in

ជាតិសាសន៍​អ៊‌ីស្រាអែល

អត្ថន័យ
តារាង​រាយ​ឈ្មោះ​ចុះ​នៃ​តួឯក​ក្នុង​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​ក៏​នៅ​មាន​រួម​ទាំង​សាសន៍​អ៊‌ីស្រាអែល—ជាតិ​សាសន៍​នៃ​ពូជ​ពង្ស​របស់​លោក អ័ប្រាហាំ—នៅ​ជិត​ខាង​លើ​នៃ​តារាង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សំណួរ​មួយ​ដែល​គេ​ចោទ​សួរ​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​គឺ​ថា តើ​តួឯក​ម្នាក់​នេះ—រាស្ត្រ​នេះ—នៅ​បន្ត​មាន​តួនាទី​នៅ​ក្នុង​ហេតុ​ការណ៍​ឥឡូវ​នេះៗ ដែល​ឈាន​ដល់​ចំណុច​រឿង​នៃ​ព្រឹត្តិ​ការណ៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ បាន​មក​ដល់​ការ​យាង​មក​លើក​ទី​មួយ​របស់​ព្រះ​យេស៊ូវ។ គឺ​សំណួរ​នេះ—តើ​សាសន៍​អ៊‌ីស្រាអែល​នៅ​បន្ត​មាន​តួនាទី មាន​អនាគត ក្នុង​ដំណើរ​រឿង​របស់​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ—ដែល​យើង​នឹង (ចាប់​ផ្ដើម) ឆ្លើយ​ក្នុង​អត្ថបទ​នេះ។

ការ​សង្ខេប
សម្រាប់​ចម្លើយ​មួយ យើង​នឹង​មើល​នៅ​ឯ​កន្លែង​មួយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​មាន​ការ​ថ្លែង​ប្រាប់​លើ​សំណួរ​នេះ​ផ្ទាល់​តែ​ម្ដង៖ រ៉ូម ៩-១១។ អ្វី​ដែល​យើង​នឹង​ឃើញ​គឺ​ថា​សាសន៍​អ៊‌ីស្រាអែល—ជាតិ​សាសន៍​ទាំង​មូល និង​មនុស្ស​ជា​ក្រុម—ពិត​ជា​នៅ​មាន​ការ​បន្ត​ក្នុង​ដំណើរ​រឿង​របស់​ព្រះ​ជាម្ចាស់​មែន សូម្បី​តែ​នៅ​ក្នុង​យុគសម័យ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏​មាន​ដែរ។ តាម​ពិត​ទៅ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​សង្គ្រោះ​សាសន៍​អ៊‌ីស្រាអែល ហើយ​ថា​ព្រះ​អង្គ​នឹង​សម្រេច​ការ​នោះ​ក្នុង​របៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។

សេចក្ដី​ផ្ដើម
តើ​សាសន៍​អ៊‌ីស្រាអែល​នៅ​មាន​អនាគត​ដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​ដ៏​ធំ​មួយ ទាក់​ទង​ទៅ​នឹង​របៀប​ដែល​លោក​អ្នក​ផ្គុំ​ព្រះ​គម្ពីរ​របស់​ខ្លួន​ជា​មួយ​គ្នា។ តាម​ពិត​ទៅ បើ​យើង​ចង់​ព្យាយាម​ផ្ដល់​ជូន​នូវ​ចម្លើយ​ដែល​ស្កប់​ចិត្ត នោះ​យើង​ត្រូវ​បក​ស្រាយ​ខគម្ពីរ​រាប់​រយ​ខ ខ​មួយ​ចំនួន​ងាយ​យល់​ជា​ជាង​ខ​មួយ​ចំនួន​ទៀត។ ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​បាន​ជា​សំណួរ​មួយ​នេះ​មាន​ការ​វែកញែក​ក្នុង​ប្រវត្តិ​សាស្ត្រ​គ្រីស្ទ​បរិស័ទ ដោយ​មាន​មនុស្ស​មួយ​ចំនួន​អះអាង​ថា​សាសន៍​អ៊‌ីស្រាអែល​មិន​មាន​អនាគត​ទេ—តាម​ពិត​ទៅ ក្រុម​ជំនុំ​បាន​ជំនួស​កន្លែង​សាសន៍​អ៊‌ីស្រាអែល​ហើយ ហើយ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​អះអាង​ថា​សាសន៍​អ៊‌ីស្រាអែល​នៅ​មាន​អនាគត—ពេល​ខ្លះ ផ្ដោត​ទៅ​លើ​ទី​តាំង​យ៉ាង​ច្បាស់​ណា​មួយ ហើយ​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​ឈរ​នៅ​ចន្លោះ​ពាក់​កណ្ដាល​ណា​មួយ​ដែរ។ លើស​ពី​នោះ​ទៅ​ទៀត គឺ​សំណួរ​នេះ​ហើយ​មាន​ទំនួល​ខុស​ត្រូវ យ៉ាង​ហោច​ណាស់​ក្នុង​ផ្នែក​ខ្លះៗ ក្នុង​ការ​វែក​ញែក​ទេវវិទ្យា​ខុសៗ​គ្នា​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ (ឧទាហរណ៍៖ រជ្ជូបការ​និយម ការ​តាំង​សញ្ញា​និយម និង​និម្មាបនកម្ម​និយម)។

ហើយ​ប្រាកដ​ណាស់ យើង​ក៏​មិន​អាច​លើក​ឡើង​នូវ​ការ​វែក​ញែក​ទាំង​អស់​អំពី​ទេវវិទ្យា​ខុសៗ​គ្នា​ឥឡូវ​នេះ​បាន​ដែរ ក៏​ដូច​ជា​មិន​អាច​រាយ​ចុះ​នូវ​ការ​វែក​ញែក​ទាំង​អស់​នោះ ហើយ​ពិភាក្សា​អំពី​ខគម្ពីរ​យោង​ដែល​គាំទ្រ​វា​បាន​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺថា មើល​នៅ​កន្លែង​មួយ​ក្នុង​ព្រះ​គម្ពីរ​ដែល​ថ្លែង​ប្រាប់​អំពី​សំណួរ​នេះ​ផ្ទាល់ និង​តាម​រយៈ​សាវ័ក​ម្នាក់—បុគ្គល​ដែល​ព្រះ​ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​កាត់​ស្រាយ​ព្រះ​គម្ពីរ​សញ្ញា​ចាស់—ជា​ពិសេស​លើ​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក១១។ ហើយ​ទោះ​បើ​ថា យើង​ក៏​នឹង​មិន​អាច​ឈាន​ទៅ​ដល់​ចំណុច​នៃ​ការ​ឆ្លើយ​សំណួរ​ឲ្យ​ជិត​បាន​គ្រប់​ជ្រុង​ជ្រោយ​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់​យើង​អាច​សង់​គ្រឹះ​ឲ្យ​ចម្លើយ​ដូច​នោះ​អាច (ហើយ​ប្រាកដ​ណាស់​ត្រូវ​តែ) ឈរ​ពី​លើ​បាន។

រ៉ូម ១១
កណ្ឌ​គម្ពីរ​​រ៉ូម​ជំពូក ៩-១១ ថ្លែង​ប្រាប់​អំពី​បញ្ហា​ដ៏​ធំ​មួយ​នៅ​ក្នុង​សតវត្សរ៍​ទី១ យ៉ាង​ហោច​ណាស់​យោង​តាម​សាវ័ក ប៉ុល (ជា​ពិសេស សូម​មើល​កណ្ឌ​គម្ពីរ រ៉ូម ៩:២ និង ១០:១)៖ មាន​សាសន៍​យូដា​តិច​នាក់​ណាស់​ដែល​ជា​គ្រីស្ទ​បរិស័ទ។ ការ​សង្កេត​មើល​នេះ​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​អ្វី​ដែល​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ និង​កណ្ឌ​គម្ពីរ​កិច្ចការ​បាន​ប្រាប់​យើង ដែល​បាន​លើក​ជា​សំណើ​ថា រាស្ដ្រ​របស់​ទ្រង់​បាន​បដិសេធ​ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​មេស្ស៊ី​ពី​ព្រះ​ជាម្ចាស់។ សម្រាប់​សាវ័ក ប៉ុល ការ​នោះ​គឺ​ជា​រឿង​ដ៏​ធំ​ដុំ ដោយ​ពិចារណា​លើ​របៀប​ជា​ច្រើន​ដង ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ទៅ​កាន់​ពូជ​ពង្ស​របស់​លោក អ័ប្រាហាំ ថា ទ្រង់​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​ទ្រង់ (សូម​មើល «សេចក្ដី​សន្យា» នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៩:៤; សូម​មើល​ផង​ដែរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ យេរេមា ៣១:៣១-៣៤ ដោយ​មាន​ការ​លើក​ឡើង​ក្នុង​ផ្នែក​ខ្លះៗ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១១:២៧)។ តាម​ពិត​ទៅ ចំពោះ​សាវ័ក ប៉ុល នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ថា​បញ្ហា​នេះ​ធំ​ជាង​ការ​ដែល​សាសន៍​យូដា​មិន​ជឿ​ទៅ​ទៀត។ តាម​ពិត វា​គឺ​ជា​បញ្ហា​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​របស់​ព្រះ​ជាម្ចាស់។ តើ​ឲ្យ​សាសន៍​យូដា​ធ្វើ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ​ជាម្ចាស់​បាន​ដោយ​របៀប​ណា (រ៉ូម ១១:២៨) ខណៈ​ពេល​ដែល​ព្រះ​អង្គ​បាន​សន្យា​ថា ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​ទ្រង់? ហើយ​នេះ​គឺ​ជា​មូល​ហេតុ​ដែល​ថា វា​មិន​មែន​ជា​បញ្ហា​ដ៏​តូច​តាច​ចំពោះ​សាវ័ក ប៉ុល និង​ចំពោះ​សាសន៍​យូដា ប៉ុន្តែ​ក៏​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែល​ជា​សាសន៍​ដទៃ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តើ​ឲ្យ​សាសន៍​ដទៃ​ដែល​ជា​គ្រីស្ទ​បរិស័ទ​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ចំពោះ​ពួក​គេ​បាន​ដោយ​របៀប​ណា ប្រសិន​បើ​ព្រះ​អង្គ​មិន​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់​ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល​ផង? ដូច្នេះ​សាវ័ក ប៉ុល ក៏​បាន​សួរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក ៩-១១ ថា ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល​បាន​បរាជ័យ​ហើយ​មែន​ឬ (រ៉ូម ៩:៦)?

សាវ័ក ប៉ុល ឆ្លើយ​សំណួរ​នេះ​ក្នុង​បី​របៀប ជា​មូល​ដ្ឋាន​គឺ​ចម្លើយ​មួយ​ក្នុង​ជំពូក​មួយ (៩:៦-២៩; ៩:៣០-១០:២១; ១១:១-៣២) ហើយ​គឺ​នៅ​ក្នុង​របៀប​ចុង​ក្រោយ​របស់​គាត់​នោះ​ឯង ដែល​គាត់​បាន​ថ្លែង​ប្រាប់​អំពី​សំណួរ​នៃ​អនាគត​របស់​សាសន៍​អ៊‌ីស្រាអែល​យ៉ាង​ចំៗ​តែ​ម្ដង។ សាវ័ក ប៉ុល ចាប់​ផ្ដើម​ការ​ពារ​ភាព​ទៀង​ត្រង់​របស់​ព្រះ​ជាម្ចាស់​ដោយ​អះអាង​ថា ព្រះ​អង្គ​មិន​ដែល​សន្យា​ថា​ទ្រង់​នឹង​សង្គ្រោះ​គ្រប់​បុគ្គល​នីមួយៗ​នៃ​សាសន៍​យូដា​នោះ​ទេ។ វា​ជា​ការ​ពិត​ណាស់​ដែល​ព្រះ​ជាម្ចាស់​បាន​ញែក​សាសន៍​អ៊‌ីស្រាអែល​ជា​រាស្ដ្រ​មួយ (សូម​មើល​ឧទាហរណ៍ «សាសន៍​អ៊‌ីស្រាអែល» នៅ​ក្នុង ៩:៤)។ ប៉ុន្តែ ការ​ញែក​នេះ ការ​ជ្រើស​រើស​ជាតិ​សាសន៍ និង​ការ​ទទួល​ស្គាល់​ជា​រួម​នេះ​មិន​បាន​ធានា​ថា គ្រប់​គ្នា​ដែល​មាន​សញ្ជាតិ​ជា​សាសន៍​យូដា​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​សេចក្ដី​សង្គ្រោះ​មិន​មាន​មូល​ដ្ឋាន​លើ​ជាតិ​សាសន៍​នោះ​ទេ ប៉ុន្តែ​គឺ​លើ​ព្រះ​គុណ​ទេ​តើ (១១:៦) ឬ​ក៏​ដូច​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ពេល​នេះ «សេចក្ដី​មេត្តាករុណា» (៩:១៥)។ បន្ទាប់​មក​សាវ័ក ប៉ុល ក៏​បាន​ការ​ពារ​ភាព​ទៀង​ត្រង់​របស់​ព្រះ​ជាម្ចាស់​ដោយ​អះអាង​ថា ការ​ដែល​សាសន៍​អ៊‌ីស្រាអែល មិន​ទទួល​ជឿ គឺ​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​រំពឹង​ទុក​ជា​មុន​ហើយ។ ដូច្នេះ ផ្ទុយ​ពី​ចំណុច​ពិត ការ​ដែល​សាសន៍​អ៊‌ីស្រាអែល ​បាន​បរាជ័យ​គឺ​បាន​កើត​ឡើង​ដោយ​សារ​ពួក​គាត់​ផ្ទាល់ (ការ​មិន​ទទួល​ជឿ) ព្រះ​ជាម្ចាស់​បាន​រំពឹង​ទុក​អំពី​បរាជ័យ​នេះ​តាំង​ពី​ដើម​មក​ម្ល៉េះ​ហើយ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ទុក​មុន ដែល​នេះ​មាន​ន័យ​ថា ឋានៈ​បច្ចុប្បន្ន​របស់​សាសន៍​អ៊‌ីស្រាអែល​មិន​បាន​ប្រឆាំង​គ្នា​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់​ឡើយ។ វា​បាន​ក្លាយ​ជា​អំណះអំណាង​វិញ។

បន្ទាប់​មក នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក​១១ សាវ័ក ប៉ុល ក៏​បាន​ការពារ​ភាព​ទៀង​ត្រង់​របស់​ព្រះ​ជាម្ចាស់​ដោយ​អះអាង​ថា សាសន៍​អ៊‌ីស្រាអែល​នៅ​មាន​អនាគត។ និយាយ​ឲ្យ​ចំៗ​ទៅ គាត់​បាន​លើក​ឡើង​ថា សាសន៍​អ៊‌ីស្រាអែល ក្នុង​នាម​ជា​ក្រុម​មនុស្ស និង​ការ​ទទួល​ស្គាល់​ជា​រួម ឬ​ក៏​ជា​ជាតិ​សាសន៍ (អំបូរ) នឹង​បាន​សង្គ្រោះ។ សាវ័ក ប៉ុល បាន​វែកញែក​ហើយ​ថា ខណៈ​ពេល​ដែល​ព្រះ​ជាម្ចាស់​មិន​ដែល​សន្យា​ថា​នឹង​សង្គ្រោះ​បុគ្គល​គ្រប់ៗ​គ្នា​នៃ​សាសន៍​អ៊‌ីស្រាអែល ទោះ​ជា​យ៉ាង​ណា​ក្តី​ទ្រង់​ក៏​បាន​សន្យា​ថា​នឹង​សង្គ្រោះ​សាសន៍​អ៊‌ីស្រាអែល​ដែរ។

សេចក្ដី​សង្គ្រោះ​រួម​របស់​សាសន៍​អ៊‌ីស្រាអែល
ពាក្យ «សាសន៍​អ៊‌ីស្រាអែល» នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក១១ គឺ​ជា​ផ្លាក​សម្គាល់​អត្ត​សញ្ញាណ​នៃ​ក្រុម​មនុស្ស​បែប​ជា​លក្ខណៈ​រួម។ នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១១:៧ យើង​ឃើញ​ចំណុច​នេះ​បាន​យ៉ាង​ច្បាស់​លាស់ (សូម​មើល​ផង​ដែរ​លើ​ពាក្យ «សាសន៍​អ៊‌ីស្រាអែល» នឹង​ពាក្យ «ពូជ​អំបូរ» ជា​ការ​យោង​នៅ​ក្នុង ១១:១-២)។ នៅ​ក្នុង​ខ​នេះ សាវ័ក ប៉ុល បាន​កត់​សម្គាល់​នូវ​បី​ចំណុច៖ «សាសន៍​អ៊‌ីស្រាអែល» «ដែល​ទ្រង់​បាន​រើស​តាំង» (ឧទាហរណ៍៖ ពួក​ដែល​សល់​ក្នុង​ខ៥) និង «ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹងរូស»។

«សេចក្ដី​ដែល​សាសន៍​អ៊‌ីស្រាអែល​ស្វែង​រក នោះ​គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្ដី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹង​រូស»

សាសន៍​អ៊‌ីស្រាអែល​មាន​សមាសភាព​ក្រុម​បន្ទាប់​បន្សំ​ពីរ៖ ពួក​រើស​តាំង និង​ពួក​អ្នក​ដែល​មាន​ចិត្ត​រឹង​រូស។ ហើយ​អ្វី​ដែល​សាវ័ក ប៉ុល ពណ៌នា​នៅ​ក្នុង​ខ​នេះ​រម្លឹក​ឡើង​វិញ អំពី​អ្វី​ដែល​គាត់​បាន​លើក​ឡើង​អំពី​ការ​ឆ្លើយ​តប​ក្នុង​ខ​ដំបូង​របស់​សាសន៍​អ៊‌ីស្រាអែល​ទៅ​កាន់​ព្រះ​យេស៊ូវ​នៅ​ក្នុង ៩:៣០-៣៣។ ពីព្រោះ​សាសន៍​អ៊‌ីស្រាអែល «ដេញ​តាម​ក្រឹត្យ​វិន័យ [ទុក​ជា​របៀប] ដ៏​សុចរិត» តែ «គេ​មិន​បាន​ទាន់​ក្រឹត្យ​វិន័យ​ដ៏​សុចរិត​ទេ»។ គេ «ជំពប់​ដួល» លើ​ព្រះ​យេស៊ូវ​ក្នុង​ការ​មិន​មាន​ជំនឿ ពីព្រោះ​ពួក​គេ​តែង​តែ​មិន​យល់ (ក្នុង​របៀប​ដែល​មាន​អំពើ​បាប) លើ​គោល​បំណង​នៃ​ក្រឹត្យ​វិន័យ (១០:១-៤)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្វី​ដែល​សាវ័ក ប៉ុល បន្ថែម​នៅ​ត្រង់​នេះ គឺ​ជា​អ្វី​ដែល​ពិត​ជា​មិន​ទាក់​ទង​នឹង​គ្រប់​សាសន៍​យូដា​ក្នុង​សតវត្សរ៍​ទី១។ «ពួក​រើស​តាំង» ក្នុង​ចំណោម​អ្នក​ខ្លះ​នៃ​សាសន៍​អ៊‌ីស្រាអែល មិន​បាន​ជំពប់​ដួល​លើ​ព្រះ​យេស៊ូវ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ទទួល​ជឿ​លើ​ទ្រង់ ហើយ​ក៏​ទទួល​បាន​សេចក្ដី​សុចរិត​តាម​រយៈ​ជំនឿ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏ «សាសន៍​អ៊‌ីស្រាអែល» មិន​បាន​ទទួល​ជឿ​ទាំង​អស់​គ្នា ពីព្រោះ​អស់​អ្នក​ដែល​មិន​នៅ​ក្នុង​ចំណោម​ពួក​រើស​តាំង​ដែល​នៅ​សល់—ពួក​អ្នក​ឯ​ទៀត—ក៏​មិន​បាន​ទទួល​ជឿ​ដែរ។ ហើយ​ដោយ​សារ​ការ​នេះ នោះ​ពួក​គេ​ក៏ «ត្រូវ​មាន​ចិត្ត​រឹង​រូស»។

សាវ័ក ប៉ុល មាន​ប្រសាសន៍​សំដៅ​ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល​ថា​ជា​ក្រុម​រួម ក្រុម​មនុស្ស ហើយ​គាត់​ក៏​មាន​ប្រសាសន៍​ថា «ផ្នែក​នៃ​ចិត្ត​រឹង​រូស» របស់​ពួក​គាត់​គឺ​ជា​លទ្ធផល​នៃ​ការ​មិន​ទទួល​ជឿ។ (គាត់​មិន​បាន​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់​ត្រង់​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក​១១៖ ការ​មាន​ចិត្ត​រឹង​រូស​គឺ​ជា​បុព្វ​ហេតុ​នៃ​ការ​ដែល​ពួក​គាត់​មិន​ទទួល​ជឿ​នោះ​ទេ។) ដែល​នេះ​មាន​ន័យ​ថា គ្រប់ៗ​គ្នា​នៃ​សាសន៍​អ៊‌ីស្រាអែល​នៅ​សតវត្សរ៍​ទី១​បាន​ប្រឈម​មុខ​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​នោះ​ឡើយ (ឧទាហរណ៍៖ សាសន៍​អ៊‌ីស្រាអែល​ដែល​អ្នក​ស្រុក​យូដា​តំណាង​ឲ្យ​អ្នក​ដែល​បាន​ឃើញ​ព្រះ​យេស៊ូវ។ សូម​មើល​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១:១១; កិច្ចការ ៣:១៣-១៦)។ អស់​អ្នក​ដែល​ទទួល​ជឿ​ទទួល​បាន​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​មិន​បាន​ទទួល​ជឿ​ក៏​មាន​ចិត្ត​រឹង​រូស។ ហើយ​ជា​សំខាន់ ពេល​ក្រោយ​ទៀត​សាវ័ក ប៉ុល នឹង​មាន​ប្រសាសន៍​សំដៅ​ទៅ​កាន់​អស់​អ្នក​ដែល​ត្រូវ​បាន​មាន​ចិត្ត​រឹង​រូស​ថា​ជា​អស់​អ្នក​ដែល «មែក…ត្រូវ​កាច់​ចេញ» ពី​ដើម​អូលីវ (ខ១៧; សូម​មើល ខ១៩ និង ខ២០; សូម​មើល​ផង​ដែរ​លើ​ពាក្យ «ត្រូវ​កាត់​ចេញ» ក្នុង​ខ២២) ដែល​ការ​នេះ​បង្ហាញ​ថា ធ្លាប់​មាន​ពេល​ដែល​ទាំង​ពួក​ដែល​សល់ និង​មែក​ឯ​ទៀត​មាន​ចំណែក​ជា​មួយ​នឹង​ដើម​ដូច​គ្នា ហើយ​ថា​គឺ​ការ​ឆ្លើយ​តប​របស់​ពួក​គាត់​ទៅ​កាន់​ព្រះ​យេស៊ូវ​នោះ​ហើយ​ដែល​សម្រេច​ថា​ពួក​គាត់​នឹង​នៅ​បន្ត ឬ​ក៏​នឹង​ត្រូវ​កាត់​ចេញ (ឧទាហរណ៍៖ ការ​មាន​ចិត្ត​រឹង​រូស)។ ហើយ​សាវ័ក ប៉ុល នឹង​ចាប់​ផ្ដើម​និយាយ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​សាសន៍​យូដា មិន​មែន​ថា​ជា​ការ​បន្ថែម​ទៅ​លើ​ចំនួន​ពួក​ដែល​សល់​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ជា​ការ​ផ្លាស់​ប្ដូរ​នៃ​ពួក​អ្នក​ឯ​ទៀត។ ដែល​នេះ​មាន​ន័យ​ថា​សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា​គាត់​ចង់​ឲ្យ «ជួយ​សង្គ្រោះ​អ្នក​ខ្លះ» ដែល​ជា «សាច់​ញាតិ» របស់​គាត់ (ខ១៤) ហើយ​នៅ​ពេល​ដែល​គាត់​លើក​ឡើង​អំពី​ក្រុម​មួយ​ណា​ដែល​នឹង​ទទួល​បាន​ការ​សង្គ្រោះ​នេះ​ចេញពី/បន្ថែម​ចូល—ពួក​រើស​តាំង ឬ​ក៏​ពួក​អ្នក​ឯ​ទៀត (ខ៧)—គឺ​គាត់​កំពុង​តែ​មាន​ប្រសាសន៍​ជា​ការ​ផ្ដាច់​មុខ​ទៅ​កាន់​ក្រុម​ចុង​ក្រោយ។ គាត់​បាន​លើក​ឡើង​អំពី​ការ​ផ្សាំង​ជា​ថ្មី​នូវ​មែក​ដែល​ត្រូវ​បាន​កាច់​ចេញ (ខ២៣; សូម​មើល​ខ២៤​ដែរ) ហើយ​និង​ការ​ផ្លាស់​ប្ដូរ​នូវ​ឋានៈ​របស់​អស់​អ្នក​ដែល​មាន​ចិត្ត​រឹង​រូស (សូម​មើល​ខ២៥ «កើត​មាន​សេចក្ដី​រឹង​របឹង​ប៉ុន្មាន​ភាគ​នេះ…» សូម​មើល​ខ៣១​ដែរ ទោះ​បើ​ពាក្យ​ទីពីរ «នៅ​ជាន់​នេះ» ជា​ពាក្យ​មិន​សូវ​ច្បាស់​លាស់​ក៏​ដោយ)។

ដូច្នេះ ប្រសិន​បើ​សាសន៍​អ៊‌ីស្រាអែល​គឺ​ជា​ក្រុម​រួម ដែល​មាន​ទាំង​ពួក​រើស​តាំង និង​ពួក​ដែល​មាន​ចិត្ត​រឹង​រូស (ខ៧) ហើយ​ប្រសិន​បើ​សេចក្ដី​សង្គ្រោះ​របស់​សាសន៍​អ៊‌ីស្រាអែល​មិន​ទាក់​ទិន​ជា​មួយ​នឹង​ការ​បន្ថែម​ចំនួន​មនុស្ស​នៃ​ពួក​រើស​តាំង ប៉ុន្តែ​ទាក់​ទិន​ជា​មួយ​នឹង​ការ​បន្ត​ស្ដារ​ឡើង​វិញ​នូវ​ពួក​ដែល​មាន​ចិត្ត​រឹង​រូស (សូម​មើល​ខ១៤ ដោយ​ពឹង​លើ​ខ២៣) នោះ​មាន​ន័យ​ថា​នៅ​ពេល​ដែល​សាវ័ក ប៉ុល មាន​ប្រសាសន៍​អំពី «សេចក្ដី​ពេញ​ខ្នាត» របស់​សាសន៍​អ៊‌ីស្រាអែល (ខ១២) ហើយ​ជា​ពិសេស​អំពី​ការ​ដែល «សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា​នឹង​បាន​សង្គ្រោះ» (ខ២៦ក; សូម​អាន​បន្ថែម​លើ​ឈ្មោះ «យ៉ាកុប» ក្នុង​ខ២៦ខ) គឺ​គាត់​កំពុង​តែ​មាន​ប្រសាសន៍​អំពី​សេចក្ដី​សង្គ្រោះ ដែល​សំដៅ​ទៅ​លើ​ការ​ស្ដារ​ឡើង​វិញ​នូវ​សាសន៍​អ៊‌ីស្រាអែល​ជា​ក្រុម​រួម​ហើយ។ ជា​លទ្ធផល គាត់​កំពុង​តែ​មាន​ប្រសាសន៍​ថា ទោះ​បើ​ព្រះ​ជាម្ចាស់​មិន​ដែល​សន្យា​ថា ទ្រង់​នឹង​សង្គ្រោះ​គ្រប់​បុគ្គល​នីមួយៗ​នៃ​សាសន៍​យូដា​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​បាន​សន្យា​ថា​នឹង​សង្គ្រោះ​នូវ​ក្រុម​មនុស្ស ក្រុម​រួម និង​ជាតិ​សាសន៍​ដែរ។ នេះ​មិន​មែន​មាន​ន័យ​ថា គ្រប់​មែក​ដែល​ត្រូវ​បាន​កាច់​ចោល​នឹង​ទទួល​បាន​ការ​ផ្សាំ​ចូល​វិញ​នោះ​ទេ។ (ប្រាកដ​ណាស់! សាវ័ក ប៉ុល ក៏​បាន​ស្គាល់​សាសន៍​យូដា​ដែល​បាន​ស្លាប់​ដោយ​មិន​ទទួល​ជឿ​នៅ​ក្នុង​សតវត្សរ៍​ទី១​ផង​ដែរ។) ប៉ុន្តែ ក្នុង​ផ្នែក​នៃ​ដើម​ឈើ​ដែល​មិន​បាន​បង្កើត​ផល​ផ្លែ ដោយ​សារ​មាន​មនុស្ស​មួយ​ផ្នែក​ធំ​មិន​ទទួល​ជឿ​នឹង​ទទួល​បាន​ការ​បំពេញ​ឡើង​វិញ មិន​មែន​តាម​រយៈ​ការ​បន្ថែម​ចំនួន​ពួក​អ្នក​រើស​តាំង (ឬ​ក៏​តាម​រយៈ​សាសន៍​ដទៃ​នោះ​ទេ) ប៉ុន្តែ​តាម​រយៈ​ការ​ផ្សាំង​ឡើងវិញ​នូវ​មែក​មួយ​ចំនួន​ទៀត—ដែល​ពីមុន​មាន​នូវ​ការ​មិន​ជឿ ដែល​ដូច្នោះ​ក៏​បង្កើត​ឲ្យ​ពួក​មាន​ចិត្ត​រឹង​រូស។

សាវ័ក ប៉ុល បង្ហាញ​សាសន៍​យូដា​ថា​ដូច​ជា​ដើម​ឈើ​មួយ ជា​ដើម​មួយ​ដែល​បច្ចុប្បន្ន​នេះ​មិន​មាន​ភាព​ស៊ី​គ្នា​ដោយ​សារ​ការ​កាច់​មែក​ចេញ គឺ​មនុស្ស​មួយ​ផ្នែក​ធំ​មិន​ទទួល​ជឿ។ ហើយ​គាត់​ក៏​អះអាង​ថា​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ទាក់​ទិន​នឹង​សេចក្ដី​សង្គ្រោះ ការ​ផ្សាំង​ចូល​វិញ គឺ​ចំនួន​តួ​លេខ​គ្រប់​គ្រាន់​សង​គ្នា​នឹង​មែក​ដែល​ត្រូវ​បាន​កាច់​ចោល​បច្ចុប្បន្ន​នេះ ដើម្បី​ឲ្យ​ថា​នៅ​ចុង​បញ្ចប់​អ្វី​ដែល​នឹង​ទទួល​បាន​ការ​សង្គ្រោះ​នឹង​ធ្វើ​ឲ្យ​ដើម​ឈើ​នោះ​មាន​ភាព​ស៊ី​គ្នា​វិញ ពោល​គឺ​សាសន៍​អ៊‌ីស្រាអែល​ទាំង​មូល។

សេចក្ដី​សង្គ្រោះ​រួម​របស់​សាសន៍​អ៊‌ីស្រាអែល បេសកកម្ម​សាសន៍​ដទៃ និង​ការ​យាង​មក​វិញ
សាវ័ក ប៉ុល មិន​គ្រាន់​តែ​បាន​អះអាង​អំពី​អនាគត​របស់​សាសន៍​អ៊‌ីស្រាអែល​ដែល​មាន​រួម​ទាំង​សេចក្ដី​សង្គ្រោះ​ប៉ុណ្ណោះ​ទេ គាត់​ក៏​បាន​ប្រាប់​យើង​អំពី​របៀប និង​ពេល​វេលា​ដែល​ការ​នោះ​នឹង​កើត​ឡើង​ផង​ដែរ។ នេះ​គឺ​ជា​កន្លែង​ដែល​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក​១១​កាន់​តែ​មាន​ការ​ទាក់​ទាញ​អារម្មណ៍។ សេចក្ដី​សង្គ្រោះ​រួម​របស់​សាសន៍​អ៊‌ីស្រាអែល​នឹង​កើត​ឡើង​តាម​រយៈ​ការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ការ​ដែល​សាសន៍​ដទៃ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា ការ​ដែល​សាសន៍​យូដា​មិន​ទទួល​ជឿ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​បេសកកម្ម​ឈោង​ចាប់​សាសន៍​ដទៃ ហើយ​ការ​នោះ​ក៏​នាំ​ឲ្យ​មាន​សាសន៍​ដទៃ​ទទួល​ជឿ ហើយ​បន្ទាប់​មក ជា​លទ្ធផល​ក៏​នាំ​ឲ្យ​សាសន៍​យូដា​ទទួល​ជឿ​ដែរ (សូម​មើល​ជា​ពិសេស​នៅ​ក្នុង ខ១១-១៤)។ ហើយ​សាវ័ក ប៉ុល ប្រាប់​យើង​ថា ដំណើរ​ការ​នេះ​នឹង​បញ្ចប់​ដោយ​ការ​រស់​ឡើង​វិញ/ការ​យាង​មក​វិញ (សូម​មើល ខ១៥) ដែល​នោះ ក្នុង​ករណី​ណា​ក៏​ដោយ អ្វី​ដែល​យើង​បាន​រំពឹង​ទុក ដោយ​សារ​មាន​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ប្រាប់​យើង​ថា មូល​ហេតុ​ដែល​ការ​យាង​ត្រឡប់​មក​វិញ​មាន​ការ​ពន្យារ​ពេល​គឺ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ពេល​សម្រាប់​ការ​សង្គ្រោះ (ទាក់​ទង​នឹង​ចំណុច​នៃ​ការ​ភ្ជាប់​គ្នា​រវាង​ការ​រស់​ឡើង​វិញ និង​ការ​យាង​ត្រឡប់​មក​វិញ សូម​មើល​កណ្ឌ​គម្ពីរ ២ពេត្រុស ៣:៩ សូម​មើល ១កូរិនថូស ១៥:២៣)។ ហើយ​អ្វី​ដែល​ទំនង​ជា​ក៏​ចង្អុល​បង្ហាញ​មក​កាន់​ទិស​ដៅ​នេះ​គឺ​ការ​ប្រើ​ប្រាស់​ខគម្ពីរ​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១១:២៦ខ-២៧ ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​យល់​ថា​ជា​ការ​ពណ៌នា​អំពី​ការ​យាង​ត្រឡប់​មក​វិញ​ជា​លើក​ទី២​របស់​ព្រះ​យេស៊ូវ។

ការ​នេះ​អាច​ទៅ​រួច​បាន ប៉ុន្តែ​ក៏​មិន​ប្រាកដ​ដែរ ត្រង់​ថា​សាវ័ក ប៉ុល ទន្ទឹង​រង់​ចាំ​ការ​បញ្ចប់​ចុង​ក្រោយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទាក់​ទង​នឹង​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្ដូរ​នៃ​ការ​មាន​សេចក្ដី​រឹង​រូស​របស់​សាសន៍​អ៊‌ីស្រាអែល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ចំណុច​នៃ​ការ​ផ្លាស់​ប្ដូរ​បច្ចុប្បន្ន​នេះ​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​អំពី​ការ​ផ្លាស់​ប្ដូរ​ចុង​ក្រោយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ហាក់​បី​ដូច​ជា​មិន​សូវ​សំខាន់​ប៉ុន្មាន​សោះ។ ដែល​នេះ​មាន​ន័យ​ថា លុះ​ត្រា​តែ​យើង​អះអាង​ថា​បច្ចុប្បន្ន​នេះ​សាសន៍​អ៊‌ីស្រាអែល​នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ចេញ​ពី​សេចក្ដី​រឹង​រូស​រហូត​ដល់​ទី​បញ្ចប់—រហូត​ទាល់​តែ​ចំនួន​តួ​លេខ​នៃ​សាសន៍​ដទៃ​ទទួល​បាន​ការ​បំពេញ​ឡើង​សិន—នោះ​ទោះ​បើ​ថា​មាន ឬ​ក៏​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ចុង​ក្រោយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នឹង​បញ្ចប់​ដោយ​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្ដូរ​បច្ចុប្បន្ន គឺ​ទំនង​គួរ​ឲ្យ​ទាក់​ទាញ​អារម្មណ៍ ប៉ុន្តែ​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​នោះ​ទេ។ ហើយ​ដូច​ដែល​យើង​បាន​ឃើញ ការ​អាន​បែប​នោះ​នឹង​បរាជ័យ​ក្នុង​ការ​យល់​អំពី​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ទាក់​ទង​នឹង​បេសកកម្ម​របស់​គាត់​ជា​មួយ​នឹង​សាសន៍​ដទៃ ដែល​គាត់​មាន​គោលដៅ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សង្គ្រោះ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​មាន​សេចក្ដី​រឹង​រូស​បច្ចុប្បន្ន​នេះ។ នៅ​ពេល​ដែល​គាត់​មាន​ប្រសាសន៍​អំពី​សេចក្ដី​សង្គ្រោះ​របស់​សាសន៍​យូដា បន្ទាប់​ពី​ការ​បែង​ចែក​នៃ​ខ៧ នោះ​គាត់​ក៏​បាន​មាន​ប្រសាសន៍​យ៉ាង​ចំៗ​អំពី​ការ​ផ្សាំង​ឡើង​វិញ (ខ២៣ ហើយ​ក៏​សូម​មើល​ខ២៤​ដែរ) និង​ការ​ផ្លាស់​ប្ដូរ (ខ២៥) មិន​មែន​ការ​បន្ថែម​ចំនួន​តួ​លេខ​នៃ​ពួក​រើស​តាំង​នោះ​ទេ។

សេចក្ដី​សន្និដ្ឋាន
តើ​សាសន៍​អ៊‌ីស្រាអែល​នៅ​មាន​អនាគត​ដែរ​ឬ​ទេ? សាវ័ក ប៉ុល បាន​ឆ្លើយ​សំណួរ​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក១១ យ៉ាង​ច្បាស់​លាស់​ថា «មាន»! សាសន៍​អ៊‌ីស្រាអែល ក្នុង​នាម​ជា​ក្រុម​មនុស្ស ក្រុម​រួម​គ្នា និង​ជាតិ​សាសន៍​នឹង​បាន​សង្គ្រោះ។ ស្ថាន​ភាព​នៃ​ការ​ដែល​សាសន៍​អ៊‌ីស្រាអែល​មាន​ចិត្ត​រឹង​រូស គឺ​កំពុង​តែ​ទទួល​ការ​ផ្លាស់​ប្ដូរ ហើយ​នៅ​ពេល​ដែល​ចំនួន​តួ​លេខ​នៃ​សាសន៍​ដទៃ​ត្រូវ​បាន​រួម​បញ្ចូល នោះ​សាសន៍​អ៊‌ីស្រាអែល​នឹង​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ពេញ​លេញ។ ពិត​ណាស់! សាវ័ក ប៉ុល មិន​បាន​ឆ្លើយ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។ ឧទាហរណ៍៖ គាត់​មិន​បាន​លើក​ឡើង​អ្វី​សោះ​អំពី​ទឹកដី​នៃ​សាសន៍​អ៊‌ីស្រាអែល ឬ​ក៏​អំពី​នគរ​នៅ​គ្រា​មួយ​ពាន់​ឆ្នាំ​ដែរ។ ប៉ុន្តែ អ្វី​ដែល​គាត់​បាន​លើក​ឡើង​គឺ​ថា (១) សាសន៍​អ៊‌ីស្រាអែល​នឹង​បាន​សង្គ្រោះ (២) សេចក្ដី​សង្គ្រោះ​នេះ​កំពុង​តែ​កើត​ឡើង​ឥឡូវ​នេះ ហើយ​ក៏​នឹង​ឈាន​ដល់​ទី​បញ្ចប់​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ (៣) ការ​នោះ​ក៏​នឹង​នាំ​ទៅ​ដល់​ការ​រស់​ពី​ស្លាប់​ឡើង​វិញ (៤) ជា​លទ្ធផល​វា​ក៏​កើត​ឡើង​ពី​បេសកកម្ម​របស់​សាសន៍​ដទៃ​ដែរ (៥) ហើយ​វា​គឺ​ជា​ការ​ផ្សាំង​ចូល​វិញ​នូវ​សាសន៍​យូដា​ដែល​មិន​ទទួល​ជឿ​ចូល​ដើម​ឈើ​របស់​ខ្លួន​វិញ (ដែល​ជា​ការ​សហការ​ជា​មួយ​នឹង​ការ​ផ្សាំង​នូវ​សាសន៍​ដទៃ​ចូល​ដើម​ឈើ​ដូច​គ្នា)។

និពន្ធដោយ៖ លោកគ្រូ Jared Compton
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​ និង​ លោក ធីម៉ូថេ ឯក
ដកស្រង់ និងកែសម្រួលចេញពី thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

សាសន៍អ៊ីស្រាអែល និង ក្រុមជំនុំ

គ្រីស្ទបរិស័ទ​ដ៏ពិត