែរ។ តោះ! ចូរ​យើង​មើល​បញ្ជី​រាយ​នាម​នៃ​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ ដែល​ស​បញ្ជាក់​ពី​ការ​សង្ខេប​ដែល​ថា ទ្រង់​គឺ​ជា​ស្ដេច!

ជា​ដំបូង យើង​ឃើញ​ថា​ខ១៧​សង្ខេប​នូវ​ខ២-១៦ និង​បញ្ចប់​ខ១​នៃ​ជំពូក១។ ខ១ និង​ខ១៧​បាន​ផ្ដើម និង​បញ្ចប់​ដោយ​ព្រះ​គ្រីស្ទ ព្រះ​បាទ ដាវីឌ និង​លោក អ័ប្រាហាំ ដោយ​មាន​៣​វគ្គ​នៃ​១៤​ជំនាន់។ ខ២-៦​បាន​រៀប​រាប់​ចាប់​តាំង​ពី​ជំនាន់​លោក អ័ប្រាហាំ ដល់​ព្រះ​បាទ ដាវីឌ។ ខ៧-១២​បាន​រៀបរាប់​ចាប់​តាំង​ពី​ព្រះបាទ ដាវីឌ ដល់​គ្រា​និរទេស ហើយ​ខ១៣-១៦​បាន​រៀប​រាប់​ចាប់​តាំង​ពី​គ្រា​និរទេស​ដល់​គ្រា​ព្រះ​គ្រីស្ទ។ ចូរ​ចង​ចាំ​ថា បើ​គ្មាន​កណ្ឌ​គម្ពីរ ម៉ាថាយ ១:១-១៧ នោះ​យើង​ក៏​នឹង​មិន​អាច​មាន​ដំណើរ​រឿង​ដែល​ចាប់​ផ្ដើម​ពី​ខ១៨ រហូត​ដល់​ជំពូក២៨​ខ២០​នៃ​កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​ដែរ។

តើ​ហេតុ​អ្វី​បាន​ជា​សាវ័ក ម៉ាថាយ ចាប់​ផ្ដើម និង​បញ្ចប់​ដោយ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​១៧ខ​ដំបូង​នៃ​ជំពូក១?

ពាក្យ «ព្រះ​គ្រីស្ទ» គឺ​ជា​ភាសា​ក្រិក ដែល​ស្មើ​គ្នា​នឹង​ពាក្យ «ព្រះ​មេស្ស៊ី» ក្នុង​ភាសា​ហេប្រ៊ូ ដែល​មាន​ន័យ​ថា «អង្គ​ជ្រើស​តាំង»។ តើ​អ្វី​ទៅ​ជា​មុខ​ងារ​របស់​ព្រះ​គ្រីស្ទ? មុខ​ងារ​គឺ​ដើម្បី​បំពេញ បន្ត​សេចក្ដី​តាំង​សញ្ញា និង​បង្កើត​សេចក្ដី​តាំង​សញ្ញា​ថ្មី។ តើ​ព្រះ​គ្រីស្ទ​បាន​បំពេញ​សេចក្ដី​តាំង​សញ្ញា​ដូច​ម្ដេច​ខ្លះ? បើ​យើង​សង្ខេប​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល នោះ​យើង​អាច​លើក​ឡើង​ដូច​ត​ទៅ៖ ព្រះ​គ្រីស្ទ​មាន​តួនាទី​ក្នុង​ការ​បំពេញ​សេចក្ដី​តាំង​សញ្ញា​ជា​ហោរា ជា​សង្ឃ និង​ជា​ស្ដេច។ ហើយ​តួនាទី​ជា​ស្តេច​នេះ​ឯង ដែល​យើង​ចង់​ផ្ដោត​លើ​ក្នុង​ឯកសារ​នេះ។

មុន​នឹង​យើង​អាច​បន្ត​ទៅ​មុខ​បាន ជា​ដំបូង​យើង​ត្រូវ​កត់​សម្គាល់​អំពី​ចំ​ចំណុច​ត្រង់​ថា ព្រះ​យេស៊ូវ​បាន​បន្ត​សេចក្ដី​តាំង​សញ្ញា​របស់​លោក អ័ប្រាហាំ និង​ស្ដេច ដាវីឌ បន្តិច​សិន។ វគ្គ​ទី១ និង​វគ្គ​ទី២​នៃ​១៤​ជំនាន់​ដំបូង​ក្នុង​ខ២-៦ និង​ខ៧-១២​មាន​រយៈពេល ១១៥០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ។ ហើយ​សាវ័ក ម៉ាថាយ ដក​ស្រង់​ឈ្មោះ​ចេញ​ពី​កណ្ឌ​គម្ពីរ ១របាក្ស. ១:២៨, ៣៤; ២:១-១៥; ៣:១០-១៥ និង​កណ្ឌ​គម្ពីរ​នាង​រស់ ៤:១៨-២២។

យើង​ដឹង​ថា​ព្រះ​យេស៊ូវ​បាន​បន្ត​សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​លោក អ័ប្រាហាំ (និង​ព្រះ​បាទ ដាវីឌ) ដោយ​សារ​សាវ័ក ម៉ាថាយ បាន​សរសេរ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ «…ជា​ជំនួរ​វង្ស​របស់​លោក អ័ប្រាហាំ» (ខ១, ១៧)។ តើ​សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​លោក អ័ប្រាហាំ មាន​បញ្ជាក់​អំពី​អ្វី​ខ្លះ? កណ្ឌ​គម្ពីរ លោកុប្បត្ដិ ១២:២ មាន​ចែង​ដូច​ត​ទៅ៖ «យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជាទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ» (សូម​អាន​បន្ថែម៖ លោកុ. ១៥; ១៨; ២២; ២៥។ល។)។ យើង​អាច​សង្ខេប​ថា សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា មួយ នឹង​លោក អ័ប្រាហាំ មាន​រួម៖ ពូជ​ពង្ស ព្រះ​ពរ ព្រំដែន​ទឹក​ដី។

ចេញ​ពី​វគ្គ​នេះ យើង​សង្កេត​ឃើញ​ថា ការ​គ្រោង​ទុក​របស់​ព្រះ​ជាម្ចាស់​បាន​កើត​ឡើង ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ យោង​តាម​គោល​បំណង និង​ពេល​វេលា​ទ្រង់​ដែរ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ នៅ​ក្នុង​សម័យ​បុរាណ ការ​រាយ​ឈ្មោះ​ស្ត្រី​ក្នុង​បញ្ជី​ពង្សាវតារ​គឺ​មិន​មែន​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​តាម​ការ​សង្កេត​មើល​ក្នុង​បញ្ជី​មួយ​នេះ​យើង​ឃើញ​ថា​សាវ័ក ម៉ាថាយ បាន​រាយ​ចុះ​នូវ​ឈ្មោះ​ស្ត្រី៤​នាក់ ហើយ​បើ​យើង​រាប់​នាង​ម៉ារា​ដែរ គឺ​៥នាក់។

ក្នុង​ខ៣ យើង​ឃើញ​នាង តាម៉ារ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៣៨ យើង​អាច​អាន​អំពី​ដំណើរ​រឿង​នៃ​ជីវិត​របស់​គាត់​យ៉ាង​លម្អិត​ថែម​ទៀត​បាន តែ​បើ​យើង​និយាយ​សង្ខេប​ទៅ​យើង​ឃើញ​ថា​លោក យូដា មិន​បាន​ឲ្យ​កូន​ប្រុស​គាត់​ឈ្មោះ សេឡា ទៅ​កាន់​នាង តាម៉ារ បន្ទាប់​ពី អ៊ើរ និង​អូណាន់ «…ជា​មនុស្ស​កាច​អាក្រក់​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រហារ​គាត់​ទៅ» (លោកុប្បត្ដិ ៣៨:៧)។ ក្រោយ​មក ខណៈ​ពេល​ដែល​នាង​តា​ម៉ា​របា​ន​ឮ​ដំណឹង​ថា ឪពុក​ក្មេក​របស់​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាត់​រោម​ចៀម នាង​ក៏​បាន​ដោះ​សំលៀក​បំពាក់​កាន់​ទុក្ខ​ចេញ «រួច​ក៏​យក​ស្បៃ​មក​គ្រលុំ​ខ្លួន​បាំង​មុខ ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម​តាម​ផ្លូវ​ទៅ​ឯ​ធីមណា» (លោកុប្បត្ដិ ៣៨:១៤)។ ហើយ​កាល​លោក យូដា ឃើញ​នាង លោក​ក៏​ស្មាន​ថា​នាង​ជា​ស្រី​សំផឹង ដូច្នេះ​លោក​ក៏​សុំ​ដេក​ជា​មួយ​នាង​ភ្លាម ហើយ​ចេញ​ពី​ការ​នោះ នាង​ក៏​មាន​ផ្ទៃ​ពោះ បង្កើត​កូន​ភ្លោះ​ប្រុស​ពីរ​នាក់ ដាក់​ឈ្មោះ​ថា ពេរេស និង​សេរ៉ាស។

យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​នៅ​តែ​ធ្វើ​ការ ហើយ​ប្រើ​ប្រាស់​ដំណើរ​រឿង​មួយ​នេះ ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់ ទោះ​បើ​មាន​ការ​បោក​បញ្ឆោត​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​កុហក​គ្នា​ក៏​ដោយ។

ស្ត្រី​ទី២​ដែល​យើង​ឃើញ​នៅ​ក្នុង​បញ្ជី​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ​គឺ​នាង រ៉ា​ហាប ក្នុង​ខ៥ ដែល​លោក សាលម៉ូន បាន​យក​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​ក៏​បាន​បង្កើត​បាន​បូអូស។ យោង​តាម​កណ្ឌ​គម្ពីរ​យ៉ូស្វេ​ជំពូក២ និង៦ យើង​ឃើញ​ថា​នាង រ៉ាហាប គឺ​ជា​ស្រី​សំផឹង​ម្នាក់​ដែរ​តាម​មុខ​របរ ប៉ុន្តែ​ព្រះ​អង្គ​នៅ​តែ​មិន​រារាំង​កាលៈទេសៈ​នោះ​ក្នុង​ការ​ប្រើ​ប្រាស់​នាង​ក្នុង​តំណ​វង្ស​ព្រះ​យេស៊ូវ​ដែរ។

ក្នុង​ខ៥ យើង​ឃើញ​ឈ្មោះ​នាង រស់ ដែល​ជា​ប្រពន្ធ​របស់​លោក បូអូស ហើយ​ក៏​បាន​បង្កើត អូបិឌ។ នាង រស់ កើត​ចេញ​ពី​ពូជ​សាសន៍​ម៉ូអាប់។ កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក១៩​មាន​រៀប​រាប់​អំពី​ប្រវត្តិ​នៃ​ដើម​ចម​នៃ​ជាតិ​សាសន៍​ម៉ូអាប់ ដែល​កើត​មក​តាមរយៈ​កូន​ស្រី​លោក ឡុត ដែល​បាន​បង្អក​ស្រា​ឪពុក​ខ្លួន​រហូត​ដល់​ស្រវឹង ហើយ​ក៏​បាន​រួម​ដំណេក​ជា​មួយ​នឹង​គាត់ ហើយ​ក៏​មាន​កូន​ដែល​ជា​ជាតិ​សាសន៍​ម៉ូអាប់​មក។ យោង​តាម​កណ្ឌ​គម្ពីរ ចោទិយកថា ២៣:៣ សាសន៍​ម៉ូអាប់​មិន​អាច​ចូល​ព្រះ​វិហារ​បាន​រហូត​ដល់១០​តំណ​ក្រោយ​មក ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ព្រះ​ជាម្ចាស់​នៅ​តែ​រាប់​បញ្ចូល​ទាំង​សាសន៍​បែប​នេះ​ចូល​ក្នុង​ពង្សាវតារ​របស់​ព្រះ​រាជ​បុត្រា​ទ្រង់​ដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន​គម្ពីរ​នាង​រស់​ទាំង​មូល។

ហើយ​ចំណែក​ឯ «ប្រពន្ធ​របស់​អ៊ូរី» ក្នុង​ខ៦ ដែល​ស្ដេច ដាវីឌ បាន​យក​ក៏​បង្កើត​បាន​សាឡូម៉ូន។ ជា​ជាង​ប្រើ​ឈ្មោះ​នាង បាត​សេ​បា សាវ័ក ម៉ាថាយ បាន​ប្រើ​ឃ្លា​នេះ​ថា «ប្រពន្ធ​របស់​អ៊ូរី» ដើម្បី​ស​បញ្ជាក់​ដោយ​បើក​អាក្រាត​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​បាប​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ស្ដេច ដាវីឌ ដែល​ជា​ដំបូង​ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដោយ​យក​ប្រពន្ធ​របស់​អ្នក​ដទៃ ហើយ​ក៏​បាន​ធ្វើ​ជា​តួ​សម្លាប់​ប្ដី​របស់​ស្ត្រី​នោះ​ផង​ដែរ។ នេះ​ឯង​ជា​មូល​ហេតុ​ចម្បង​ដែល​ស្ដេច ដាវីឌ មិន​អាច​បំពេញ ក៏​ដូច​ជា​បន្ត​សេចក្ដី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង លោក អ័ប្រាហាំ និង​ទ្រង់​ក្នុង​នាម​ជា​ស្ដេច​បាន។

មុន​យើង​មើល​ការ​តាំង​សេចក្ដី​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​ស្ដេច ដាវីឌ ចូរ​ឲ្យ​យើង​សង្ខេប​សាច់​រឿង​អំពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​សម្រេច​តាម​រយៈ​ស្ត្រី​ទាំង​អស់​នោះ​សិន។ បើ​យើង​និយាយ​ឲ្យ​ខ្លី​ទៅ ស្ត្រី​ទាំង​នោះ​សុទ្ធ​តែ​មាន ឬ​ក៏​ហាក់​បី​ដូច​ជា​សុទ្ធ​តែ​មាន​រឿង​អាស្រូវ​ខាង​ឯ​ផ្លូវ​ភេទ ដែល​រួម​ទាំង​នាង ម៉ារា ដែល​មាន​កូន​ក្នុង​ផ្ទៃ ខណៈ​ពេល​ដែល​ទើប​តែ​ភ្ជាប់​ពាក្យ​នៅ​ឡើយ។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា​នាង ម៉ារា បាន​មាន​ផ្ទៃ​ពោះ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាប់​បដិសន្ធិ​លើ​នាង។ យោង​តាម​ខ១៦ យើង​ឃើញ​ថា​នាង ម៉ារា មិន​មាន​រឿង​អាស្រូវ​ខាង​ឯ​ផ្លូវ​ភេទ​ទេ ពីព្រោះ​សាវ័ក ម៉ាថាយ បាន​ពណ៌នា​អំពី​លោក យ៉ូសែប ថា៖ «ជា​ប្ដី​នាង ម៉ារា» ជា​ជាង​ថា​ជា​ឪពុក​របស់​ព្រះ​យេស៊ូវ ឬ​ក៏​ថា​តាម​រយៈ​គាត់​នាង ម៉ារា បាន​បង្កើត​ព្រះ​យេស៊ូវ​នោះ​ឡើយ។ តាម​ពិត​ទៅ​កិរិយាសព្ទ​ដែល​សាវ័ក ម៉ាថាយ បាន​ប្រើ​ប្រាស់​គឺ​ជា​កិរិយាសព្ទ​អ​សកម្ម ទាក់​ទង​លើ​ពាក្យ «បង្កើត» ដែល​នេះ​មាន​ន័យ​ថា​លោក យ៉ូសែប គ្មាន​ចំណែក​ទេ​ក្នុង​ការ​បង្ក​បង្កើត​ព្រះ​យេស៊ូវ​ក្នុង​ផ្ទៃ​នាង ម៉ារា។ លើស​ពី​នោះ​ទៅ​ទៀត​កណ្ឌ​គម្ពីរ ម៉ាថាយ ១:២៥ ក៏​បាន​ចែង​ថា​លោក យ៉ូសែប «…មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចម្បង​មក»។

កណ្ឌ​គម្ពីរ អេសាយ ១:១៨ បាន​ផ្ដល់​ជា​សង្ឃឹម​ដល់​យើង​ដោយ​ចែង​ថា៖
«…ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។»។ ដូច​ដែល​មាន​រៀប​រាប់​នៅ​ខាង​លើ ស្ត្រី​ទាំង​អស់​នោះ (និង​បុរស​នានា) សុទ្ធ​តែ​មាន​រឿង​អាស្រូវ ហើយ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​បាប ឬ​ក៏​ថា​ជីដូន​ជីតា​របស់​ពួក​គាត់​សុទ្ធ​តែ​មាន​ប្រវត្តិ​អតីត ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ខ្លាំង​ក្លា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ព្រះ​ជាម្ចាស់​នៅ​តែ​ជ្រើស​រើស​ប្រើ​ប្រាស់​កាលៈទេសៈ​នៃ​ជីវិត​របស់​ពួក​គាត់​ក្នុង​ការ​បំពេញ​ផែន​ការ​របស់​ទ្រង់​ដែរ។ យើង​ទាំង​អស់​គ្នា (រួម​ទាំង​អ្នក​និពន្ធ និង​មិត្ត​អ្នក​អាន) ក៏​សុទ្ធ​តែ​មាន​រឿង​អាស្រូវ​ក្នុង​ជីវិត​ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ៤:៧ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា​យើង​ជា «ភាជនៈ​ដី» ដែល​នេះ​មាន​ន័យ​ថា ងាយ ក៏​ដូច​ជា​ធ្លាប់​បាក់​បែក ប៉ុន្តែ​ព្រះ​អង្គ​នៅ​ជ្រើស​រើស​សង្គ្រោះ​យើង និង​ប្រើ​ប្រាស់​យើង។ សាវ័ក ប៉ុល បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ២:១-១០ ថា​ពី​ដើម​យើង​ស្លាប់ ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ​អង្គ ប៉ុន្តែ​ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង​ជា​ខ្លាំង ដូច្នេះ​ទ្រង់​ក៏​បាន​សង្គ្រោះ​យើង​ដោយ​ព្រះ​គុណ​តាម​រយៈ​ជំនឿ។

វគ្គ​ទី២​នៃ១៤​ជំនាន់​ក្នុង​ខ៧-១២ មាន​រយៈ​ពេល ៤០០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ។ ហើយ​សាវ័ក ម៉ាថាយ បាន​ដក​ស្រង់​ឈ្មោះ​ចេញ​ពី​កណ្ឌ​គម្ពីរ ១របាក្ស. ៣:១០-១៥។ លោក​អ្នក​ក៏​អាច​អាន​បន្ថែម​ទៀត​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១&២សាំយូអែល; ១&២ពង្សាវតារ​ក្សត្រ; ១&២របាក្សត្រ; អេសាយ; អេសេគាល ដែល​មាន​រៀប​រាប់​ទាក់​ទង​ទៅ​នឹង​ស្ដេច​នានា។ ហើយ​ចំណែក​ឯ​កណ្ឌ​គម្ពីរ​ដែល​មាន​រៀប​រាប់​អំពី​គ្រា​និរទេស​មាន​ដូច​ត​ទៅ៖ យេរេមា; ដានីយ៉ែល; អេសេគាល និង​ខ្លះៗ​ក្នុង​កណ្ឌ​គម្ពីរ ១&២ពង្សាវតារក្សត្រ និង១&២របាក្សត្រ។

យោង​តាម​ឃ្លា «ជា​វង្សា​ហ្លួង​ដាវីឌ» ក្នុង​ខ១ យើង​ដឹង​ថា​ព្រះ​ជាម្ចាស់​ក៏​បាន​ធ្វើ​សេចក្តី​តាំង​សញ្ញា​ជា​មួយ​
ស្ដេច ដាវីឌ ទោះ​បើ​ស្ដេច ដាវីឌ មិន​បាន​បំពេញ ក៏​ដូច​ជា​បន្ត​សេចក្ដី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ដោយ​បាន​ជោគជ័យ​ទៅ​កាន់​លោក អ័ប្រាហាំ យ៉ាង​ពេញ​ទី​ក៏​ដោយ។

កណ្ឌ​គម្ពីរ ២សាំយ៉ូអែល ៧:៥-១៦ មាន​រៀប​រាប់​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ការ​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​នឹង​ស្ដេច ដាវីឌ ហើយ​អ្នក​និពន្ធ​បាន​សរសេរ​ដូច​ត​ទៅ៖ «…នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់​ខ្ជួន​នៅ ជា​រៀងរាប​ដរាប​ទៅ» (៧:១៦)។ សេចក្ដី​តាំង​សញ្ញា​មួយ​នេះ​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​នឹង​ស្ដេច ដាវីឌ មាន​រួម​ដូច​ត​ទៅ៖ ពូជ​ពង្ស ព្រះ​ពរ ព្រំដែន​ទឹកដី និង​ព្រះ​បាទ​ស្ដេច [ណា​មួយ​អង្គ] ដែល​នឹង​នៅ​អស់​កល្ប​ជានិច្ច។

យើង​បាន​ឃើញ​ហើយ​ថា​ស្ដេច ដាវីឌ បាន​បរាជ័យ​ក្នុង​ការ​បំពេញ​សេចក្ដី​តាំង​សញ្ញា​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ទៅ​កាន់​លោក អ័ប្រាហាំ ហើយ​ទ្រង់​ក៏​បាន​បរាជ័យ​ក្នុង​នាម​ជា​អង្គ​ដែល​ព្រះ​ជាម្ចាស់​បាន​បន្ត​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​ផង​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​មាន​ស្ដេច​មួយ​អង្គ​ផ្សេង​ទៀត​ដែល​នឹង​អាច​បំពេញ បន្ត ក៏​ដូច​ជា​បង្កើត​សេចក្ដី​តាំង​សញ្ញា​ថ្មី​ណា​មួយ​ទៀត​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់។ ហើយ​នេះ​ឯង​គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​សាវ័ក ម៉ាថាយ បាន​និពន្ធ​កាន់​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់។ តោះ! ចូរ​យើង​នាំ​គ្នា​មើល​អំពី​របៀប​ដែល​សាវ័ក ម៉ាថាយ ប្រើ​ប្រាស់​បញ្ជី​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ ដើម្បី​បង្ហាញ​ថា​ព្រះ​អង្គ​គឺ​ជា​ស្ដេច!

ទី១ សាវ័ក ម៉ាថាយ បាន​បញ្ជាក់​ថា ព្រះ​យេស៊ូវ​កើត​ចេញ​ពី​ខ្សែស្រឡាយ​ស្ដេច ដោយ​លើក​ឡើង​ថា ព្រះ​អង្គ «ជា​វង្សា​ហ្លួង​ដាវីឌ»។ ពាក្យ​ថា «វង្សា​ហ្លួង» បញ្ជាក់​ថា​ព្រះ​យេស៊ូវ​ជាប់​សាច់​ឈាម​ជា​មួយ​នឹង​វង្ស​ត្រកូល​ស្តេច។ យើង​ដឹង​ហើយ​ថា​ស្ដេច សុល គឺ​ជា​ស្ដេច​ដំបូង​នៃ​សាសន៍​អ៊‌ីស្រាអែល ប៉ុន្តែ​ដោយ​សារ​ទ្រង់​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់ (១សាំយូអែល ១៥) ដូច្នេះ​ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​ចាក់​ប្រេង​តាំង​លើ ដាវីឌ ឲ្យ​ធ្វើ និង​បន្ត​ខ្សែ​ស្ដេច​សម្រាប់​ប្រទេស​អ៊‌ីស្រាអែល​វិញ (១សាំយូអែល ១០ និង១៦)។ សាវ័ក ម៉ាថាយ ក៏​បាន​លេង​វេយ្យាករណ៍​ក្នុង​ខ៦ («អ៊ីសាយ​បង្កើត​ដាវីឌ​ដ៏​ជា​ស្ដេច ស្ដេច ដាវីឌ…») ដើម្បី​ផ្ដោត​លើ​ប្រធាន​បទ​ស្ដេច ទោះ​បើ​គាត់​មិន​ចាំ​បាច់​ធ្វើ​បែប​នោះ​ក៏​ដោយ​ក្នុង​ឃ្លា «ដ៏​ជា​ស្ដេច»។ យោង​តាម​វេយ្យាករណ៍​ភាសា​ក្រិក គេ​មិន​ចាំ​បាច់​បញ្ជាក់​ឃ្លា​នោះ​ទេ ប៉ុន្តែ​សាវ័ក ម៉ាថាយ បាន​សរសេរ​ឡើង ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​យើង​ឃើញ​ថា គាត់​កំពុង​តែ​ផ្ដោត​ទៅ​លើ​ប្រធាន​បទ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច។

ទី២ សាវ័ក ម៉ាថាយ បាន​ញែក​លោក យូដា ចេញ​ពី​បង​ប្អូន​គាត់​ក្នុង​ខ២ «អ័ប្រាហាំ​បង្កើត​អ៊ីសាក‍ៗ បង្កើត​យ៉ាកុប‍ៗ បង្កើត​យូដា ហើយ​នឹង​បង​ប្អូន​គាត់»។ ការ​ញែក​បែប​នេះ​គឺ ដើម្បី​បញ្ជាក់​ថា ព្រះ​យេស៊ូវ​កើត​ចេញ​ពី​ខ្សែ​ស្ដេច។ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៤៩ លោក ម៉ូសេ បាន​រៀប​រាប់​អំពី​ការ​ដែល​លោក យ៉ាកុប ប្រទាន​ពរ​ដល់​កូនៗ​របស់​គាត់ ហើយ​បើ​យើង​គ្រាន់​តែ​រាប់​សាច់​ខ​គម្ពីរ នោះ​យើង​ក៏​នឹង​ឃើញ​អំពី​ភាព​សំខាន់​របស់​ខ្សែ​គ្រប់​គ្រួសារ​របស់​លោក យូដា ដែរ។ ខ៨-១២ រៀប​រាប់​អំពី​ពរ​របស់​លោក យូដា ហើយ​ខ១០​បាន​បញ្ជាក់​ដោយ​ចែង​ថា «ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់​គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្ដា​ជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់»។ យើង​ដឹង​ហើយ​ថា គ្មាន​ស្ដេច ឬក៏​បុគ្គល​ណា​អាច​រក្សា «ដំបង​រាជ្យ ឬ​អំណាច​គ្រប់​គ្រង» ដោយ​មិន​ឲ្យ​ឃ្លាត​ចេញ​បាន​ទេ ព្រោះ​ពួក​គាត់​សុទ្ធ​តែ​ស្លាប់ ប៉ុន្តែ​ចំពោះ​ព្រះ​យេស៊ូវ​វិញ ទ្រង់​អាច​ធ្វើ​ការ​នោះ​បាន ដ្បិត​ទ្រង់​ជា​ព្រះ​ផង និង​ជា​មនុស្ស​ផង ១០០%។

ទី៣ យើង​ឃើញ​ថា​ក្នុង​ខ៣​សាវ័ក ម៉ាថាយ ក៏​បាន​ប្រើ​ប្រាស់​បញ្ជី​វង្ស​លោក ពេរេស ដើម្បី​បញ្ជាក់​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច។ ពួក​បុរាណ​វិទូ​សាសន៍​អ៊‌ីស្រាអែល​បាន​លើក​ឡើង​ថា ជា​ទូ​ទៅ​គេ​ប្រើ​ប្រាស់​បញ្ជី​វង្ស​លោក ពេរេស ដើម្បី​បង្ហាញ​ពី​ខ្សែស្រឡាយ​ស្ដេច ជា​ជាង​ប្រើ​ប្រាស់​បញ្ជី​ខ្សែស្រឡាយ​លោក សេរ៉ាស ដែល​ជា​បង​ប្រុស​គាត់។ បើ​គ្រាន់​តែ​មាន​អំណះអំណាង​ត្រឹម​តែ​លោក ពេរេស នោះ​គ្រប់​គ្រាន់​ហើយ​ក្នុង​ការ​បង្ហាញ​ថា​បុគ្គល​ណា​ម្នាក់​កើត​ចេញ​ពី​ខ្សែ​ស្ដេច ឬ​ក៏​អត់ តែ​យើង​ឃើញ​ហើយ​ថា​សាវ័ក ម៉ាថាយ បាន​បញ្ជាក់​រហូត​ដល់​លោក យូដា និង​លោក អ័ប្រាហាំ ទៀត​ផង។

ទី៤ ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១:២០ អ្នក​និពន្ធ​បាន​បញ្ជាក់​ថា​លោក យ៉ូសែប ជា «ពូជ​ហ្លួង​ដាវីឌ»។ ដែល​ចំណុច​នេះ​កាន់​តែ​បញ្ជាក់​ថែម​ថា ព្រះ​យេស៊ូវ​កើត​ចេញ​ពី​តំណ​វង្ស​ស្ដេច។ ដូច​ដែល​យើង​បាន​លើក​ឡើង​ហើយ​ថា ទោះ​បើ​លោក យ៉ូសែប មិនមែន​ជា​ឪពុក​ផ្ទាល់​ខាង​ឯ​សាច់​ឈាម​របស់​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ជា​ឪពុក​របស់​ព្រះ​យេស៊ូវ​ខាង​ឯ​ផ្លូវ​ច្បាប់។ នេះ​ហើយ​ជា​មូល​ហេតុ ដែល​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ «បេថ្លេហិម ពីព្រោះ​គាត់​ជា​ព្រះ​វង្ស ហើយ​ជា​ព្រះ​ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ» (លូកា ២:៤) ពេល​ដែល សេសារ-អូគូស្ទ ចេញ​ព្រះ​រាជ​ឱង្ការ​ឲ្យ​គ្រប់គ្នា​ទៅចុះ​ឈ្មោះ​តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។

ទី៥ សូម្បី​តែ​ពួក​ហោរា​ពី​ទិស​ខាង​កើត​ក៏​សួរ​នាំ​រក​ស្ដេច​ដែរ «តើ​ព្រះ​អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្ដេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា?»។ ការ​សួរ​នាំ​ដេញ​ដោល​បែប​នេះ​ស​បញ្ជាក់​បង្ហាញ​ថា ពិត​ជា​មាន​ស្ដេច​ដែល​បាន​កើត​នៅ​ជំនាន់​នោះ​មែន ហើយ​យើង​ដឹង​ហើយ​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច​ដែល​ពួក​ហោរា​កំពុង​តែ​សួរ​នាំ​រក ពីព្រោះ​នៅ​ចំណុច​បន្ទាប់​ក៏​បាន​បញ្ជាក់​ថែម​ទៀត​ផង​ដែរ។ តង្វាយ​ដែល​ពួក​ហោរា​ពី​ទិស​ខាង​កើត​នាំ​មក​ថ្វាយ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​មាន​ដូច​ជា មាស កំញាន និង​ជ័រល្វីងទេស គឺ​សុទ្ធ​តែ​ជា​តង្វាយ​ដែល​គេ​នាំ​មក​ថ្វាយ​ទុក​សម្រាប់​តែ​ស្ដេច​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​សាមញ្ញៗ​នោះ​ឡើយ។

ទី៦ ស្ដេច ហេរ៉ូឌ បាន​សម្លាប់​ក្មេងៗ (ម៉ាថាយ ២) ដែល​មាន​អាយុ​ក្រោម​២ឆ្នាំ។ ហេតុ​អ្វី​បាន​ជា​ស្ដេច ហេរ៉ូឌ សម្លាប់​ពួក​ក្មេងៗ​ទាំង​នោះ? ក្នុង​ខ៣​នៃ​ជំពូក២​មាន​ចែង​ថា «កាល​ស្ដេច ហេរ៉ូឌ បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ»។ ស្ដេច ហេរ៉ូឌ ខ្លាច​ថា​ស្ដេច​ថ្មី​មួយ​អង្គ​ដែល​ទើប​តែ​កើត​នេះ​នឹង​បះបោរ​ទាស់​ប្រឆាំង​ទាមទារ​ដោយ​វាយ​ប្រហារ​យក​រាជ្យ​បល្ល័ង្ក​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​សម្លាប់​ក្មេងៗ​អស់​នោះ​ចោល។

ទី៧ ម្ដង​ហើយ​ម្ដង​ទៀត យើង​ឃើញ​ថា​សាវ័ក ម៉ាថាយ បាន​កត់​ចុះ​អំពី​របៀប​ដែល​គេ​ហៅ​ព្រះ​យេស៊ូវ​ថា​ជា «ព្រះ​រាជ​បុត្រា​ហ្លួង​ដាវីឌ» (៩:២៧; ១២:២៣; ១៥:២២; ២០:៣០-៣១; ២១:៩, ១៥; ២២:៤៥)។ ងារ​នេះ​មិន​មែន​ជា​ងារ​លេង​សើច​នោះ​ទេ ប៉ុន្តែ​ជា​ងារ​ដែល​គេ​ញែក​ទុក ដើម្បី​សម្គាល់​លើ​បុគ្គល​ដែល​កើត​ចេញ​ពី​ខ្សែស្រឡាយ​ស្ដេច​តែ​ប៉ុណ្ណោះ ហើយ​ក៏​ជា​ស្ដេច​ផ្ទាល់​តែ​ម្ដង។

ទី៨ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សុគត គេ​បាន​សរសេរ​ស្លាក​វាយ​នៅ​លើ​ឈើ​ឆ្កាង​ពី​លើ​ព្រះ​សិរសា​របស់​ទ្រង់​ថា «‍នេះ​ឈ្មោះ​យេស៊ូវ ជា​ស្ដេច​សាសន៍​យូដា» (២៧:៣៧)។ ទោះ​បើ​នៅ​គ្រា​នោះ​សាសន៍​យូដា​បាន​បដិសេធ​ដោយ​មិន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​ជា​ស្ដេច​របស់​ខ្លួន​ក៏​ដោយ ក៏​ការ​ដែល​ពួក​គាត់​ព្យាយាម​សើច​ចំអក​ដាក់​ទ្រង់ ដោយ​វាយ​ស្លាក​បែប​នេះ​មក​ដាក់​នៅ​លើ​ឈើ​ឆ្កាង ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថែម​ទៀត​ថា ព្រះ​យេស៊ូវ​គឺ​ពិត​ជា​ស្ដេច​មែន!

ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​មូល​ហេតុ​ខ្លះៗ​តែ​ប៉ុណ្ណោះ ក្នុង​ការ​បើក​បង្ហាញ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច​ដោយ​យើង​គ្រាន់​តែ​សង្កេត​មើល​បញ្ជី​ពង្សាវតារ​របស់​ទ្រង់។

ក្នុង​វគ្គ​ទី​៣នៃ​១៤​ជំនាន់​ពី​គ្រា​និរទេស​ដល់​គ្រា​ព្រះ​គ្រីស្ទ​ក្នុង​ខ១៣-១៦ យើង​ឃើញ​ថា​មាន​រយៈពេល ៦០០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​សាវ័ក ម៉ាថាយ បាន​ដក​ស្រង់​ឈ្មោះ​ទាំង​នោះ​ចេញ​ពី​កណ្ឌ​គម្ពីរ ១របាក្ស. ៣:១៥-១៦ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវ. ២៤-២៥; យេរេមា ២២, ២៩, ៥២, ៣៩-៤៣; កណ្ឌ​គម្ពីរ ដានីយ៉ែល ទាំងមូល; អេសេគាល ១៧ និង​កណ្ឌ​គម្ពីរ ២របាក្ស. ៣៦)។ នៅ​ក្នុង​គ្រា​នេះ​យើង​សង្កេត​ឃើញ​ថា មាន​រយៈពេល ៤០០ ឆ្នាំ​ដែល​ព្រះ​ជាម្ចាស់​មិន​បាន​មាន​ព្រះ​បន្ទូល​មក​កាន់​មនុស្ស​លោក​ឡើយ។ នេះ​ជា​គ្រា​ដែល​ពួក​សាសន៍​អ៊‌ីស្រាអែល​បាន​ក្លាយ​ជា​ពួក​ឈ្លើយ​នៅ​ប្រទេស​ផ្សេងៗ។ ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវតារ​ក្សត្រ​ជំពូក២៣-២៥ និង​កណ្ឌ​គម្ពីរ​យេរេមា​ជំពូក២៨ យើង​ឃើញ​ថា​ស្ដេច យេកូនាស ត្រូវ​បាន​ស្ដារ​ឡើង​វិញ ដោយ​ចេញ​ពី​គុក ហើយ​រស់​នៅ​ជា​សេរី​ក្នុង​ប្រទេស​ដែល​ទ្រង់​កំពុង​ជាប់​ជា​ឈ្លើយ។ ទោះ​បើ​មើល​ទៅ​ការ​ជាប់​គុក​ក្នុង​ផ្ទះ ដោយ​មាន​សេរី​ភាព​បែប​នេះ​ហាក់​បី​ដូច​ជា​មិន​សូវ​ជា​រឿង​សំខាន់​ប៉ុន្មាន​ក៏​ដោយ ក៏​យើង​នៅ​តែ​ដឹង​ផង​ដែរ​ថា នេះ​គឺ​ជា​សេចក្ដី​សង្ឃឹម​ដល់​សាសន៍​អ៊‌ីស្រាអែល​ដែរ។

នៅ​ក្នុង​វគ្គ​ទី៣​នេះ យើង​ឃើញ​ថា មាន​ស្ដេច៣​អង្គ​ដែល​គ្មាន​នាម​រាយ​ចុះ​នៅ​ក្នុង​បញ្ជី​ពង្សាវតារ​ដែល​សាវ័ក ម៉ាថាយ បាន​លើក​ឡើង ហើយ​ក៏​ថែម​ទាំង​មាន​បុគ្គល​ម្នាក់​ដែល​យើង​គ្មាន​ព័ត៌មាន​អ្វី​សោះ​ទាក់ទង​នឹង​ជីវិត​គាត់។ ស្ដេច​ទាំង៣​អង្គ​គឺ អ័ហាស៊ីយ៉ា (២របាក្ស. ២២-២៥) យ៉ូអាស (២ពង្សាវ. ១២) អ័ម៉ាស៊ីយ៉ា (២ពង្សាវ. ១៤) ហើយ​លោក អ័ប៊ីយុឌ (ខ១៣) ដែល​ជា​បុគ្គល​ដែល​យើង​គ្មាន​ព័ត៌មាន​អ្វី​សោះ​ទាំង​ក្នុង និង​ក្រៅ​ព្រះ​គម្ពីរ។ ជា​ជាង​ងឿង​ឆ្ងល់ ហើយ​បាត់​បង់​ទំនុក​ចិត្ត​លើ​ព្រះ​គម្ពីរ យើង​ត្រូវ​តែ​ចង​ចាំ​ថា ១) វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​មិន​លើក​ឡើង​នូវ​រាល់​ឈ្មោះ​នៃ​បុគ្គល​នីមួយៗ​ក្នុង​បញ្ជី​ពង្សាវតារ ២) សាវ័ក ម៉ាថាយ បាន​ធ្វើ​ការ​នេះ ដោយ​មិន​លើក​ឡើង​នាម​បុគ្គល​ទាំង​៣អង្គ​នេះ ដើម្បី​ឲ្យ​យើង​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ចាំ​ថា​មាន១៤​ជំនាន់​ក្នុង​វគ្គ​នីមួយៗ​នៃ​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ ហើយ ៣) បើ​យើង​ត្រឡប់​ក្រោយ​វិញ​ទៅ​មើល​ដំណើរ​រឿង​នៃ​បុគ្គល​នីមួយៗ​នោះ នោះ​យើង​សង្កេត​ឃើញ​ថា ពួក​គាត់​គឺ​ជា​ស្ដេច​ដ៏​សែន​អាក្រក់ ហើយ​ក៏​ត្រូវ​បណ្ដាសា​ទៀត​ផង។ នោះ​ឯង​ទំនង​ជា​មូល​ហេតុ​ដែល​សាវ័ក ម៉ាថាយ ជ្រើស​រើស​មិន​បូក​បញ្ចូល​នាម​របស់​ពួក​គាត់​ក្នុង​បញ្ជី​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ។ ហើយ​ចំពោះ​លោក អ័ប៊ីយុឌ ដែល​យើង​គ្មាន​ព័ត៌មាន​អ្វី​សោះ​ទាក់​ទង​នឹង​ជីវិត​របស់​គាត់ យើង​ក៏​មិន​គួរ​បាត់​បង់​ទំនុក​ចិត្ត​លើ​ព្រះ​បន្ទូល​ផង​ដែរ ពីព្រោះ​យើង​អាច​នៅ​ជឿ​ទុក​ចិត្ត​ផង​ដែរ​ថា ព្រះ​ជាម្ចាស់​នៅ​តែ ក៏​ដូច​ជា​បាន និង​នៅ​បន្ត​សម្រេច​ផែន​ការ​របស់​ទ្រង់​ក្នុង​ពេល​វេលា​របស់​ទ្រង់ មិន​ថា​យើង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នៃ​ជីវិត​ណា​ក៏​ដោយ។

មក​ដល់​គ្រា​និរទេស យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​បាន​តាំង​សេចក្ដី​សញ្ញា​ថ្មី​មួយ​ទៀត​ជា​មួយ​នឹង​សាសន៍​អ៊‌ីស្រាអែល។ កណ្ឌ​គម្ពីរ អេសេគាល ៣៦-៣៧ បាន​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​នឹង​ដក​ចិត្ត​ថ្ម​ចេញ ហើយ​ដាក់​ចិត្ត​សាច់​ឈាម​នៅ​ក្នុង​មនុស្ស​លោក​វិញ។ ក្នុង​ជំពូក​ទាំង​នេះ យើង​ឃើញ​អ្នក​និពន្ធ​លេង​ពាក្យ «ខ្យល់» ដែល​ទាក់​ទង​នឹង​ព្រះ​វិញ្ញាណ​ក្នុង​ភាសា​ដើម បើ​ប្រៀប​ធៀប​នឹង​កណ្ឌ​គម្ពីរ​កិច្ចការ​ជំពូក២។

កណ្ឌ​គម្ពីរ យេរេមា ៣១:៣១-៣៤ «…នឹង​មាន​គ្រាម​ក​ដល់​ដែល​យើង​តាំង​សញ្ញា​ថ្មី​នឹង​ពួក​វង្ស​អ៊‌ីស្រាអែល និង​ពួក​វង្ស​យូដា មិន​មែន​តាម​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​គ្រា​ដែល​យើង​បាន​ដឹក​ដៃ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ…យើង​នឹង​ដាក់​ក្រឹត្យ​វិន័យ​របស់​យើង​នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជារាស្ត្រ​របស់​យើង» (ខ៣១, ៣២, ៣៣)។ ក្នុង​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​មួយ​នេះ​នៅ​គ្រា​និរទេស យើង​ឃើញ​ថា​ពួក​មនុស្ស​លោក​នឹង​មាន៖ បេះ​ដូង​ថ្មី ការ​បោះបង់​បាប​ចោល និង​ការ​ផ្ដើម​ទំនាក់​ទំនង​ថ្មី​ជា​មួយ​ព្រះ​ជាម្ចាស់។

ហើយ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​នាម​ជា​ព្រះ​មេស្ស៊ី​ដែល​មាន​ន័យ​ថា «អង្គ​ជ្រើស​តាំង» ទ្រង់​ក៏​បាន​បង្កើត​សេចក្ដី​តាំង​សញ្ញា​ថ្មី​មួយ​ទៀត ដែល​សង់​លើ​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​នឹង​លោក អ័ប្រាហាំ និង​ស្ដេច ដាវីឌ ហើយ​សេចក្ដី​តាំង​សញ្ញា​ថ្មី​មួយ​នេះ​មាន​រួម៖ ពូជ​ពង្ស​នៃ​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​ដទៃ ព្រះ​ពរ (អេសាយ ៤២; ៤៩; លូកា ២:៣២; កិច្ចការ ១៣) ព្រំដែន​ទឹក​ដី (សម្រាប់​តែ​សាសន៍​អ៊‌ីស្រាអែល) ព្រះ​បាទ​ស្ដេច​យេស៊ូវ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

អ្វី​ដែល​យើង​ត្រូវ​វែក​ញែក​ឲ្យ​ច្បាស់​លាស់​គឺ​ត្រង់​ថា ក្រុម​ជំនុំ​មិន​ជំនួស​ឲ្យ​សាសន៍​អ៊‌ីស្រាអែល​ទេ។ ព្រះ​ជាម្ចាស់​បាន​ប្រទាន​ព្រះ​ពរ​មួយ​ចំនួន​មក​កាន់​សាសន៍​ដទៃ ដោយ​សារ​សាសន៍​អ៊‌ីស្រាអែល​បាន​បដិសេធ​ព្រះ​យេស៊ូវ ដែល​ជា​ស្ដេច​របស់​ខ្លួន។ ពិត​ណាស់! ព្រះ​យេស៊ូវ​នៅ​តែ​ជា​ស្ដេច​របស់​ពួក​គេ (ទោះ​បើ​ពួក​គេ​បាន​បដិសេធ​ទ្រង់​ក៏​ដោយ) ប៉ុន្តែ​ស្រប​គ្នា​នោះ​ដែរ​ព្រះ​អង្គ​ក៏​បាន​យក​សាសន៍​ដទៃ​មក​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់​ផង​ដែរ។

ទាក់​ទង​នឹង​ព្រំដែន​ទឹក​ដី​ដែល​សម្គាល់​សម្រាប់​សាសន៍​អ៊‌ីស្រាអែល នឹង​មាន​គ្រា​មួយ​នៅ​ឯ​អនាគត ដែល​ព្រះ​យេស៊ូវ​នឹង​សោយរាជ្យ ១០០០ ឆ្នាំ​យោង​តាម​គម្ពីរ​វិវរណៈ​ជំពូក១៩។ ព្រះ​យេស៊ូវ​មិន​មែន​គ្រាន់​តែ​ជា​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ក៏​ជា​ស្ដេច​ផង​ដែរ។ ដូច​ដែល​បាន​លើក​ឡើង​នៅ​ខាង​លើ យើង​បាន​ឃើញ​ហើយ​ថា ព្រះ​យេស៊ូវ​បាន​បំពេញ​តួនាទី​ជា​ព្រះ​មេស្ស៊ី​ក្នុង​នាម​ជា​ហោរា ជា​សង្ឃ និង​ជា​ស្ដេច។ ព្រះ​អង្គ​មិន​មែន​គ្រាន់​តែ​ធ្វើ​ជា​សង្ឃ ដើម្បី​ធ្វើ​យញ្ញ​បូ​ជា​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​ទ្រង់​ផ្ទាល់​គឺ​ជា​យញ្ញ​បូជា​ដ៏​ល្អ​ប្រសើរ​ជាង​យញ្ញ​បូជា​នានា​ផ្សេង​ទៀត។ យើង​អាច​សង្ខេប​កណ្ឌ​គម្ពីរ​ហេព្រើរ​ដូច​ត​ទៅ៖ ព្រះ​យេស៊ូវ​ល្អ​ប្រសើរ​ជាង​ពួក​ហោរា ពួក​ទេវតា លោក ម៉ូសេ លោក យ៉ូស្វេ ពួក​សម្ដេច​សង្ឃ លោក អ័ប្រាហាំ ពួក​សង្ឃ​នៅ​សម័យ​សញ្ញា​ចាស់ សេចក្ដី​តាំង​សញ្ញា​ចាស់ រោង​ឧបោសថ យញ្ញ​បូជា​ចាស់ និង​ភ្នំ​ស៊ីណាយ។

សរុប​សេចក្ដី​ទៅ យើង​ឃើញ​ថា សាវ័ក ម៉ាថាយ បាន​និពន្ធ​កណ្ឌ​ដំណឹង​ល្អ​របស់​គាត់ ដើម្បី​បញ្ជាក់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច ហើយ​តាមរយៈ​ការ​គ្រាន់​តែ​ពិនិត្យ​មើល១៧​ខ​ដំបូង​នៃ​ជំពូក​ទី១​នៃ​កណ្ឌ​គម្ពីរ​ម៉ាថាយ​ដែល​មាន​២៨​ជំពូក យើង​ក៏​អាច​ឃើញ​ពី​ភស្តុតាង​ថា ព្រះ​យេស៊ូវ​គឺ​ពិត​ជា​ស្ដេច​យ៉ាង​ច្បាស់​លាស់​បាន​ផង​ដែរ។ ព្រះ​បុត្រ​យេស៊ូវ ដែល​បាន​ប្រសូត​មក ទ្រង់​គឺជា​ស្ដេច «ព្រះ​អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ​អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ​អង្គ​មិន​បាន​ទទួល​ព្រះ​អង្គ​ឡើយ។ ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ​អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ព្រះ​អង្គ ព្រះ​អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ពី​ប្រាថ្នា​ខាង​រូប​សាច់ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ គឺ​កើត​មក​ពី​ព្រះ​វិញ។» (យ៉ូហាន ១:១១-១២)។

ចំពោះ​អ្នក​ណា​ដែល​មិន​ទាន់​បាន​ទទួល​ជឿ​លើ​ព្រះ​គ្រីស្ទ​នៅ​ឡើយ យើង​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​បើក​ចំហ​ចិត្ត​ស្វែង​យល់​បន្ថែម​ទៀត ហើយ​ស្គាល់​ឲ្យ​ច្បាស់​អំពី​ព្រះ​យេស៊ូវ ហើយ​ទទួល​ជឿ​លើ​ទ្រង់​ចុះ ដ្បិត​ព្រះ​អង្គ​គឺជា​ស្ដេច​នៃ​យើង ដែល​បាន​យាង​មក​សង្គ្រោះ​យើង។ ទ្រង់​បាន​បំពេញ​នូវ​រាល់​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក្នុង​នាម​ជា​ព្រះ​មេស្ស៊ី។

នៅ​ចុង​បញ្ចប់ មិន​ថា​លោក​អ្នក​ចុះចូល​ដោយ​លុត​ជង្គង់​ស្ម័គ្រចិត្ត ឬ​ក៏​អត់​ក៏​ដោយ ក៏​ព្រះ​យេស៊ូវ​នៅ​តែ​ជា​ស្ដេច ដ្បិត​កណ្ឌ​គម្ពីរ ភីលីព ២:១០១១ បាន​ចែង​ហើយ​ថា គ្រប់​ជង្គង់​នៅ​ស្ថាន​សួគ៌ និង​នៅ​ផែន​ដី និង​នៅ​ក្រោម​ផែន​ដី​នឹង​លុត​ចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ប្រកាស​ថា «ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ​អម្ចាស់ សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា»។ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ជា​លើក​ទីពីរ ទ្រង់​នឹង​ជំនុំជម្រះ ហើយ​ច្បាំង​ដោយ​សុចរិត ហើយ​ព្រះ​ពស្ត្រ​ទ្រង់​នឹង​ជ្រលក់​ដោយ​ឈាម ដោយ​សារ​ព្រះ​អង្គ​ថ្កោល​ទោស​មនុស្ស​បាន​បាប (វិវរណៈ ១៩:១១២១)

រ៉ូម ១០:៩-១០ បាន​ចែងថា «បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ​អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ដ្បិត​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់»។

និពន្ធ​ដោយ៖ លោក​គ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ និងលោក ខែម បូឡុង។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

អ្វី​ដែល​បំផ្លាស់បំប្រែខ្ញុំ​ពេល​ជឿព្រះយេស៊ូវ ដោយលោកគ្រូ​គង្វាល៖ សាំង ឈិនហូរ

មើលឈើឆ្កាង