យើងលើកឡើងអំពីការច្រណែនគ្នាក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែ យើងពិតជាមិនដែលបាននិយាយអំពីបែបបទនៃចែចង់គ្នាដោយមានការពឹងលើ នោះទេ។ ប្រធានបទនេះក៏សំខាន់ផងដែរ។ សំណួរបានមករកយើងពីយុវជនម្នាក់មិនបានផ្តល់ឈ្មោះឲ្យយើង។ «ជំរាបសួរគ្រូ ខ្ញុំសូមអរគុណលោកគ្រូសម្រាប់ការឆ្លើយសំណួររបស់លោកគ្រូផងដែរ។ ខ្ញុំមានទំនាក់ទំនងស្នេហាដល់កម្រិត ដែលមិត្តស្រីរបស់ខ្ញុំបានមកពឹងលើខ្ញុំចំពោះអ្វីដែលខ្ញុំមានអារម្មណ៍ថា មិនជាសូវជាល្អ។ គាត់ចំណាយពេលកាន់តែតិចជាមួយមិត្តភក្ដិរបស់គាត់ សូម្បីតែជាមួយគ្រួសាររបស់គាត់ ហើយគាត់ពឹងផ្អែកលើខ្ញុំជាទំនាក់ទំនងតែមួយគត់របស់គាត់វិញ។ នេះហាក់ដូចជាមិនសូវល្អទេចំពោះខ្ញុំ។ តើមែនទេលោកគ្រូ? ហើយតើខ្ញុំគួរធ្វើដូចម្ដេច?
ទោះបីជាបុរសវ័យក្មេងនេះមិនបាននិយាយឲ្យចំៗក៏ដោយ ក៏ខ្ញុំនឹងសន្មត់ថា ផ្នែកនៃអ្វីដែលនៅពីក្រោយសំណួរនេះ គឺការរំពឹងទុកនៃអាពាហ៍ពិពាហ៍ពិពាហ៍ ហើយការបារម្ភថាស្ត្រីដែលពឹងផ្អែកខ្លាំងពេកលើគាត់ម្នាក់នេះ អាចខ្លាំងជាងមុនចំពោះអ្វីដែលគាត់នឹងក្លាយទៅជា ក្នុងនាមជាភរិយា និងជាដៃគូអស់មួយជីវិត។
ឫសគល់ជ្រៅសម្រាប់កិច្ចព្រមព្រៀងពេញមួយជីវិត
ជីវិតអាពាហ៍ពិពាហ៍មិនមែនជាការពិសោធន៍នោះទេ វាជាកិច្ចសន្យាពេញមួយជីវិត។ ជាការល្អដែលមានពាក្យសច្ចានៅពេលរៀបការ តាមប្រពៃណីដោយមានឃ្លាថា «ដរាបណាយើងទាំងពីរនៅរស់» ឬ «ដរាបណាយើងចែកផ្លូវគ្នា»។ ការសន្យាបែបនោះមានឫសគល់តាមព្រះគម្ពីរ។ វាត្រឹមត្រូវ។ យើងគួរតែសន្យាបែបនោះនៅក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់យើង។ ដូច្នេះ បុរស និងស្ត្រីគ្រប់រូបដែលកំពុងសញ្ជឹងគិតអំពីសេចក្ដីតាំងសញ្ញាពេញមួយជីវិតបែបនេះគួរតែស្វែងរកភស្តុតាងនៃជំនឿដែលមិនអាចរង្គោះរង្គើលើព្រះគ្រីស្ទ និងមានឫសគល់ជ្រៅនៃចរិតលក្ខណៈ និងកម្លាំងរបស់គ្រីស្ទបរិស័ទដែលគាត់កំពុងសញ្ជឹងគិតអំពី។
ជាការពិតណាស់ គ្មាននរណាម្នាក់ជាចៅក្រមអាចកាត់ថ្លៃបានលើសេចក្តីជំនឿ និងចរិតលក្ខណៈនោះទេ លើកលែងតែព្រះជាម្ចាស់។ នោះហើយជាមូលហេតុដែលបុរសគ្រីស្ទបរិស័ទ និងស្ត្រីគ្រីស្ទបរិស័ទគួរតែអធិស្ឋានដោយស្មោះ ដោយទូលសូមឲ្យព្រះជាម្ចាស់ការពារពួកគេចេញពីការរៀបការជាមួយនឹងនរណាម្នាក់ដែលនឹងបំផ្លាញអាពាហ៍ពិពាហ៍ ឬនរណាម្នាក់ដែលនឹងធ្វើឲ្យទំនាក់ទំនងនេះបង្អាប់ដល់ព្រះគ្រីស្ទ។ ដូច្នេះ យុវជនដែលសួរសំណួរនេះ គឺដាក់ម្រាមដៃលើលក្ខណៈវិនិច្ឆ័យដែលយើងគួររកមើលនៅពេលចែចង់នរណាម្នាក់ដែលអាចក្លាយជាប្ដីឬប្រពន្ធរបស់ខ្លួន។ គាត់កំពុងដាក់ម្រាមដៃលើអ្វីដែលយើងអាចហៅថា ភាពខ្វះខាតរបស់យុវនារីនេះ។
៥សំណួរ ដើម្បីវាយតម្លៃទៅលើការចែចង់ដោយមានការពឹងលើ
តាមពិតទៅ ខ្ញុំគ្មានសិទ្ធិវិនិច្ឆ័យលើបញ្ហារបស់ស្ត្រីម្នាក់នេះដែលគាត់កំពុងនិយាយនោះទេ។ ខ្ញុំដឹងតិចតួចអំពីគាត់ ហើយមានកត្តាជាច្រើនដែលអាចកំណត់អាកប្បកិរិយារបស់គាត់។ ខ្ញុំនឹងល្ងង់ណាស់ក្នុងការកាត់ទោសគាត់។ ដូច្នេះ ខ្ញុំនឹងគ្រាន់តែនិយាយបែបទូទៅអំពីអ្វីដែលគាត់គួរតែស្វែងរក ជាពិសេសទាក់ទងនឹងតម្រូវការខាងវិញ្ញាណ ឬផ្លូវចិត្ត ឬក៏អ្វីដែលគាត់ចង់សំដៅលើដែលខ្ញុំគិតថាជាការពឹងលើ។
ខ្ញុំមានសំណូមពរប្រាំយ៉ាងដោយផ្អែកលើខគម្ពីរទាំងប្រាំ ហើយដោយសារបុរសដែលជាអ្នកបានសួរអំពីស្ត្រីដែលគាត់កំពុងតែចែចង់ នោះខ្ញុំនឹងប្រាប់ជាការផ្ដល់យោបល់ទាំងនេះទាក់ទងនឹងប្រភេទស្ត្រីដែលគាត់គួរស្វែងរក ទោះបីជានៅក្នុងចំណុចទាំងប្រាំនេះជាអ្វីដែលខ្ញុំគិតថា មនុស្សស្រីក៏គួរតែស្វែងរកក្នុងមនុស្សបុរសដែរ។
១.តើព្រះយេស៊ូវមានតម្លៃបំផុតសម្រាប់គាត់ឬ?
តើគាត់ឲ្យតម្លៃលើព្រះយេស៊ូវ និងទំនាក់ទំនងរបស់គាត់ជាមួយព្រះយេស៊ូវថា មានតម្លៃជាងទំនាក់ទំនងណាផ្សេងទៀតដែលគាត់មានដែរឬទេ?
«ប៉ុន្តែ សេចក្ដីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ។ ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ» (ភីលីព ៣:៧-៨)។
នេះគឺជាសំណួរដ៏សំខាន់បំផុត។ តើក្មួយអាចដឹងថា ក្មួយជាអ្នកលេខពីរក្នុងជីវិតរបស់គាត់ ហើយមិនមែនជាលេខមួយបានទេ? តើក្មួយអាចយល់ឃើញថា គាត់នឹងរីករាយដែលក្មួយជាប់ជាលេខពីរក្នុងជីវិតរបស់គាត់ ហើយមិនមែនជាលេខមួយដែរទេ? ប្រសិនបើឧត្តមភាពរបស់ព្រះគ្រីស្ទមិនស្ថិតស្ថេរ នោះគ្មានអ្វីផ្សេងទៀតនៅក្នុងទំនាក់ទំនងនេះដែលនឹងនៅកន្លែងដ៏ត្រឹមត្រូវបានទេ។
២. តើព្រះគ្រីស្ទធ្វើឲ្យគាត់មានស្ថេរភាពដែរឬទេ?
តើព្រះគ្រីស្ទបានក្លាយជាអ្នកផ្តល់ក្តីសង្ឃឹមហើយមានស្ថេរភាព និងពេញចិត្តចំពោះគាត់ ដែលក្មួយអាចមើលឃើញថា តើកម្លាំង និងអត្តសញ្ញាណរបស់គាត់ និងស្ថេរភាពរបស់គាត់ត្រូវបានបំផ្លាញចោល ឬក៏អត់ដោយសារចំណុចទាប និងចំណុចខ្ពស់នៃជីវិតរបស់គាត់ដែរឬទេ?
«ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្ដីសន្ដោសក្នុងសណ្ឋានគ្រប់យ៉ាង។ ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្ដីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមាន ទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ» (ភីលីព ៤:១១-១៣)។
តើគាត់បានរៀនអំពីចំណុចនេះហើយឬនៅ? តើក្មួយបានឃើញកម្លាំងពីខាងក្នុងបែបនេះកើតចេញពីសេចក្តីជំនឿរបស់គាត់លើព្រះគ្រីស្ទ ដល់ថ្នាក់ថាគាត់នៅអាចមានដំណើរការ និងបង្កើតផ្លែផ្កាក្នុងនាមជាមនុស្សក្នុងគ្រាដ៏ល្អបំផុត និងគ្រាដ៏អាក្រក់បំផុតបានដែរឬទេ?
៣. តើគាត់គោរពជាជាងប្រើក្មួយដែរឬទេ?
វាមិនមែនជាបែបសាសនាគ្រីស្ទទេ—យើងគ្រាន់តែត្រូវទទួលស្គាល់ចំណុចនេះថា—សម្រាប់ឲ្យមនុស្សម្នាក់ (ដែលមានជំនឿលើព្រះគ្រីស្ទ) មានអារម្មណ៍ថា ខ្លួនត្រូវការមនុស្សម្នាក់ទៀត។ មានសេចក្តីត្រូវការក្នុងគម្ពីរមួយប្រភេទដែលមិនដូចគ្នាទៅនឹងសេចក្តីត្រូវការបែបនោះ។ តើគាត់មានតម្រូវការសម្រាប់ក្មួយ ដែលនៅឫសគល់នោះ ដែលមានសមត្ថភាពគោរពក្មួយ មិនមែនប្រើប្រាស់ក្មួយដែរឬទេ?
នេះជាកន្លែងដែលខ្ញុំទទួលបានគំនិតនោះ។ សូមពិចារណាអំពីរបៀបដ៏ពិសេសដែលសាវ័ក ប៉ុល បានប្រកែកនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១២:២១-២៣។ ក្នុងការពណ៌នាអំពីទំនាក់ទំនងរវាងគ្រីស្ទបរិស័ទក្នុងរូបកាយរបស់ព្រះគ្រីស្ទ គាត់បានមានប្រសាសន៍ថា៖ «ហើយភ្នែកពុំអាចនិយាយទៅដៃថា “អញមិនត្រូវការនឹងឯងទេ”»។ ផ្ទុយទៅវិញ ផ្នែកនៃរាងកាយដែលហាក់ដូចជាទន់ខ្សោយគឺមិនអាចខ្វះបាន ហើយចំពោះផ្នែកនៃរាងកាយដែលយើងគិតថា មិនសូវមានកិត្តិយស នោះយើងផ្តល់កិត្តិយសឲ្យច្រើនជាង។
ម្យ៉ាងទៀត គាត់បានបកស្រាយអំពីតម្រូវការដែលអវយវៈក្នុងខ្លួនមានចំពោះអវយវៈផ្សេងទៀតថាជាតម្រូវការដែលផ្តល់កិត្តិយសដល់អវយវៈផ្សេងទៀត។ នោះពិតជាចម្លែក និងអស្ចារ្យណាស់។ នោះក៏ជាតម្រូវការមិនធម្មតាដែរ។ ដូច្នេះ សំណួរសម្រាប់បុរសនេះគឺថា តើតម្រូវការរបស់យុវនារីនេះសម្រាប់គាត់ជាតម្រូវការដូចដែលសាវ័ក ប៉ុល កំពុងនិយាយដែរឬទេ? តើវាមានសមត្ថភាព និងការប្ដេជ្ញាចិត្តក្នុងការមិនធ្វើស៊ីគាត់ដោយការមានពេញទៅដោយតម្រូវការ ប៉ុន្តែជាការផ្តល់កិត្តិយសដល់គាត់វិញដែរឬទេ?
៤. តើគាត់ធន់ទ្រាំនឹងព្រះគ្រីស្ទដែរឬទេ?
តើគាត់មានចិត្តស្ងប់ និងភាពរឹងប៉ឹងដើម្បីកុំឲ្យសេចក្តីអំណររបស់គាត់ក្នុងព្រះគ្រីស្ទត្រូវបានបំផ្លាញចោល បើមានគេបដិសេធគាត់ដែរឬទេ?
មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល…ទុកដូចជាអាក្រក់ដោយព្រោះកូនមនុស្ស។ ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំនៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ (លូកា ៦:២២-២៣)។
ម្យ៉ាងទៀត រង្វាន់យ៉ាងធំ មានស្ថិរភាព ចិត្តស្កប់ស្កល់ដល់ថ្នាក់ថា ការបដិសេធពីមនុស្សមិនធ្វើឲ្យយើងខូចចិត្តឡើយ។ តើក្មួយឃើញភស្តុតាងនៅក្នុងគាត់ត្រង់ថា គាត់នឹងឆ្លើយតបតាមរបៀបដែលសាវ័ក ប៉ុល បានធ្វើនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៤:១២-១៣ ដែរឬទេ? «កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ»។ ឬក៏ តើក្មួយឃើញមានភ័ស្ដុតាងដែលថា ប្រសិនបើមានគេប្រព្រឹត្តបែបនោះដាក់គាត់ នោះគាត់នឹងមានអារម្មណ៍អសមត្ថភាពវិញ?
៥. តើគាត់អាចរីករាយនឹងទុក្ខព្រួយបានដែរឬទេ?
តើគាត់មានបទពិសោធន៍ខ្លះនៃបទពិសោធគ្រីស្ទបរិស័ទដែលខុសប្លែកពីគេអំពី «មានសេចក្ដីព្រួយ តែចេះតែបានសប្បាយវិញ» ឬទេ? នោះជារបៀបដែលសាវ័ក ប៉ុល បានពណ៌នាអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ថា «មានសេចក្ដីព្រួយ តែចេះតែបានសប្បាយវិញ» (២កូរិនថូស ៦:១០)។
ម្យ៉ាងវិញទៀត មិនថាការបាត់បង់ពិតប៉ុណ្ណា ឬឈឺចាប់ខ្លាំងយ៉ាងណានោះទេ ផ្ទាំងថ្មនៃសេចក្តីអំណររបស់ព្រះជាម្ចាស់នៅក្រោមរលកនៃទុក្ខសោកមិនដែលរើបានឡើយ។
ស្តង់ដារដែលត្រូវខិតខំចង់បាន
សំណួរទាំងប្រាំនេះដែលខ្ញុំនឹងសួរ ក្នុងការព្យាយាមស្វែងយល់ថា តើការពឹងផ្អែកខាងផ្លូវអារម្មណ៍ និងនៅក្នុងទំនាក់ទំនងនៃការចែចង់គ្នានោះមានការពឹងពាក់លើ ជាទំនាក់ទំនងដំណើរការមិនមានដំណើរការត្រឹមត្រូវ ឬក៏មិនមានសុខភាពល្អ ឬក៏មានការពឹងលើ។
ហើយប្រសិនបើដូចដែលខ្ញុំអាចស្រមៃបានដល់ថា ការឆ្លើយតបរបស់ក្មួយចំពោះសំណួរទាំងនេះគឺនិយាយថា «លោកគ្រូ គ្មាននរណាម្នាក់អាចវាស់វែងបានតាមស្តង់ដារនោះទេ» នោះការឆ្លើយតបរបស់ខ្ញុំគឺថា គ្មាននរណាម្នាក់ (ដើម្បីប្រាកដគ្នា) គ្មាននរណាម្នាក់ល្អឥតខ្ចោះក្នុងវិធីទាំងប្រាំនេះទេ។ ប៉ុន្តែ បុគ្គលដែលកើតមកពីព្រះជាម្ចាស់ពិតប្រាកដនឹងដឹងអំពីរង្វាស់ខ្លះៗនៃកិច្ចការទាំងនេះ ពិតជាបានភ្លក់រសជាតិវា ហើយនឹងមិនរុញរាពីសំណួរបែបនេះទេ ប៉ុន្តែនឹងពិតជាចង់រីកចម្រើនតាមវិធីទាំងអស់នេះជាមិនខាន។ ដូច្នេះ ចូររកមើលចំណុចទាំងនេះ ហើយសូមឲ្យព្រះជាម្ចាស់ប្រទានឲ្យក្មួយនូវការយល់ដឹង នៅក្នុងការសម្រេចចិត្តដ៏ធំបំផុតទីពីរនៃជីវិតរបស់ក្មួយចុះ។
យើងលើកឡើងអំពីការច្រណែនគ្នាក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែ យើងពិតជាមិនដែលបាននិយាយអំពីបែបបទនៃចែចង់គ្នាដោយមានការពឹងលើនោះទេ។ ប្រធានបទនោះក៏សំខាន់ផងដែរ…
មតិយោបល់
Loading…