«ខ្ញុំបានទទួលបង្គាប់នឹងមកឯពួកកូនចៀម ដែលបាត់បង់របស់ពូជពង្សសាសន៍អ៊ីស្រាអែលតែប៉ុណ្ណោះទេ»
(ម៉ាថាយ ១៥:២៤)។
មានពេលមួយ មានបុរសម្នាក់បានប្រាប់ដល់លោក ចន វេស្លី (John Wesley) ថា «ព្រះគម្ពីរគឺមិនដឹងអ្វីសោះអំពីសាសនានៃការផ្តាច់ខ្លួនម្នាក់ឯង។ ហេតុដូច្នេះ មនុស្សត្រូវតែស្វែងរកដៃគូ ឬបង្កើតពួកគេឡើង។ នេះគឺជាផ្នែកយ៉ាងសំខាន់នៅក្នុងជំនឿនៃគ្រីស្ទបរិស័ទនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ វាមិនមែនជាជំនឿដែលអាចរស់នៅក្នុងជីវិតឯកោទេ វាប្រហែលជាសមស្របជាមួយសាសនាមួយចំនួន ប៉ុន្តែមិនមែនជាមួយជំនឿនៃគ្រីស្ទបរិស័ទទេ»¹
ពេលវេលាពិតជាបានផ្លាស់ប្ដូរមែន។
សម្រាប់មនុស្សជាច្រើន សាសនាទោលគឺជាទម្លាប់ពេញចិត្តក្នុងសម័យនេះ។ គេមានការពេញចិត្តចូលរួមក្រុមជំនុំតាមរយៈការមើលជាវីដេអូសម្រាប់ការជួបជុំរួមគ្នា កម្មវិធីឌីជីថលមានអាទិភាពលើភាពជាក់ស្តែង ហើយមិត្តភក្ដិលើបណ្ដាញសង្គមដូចជាហ្វេសប៊ុកត្រូវបានស្វាគមន៍ច្រើនជាងទំនាក់ទំនងផ្ទាល់។
នេះគឺជាសម្លេងស៊ីរ៉ែននៃភាពឯកោខាងឯវិញ្ញាណ៖ អ្នកមិនត្រូវការអ្នកជឿផ្សេងទៀតទេ នោះគឺជាចំណងជើង ហើយអ្នកអាចរស់នៅក្នុងជីវិតគ្រីស្ទានទាំងអស់ដោយខ្លួនឯង នោះគឺជាការបន្ទរ។ វាជាបទចម្រៀងដែលយើងច្រៀង ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃកៅអីព្រះវិហារទទេរបស់យើង បទភ្លេងដែលយើងច្រៀងនៅពេលយើងអស់កម្លាំង និងហត់នឿយ ហើយភ្លេងដែលយើងបន្លឺឡើងនៅពេលយើងឃើញអ្នកជឿបោះបង់យើងនឹងធ្វើឲ្យយើងឈឺចាប់។²
សម្លេងស៊ីរ៉ែននោះគឺខុសហើយ
ព្រះជាម្ចាស់បានរៀបចំឲ្យជីវិតគ្រីស្ទានបានរស់នៅរួមគ្នា មិនមែនរស់នៅម្នាក់ឯងទេ។ កណ្ឌគម្ពីរ សុភាសិត ១៨:១ បានចែងថា «អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ»។ ការផ្តាច់ខ្លួនខាងឯវិញ្ញាណ គឺជាសេចក្តីអំនួតនៃភាពអាត្មានិយម។ ហើយវាមានគ្រោះថ្នាក់លើសជាងការដែលយើងគិតយល់ទៀត។ វានាំឲ្យអ្នកគ្មានជំនួយនៅពេលអ្នកដួលចុះ (កាឡាទី ៦:២) មានភាពល្ងីល្ងើពេលអ្នកគិត ( សុភាសិត ១៨:១-២) ហើយគ្មានអំណាចចេស្ដាសោះពេលអ្នកផ្សាយដំណឹងល្អ (យ៉ូហាន ១៣:៣៤-៣៥) រុញច្រានអ្នកនៅលើជ្រោះនៃការខ្ទេចខ្ទាំខាងឯវិញ្ញាណ (ហេព្រើរ ១០:២៤-២៥)។ ហេតុអ្វី? ពីព្រោះការផ្តាច់ខ្លួនខាងឯវិញ្ញាណ គឺជាជីវិតរស់នៅដែលគ្មានព្រះគ្រីស្ទ។ វាបដិសេធនូវកិច្ចការជាអ្នកគង្វាលដែលព្រះគ្រីស្ទត្រូវបានបញ្ជូនមកឲ្យធ្វើ (ម៉ាថាយ ១៥:២៤) និងតួនាទីដែលត្រូវបានប្រគល់មកកាន់អ្នកដើរតាមទ្រង់គ្រប់ៗរូបឲ្យបំពេញ។
យើងមិនត្រឹមតែត្រូវការអ្នកគង្វាលខាងឯវិញ្ញាណក្នុងជីវិតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវឃ្វាលបងប្អូនរួមជំនឿលើពួកគេ៖ ផ្តល់ការយកចិត្តទុកដាក់នឹងសេចក្តីស្រឡាញ់ដល់ពួកគេ ព្រមទាំងផ្តល់អាហារ និងការពារពួកគេ ហើយថែមទាំងរុំរបួសរបស់ពួកគេនៅពេលដែលពួកគេឈឺចាប់ផងដែរ។³ គ្រប់ទាំងអស់គឺជាកិច្ចការនៃអ្នកគង្វាល។ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះគឺគ្រប់ទាំងអស់គឺជា «គ្នាទៅវិញទៅមក» គឺជាបង្គាប់ដែលព្រះគ្រីស្ទបានបង្គាប់ដល់ប្រជារាស្ត្ររបស់ទ្រង់។ ដូចជាការហុចបន្តដំបងនៅក្នុងការរត់ប្រណាំង ព្រះគ្រីស្ទបានហុចបន្តដំបងនៃអ្នកគង្វាលរបស់ទ្រង់មកកាន់យើង។
ព្រះយេស៊ូវគឺជាអ្នកគង្វាលដែលត្រូវបានសន្យា
នៅពេញក្នុងកណ្ឌគម្ពីរសញ្ញាចាស់ ពួកអ៊ីស្រាអែលជាញឹកញយត្រូវបានប្រដូចទៅនឹងហ្វូងចៀមមួយដែលត្រូវការអ្នកគង្វាល។ ហើយគ្រប់ទាំងអ្នកគង្វាលទាំងអស់ដែលព្រះជាម្ចាស់បានចាត់បញ្ជូនមកតែងតែបរាជ័យនៅក្នុងរបៀបណាមួយ ឬផ្សេងទៀត។ សូមគិតអំពីលោក ម៉ូសេ៖ គាត់គឺជាអ្នកគង្វាលដែលមិនស្តាប់បង្គាប់។ គិតអំពីស្តេច ដាវីឌ៖ គាត់គឺជាអ្នកគង្វាលដែលរំលោភបំពាន។[៤] ហើយនេះជាគន្លងរបស់ពួកអ៊ីស្រាអែល- រហូតដល់ព្រះយេស៊ូវ «ជាអ្នកគង្វាលល្អ» (យ៉ូហាន ១០:១១) បានយាងមកដល់។
នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៥:២៤ ព្រះយេស៊ូវបានអះអាងថា ទ្រង់ជាអ្នកគង្វាលដែលព្រះបានសន្យានៅពេលដែលទ្រង់បានមានបន្ទូលថា «ខ្ញុំ [ត្រូវបានចាត់]…មកឯកូនចៀមដែលបាត់បង់របស់ពូជពង្សសាសន៍អ៊ីស្រាអែល»។ ទ្រង់គឺជាអ្នកគង្វាលដែលបង្រៀនដែលត្រូវបានចាត់មក ដើម្បីឲ្យចំណីដល់ចៀមរបស់ទ្រង់នៅក្នុងវាលស្មៅនៃសេចក្តីពិតរបស់ព្រះ ទ្រង់ជាអ្នកគង្វាលដែលស្តាប់បង្គាប់ដែលត្រូវបានបញ្ជូនមក ដើម្បីដឹកនាំ
«ហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា» (មីកា ៥:៣) និងជាអ្នកគង្វាលដែលសុគតដែលត្រូវបានចាត់បញ្ជូនមកសុគត ដើម្បីឲ្យចៀមរបស់ទ្រង់បានរស់នៅ។[៥]
ព្រះយេស៊ូវជាអ្នកគង្វាលដ៏ល្អឥតខ្ចោះ
ទោះបីជាចៀមរបស់ទ្រង់ខាំទ្រង់ជាញឹកញយហើយវង្វេងចេញក៏ដោយ ព្រះយេស៊ូវទ្រង់នៅតែបដិសេធមិនព្រមផ្តាច់អង្គទ្រង់ចេញពីប្រជារាស្ត្ររបស់ទ្រង់ឡើយ។ ហេតុអ្វី? ពីព្រោះនេះគឺជាបេសកកម្មនៃភាពជាព្រះរបស់ព្រះអង្គ។ ទ្រង់គឺជាអ្នកគង្វាលដ៏ល្អឥតខ្ចោះ សម្រាប់ហ្វូងចៀមមិនល្អឥតខ្ចោះរបស់ទ្រង់។
ព្រះយេស៊ូវយកព្រះទ័យទុកដាក់នឹងចៀមទ្រង់។ ព្រះគ្រីស្ទបានបំពេញសម្រេចសេចក្តីទំនាយក្នុងកណ្ឌគម្ពីរ អេសាយ ៤០:១១ «ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។» តើនេះមិនមែនជាអ្វីដែលយើងបានឃើញព្រះយេស៊ូវបានធ្វើតាមរយៈព័ន្ធកិច្ចរបស់ទ្រង់ទេឬអី? ព្រះហឫទ័យនៃភាពជាអ្នកគង្វាលរបស់ទ្រង់បានរីកឡើងនៅពេលដែលទ្រង់ឃើញពីភាពល្វើយនៃជីវិតខាងឯវិញ្ញាណរបស់ហ្វូងចៀមរបស់ទ្រង់ (ម៉ាថាយ ៩:៣៦)។ តាមរយៈការអស្ចារ្យរបស់ទ្រង់ នោះទ្រង់បានរុំរបួសខាងរូបកាយដល់ចៀមទ្រង់ ហើយតាមរយៈការបង្រៀនរបស់ទ្រង់ នោះទ្រង់បានព្យាបាលខាងតម្រូវការខាងឯវិញ្ញាណរបស់ចៀមទ្រង់។
ព្រះយេស៊ូវស្រឡាញ់ចៀមរបស់ទ្រង់។ នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១០:១៤-១៥ យើងអាចស្តាប់ឮពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះរាស្ត្រទ្រង់៖ «ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ…ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ»។ ដើម្បីស្គាល់ចៀមទ្រង់ គឺត្រូវស្រឡាញ់ចៀមទ្រង់ ហើយពិតជាអស្ចារ្យព្រះយេស៊ូវបានប្រៀបធៀបសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះប្រជារាស្ត្ររបស់ទ្រង់ ទៅជាមួយនឹងសេចក្តីស្រឡាញ់ដ៏អស់កល្បដែលទ្រង់មានជាមួយព្រះវរបិតា។ គ្មានសេចក្តីស្រឡាញ់ដែលធំជាងនេះឡើយ។ ហើយនេះ គឺជាសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះហ្វូងចៀមរបស់ទ្រង់ដែលខ្សោយ តែងតែបរាជ័យហើយមិនដែលយល់ គឺជាសេចក្តីស្រឡាញ់របស់អ្នកគង្វាលដែលព្រមទាំងលះព្រះជន្មរបស់ទ្រង់សម្រាប់ហ្វូងចៀមរបស់ទ្រង់
(យ៉ូហាន ១០:១១)។
ព្រះយេស៊ូវការពារចៀមទ្រង់។ ក្តីបារម្ភដ៏គួរឲ្យភ័យខ្លាចបំផុតសម្រាប់អ្នកគង្វាល គឺសត្វចចក ឬ ឆ្កែព្រៃលូនចូលទៅក្នុងក្រោល ដើម្បីត្របាក់លេបហ្វូងសត្វរបស់គាត់។ ចៀមគឺជាសត្វដែលមិនអាចជួយខ្លួនឯងបានដោយសារគ្មានក្រចក គ្មានចង្កូម ឬល្បឿន ដើម្បីការពារខ្លួនឡើយ។ នេះជាមូលហេតុដែលអ្នកគង្វាលស្មោះត្រង់នឹងមិនដែលចាកចោលចៀមរបស់គាត់ឡើយ។ ពួកគេឈរការពារដោយប្រើព្រនង់ ដំបង និងខ្សែដង្ហក់ ច្បាស់ណាស់នេះជាអ្វីដែលព្រះយេស៊ូវបានធ្វើនៅក្នុងព័ន្ធកិច្ចរបស់ព្រះអង្គ។
ព្រះយេស៊ូវបានលើកព្រនង់របស់ទ្រង់ឡើងនៅពេលទ្រង់ព្រមានអំពីដំណឹងល្អដ៏អាក្រក់របស់ពួកផារិស៊ី។ ព្រះអង្គគ្រវីដំបងរបស់ទ្រង់នៅពេលទ្រង់ប្រកាសពីការកាត់ទោសទៅលើពួកអ្នកក្រុមប្រឹក្សាជាន់ខ្ពស់ មិនមែនម្តង ប៉ុន្តែរហូតដល់ពីរដង។ ព្រះអង្គបានប្រលែងខ្សែដង្ហក់របស់ទ្រង់តាមរយៈទ្រង់ហៅពួកអ្នកដឹកនាំសាសនាថាជា
«គ្រូក្លែងក្លាយ» (ម៉ាថាយ ៧:១៥) ជាដើមឈើដែលត្រូវ «កាប់បោះចោលទៅក្នុងភ្លើងចេញ» (ម៉ាថាយ ៧:១៩) ហើយនិង «សត្វពស់…ធ្វើដូចម្ដេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន» (ម៉ាថាយ ២៣:៣៣)។
ព្រះយេស៊ូវទ្រង់លែងជាអ្នកគង្វាលដែលសុភាពទៀតហើយនៅពេលដែលមានចចកមកក្រវែលហ្វូងចៀម។
ព្រះយេស៊ូវឲ្យចំណីដល់ចៀមទ្រង់។ វាផ្ទុយពីសត្វពពែដែលខំប្រឹងស្វះស្វែងរកកន្លែងដែលមានចំណី ចៀមនឹងដាច់ពោះស្លាប់ប្រសិនបើមិននាំទៅរកចំណី។[៦] តួនាទីចម្បងមួយរបស់អ្នកគង្វាល គឺនាំហ្វូងចៀមរបស់គាត់ទៅកាន់កន្លែងដែលស្ងប់ស្ងាត់ហើយមានវាលស្មៅខៀវខ្ចី និងជ្រលងទឹកត្រជាក់។ ហើយពិតប្រាកដណាស់នេះជាអ្វីដែលព្រះយេស៊ូវទ្រង់បានធ្វើនៅគ្រប់ពេលទ្រង់បង្រៀន៖ «កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្តីជាច្រើន»(ម៉ាកុស ៦:៣៤)។ ព្រះយេស៊ូវទ្រង់ជ្រាបថាហ្វូងចៀមវង្វេងរបស់ទ្រង់ត្រូវការអាហារបំប៉ន ហេតុដូច្នេះទ្រង់នាំពួកគេទៅកាន់កន្លែងវាលស្មៅខៀវខ្ចីនៃដំណឹងល្អរបស់ទ្រង់។
ព្រះយេស៊ូវសង្គ្រោះចៀមទ្រង់ ចៀមវង្វេង។ លោក ឆាលស៍ ជេវហ្វើរសុន (Charles Jefferson) បានពន្យល់ថា៖
ពួកគេបានវង្វេងផ្លូវដោយភាពឆោតល្ងង់ ហើយក៏ដោយសារភាពធ្វេសប្រហែស និងភាពល្ងីល្ងើ។ ចៀមមួយអាចនឹងដាក់ច្រមុះវាចុះក្រោមទៅលើដី ដើម្បីដើរតាមវាលស្មៅខៀវខ្ចី វាញែកខ្លួនវាចេញបន្តិចម្តងៗរហូតដល់ហ្វូងរបស់វាមិនអាចមើលវាឃើញ ចៀមកំសត់ដែលញែកខ្លួនដាច់ដោយឡែកនោះមិនដឹងថាខ្លួនវានៅកន្លែងណាទេ។ នៅពេលដែលវាដឹងពីស្ថានភាពវង្វេងរបស់វា នោះវាខំប្រឹងយ៉ាងខ្លាំង ដើម្បីស្វែងរកហ្វូងរបស់វា។ វាមិនអាចរស់នៅម្នាក់ឯងបានទេ វាត្រូវបានបង្កើតមកសម្រាប់រស់នៅជាសហគមន៍។ នៅពេលនៅម្នាក់ឯងវាងាយនឹងតក់ស្លុតហើយភ័យស្លន់ស្លោ។ គ្រប់អ្វីទាំងអស់ដែលវាឃើញធ្វើឲ្យវាតក់ស្លុត និងគ្រប់សំឡេងទាំងអស់ធ្វើឲ្យវាភ័យខ្លាច។ វាប្រញាប់ប្រញាល់រត់ទៅនេះរត់ទៅនោះ ដើម្បីស្វែងរកផ្លូវរបស់វា ប៉ុន្តែជាទូទៅការខំប្រឹងរបស់វាមិនដែលមានផ្លែផ្កាទេ។ ចៀមដែលវង្វេង គឺមិនដែលអាចត្រឡប់មកផ្ទះវិញទេ។[៧]
អ្នកគង្វាលសម័យបុរាណមិនដែលមានការរំពឹងថាចៀមដែលវង្វេងនឹងវិលត្រឡប់មកផ្ទះវិញទេ ដែលនោះជាមូលហេតុដែលអ្នកគង្វាលព្យាយាមស្វែងរកភ្លាមៗនៅពេលគាត់ដឹងថាវាបានវង្វេងបាត់ពីហ្វូង។
តើនេះមិនមែនជារូបភាពយ៉ាងស្រស់ស្អាតនៃបេសកកម្មរបស់ព្រះគ្រីស្ទ «ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់» (លូកា ១៩:១០)? វាគឺជារូបភាពនៃអ្នកគង្វាលយ៉ាងល្អប្រពៃរបស់យើងបានតាមស្វែងរកយើង នៅពេលដែលយើងបានបោះបង់ទ្រង់ ដូចជាទ្រង់បានធ្វើជាមួយពួកសាវ័ក នៅពេលទ្រង់មានបន្ទូលនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ១៤:២៧-២៨ ថា «អ្នករាល់គ្នានឹងរវាតចិត្ត…ប៉ុន្តែកាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ ព្រះយេស៊ូវកំពុងប្រើប្រាស់ពាក្យពេចន៍នៃអ្នកគង្វាល ជារូបភាពនៃអ្នកគង្វាលដែលដើរមុខហ្វូងចៀមរបស់ទ្រង់។ ទោះបីជាពួកសាវ័ករបស់ទ្រង់បានបដិសេធទ្រង់ ទ្រង់សន្យាថានឹងស្វែងរកពួកគេ រុំរបួសឲ្យពួកគេ ហើយនាំពួកគេត្រឡប់មកកាន់ទីសុវត្ថិភាពនៃហ្វូងចៀមរបស់ទ្រង់វិញ។
ព្រះយេស៊ូវជាគំរូនៃអ្នកគង្វាល
ព្រះយេស៊ូវគឺជាអ្នកគង្វាលដែលប្រជារាស្ត្ររបស់ទ្រង់ត្រូវការ។ ទ្រង់គឺជាអ្នកគង្វាលដែលល្អឥតខ្ចោះដែលព្រះវរបិតាបានសន្យា។ ហើយទ្រង់គឺជាអ្នកគង្វាលដែលយើងត្រូវបានត្រាស់ហៅឲ្យយកគំរូតាម។
រស់នៅក្នុងជីវិតដែលគ្មានការរំខាន
នៅពេលដែលសាវ័ក ពេត្រុស បានសរសេរថា «ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ» (១ពេត្រុស ៥:២-៣) គាត់មានកិច្ចការនៃអ្នកគង្វាលរបស់ព្រះគ្រីស្ទនៅក្នុងគំនិតរបស់គាត់។ ទោះបីជាសាវ័ក ពេត្រុស គាត់សរសេរជាចម្បងសម្រាប់អ្នកចាស់ទុំនៃក្រុមជំនុំក៏ដោយ ភាពជាក់ស្ដែងនៃបទបញ្ជារបស់គាត់គឺមានលើសពីសម្រាប់អស់អ្នកដែលមានតួនាទីក្នុងក្រុមជំនុំ។[៨]
ព្រះគ្រីស្ទបានដាក់យើងម្នាក់នៅជុំវិញអ្នកជឿ (ចៀម) ជាអ្នកដែលត្រូវការការថែរក្សា ផ្តល់ចំណី និងរុំរបួសឲ្យ។ ចចកវានៅតែដើរក្រវែល។ នៅតែមានចៀមវង្វេង។ នៅតែមានតម្រូវការខាងអ្នកគង្វាល។ សម្លេងស៊ីរ៉ែននៃការផ្តាច់ខ្លួនខាងឯវិញ្ញាណនៅតែត្រូវធ្វើឲ្យស្ងប់ស្ងាត់។
ស្វែងរកហ្វូងចៀមរបស់អ្នក
ការឃ្វាលគឺជាការបង្កើតសិស្ស ហើយការបង្កើតសិស្សគឺជាកត្តាយ៉ាងចាំបាច់សម្រាប់អ្នកជឿគ្រប់រូប។ ដើម្បីជំរុញចំណុចនេះបន្ថែម វាគឺជាបញ្ញត្តិមួយដែលព្រះយេស៊ូវបានផ្តល់មកសម្រាប់អ្នកជឿគ្រប់រូបគឺ៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍» (ម៉ាថាយ ២៨:១៩)។
សូមគិតអំពីអស់អ្នកដែលព្រះជាម្ចាស់បាននាំមកកាន់ជីវិតរបស់អ្នក សមាជិកក្រុមជំនុំរបស់អ្នក អ្នករួមការងារ សមាជិកគ្រួសារ មិត្តភក្ដិ និងមិត្តរួមថ្នាក់។ ហើយសូមសួរខ្លួនឯងថា តើអ្នកណាដែលខ្ញុំអាចយកចិត្តទុកដាក់ ថែរក្សា ការពារ? តើអ្នកណាដែលខ្ញុំអាចស្រឡាញ់ហើយជួយសង្គ្រោះ? តើអ្នកណាដែលខ្ញុំអាចឃ្វាលតាមរយៈការបង្កើតសិស្ស?
ឃ្វាលតាមរយៈការបង្កើតសិស្ស
ប៉ុន្តែ តើកិច្ចការនៃអ្នកគង្វាលនេះសម្រេចបានដោយរបៀបណា? តើការបង្កើតសិស្សដ៏ស្មោះត្រង់មានលក្ខណៈដូចម្តេច? តើអ្នកគង្វាលដែលដូចជាព្រះគ្រីស្ទត្រូវធ្វើអ្វីខ្លះ?
សូមគិតពិចារណាពីគោលការណ៍មួយចំនួនខាងក្រោម៖
ទី១ ធ្វើការដាក់ទុនដោយឆ្លាតវៃ។ សូមធ្វើការលះបង់ខ្លួនអ្នកសម្រាប់អស់អ្នកណាដែលបង្ហាញបំណងចិត្តក្នុងការរីកចម្រើនក្នុងព្រះគ្រីស្ទ។ អ្នកមិនអាចឃ្វាលគ្រប់គ្នាបានទេ។ ពេលវេលា និងកម្លាំងមិនមែនគ្មានដែនកំណត់ឡើយ។ ស្វែងរកអស់អ្នកដែលអន្ទះសាចង់បានភាពស្មោះត្រង់ហើយបង្ហូរខ្លួនអ្នកទៅដល់ពួកគេ។ ធ្វើដូចជាកណ្ឌគម្ពីរ ២ធីម៉ូថេ ២:២ បានណែនាំ៖ «ឯអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ»។
ទី២ អភិវឌ្ឍទំនាក់ទំនងផ្ទាល់ខ្លួន។ អ្នកខ្លះបានកំណត់ «ការបង្កើតសិស្ស» នៅក្នុងថ្នាក់រៀន នៅលើក្តារខៀន និងនៅពេលព្រឹកព្រលឹមនៃថ្ងៃធ្វើការ ដែលកំណត់ថាត្រូវមាន។ ប៉ុន្តែវាគ្រាន់តែជាការផ្តល់នូវព័ត៌មាន តែគ្មានភាពគង្វាលពិតប្រាកដ។ ការឃ្វាលរួមបញ្ចូលទាំងការស្គាល់ហ្វូងចៀម ស្គាល់រឿងរ៉ាវរបស់ពួកគេ អ្វីដែលគេចូលចិត្ត និងមិនចូលចិត្ត ហើយសូម្បីតែរសជាតិការ៉េមដែលគេចូលចិត្តបំផុតផងដែរ។
ការនេះមានន័យថាការបង្កើតសិស្សគឺវាលើសជាងគ្រាន់តែទំនាក់ទំនងគ្រូ-សិស្ស។ វាត្រូវតែជាមិត្តភាព។
ចំណាយពេលជាមួយសិស្សរបស់យើងដូចជាព្រះគ្រីស្ទទ្រង់ចំណាយពេលជាមួយសាវ័ករបស់ទ្រង់ដែរ។ សូមស្គាល់ក្រុមគ្រួសាររបស់គេ។ ការបរិភោគអាហារជាមួយពួកគេ។ មើលពួកគេជាមួយ «ការធ្លាក់ចុះ» របស់ពួកគេ ហើយអនុញ្ញាតឲ្យគេបានមើលឃើញអ្នក មិនមែនគ្រាន់តែជាអ្នកគង្វាលដែលនាំមុខពួកគេឡើយ ប៉ុន្តែដូចជាចៀមមួយក្នុងហ្វូងដែលស្ថិតនៅក្រោមការឃ្វាលរបស់ព្រះគ្រីស្ទ។
ទី៣ ស្វែងរកការរីកចម្រើនខាងព្រលឹងវិញ្ញាណ។ ទោះបីជាមិត្តភាពមានសារៈសំខាន់ ការបង្កើតសិស្សគឺសំខាន់លើសជាងមិត្តភាព។ ការបង្កើតសិស្សគឺជាមិត្តភាពក្នុងគោលបំណងចង់បានភាពចាស់ទុំខាងព្រលឹងវិញ្ញាណ។ អ្នកគង្វាលប្រាថ្នាក្នុងការបំប៉នចៀមរបស់គាត់ជាមួយនឹងព្រះបន្ទូលរបស់ព្រះ ហើយឃើញពួកគេរីកចម្រើននៅក្នុងភាពពេញវ័យនៃព្រះគ្រីស្ទ។ ត្រូវតែប្រឈមមុខជាមួយគោលដៅនេះ។ ត្រូវប្រាកដថាសិស្សរបស់អ្នកយល់ថាគាត់កំពុងតែដាក់ខ្លួនគាត់ទៅណា។ ហើយបន្ទាប់មកត្រូវយកព្រះបន្ទូលជាចំណុចស្នូលនៃពេលវេលារបស់អ្នក។[៩] ដឹកនាំចៀមរបស់អ្នកទៅកាន់ទឹកហូរគ្រឿនៗនៃព្រះបន្ទូល ហើយអនុញ្ញាតឲ្យពួកគេ (និងខ្លួនអ្នក) បានផឹកទឹកពីអូរនៃសេចក្តីពិតរបស់ព្រះ។[១០]
ទី៤ អនុវត្តព្រះបន្ទូលរបស់ព្រះក្នុងរបៀបជាក់ស្ដែង។ ការស្គាល់ព្រះបន្ទូលពិតប្រាកដទាមទារការស្តាប់បង្គាប់ផ្ទាល់ខ្លួនទៅកាន់ព្រះបន្ទូលរបស់ព្រះ (ទំនុកតម្កើង ១១៩:៣៤)។ ហើយធ្វើជាគំរូអំពីការនេះ។ បើកចំហពេលវេលានៃការបង្កើតសិស្សរបស់អ្នក ដើម្បីពន្យល់អំពីរបៀបដែលព្រះបន្ទូលព្រះបានផ្លាស់ប្រែគំនិត និងសកម្មភាពរបស់អ្នក។ បង្ហាញពីភាពជឿជាក់ដែលអ្នកមានអារម្មណ៍ ក្តីអំណរដែលអ្នកមានបទពិសោធន៍ ហើយសូម្បីតែសំណួរដែលអ្នកមានក្នុងខណៈពេលដែលអានព្រះបន្ទូលរបស់ព្រះ។ ប៉ុន្តែកុំឈប់ត្រឹមនេះ សូមសួរសិស្សរបស់អ្នកថាពួកគាត់នឹងដើរឲ្យស្របតាមព្រះបន្ទូលរបស់ព្រះដោយរបៀបណា។ ហើយកុំឲ្យស្ងប់ចិត្ត និងចម្លើយដែលស្ទាក់ស្ទើរនោះឡើយ។ ការស្ងប់ស្ងាត់ដ៏ទើសទាល់ជាញឹកញយគឺវាល្អ។ ការគិតស៊ីជម្រៅទាមទារពេលវេលា។
ទី៥ បង្ហាញគំរូនៃការបន្ទាបខ្លួន។ ក្នុងនាមជាអ្នកគង្វាល អ្នកគឺជាអ្នកកំណត់របៀបសម្រាប់ទំនាក់ទំនងបង្កើតសិស្សរបស់ខ្លួន។ ព្រះបន្ទូលរបស់ព្រះគ្រីស្ទគឺពិតច្បាស់៖ «អ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ» (លូកា ៦:៤០)។ សូមទទួលអារម្មណ៍ពីទម្ងន់នៃគោលការណ៍នេះ ហើយទូលសុំព្រះសម្រាប់ការបន្ទាបខ្លួន។ បន្ទាប់មកអនុញ្ញាតឲ្យការបន្ទាបខ្លួនបានជ្រាបចូលរួមជាមួយគ្នានៅក្នុងពេលវេលារបស់អ្នក
(យ៉ាកុប ៤:៦)។
ទី៦ បញ្ជូនអ្នកគង្វាលផ្សេងទៀត។ ការបង្កើតសិស្សដ៏ស្មោះត្រង់គឺជាការភ្ជាប់ទំនាក់ទំនងជាពហុគុណ។ សូមជំរុញសិស្សរបស់អ្នកឲ្យបញ្ឈប់នូវសម្លេងស៊ីរ៉ែននៃការផ្តាច់ខ្លួនចេញ ហើយទទួលយកការត្រាស់ហៅឲ្យធ្វើជាអ្នកគង្វាលរបស់គាត់។ សូមបញ្ជាក់ប្រាប់គាត់ថាអ្នកនឹងគាំទ្រគាត់នៅពេលគាត់បង្កើតសិស្សពី «ហ្វូងចៀម» របស់គាត់។ ហើយបន្ទាប់មករីករាយក្នុងការមើលឃើញពីការរីកចម្រើននៃប្រជារាស្ត្ររបស់ព្រះគ្រីស្ទ។
ស្វែងរកកូនចៀមដែលកំពុងជួបគ្រោះថ្នាក់ខាងឯវិញ្ញាណ
ចៀមដែលវង្វេងត្រូវតែរកឲ្យឃើញ ហើយនាំត្រឡប់មកផ្ទះវិញដោយចិត្តក្ដួលអាណិត និងការថែរក្សា។ នេះគឺជារូបភាពដែលព្រះយេស៊ូវបានគូសនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៨ នៅពេលទ្រង់បានពណ៌នាអំពីដំណើរការនៃការលត់ដំក្រុមជំនុំ។ ទ្រង់បានចាប់ផ្ដើមជាមួយប្រស្នាអំពីចៀមវង្វេង បន្ទាប់មកបន្តទៅកាន់សេចក្តីទូន្មានរបស់ទ្រង់អំពីការលត់ដំនៅក្នុងក្រុមជំនុំ (ម៉ាថាយ ១៨:១២-១៨)។
ភាពស្របគ្នាគឺច្បាស់លាស់។ កូនចៀមដែលវង្វេង គឺជាបងប្អូនដែលជាប់នៅក្នុងបាប។ អ្នកគង្វាលដែលស្វែងរកចៀម គឺជាអ្នកជឿដែលដេញតាមបងប្អូនដែលមានបាប។ ហើយដូចជាអ្នកគង្វាលបានរីករាយនៅពេលរកចៀមមួយឃើញ នោះក្រុមជំនុំក៏អបអរសាទរនៅពេលអ្នកជឿម្នាក់បានប្រែចិត្ត។
សូមកុំអនុញ្ញាតឲ្យបងប្អូនរួមជំនឿរបស់អ្នកវង្វេងដើរនៅតាមផ្លូវនៃច្រាំងថ្មដ៏គ្រោះថ្នាក់ និងជ្រោះជ្រៅនៃការរស់នៅក្នុងជីវិតមានបាបឡើយ «ដូច្នេះ ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនសព្វព្រះហឫទ័យ ឲ្យកូនតូចណាមួយនេះ ត្រូវវិនាសដូច្នោះដែរ» (ម៉ាថាយ ១៨:១៤)។ សូមចងចាំថាកូនចៀមដែលវង្វេងគឺមិនអាចរកផ្លូវត្រឡប់មកផ្ទះវិញដោយខ្លួនឯងបានឡើយ។ ចៀមត្រូវការជួយសង្គ្រោះហើយនាំត្រឡប់មកកាន់ហ្វូងរបស់វាវិញ។ ពួកគេត្រូវការយើងក្នុងការនាំដំបងនៃអ្នកគង្វាលរបស់ព្រះគ្រីស្ទ ប្រមូលផ្តុំក្រុមស្វែងរកព្រលឹងវង្វេងរបស់ពួកគេ ហើយនាំពួកគេត្រឡប់មកកាន់ជីវិតនៃការប្រែចិត្តវិញ។
គ្រីស្ទបរិស័ទដែលគ្មានការរំខានការឱបក្រសោបដួងចិត្តនៃអ្នកគង្វាលរបស់ព្រះគ្រីស្ទ។ គាត់បញ្ឈប់សម្លេងស៊ីរ៉ែននៃការផ្តាច់ខ្លួនចេញ តាមរយៈការខំប្រឹង ដើម្បីក្លាយជា «អ្នកគង្វាលដែលត្រូវនឹងព្រះហឫទ័យព្រះ» (យេរេមា ៣:១៥)។ គាត់ផ្តល់ចំណី ការពារ និងស្រឡាញ់កូនចៀមដ៏មានតម្លៃរបស់ព្រះគ្រីស្ទ។ ហេតុអ្វី? ពីព្រោះ «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ»(យ៉ូហាន ២០:២១)។
ឯកសារយោង
[១] នេះគឺជាផ្នែកទី៥នៃប្លុកស៊េរីដែលមានចំណងជើងថា «គ្មានការរំខាន» (សូមចុចនៅទីនេះសម្រាប់ផ្នែកទី ១, ២, ៣ និងទី៤)។
[២] លោក Leon Morris Reflections on the Gospel of John «បានឆ្លុះបញ្ចាំងលើកណ្ឌដំណឹងល្អយ៉ូហាន» (Hendrikson Publishers, Peabody, ឆ្នាំ២០០០), ទំព័រ៥៩៧។
[៣] អេភេសូរ ៤:១៥, ៣២, កាឡាទី ៦:១
[៤] ជនគណនា ២០:១២; ២សាំយូអែល ១២:១-១០
[៥] ទំនុកដំកើង ២៣:៤, ៤៤:២២; ១០០:៣; អេសេគាល ៣៧:២៤; មីកា ៥:៤; សាការី ១៣:៧;
យ៉ូហាន ១០:១១។
[៦] លោក James A. Patch, “Shepherd,” in ISBE, ed. James Orr «អ្នកគង្វាល» នៅក្នុង ISBE, កែសម្រួលដោយលោក James Orr (ឆ្នាំ១៩១៥;បោះពុម្ពម្ដងទៀត Grand Rapids៖ Hendrikson Publishers, ឆ្នាំ១៩៩៦), ទំព័រ២៧៦៣។
[៧] លោក Charles Jefferson, The Minister as Shepherd «ព័ន្ធកិច្ចជាអ្នកគង្វាល» (Fort Washington, PA: Christian Literature Crusade, ឆ្នាំ១៩៩៨), ទំព័រ៥៤។
[៨] លោក ឆាលស៍ ស្ពឺជិន បានយល់ស្របថា៖ សូមឲ្យការសម្លឹងមើលបានធ្វើឡើងដោយសមាជិកទាំងអស់៖ ដំបូងជាមួយពួកអ្នកដឹកនាំក្រុមជំនុំ បន្ទាប់មកជាមួយបុគ្គលគ្រប់គ្នា….ណែនាំពួកគេហើយលើកទឹកចិត្តពួកគេ។ ជួយចំពោះភាពកម្សោយរបស់ពួកគេ ទ្រាំទ្រជាមួយភាពល្ងង់ខ្លៅរបស់ពួកគេ ហើយនិងភាពអន្ទះអន្ទែងរបស់ពួកគេហើយកែលំអនូវកំហុសរបស់ពួកគេ។ ខ្ញុំសូមដាស់តឿនអ្នក បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ សូមធ្វើជាម្តាយដែលបំបៅដោះនៅក្នុងក្រុមជំនុំ ហើយអ្នកបងប្អូនប្រុសរបស់ខ្ញុំអើយ សូមធ្វើជាឪពុកដល់យុវជនទាំងនេះ ដើម្បីឲ្យពួកគេអាចទទួលបានជំនួយពីការជួយរបស់អ្នកតាមរយៈព្រះវិញ្ញាណរបស់ព្រះក្នុងការរក្សាផ្លូវរបស់ពួកគេ។ វាគឺជារឿងដ៏អាក្រក់ក្នុងការទទួលសមាជិកហើយបន្ទាប់មកមិនខ្វល់អ្វីសោះអំពីពួកគេ។ ក្នុងចំណោមមនុស្សជាច្រើនប្រហែលជាមានមនុស្សខ្លះគេចចេញពីការមើលថែរបស់យើង ប៉ុន្តែប្រសិនបើសមាជិកក្រុមជំនុំរបស់យើងទាំងអស់គ្នាបានយកចិត្តទុកដាក់មើលនោះនឹងមិនកើតឡើងឡើយ គ្រប់គ្នាអាចនឹងមាននរណាម្នាក់ដែលត្រូវថែរក្សា គ្រប់គ្នាអាចមានមិត្តភក្ដិដែលគាត់អាចចែកចាយពីទុក្ខលំបាកហើយថែរក្សាគ្នា។ សូមសម្លឹងមើលក្រុមជំនុំទាំងមូល បន្ទាប់មកសូមឲ្យខ្ញុំបានអធិស្ឋានសម្រាប់អ្នករាល់គ្នា»។ ដូចដែលដកស្រង់ពីលោក Geoffrey Change, Spurgeon the Pastor (Nashville: B&H Publishing, ឆ្នាំ២០២២), ទំព័រ១៣២។
[៩] អាចមើលនៅ៖ Undistracted by Christian-Consumerism and David Helm, One to One (Sydney: Matthias Media, ឆ្នាំ២០១១)។
[១០] អេភេសូរ ៤:១១-១៣; កូឡូស ១:២៨។
មតិយោបល់
Loading…