in

ភាព​អាម៉ាស់

ចំណុច​១០​យ៉ាង​ដែល​លោក​អ្នក​គួរ​ដឹង

១. ភាព​អាម៉ាស់​មាន​លក្ខណៈ​ខុស​គ្នា​ពី​ពិរុទ្ធភាព

លោក​គ្រូ អែឌ វេលជ៍ (Ed Welch) ដែល​ជា​អ្នក​និពន្ធ​សៀវភៅ Shame Interrupted គឺ​ជា​បុគ្គល​ដំបូង​ដែល​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ពី​ចំណុច​ខុស​គ្នា​រវាង​ភាព​អាម៉ាស់ និង​ពិរុទ្ធ​ភាព។ សារ​នៃ​ពិរុទ្ធ​ភាព​គឺ «ខ្ញុំ​បាន​ធ្វើ​ការ​អាក្រក់» ហើយ​ខ្ញុំ​ត្រូវ​ការ​ភាព​យុត្តិធម៌ និង​ការ​អត់​ទោស។ សារ​នៃ​ភាព​អាម៉ាស់​គឺ «ខ្ញុំ​ជា​មនុស្ស​អាក្រក់» ហើយ​ខ្ញុំ​ត្រូវ​ការ​ប្ដូរ​អត្តសញ្ញាណ ហើយ​ខ្ញុំ​ត្រូវការ​ការ​តភ្ជាប់​ខាង​ឯ​ទំនាក់ទំនង។ អំពើ​បាប​បង្កើត​ឲ្យ​មាន​ភាព​អាម៉ាស់ និង​ពិរុទ្ធ​ភាព ហើយ​ភាព​អាម៉ាស់ គឺ​ជា​ភាព​ដិតដាម​មួយ​ដែល​ជាប់​ស្អិត​ក្នុង​ជីវិត​យើង ទោះបើ​យើង​បាន​សុំ​ទោស ឬ​ក៏​បាន​ទទួល​ការ​អត់​ទោស​ក៏​ដោយ។ ភាព​អាម៉ាស់​ប្រៀប​ដូច​ជា​អ្វី​ដែល​ជាប់​នៅ​ខាង​ក្នុង​យើង ប៉ុន្តែ​ពិរុទ្ធភាព​ប្រៀប​ដូច​ជា​អ្វី​ដែល​នៅ​ខាង​ក្រៅ​យើង។

២. ភាព​អាម៉ាស់​អាច​កើត​ចេញ​ពី​ការ​ដែល​អ្នក​ដទៃ​បាន​ប្រព្រឹត្ត​បាប​ទាស់​នឹង​យើង

ជា​ទូទៅ ភាព​អាម៉ាស់​ច្រើន​កើត​មាន​ឡើង​ក្នុង​ករណី​នៃ​ការ​ចាប់​រំលោភ។ បុគ្គល​ដែល​ធ្លាប់​មាន​អ្នក​ដទៃ​ផ្ដល់​នូវ​ស្នាម​នៃ​ភាព​អាម៉ាស់ ឬ​មាន​គេ​បាន​ធ្វើ​អំពើ​បាប​ចំពោះ​ខ្លួន បុគ្គល​នោះ​ងាយ​នឹង​កើត​មាន​ភាព​អាម៉ាស់​ណាស់។ វា​ជា​រឿង​ធម្មតា​ទេ​ចំពោះ​បុគ្គល​ដែល​ត្រូវ​គេ​ចាប់​រំលោភ គឺ​គាត់​មាន​ភាព​អាម៉ាស់​ជាង​បុគ្គល​ដែល​រំលោភ​គាត់​ទៅ​ទៀត។

សូម​មើល​ឧទាហរណ៍​ដ៏​ច្បាស់​មួយ​ដែល​ដក​ចេញពី​ព្រះគម្ពីរ​ទាក់ទង​នឹង​ចំណុច​ខាង​លើ​នេះ៖ នាង​តាម៉ារ​ត្រូវ​បង​ប្រុស​របស់​នាង​ឈ្មោះ​លោក អាំណូន ចាប់​រំលោភ ហើយ​បាន​បណ្ដេញ​នាង​ចេញ​ពី​ដំណាក់​ដោយ​និយាយ​ថា «គាត់​លែង​ត្រូវ​ការ​នាង​តទៅ​ទៀត​ហើយ»។ ពេល​នោះ នាង​តាម៉ារ​បាន​ចេញ​ទៅ​ទាំង​យំ​ជា​ខ្លាំង ដោយ​ព្រោះ​នាង​មាន​ពេញ​ដោយ​ភាព​អាម៉ាស់។ កណ្ឌ​គម្ពីរ ២សាំយូអែល ១៣:១៩ បាន​ពណ៌នា​អំពី​សកម្មភាព​នៃ​ការ​ដើរ​ចេញ​របស់​នាង​ដូចតទៅ៖ «នាង​តាម៉ារ​យក​ផេះ​មក​ដាក់​លើ​ព្រះ​សិរ ក៏​ហែក​ព្រះ​ភូសា ហើយ​យក​ព្រះ​ហស្ត​ដាក់​លើ​ព្រះ​សិរ យាង​ទៅ​ទាំង​ព្រះ​កន្សែង​ខ្លាំង» (គកស)។

៣. ភាព​អាម៉ាស់​អាច​កើត​ចេញ​ពី​អំពើ​បាប​ពី​អតីតកាល​ដែល​ជាប់​ដិតដាម​ក្នុង​ជីវិត​យើង

តើ​លោក​អ្នក​ជឿ​ថា ព្រះ​ជាម្ចាស់​បាន​ដក​អំពើ​បាប​ដ៏​ធំ​បំផុត​របស់​លោក​អ្នក​ចេញ​យ៉ាង​ឆ្ងាយ គឺ​ឆ្ងាយ​ដូច​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច​យ៉ាង​ដូច្នោះ​ដែរ​ឬ​ទេ? «ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ» (ទំនុកដំកើង ១០៣:១២)។ អស់​អ្នក​ណា​ដែល​យក​ព្រះ​គ្រីស្ទ​ជា​ទី​ពឹង​ជ្រក នោះ​ភាព​អាម៉ាស់​នឹង​លែង​នៅ​ជាប់​ក្នុង​អ្នក​នោះ​ទៀត​ហើយ ទោះ​បើ​ភាព​អាម៉ាស់​នោះ​មាន​ទំហំ​ធំ​ធេង​ប៉ុណ្ណា​ក៏​ដោយ នេះ​គឺ​ជា​សេចក្តី​ពិត​ដ៏​ពិត​ប្រាកដ។ ប្រហែល​ជា​មាន​មនុស្ស​ខ្លះនៅ​តែ​ចាំ​នូវ​អ្វី​ដែល​លោកអ្នក​បាន​ប្រព្រឹត្ត ឬ​ប្រហែល​លោកអ្នកផ្ទាល់​ក៏​ចាំ​ដែរ ប៉ុន្តែ​ចំពោះ​ព្រះ​ជាម្ចាស់​ដែល​មាន​ការ​ចងចាំ​អស់​កល្ប​ជានិច្ច ទ្រង់​បាន​បោះ​អំពើ​បាប​របស់​លោកអ្នក​ភ្ជាប់​នៅ​ឈើ​ឆ្កាង​រួច​បាត់​ទៅ​ហើយ ហើយ​វា​ក៏​គ្មាន​អំណាច​លើ​លោក​អ្នក​ទៀត​ដែរ (កូឡូស ២:១៤)។

៤. ភាព​អាម៉ាស់​ប្រៀប​ដូច​ជា​អារម្មណ៍​ស្រពិចស្រពិល​មួយ​ដែល​គិត​ថា​ខ្លួន​មិន​មាន​តម្លៃ ហើយ​គ្មាន​សុវត្ថិភាព អារម្មណ៍​នោះ​មិន​ទាក់ទង​នឹង​អំពើ​បាប​ពី​អតីតកាល ឬ​បច្ចុប្បន្នកាល

«សេចក្ដី​អាម៉ាស់» គឺ​ជា​ការ​មិន​ជឿ​ថា​ ព្រះ​ជាម្ចាស់​ស្រឡាញ់​លោក​អ្នក​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ការ​ដែល​លោក​អ្នក​ជឿ​ថា ព្រះ​ជាម្ចាស់​បាន​ដក​អំពើ​បាប​របស់​លោក​អ្នក​ចោល ​គឺ​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​ការ​ដែល​លោក​អ្នក​ជឿ​ថា ព្រះ​ជាម្ចាស់​នឹង​មិន​ដក​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ចេញ​ពី​លោក​អ្នក ​គឺ​ជា​រឿង​ម្យ៉ាង​ទៀត។

ភាព​អាម៉ាស់​ប្រៀប​ដូច​ជា ​រនាំង​មួយ​ដែល​រារាំង​សេចក្ដី​ស្រឡាញ់​មិន​ឲ្យ​ជ្រាប​ចូល​មក​បាន មិន​ថា​ក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់ ឬ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ឯ​ទៀត។ វា​ប្រៀប​ដូច​ជា​មន្ទិលសង្ស័យ​ដែល​យើង​គិត​ដដែលៗ​ថា៖ «នោះ​ប្រហែល​ជា​រឿង​ពិត​សម្រាប់​អ្នក​ដទៃ ប៉ុន្តែ​វា​មិន​ពិត​សម្រាប់​ខ្ញុំ»។

៥. ការ​ដែល​យើង​ព្យាយាម​ដោះ​ភាព​អាម៉ាស់​របស់​យើង​ចេញ​ដោយ​ទម្លាក់​លើ​អ្នក​ដទៃ នោះ​ភាព​អាម៉ាស់​នឹង​កាន់​តែ​ទ្វេគុណ​ឡើង

ភាព​អាម៉ាស់​ដែល​ឆ្លង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ឬ​ភាព​អាម៉ាស់​វិល​ជុំ ទាំង​ពីរ​នេះ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ចង់​ទម្លាក់​ភាព​អាម៉ាស់​របស់​យើង​ទៅ​អ្នក​ដែល​នៅ​ជុំវិញ​យើង​ដោយ​ការ​ស្ដីបន្ទោស ឬ​ក៏​ធ្វើ​ឲ្យ​ពួកគេ​អាម៉ាស់។ ម្ដាយ​ដែល​មាន​អារម្មណ៍​អាម៉ាស់​ចំពោះ​រូបរាង​របស់​ខ្លួន គាត់​នឹង​រិះគន់​ពី​ការ​ហូបចុក និង​ការ​ស្លៀកពាក់​របស់​កូន​ស្រី​ខ្លួន ដោយ​ទម្លាក់​ភាព​អាម៉ាស់​ទាំង​នោះ​ទៅ​លើ​កូន​ស្រី​របស់​ខ្លួន​វិញ។ ឪពុកម្ដាយ​ដែល​អាម៉ាស់​មុខ​ដោយ​សារ​កូន នឹង​តែង​តែ​ស្ដី​ឲ្យ​កូន​ខ្លួន​នៅ​មុខ​អ្នក​ដទៃ ហើយ​ការ​នោះ​ប្រាកដ​ជា​នឹង​ផ្ទេរ​ភាព​អាម៉ាស់​មុខ​ដល់​កូន​គាត់​ជា​មិន​ខាន។ ប្ដី​ដែល​មាន​ការ​ពិបាក​នៅ​កន្លែង​ធ្វើការ​ដោយ​សារ​មេ​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​អាម៉ាស់​មុខ ពេល​ត្រឡប់​មក​ផ្ទះ​វិញ គាត់​នឹង​ធ្វើ​ការ​នោះ​ដល់​ប្រពន្ធ​កូន​របស់​គាត់​វិញ។

៦. ភាព​អាម៉ាស់​រារាំង​គំនិត​ច្នៃប្រឌិត

ប្រសិនបើ​ខ្ញុំ​មាន​គំនិត​មិន​ប្រាកដប្រជា ឬ​ក៏​មិន​ទុក​ចិត្ត​លើ​អំណោយទាន និង​ការងារ​របស់​ខ្ញុំ ការ​នោះ​ប្រាកដ​ជា​នឹង​រារាំង​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​មាន​គំនិត​ច្នៃប្រឌិត​ជា​មិន​ខាន។ គំនិត​ច្នៃប្រឌិត​ទាមទារ​ឲ្យ​មាន​សេរីភាព ប៉ុន្តែ​ភាព​អាម៉ាស់​តែងតែ​បំបាក់​សេរីភាព​នោះ ព្រោះ​ភាព​អាម៉ាស់​ទាមទារ​នូវ​ភាព​ល្អ​គ្រប់​លក្ខណ៍​ចំពោះ​អ្វីៗ​ដែល​យើង​ធ្វើ មុន​នឹង​យើង​យក​វា​ទៅ​បង្ហាញ​ដល់​អ្នក​ដទៃ។

ពេល​ដែល​យើង​មាន​សេរីភាព​ចេញ​ពី​ភាព​អាម៉ាស់ ហើយ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់ នោះ​យើង​ងាយ​នឹង​បញ្ចេញ​ស្នាដៃ​នៃ​ការ​ច្នៃប្រឌិត ក៏​ដូច​ជា​បង្ហាញ​ពី​កិច្ចការ​មួយ​ចំនួន​ដែល​យើង​ធ្វើ​សម្រាប់​​លោកីយ៍​នេះ ទោះបើ​កិច្ចការ​នោះ​មិន​ទាន់​គ្រប់​លក្ខណ៍​ក៏​ដោយ។ ភាព​អាម៉ាស់​តែង​តែ​រារាំង​ជំហាន​នៃ​ការ​ច្នៃប្រឌិត​ដែល​កំពុង​តែ​មាន​ដំណើរការ ដោយ​សួរ​យើង​ថា «តើ​ឯង​គិត​ថា ឯង​ជា​អ្នក​ណា?» ការ​ទាស់​បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​លក្ខណៈ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​យើង​មក​ទាំង​ស្រុង ដែល​ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​រូប​អង្គ​ទ្រង់ ដើម្បី​នឹង​បង្ហាញ​អំពី​ភាព​ច្នៃប្រឌិត​របស់​ទ្រង់​ក្នុង​អ្វីៗ​ដែល​យើង​ព្យាយាម​ធ្វើ។

៧. ជាទូទៅ ភាព​អាម៉ាស់​ជា​ឫសគល់​នៃ​ការ​បែក​បាក់​ទំនាក់ទំនង

ប្រសិនបើ​ខ្ញុំ​មិន​ជឿ​ថា មាន​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​ទេ នោះ​ខ្ញុំ​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​មាន​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​នឹង​អ្នក​ផ្សេង​ជា​មិន​ខាន។ ពេល​នោះ​ខ្ញុំ​ប្រាកដ​ជា​ព្យាយាម​រក​មធ្យោបាយ ដើម្បី​ដក​ខ្លួន​ឆ្ងាយ​ពី​មនុស្ស​ផ្សេងៗ ឬ​ការពារ​ខ្លួន​ខ្ញុំ​មិន​ឲ្យ​មាន​គេ​ស្គាល់​ជា​មិន​ខាន។ ជំនឿ​គោល​របស់​ខ្ញុំ​គឺ​ថា បើ​អ្នក​ពិត​ជា​ស្គាល់​ខ្ញុំ​មែន នោះ​អ្នក​ច្បាស់​ជា​មិន​ចង់​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ខ្ញុំ​ឡើយ។ ការ​នេះ​សបញ្ជាក់​យ៉ាង​ច្បាស់​ថា បុគ្គល​នោះ​កំពុង​តែ​មាន​ភាព​អាម៉ាស់។

៨. ភាព​អាម៉ាស់​នឹង​រលាយ​បាត់​ទៅ​ក្នុង​សហគមន៍

យុត្តិសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត គឺ​អនុញ្ញាត​អ្នក​ដទៃ​ស្គាល់​យើង​ឲ្យ​បាន​ច្បាស់ ហើយ​ត្រូវ​ស្គាល់​អ្នក​ដទៃ​ឲ្យ​បាន​ច្បាស់​ផង​ដែរ។ នៅ​ពេល​ដែល​យើង​ចែក​ចាយ​អំពី​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​របស់​យើង ឬ​អំពី​របៀប​ដែល​ភាព​អាម៉ាស់​បាន​រារាំង​យើង​ឲ្យ​នៅ​ស្ងៀម ពេល​នោះ​ភាព​អាម៉ាស់​នឹង​រលាយ​បាត់​ទៅ ព្រោះ​មាន​អ្នក​ស្ដាប់​ដែល​ចេះ​បង្ហាញ​ក្ដី​អាណិតអាសូរ​ដល់​យើង។ ការ​ចែកចាយ​បែប​នេះ​នឹង​ពន្លត់​អារម្មណ៍​ដែល​បណ្ដាល​យើង​ឲ្យ​ចង់​ដក​ខ្លួន​ចេញ​ពី​សហគមន៍ ក៏​ដូច​ជា​ភាព​ភ័យ​ខ្លាច​របស់​យើង​ចេញ។

៩. ភាព​អាម៉ាស់​នឹង​រលាយ​បាត់​ទៅ​ក្នុង​គន្លង​ផ្លូវ​របស់​ព្រះ​យេស៊ូវ ហើយ​នឹង​ស្ដារ​ទំនាក់ទំនង​រវាង​ព្រះ​ជាម្ចាស់ និង​អ្នក​ដទៃ​ឡើង​វិញ

ការ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​ជំនឿ នោះ​នឹង​រំដោះ​យើង​ចេញ​ពី​ភាព​អាម៉ាស់ ហើយ​ផ្ដល់​ឲ្យ​យើង​មាន​សេរីភាព។ ផ្នែក​មួយ​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី​នេះ​គឺ ដើម្បី​រំដោះ​ពួក​ឈ្លើយ​ចេញ​ពី​គុក ហើយ​គុក​ដ៏​ធំ​មួយ​គឺ​គុក​នៃ​ភាព​អាម៉ាស់។

ម្ដង​ហើយ​ម្ដង​ទៀត យើង​ឃើញ​ព្រះយេស៊ូវ​មិន​ដែល​ខ្ពើម​រអើម​នឹង​ការ​ប៉ះ​អស់​អ្នក​ដែល​សហគមន៍​​រាប់​ថា​មិន​ស្អាត (អ្នក​ដែល​មាន​ភាព​អាម៉ាស់) នោះ​ទេ គឺ​ទ្រង់​ព្យាបាល​ពួកគេ ទទួល​ពួកគេ​មក​ក្នុង​សហគមន៍​របស់​ពួកគេ​វិញ ទ្រង់​ធ្វើ​ដូច​នេះ​ជា​ដដែលៗ។ ព្រះ​អង្គ​បាន​ព្យាបាល​អ្នក​មាន​រោគ​ឃ្លង់ ហើយ​បង្គាប់​ពួក​គេ​ឲ្យ​ទៅ​ជួប​ពួក​សង្ឃ ដើម្បី​ឲ្យ​ពួក​សង្ឃ​ប្រកាស​ថា គេ​បាន​ស្អាត​ហើយ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​បុរស​ខ្វិន​ម្នាក់​ឲ្យ​គាត់​ក្រោក​ដើរ ហើយ​ឲ្យ​គាត់​ចេញ​ទៅ​ប្រាប់​អ្នក​ផ្សេងៗ​ថា ទ្រង់​ជា​អ្នក​ដែល​បាន​ព្យាបាល​គាត់។ ព្រះ​យេស៊ូវ​បាន​ការពារ​ស្ត្រី​ដែល​បាន​យក​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​មក​លាប​ព្រះបាទ​ទ្រង់ ពី​ការ​មើល​ងាយ​របស់​ពួក​អ្នក​ដឹក​នាំ​នៅ​ជំនាន់​នោះ​ដែល​បាន​រាប់​ខ្លួន​ឯង​ថា​សុចរិត។ ការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នេះ​បាន​ស្ដារ​កិត្តិយស​របស់​នាង​ឡើង​វិញ។

១០. ប្រធានបទ​នៃ​ភាព​អាម៉ាស់​នេះ​មិន​ត្រូវ​បាន​យក​មក​ពិភាក្សា​នៅ​ក្នុង​ក្រុម​ជំនុំ​ជា​ញឹកញាប់​ប៉ុន្មាន​ទេ ដែល​ធាតុ​ពិត​ការ​ពិភាក្សា​នេះ​អាច​ព្យាបាល​យើង ហើយ​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​ពី​ភាព​អាម៉ាស់

យើង​ច្រើន​តែ​និយាយ​ពី​ពិរុទ្ធភាព ដែល​ការ​នេះ​វា​សំខាន់​ដូច​គ្នា​ទៅ​នឹង​ការ​ពិភាក្សា​លើ​ប្រធានបទ​នៃ​ការ​អត់ទោស​ដែរ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា ភាព​អាម៉ាស់​ក៏​ជា​បង​ប្អូន​ជីដូនមួយ​​នៃ​ពិរុទ្ធភាព​ដែរ ដូច្នេះ​យើង​ក៏​ត្រូវ​លើក​យក​វា​​មក​និយាយ​ផង​ដែរ។ អស់​អ្នក​ដែល​ជាប់​ក្រោម​ទោស​នៃ​ភាព​អាម៉ាស់​តែង​តែ​សន្មត​ថា បទពិសោធន៍​នៃ​ភាព​អាម៉ាស់​របស់​ខ្លួន​គឺ​វា​ចំឡែក​ណាស់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ដក​ខ្លួន​ចេញ​ពី​សហគមន៍ ហើយ​បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​មិន​និយាយ​អំពី​ភាព​អាម៉ាស់ នោះ​មាន​ន័យ​ថា យើង​កំពុងតែ​បណ្ដាល​ឲ្យ​វា​លូតលាស់​ឡើងៗ​ក្នុង​ជីវិត​យើង​ហើយ។

ចូរ​យើង​ចាប់​ផ្ដើម​និយាយ​អំពី​បញ្ហា​នៃ​ភាព​អាម៉ាស់​ក្នុង​ក្រុម​តូច​របស់​យើង សាលា​ថ្ងៃ​អាទិត្យ​របស់​យើង និង​ក្នុង​ការ​អធិប្បាយ​របស់​យើង ដើម្បី​ឲ្យ​ពន្លឺ​នៃ​ដំណឹងល្អ​ចាប់​ផ្ដើម​ផ្ដល់​សេរីភាព​ដល់​រាស្ត្រ​របស់​ព្រះ​អង្គ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​សេចក្ដី​ងងឹត។

សម្គាល់៖ យើង​ដក​ស្រង់​ឯកសារ​មាន​ការ​អនុញ្ញាត​ចេញ​ពី Unashamed: Healing Our Brokenness and Fining Freedom from Shame និពន្ធ​ដោយ​លោក​ស្រី Heather Davis Nelson។
ចំណាំ៖ យើង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​កែសម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
បកប្រែ​ដោយ និង​កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, លោក ទេព រ៉ូ និង​លោក វ៉ែល ណាថាន
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-3 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ណែនាំ​ឲ្យ​ពួកគេ​ស្គាល់

ពិតជា​អវិជ្ជា