លោកស្រី សូសាណា ហ្សេសេ (Susanne Geske) បានបង្ហោះព័ត៌មានដែលមានការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិយ៉ាងខ្លាំងនៅពេលព្រឹកមួយ បន្ទាប់ពីបុរសមូស្លីមប្រាំមួយនាក់បានចាប់ចងប្ដីនាង និងធ្វើទារុណកម្មរហូតដល់ស្លាប់ ដោយសារតែគាត់ជាគ្រីស្ទបរិស័ទ។ បន្ទាប់ពីចាកចេញពីប៉ុស្តិ៍ប៉ូលិស នាងបានបង្ហោះសារមួយថា «ខ្ញុំអត់ទោស ដល់អស់អ្នកដែលបានសម្លាប់ប្ដីខ្ញុំដូចជាព្រះគ្រីស្ទបានអត់ទោសអស់អ្នកដែលបានឆ្កាងទ្រង់ដែរ។ “ឱព្រះវរបិតាអើយ សូមអត់ទោសអ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”»។ បន្ទាប់ពីនាងបានបង្ហោះសារនោះរួចមក មានគេហៅទូរស័ព្ទ និងផ្ញើសំបុត្ររាប់ពាន់ទៅកាន់ការចាក់ផ្សាយនៃស្ថានីយទូរទស្សន៍ក្នុងប្រទេសទួរគី សួររកព័ត៌មានបន្ថែមអំពីរបៀបផ្លាស់ប្ដូរពីសាសនាឥស្លាមទៅជាសាសនាគ្រីស្ទវិញ។
ភាគច្រើន យើងមិនមានប្ដី ឬប្រពន្ធដែលត្រូវគេចាប់ខ្លួនដោយកងទ័ពបដិវត្តន៍នោះទេ។ ប៉ុន្តែ យើងអាចនឹងរងគ្រោះមិនថាតិច (ឬច្រើន) ដូចជា៖ យើងប្រហែលជាត្រូវគេធ្វើបាបនៅកន្លែងធ្វើការជាដើម។ មិត្តភក្ដិខ្លះអាចក្បត់យើង ហើយប្ដី ឬប្រពន្ធខ្លះក៏អាចនឹងចាកចេញពីយើងដែរ។ កូនៗរបស់យើងប្រហែលជាមិនអើពើនឹងយើង។ នៅក្នុងពិភពលោកដែលបានធ្លាក់ក្នុងអំពើបាប យើងទាំងអស់គ្នាអាចនឹងប្រឈមនឹងការឈឺចាប់ទាក់ទងនឹងទំនាក់ទំនងផ្សេងៗ។ ជាញយដង រឿងរ៉ាវតូចៗមួយចំនួនអាចនឹងធ្វើឲ្យយើងពិបាកដូចជា៖ ទម្លាប់ចាយវាយមិនល្អ មាត់រហ័ស មិនចេះយល់ពីអារម្មណ៍របស់អ្នកដទៃ ឬមិនចេះជួយធុរៈក្នុងផ្ទះជាដើម។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា គ្រីស្ទបរិស័ទភាគច្រើនដែលខ្ញុំបាននិយាយជាមួយ ពួកគេបានដឹងថាមានសេចក្ដីបង្គាប់ឲ្យអត់ទោសទៅកាន់អ្នកដទៃ ប៉ុន្តែមានមនុស្សតិចណាស់ដែលយល់ថា ហេតុអ្វីបានជាពួកគេត្រូវអត់ទោស។ ដូច្នេះ យើងនឹងមើលទៅកាន់អត្ថបទគម្ពីរអំពីអត្ថន័យនៃការអត់ទោស ហើយហេតុអ្វីបានជាយើងត្រូវអត់ទោស៖
ទីមួយ ការអត់ទោសចាប់ផ្ដើមជាមួយនឹងរបៀបដែលយើងគិត។
នៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:៣២ សាវ័ក ប៉ុល ប្រើពាក្យ «ចិត្តទន់សន្ដោស» សំដៅលើការអត់ទោស ហើយពាក្យជាភាសាក្រិកវិញមានន័យថា មានដួងចិត្តដែលចេះយោគយល់ទោះស្ថិតក្រោមសំពាធក្ដី។ យើងទទួលបានរូបភាពមួយដែលគួរឲ្យព្រួយបារម្ភថានឹងមានអ្វីកើតឡើង នៅពេលយើងលែងមានដួងចិត្តអាណិតអាសូរ កណ្ឌគម្ពីរ ម៉ាថាយ ១៩:៨ ដែលព្រះយេស៊ូវមានបន្ទូលថា៖ ការលែងលះកើតឡើង «គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ»។
ដូច្នេះ ការចេះគ្រប់គ្រងការគិតពីបុគ្គលដែលធ្វើបាបទាស់នឹងយើងគឺជាធាតុសំខាន់មួយនៃការអត់ទោស។
បន្ទាប់ពី យើងបានទទួលរងនូវការឈឺចាប់ហើយ ទំនោរធម្មជាតិរបស់យើងគឺវាយបកទៅគេវិញ ឬបង្ហាញក្នុងរបៀបមួយដែលមិនឲ្យតម្លៃបុគ្គលម្នាក់នោះ។ ប៉ុន្តែ ការអត់ទោស គឺជាការបង្ហាត់គំនិតយើងកុំឲ្យមានការឆ្លើយតបដោយអវិជ្ជមាន។
ទីពីរ ការអត់ទោសស្ដែងចេញពីអ្វីដែលយើងជ្រើសរើស។
មានប្រស្នាប្រៀបធៀបដ៏ល្បីមួយរបស់ព្រះគ្រីស្ទអំពីកូនពៅវង្វេង ដែលបានយកមរតករបស់ឪពុក ហើយបានខ្ជះខ្ជាយទៅលើពិធីជប់លៀងសប្បាយ។ ពេលកូនពៅត្រឡប់មកវិញតាមផ្លូវ ឪពុកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីនឹងអត់ទោស និងរត់ទៅឱប ហើយធ្វើពិធីជប់លៀងជាមួយគ្រួសារគាត់។ នេះគឺជារូបភាពមួយនៃព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ព្រះអង្គមិនជ្រើសរើសអាក់អន់ព្រះទ័យនោះឡើយ។
បន្ទាប់ពីយើងរងគ្រោះដោយពាក្យសម្ដី ឬសកម្មភាពណាមួយ នោះមានការបង្ខូចកុងត្រា ដែលមិនបានសរសេរចុះជាមិនខាន។ រាល់ទំនាក់ទំនងគឺជាកុងត្រានៃការសន្យា កុងត្រានៃព្រំដែន ឬជាគម្រោងការ។ ទោះបីដឹង ឬមិនដឹងខ្លួនក្ដី កុងត្រាទាំងនោះមានពិតមែន ឧទាហរណ៍៖ «ពួកគេនឹងយកចិត្តទុកដាក់ចំពោះខ្ញុំ» ឬ «ពួកគេនឹងមិនចាកចេញពីខ្ញុំ» ឬ «ពួកគេនឹងស្មោះត្រង់ជាមួយខ្ញុំ»។ ដូច្នេះ នៅពេលដែលមានភាគី «ក» បំពានកិច្ចសន្យា នោះភាគី «ខ» នឹងខឹងសម្បារ ហើយការឆ្លើយតបតាមធម្មជាតិរបស់យើង (សាច់ឈាម) គឺជ្រើសរើសវាយបក ឬក៏រត់គេចចេញ។
ប៉ុន្តែ សេចក្ដីជំនឿគឺជាជម្រើសទី៣ដែលព្រះគម្ពីរបានបង្គាប់មក វាជាជម្រើសក្នុងការទុកចិត្តលើព្រះជាម្ចាស់ ដែលបានអនុញ្ញាតឲ្យការអាក្រក់នោះកើតឡើង ដើម្បីសម្រេចនូវទីបញ្ចប់ដ៏ល្អ (សូមមើល លោកុប្បត្ដិ ៤៥:៥)។ ហើយការជ្រើសរើសនេះ ក្នុងការឆ្លើយតបដោយមានជំនឿ ទោះបីជាវាលំបាកក៏ដោយ ក៏យើងនឹងជ្រើសរើសអត់ទោស ដោយមិនអនុញ្ញាតឲ្យការដែលមិនរក្សាសេចក្ដីសន្យាបន្តបង្កឲ្យមានបញ្ហាកាន់តែច្រើនឡើងថែមទៀតឡើយ។
ចុងក្រោយ ការអត់ទោសមានការគាំទ្រពីអ្វីដែលយើងលះបង់។
កណ្ឌគម្ពីរកិច្ចការជំពូក៧បានលើកយករឿងដែលគួរឲ្យចាប់អារម្មណ៍អំពីបុគ្គលដែលស៊ូរងទុក្ខរហូតដល់ស្លាប់ព្រោះតែសេចក្ដីជំនឿដំបូងគេនៅក្នុងព្រះគម្ពីរ។ លោក ស្ទេផាន ត្រូវគេគប់សម្លាប់ដោយដុំថ្ម ហើយគាត់ស្រែកឡើងថា «ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង…សូមកុំរាប់បាបនេះដល់គេឡើយ» បន្ទាប់មក លោកក៏ស្លាប់បាត់ទៅ។ ព្រះគម្ពីរប្រាប់យើងផងដែរថា កាលមិនទាន់បានទទួលការសង្គ្រោះនៅឡើយ
នោះសាវ័ក ប៉ុល បានឈរកាន់អាវធំឲ្យអ្នកដែលកំពុងគប់ដុំថ្មទាំងនោះ។
យើងអាចស្រមៃឃើញថា សាវ័ក ប៉ុល បានលុតជង្គង់មុនគេនៅចំពោះព្រះភក្ត្រព្រះយេស៊ូវពេលលោកទៅជួបទ្រង់។ ហើយយើងក៏ប្រហែលជាអាចគិតថា បន្ទាប់មកគាត់នឹងទៅរកលោក ស្ទេផាន ហើយក៏ប្រហែលជាសុំការអភ័យទោស ចំពោះទង្វើនៃការឈឺចាប់ ដែលគាត់បានចូលរួមប្រព្រឹត្ត។ យ៉ាងណាមិញ លោក ស្ទេផាន ប្រហែលនឹងរម្លឹកប្រាប់សាវ័ក ប៉ុល ដ្បិតមុនពេលរៀបនឹងស្លាប់លោកបានអធិស្ឋានថា៖ កុំឲ្យទ្រង់រាប់បាបនឹងសាវ័ក ប៉ុល ឡើយ។ តើព្រះគ្រីស្ទមិនបានឆ្លើយតប ដោយធ្វើឲ្យសាវ័ក ប៉ុល ក្លាយទៅជាបេសកជនដ៏អស្ចារ្យម្នាក់នៅលើផែនដីដែរឬទេ?
ចំណុចសំខាន់គឺថា ការអត់ទោសគឺជាការទម្លាក់ចោលការសងសឹកគ្នានៅលើផែនដី ដោយទុកចិត្តលើការវិនិច្ឆ័យរបស់ព្រះជាម្ចាស់នៅឯស្ថានសួគ៌វិញ។ ការអត់ទោសគឺជាការទម្លាក់ចោលដាវនៃការសងសឹកផ្ទាល់ខ្លួនរបស់យើងចុះ ហើយទុកចិត្តលើព្រះជាម្ចាស់ដែលមានផែនការល្អប្រសើរជាងនោះ។ ហេតុអ្វីបានជាយើងអាចអត់ទោសតាមវិធីនេះបាន?
- យើងអាចអត់ទោសបាន ដោយសារតែព្រះគ្រីស្ទបានអត់ទោសឲ្យយើងមុន។
បន្ទាប់ពីស្ដេច ដាវីឌ បានប្រព្រឹត្តអំពើកំផិតជាមួយនឹងនាង បាតសេបា ហើយបានសម្លាប់ប្ដីរបស់នាង ទ្រង់បានសរសេរនៅក្នុងទំនុកតម្កើងជំពូក៥១ ថា «ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ…»។ សំណេររបស់ស្ដេច ដាវីឌ បានបង្ហាញថា កាលដែលទ្រង់បានធ្វើបាបដល់មនុស្ស នោះគឺទ្រង់កំពុងតែទាស់នឹងព្រះជាម្ចាស់ផងដែរ។ ចំពោះយើងវិញក៏ដូចគ្នាដែរ តាំងពីមុនយើងប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងអ្នកដទៃ នោះយើងបានប្រឆាំងទាស់នឹងព្រះជាម្ចាស់រួចទៅហើយ ប៉ុន្តែទ្រង់នៅតែអត់ទោសឲ្យយើង។ ពេលយើងដឹងថា ព្រះជាម្ចាស់បានបង្កើត បានជ្រើសរើស បានសុគតជំនួសយើង និងបានអត់ទោសបាបដល់យើង—ដោយឡែកពីអ្វីដែលយើងធ្វើផ្ទាល់—នោះគឺថាយើងនឹងមានចិត្តក្ដួលអាណិតដល់អ្នកដទៃទៀតផងដែរ។ - យើងអាចអត់ទោសបាន ដោយព្រះគ្រីស្ទបានអត់ទោសឲ្យយើងទាំងស្រុងហើយ។កណ្ឌគម្ពីរទំនុកតម្កើងជំពូក១០៣បានរម្លឹកយើងថា ទ្រង់បានអត់ទោសរាល់អំពើបាបរបស់យើងដូចជា «ទិសខាងកើតឆ្ងាយពីទិសខាងលិចប៉ុណ្ណា»។ ព្រះអង្គជ្រាបអ្វីៗទាំងអស់ ប៉ុន្តែទ្រង់តែងជ្រើសរើសបំភ្លេចអំពើបាបយើង។ នេះជាសេចក្ដីពិតដ៏អស្ចារ្យមួយ។ ជាច្រើនដង យើងអធិស្ឋានដោយនៅចាំអំពីបាបរបស់យើង ទាំងជាប់នៅក្នុងបន្ទុកបញ្ហា ភាពអាម៉ាស់ និងរម្លឹកពីអំពើបាបញឹកញាប់ប៉ុណ្ណា! ទោះជាយ៉ាងណា ព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទ្រង់ទតទៅកាន់ព្រះគ្រីស្ទ ហើយឃើញយើងដូចដែលទ្រង់ទតឃើញព្រះរាជបុត្រាទ្រង់ដែរ។ ព្រះយេស៊ូវមិនចោទប្រកាន់ មិនរម្លឹកអំពើបាប និងមិនរម្លឹកសេចក្ដីសម្អប់ ឬក៏ការសងសឹក។ ទាំងអស់នេះ គឺដោយសារទ្រង់ជ្រើសរើសបំភ្លេចរាល់អំពើបាបរបស់យើង។
- យើងអាចអត់ទោសបាន ដោយព្រះគ្រីស្ទបានអត់ទោសឲ្យយើងយ៉ាងពិតប្រាកដមែន។
សាវ័ក ពេត្រុស ក៏បានប្រព្រឹត្តអំពើបាបដែរ ប៉ុន្តែគាត់សរសេរថា «រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នាមកក្នុងសិរីល្អនៃទ្រង់ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចម្រើនកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច» (១ពេត្រុស ៥: ១០)។ សូមចាំថា អស់អ្នកដែលដើរតាមព្រះគ្រីស្ទ នឹងបានគ្រប់លក្ខណ៍តាមរយៈការរងទុក្ខដែលពួកគេបានជួបប្រទះ។ គំនិតមួយនេះគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ការរងទុក្ខភាគច្រើនកើតចេញពីមនុស្ស ប៉ុន្តែព្រះជាម្ចាស់ប្រើការរងទុក្ខនោះ ដើម្បីកសាងចរិតលក្ខណៈយើងឲ្យកាន់តែដូចព្រះគ្រីស្ទវិញ។ ការរងទុក្ខ ឬក៏ការឈឺចាប់នោះអាចមានដូចជា៖ អាពាហ៍ពិពាហ៍ដែលមិនចុះសម្រុង អ្នកជិតខាងមិនល្អ កូនៗទាស់ទែងគ្នា ភាពអយុត្តិធម៌ ការប្រមាថ និងអំពើអាក្រក់ផ្សេងៗ ព្រះជាម្ចាស់ប្រទានមក ដើម្បីដុសខាត់ភាពបរិសុទ្ធរបស់យើង។
មែនហើយ ការអត់ទោសមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាចាំបាច់ណាស់។ ព្រោះក្នុងការអត់ទោស នោះយើងបានកាន់តែដូចព្រះគ្រីស្ទ ទាំងកាន់តែថ្វាយសិរីល្អដល់ទ្រង់ និងបានជាការល្អដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់យើងដែរ។
មតិយោបល់
Loading…