ខគម្ពីរនេះជាខគម្ពីរនៃប្រធានបទដ៏ចម្រូងចម្រាសមួយស្ដីអំពីអត្ថន័យនៃគោលការណ៍របស់អ្នកជឿថា «នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់» ហើយនឹង «ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស»...
«[១៣]បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម [១៤]ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ [១៥]ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នក ដែលបានដេកលក់ទៅហើយនោះទេ [១៦]ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋទាំងមានឮសំឡេងមហាទេវតា នឹងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ [១៧]រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ [១៨]ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ»(១ថែស្សាឡូនីច ៤:១៣-១៨)។
ដំណឹងពីជំនឿ
សាវ័ក ប៉ុល បានណែនាំប្រធានបទថ្មីមួយដោយលើកឡើងថា «បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង» ដើម្បីឲ្យជ្រួតជ្រាបពីការពិភាក្សានេះ (១កូរិនថូស ១០:១ ក៏ដូចជានៅក្នុង រ៉ូម ១:១៣; ១១:២៥,
១កូរិនថូស ១២:១; ២កូរិនថូស ១:៨)។ សាវ័ក ប៉ុល ចង់ឲ្យអ្នកនៅក្រុមជំនុំថែស្សាឡូនីចបានដឹងយ៉ាងប្រាកដអំពី«ពួកអ្នកដែលដេកលក់ទៅហើយ»។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី «ការដេកលក់» គឺជាការប្រៀបធៀបទៅនឹង «ការស្លាប់» (ឧទាហរណ៍៖ ១កូរិនថូស ១៥:៦, ១៨, ២០ ក៏ដូចជានៅក្នុង ម៉ាថាយ ២៧:៥២; កិច្ចការ ៧:៦០; ១៣:៣៦)។ ជាញឹកញាប់ ការដេកលក់នេះត្រូវបានលើកយកមកពិភាក្សានៅក្នុងបរិបទនៃការប្រៀបធៀបទៅនឹងការរស់ឡើងវិញនាថ្ងៃខាងមុខរបស់អ្នកជឿ។ ដូច្នេះ ការដេកលក់គឺជានិមិត្តសញ្ញាសមរម្យមួយ។ អ្នកស្លាប់នៅក្នុងព្រះគ្រីស្ទគ្រាន់តែបានដេកលក់ រង់ចាំការដាស់ឲ្យភ្ញាក់ឡើងវិញនាថ្ងៃនៃការរស់ឡើងវិញតែប៉ុណ្ណោះ (ឧទាហរណ៍៖ យ៉ូហាន ១១:១១, អេភេសូរ ៥:១៤)។ កិច្ចការនេះមិនចាំបាច់បញ្ជាក់អំពីកង្វះខាតនៃការយល់ដឹងពីចន្លោះស្ថានភាពមធ្យមរវាងការស្លាប់ និងការរស់ឡើងវិញនោះទេ (ឧទាហរណ៍៖ លូកា ១៦:១៩-៣១; ២៣:៤៣; ភីលីព ១:២១-២៣; វិវរណៈ ៤:៤; ៧:១-១៧)។
សាវ័ក ប៉ុល បានលើកយកបញ្ហានេះមកពិភាក្សា «ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម»។ មានអ្នកខ្លះដាក់សេចក្ដីសន្និដ្ឋានដោយខុសឆ្គងថា តាមរយៈខគម្ពីរនេះ គ្រីស្ទបរិស័ទមិនគួរសោកសង្រែកអ្វីឡើយ។ យ៉ាងណាមិញ សូម្បីតែព្រះអម្ចាស់របស់យើង ព្រះអង្គក៏សោកសៅចំពោះការស្លាប់របស់មិត្តសម្លាញ់របស់ទ្រង់ គឺលោក ឡាសារ ហើយព្រះអង្គបានព្រះកន្សែង ដែលការស្លាប់របស់លោក ឡាសារ បានបណ្ដាលឲ្យក្រុមគ្រួសារ និងមិត្តសម្លាញ់មានការឈឺចាប់ (យ៉ូហាន ១១:៣៣-៣៦; កិច្ចការ ៩:៣៧-៣៩)។ នៅកន្លែងផ្សេងទៀត សាវ័ក ប៉ុលក៏បានលើកទឹកចិត្តឲ្យអ្នកជឿឲ្យចេះយំសោកជាមួយគ្នាចំពោះបញ្ហាការឈឺចាប់ក្នុងជីវិតដែរ (រ៉ូម ១២:១៥; ១កូរិនថូស ១២:២៦)។ សម្រាប់អ្នកជឿ សេចក្ដីស្លាប់មិនមែនជាសាលក្រមសម្រេចចុងក្រោយនោះទេ ប៉ុន្តែវាក៏ពិតជាបានធ្វើឲ្យមានការឃ្លាតគ្នារវាងពួកយើង នឹងអស់អ្នកដែលយើងស្រឡាញ់ដែរ ដែលធម្មតានាំឲ្យមានការសោកសៅ។
ទោះបីជាយ៉ាងណាក៏ដោយ សាវ័ក ប៉ុល បានលើកទឹកចិត្តឲ្យអ្នកជឿមាននូវការសោកសៅបែបផ្សេងមួយទៀតពីអ្នកមិនជឿ—«ក្រែង...កើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម» (សូមអានបន្ថែមនៅក្នុង អេភេសូរ ២:១២)។ គ្រីស្ទបរិស័ទមានការសោកសៅ ទន្ទឹមនឹងការនៅមានសង្ឃឹមថា នឹងជួបជុំគ្នាវិញម្ដងទៀតនៅថ្ងៃនៃការរស់ឡើងវិញ (យ៉ូហាន ១១:២៥-២៦)។
សេចក្ដីសង្ឃឹមរបស់គ្រីស្ទបរិស័ទ
សាវ័ក ប៉ុល បានប្រកាសនូវគ្រឹះដ្ឋាននៃសេចក្ដីសង្ឃឹមរបស់គ្រីស្ទបរិស័ទ៖ «ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ» (១កូរិនថូស ១៥:១-១១; រ៉ូម ៦:១-៥; ១ថែស្សាឡូនីច ៥:១០)។ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវបានបញ្ជាក់អំពីជ័យជម្នះរបស់ទ្រង់លើអំពើបាប និងសេចក្ដីស្លាប់ ហើយក៏បានបង្ហាញអំពីគំរូនៃជីវិតរបស់អ្នករស់ឡើងវិញ ដែលព្រះអង្គនឹងផ្ដល់ឲ្យចំពោះអស់អ្នកដែលដើរតាមទ្រង់ នៅពេលព្រះអង្គយាងត្រឡប់មកវិញ (១កូរិនថូស ១៥:១២-៥៨; ភីលីព ៣:២០-២១)។ ដូច្នេះហើយ អាស្រ័យលើការរស់ឡើងវិញរបស់ព្រះយេស៊ូវ នោះក្រុមជំនុំមានទំនុកចិត្តថា ព្រះជាម្ចាស់នឹងប្រទានឲ្យរូបកាយរបស់បងប្អូនប្រុសស្រីដែលស្លាប់នៅក្នុងព្រះគ្រីស្ទមានជីវិតរស់ឡើងវិញ។ ប្រាកដណាស់ អ្នកដែលមានជីវិតរស់ឡើងវិញទាំងនោះនឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការយាងត្រឡប់មកជាលើកទីពីររបស់ព្រះអង្គ។
ព្រះបន្ទូលមួយពីព្រះយេស៊ូវ
សាវ័ក ប៉ុល បានបញ្ជាក់អំពីសេចក្ដីពិតដែលគាត់បានយល់ជាថ្មីម្ដងទៀត «តាមព្រះបន្ទូលនៃព្រះអម្ចាស់»។ សាវ័ក ប៉ុល បានស្គាល់ព្រះបន្ទូលណែនាំរបស់ព្រះយេស៊ូវទៅកាន់ពួកសិស្សរបស់ព្រះអង្គស្ដីអំពីទេវសាស្ត្រនៃការរស់ឡើងវិញ ទោះបីជាគាត់ក៏អាចទាំងបានទទួលការបើកសម្ដែងទំនាយពីព្រះយេស៊ូវក្តី។ យើងឃើញមានការស៊ីគ្នាជាច្រើនជាមួយនឹងការបង្រៀនរបស់ព្រះយេស៊ូវនៅលើភ្នំនៃដើមអូលីវ (ម៉ាថាយ ២៤-២៥; ម៉ាកុស ១៣; លូកា ២១ ក៏មាននៅក្នុង ១ថែស្សាឡូនីច ១:៨-១០)។ នេះរួមបញ្ចូលទាំងការយាងត្រឡប់មកវិញរបស់កូនមនុស្សពីស្ថានសួគ៌នៅលើពពក(ម៉ាថាយ ២៤:៣០) សំឡេងត្រែដែលបន្លឺឡើង(ម៉ាថាយ ២៤:៣១) ការប្រមូលពួកដែលបានជ្រើសតាំង ពីចុងបំផុតនៃផ្ទៃមេឃ និងផែនដីម្ខាងទៅម្ខាង(ម៉ាកុស ១៣:២៧) ការដែលមិនមាននរណាអាចមានលទ្ធភាពក្នុងការដឹងអំពីពេលវេលាដែលព្រះអម្ចាស់នឹងយាងមកវិញ(ម៉ាថាយ ២៤:៤២) ហើយការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវដែលប្រៀបដូចជាចោរចូលលួច នៅពេលយប់ (ម៉ាថាយ ២៤:៤៣)។
គន្លឹះនៅពីរបីខគម្ពីរបន្ទាប់របស់សាវ័ក ប៉ុល បានបែងចែករវាងគ្រីស្ទបរិស័ទដែលបានស្លាប់មុនពេលការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ («ពួកអ្នកដែលដេកលក់ទៅហើយ» ឬ «ដេកលក់ក្នុងព្រះយេស៊ូវ») ព្រមទាំងអស់អ្នកដែលកំពុងរស់នៅ មានជីវិតនៅពេលព្រះគ្រីស្ទយាងមក («យើងដែលរស់នៅជាប់» ឬ «[អស់អ្នកដែលរស់នៅ] ដរាបដល់ព្រះអម្ចាស់យាងមក»)។ សាវ័ក ប៉ុល បានបង្ហាញឲ្យឃើញថា អ្នកស្លាប់នៅក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាប្រាកដ នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ គឺមុនអស់អ្នកជឿដែលនៅមានជីវិតរស់ ដើម្បីនឹងស្វាគមន៍ព្រះគ្រីស្ទ។
ជាប្រាកដណាស់ អ្នកដែលស្លាប់នៅក្នុងព្រះគ្រីស្ទនឹងប្រោសឲ្យរស់ឡើងវិញ «មុនបង្អស់» (១ថែស្សាឡូនីច ៤:១៦)។ ក៏ដូចជាអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងខ១៥ «យើងដែលរស់នៅជាប់ ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នក ដែលបានដេកលក់ទៅហើយនោះទេ»។ «ការយាងមកវិញជាលើកទីពីរ [ភាសាក្រិក «ផារូសៀ័រ» parousia] នៃព្រះអម្ចាស់» គឺជាឃ្លាសាមញ្ញដែលភាគច្រើនត្រូវបានបកស្រាយនៅក្នុងព្រះគម្ពីរសញ្ញាថ្មីទៅតាមការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ដើម្បីបង្កើតនគរ និងគ្រងរាជ្យរបស់ព្រះអង្គអស់កល្បជានិច្ច (សូមមើលបន្ថែមនៅ ២ថែស្សាឡូនីច ២:១)។
លំដាប់លំដោយនៃព្រឹត្តិការណ៍
នៅពីរខបន្ទាប់សាវ័ក ប៉ុល បានផ្ដល់នូវមូលដ្ឋានបញ្ជាក់អំពីលំដាប់លំដោយនៃព្រឹត្តិការណ៍នៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ ដោយសង្កត់ធ្ងន់ថា អ្នកស្លាប់នៅក្នុងព្រះគ្រីស្ទនឹងមានពិសោធន៍នៃការទទួលបានសិរីរុងរឿងនៃការប្រោសឲ្យមានជីវិតរស់ឡើងវិញមុនគេ។ លំដាប់លំដោយនៃព្រឹត្តិការណ៍ទាំងនេះមានដំណើរការតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវអំពីគ្រាចុងក្រោយ (ជាពិសេសនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៤:៣០-៣១; ម៉ាកុស ១៣:២៦–២៧; លូកា ២១:២៧)។
មុនដំបូងបង្អស់ ព្រះអម្ចាស់ «នឹងយាងចុះពីស្ថានសួគ៌មក»។ ដូចដែលព្រះយេស៊ូវបានមានបន្ទូល (ដកស្រង់ពី ដានីយ៉ែល ៧:១៣) បុត្រមនុស្សនឹង «មកលើពពកនៅលើមេឃ មានទាំងព្រះចេស្ដា និងសិរីល្អជាខ្លាំង» (ម៉ាថាយ ២៤:៣០; ម៉ាកុស ១៣:២៦; លូកា ២១:២៧)។ មានរូបភាពជាច្រើននៅក្នុងកណ្ឌគម្ពីរវិវរណៈមានភាពស៊ីគ្នាត្រង់កន្លែងនេះ តែជាពិសេសនោះគឺការយាងត្រឡប់មកពីស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ ដោយជិះសេះស ហើយអមដំណើរដោយពួកពលទេវតា ខណៈពេលដែលមានទេវតាមួយបន្លឺសំឡេងយ៉ាងឮ (វិវរណៈ ១៩:១១-២១)។
ទិដ្ឋភាពនេះមានការអមដោយសំឡេងបីយ៉ាង៖ «ដោយស្រែកបង្គាប់១ព្រះឱស្ឋ» «មានឮសំឡេងមហាទេវតា» និង «ត្រែរបស់ព្រះផង»។ នៅក្នុងខផ្សេងទៀតសាវ័ក ប៉ុល បានពណ៌នាអំពីលក្ខណៈរបស់ព្រះយេស៊ូវ «លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្ដាទ្រង់» (២ថែស្សាឡូនីច ១:៧; សម្រាប់ពួកទេវតា សូមអានបន្ថែមក្នុង ម៉ាថាយ ១៣:៤១, ៤៩; ១៦:២៧; ២៤:៣១; ២៥:៣១)។ សំឡេង «ត្រែបន្លឺឡើងយ៉ាងឮ» ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅកណ្ឌគម្ពីរ ម៉ាថាយ ២៤:៣១ (សូមអានបន្ថែម ១កូរិនថូស ១៥:៥២)។ ការបន្លឺសំឡេងត្រែឡើងនៅកំឡុងពេលនៃគ្រាចុងក្រោយរបស់រាស្ត្រនៃព្រះជាម្ចាស់ក៏មាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ (ឧទាហរណ៍៖ អេសាយ ២៧:១៣) ហើយត្រែក៏មាននៅក្នុងកណ្ឌគម្ពីរវិវរណៈផងដែរ (ជាពិសេសជំពូក ៨-១១)។
ចំណុចស្នូលនៃការវែកញែករបស់សាវ័ក ប៉ុល គឺពាក្យថា «ពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់»។ ទោះបើការរស់ឡើងវិញរបស់អ្នកជឿដែលបានស្លាប់ទៅហើយមានការលើកឡើងជាញឹកញាប់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីក៏ដោយ (ឧទាហរណ៍៖ ១កូរិនថូស ១៥:២៣, ៥២; ក៏ដូចជានៅក្នុងកណ្ឌគម្ពីរ លូកា ១៤:១៤; វិវរណៈ ២០:៤-៥)។ ការបង្រៀនថា អ្នកស្លាប់នឹងរស់ឡើងវិញមុនបង្អស់របស់ព្រះយេស៊ូវផ្ទាល់នៅក្នុងកណ្ឌគម្ពីរដំណឹងល្អមិនបានបញ្ជាក់ដោយផ្ទាល់អំពីការរស់ឡើងវិញរបស់អ្នកដែលបានស្លាប់ថា ពួកគាត់នឹងរស់ឡើងវិញ «មុនបង្អស់» នោះទេ (មុនពេលអ្នកនៅមានជីវិតរស់នៅទៅជួបជាមួយព្រះអម្ចាស់)។ ទំនងប្រហែលជាសាវ័ក ប៉ុល កំពុងតែផ្ដោតសញ្ជឹងគិតទៅលើព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅត្រង់ប្រយោគមួយដែលថា ទេវតា «នឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង» (ម៉ាថាយ ២៤:៣១; សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ម៉ាកុស ១៣:២៧) ឬថា សាវ័ក ប៉ុល បានដឹងអំពីការនេះតាមរយៈការបង្រៀនផ្ទាល់មាត់ពីក្រុមពួកសាវ័ក ឬក៏ជាការបើកសម្ដែងដោយផ្ទាល់។
អ្នកជឿដែលនៅរស់
បន្ទាប់ពីអ្នកជឿដែលបានស្លាប់ទទួលការរស់ឡើងវិញ នោះសាច់រឿងក៏បានប្ដូរទៅដល់អ្នកជឿដែលនៅមានជីវិត នាពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ខគម្ពីរនេះជាខគម្ពីរនៃប្រធានបទដ៏ចម្រូងចម្រាសមួយស្ដីអំពីអត្ថន័យនៃគោលការណ៍របស់អ្នកដែលជឿថា «នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់» ហើយនិង«ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស»។ មនុស្សជាច្រើនជំទាស់អំពីការផ្ដល់មូលដ្ឋានប្រតិបត្តិនៃការសិក្សាពីទេវសាស្ត្រស្ដីពី«ការឆក់»អ្នកជឿដែលនៅរស់ ឡើងភ្លាមៗចេញពីពិភពលោកនេះ ហើយលើកទៅស្ថានសួគ៌ភ្លាមៗ មុនពេលនៃគ្រាមានទុក្ខវេទនាជាខ្លាំងកើតមានឡើង ដែលគេជឿថាមានរយៈពេលមួយពាន់ឆ្នាំនៅអនាគត។
ជាមួយគ្នាផងដែរ មានមនុស្សជាច្រើនលើកឡើង អំពីភាពស្រដៀងគ្នាជាមួយនឹងអស់អ្នកដែល«នឹងបានយកទៅ»នាសម័យកាលលោក ណូអេ(សូមអានបន្ថែម ម៉ាថាយ ២៤:៤០-៤១)។ យ៉ាងណាវិញ ការលើកឡើងបែបនេះបង្កឲ្យមានបញ្ហា ដោយសារអស់អ្នកដែលត្រូវទឹកជន់«បានយកគេទៅទាំងអស់គ្នា»នាសម័យកាលលោក ណូអេ បានស្លាប់ដោយការលង់ទឹក និងការវិនិច្ឆ័យទោស ខណៈពេលដែលអ្នកនៅរស់ (លោក ណូអេ និងក្រុមគ្រួសាររបស់គាត់) បានទទួលពិសោធន៍នៃការសង្គ្រោះរបស់ព្រះជាម្ចាស់។
មានចំណុចពិបាកនៅក្នុងកណ្ឌគម្ពីរ ថែស្សាឡូនីចខ្សែទី១ អំពីទ្រឹស្ដីនៃការឆក់ឡើង។ ការបកស្រាយបែបនេះអាចនឹងចង្អុលបង្ហាញថា ការយាងមកវិញដ៏រុងរឿងរបស់ព្រះយេស៊ូវគឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ(គឺមិនមានលក្ខណៈពេញលេញ) ដោយឈប់នៅរង់ចាំទទួលអស់អ្នក ដែលត្រូវលើកឡើងទៅលើ «ពពក/អាកាស» តែមួយរយៈខ្លី ដើម្បីជួបជាមួយអ្នកជឿដែលត្រូវបានលើកឡើងជាមុនសិន មុនត្រឡប់ទៅស្ថានសួគ៌ជាមួយពួកគាត់។ ប៉ុន្តែ មើលទៅហាក់បីដូចជាសាវ័ក ប៉ុល រំពឹងថា ការយាងមកវិញរបស់ព្រះយេស៊ូវនឹងបន្តដំណើរពីស្ថានសួគ៌មកកាន់ផែនដី។ ដូច្នេះហើយបានជាមានមនុស្សជាច្រើនបានលើកជាការជំទាស់លើពាក្យ «ជួប» នៅឃ្លា «ជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស» ថាជាគន្លឹះក្នុងការយល់អំពីព្រឹត្តិការណ៍ដែលបម្រុងនឹងកើតឡើងនេះ។ ពាក្យ«ជួប»(apantēsis) ក្នុងភាសាក្រិកមានលើកឡើងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីត្រឹមតែពីរដងប៉ុណ្ណោះ។ នៅក្នុងប្រស្នាស្ដីអំពីគ្រាចុងក្រោយនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៥:៦ ស្ត្រីព្រហ្មចារីរង់ចាំកូនកំលោះ អ្នកដែលពួកនាងនឹង «ទៅទទួល» ហើយស្វាគមន៍មកវិញនៅឯពិធីជប់លៀងមង្គលការ។ នៅក្នុងកណ្ឌគម្ពីរកិច្ចការ ២៨:១៥ អ្នកជឿនៅក្រុងរ៉ូមបានធ្វើដំណើរចេញទៅ («ចេញមកជួប») ផ្សារអាប់ភាស ដើម្បីនឹងស្វាគមន៍សាវ័ក ប៉ុល ហើយនាំគាត់ទៅទីក្រុងរ៉ូមវិញជាមួយនឹងពួកគេ។ ទាំងនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ជំពូក២៥ និងកិច្ចការ ជំពូក២៨ សកម្មភាពនៃការជួបពាក់ព័ន្ធទៅនឹងការចេញទៅបដិសណ្ឋារកិច្ចបុគ្គលមានកិត្តិយស រួចត្រឡប់ទៅវិញភ្លាមៗជាមួយភ្ញៀវកិត្តិយសនោះ។ មានករណីជាច្រើននៅក្នុងការជួប (apantēsis) នៅក្នុងព្រះគម្ពីរសញ្ញាចាស់បកប្រែដើមទៅជាភាសាក្រិក (Septuagint Greek OT) ក៏តែងតែភ្ជាប់មកជាមួយនឹងលំនាំនៃការប្រៀបធៀប។ (ឧទាហរណ៍៖ ពួកចៅហ្វាយ ៤:១៨; ១១:៣១, ៣៤; ១៩:៣; ១សាំយ៉ូអែល ១៣:១០)។ ហើយការសរសេរក្នុងភាសាក្រិកផ្សេងទៀតក៏ប្រើប្រាស់ពាក្យនោះ ដើម្បីរៀបរាប់អំពីការចេញទៅស្វាគមន៍ឥស្សរជនរបស់ពលរដ្ឋ មុនពេលត្រឡប់មកប្រារព្ធអបអរសាទរនៅក្នុងទីក្រុងវិញផងដែរ។
នេះអាចនឹងបង្ហាញឲ្យឃើញអំពីការលេចមករបស់ព្រះគ្រីស្ទ៖ សាវក ប៉ុល រំពឹងគិតថា អ្នកស្លាប់នៅក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញ ហើយបន្ទាប់មកអ្នកជឿដែលនៅមានជីវិតរស់នឹងត្រូវបានលើកឡើង ដើម្បីទៅស្វាគមន៍ព្រះយេស៊ូវនៅលើអាកាស មុនពេលព្រះយេស៊ូវយាងចុះមកលើផែនដីជាមួយនឹងរាស្ត្រទ្រង់ ដើម្បីជំនុំជម្រះពិភពលោក ហើយសាងព្រះរាជ្យរបស់ទ្រង់នៅលើផែនដីនេះជាស្រេច។ សម្រាប់ការយាងមកដល់របស់ព្រះយេស៊ូវ «លើពពកនៅលើមេឃ មានទាំងព្រះចេស្ដា និងសិរីល្អជាខ្លាំង» ជាថ្មីម្ដងទៀត យើងឃើញនៅកណ្ឌគម្ពីរ ម៉ាថាយ ២៤:៣០ (ដកស្រង់ចេញពី ដានីយ៉ែល ៧:១៣; ក៏ដូចជានៅក្នុង ម៉ាកុស ១៣:២៦; និងលូកា ២១:២៧)។ មានអ្នកខ្លះបានលើកឡើងថា ពាក្យ «នៅលើមេឃ» អាចមានន័យប្រៀបធៀបទៅនឹង «ទីវាលខាងក្រៅ» ប្រហែលជានៅលើពពកដល់ដីដែលយើងធ្វើដំណើរមកជាមួយនឹងព្រះយេស៊ូវ។ យ៉ាងណាមិញ សាវ័ក ប៉ុល ទំនងជាចង់ប្រើពាក្យ «អាកាស» និង «មេឃ» ដើម្បីបញ្ជាក់អំពីគម្លាតរវាងផែនដី និងស្ថានសួគ៌។
បន្ថែមលើការសង្កត់អត្ថន័យនៃការបកស្រាយអំពីការរស់ឡើងវិញរបស់អ្នកស្លាប់ វាជាការសំខាន់ណាស់ដែលយើងត្រូវសង្កត់ធ្ងន់លើឃ្លាចុងក្រោយរបស់សាវ័ក ប៉ុល នៅក្នុងខគម្ពីរនេះ។ នៅទីនេះ សាវ័ក ប៉ុល បញ្ជាក់អំពីទំនុកចិត្តលើជីវិតអស់កល្បជានិច្ចរបស់អ្នកជឿ នៅគ្រាមួយដែលនឹងមកដល់ថា៖ «យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»។
សាវ័ក ប៉ុល បានបញ្ចប់សេចក្ដីនៅត្រង់ចំណុចនេះដោយការបង្គាប់ឲ្យលើកទឹកចិត្តគ្នាទៅវិញទៅមកដ៏ចាំបាច់មួយ តាមរយៈសេចក្ដីបង្រៀននេះ។ បងប្អូនរួមជំនឿនៅទីក្រុងថែស្សាឡូនីចដែលបានបារម្ភអំពីការពិត ដែលបងប្អូនប្រុសស្រីរបស់ខ្លួនបានស្លាប់ទៅក្នុងព្រះអម្ចាស់គួរតែទទួលបានការលួងលោមចិត្ត តាមរយៈសេចក្ដីបង្រៀនរបស់សាវ័ក ប៉ុល។ ព្រះយេស៊ូវផ្ទាល់ក៏បានបង្ហាញថា អ្នកស្លាប់នៅក្នុងទ្រង់នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ—គឺរស់ឡើងវិញមុនអ្នកមានជីវិតមានអភ័យឯកសិទ្ធិជួបជុំជាមួយនឹងព្រះគ្រីស្ទផងដែរ។ ហេតុដូច្នេះហើយបានជាគ្រីស្ទបរិស័ទមិនចាំបាច់សោកសង្រេងដោយគ្មានសេចក្ដីសង្ឃឹមនោះឡើយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។