in

ក្តី​សង្ឃឹម

What Is Hope?

ទំនុក​តម្កើង ៤២:៥ «ឱ! ព្រលឹង​អញ​អើយ! ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដោយ​ព្រោះ​ព្រះ​ភក្ត្រ​ទ្រង់​ដែល​តែង​តែ​ជួយ។»

ចំពោះ​យើង​ដែល​ជា​មនុស្ស​មាន​បាប តើ​ការ​មាន​សេចក្តី​សង្ឃឹម​ក្នុង​ព្រះ​ជាម្ចាស់​នោះ​មិន​មែន​កើត​ឡើង​ជា​ធម្មតា​នោះ​ទេ។ យើង​ត្រូវ​តែ​ប្រកាស​សេចក្តី​សង្ឃឹម​នោះ​ជា​ញឹកញាប់​មក​កាន់​ខ្លួន​ឯង ព្រោះ​បើ​មិន​ដូច្នោះ​ទេ នោះ​យើង​នឹង​ងាយ​ឆ្លាក់​ចុះ​ដោយ​ការ​បាក់​ទឹកចិត្ត ហើយ​មាន​សេចក្តី​រសាប់រសល់​នៅ​ក្នុង​ខ្លួន។

របៀប​ដែល​គេ​ប្រើ​ពាក្យ «សេចក្ដី​សង្ឃឹម» មាន​ការ​ប្រើ​ប្រាស់​បី​យ៉ាង​ជា​ធម្មតា៖

១) សេចក្ដី​សង្ឃឹម​គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បាន​អ្វី​មួយ​ដែល​ល្អ​នៅ​ពេល​អនាគត។
២) សេចក្ដី​សង្ឃឹម​គឺ​ជា​អ្វី​មួយ​ដែល​ល្អ​នៅ​អនាគត​ដែល​យើង​កំពុងតែ​ប៉ង​ប្រាថ្នា​ចង់​បាន។
៣) សេចក្ដី​សង្ឃឹម​គឺ​ជា​អ្វី​ដែល​យើង​សង្ឃឹម​ថា​យើង​នឹង​អាច​ធ្វើ​បាន​ហើយ​ទំនង​នឹង​ពិត​ជា​កើត​មាន​ឡើង​បាន។

ដូច្នេះ​ហើយ យើង​បាន​ឃើញ​គេ​ប្រើ​ប្រាស់​ពាក្យ «សេចក្ដី​សង្ឃឹម» ក្នុង​អត្ថន័យ​បី​យ៉ាង៖

១) សេចក្ដី​ប៉ង​ប្រាថ្នា​សម្រាប់​អ្វី​មួយ​នៅ​ពេល​អនាគត។
២) អ្វី​មួយ​នៅ​ពេល​អនាគត​ដែល​យើង​ប្រាថ្នា​ចង់​បាន។
៣) មូល​ដ្ឋាន​គ្រឹះ ឬក៏​មូល​ហេតុ​ក្នុង​ការ​ដែល​យើង​គិតថា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​ទំនង​នឹង​ពិត​ជា​អាច​កើត​ឡើង​បាន​ផង​ដែរ។

អត្ថន័យ​ផ្សេង​គ្នា​នៅ​ក្នុង​ព្រះគម្ពីរ​លើ​ពាក្យ «សេចក្តី​សង្ឃឹម»

អត្ថន័យ​ទាំង​៣​ខាង​លើ​នេះ យើង​អាច​រក​ឃើញ​បាន​ដោយ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។ ប៉ុន្តែ ចំណុច​ដ៏​សំខាន់​មួយ​នេះ​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​ដោយ​ប្រើ​ប្រាស់​ពាក្យ «សេចក្ដី​សង្ឃឹម» មិន​មាន​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ដ៏​សាមញ្ញៗ​របស់​យើង​ក្នុង​អត្ថន័យ​ដូច​ខាង​លើ​នេះ​នោះ​ទេ។ តាម​ពិត​ទៅ វា​មាន​អត្ថន័យ​ផ្សេង​ពី​គ្នា​នៃ​ពាក្យ «សេចក្ដី​សង្ឃឹម» ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​ស្ទើរ​តែ​ថា​សឹង​តែ​ផ្ទុយ​គ្នា​ទាំងស្រុង​ពី​ការ​ប្រើ​ប្រាស់​ដ៏​សាមញ្ញៗ​ដូច​ខាង​លើ​នេះ។

នៅ​ត្រង់​ចំណុច​នេះ យើងខ្ញុំ​មិន​មែន​ចង់​មាន​ន័យ​ថា​នៅ​ក្នុង​ព្រះ​គម្ពីរ​ក្ដី​សង្ឃឹម​គឺ​ជា​សេចក្ដី​ប្រាថ្នា​សម្រាប់​អ្វី​មួយ​អាក្រក់ ជា​ជាង​សម្រាប់​អ្វី​មួយ​ដែល​ល្អ​នោះ​ទេ។ ហើយ​យើងខ្ញុំ​ក៏​មិន​មែន​មាន​ន័យ​ថា​នៅ​ក្នុង​ព្រះ​គម្ពីរ សេចក្ដី​សង្ឃឹម​គឺ​ជា​ការ​បដិសេធ​នូវ​អ្វី​មួយ​ដែល​ល្អ ជា​ជាង​ប្រាថ្នា​ចង់​បាន​វា​ផង​ដែរ។ វា​មិន​មែន​មាន​ន័យ​ខុស​គ្នា​ត្រង់​អត្ថន័យ​បែប​នេះ​នោះ​ទេ គឺ​វា​ផ្ទុយ​គ្នា​នៅ​អត្ថន័យ​ត្រង់​នេះ៖ ជាទូទៅ ពេល​ដែល​យើង​ប្រើ​ប្រាស់​ពាក្យ «សង្ឃឹម» គឺ​យើង​លើក​ឡើង​អំពីអ្វី​ដែល​មិន​ច្បាស់ ជា​ជាង​អំពីអ្វី​ដែល​ច្បាស់។

ជា​ទូ​ទៅ ពេល​ដែល​យើង​ប្រើប្រាស់​ពាក្យ «សង្ឃឹម» យើង​លើក​ឡើង​អំពីអ្វី​ដែល​មិន​ទាន់​ច្បាស់។ ប៉ុន្តែ នេះ​មិន​មែន​ជា​អត្ថន័យ​ផ្សេង​គ្នា​ក្នុង​ព្រះ​គម្ពីរ​លើ​ពាក្យ «សេចក្ដី​សង្ឃឹម» នោះ​ទេ។ អត្ថន័យ​ក្នុង​ព្រះ​គម្ពីរ​លើ​ពាក្យ «សេចក្ដី​សង្ឃឹម» គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​ប្រាថ្នា​ចង់​បាន​នូវ​អ្វី​ល្អ​នៅ​ពេល​អនាគត​ប៉ុណ្ណោះ​ទេ ដូច្នេះហើយ សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ព្រះ​គម្ពីរ គឺជា​សេចក្ដី​រំពឹង​ដោយ​មាន​ទំនុកចិត្ត និង​សេចក្ដី​ប៉ង​ប្រាថ្នា​សង្ឃឹមថា​នឹង​បាន​សម្រេច​សម្រាប់​អ្វីមួយ​ដែល​ល្អ​នៅ​អនាគត។

ដោយ​យោង​ទៅ​តាម​ព្រះ​គម្ពីរ ការ​មាន​សង្ឃឹម​គឺ​មិនមែន​គ្រាន់​តែ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់បាន​នូវ​អ្វីមួយ​ដែល​ល្អ​នៅ​អនាគត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​ជឿ​ជាក់​ថា វា​នឹង​ប្រាកដ​ជា​កើតឡើង​ជា​ពិត​មែន។ ហើយ​វា​ក៏​មិនមែន​គ្រាន់តែ​ជា​ការ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត​ថា វា​នឹង​កើតឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​មួយ​ដែល​ជាក់​លាក់​ដោយ​មានទំនុក​ចិត្ត​ថា​នឹង​ប្រាកដ​ជា​កើតឡើង​មែន។ យើង​មាន​ទឹកចិត្ត​ដឹង​យ៉ាង​ច្បាស់​ថា អ្វី​ដែល​ល្អ​ដែល​យើង​កំពុង​រំពឹង និង​ប្រាថ្នា​ចង់​បាន គឺ​ប្រាកដ​ជា​កើត​ឡើង​មែន។

ដោយ​យោង​ទៅ​តាម​ព្រះ​គម្ពីរ អត្ថន័យ​នៃ​ពាក្យ «សង្ឃឹម» គឺ​មិនមែន​គ្រាន់តែ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​សម្រាប់​អ្វី​មួយ​ល្អ​ដែល​ចង់​ឲ្យ​កើត​មាន​ឡើង​នោះ​ទេ។ វា​គឺ​ជា​សេចក្ដី​រំពឹង​ដោយ​ជឿ​ជាក់​ដែល​មាន​ទំនុក​ចិត្ត និង​សេចក្ដី​ប្រាថ្នា​សម្រាប់​អ្វី​មួយ​ដែល​ល្អ​នៅ​ពេល​អនាគត។ ក្ដី​សង្ឃឹម​ដោយ​យោង​តាម​គម្ពីរ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទឹកចិត្ត​ដោយ​ដឹង​យ៉ាង​ច្បាស់​ថា​វា​នឹង​កើត​មាន​ឡើង​ជា​ពិត​មែន។ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ថា «ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ» នោះ​មិន​មែន​មាន​ន័យ​ថា «នោះ​ទំនង​នឹងជា​អាច​កើត​មាន ឬក៏​មិន​អាច​នឹង​កើត​ឡើង​បាន​ទេ»។ នៅ​ត្រង់​ចំណុច​នេះ មាន​អត្ថន័យ​ថា «ចូរ​រំពឹង​ការ​អស្ចារ្យ​ពី​ព្រះ​ជាម្ចាស់» (William Carey)។

បង​ប្អូន​អាច​រៀន​ថែម​ទៀត​ដោយ​សិក្សា​លើ​ខគម្ពីរ​ខាង​ក្រោម​នេះ៖

ហេព្រើរ ៦:៩-១២ «ពួក​ស្ងួន​ភ្ងា​អើយ ទោះ​បើ​យើង​ខ្ញុំ​និយាយ​ដូច្នេះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទុក​ចិត្ត​ខាង​ឯ​អ្នក​រាល់​គ្នា​ថា បាន​សេចក្ដី​ប្រសើរ​ជាង គឺ​ជា​សេចក្ដី​ដែល​ត្រូវ​ខាង​សេចក្ដី​សង្គ្រោះ​វិញ ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិល​គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​សម្ដែង​ដល់​ព្រះ​នាម​ទ្រង់ ដោយ​បាន​បម្រើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បម្រើ​ទៀត​នោះ​ទេ តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នីមួយៗ បាន​សម្ដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​ជំនឿ​ដ៏​ពេញ​លេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក​ដោយ​ចិត្ត​ជឿ ហើយ​អត់​ធន់​វិញ»។

រ៉ូម ៤:១៨ «ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន ដូច​សេចក្ដី​ដែល​មាន​បន្ទូល​ទុក​មក​ថា “ពូជ​ឯង​នឹង​បាន​ដូច្នោះ”»។

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, ​លោក ទេព រ៉ូ, លោក ខែម បូឡុង និង​លោកស្រី ឡូញ ស្រី​រដ្ឋ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

1 point
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

​កូន​នៃ​ពន្លឺ

លើ​ផែន​ដី​នេះ