in

រងទុក្ខដើម្បីជាប្រយោជន៍

Ways God Works Suffering for Our Good

នេះ​ជា​ទំនុកចិត្ត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​យើង​មាន​ភាព​ស្ងប់ស្ងៀម ហើយ​ក៏​ជា​ការ​លើក​ទឹកចិត្ត​ដល់ យើង​ដែរ៖ ព្រះ​ជាម្ចាស់​មាន​ការ​គ្រប់​គ្រង​នៅ​លើ​ការ​រងទុក្ខ​របស់​យើង។ គ្មាន​កាលៈទេសៈ​មួយ​ណា​ក្នុង​ជីវិត​យើង​ដែល​បាន​កើត​ឡើង​ដោយ​គ្មាន​ការ​គ្រប់គ្រង​ពី​ព្រះ​ជាម្ចាស់​នោះ​ឡើយ។ ពោលគឺ​ដូច​ថា ធ្មេញ​ដែក​អាណា​មិន​អាច​អារកាត់​ឈើ​ដោយ​ខ្លួន​វា​បាន​ទេ លុះត្រា​តែ​ជាង​ឈើ​យក​វា​ទៅ​ប្រើប្រាស់។ ពេល​លោក យ៉ូប កំពុង​រងទុក្ខ គាត់​មិន​បាន​និយាយ​ថា «ព្រះ​ជាម្ចាស់​ជា​អ្នក​ប្រទាន​ឲ្យ ហើយ​អារក្ស​ជា​អ្នក​ដក​ចេញ​ឡើយ។» ប៉ុន្តែ​គាត់​បាន​ថ្លែង​ថា «ព្រះ​យេហូវ៉ា​បាន​ប្រទាន​មក ហើយ​ព្រះ​អង្គ​ក៏​បាន​ដក​យក​ទៅ​វិញ»។ រាល់​ការ​រងទុក្ខ​ដែល​យើង​បាន​ឆ្លងកាត់​គឺ​សុទ្ធសឹងតែ​បាន​កើត​ឡើង​ដោយ​មាន​គោលបំណង ហើយ​ក៏​ជា​ការ​គ្រប់គ្រង​របស់​ព្រះ​ជាម្ចាស់​ផង​ដែរ ។ ដោយ​​ហេតុ​នេះ​ឯង​ បាន​ជា​ការ​រងទុក្ខ​មាន​សារៈសំខាន់​ណាស់ ពោលគឺ​មិន​ដែល​ឥត​ប្រយោជន៍​នោះ​ឡើយ។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​ការ​រងទុក្ខ​របស់​យើង​ឲ្យ​បាន​ទៅ​ជា​អត្ថប្រយោជន៍​សម្រាប់​រូប​យើង​វិញ៖

១. ការ​រងទុក្ខ​ប្រៀប​បាន​ដូច​ជា​គ្រូ​អធិប្បាយ និង​ជា​គ្រូ​បង្រៀន​របស់​យើង។ លោកគ្រូ ម៉ធិន លូសើរ (Martin Luther) បាន​លើក​ឡើង​ថា គាត់​មិន​អាច​ចាប់​ផ្ដើម​យល់​ជំពូក​មួយ​ចំនួន​ក្នុង​កណ្ឌគម្ពីរ​ទំនុកតម្កើង​ឲ្យបាន សមរម្យ​នោះ​ឡើយ ទាល់​តែ​គាត់​បាន​ឆ្លងកាត់​នូវ​ការ​រងទុក្ខ។ ជារឿយៗ ការ​ធ្លាក់​ខ្លួន​ឈឺ​ដេក​នៅ​ផ្ទះ​អាច​បង្រៀន​យើង​ច្រើន​ជាង​ការ​ទៅ​ស្ដាប់​សេចក្ដី​អធិប្បាយ​នៅ​ព្រះ​វិហារ​ទៅ​ទៀត។ ជា​ដំបូង ការ​រងទុក្ខ​អាច​បង្រៀន​យើង​ពី​អំពើ​បាប​របស់​ខ្លួន​យើង​ផ្ទាល់ និង​អំពី​ភាព​អាក្រក់​នៃ​អំពើ​បាប​នោះ។ ការ​រងទុក្ខ​ក៏​បង្រៀន​យើង​អំពី​ខ្លួន​ឯង​ដែរ ដ្បិត​ពេល​យើង​មិន​ឈឺ ហើយ​មាន​លុយកាក់​ច្រើន យើង​មើល​ទៅ​អ្វីៗ​ល្អ ហើយ​យើង​ក៏​ចេះ​បន្ទាបខ្លួន និង​អរព្រះគុណ ប៉ុន្តែ​ពេល​យើង​កំពុង​ឆ្លង​កាត់​ការ​រងទុក្ខ នោះ​ទើប​យើង​ឃើញ​ពី​ចិត្ត​ខ្លួន​ឯង​ដែល​មិន​ចេះ​អរគុណ និង​ពី​ចិត្ត​ដែល​បះបោរ​ប្រឆាំង​នឹង​ព្រះ។ កញ្ចក់​នៃ​ការ​រងទុក្ខ​តែងតែ​ឆ្លុះ​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ពី​មុខ​ដ៏​អាក្រក់​នៃ​អំពើ​បាប​របស់​យើង និង​ពី​ធាតុ​ពិត​នៃ​ភាព​ជា​ក្មេង​ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​យើង​ដែរ។

ប្រសិនបើ​គេ​បាន​បំពាក់​បន្លា​លើ​ព្រះ​សិរសា​របស់​ព្រះ​គ្រីស្ទ តើ​ហេតុ​អ្វី​បាន​ជា​យើង​បែរ​ជា​គិត​ថា យើង​ស័ក្ដិសម​នឹង​ពាក់​ភួង​ជ័យ​ដែល​ធ្វើ​ពី​ផ្កា​ទៅ​វិញ?

២. ការ​រងទុក្ខ​គឺជា​ផ្លូវ​នៃ​ការ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ទៀងត្រង់។ ពេល​យើង​កំពុង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ចិត្ត​របស់​យើង​តែងតែ​មាន​ការ​រារែក។ ពាក់កណ្ដាល​ស្រឡាញ់​ព្រះ​ជាម្ចាស់ ហើយ​ពាក់កណ្ដាល​ទៀត​លង់​ស្នេហ៍​នឹង​លោកីយ៍។ យើង​អាច​ប្រៀបធៀប​ចិត្ត​របស់​យើង​ទៅ​នឹង​ទ្រនិច​ត្រីវិស័យ​ដែល​មាន​ការ​រារែក​ពី​ទិស​មួយ​ទៅ​ទិស​មួយ​ទៀត។ ប៉ុន្តែ ក្នុង​គ្រា​នៃ​ការ​រងទុក្ខ ព្រះ​ជាម្ចាស់​ដក​ការ​លង់​ស្នេហ៍​នឹង​លោកីយ៍​របស់​យើង​ចេញ​ពី​ចិត្ត​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ឱបក្រសោប​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត។ ដូច​ដែល​យើង​ដុត​ដែក​វៀច​ក្ងិងក្ងង់​មួយ​បន្ទះ ដើម្បី​ពុត​ឲ្យ​វា​ត្រង់​ឡើង​វិញ ព្រះ​ជាម្ចាស់​ក៏​ប្រើប្រាស់​ការ​រងទុក្ខ​របស់​យើង​ដូច​ជា​ភ្លើង​ក្នុង​ការ​ដុត​ចិត្ត​យើង​ឲ្យត្រឹមត្រូវ​ផង​ដែរ។ វា​ជា​ចំណុច​ដ៏​ល្អ​ម៉្យាង​ដែរ ដែល​ព្រះ​អង្គ​ប្រើប្រាស់​ការ​រងទុក្ខ​ដើម្បី​ធ្វើ​ឲ្យ​យើង​ដើរតាម​ផ្លូវ​ត្រង់​វិញ​ នៅពេល​ណា​​អំពើ​បាប​បង្វែរ​ព្រលឹង​យើង​ចេញ​ពី​ព្រះ​ជាម្ចាស់​នោះ ។

៣. ការ​រងទុក្ខ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ក្លាយ​ទៅ​ដូច​ជា​ព្រះ​គ្រីស្ទ។ ចំពោះ​ទំនាក់ទំនង​រវាង​ព្រះ​យេស៊ូវ និង​រាស្ត្រ​របស់​ព្រះអង្គ មាន​ចំណុច​មួយ​ចំនួន​ដែល​មាន​ភាព​ស៊ីគ្នា ហើយ​មួយ​ចំនួន​ទៀត​មិន​សូវ​ស៊ី​គ្នា។ ហើយ​មាន​ចំណុច​ខ្លះ​ទៀត​ដែល​យើង​អាច​ត្រាប់តាម​បាន ហើយ​ខ្លះ​ទៀត​ពិបាក​នឹង​ត្រាប់តាម​បាន។ ការ​រងទុក្ខ​ប្រៀប​ដូច​ជា​ខ្មៅដៃ​របស់​ជាង​គំនូរ​មួយ​រូប​ដែល​គូរ​រូប​អង្គ​ព្រះ​គ្រីស្ទ​នៅ​លើ​រូបយើង។ ប្រសិនបើ​យើង​ចង់​មាន​ការ​រួបរួម​ជា បំណែក​មួយ​ជា​អវយវៈ​របស់​ព្រះ​គ្រីស្ទ យើង​ដាច់ខាត​ត្រូវ​តែ​មាន​ចិត្ត​ចង់​ក្លាយ​ដូច​ជា​ព្រះអង្គ ហើយ​ជីវិត​របស់​ព្រះ​អង្គ​មាន​ពេញ​ទៅ​ដោយ​ការ​រងទុក្ខ អស់​ពេញ​មួយ​រយៈ​នៅពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គង់​នៅ​លើ​ផែនដី​នេះ ដូច​មាន​ចែង​ថា៖ «ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ​ចាប់» (អេសាយ ៥៣:៣)។ ប្រសិនបើ​គេ​បាន​បំពាក់​បន្លា​លើ​ព្រះ​សិរសា​របស់​ព្រះ​គ្រីស្ទ តើ​ហេតុ​អ្វី​បាន​ជា​យើង​បែរ​ជា​គិត​ថា យើង​ស័ក្ដិសម​នឹង​ពាក់​ភួង​ជ័យ​ដែល​ធ្វើ​ពី​ផ្កា​ទៅ​វិញ? វា​ជា​ការ​ល្អ​ណាស់​ដែល​យើង​កាន់​តែ​ក្លាយ​ដូច​ជា​រូប​អង្គ​ព្រះ​គ្រីស្ទ ហើយ​ភាគ​ច្រើន​ការ​ដែល​បាន​ក្លាយ​ដូច​ជា​ព្រះ​គ្រីស្ទ​គឺ​អាច​កើត​ឡើង​បាន តាមរយៈ​ការ​ឆ្លង​កាត់​ទុក្ខ​លំបាក។

៤. ការ​រងទុក្ខ​បំផ្លាញ​នូវ​អំពើ​បាប។ មាន​នូវ​អំពើ​បាប​ជា​ច្រើន​ដែល​សូម្បី​តែ​អ្នក​ខ្លាំង​ក្នុង​ជំនឿ​ក៏​នៅ​ចាញ់​វា​ដែរ ប៉ុន្តែ​ការ​រងទុក្ខ​នឹង​ជួយ​ដក​វា​ចេញ​ពី​យើង ដូច​ភ្លើង​បន្សុទ្ធ​មាស​អញ្ចឹង។ ភ្លើង​នៃ​ការ​រងទុក្ខ​ដក​ចេញ​នូវ​រាល់​ភាព​មិន​បរិសុទ្ធ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដែល​មាន​ដូច​ជា៖ អំនួត តម្រេក សេចក្ដី​លោភ និង​អំពើ​រាប់​លាន ជំពូក​ទៀត។ ការ​រងទុក្ខ​នឹង​មិន​ដែល​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​មាន​ការ​ឈឺចាប់​នោះ​ឡើយ ប៉ុន្តែ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​ព្រលឹង​យើង​កាន់​តែ​មាន​ភាព​បរិសុទ្ធ និង​កាន់​តែ​ស្អាត​ទៅៗ។

៥. ការ​រងទុក្ខ​ជួយ​យើង​ឲ្យ​ដក​ចិត្ត​ចេញ​ពី​លោកីយ៍។ បើ​យើង​ចង់​ដក​ដើមឈើ​ណា​មួយ​ចេញ​ពី​ដី ជា​ដំបូង​យើង​ត្រូវតែ​ជីក​ដី​នៅ​ជុំវិញ​ឫស​វា​ជា​មុន​សិន។ ដូចគ្នា​នោះ​ដែរ ព្រះ​ជាម្ចាស់​ទ្រង់​ជីកកកាយ​នូវ​អ្វី​ដែល​យើង​គិត​ថា​ជា ភាព​សុខ​ស្រួល ខាង​ឯ​លោកីយ៍​នេះ ដើម្បី​ឲ្យ​ចិត្ដ​យើង​លាលែង​ពី​ចំណង​របស់​លោកីយ៍​នេះ។ នេះ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ចំពោះ​ចិត្ត​របស់​យើង​ក្នុង​ការ​ដែល​ទ្រង់​ឲ្យ​យើង​ចាក់​ឫស​ដ៏​តូច​មួយ​ប៉ុណ្ណោះ​នៅ​លើ​ផែនដី​នេះ ហើយ​ការ​រងទុក្ខ​ក៏​ជា​ការ​ដែល​ជួយ​យើង​ឲ្យ​គ្រលែង​ខ្លួន​ចេញ​ពី​អ្វីៗ​ផ្សេងៗ​ទៀត​ដែល​ចិត្ត​របស់​យើង​ចង់​ចាប់​យក​ដោយ​ភាព​ស្រេក​ឃ្លាន​ខាង​ឯ​សាច់ឈាម​របស់​យើង​ផង។

៦. ការ​រងទុក្ខ​ជួយ​សម្រួល​ឲ្យ​យើង​បាន​ស្រួល​ចិត្ដ​ពី​ការ​រងទុក្ខ។ កំហឹង​របស់​ព្រះ​ជាម្ចាស់​រំងាប់​ចោល​នូវ​ការ​ឈឺចាប់​ខាង​ក្រៅ​យើង​ដោយ​ឲ្យ​យើង​មាន​សេចក្ដី​សន្តិភាព​នៅ​ខាង​ក្នុង​យើង។ ព្រះ​យេស៊ូវ​បាន​សន្យា​ថា «អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្ដី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​​អំណរ​ទៅ​វិញ» (យ៉ូហាន ១៦:២០)។ ពេល​ស្ថិត​នៅក្នុង​គ្រា​ទុក្ខលំបាក យើង​ឃើញ​ថា សូម្បី​តែ​ទឹក​ក៏​អាច​ផ្លាស់​ឲ្យ​ក្លាយ​ទៅ​ជា​ស្រា ហើយ​ថ្នាំ​ដ៏​ល្វីង​ក៏​អាច​នឹង​នាំ​មក​នូវ​ការ​ព្យាបាល​មាន​ភាព​ស្រស់ស្រាយ​ផង​ដែរ ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ធ្វើ​ការ។ មាន​អ្នក​ជឿ​ជា​ច្រើន​នឹង​អះអាង​ថា ពេល​ដែល​ពួកគាត់​កំពុង​រងទុក្ខ ការនោះ​ឯង ​គឺ​ជា​ពេល​ដែល​ពួកគាត់​បាន​មាន​អំណរ​ជា​ខ្លាំង ហើយក៏​មាន​ភាព​ស្និទ្ធស្នាល​ក្រៃលែង​ជាមួយ​ព្រះ​ជាម្ចាស់​ផង​ដែរ។

៧. ការ​រងទុក្ខ​បង្ហាញ​ថា​ព្រះ​ជាម្ចាស់​គិត​ខ្ពស់​អំពី​យើង។ លោក យ៉ូប បាន​សួរ​ថា «តើ​មនុស្ស​ជា​អ្វី ទើប​ព្រះ​ទ្រង់​អើពើ​ចំពោះ​គេ ហើយ​តាំង​ព្រះ​ហឫទ័យ​នឹក​ពី​គេ» (យ៉ូប ៧:១៧)។ ការ​រងទុក្ខ​បង្ហាញ​ថា​ព្រះ​ជាម្ចាស់​គិត​ខ្ពស់​ពី​យើង។ យើង​មាន​ហេតុផល​យ៉ាង​តិច​ណាស់​បី​ចំណុច​ឯ​ណោះ៖ ទី១ ព្រះ​អង្គ​បាន​បន្ទាប​អង្គ​ទ្រង់​យ៉ាង​ទាប​ ដោយ​ទ្រង់​បាន​យក​ចំណាប់​អារម្មណ៍​គិត​ដល់​រូប​យើង។ ការ​នេះ​បង្ហាញ​ថា​យើង​មាន​ទី​កន្លែង​មួយ​ក្នុង ពិភពលោក​របស់​ព្រះ​ជាម្ចាស់ ដ្បិត​ព្រះ​អង្គ​បាន​មាន​ព្រះ​ប្រាជ្ញាញាណ​ថា យើង​ស័ក្តិសម​នឹង​រួម​បំណែក​ទទួល​រង​នូវ​ទុក្ខ​លំបាក​រួម​ជាមួយ​ព្រះ​អង្គ។ ទី២ ការ​រងទុក្ខ​គឺ​ជា​ការ​បង្ហាញ​ថា យើង​ជា​បុត្រាបុត្រី​របស់​ព្រះ​ជាម្ចាស់។ «បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ផ្ចាញ់​ផ្ចាល នោះ​គឺ​ព្រះ​អង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ​ផ្ចាល​នោះ» (ហេព្រើរ ១២:៧)។ ទី៣ ការ​រងទុក្ខ​បណ្ដាល​ឲ្យ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ល្បី​នៅ​ក្នុង​ព្រះ​រាជ្យ​របស់​ព្រះ​អង្គ។ ពួក​ទាហាន​មិន​ដែល​ទទួល​បាន​ការ​សរសើរ​លើស​ពី​ជ័យជម្នះ​របស់​ពួក​គេ​ឡើយ ហើយ​ពួក​បរិសុទ្ធ​របស់​ព្រះ​ក៏​មិន​ដែល​ល្បី​លើស​ពី​ការ​រងទុក្ខ​របស់​ខ្លួន​គេ​នោះ​ដែរ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ តើ​លោក យ៉ូប មិន​ល្បី​លើស​ពី​លោក អាឡិកហ្សានឌើរឌឹហ្គ្រេត (Alexander the Great) មែន​ដែរ ឬអី?

៨. ការ​រងទុក្ខ​គឺជា​ផ្លូវ​មួយ​នាំ​ទៅ​កាន់​នូវ​អំណរ។ ការ​រងទុក្ខ​នាំ​ឲ្យ​មាន​អំណរ​ដោយ​សារ ការ​នេះ​នាំ​ឲ្យ​យើង​​កាន់​តែ​មាន​ភាព​ស្និទ្ធ​ប្រកិត​នឹង​ព្រះ​ជាម្ចាស់។ នៅពេល​ដែល​លោក​ខែ​ពេញ​បារមី​ គឺ​ពេល​នោះ​ឯង​​ដែល​វា​នៅ​សែន​ឆ្ងាយ​​ពី​ព្រះ​អាទិត្យ។ ដូច​គ្នា​នោះ​ដែរ មនុស្ស​ជាច្រើន​ នៅពេល​ដែល​ពួកគាត់​កំពុង​មាន​ទ្រព្យ​សម្បត្តិ មាន​គ្រប់​អ្វីៗ​ នោះ​ពួកគាត់​ក៏​អាច​នៅ​ឆ្ងាយ​បំផុត​ពី​ព្រះ​ជាម្ចាស់​ដែរ។ នៅពេល​ដែល​ព្រះ​ជាម្ចាស់​ដក​ភាព​ស្រណុក​សុខ​ស្រួល​ខាង​ឯ​ផ្នែក​សាច់ឈាម​របស់​យើង នោះ​យើង​នឹង​ចាប់​ផ្ដើម​រត់​ទៅ​រក​ព្រះអង្គ ហើយ​ព្យាយាម​ផ្សះផ្សា​នូវ​គន្លង​ខុសឆ្គង​ទាំង​ប៉ុន្មាន​ជាមួយ​នឹង​ទ្រង់​វិញ។ ប្រៀប​ទៅ​នឹង​រឿង​កូន​ពៅ​វង្វេង​ដែរ នៅពេល ដែល​គាត់​កំពុង​មាន​កង្វះ​ខ្វះខាត ​គាត់​បាន​ត្រឡប់​ទៅ​រក​ឪពុក​របស់​គាត់​វិញ (លូកា ១៥:១៣)។ ហើយ ស្រដៀង​នឹង​រឿង​លោក ណូអេ ដែរ គឺ​ពេល​ដែល​សត្វ​ព្រាប​មិន​មាន​កន្លែង​សម្រាក​នោះ​ហើយ ទើប​ពួកវា​បាន​ហើរ​វិល​ត្រឡប់​មក​រក​ទូក​ធំ​វិញ (លោកុប្បត្តិ ៨:៩)។ នៅពេល​ដែល​ព្រះ​ជាម្ចាស់​បណ្ដាល​ឲ្យ​យើង​លង់​ក្នុង​សេចក្ដី​ទុក្ខលំបាក គិត​អ្វី​មិន​ចេញ ពេលនោះ​ឯង​គឺ​ជា​ពេល​ដែល​យើង​នឹង​ហើរ​វិល​ត្រឡប់​ទៅ​រក​ព្រះ​គ្រីស្ទ​ដែល​ជា​ទូក​ដ៏​ធំ​របស់​យើង​នោះ​ដែរ។

៩. ការ​រងទុក្ខ​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់​បិទ​មាត់​ឈឹង។ មាន​អ្នក​មិន​ជឿ​ព្រះ​យេស៊ូវ​មួយ​ចំនួន​ចូលចិត្ត​និយាយឡើង​ថា៖ «គ្រីស្ទបរិស័ទ​បម្រើ​ព្រះ​ជាម្ចាស់ គ្រាន់តែ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពួកគេ​តែ​ប៉ុណ្ណោះ»។ ដូច្នេះ ព្រះ​ជាម្ចាស់​ក៏​អនុញ្ញាត​ឲ្យ​រាស្ត្រ​របស់​ព្រះអង្គ ប្រឈម​មុខ​នឹង​ទុក្ខលំបាក ដើម្បី​នឹង​ប្រើប្រាស់​ការ​ទាំងនោះ បំបិទ​មាត់​អស់​អ្នក​ដែល​មួល​បង្កាច់​រាស្ត្រ​របស់​ទ្រង់ និង​ព្រះ​អង្គ​ផ្ទាល់។ ដោយ​ឃើញ និង​ដឹង​ឮ​អំពី​ការ​រងទុក្ខ​វេទនា​របស់​អ្នកបម្រើ របស់​ព្រះ​ជាម្ចាស់​ដូច្នេះ អ្នក​មួល​បង្កាច់​ទាំង​ប៉ុន្មាន​គេ​មិន​អាច​មាន​ពាក្យពេចន៍​តវ៉ា ដោយព្រោះ​ថា ក្រុម​គ្រីស្ទបរិស័ទ​មាន​នូវ​សក្ខីភាព​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់ ហើយ​ការ​បម្រើ​នេះ ក៏​ដោយ​សារ​តែ​ពួកគាត់ មាន​នូវ​សេចក្ដី​ស្រឡាញ់​ស្មោះ​សរ មិនមែន​គិត​អំពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួកគាត់​នោះ​ឡើយ ។

១០. ការ​រងទុក្ខ​គឺ​ដើម្បី​រៀបចំ​ផ្លូវ​ឲ្យ​យើង​ទទួល​បាន​នូវ​សិរីល្អ។ ដូច​ជា​ការ​ភ្ជួររាស់​ដី ត្រៀម​ដាក់​ដាំ​ដំណាំ ដើម្បី​ទទួល​បាន​ផល ការ​រងទុក្ខ​ក៏​ជួយ​ឲ្យ​យើង​ត្រៀម​ខ្លួន ដើម្បី​ទទួល​នូវ​សិរីល្អ​នៃ​ព្រះ​នោះ​ដែរ។ ជាង​គំនូរ​ដ៏​ឆ្នើម​ម្នាក់ គាត់​ដឹង​ថា​ពណ៌​មាស​នឹង​លេច​ធ្លូ​ឡើង​យ៉ាង​ស្រស់​ស្អាត បន្ទាប់ពី​​លាប​​ពណ៌​ខ្មៅ​ហើយ។ ក្នុង​អត្ថន័យ​ដូច​គ្នា មុន​ដំបូង ​ព្រះ​ជាម្ចាស់​លាប​ពណ៌​ខ្មៅ ដែល​ប្រៀប​ទៅ​នឹង​ការ​រងទុក្ខ នៅក្នុង​ជីវិត​អ្នកបម្រើ និង​អ្នក​ដើរ​តាម ព្រះអង្គ បន្ទាប់មក​ទើប​ទ្រង់​លាប​ពណ៌​មាស ដែល​ប្រៀប​បាន​ទៅ​នឹង​សិរីល្អ។ ការ​រងទុក្ខ​មិនមែន​ជា​ឈ្នួល​នៃ​ការ​ដែល​យើង​ទទួល​បាន​នូវ​សិរីល្អ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ដែល​ជួយ​ឲ្យ​យើង​ត្រៀម​ខ្លួន​ក្នុង​ការ​ទទួល​បាន​សិរីល្អ​នោះ​វិញ។

តាមរយៈ​ចំណុច​ទាំង​ប្រមាណ​នេះ យើង​ឃើញ​ថា ការ​រងទុក្ខ​មិន​នាំ​ឲ្យ​អ្នក​ជឿ​មាន​ការ​ឈឺចាប់​ឡើយ ប៉ុន្តែ​ជា​អត្ថប្រយោជន៍​ទៅវិញ។ ដូច្នេះ យើង​គួរ​តែ​បង្ហាត់​បង្រៀន​ខ្លួន​ឯង​ឲ្យ​យល់ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​រងទុក្ខ​ជាជាង​ទ្រឹង​សញ្ជឹងគិត​តែ​ចំណុច​អវិជ្ជមាន។ កុំ​ឲ្យ​មើល​តែ​ចំណុច​ខ្មៅ​ងងឹត​នៃ​ពពក តែ​ចូរ​ឲ្យ​មើល​ចំពោះ​ផ្នែក​ដែល​មាន​ពន្លឺ​ក្នុង​ពពក​នោះ​វិញ។ អ្វី​ដែល​ព្រះ​ជាម្ចាស់​ទំនង​នឹង​ធ្វើ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​បុត្រាបុត្រី របស់​ទ្រង់ នោះ​ក៏​ដើម្បី​បង្វែរ​ឲ្យ​រូប​គេ​ម្នាក់ៗ​វិល​មក​កាន់​មាគ៌ា​ស្ថានសួគ៌ ពោល​គឺ​បង្វែរ​ឲ្យ​ពួក​គេ​ចូល​ត្រឡប់​មក​កាន់​អង្គ​ទ្រង់​ផ្ទាល់​នោះ​វិញ។

ចំណុច​សម្គាល់៖
ខ្ញុំ​ចូល​ចិត្ត​ចម្លង​ពី​ពួក​ព្យួរីតិន (Puritans) ណាស់។ ចំណុច​ទាំង​ប្រាំបី​ខាង​លើ​នេះ ក៏​ដូច​ជា​ចំណុច​ផ្សេងៗ គឺ​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ A Divine Cordial ដែល​និពន្ធ​ដោយ​លោកគ្រូ Thomas Watson
និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​លោក ថាច់ ទិត្យសូរិយា
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.challies.com ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ព្រះ​គម្ពីរ​បង្រៀន

ការ​សញ្ជឹងគិតលើ​បទ​គម្ពីរ