in

ការ​តាំង​សញ្ញាថ្មី​ល្អ​ប្រសើរ​ជាង​ការ​តាំង​សញ្ញាចាស់

9 Ways the New Covenant is better than the Old

ក្នុង​ជីវិត​យើង​ដែល​ជា​អ្នកជឿ​លើ​ដំណឹងល្អ ពេល​ខ្លះ​វា​ពិត​ជា​មាន​ការ​ងាយស្រួល​ណាស់​ក្នុង​ការ​ដែល​យើង​ភ្លេចភ្លាំង​នូវ​អភ័យឯកសិទ្ធិ​ដែល​យើង​មាន ក្នុង​ការ​ចូលរួម​រាល់​កិច្ចការ​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​ការ​តាំង​សញ្ញាថ្មី​នេះ ។ បុព្វបុរស​នៃ​ជំនឿ​ដូច​ជា លោក អ័ប្រាហាំ លោក ម៉ូសេ និង​ស្ដេច ដាវីឌ បាន​ត្រឹមតែ​សម្លឹង​ទៅ​មុខ​ទៅកាន់​ព្រះ​ពរ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដែល​គ្រីស្ទបរិស័ទ​គ្រប់​រូប​ទទួល​បាន​នា​ពេល​សព្វ​ថ្ងៃ​នេះ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ការ​តាំង​សញ្ញា​ថ្មី​នេះ ពិត​ជា​ល្អ​ប្រសើរ​ជាង​ការ​តាំង​សញ្ញាចាស់​ទៅទៀត​មែន។

នៅក្នុង​កណ្ឌគម្ពីរ​២កូរិនថូស​ជំពូក៣​បាន​រៀបរាប់​ពី​ភាព​ដ៏​ល្អ​ប្រសើរ​នេះ​យ៉ាង​ច្បាស់។ នៅក្នុង​ជំពូក​នេះ​សាវ័ក ប៉ុល បាន​សរសេរ​កត់ត្រា​នូវ​ចំណុច​៩​យ៉ាង ដែល​បញ្ជាក់​ពី​ភាព​ដ៏​ឧត្ដុង្គឧត្ដម​នៃ​គំនិត​ខាង​លើ៖

១. នៅ​ក្នុង​ការ​តាំង​សញ្ញា​ថ្មី ព្រះ​វិញ្ញាណ​បរិសុទ្ធ​ គឺជា​អង្គ​ដែល​បញ្ជាក់​ថា នរណា​ជា​រាស្ត្រ​ដ៏​ពិត​ប្រាកដ​របស់​ព្រះ​ជាម្ចាស់។ នៅក្នុង​ការ​តាំង​សញ្ញា​ចាស់ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​អង្គ​ដែល​ធ្វើការ​ផ្ទាល់​ជាមួយនឹង​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ដែល​បះបោរ​ប្រឆាំង​នឹង​ទ្រង់​ឥត​ឈប់ឈរ។ ប៉ុន្តែ នៅក្នុង​ការ​តាំង​សញ្ញា​ថ្មីនេះ ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​អង្គ​ធ្វើការ​ក្នុង​ជីវិត​អ្នកជឿ​នីមួយៗ​ក្នុង​ក្រុមជំនុំ ដោយ​បង្រៀន​ឲ្យ​ពួកគេ​ត្រាប់តាម​សេចក្តី​បង្រៀន​ក្នុង​ព្រះ​បន្ទូល។ បើ​ប្រៀបធៀប​លោក ម៉ូសេ ទៅ​នឹង​គ្រូគង្វាល​សព្វថ្ងៃ​នេះ នោះ​យើង​អាច​ឃើញ​ថា គ្រូគង្វាល​មាន​ភាព​ងាយ​ស្រួល​ឆ្ងាយណាស់​ពី​គាត់ ដោយព្រោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើការ​នៅក្នុង​ជីវិត​សមាជិក​ក្រុមជំនុំ ផ្ទុយ​ពី​ជំនាន់​របស់​លោក ម៉ូសេ ដែល​គាត់​គឺ​ជា​អ្នក​ខិតខំ​ព្យាយាម​ដើរ​ជាមួយ​នឹង​ពួក​សាសន៍​អ៊‌ីស្រាអែល​ទាំង​មូល។ ចំពោះ​ក្រុមជំនុំ នៅ​ក្នុង​ទីក្រុង​កូរិនថូស​ដែល​មាន​ប្រជាជន​មួយ​ចំនួន​ជា​មនុស្ស​គ្មាន​នូវ​ច្បាប់​ទម្លាប់ និង​សណ្ដាប់​ធ្នាប់​វិញ​សាវ័ក ប៉ុល នៅ​អាច​ហៅ​ពួកគាត់​ថា «ជា​សំបុត្រ​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​រៀបចំ» ហើយ​ទទួល​បាន​ការ​ថែទាំ​ផង (ខ៣ គកស)។ ប្រសិនបើ​លោក ម៉ូសេ ត្រូវការ​ការងារ​ពី​ព្រះ​ជាម្ចាស់​លើ​ការ​នាំ​ឲ្យ​មនុស្ស​កែប្រែ​ចិត្ដ ហើយ​ចាំបាច់​ត្រូវការ​លិខិត​បញ្ជាក់​អះអាង​ពី​សាសន៍​អ៊‌ីស្រាអែល​មែន នោះ​គាត់​ច្បាស់​ជា​នៅ​តែ​គ្មាន​ការងារ​ធ្វើ​ហើយ​មើល​ទៅ។ ប៉ុន្តែ ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​ជីវិត​រាស្ត្រ​របស់​ព្រះ​អង្គ នោះ​គឺ​ជា​លិខិត​បញ្ជាក់​អះអាង​អំពី​ព័ន្ធកិច្ច​របស់​សាវ័ក ប៉ុល មែន។

២. នៅក្នុង​ការ​តាំង​សញ្ញាថ្មី ក្រឹត្យវិន័យ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​មាន​នៅក្នុង​ចិត្ត​អស់​អ្នក​ជឿ។ នៅក្នុង​ការ​តាំង​សញ្ញាចាស់ រាល់​សិរីល្អ​នៅ​លើ​ភ្នំ​ស៊ីណាយ និង​ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្ដាល​ឲ្យ​តែង​នោះ បាន​ដើរ​តួ​ក្នុង​ការ​ផ្ដល់​ឲ្យ​មាន​នូវ​ក្រឹត្យវិន័យ​ដែល​បាន​ចារ​នៅ​លើ​ផ្ទាំង​ថ្ម។ ប៉ុន្តែ ក្នុង​ការ​តាំង​សញ្ញាថ្មី​នេះ រាល់​សិរីល្អ​លើ​ភ្នំ​ស៊ីណាយ​ត្រូវ​បាន​រលត់​សូន្យឈឹង​ទៅ ព្រោះ​ឥឡូវ​នេះ​ក្រឹត្យវិន័យ​របស់​ព្រះ​ជាម្ចាស់ គឺ​ស្ថិតនៅ​ក្នុង​បុគ្គល​នីមួយៗ​ផ្ទាល់​តែ​ម្ដង។ បើ​និយាយ​ឲ្យ​ចំ​ទៅ៖ ច្បាប់​ក្រមសីលធម៌​លែង​ពឹង​លើ​តែ​ក្រឹត្យវិន័យ​ដប់​ប្រការ​ទៀត​ហើយ។ តែ​ជំនួស​នោះ​វិញ ឥឡូវនេះ ព្រះ​ជាម្ចាស់​បាន​ចារ​ក្រឹត្យវិន័យ​ក្នុង​ចិត្ត​អ្នកជឿ។ ក្រឹត្យវិន័យ​ទាំង​នោះ​គឺ «មិនមែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ» (ខ៣ គកស)។

៣. នៅក្នុង​ការ​តាំង​សញ្ញាថ្មី យើង​មាន​ទំនុកចិត្ត​ក្នុង​ការ​ចូល​ទៅ​ជិត​ព្រះ​គ្រីស្ទ​ក្នុង​ការ​បម្រើរាស្ត្រ​របស់​ទ្រង់។ នៅក្នុង​ការ​តាំង​សញ្ញាចាស់ លក្ខខណ្ឌ​សម្រាប់​ព័ន្ធកិច្ច​ក្នុង​ព្រះ​វិហារ​គឺ ភាគ​ច្រើន​សំដៅ​ទៅ​លើ​តែ​សណ្ឋាន​ខាង​ក្រៅ​ដែល​មាន​ដូច​ជា​ការ​លាង​សម្អាត ការ​ថ្វាយ​យញ្ញបូជា ហើយ​ទាំង​នោះ​គឺ​គ្រាន់តែ​ជា​កញ្ចក់ឆ្លុះ ទៅកាន់​នូវ​អ្វីៗ​ដែល​នឹង​មាន​នៅ​ក្នុង​ការ​តាំង​​សញ្ញា​ថ្មី​ប៉ុណ្ណោះ។ តែ​នៅ​ក្នុង​ការ​តាំង​​សញ្ញា​ថ្មី លក្ខខណ្ឌ​សម្រាប់​ព័ន្ធកិច្ច​គឺ​មាន​លក្ខណៈ ខ្ពស់​ជាង​អ្វី​ពី​មុនៗ​ទៅ​ទៀត។ លោកអ្នក​ទំនង​ជា​គិត​ថា លក្ខខណ្ឌ​ថ្មី​នេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នកបម្រើ​ព្រះ​យេស៊ូវ​មាន ភាព​ភ័យខ្លាច មិន​សូវ​មាន​ទំនុកចិត្ដ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ។ ដោយសារ​ទំនុកចិត្ត​របស់​យើង បាន​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​គង់​នៅ​ក្នុង​យើង ដូច្នេះ​យើង​មាន​សមត្ថភាព​បម្រើ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ​ពេញដោយ​ភាព​ប្រាកដ​ប្រជា។ ដូច​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «ហើយ​យើង​មាន​សេចក្តី​ទុកចិត្ត​ដល់​ព្រះ​បែប​នេះ ដោយសារ​ព្រះ​គ្រីស្ទ» (ខ៤ គកស)។

៤. នៅ​ក្នុង​ការ​តាំង​សញ្ញាថ្មី អ្នកដឹកនាំ​ក្នុង​ក្រុមជំនុំ មិន​បម្រើ​តែ អ្វី​ដែល​បាន​សរសេរ​ចេញ​ជា​ច្បាប់​នោះ​ឡើយ ប៉ុន្តែ ពួក​គេ​គោរព​បម្រើ​នូវ​អ្វី​ដែល​ជា​សក្ខីភាព​ពី​ព្រះ​វិញ្ញាណ​វិញ។ អ្នកបម្រើ​នា​ជំនាន់​នៃ​ការ​តាំង​សញ្ញាចាស់​ ទទួលរង​ការ​បង្ខំ​ឲ្យ​បម្រើ​នូវ​អ្វី​ដែល​គ្រាន់តែ​ជា ស្រមោល និង​រូបតំណាង​តែប៉ុណ្ណោះ។ ទោះបី​រូប​តំណាង​ទាំង​នោះ​ចង្អុល​ទៅកាន់​អនាគតកាល​ក៏​ដោយ តែ​ដល់​ចុង​បញ្ចប់​នៃ​ជំនាន់​នោះ រូប​តំណាង​ទាំង​ប៉ុន្មាន គ្រាន់តែ​ជា​អ្វី​មួយ​បើក​សម្ដែង​បង្ហាញ​ឲ្យ​ស្គាល់​ពី​អ្វី​ដែល​នឹង​កើត​មាន​ឡើង គឺ​ប្រៀប​ប្រដូច​ជា​សញ្ញា​ព្រួញ​ដែល​ចង្អុល​ទិស​ដៅ​ទៅ​មុខ​អញ្ចឹង។ នៅក្នុង​ក្រុមជំនុំ យើង​មិន​បំពេញ​តម្រូវការ​តាមច្បាប់​ក្រឹត្យវិន័យ​នោះ​ទេ ព្រោះ​ព្រះ​គ្រីស្ទ​បាន​បំពេញ​រាល់​ការ​ទាមទារ​ទាំង​នោះ​សម្រាប់​យើង​រួច​ជា​ស្រេច​អស់​ហើយ។ ដូច្នេះ «យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើ​នៃ​សញ្ញាថ្មី មិនមែន​សរសេរ​ដោយ​អក្សរ គឺ​ដោយ​ព្រះ​វិញ្ញាណ​វិញ» (ខ៦ គកស)។

៥. ការ​តាំង​សញ្ញាថ្មីប្រទាន​ឲ្យ​យើង​មាន​នូវ​ជីវិត​ខាង​ឯ​វិញ្ញាណ ខណៈពេល​ការ​តាំង​សញ្ញាចាស់​បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ការ​ស្លាប់​ខាង​ឯ​វិញ្ញាណ។ នៅក្នុង​ពេល​ដែល​ការ​តាំង​សញ្ញា​ទាំង​ពីរ​នេះ មាន​ដំណើរការ​យ៉ាង​ត្រឹមត្រូវ ហើយ​ទទួល​បាន​ការ​ជឿជាក់​ថា​ជា «ច្បាប់​ដ៏​ត្រឹមត្រូវ» នោះ​ដំណើរ​រឿង​នៃ​ការ​តាំង​សញ្ញា​ទាំង​ពីរ​ពិត​ជា​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ការ​តាំង​ទាំង​ពីរ​មាន​សភាព​ផ្ទុយពី​គ្នា​ទាំង​ស្រុង។ ក្រឹត្យវិន័យ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​អំពើ​បាប ហើយ​ទុក​ឲ្យ​អស់​អ្នក​ដែល​រស់​តាម​ក្រឹត្យវិន័យ​ត្រូវ​ស្លាប់។ ប៉ុន្តែ ចំពោះ​អ្នកជឿ​លើ​ការ​តាំង​​សញ្ញាថ្មី ពួកគេ ទទួល​បាន​នូវ​ជីវិត​វិញ​ដូច​ដែល​មាន​ចែង៖ «ដ្បិត​អក្សរ​នាំ​ឲ្យ​ស្លាប់ តែ​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ​មាន​ជីវិត» (ខ៦ គកស)។

៦. ការ​តាំង​សញ្ញាថ្មី​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ច្បាស់​ជាង​ការ​តាំង​សញ្ញាចាស់។ តែ​នេះ​មិនមែន​មាន​ន័យ​ថា ការ​តាំង​សញ្ញាចាស់​គ្មាន​សិរីល្អ​នោះ​ទេ។ មុខ​ងារ​របស់​លោក ម៉ូសេ ដែល​ជា​អ្នក​សរសេរ​ចុះ​នូវ​ការ​តាំង​សញ្ញាចាស់ មាន​សិរីល្អ​ជះ​ពន្លឺ​មក​ពី​រូប​គាត់ ដោយព្រោះ​គាត់​បាន​ជួប​នឹង​ព្រះ​ជាម្ចាស់។ តែ​យើង​មិន​គួរ​យល់​ច្រឡំ​ថា លោក ម៉ូសេ បាន​ឃើញ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ច្រើន​ជាង​យើង​នោះ​ឡើយ តាម​ពិត​ទៅ យើង​ឃើញ​ច្រើន​ជាង​គាត់​ទៅ​ទៀត។ បើ​លោក ម៉ូសេ ដែល​ជា​អ្នក​សរសេរ «អក្សរ​នាំ​ឲ្យ​ស្លាប់» បាន​ឃើញ​ព្រះ​ជាម្ចាស់​រហូត​បណ្ដាល​ឲ្យ​គាត់​បញ្ចេញ​ពន្លឺ​នៅ​ខាង​ក្រៅ ចុះ​យើង​វិញ តើ​យើង​គួរ​បញ្ចេញ​ពន្លឺ​នៃ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ប៉ុណ្ណា​ទៅ​ណ៎ះ! លោក ម៉ូសេ បាន​ឃើញ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​ឃើញ​តែ​ពី​ខាង​ក្រៅ ប៉ុន្តែ​ចំពោះ​យើង​វិញ ព្រះ​វិញ្ញាណបរិសុទ្ធ​គង់​នៅ​ក្នុង​យើង​ផ្ទាល់​តែ​ម្ដង។ ផ្នត់​គំនិត​បែប​នេះ​បាន​បណ្ដាល​ឲ្យ​សាវ័ក ប៉ុល ចោទ​សួរ​ថា «ចុះ​ចំណង់​បើ​ការ​បម្រើ​ព្រះ​វិញ្ញាណ​វិញ តើ​នឹង​មាន​សិរីល្អ​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត?» (ខ៨ គកស)។

៧. ការ​តាំង​សញ្ញាថ្មី គឺ​ជា​ពេលវេលា​ដែល​ប្រទាន​ឲ្យ​មាន​នូវ​សេចក្ដី​សុចរិត។ នេះ​ឯង​ជា​ចំណុច​ដែល​ការ​តាំង​សញ្ញា​ចាស់​មិន​អាច​ធ្វើ​បាន។ ជា​ចំណុច​តំណាង៖ ការ​តាំង​សញ្ញា​ចាស់​អាច​ផ្ដល់​ការ​អត់ទោស​អំពើបាប​បាន ប៉ុន្តែ​គ្មាន​សមត្ថភាព​ក្នុង​ការ​ប្រទាន​ឲ្យ​ជីវិត​រស់នៅ​ឲ្យ​មាន​សេចក្ដី​សុចរិត​នោះ​ទេ។ នៅពេល​ដែល​យើង​ក្រឡេក​មើល​ទៅ​ក្រោយ យើង​ឃើញ​ពី​ចំណុច​នេះ​យ៉ាង​ច្បាស់ គឺ​ថា​ការ​តាំង​សញ្ញា​ចាស់​បាន​បរាជ័យ ហើយ​ក៏​មិន​អាច​ទទួល​ភាព​ជោគជ័យ​បាន​ដែរ។ ដូច្នេះ​ហើយ សូម្បី​តែ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ ការ​ទទួល​បាន​សេចក្ដី​សុចរិត​ក៏​អាច​មាន​តាមរយៈ​ជំនឿ​ដែរ មិនមែន​តាមរយៈ​ការ​មាន​ចំណែក​ក្នុង​ព័ន្ធកិច្ច​នៃ​សេចក្ដី​ស្លាប់​នោះ​ទេ។ ប៉ុន្តែ ការ​តាំង​សញ្ញា​ថ្មី​បាន​លុប​ភាព​តានតឹង​នេះ​ចោល។ តាមរយៈ​ការ​រួម​ចំណែក​នៅ​ក្នុង​ការ​តាំង​សញ្ញា​ថ្មី «នោះ​ការ​បម្រើ​ដែល​នាំ​ឲ្យ​សុចរិត នឹង​រឹត​តែ​មាន​សិរីល្អ​ជា​បរិបូរ លើស​ជាង​ទៅ​ទៀត​មិន​ខាន!» (ខ៩ គកស)។

៨. ខណៈពេល​ដែល​ការ​តាំង​សញ្ញា​ចាស់​ទាមទារ​ឲ្យ​មាន​ស្បៃ​គ្រប​បាំង ការ​តាំង​សញ្ញា​ថ្មី​គឺ​ជា​ពេល​នៃ​ការ​បើក​ស្បៃ​នៃ​ដួងចិត្ត​វិញ។ លោក ម៉ូសេ បាន​បំពាក់​ស្បៃ​នៅ​លើ​មុខ​គាត់ ដើម្បី​បាំង​ការ​ចែងចាំង​នៃ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់។ លក្ខណសម្បត្តិ​នៃ​ការ​តាំង​សញ្ញា​ចាស់ គឺ​គ្រាន់​តែ​បង្ហាញ​សិរីល្អ​របស់​ព្រះជាម្ចាស់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ នេះ​បើ​ប្រៀប​ទៅ​នឹង​ការ​តាំង​សញ្ញា​ថ្មី។ អ្វី​ដែល​បាន​បន្សល់​ទុក​សម្រាប់​អស់​អ្នក​រួបរួម​ក្នុង​ការ​តាំង​សញ្ញា​ចាស់ គឺ​គ្រាន់​ជា ការ​សម្លឹង​ទៅកាន់​អនាគត ហើយ​រង់ចាំ​នូវ​អ្វី​មួយ​ផ្សេង​ទៀត។ នោះ​ហើយ​គឺ​ជា​អ្វី​មួយ​ដែល​នឹង​ដក​ស្បៃ​នោះ​ចេញ។ ពួកគាត់​កំពុង​ទន្ទឹង​រង់ចាំ​អំណាច​នៃ​ការ​បញ្ចាំង​ឲ្យ​ឃើញ​ដែល​មាន​នៅក្នុង​ការតាំង​សញ្ញា​ថ្មី «ព្រោះ​មាន​តែ​ក្នុង​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ទើប​ស្បៃ​នោះ​សាបសូន្យ​ទៅ» (ខ១៤, ១៦)។

៩. ការ​តាំង​សញ្ញា​ថ្មី​គឺ​ជា​ពេលវេលា​ដែល​បន្សុទ្ធ។ ការ​តាំង​សញ្ញា​ចាស់​បាន​ត្រឹមតែ​បើក​បង្ហាញ​ឲ្យ​មនុស្ស​ដឹង​ថា​ខ្លួន​ខុស និង​កាត់​ទោស​កំហុស​របស់​គេ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​តាំង​សញ្ញាថ្មី នៅ​បន្ត​បំផ្លាស់​បំប្រែ​ជានិច្ច។ ការ​នេះ​អាច​កើត​ឡើង ព្រោះ​ក្នុង​ការ​តាំង​សញ្ញា​ថ្មី ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​ចិត្ដ​យើង។ ធាតុ​ពិត​គឺ​ត្រង់​ថា ព្រះ​ជាម្ចាស់​បាន​រំលែក​រូប​អង្គ​ទ្រង់​ផ្ទាល់​មក​លើ​មនុស្ស​លោក​តាមរយៈ​ព្រះ​គ្រីស្ទ។ ការ​នេះ​បណ្ដាល​ឲ្យ​យើង​កំពុង​តែ «ផ្លាស់ប្រែ​ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​មួយ ទៅ​សិរីល្អ​មួយ ដ្បិត​នេះ​មកពី​ព្រះ​អម្ចាស់ ដែល​ជា​ព្រះ​វិញ្ញាណ» (ខ១៨)។ តាមរយៈ​ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​យើង យើង​អាច​មាន​បទពិសោធន៍​នៃ​ការ​បំផ្លាស់​បំប្រែ​ជា​បន្តបន្ទាប់៖ មាន​ចាស់ទុំ ក្រុមជំនុំ​ដែល​ទទួល​បាន​ការ​បន្សុទ្ធ ហើយ​ផែនដី​ទាំងមូល​ដែល​ចេះ​ក្ដុកក្ដួល​សម្រាប់​ដំណឹងល្អ។

ដូច្នេះ នៅពេល​ណា​ដែល​លោក​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​បាក់​ទឹកចិត្ត​ខាង​ឯ​វិញ្ញាណ សូម​អាន​កណ្ឌគម្ពីរ​២កូរិនថូស​ជំពូក៣ ហើយ​ចូរ​មាន​អំណរ​នឹង​ចំណុច​ទាំង​៩​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​ធ្វើ​ការ​ក្នុង​អស់​លោក​អ្នក​តាមរយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ចុះ!

បកប្រែ​ដោយ និង​កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ថាច់ ទិត្យសូរិយា, និង​លោក ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។
image_pdfទាញ​យក​ជា PDF

What do you think?

0 points
Upvote Downvote

Comments

Leave a Reply

Your email address will not be published. Required fields are marked *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ដែល​ឆេះ​បន្សុស

​បំផ្លើស