in

អត់ធ្មត់

តើបងប្អូនធ្លាប់មានអំណោយទានមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?

ព្រះគម្ពីរបានលើកឡើងអំពីអំណោយទានជាច្រើនខាងឯវិញ្ញាណ ដូចដែលមានចែងនៅក្នុងកណ្ឌគម្ពីរ១កូរិនថូសជំពូក១២។ ហើយក៏មានខគម្ពីរផ្សេងៗទៀត ដែលបានប្រាប់យើងអំពីអំណោយទាននៃព្រះវិញ្ញាណ ដែលព្រះអង្គប្រទានឲ្យគ្រីស្ទបរិស័ទទាំងអស់ ក៏ដូចជាក្រុមជំនុំជាដើម។ ខ្ញុំគិតថាក្នុងចំណោមអំណោយទានទាំងអស់ មានអំណោយទានមួយចំនួនដែលបងប្អូនទំនងជាស្រឡាញ់លើសជាងអំណោយទានផ្សេងៗទៀត។ តើបងប្អូនគិតថា មានអំណោយទានណាខ្លះដែលកើតចេញពីព្រះវិញ្ញាណបរិសុទ្ធ ដែលមនុស្សយើងចូលចិត្តច្រើនជាងគេ? ខ្ញុំបានសង្កេតឃើញថា អំណោយទានដូចជាការប្រោសឲ្យជា គឺជាអំណោយទានមួយដែលមនុស្សយើងចូលចិត្ត និងចង់បានណាស់។ ប្រសិនបើខ្ញុំទទួលបាន នោះខ្ញុំចង់ប្រោសឲ្យអស់អ្នកដែលឈឺដោយគ្រាន់តែទៅប៉ះគាត់ ហើយអ្នកនោះនឹងជាភ្លាមៗ។ អំណោយទានមួយទៀតដែលពិសេសដែលយើងខ្ញុំចង់បានជាងគេ គឺការនិយាយភាសាដទៃ។

នៅក្នុងសម័យពួកសាវ័កដំបូងៗ យើងឃើញថា ពួកគាត់បានទទួលអំណោយទានបែបនេះគឺ ការប្រោសឲ្យជា ឬការមើលឃើញពីអនាគត ហើយជាធម្មតាគេរាប់អំណោយទានទាំងនោះថា ជាអំណោយទានដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ នៅពេលដែលយើងគិតអំពីផលផ្លែនៃព្រះវិញ្ញាណ ដែលមានដូចជាសេចក្តីស្រឡាញ់ ឬភាពអត់ធ្មត់ ដែលជាទូទៅទាំងនេះគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានឲ្យយើងរួចស្រេចទៅហើយ។

អ្វីដែលខ្ញុំចង់ឲ្យបងប្អូនចងចាំគឺ ទោះបើអំណោយទានដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធល្អ ក៏នោះពុំសូវមានប្រយោជន៍ដល់សេចក្តីសង្គ្រោះដែរ សូមអនុញ្ញាតឲ្យខ្ញុំពន្យល់ពីមូលហេតុដែលខ្ញុំលើកឡើងបែបនេះ៖ ទោះបើខ្ញុំអាចប្រោសមនុស្សឈឺឲ្យជា ប្រោសមនុស្សខ្វាក់ឲ្យបានមើលឃើញដោយអំណាចព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធ ទោះបើខ្ញុំចេះនិយាយភាសាផ្សេងៗ ហើយអាចដេញអារក្សចេញក៏ដោយ ក៏ការនោះពុំមានឥទ្ធិពលទៅលើស្ថានភាពនៃសេចក្តីសង្គ្រោះរបស់ខ្ញុំដែរ ការទាំងនោះពុំទាក់ទងអ្វីនឹងសេចក្តីសង្គ្រោះឡើយ។ ខ្ញុំចង់ឲ្យបងប្អូនចងចាំពីសាវ័កម្នាក់ដែលជាសិស្សរបស់ព្រះយេស៊ូវ គឺលោក យូដាស-អ៊ីស្ការីយ៉ុត។ តើគាត់ជាមនុស្សល្អ ឬជាមនុស្សអាក្រក់? ពិតណាស់ គាត់គឺជាមនុស្សអាក្រក់ បើយើងបានអានរឿងក្នុងកណ្ឌគម្ពីរដំណឹងល្អ នោះយើងនឹងឃើញថា គាត់បានធ្វើដំណើរជាមួយសិស្សផ្សេងៗ គាត់បានដេញវិញ្ញាណអាក្រក់ជាមួយគេ គាត់បានធ្វើការអស្ចារ្យជាមួយគេ តែសំណួរសួរថា តើគាត់បានសង្គ្រោះដែរឬទេ? អត់បានសង្គ្រោះទេ ព្រោះការមានអំណោយទានអស្ចារ្យ និងសេចក្ដីសង្គ្រោះពុំមានទំនាក់ទំនងអ្វីនឹងគ្នាឡើយ។

មួយវិញទៀត ព្រះគម្ពីរសញ្ញាចាស់បានលើកឡើងអំពីមនុស្សម្នាក់ឈ្មោះលោក បាឡាម។ គាត់ជាហោរានៅសម័យរបស់គាត់ ក៏ប៉ុន្តែគាត់ពុំមែនជាហោរាល្អទេ ព្រោះគាត់បានទទួលយកលុយ ដើម្បីដាក់បណ្ដាសាលើសាសន៍អ៊‌ីស្រាអែល។ ពេលនោះគាត់ទទួលបានព្រះបន្ទូលពីព្រះយេហូវ៉ា ហើយគាត់គ្រាន់តែនិយាយពីព្រះបន្ទូលរបស់ព្រះអង្គ។ ប៉ុន្តែ វាគ្មានឥទ្ធិពលទៅលើជីវិតគាត់ឡើយ។ ព្រះគម្ពីរសញ្ញាថ្មីបាននិយាយថា អ្នកនោះអាក្រក់ណាស់ ដូច្នេះហើយបានគាត់ស្លាប់។ វាជាការដ៏គួរឲ្យចាប់អារម្មណ៍ណាស់ ដែលព្រះអង្គបានមានព្រះបន្ទូលទៅកាន់លោក បាឡាម ផ្ទាល់តែម្ដង។ ទោះបើលោក បាឡាម បាននិយាយព្រះបន្ទូលរបស់ព្រះអង្គក៏ដោយ ក៏គាត់ពុំបានអនុញ្ញាតឲ្យព្រះបន្ទូលប៉ះពាល់ចិត្តគាត់ដែរ។ ចំពោះគាត់ ព្រះបន្ទូលគឺគ្រាន់តែជាការស្ដាប់ចូលពីខាងឆ្វេង រួចហើយចេញបាត់ទៅខាងស្ដាំវិញតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ ទោះបើព្រះវិញ្ញាណបរិសុទ្ធបានធ្វើការអស្ចារ្យក៏ដោយ ក៏ប៉ុន្តែបើការនោះមិនបានប៉ះពាល់ចិត្តរបស់យើងទេ នោះឥតប្រយោជន៍ហើយ។ ចូរនឹកចាំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ៖ «“ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី”។ នោះខ្ញុំនឹងនិយាយដោយត្រង់ថា “អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ”» (ម៉ាថាយ ៧:២២-២៣)។ ការដែលយើងទទួលបានសេចក្ដីសង្គ្រោះ គឺមិនទាក់ទងគ្នាទៅនឹងអំណោយទានពីព្រះវិញ្ញាណបរិសុទ្ធទេ។ ហើយទោះបើមនុស្សយើងរាប់អំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធថាមានតម្លៃ និងអស្ចារ្យក៏ដោយ ក៏វាមិនពាក់ព័ន្ធនឹងសេចក្ដីសង្គ្រោះដែរ។ ព្រោះសេចក្ដីសង្គ្រោះ គឺជាការដែលយើងទទួលបានជីវិតថ្មី និងការដែលយើងទទួលបានដួងចិត្តថ្មីពីព្រះអង្គ។ នៅពេលដែលយើងកើតជាថ្មី នោះមានន័យថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតយើង ហើយផលផ្លែរបស់ព្រះអង្គនឹងបង្ហាញតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើងជាមិនខាន។

ការដែលយើងទទួលបានសេចក្ដីសង្គ្រោះ គឺមិនទាក់ទងនឹងការដែលយើងធ្វើការអស្ចារ្យ ការដែលយើងដេញវិញ្ញាណអាក្រក់ចេញ ឬចេះនិយាយភាសាដទៃក៏មិនទាក់ទងដែរ ដ្បិតការទាំងពីរមិនទាក់ទងនឹងគ្នាឡើយ។ អ្វីដែលសំខាន់នោះគឺ យើងជឿលើព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ និងផលផ្លែរបស់ព្រះវិញ្ញាណ។ ប្រសិនបើលោកអ្នកពិនិត្យមើលខ្លួនឯង ហើយឃើញថា គ្មានផលផ្លែនៃព្រះវិញ្ញាណ នោះមានន័យថា លោកអ្នកមិនទាន់ទទួលបានសេចក្ដីសង្គ្រោះនៅឡើយទេ។ ក្នុងជីវិតរស់នៅរបស់យើងដែលជាគ្រីស្ទបរិស័ទ ការមានផលផ្លែនៃព្រះវិញ្ញាណ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ការទទួលបានផលផ្លែនៃព្រះវិញ្ញាណមិនមែនជាការដែលយើងព្យាយាមធ្វើល្អ ដើម្បីឲ្យខ្លួនទទួលបានសេចក្តីសង្គ្រោះនោះទេ ប៉ុន្តែផលផ្លែនៃព្រះវិញ្ញាណ គឺជាភស្តុតាងដែលបញ្ជាក់ថា យើងបានទទួលសេចក្ដីសង្គ្រោះរួចទៅហើយ។ ការទទួលបានសេចក្ដីសង្គ្រោះនឹងនាំឲ្យយើងមានដួងចិត្តថ្មី តាមរយៈព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គកំពុងតែធ្វើការនៅក្នុងជីវិតរបស់យើង។ ពិតប្រាកដណាស់! ទោះបើព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងចិត្តគំនិតរបស់យើងក៏ដោយ ក៏នោះមិនមែនមានន័យថា យើងមិនត្រូវធ្វើអ្វី ឬត្រូវមានតួនាទីក្នុងការបង្ហាញថា យើងមានផលផ្លែក្នុងជីវិតរបស់យើងនោះឡើយ ព្រោះយើងត្រូវតែដើរដោយព្រះវិញ្ញាណ។

សាវ័ក ប៉ុល បានលើកឡើងពីរឿងនេះថា មានអ្នកខ្លះទទួលបានសេចក្តីសង្គ្រោះ ប៉ុន្តែគ្មានរង្វាន់។ ហេតុអ្វី? ព្រោះទង្វើទាំងអស់ដែលគេធ្វើនៅលើផែនដីនេះ គឺគេមិនបានធ្វើដោយការដើរតាមព្រះវិញ្ញាណបរិសុទ្ធឡើយ ប៉ុន្តែគេបានធ្វើដោយសាច់ឈាមខ្លួនវិញ។ ដូច្នេះ នៅពេលដែលគ្រីស្ទបរិស័ទទៅជួបព្រះអង្គ ហើយទទួលការជំនុំជម្រះពីព្រះអង្គ នោះទ្រង់នឹងកាត់ទោសយើងក្នុងនាមជាគ្រីស្ទបរិស័ទ ដែលជាបុត្រាបុត្រីរបស់ព្រះអង្គជាមិនខាន។ ព្រះអង្គនឹងមិនជំនុំជម្រះយើងដូចលោកីយ៍ឡើយ តែព្រះអង្គវាយតម្លៃទៅលើអ្វីៗទាំងអស់ដែលយើងបានធ្វើនៅលើផែនដីវិញ។ ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ប្រសិនបើយើងជឿលើព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែមិនបានដើរដោយព្រះវិញ្ញាណបរិសុទ្ធ ឬព្យាយាមធ្វើដូចអ្វីដែលសាវ័ក ប៉ុល បានលើកឡើង នោះសេចក្ដីសង្គ្រោះដែលយើងទទួលបាន គឺប្រៀបដូចជាដើរកាត់ភ្លើងអញ្ចឹង។ អ្វីដែលយើងបានធ្វើទាំងអស់ នឹងត្រូវឆេះសាបសូន្យបាត់អស់ទៅ ហើយយើងគ្រាន់តែបានរួចខ្លួនប៉ុណ្ណោះ។ «នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសម្ដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនីមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់ បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង» (១កូរិនថូស ៣:១៣-១៤)។

ពិតប្រាកដណាស់ ប្រសិនបើយើងគ្មានផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតយើងទេ នោះគឺជាអ្វីដែលយើងត្រូវគិត និងត្រូវខ្លាច ហើយសួរខ្លួនឯងថា តើយើងបានទទួលសេចក្ដីសង្គ្រោះហើយឬនៅ? ប្រសិនបើយើងមានផលផ្លែរបស់ព្រះវិញ្ញាណបរិសុទ្ធតែបន្តិចបន្តួចក្នុងជីវិតរស់នៅរបស់យើង នោះគឺជារឿងមួយដែលគួររម្លឹកខ្លួនយើង ដើម្បីឲ្យយើងបានភ្ញាក់ខ្លួនឡើង ហើយគិតថា ដាច់ខាតយើងត្រូវដើរក្នុងជីវិតនេះ ដោយពឹងលើព្រះវិញ្ញាណ។ ការដែលយើងមានផលផ្លែច្រើន មិនទាក់ទងនឹងសេចក្តីសង្គ្រោះទេ ប៉ុន្តែជាការមួយដែលព្រះអង្គសព្វព្រះហឫទ័យ ហើយជាការមួយដែលមានរង្វាន់នៅអនាគតចំពោះយើងដែលជាគ្រីស្ទបរិស័ទ។

តើយើងនឹងធ្វើអ្វីខ្លះ ដើម្បីឲ្យខ្លួនបានលូតលាស់ខាងឯវិញ្ញាណ?

ពេលដែលយើងលើកឡើងពីការដែលយើងមានចិត្តអត់ធ្មត់ ចូរយើងព្យាយាមគិតក្នុងជីវិតរបស់យើងថា តើអ្វីៗដែលយើងនឹងធ្វើពឹងលើព្រះវិញ្ញាណ និងព្រះចេស្ដានៃព្រះអង្គដែរឬទេ? ដោយសារយើងទទួលបានសេចក្ដីសង្គ្រោះ តើយើងនឹងធ្វើអ្វីខ្លះ ដើម្បីឲ្យខ្លួនបានលូតលាស់ខាងឯវិញ្ញាណ ដោយកុំឲ្យខ្លួននៅក្រិន កុំឲ្យខ្លួនគ្រាន់តែរួចខ្លួនពីបឹងភ្លើង នៅពេលដែលខ្លួនឈរនៅមុខបល្ល័ង្កព្រះអង្គ ដែលនោះជាពេលទ្រង់ជំនុំជម្រះ? ចូរឲ្យយើងធ្វើនូវអ្វីដែលគាប់ព្រះហឫទ័យដល់ព្រះអង្គ ក្នុងជីវិតរស់នៅរបស់យើង ដែលការនោះនឹងបណ្ដាលឲ្យយើងទទួលបានរង្វាន់ពីទ្រង់។ កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:១៤ បានចែងថា «បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្ដាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់»។ ទោះបើការមានចិត្តអត់ធ្មត់ ជាផលផ្លែនៃព្រះវិញ្ញាណក៏ដោយ ក៏យើងត្រូវតែព្យាយាមដោយខ្លួនឯងឲ្យចេះមានចិត្តអត់ធ្មត់ផងដែរ យើងមានទំនួលខុសត្រូវក្នុងការដែលយើងទទួលព្រះវិញ្ញាណ ហើយដើរដោយព្រះវិញ្ញាណក្នុងជីវិតរស់នៅរបស់យើង។ ដូច្នេះ នេះគឺជាការចាប់ផ្តើម ប៉ុន្តែសូមបន្តពុះពារទៅមុខទៀត។ ចូរអធិស្ឋានទូលសូមជំនួយពីព្រះអង្គ ហើយចូរគិតពិចារណាជាមួយគ្នាថា តើអ្វីទៅជាភាពអត់ធ្មត់?

តើអ្វីទៅជាភាពអត់ធ្មត់?

តាមអ្វីដែលខ្ញុំបានគិត ភាពអត់ធ្មត់គឺជាអ្វីដែលផ្ទុយពីក្មេងៗ។ នៅពេលដែលយើងនៅក្មេងនៅឡើយ យើងមិនចេះអត់ធ្មត់ទេ។ នេះជារឿងធម្មតា។ នៅពេលដែលកូនក្មេងចង់បានអ្វីមួយ ឬក៏ធ្វើអ្វីមួយ គឺពួកគាត់ចង់តែបាន ឬក៏ធ្វើភ្លាមៗ ហើយប្រសិនបើមិនបានអ្វីមួយដូចចិត្តទេ នោះពួកគាត់នឹងស្រែកយំ ខឹង វាយតប់ រនាលដី ដែលនោះជារឿងធម្មតារបស់យើងជាមនុស្សប៉ុណ្ណោះ។ ព្រោះអ្វីដែលយើងចង់បានឥឡូវ គឺយើងគិតថា យើងត្រូវតែបានភ្លាមៗដោយមិនបង្អង់រង់ចាំឡើយ។ មានលោកគ្រូគង្វាលនៅសម័យមុនម្នាក់ឈ្មោះ ម៉ាទីន លូសើ (Martin Luther) បានឲ្យនិយមន័យលើពាក្យ «អត់ធ្មត់» ថា៖ «ភាពអត់ធ្មត់ គឺជាលក្ខណសម្បត្តិមួយដែលធ្វើឲ្យបុគ្គលម្នាក់ចេះទ្រទ្រាំនឹងជំលោះ ការឈឺចាប់ ការស្ដីបន្ទោស ហើយការនោះក៏ជួយឲ្យបុគ្គលនោះចេះអត់ធ្មត់ថែមទៀត ដោយរង់ចាំឲ្យអ្នកដែលធ្វើឲ្យខ្លួនឈឺចាប់មានការប្រែចិត្ត»។ តាមពិតទៅ ភាពអត់ធ្មត់ គឺជាលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ នោះបង្ហាញថា យើងកំពុងតែមានផលផ្លែនៃព្រះវិញ្ញាណ ជាផលផ្លែរបស់ព្រះ និងជាលក្ខណសម្បត្តិរបស់ទ្រង់។ ដូចនេះហើយ នៅពេលដែលយើងចង់ដឹងថា តើអ្វីទៅជាភាពអត់ធ្មត់ នោះយើងគ្រាន់តែមើលថា តើព្រះអង្គបង្ហាញភាពអត់ធ្មត់យ៉ាងដូចម្តេចក្នុងព្រះគម្ពីរ។ កណ្ឌគម្ពីរ ២ពេត្រុស ៣:៩ បានចែងថា «ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»

យើងទទួលបានសេចក្តីសង្គ្រោះ ដោយសារព្រះអង្គមានព្រះទ័យអត់ធ្មត់នឹងយើង ប្រសិនបើព្រះអង្គមិនមានព្រះហឫទ័យអត់ធ្មត់ទេ នោះច្បាស់ជាគ្មាននរណាម្នាក់អាចទទួលបានសេចក្តីសង្គ្រោះឡើយ។ បើនិយាយពីសម័យលោក ណូអេ ព្រះអង្គបានសង្គ្រោះតែគ្រួសារមួយប៉ុណ្ណោះ។ ទោះបើពិភពលោកទាំងមូលពេញដោយការអាក្រក់ ហើយអ្វីៗដែលគេគិតសុទ្ធតែអាក្រក់ ក៏ព្រះអង្គនៅតែមានព្រះហឫទ័យអត់ធ្មត់ចំពោះគេដដែល ដោយរង់ចាំឲ្យលោក ណូអេ ធ្វើទូកធំមួយ ដើម្បីឲ្យគ្រួសារគាត់បានសេចក្តីសង្គ្រោះ។ នៅពេលនោះ គាត់ក៏បានប្រកាសដំណឹងល្អដល់មនុស្សលោកដែរ តែពួកគេមិនជឿ។ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះយើងដែលជាមនុស្ស។ តាមពិតទៅ ព្រះអង្គមានសិទ្ធិសម្លាប់យើងចោលក្នុងពេលតែមួយប៉ប្រិចភ្នែកក៏បាន ព្រោះយើងជាមនុស្សអាក្រក់ ជាអ្នកទាស់ប្រឆាំងនឹងព្រះអង្គ។ ប៉ុន្តែ ទ្រង់មិនបានធ្វើបែបនោះទេ ព្រោះទ្រង់មានពេញដោយព្រះហឫទ័យអត់ធ្មត់។ ភាពអត់ធ្មត់មានការទាក់ទងគ្នាទៅនឹងសេចក្តីស្រឡាញ់ ព្រោះសេចក្តីស្រឡាញ់ដ៏ពិតប្រាកដនឹងចេះមានភាពអត់ធ្មត់។ នៅកណ្ឌគម្ពីរ ១កូរិនថូស ១៣ យើងឃើញថា លក្ខណសម្បត្តិដំបូងនៃក្តីស្រឡាញ់ដែលសាវ័ក ប៉ុល បានលើកឡើងគឺ ភាពអត់ធ្មត់។ យើងដឹងហើយថា ព្រះអម្ចាស់មានពេញដោយសេចក្តីស្រឡាញ់ ដូច្នេះព្រះអង្គក៏មានពេញដោយភាពអត់ធ្មត់ផងដែរ។ «ព្រះយេហូវ៉ាទ្រង់មានសេចក្តីមេត្តាករុណា ហើយនិងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសដ៏បរិបូរ» (ទំនុកតម្កើង ១០៣:៨)។ ព្រះអង្គយឺតនឹងខ្ញាល់ ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់។ ការដែលព្រះអង្គមិនបំផ្លាញយើងទាំងអស់គ្នា គឺជាការដែលបង្ហាញយើងថា ព្រះអង្គយឺតនឹងខ្ញាល់។

ខ្ញុំតែងតែគិតពីពេលវេលាដែលព្រះយេស៊ូវគង់នៅលើផែនដី នៅពេលដែលព្រះអង្គមានព្រះជន្ម៣០ព្រះវស្សា ការដែលទ្រង់បានចាប់ផ្តើមធ្វើព័ន្ធកិច្ច និងការជ្រើសរើសពួកសិស្សដែលយើងឃើញថា ពួកសិស្សទ្រង់ហាក់បីដូចជាមិនសូវជាឆ្លាតប៉ុន្មានទេ ប៉ុន្តែនៅពេលយើងបានឃើញអ្វីដែលព្រះយេស៊ូវបានធ្វើចំពោះសិស្សរបស់ព្រះអង្គ នោះគឺជាការដ៏គួរឲ្យភ្ញាក់ផ្អើល៖ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ខ្លាំងណាស់។ ប្រសិនបើខ្ញុំជាអ្នកចេះដឹង ជាអ្នកដែលមានឋានៈខ្ពស់ ហើយមាននរណាម្នាក់ដែលមិនសូវចេះអ្វីសោះមកសួរសំណួរដែលមិនសូវសំខាន់មកខ្ញុំ នោះខ្ញុំនឹងបំបាក់មុខគេ ឬក៏មិនឆ្លើយនូវសំណួររបស់គេតែម្ដង ដោយសារគេជាមនុស្សមិនសូវឆ្លាត។ យ៉ាងណាមិញ ចំពោះព្រះយេស៊ូវវិញ ទោះបើសិស្សរបស់ព្រះអង្គសម្ដែងនូវការមួយចំនួនដូចជាការគ្មានជំនឿក៏ដោយ ក៏ព្រះអង្គនៅតែធ្វើការអស្ចារ្យជាច្រើននៅមុខពួកគាត់ដែរ។ ប៉ុន្តែ ពួកគាត់នៅតែមិនយល់ ហើយមិនជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដដែល។ ពេលនោះ តើព្រះយេស៊ូវបានសម្ដែងកំហឹងរបស់ទ្រង់នឹងពួកគាត់ ឬក៏ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់? ពិតណាស់! យើងឃើញថា ព្រះអង្គបានអត់ធ្មត់ជាខ្លាំង។ ពេលខ្លះព្រះអង្គហាក់បីដូចជាខ្ញាល់ ពីព្រោះពួកគាត់មិនយល់ពីអ្វីដែលទ្រង់កំពុងធ្វើ ទោះបើទ្រង់បាននៅជាមួយពួកគាត់យូរហើយក៏ដោយ។ ហេតុអ្វីបានជាពួកគាត់នៅតែមិនយល់ ប៉ុន្តែព្រះអង្គមិនវាយពួកគាត់ មិនសម្លាប់ពួកគាត់ចោលទេ? តាមពិត ព្រះអង្គមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការសម្លាប់មនុស្សលោកទាំងអស់ចោល ព្រោះព្រះអង្គជាព្រះអាទិករ ប៉ុន្តែព្រះអង្គបែរជាយឺតនឹងខ្ញាល់ ព្រោះទ្រង់មានព្រះហឫទ័យអត់ធ្មត់ចំពោះយើងដែលជាមនុស្សទៅវិញ។ ការដែលយើងមានចិត្តអត់ធ្មត់មានន័យថា យើងចេះរងចាំអ្វីមួយ យើងមានសង្ឃឹមទៅលើអ្វីមួយនៅអនាគត ដែលនឹងនាំឲ្យយើងបន្តរង់ចាំទៀត។ ការដែលព្រះអង្គរងចាំ ព្រោះទ្រង់សព្វព្រះហឫទ័យសង្គ្រោះ ក៏ដូចជាឲ្យមនុស្សយើងមានឱកាសកែប្រែចិត្តគំនិត។ នោះហើយជាមូលហេតុដែលព្រះអង្គរងចាំ។ នេះបង្ហាញថា ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់។ ដូច្នេះ យើងឃើញថា ព្រះអង្គទ្រង់អត់ធ្មត់ចំពោះយើង ចុះតើយើងចេះអត់ធ្មត់ដែរឬទេ?

តើយើងមានភាពអត់ធ្មត់យ៉ាងដូចម្តេច?

យើងបានដឹងហើយថា៖ ទី១ ដោយសារយើងមិនអាចមានភាពអត់ធ្មត់ដ៏ពិតប្រាកដបាន ដូច្នេះយើងត្រូវការសេចក្ដីសង្គ្រោះ។ យ៉ាងណាមិញ ក៏នៅមានគំនិតមួយទៀតថា ដើម្បីឲ្យយើងអាចក្លាយជាគ្រីស្ទបរិស័ទបាន ហើយមានភាពអត់ធ្មត់ចំពោះអ្នកដទៃ នោះអ្វីដែលយើងត្រូវការគឺ នឹកចាំពីព្រះហឫទ័យអត់ធ្មត់របស់ព្រះអង្គដែលទ្រង់មានចំពោះយើង។ តាមពិត យើងគ្មានសិទ្ធិខឹងនឹងអ្នកដទៃ ពេលដែលគេធ្វើបាបយើងទេ នេះដោយសារយើងបានធ្វើបាបទាស់នឹងព្រះអង្គជាមុនដែរ ហើយទ្រង់បានអត់ទោសឲ្យយើង។ ព្រះអង្គមិនបន្តនៅខ្ញាល់នឹងយើងទៀតទេ ពីព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់។ ដូច្នេះ យើងដែលជាអ្នកទទួលបានសេចក្តីសង្គ្រោះពីព្រះអង្គ យើងគ្មានសិទ្ធិខឹងអ្នកដទៃទេ ប៉ុន្តែជាការដ៏គួរឲ្យសោកស្ដាយណាស់ ព្រោះភាគច្រើនយើងមានការភ្លេចភ្លាំង។ តាមរយៈការនឹកចាំពីការដែលព្រះជាម្ចាស់បានសម្ដែងព្រះហឫទ័យអត់ធ្មត់ដល់យើង គឺជាវិធីសាស្ត្រមួយ ដើម្បីជួយឲ្យយើងមានការលូតលាស់បាន។

ទី២ យើងគ្មានសិទ្ធិទាមទារនូវអ្វីដែលលើសពីការក្លាយជាគ្រីស្ទបរិស័ទនោះឡើយ។ ព្រះអង្គបានប្រទាននូវគ្រប់អ្វីៗទាំងអស់ដល់យើងដែលជាបុត្រាបុត្រីរបស់ព្រះអង្គ តាមរយៈព្រះគ្រីស្ទ ហើយក៏គ្មានអ្វីដែលយើងត្រូវការទៀតនោះដែរ ព្រោះយើងមានអ្វីដែលយើងត្រូវការរួចទៅហើយ។ ការដែលយើងចេះអត់ធ្មត់កើតចេញពីភាពស្កប់ចិត្ត ព្រោះការដែលយើងចេះស្កប់ចិត្តជាមួយព្រះអង្គ ការនោះនឹងបណ្តាលឲ្យយើងចេះមានភាពអត់ធ្មត់ជាមិនខាន។ ការដែលយើងជឿថា ព្រះអង្គល្អចំពោះយើង នោះក៏នាំឲ្យយើងព្យាយាមមិនសងសឹកចំពោះអស់អ្នកដែលធ្វើបាបយើងដែរ លើសពីនោះទៅទៀតយើងនឹងចេះមានភាពអត់ធ្មត់ ព្រោះព្រះអង្គនឹងសងសឹកជំនួសយើងនៅថ្ងៃអនាគត។ ការសងសឹកមិនមែនជាការងាររបស់យើងទេ ដូចនេះយើងត្រូវមានការអត់ធ្មត់ក្នុងជីវិតរស់នៅរបស់យើង។ ការដែលយើងរម្លឹកពីព្រះហឫទ័យអត់ធ្មត់របស់ព្រះអង្គចំពោះខ្លួន ការនោះនឹងនាំឲ្យយើងមានចិត្តអត់ធ្មត់ដែរ។ ចូរប្រកាសដំណឹងល្អចំពោះខ្លួនឯងរៀងរាល់ថ្ងៃ ដូចជាលោកគ្រូគង្វាលម្នាក់មានប្រសាសន៍ថា «រៀងរាល់ពេលដែលយើងភ្ញាក់ពីគេង ចូរប្រកាសដំណឹងល្អដល់ខ្លួនឯង។ ដំណឹងល្អមិនមែនគ្រាន់តែសម្រាប់អ្នកមិនជឿនោះទេ ប៉ុន្តែយើងដែលជាអ្នកជឿរួចទៅហើយក៏ត្រូវនៅតែបន្តប្រកាសដំណឹងល្អមកកាន់ខ្លួនឯងដែរ។» សូមប្រកាសដំណឹងល្អចំពោះខ្លួនឯងថា «ខ្ញុំជាមនុស្សអាក្រក់ ជាសត្រូវរបស់ព្រះអង្គពីមុន ប៉ុន្តែតាមរយៈជំនឿ ខ្ញុំបានទទួលសេចក្តីសង្គ្រោះ ខ្ញុំបានទទួលសេចក្តីស្រឡាញ់ពីព្រះអង្គ»សម្រងសម្ដីរបស់លោកគ្រូ ស៊ី. អេឆ. ស្ពើចិន(C.H.Spurgeon)។ ប្រសិនបើយើងរម្លឹកខ្លួនឯង នៅពេលដែលមានគេធ្វើបាបទាស់នឹងយើង ឬក៏ធ្វើឲ្យយើងមានការឈឺចាប់ នោះយើងនឹងមិនងាយខឹងនឹងគេវិញឡើយ។ ព្រោះយើងនឹងនឹកចាំពីខ្លួនឯង និងអំពីអ្វីដែលព្រះអង្គបានធ្វើចំពោះយើង។ យើងអាចមានភាពអត់ធ្មត់បាន ព្រោះយើងនឹកចាំអំពីព្រះហឫទ័យអត់ធ្មត់របស់ព្រះអង្គ ក៏ដូចជាការប្រកបគ្នាជាមួយនឹងអ្នកដែលចេះអត់ធ្មត់ដែរ។

ទី៣ សាវ័ក ប៉ុល បានលើកឡើងថា៖ «កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ» (១កូរិនថូស ១៥:៣៣)។ នៅពេលយើង ដែលជាគ្រីស្ទបរិស័ទ មិនមានការប្រកបគ្នាជាមួយគ្រីស្ទបរិស័ទឯទៀតៗ តើនឹងមានអ្វីកើតឡើងចំពោះយើង? ចម្លើយគឺ៖ យើងនឹងកាន់តែខ្សោយទៅៗជាមិនខាន។ ការដែលយើងសេពគប់មនុស្សអាក្រក់នឹងនាំយើងឲ្យអាក្រក់។ ដូចដែលសាវ័ក ប៉ុល បានលើកឡើងអញ្ចឹង។ ចូរយើងប្រកបគ្នាជាមួយនឹងគ្រីស្ទបរិស័ទឯទៀតៗចុះ។ សាវ័ក ប៉ុល បានលើកឡើងក្នុងសំបុត្រទៅកាន់លោក ធីម៉ូថេ ថា «ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ» (២ធីម៉ូថេ ២:២២)។

កាលណាមនុស្សដែលមិនជឿលើព្រះយេស៊ូវគ្រីស្ទចង់បានអ្វីមួយ ភាគច្រើនគេនឹងព្យាយាមឲ្យបានភ្លាមៗ ភាគច្រើនគេមិនចង់រង់ចាំទេ។ ព្រោះគេមិនចេះអត់ធ្មត់ ប៉ុន្តែយើងដែលជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ យើងចង់បាននូវអ្វីដែលមាននៅអនាគត។ ការធ្វើបែបនេះបង្ហាញថា យើងកំពុងតែរង់ចាំការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះអង្គបានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញ ហើយឥឡូវនេះព្រះអង្គមានព្រះវត្តមាននៅស្ថានសួគ៌។ យើងនឹងរង់ចាំរហូតដល់ទីបញ្ចប់នៃលោកីយ៍នេះ ដែលពេលនោះព្រះអង្គនឹងបង្កើតស្ថានសួគ៌ថ្មី និងផែនដីថ្មី។ វាជាការសំខាន់ណាស់ដែលយើងប្រកបគ្នាជាមួយគ្រីស្ទបរិស័ទផ្សេងៗ ព្រោះការនេះនឹងនាំយើងឲ្យលូតលាស់ ហើយមានចិត្តអត់ធ្មត់ ដូចដែលមានចែងនៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ១០:២៤-២៥ «ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»

ទី៤ ចំណុចមួយទៀតដែរយើងអាចធ្វើក្នុងនាមជាគ្រីស្ទបរិស័ទគឺ យើងត្រូវតែអធិស្ឋាន ព្រោះការនោះនឹងនាំយើងឲ្យបានលូតលាស់ ហើយមានចិត្តអត់ធ្មត់។ ភាពអត់ធ្មត់ និងការអធិស្ឋានមានទំនាក់ទំនងជាមួយគ្នា។ យើងរងចាំដោយសារយើងមិនទាន់ទទួលបាន ដូច្នេះហើយបានជាយើងទូលសូមឲ្យព្រះអង្គប្រទាន។ ការអធិស្ឋាន គឺជាការចាំបាច់សម្រាប់យើងដែលចង់មានចិត្តអត់ធ្មត់។ កណ្ឌគម្ពីរ យ៉ាកុប ១:៥ ចែងថា «តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ»។ នៅពេលដែលយើងខ្វះអ្វីមួយ ដែលព្រះអង្គសព្វព្រះហឫទ័យប្រទានឲ្យយើងមាន ចូរយើងទូលសូមព្រះអង្គ នោះទ្រង់នឹងសព្វព្រះហឫទ័យប្រទានមកយើងជាក់ជាមិនខាន។ យើងក៏បានដឹងហើយថា ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងមានចិត្តអត់ធ្មត់។ ដូច្នេះ ចូរយើងទូលសុំព្រះអង្គឲ្យបំពេញយើង ឲ្យយើងមានចិត្តអត់ធ្មត់។ ហើយនៅពេលដែលយើងមានតម្រូវការណាមួយក្នុងជីវិត ចូរយើងបង្វែរចិត្តខ្លួនឯងដោយប្ដេជ្ញាចិត្តរង់ចាំជាជាងមិនចង់រង់ចាំចុះ។ ហើយតាមរយៈការអធិស្ឋាន នោះយើងនឹងមានចិត្តអត់ធ្មត់បាន។

ទី៥ ចំណុចមួយទៀតដែលជួយឲ្យយើងចេះមានចិត្តអត់ធ្មត់គឺ ការដែលយើងនឹកចាំសេចក្តីសន្យារបស់ព្រះអង្គចំពោះអស់អ្នកណាដែលរង់ចាំទ្រង់។ ប្រសិនបើយើងចង់មានចិត្តអត់ធ្មត់ ដាច់ខាតយើងត្រូវមានសង្ឃឹមដ៏ជាក់លាក់មួយ ហើយយើងត្រូវដាក់ក្តីសង្ឃឹមរបស់យើងលើព្រះអង្គផ្ទាល់។ សេចក្តីសន្យារបស់ព្រះនឹងធ្វើឲ្យយើងចេះរងចាំបាន។ ចូរស្តាប់ពីសេចក្តីសន្យានៅក្នុងព្រះគម្ពីរ ចំពោះអស់អ្នកណាដែលរងចាំ និងមានសង្ឃឹមដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ «…អស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ» (អេសាយ ៤៩:២៣)។ «ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្ដាប់ ហើយទទួលតាមសម្រែករបស់ខ្ញុំ» (ទំនុកតម្កើង ៤០:១)។ «ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់» (បរិទេវ ៣:២៥)។ ចំពោះអស់អ្នកណាដែលមានសង្ឃឹមលើព្រះអង្គ ជឿលើសេចក្តីសន្យាទាំងប៉ុន្មាននេះ ដែលមានចែងជាច្រើនក្នុងព្រះគម្ពីរ ដែលព្រះអង្គសន្យាចំពោះអស់អ្នកណាដែលរងចាំ ពួកគេនឹងអាចរងចាំបាន ពីព្រោះបានទុកចិត្តលើព្រះអង្គ ហើយមានក្តីសង្ឃឹមយ៉ាងជាក់លាក់នៅអនាគត ដោយសារព្រះអង្គបានសន្យា ដ្បិតព្រះអង្គមិនកុហកឡើយ។ អ្វីដែលទ្រង់សន្យា នោះនឹងកើតឡើងមែន។ នឹងមានថ្ងៃមួយដែលគ្រប់ទាំងបញ្ហា គ្រប់រឿងអាក្រក់ និងអ្វីៗដែលខូចនៅក្នុងជីវិតរបស់យើងនឹងប្រែត្រឡប់ទៅជាត្រូវវិញ។ មិនថាជីវិតនេះស្រួល ឬក៏ការអាក្រក់នៅមានកើតឡើងរាល់ថ្ងៃក្ដី ក៏ព្រះអង្គនៅតែកំពុងធ្វើការ ដើម្បីសិរីល្អរបស់ទ្រង់ក្នុងជីវិតរបស់យើងដែរ។ ប្រសិនបើយើងទុកចិត្តព្រះអង្គ នោះមានន័យថា យើងចេះមានការអត់ធ្មត់ហើយ។

តើអ្នកបានធ្វើអ្វីខ្លះក្នុងសប្ដាហ៍នេះ ដើម្បីឲ្យកាន់តែមានចិត្តអត់ធ្មត់ខ្លាំងឡើងៗជាងមុន?

ការកាន់តែមានចិត្តអត់ធ្មត់មិនមែនជាការដែលយើងព្យាយាមធ្វើដោយពឹងលើសាច់ឈាមខ្លួនឯងឡើយ ហើយក៏មិនមែនជាការដែលយើងព្យាយាមសង្គ្រោះខ្លួនឯងនោះដែរ។ ប៉ុន្តែ គឺជាការដែលយើងពឹងលើព្រះគ្រីស្ទឲ្យទ្រង់ជួយយើង។ សំណួរនេះគឺសួរទៅកាន់អស់អ្នកដែលបានទទួលជឿលើព្រះយេស៊ូវគ្រីស្ទហើយ ព្រោះយើងមានទំនួលខុសត្រូវក្នុងការព្យាយាមដើរទៅរកព្រះអង្គ ដែលនេះមានន័យថា យើងមិនអាចនៅអង្គុយស្ងៀមបានឡើយ។ ដូច្នេះ តើសព្វថ្ងៃនេះយើងកំពុងតែធ្វើអ្វី ដើម្បីឲ្យខ្លួនកាន់តែលូតលាស់ជាងមុន? តាមរយៈការនិយាយស្ដីនឹងគ្នា និងការលើកទឹកចិត្តទៅវិញទៅមកក្នុងក្រុមជំនុំគឺជាជំនួយមួយក្នុងការលូតលាស់។

និពន្ធ​ដោយ៖ លោក​គ្រូ ជឿន ជីវិចន្ធា
កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា,លោក ឯក​ សត្យា,​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង លោក ធីម៉ូថេ ឯក

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ក្រោក​ពី​ការ​លុតជង្គង់

​បើ​ព្រះ​ជាម្ចាស់​មិន​មាន​អធិបតេយ្យ​ភាព